ថ្ងៃអាទិត្យទី១៣ ប្រចាំឆ្នាំ «គ»
រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ពង្ស ១៩,១៦.១៩-២១
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «អ្នកត្រូវចាក់ប្រេងតែងតាំង អេលីសេជាកូនរបស់សាផាតឱ្យធ្វើជាព្យាការីជំនួសអ្នក»។ លោកអេលីចាកចេញពីទីនោះ ទៅជួបនឹងលោកអេលីសេជាកូនរបស់លោកសាផាត កំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោកអេលីចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ លោកអេលីសេទុកគោចោល ហើយរត់ទៅតាមលោកអេលីជម្រាបថា៖ «សូមអនុញ្ញាតឱ្យខ្ញុំប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ លោកអេលីសេចាកចេញពីលោកអេលីត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុត ចម្អិនសាច់ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើងដើរតាមលោកអេលី ហើយនៅបម្រើលោក។
ទំនុកតម្កើងលេខ ១៦ (១៥), ១.៥.៧-១១ បទពាក្យ ៧
១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្ដម | សូមការពារខ្ញុំឱ្យសុខសាន្ដ | |
ដ្បិតទូលបង្គំសូមផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្ដម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្ដល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
ទ្រង់ផ្ដល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្ដាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្ដហើយផុតកង្វល់ | ។ | |
១០ | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
ព្រះអង្គក៏មិនបណ្ដោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្ដាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១.១៣-១៨
បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដរំដោះយើងឱ្យមានសេរីភាពពិតប្រាកដ ហេតុនេះចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនឱ្យមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមរបៀបលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់ ដ្បិតធម្មវិន័យទាំងមូលសរុបមក ត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្ន ក្រែងលោបងប្អូនត្រូវវិនាសអន្ដរាយដោយសារតែគ្នាឯង។ ខ្ញុំសូមជម្រាបថា ចូររស់នៅឱ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមតណ្ហា និងតាមចិត្ដលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតតណ្ហាលោភលន់របស់លោកីយ៍តែងតែទាស់នឹងព្រះវិញ្ញណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ធម្មវិន័យទៀតហើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ៣,៩; យហ ៩,៦៩
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើង! យើងនាំគ្នាដើរតាមមាគ៌ានៃដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៦២
ជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។ អ្នកទាំងនោះ ចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ ប៉ុន្ដែអ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់នៅឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំហៅរន្ទះមកបាញ់កម្ទេចអ្នកទាំងនេះ ឬ?»។ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្ដទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូ មានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសម្បុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្សគ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅប្រកាសដំណឹងអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖«លោកម្ចាស់! ខ្ញុំប្របាទសុខចិត្ដទៅតាមលោកដែរ ប៉ុន្ដែសូមអនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។