ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ព្រះគ្រីស្តជាអម្ចាស់
CHRISTUS DOMINUS

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់​ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេនឹក​ចងចាំរហូតតរៀងទៅ។

ក្រឹត្យក្រម
ស្តីអំពីមុខងាររបស់អស់លោកអភិបាលជាគង្វាលក្នុងព្រះសហគមន៍

១- បុព្វកថា

១- ព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅ ព្រះអង្គយាង​មកសង្ត្រោះ​​​ប្រជារាស្រ្ត​​​របស់​​​ព្រះអង្គឱ្យរួចពីបាប (មថ ១,២១) និងប្រោសឱ្យមនុស្ស​ទាំងអស់បានវិសុទ្ធ។ ព្រះបិតាចាត់ព្រះបុត្រា​​​ឱ្យ​​​យាង​​​​​​​​​មក​​​យ៉ាង​​​ណា ព្រះអង្គក៏ចាត់ក្រុមគ្រីស្តទូតរបស់ព្រះអង្គឱ្យទៅយ៉ាងនោះដែរ (យហ ២០,២១)។  ព្រះ​​​អង្គ​​​ក៏​​​​​​ប្រោស​​​​​​គ្រីស្តទូត​​​ទាំងនោះឱ្យបានវិសុទ្ធ​ដោយ​ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់លោកដែរ។ ដូច្នេះ ក្រុមគ្រីស្តទូត​​​អាច​​​លើកតម្កើងព្រះ​បិតានៅ​លើផែន​​ដី និង​នាំការសង្គ្រោះដល់មនុស្សលោក “ដើម្បី​កសាង​ព្រះ​កាយ​របស់​ព្រះគ្រីស្ត​ឡើង” ​​​(អភ ៤,១២)។

២- ព្រះគ្រីស្តផ្ញើបេសកកម្មឃ្វាលហ្វូងចៀម និងកូនច្រៀមរបស់ព្រះអង្គឱ្យគ្រីស្តទូតសិលា។ ហេតុនេះហើយ បានជាអភិបាលព្រះ​​​សហគមន៍ក្រុងរ៉ូម ក្នុងឋានៈលោកបន្តមុខងារពីគ្រីស្តទូតសិលាមក មានអំណាច​ដ៏ខ្ពង់ខ្ពស់បំផុតក្នុង​ព្រះ​សហគមន៍​​​របស់ព្រះគ្រីស្ត តាមការចាត់ចែងរបស់ព្រះជាម្ចាស់។​​​ អភិបាលព្រះសហគមន៍ក្រុងរ៉ូមមាន​អំណាច​ពេញ​​​លេញ អំណាចចំៗលើគ្រីស្តបរិស័ទ និងអំណាចសកល ដើម្បីថែទាំវិញ្ញាណមនុស្សលោក។ ហេតុនេះ​​​ហើយ​​​ បាន​​​​​​ជា​​​ក្នុង​​​ឋានៈ​​​លោកជាគង្វាលណែនាំគ្រីស្តបរិស័ទទាំងអស់ និងដោយព្រះជាម្ចាស់ចាត់លោកឱ្យរក​ប្រយោជន៍​​​រួម​​​របស់​​​​​​ព្រះ​​​​​​ស​​​ហគមន៍សកល និងរក​ប្រយោជន៍របស់ព្រះសហគមន៍នីមួយៗ លោកជា​ប្រធានដែលមានអំណាចជាធម្មតា​លើព្រះ​​​សហគមន៍​​​​​​ទាំង​​​ឡាយ​។

