វីដេអូក្នុងគម្ពីរសម្ពន្ធមេត្រីចាស់
វីដេអូអំពីព្រះជន្មព្រះយេស៊ូ
វីដេអូអំពីព្រះសហគមន៍ និងអគ្គសញ្ញា
វីដេអូក្នុងរដូវពិធីបុណ្យ

រឿងលោកម៉ូសេ
Moses

១៥. ព្រះជាម្ចាស់ចាត់លោកម៉ូសេ

១៥. ព្រះជាម្ចាស់ចាត់លោកម៉ូសេ  (សរ ៣,១-១៤)

លោក​ម៉ូសេ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក និង​ជា​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌីយ៉ាន។ ថ្ងៃមួយ ពេលលោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ទេវទូត*​របស់​ព្រះ‌អម្ចាស់​បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះ​ចេញ​ពី​កណ្ដាល​គុម្ពោត ឱ្យ​លោក​ឃើញ។ លោក​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។

លោកម៉ូសេ៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូត‌ហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។  ព្រះ‌អម្ចាស់​ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះ‌អង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។

លោកម៉ូសេ៖ «ក្រាប​ទូល!»។

ព្រះអម្ចាស់៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​ដ៏‌វិសុទ្ធ។ យើង​ជា​ព្រះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប»។

លោក​ម៉ូសេ​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​ព្រះ‌ជាម្ចាស់។

ព្រះអម្ចាស់៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ‌ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។ ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជី‌ជាតិ​ល្អ ធំ​ទូ‌លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ គឺ​ស្រុក​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរី‌ស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។  ឥឡូវ​នេះ យើង​ចាត់​អ្នក​ឱ្យ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីប»។

លោកម៉ូសេ៖ «តើ​ទូល‌បង្គំ​មាន​ឋានៈ​អ្វី បាន​ជា​ទូល‌បង្គំ​ត្រូវ​ទៅ​ជួប​ព្រះ‌ចៅ​ផារ៉ោន និង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

ព្រះអម្ចាស់៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឱ្យ​ទៅ​មែន»។

លោកម៉ូសេ៖ «បពិត្រ​ព្រះ‌ជាម្ចាស់! ទូល‌បង្គំ​នឹង​ទៅ​ជួប​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឱ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះ‌អង្គ​ព្រះ‌នាម​អ្វី​នោះ តើ​ទូល‌បង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ” ចាត់​ខ្ញុំ​ឱ្យ​មក​ជួប​អ្នក​រាល់​គ្នា»។

១​៦. ជនជាតិអ៊ីស្រាអែលឆ្លងសមុទ្រក្រហម

១៦. ជនជាតិអ៊ីស្រាអែលឆ្លងសមុទ្រក្រហម (សរ ១៤, ៥-៣១)

កាលស្តេចផារ៉ោនជ្រាបថា​ ប្រជាជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ ទ្រង់ខ្ងាល់យ៉ាងខ្លាំង ហើយ​មានព្រះបន្ទូលថា ៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្តោយ​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។ ព្រះ‌ចៅ​ផារ៉ោន​ក៏​ឱ្យ​គេ​ទឹម​រទេះ ហើយ​នាំ​កង‌ទ័ព​ចេញ​ដំណើរ​ ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រា‌អែល។

កាល​ឃើញ​ព្រះ‌ចៅ​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ​បាន​ជា​លោក​នាំ​ពួក​យើង​ឱ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។  កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​ឱ្យ​ពួក​យើង​នៅ​បម្រើ​ជន​ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។

លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជាជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឱ្យ​ចេញ​ដំណើរ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឱ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឱ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ដើរ​តាម​បាត​សមុទ្រ។

លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឱ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឱ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា  ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។  កង‌ទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះ‌ចៅ​ផារ៉ោន ទាំង​រទេះ​ចម្បាំង និង​ទ័ព‌សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។  លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឱ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។  ព្រះ‌អង្គ​ធ្វើ​ឱ្យ​រទេះ​ចម្បាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ឱ្យ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន​ជាតិ​អេស៊ីប រទេះ​ចម្បាំង និង​ទ័ព‌សេះ​របស់​ពួក​គេ»។ លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឱ្យ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។ 28 ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចម្បាំង ទ័ព‌សេះ និង​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌ចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន​ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។

ជន​ជាតិ​អ៊ីស្រា‌អែល​ឃើញ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់ ហើយគេកោត​ខ្លាច​ព្រះ‌អង្គ។ ពួក​គេ​ជឿ​លើ​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

១៧. វិន័យ១០ប្រការ

១៧. វិន័យដប់ប្រការ១០ (ទត ៥,១-២២)

លោក​ម៉ូសេ​បាន​កោះ​ហៅ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​វិន័យ និង​បទ‌បញ្ជា​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្ដី​ទាំង​នេះ​ឱ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូន‌តា​របស់​យើង នៅ​ភ្នំ​ហូរែប។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

  • “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។
    មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។
    មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ ឬ​គោរព​បម្រើព្រះក្លែងក្លាយ​ឡើយ។
    មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ។
  • ចូរ​គោរព​ថ្ងៃ​សប្ប័ទ​ អ្នក​មាន​ពេល​ប្រាំ‌មួយ​ថ្ងៃ​សម្រាប់​បំពេញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ  តែ​ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។
  • ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឱ្យ​អ្នក​មាន​អាយុ​យឺន‌យូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។
  • កុំ​សម្លាប់​មនុស្ស។
  • កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
  • កុំ​លួច​ប្លន់​គេ។
  • កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ នាំ​ឱ្យ​អ្នក​ដទៃ​មាន​ទោស។
  • កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ង‌ប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចម្ការ អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។

នេះ​ហើយ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ រួចព្រះ‌អង្គ​បាន​ចារ​ព្រះ‌បន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ ហើយ​ប្រគល់​មក​ឱ្យ​ខ្ញុំ។

១៨. ពស់ភ្លើង

១៨. ពស់ភ្លើង (ជរ ២១,៤-៩)

ជន​ជាតិ​អ៊ីស្រា‌អែល​ចេញដំណើរ​តាម​លោក​ម៉ូសេ​ទៅវាលរហោស្ថាន តាមផ្លូវវែងឆ្ងាយ ហើយពិបាក។ ​ប្រជាជន​បាក់​ទឹក​ចិត្ត ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ និងលោកម៉ូសេ៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឱ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​អាហារដ៏ខ្សត់ខ្សោយ​នេះ​ណាស់!»។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឱ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្តាល​ឱ្យ​បាត់‌បង់​ជីវិត​មនុស្ស​ជា​ច្រើន។ ប្រជាជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​បណ្តេញ​ពស់​ទាំង​នេះ​ចេញ​ឱ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះ‌អង្គ​ឱ្យ​ប្រជាជន។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។ លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។

1,758 Views

Theme: Overlay by Kaira