ថ្ងៃអាទិត្យទី១៥ ប្រចាំឆ្នាំ «គ»
រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទត ៣០,១០-១៤
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «អ្នកត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និងដំបូន្មានរបស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរធម្មវិន័យនេះ ហើយត្រូវវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្ដអស់ពីគំនិត។ បទបញ្ជាដែលខ្ញុំបង្គាប់នៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយពីអ្នកដែរ។ បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្ដាលឱ្យអ្នកពោលថា” តើបាននរណាឡើងទៅលើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឱ្យយើងប្រតិបត្ដិតាម?”។ បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្ដាលឱ្យអ្នកពោលថា” តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឱ្យយើងប្រតិបត្ដិតាម?”។ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្ដរបស់អ្នក ដើម្បីឱ្យអ្នកប្រតិបត្ដិតាម»។
ទំនុកតម្កើងលេខ ១៩ (១៨), ៨-១១ បទកាកគតិ
៨ | ព្រះធម្មវិន័យ | ល្អល្អះឥតបី | ប្រសើរថ្កើងថ្កាន |
ផ្ដល់កម្លាំងចិត្ដ | ឥតមានស្រាកស្រាន្ដ | អ្នកល្ងង់ប្រែប្រាណ | |
ជាមានប្រាជ្ញា | ។ | ||
៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
ឱ្យចិត្ដអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្ដា | |
ថ្លៃថ្លាត្រចង់ | ។ | ||
១០ | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
ស្ថិតស្ថេរចីរកាល | តទៅគង់វង្ស | ការវិនិច្ឆ័យទ្រង់ | |
ក៏សុទ្ធត្រឹមត្រូវ | ។ | ||
១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
ផ្អែមជាងទឹកឃ្មុំ | ខែចេត្រពេកកូវ | ដែលហូរចេញទៅ | |
ចាកពីបង្គង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទកូឡូស កូឡ ១,១៥-២០
ព្រះគ្រីស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ព្រះអង្គជារៀមច្បងរបស់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងអ្វីៗនៅលើមេឃ ទាំងអ្វីៗនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ទាំងទេវតា ទាំងម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្ដិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតអ្វីសព្វសារពើទាំងអស់មកដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយ គឺព្រះសហគមន៍។ ព្រះអង្គជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀមច្បងដែលរស់ឡើងវិញមុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ដ។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗសព្វសារពើ គឺអ្វីៗនៅលើផែនដី និងនៅលើមេឃឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ ព្រះជាម្ចាស់បានធ្វើឱ្យមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៥,២១
អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាវិន័យថ្មី អ្នកស្រឡាញ់ព្រះជាម្ចាស់ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧
ពេលនោះ មានធម្មាចារ្យម្នាក់ទូលសួរព្រះយេស៊ូក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងធម្មវិន័យមានចែងទុកមកដូចម្ដេចខ្លះ? ពេលលោកអានតើលោកយល់យ៉ាងណា?»។ គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្ដែ ធម្មាចារ្យនោះចង់បង្ហាញថាសំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអាសូរពន់ពេកណាស់។ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា សូមថែទាំបុរសនេះវផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជួយបង្គ្រប់។ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដឱ្យបានដូចអ្នកនោះទៅ»។