ព្រះវិញ្ញាណដ៏វិសុទ្ធក៏បានតែងតាំងអស់លោកអភិបាលដែរ។ អស់លោកបន្តមុខងារពីក្រុមគ្រីស្តទូត​មកក្នុង​ឋានៈ​​​​​​ជាគង្វាលនៃវិញ្ញាណរបស់មនុស្សលោក។ ព្រះគ្រីស្តចាត់អស់លោកឱ្យបន្តព្រះរាជកិច្ចរបស់ព្រះគ្រីស្ត​ ជា​​​គង្វាល​​​​​​ដែល​​​​ស្ថិត​នៅ​អស់កល្បជានិច្ច ដើម្បីឱ្យព្រះរាជកិច្ចរបស់ព្រះអង្គនោះស្ថិតស្ថេរនៅរហូតតរៀងទៅ។ អស់​​​លោក​​​​​​បំពេញ​​​កិច្ចការនេះរួមជាមួយអភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូម និងក្រោមអំណាចរបស់លោក​​។ ព្រះគ្រីស្ត​ប្រទាន​​​​​​​អំណាច​​ និង​​​បញ្ជាឱ្យក្រុមគ្រីស្តទូត និងឱ្យអស់លោកដែលបន្តមុខងារ​ពីក្រុមគ្រីស្តទូត​ទាំងនោះបង្រៀន​មនុស្ស​​​​គ្រប់ជាតិ​សាសន៍ និងប្រោសមនុស្សឱ្យបានវិសុទ្ធក្នុងសេចក្តីពិត ព្រមទាំងណែនាំហ្វូងចៀមរបស់ព្រះអង្គ។ ហេតុនេះ​ហើយ​ បានជា​​​ព្រះ​​​គ្រីស្តប្រទានព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាឱ្យអស់លោក​​​អភិបាល ដើម្បីតែងតាំង​​​អស់​​​លោក​​​​​​ឱ្យធ្វើ​​​ជា​​​​​​​​​គ្រូបង្រៀន​​​ល​​​ទ្ធិនៃជំនឿយ៉ាងពិត​​​ប្រាកដ និងយ៉ាងត្រឹមត្រូវ​ និងឱ្យធ្វើជាមហាបូជាចារ្យ និងជាគង្វាល​​​ផង​​​​​​ដែរ (ពន្លឺ​​​ ២១.​​​២៤.​​​២៥)។

៣- ដោយសារអគ្គសញ្ញាតែងតាំង អស់លោកទទួលបន្ទុកជាអភិបាល ហើយរួមគ្នាយកចិត្តទុកដាក់ថែទាំ​​​ព្រះ​​​សហគមន៍​​​ទាំងឡាយ (ពន្លឺ​​​ ២១)។ អស់លោកក៏បំពេញបន្ទុករបស់ខ្លួន​ចំពោះព្រះ​សហគមន៍សកល​​​របស់​​​ព្រះ​​​ជា​​​ម្ចាស់ គឺប​​​​​​ង្រៀន និង​​​គ្រប់គ្រងព្រះសហគមន៍សកលនេះដោយរួបរួមទាំងអស់គ្នាជា​ក្រុមអភិបាល ដូចជា​រូបកាយមួយ និង​​​រួប​​​​​​រួម​​​ជា​​​មួយ​​​អភិបាលព្រះសហគមន៍ក្រុងរ៉ូម និងក្រោមអំណាចរបស់លោក។

លោកអភិបាលម្នាក់ៗបំពេញបន្ទុករបស់ខ្លួនចំពោះចំណែកនៃហ្វូងចៀមរបស់ព្រះអម្ចាស់ដែលព្រះអង្គ​​​បាន​​​ផ្ញើ​​​ទុក​​​ឱ្យ​​​លោក​​​​​​ថែរ​​​ក្សា គឺលោក​​​ម្នាក់ៗ​​​ទទួល​​​បន្ទុក​​​លើព្រះ​​​សហគមន៍​​​ដោយឡែកដែលព្រះអង្គបានផ្ញើទុកមក​​​នោះ ឬលើ​ព្រះ​​​សហគមនជាច្រើន។ អស់លោកក៏រួមគ្នាផ្គត់ផ្គង់ដល់តម្រូវការរួមរបស់ព្រះសហគមន៍ឯទៀត​​​ដែរ។ ហេតុ​​​នេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធមានបំណងចង់បញ្ជាក់ឱ្យបាន​ច្បាស់នូវ​បន្ទុក​ជា​គង្វាល​​របស់អស់​​​លោក​​​អភិបាល ដោយគិតគូរជាពិសេសដល់សភាពការណ៍​​នា​នា​នៃសហគមន៍មនុស្ស​​នាបច្ចុប្បន្នកាល ​​​ដែល​​​តែង​​​​​​តែ​​​វិវឌ្ឍន៍ឡើងៗបានសម្រេចសេចក្តីដូចតទៅ ៖

