អាទិត្យទី ០៧ នៃបុណ្យចម្លង
ថ្ងៃព្រហស្បត្ដិ៍
ពណ៌ស
ឬសន្តម៉ាសេឡាំង
និងសន្តសិលា ជាមរណសាក្សី
លោកម៉ាសេឡាំង និងលោកសិលា ជាគ្រីស្តបរិស័ទជាតិរ៉ូម៉ាំង។ លោកម៉ាសេឡាំងជាបូជាចារ្យ រីឯលោកសិលាជាឧបដ្ឋាក។ ព្រះចៅឌីយ៉ូក្លេស៊ីយាំង បញ្ជាឱ្យគេកាត់កលោកទាំងពីរ ព្រោះលោកទាំងពីរមិនព្រមលះបង់ជំនឿរបស់ខ្លួន។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២២,៣០;២៣,៦-១១
ជនជាតិយូដាចាប់លោកប៉ូលបញ្ជូនទៅនាយទាហានរ៉ូមុំាង។ នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការ ចង់ដឹងច្បាស់នូវមូលហេតុដែលនាំឱ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឱ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឱ្យពួកមហាបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលជួបជុំគ្នា ហើយឱ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំមានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកមានប្រសាសន៍ខ្លាំងៗនៅកណ្តាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារីស៊ី ឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្តីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីឈ្លោះប្រកែកគ្នា ធ្វើឱ្យអង្គប្រជុំបាក់បែក។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់រស់ឡើងវិញ និងពុំជឿថាមានទេវទូត ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយធម្មាចារ្យខ្លះពីខាងគណៈផារីស៊ី ក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវទូតណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ»។ លោកមេបញ្ជាការឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ក៏បញ្ជាឱ្យកងទាហានចុះមកនាំលោកប៉ូលចេញពីកណ្តាលចំណោមពួកគេចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។
នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្តល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្តល់សក្ខីភាពអំពីយើងនៅក្រុងយេរូសាឡឹមនេះដែរ»។
ទំនុកតម្កើងលេខ ១៦(១៥),១.៥.៧-១១ បទពាក្យ ៧
១ | ឱ!ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំសុំឱ្យសុខសាន | |
ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
១០ | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្ដាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ប្រសិនបើយើងស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់ យើងក៏ស្ថិតនៅជាប់នឹងព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ទូលបង្គំមិនអង្វរព្រះអង្គឱ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នក ទាំងនេះថ្លែងប្រាប់ផងដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកមែន។ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ឱ្យទៅគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឱ្យទូលបង្គំនៅក្នុងគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន។ ដូច្នេះ មនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំបាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឱ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកមែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឱ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឱ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។