ថ្ងៃទី៦
ព្រះនាងព្រហ្មចារិនីម៉ារី មានសុភមង្គល
និងជាមាតានៃព្រះសហគមន៍
ពណ៌ស
បុណ្យរម្លឹក
ព្រះនាងព្រហ្មចារិនីម៉ារី មានសុភមង្គល
និងជាមាតានៃព្រះសហគមន៍
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥.២០
ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឱ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយទូលបង្គំនោះ បានឱ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖«ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្តាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះហើយស៊ីតែធូលីដីអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្ត្រីព្រមទាំងពូជឯង និងពូជស្ត្រីក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងនាង»។
បុរសដាក់ឈ្មោះឱ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។
ឬ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ១,១២-១៤
ពេលនោះ ក្រុមគ្រីស្ដទូតនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។ លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ គ្រីស្ដទូតទាំងនោះ គឺលោកសិលា លោកយ៉ូហាន លោកយ៉ាកុប លោកអន់ដ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។ ពួកគេរួមចិត្តគំនិតគ្នា ព្យាយាមអធិស្ឋាន ដោយមានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។
ទំនុកតម្កើងលេខ ៨៧ (៨៦),១-៧ បទកាកគតិ
១ | ព្រះម្ចាស់សង់ក្រុង | ឧត្តមឧត្តុង្គ | ល្អល្អះប៉ប្រិម |
លើភ្នំវិសុទ្ធ | គ្មានអ្វីប្រៀបផ្ទឹម | យេរូសាឡឹម | |
ជាក្រុងថ្លៃថ្លា | ។ | ||
២ | ព្រះអង្គស្រឡាញ់ | ស៊ីយ៉ូនពោរពេញ | ជាក្រុងអស្ចារ្យ |
វិសេសវិសាល | លើសក្រុងនានា | លើទឹកដីជា | |
របស់យ៉ាកុប | ។ | ||
៣ | ឱក្រុងរបស់ | ព្រះជាអម្ចាស់ | គេនឹងរៀបរាប់ |
តម្កើ់ងសិរី | រុងរឿងគួរគាប់ | របស់អ្នកជាប់ | |
ដោយពោលថ្លាថ្លែង | ។ | ||
៤ | ក្នុងចំណោមអ្នក | អេស៊ីបស្គាល់ជាក់ | បាប៊ីឡូននេះឯង |
អ្នកខ្លះកើតនៅ | ទីរ៉ូសធំខែង | ភីលីស្ទីនស្តែង | |
អេត្យូពីដែរ | ។ | ||
៥ | ចំពោះបុរី | ស៊ីយ៉ូនស្រស់ខ្ចី | មិនរួញរាទេ |
យើងទាំងអស់គ្នា | សុទ្ធកើតពីគេ | ព្រះម្ចាស់ជួយថែ | |
ឱ្យក្រុងរឹងមាំ | ។ | ||
៦ | ពេលនោះព្រះម្ចាស់ | កត់ឈ្មោះទាំងអស់ | ក្នុងបញ្ជីធំ |
ប្រជាទាំងនេះ | សុទ្ធតែកើតក្នុង | ស៊ីយ៉ូនជាក្រុង | |
ដែលផ្តល់កំណើត | ។ | ||
៧ | ពេលនោះមនុស្ស | គេលោតឡកគោះ | ច្រៀងរាំរហូត |
ថាគេជាកូន | ដែលគេបានកើត | មានដើមកំណើត | |
ពីក្រុងស៊ីយ៉ូន |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
សាវ័កម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-៣៤
មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័កដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។
បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឱ្យបានស្របតាមសេចក្ដីគ្រប់ប្រការដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ជនជាតិយូដាមិនចង់ឱ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឱ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ សាវ័កម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសាវ័កនោះនិយាយសេចក្ដីពិត ដើម្បីឱ្យអ្នករាល់គ្នាជឿដែរ។