ជំពូក១
ទំនាក់ទំនងរបស់អស់លាកអភិបាល និងព្រះសហគមន៍សកល

១- តួនាទីរបស់អស់លោកអភិបាលចំពោះព្រះសហគមន៍សកល

៤- របៀបក្រុមអភិបាលប្រើអំណាចរួម

អស់លោកអាភិបាល​​​ជា​​​សមាជិកនៃក្រុមអភិបាល​ដោយអានុភាពនៃអគ្គសញ្ញាតែងតាំង និងដោយការ​​​រួប​​​រួមជា​​​មួយអភិបាលព្រះ​​​សហគមន៍ក្រុងរ៉ូមជា​​​មេដឹក​​​នាំ ហើយដោយរួបរួមជាមួយ​សមាជិក​នៃ​ក្រុម​អភិបាល​​​ឯទៀតៗ​​​​​​តាមលំដាប់​​​លំ​​​ដោយ​​​ (ពន្លឺ ២២)​។ ​​​“ក្រុមអ​​​ភិបាលដែលបន្ត​មុខងារបម្រើពីក្រុម​គ្រីស្តទូ​​​តមក គឺ​មុខងារ​​​បង្រៀន និងគ្រប់គ្រងក្នុងឋានៈជាគង្វាល (បើនិយាយ​យ៉ាង​ប្រសើរ​ជាងក្រុមគ្រីស្តទូតបន្តជីវិតរបស់ខ្លួនដោយ​​​សារ​​​ក្រុម​​​អភិបាល)។ អស់​លោក​ក៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត និងអំណាចពេញលេញលើព្រះ​សហគមន៍សកលដែរ លុះ​​​ត្រា​​​តែក្រុម​អភិបាលរួមជាមួយអភិបាលព្រះ​សហគមន៍​ក្រុងរ៉ូមជាមេដឹកនាំក្រុមអភិបាល​នោះ គឺមិនត្រូវដាច់ពី​​​អភិបាល​​​​​​​​​​​​​​​ព្រះ​​​សហគមន៍ក្រុងរ៉ូម​ឡើយ។ ក្រុម​អភិបាល​អាចប្រើអំណាចនេះបាន លុះត្រាតែ​អភិបាលព្រះសហគមន៍​​​ក្រុងរ៉ូម​​​យល់​​​ស្រប”។

“ក្រុម​អភិបាល​ប្រើអំណាចនេះយ៉ាង​​​ឱឡារិកនៅពេល​​​អស់លោកប្រជុំគ្នាជាមហាសន្និបាត​​​សកល​​​​​​” (ពន្លឺ ​​​២២)។ ហេតុនេះហើយ បានជាមហាសន្និបាត​សម្រេចថា អភិបាលទាំងប៉ុន្មានក្នុងឋានៈអស់លោកជា​សមាជិក​​​នៃ​​ក្រុមអភិបាល មានសិទ្ធិចូលរួមក្នុង​មហាសន្និបាតសកលទាំងអស់គ្នាបាន។

“អស់លោក​​​អភិបាល​​​ដែល​​​រស់នៅ​​​លើផែន​​​ដីទាំងមូលអាចប្រើអំណាចរួមនេះ រួមជាមួយ​អភិបាល​ព្រះ​​សហគមន៍​​​​​​​ក្រុងរ៉ូម​​​បាន លុះត្រាតែ​​​អភិបាល​​​ព្រះសហគមន៍ក្រុងរ៉ូម ជាមេដឹកនាំក្រុមអភិបាល កោះហៅអស់​លោក​ឱ្យបំពេញ​​​ការ​​​​ងារ​រួម ឬយ៉ាងហោច​​​ណាស់ លុះ​​​ត្រាតែលោកយល់ស្របឱ្យអភិបាលដែលខ្ចាត់ខ្ចាយនៅលើផែន​​​ដី​​​ទាំង​​​មូ​​​លបំពេញការងាររួ​​​មនេះ ឬសុខ​​​ចិត្តទទួលស្គាល់នូវសេចក្តីសម្រេច​​​នៃ​​​មហាសន្និបាត​​​នោះ ដោយ​​​លោក​​​​​​មាន​​​​​​សេរីភាពពេញទី​​​ ទើបកិច្ចការ​​​របស់​​​អស់លោកពិត​​​ទៅ​​​ជាកិច្ចរួមនៃក្រុមអភិបាលបាន” (ពន្លឺ ២២)។

