ថ្ងៃចន្ទ អាទិត្យទី១០
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១៧,១-៦
ព្យាការីអេលីជាអ្នកភូមិទីសបេ ក្នុងស្រុកកាឡាដ ទូលព្រះបាទអខាប់ថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបម្រើ ទូលបង្គំសូមទូលព្រះករុណាថា ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំបង្គាប់ឱ្យធ្លាក់មក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសម្ងំនៅក្បែរជ្រោះ កេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ អ្នកអាចផឹកទឹកជ្រោះ ហើយយើងបានបង្គាប់ក្អែកឱ្យពាំអាហារយកទៅទីនោះ»។ លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យនៅក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ក្អែកតែងតែពាំនំប័ុង និងសាច់យកមកឱ្យលោកទាំងព្រឹក ទាំងល្ងាច ហើយលោកក៏បរិភោគទឹកជ្រោះនោះ។
ទំនុកតម្កើងលេខ ១២១ (១២០),១-៨ បទពាក្យ ៧
| ១ | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ |
| ២ | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ |
| ៣ | សូមទ្រង់មេត្តាកុំបណ្តោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ |
| ៤ | ព្រះអង្គដែលថែទាំការពារ | អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គមិនងុយងោកប្រែប្រួល | ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ | ។ |
| ៥ | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ |
| ៦ | ក្នុងពេលថ្ងៃមានព្រះអាទិត្យ | នឹងមិនរោមរឹតធ្វើទោសទុក្ខ | |
| ឯព្រះចន្ទចរនៅពេលយប់ | ក៏មិនមានទុក្ខដល់អ្នកដែរ | ។ |
| ៧ | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ |
| ៨ | ព្រះអម្ចាស់ថែទាំអ្នកគ្រប់ | អ្វីៗទាំងសព្វមិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២
ព្រះយេស៊ូទតឃើញមហាជនដែលដើរតាមព្រះអង្គ។ ព្រះអង្គយាងឡើងទៅលើភ្នំ រួចគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រីក្រ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលទឹកដីទុកជាមត៌ក!។ អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ។ អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេឆ្អែត។ អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ។ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់។ អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់។ អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!»។ ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាងបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ។ ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
830 Views
Post Views:
817