៥- ក្រុមប្រឹក្សា ឬសន្និបាតអភិបាល

ត្រូវជ្រើសរើសអភិបាលតាមតំបន់ផ្សេងៗក្នុងពិភពលោកតាមរបៀប និងតាមសេចក្តីណែនាំដែល​​​អភិបាល​​​​ព្រះ​​​​​​សហគមន៍ក្រុងរ៉ូមបានចាត់ចែងរួចហើយ ឬតាមរបៀប និងតាមសេចក្តី​​​ណែនាំដែលលោកនឹងចាត់ចែងនៅ​ពេល​​​ខាង​​​​​​មុខ​​​។ អស់លោកជួយ​​​អភិបាល​​​ព្រះ​​​​​​សហគមន៍ក្រុងរ៉ូមដែល​ជាគង្វាល​ដ៏ខ្ពង់​ខ្ពស់​បំផុតនៃព្រះសហគមន៍យ៉ាងស័ក្តិសិទ្ធិ ដោយ​​​រួមក្នុងក្រុមប្រឹក្សាដែលទទួលឈ្មោះថា “សន្និបាត​​​​អភិបាល”។​​​​​​ ដោយសន្និបាត​អភិបាល​នោះបំពេញការ​​​ងារ​​​ក្នុង​​​នាម​​​ក្រុមអភិបាលកាតូលិកទាំងមូល សន្និបាតអភិបាលនោះពិតជាសញ្ញាសម្គាល់បញ្ជាក់ថា អស់លោកអភិបាល​​​ពិត​​​ជា​​​រួបរួមគ្នាតាម​លំដាប់​លំដោយ យកចិត្តទុកដាក់​ថែទាំព្រះសហគមន៍សកលមែន (ពន្លឺ ២៣)។

៦- អភិបាលទាំងអស់រួមគ្នាយកចិត្តទុកដាក់ថែរក្សាព្រះសហគមន៍ទាំងឡាយ

អស់លោកអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតយ៉ាងត្រឹមត្រូវ និងជាសមាជិកនៃក្រុមអភិបាល។ ហេតុ​នេះហើយ​​​ បានជា អស់លោកត្រូវដឹងថា អស់លោករួបរួមគ្នាជានិច្ច និងត្រូវយកចិត្តទុកដាក់នឹងព្រះសហគមន៍​​​ទាំង​​​ឡាយ។ អភិបាលម្នាក់ៗទទួលខុសត្រូវលើព្រះសហគមន៍សកលរួមជាមួយអភិបាលឯទៀតៗ ​ព្រោះព្រះជាម្ចាស់​​​ចាត់​​​ចែង​​​ដូច្នេះហើយ និងតាម​ភារកិច្ចនៃបន្ទុក​របស់ខ្លួនជាគ្រីស្តទូតដែរ។ ជាពិសេស សូមអស់លោកយកចិត្តទុក​​​ដាក់​​​នឹង​​​តំបន់ក្នុង​ពិភពលោក ដែល​មិន​ទាន់ទទួល​ព្រះ​បន្ទូលរបស់ព្រះ​ជាម្ចាស់នៅឡើយ ឬតំបន់ដែលមានចំនួន​​​គង្វាលតិចពេក បណ្តាលឱ្យគ្រីស្តបរិស័ទ​ឃ្លាតឆ្ងាយ​ពីវិន័យ​ណែនាំការរស់នៅ​របស់ខ្លួនជាគ្រីស្តបរិស័ទ និងបាត់បង់​​​ជំនឿ​​​ទៀតផង។

ហេតុនេះ អស់លោកត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ណែនាំឱ្យគ្រីស្តបរិស័ទ​​​ទាំង​​​អស់​​​គាំទ្រ និង​​​ពង្រីក​​​​​​​យ៉ាងក្លៀវក្លានូវកិច្ច​ការប្រកាស​ដំណឹងល្អ និងកិច្ចការជាគ្រីស្តទូត។ លើសពីនេះទៅទៀត អស់​​​លោក​​​​​​អភិបាល​​​ត្រូវ​​​គិត​​​គូរ​​​​អប់រំ​គង្វាលដែលមានសមត្ថភាព ហើយសហការី ទាំងបព្វជិត បព្វជិតា ​និងគ្រីស្តបរិស័ទធម្មតា​​​ឱ្យ​​​ត្រៀម​​​ខ្លួន ទៅបម្រើ​ព្រះសហគមន៍ ឬទៅរស់នៅក្នុងប្រទេសដែលខ្វះគង្វាល។ អស់លោក​​​អភិបាល​​​ក៏ត្រូវយក​ចិត្តទុកដាក់​ចាត់លោកគង្វាល​​ខ្លះនៃ​ភូមិភាគរបស់​ខ្លួនទៅបម្រើព្រះសហគមន៍ និងភូមិភាគទាំងនោះ ដើម្បីបំពេញមុខងា​​​រដ៏​​​សក្ការៈ​​​ជាបណ្តោះអសន្ន ឬ​ជា​អចិន្រៃ្តយ៍ក៏​បាន​ដែរ។ ម៉្យាងទៀត ​ចំពោះការប្រើប្រាស់​​​ធនធាន​​​របស់​​​ព្រះសហគមន៍ អស់​​​លោក​​​អភិបាលមិនត្រូវគិតតែអំពី​​តម្រូវការ​នៃភូមិភាគរបស់ខ្លួនប៉ុណ្ណោះទេ តែត្រូវគិត​​​ដល់តម្រូវការនៃ​​​ព្រះ​​​សហគមន៍ឯ​​​ទៀតៗដែរ ព្រោះព្រះ​សហគមន៍​ទាំង​នោះ​ក៏ជាចំណែកនៃព្រះ​​​សហគមន៍តែ​​​មួយ​​​គត់​​​របស់​​​ព្រះគ្រីស្ត។ មិនតែ​​​ប៉ុណ្ណោះ សូមឱ្យអស់លោក​អ​ភិបាល​ចាប់អារម្មណ៍​សម្រាលទុក្ខគ្រីស្តបរិស័ទតាមសមត្ថភាព​រៀងៗខ្លួនក្នុង​​​ភូមិភាគ​​​ឯទៀតៗ ឬក្នុងតំបន់ខ្លះដែលជួបគ្រោះកាច។

៧- សេចក្តីស្រឡាញ់យ៉ាងសកម្មចំពោះអភិបាលឯទៀតៗដែលត្រូវគេបៀតបៀនធ្វើបាប

លើសពីនេះទៅទៀត សូមឱ្យអស់លោកអភិបាលមានចិត្តស្រឡាញ់អភិបាល​​​ដែល​​​​ត្រូវ​គេ​​មួល​បង្កាច់ ត្រូវ​​​គេ​​​​​​បៀតបៀនធ្វើបាប ព្រោះតែព្រះគ្រីស្ត គឺអភិបាលដែលត្រូវជាប់ឃុំឃាំង ឬត្រូវគេរារាំង​​​មិន​​​​ឱ្យ​បំពេញ​មុខ​ងារ​បម្រើ​​​របស់ខ្លួនបាន។ សូមស៊ូប្តូរស្លាប់រស់យ៉ាងពិតប្រាកដ និងយ៉ាងសកម្មចំពោះអស់លោក ដើម្បី​ជួយ​សម្រាល​ទុក្ខ​​លំបាករបស់អស់លោក ដោយអធិដ្ឋាន និងដោយធ្វើការរួមជាមួយអភិបាលឯទៀតៗផង។

២- ទំនាក់ទំនងរវាងអស់លោកអភិបាលនឹងអាសនៈគ្រីស្តទូតសិលា

៨- អំណាច​របស់អស់លោកអភិបាលក្នុងភូមិភាគរបស់ខ្លួន

ក- ដោយអស់លោកអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតមក អស់លោកមានអំណាចធម្មតាយ៉ាង​​​ពេញ​​​លេញ ជាអំណាចផ្ទាល់ និងចំៗលើគ្រីស្តបរិស័ទ គឺមានអំណាចដែលអស់លោកត្រូវការសម្រាប់បំពេញបន្ទុករបស់​​​អស់​​​លោក​​​​​​ជាគង្វាលក្នុង​ភូមិភាគរបស់ខ្លួន។ មានករណីខ្លះ អភិបាលព្រះ​​​សហគមន៍​​​ក្រុង​​​រ៉ូម​​​ទុកឱ្យលោកសម្រេច​​​ដោយខ្លួនលោកផ្ទាល់ ឬដោយអ្នកផ្សេងទៀត។ អភិបាលព្រះសហគមន៍​​​ក្រុង​​​រ៉ូមមានអំណាចធ្វើដូច្នេះ​​​ជានិច្ច​​​បានក្នុង​ឋានៈ​លោកមានបន្ទុក​ជាគង្វាលសកល។

ខ- អភិបាលភូមិភាគនីមួយៗមានសិទ្ធិអនុគ្រោះគ្រីស្តបរិស័ទដែលស្ថិតនៅក្រោមអំណាចដ៏ត្រឹមត្រូវរបស់លោក ឱ្យលែងជាចំណុះនៃច្បាប់ទូទៅរបស់ព្រះសហគមន៍បានក្នុងករណីពិសេសមួយ គ្រប់ពេលណា​​​ដែលលោក​​​យល់​​​​​​​​​ឃើញថា ការអនុគ្រោះ​នោះនឹង​ផ្តល់ផល​ប្រយោជន៍​ខាងវិញ្ញាណ​​ដល់គេ លើកលែងក្នុងករណីណាអភិបាល​​​ព្រះ​​​​​​សហគមន៍​​​​​​​​​​​​ក្រុង​​​​​​រ៉ូម​​​ដែលកាន់​​​​អំណាចដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះសហគមន៍ទុកយ៉ាងពិសេសឱ្យលោក​​​សម្រេច​​​ដោយ​​​​​​ខ្លួនលោកផ្ទាល់។

៩- ក្រសួងក្នុងរដ្ឋបាលអភិបាលព្រះសហគមន៍ក្រុងរ៉ូម

អភិបាលព្រះសហគមន៍ក្រុងរូ៉មតែងប្រើក្រសួងនានានៃរដ្ឋបាល ដើម្បីជួយលោកក្នុងកិច្ចប្រើអំណាច​របស់​លោក​​​​​​​ផ្ទាល់​​​លើព្រះសហមន៍សកល ជាអំណាចដ៏ខ្ពង់ខ្ពស់បំផុត ជាអំណាចដ៏ពេញលេញ និងដ៏ចំៗលើ​​​គ្រីស្តបរិស័ទ។ ក្រសួងទាំងនោះបំពេញបន្ទុករបស់ខ្លួន​ក្នុងនាមលោក និងដោយមានអំណាចរបស់លោក ដើម្បីជា​​​ប្រយោជន៍​​​​​​ដល់ព្រះ​​​សហគមន៍នានា និងដើម្បីជួយបម្រើអភិបាល​នានាទៀតផង។

ជាយូរឆ្នាំកន្លងមក ក្រសួងទាំងនោះតែងតែជួយអភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូមយ៉ាងល្អ​ប្រសើរ និងបាន​​​ជួយ​​​អភិបាល​នៃព្រះ​សហគមន៍នានា​។ ប៉ុន្តែ អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតប្រាថ្នាចង់ចាត់​ចែង​ក្រសួង​ទាំង​​នោះតាមរបៀបថ្មី ស្របតាមតម្រូវការរបស់សម័យឥឡូវនេះ គឺស្របតាមតម្រូវការរបស់ប្រទេសនានា និង​តាម​តម្រូវការនៃរបៀបរបបផ្សេងៗទៀត។ ជាពិសេស ត្រូវចាត់ចែងក្រសួងទាំងនោះតាមរបៀបថ្មី ចំពោះ​​​ចំនួន​​​ក្រសួង ចំពោះឈ្មោះ ចំពោះសមត្ថភាព ចំពោះវិធី​បំពេញការងារ និងចំពោះការរួម​​​សហការ​​​ជា​​​មួយ​​​គ្នាក្នុង​​​កិច្ចការ​​​របស់ខ្លួន។ អស់លោកក៏ប្រាថ្នាថា សូមបញ្ជាក់យ៉ាង​ច្បាស់​ជាងពីមុនអំពី​តួនាទីរបស់ទូតនៃអភិ​​​បាល​​​ព្រះ​​​សហគមន៍ក្រុងរូម៉ ដោយគិត​គូរដល់មុខងារផ្ទាល់របស់អស់​លោក​អភិបាលជាគង្វាលផងដែរ។

១០- អំពីសមាជិក និងភ្នាក់ងារក្នុងក្រសួងនានា

លើសពីនេះទៅទៀត នៅសម័យបុរាណ គេតែងតាំងក្រសួងទាំងនោះដើម្បីជាប្រយោជន៍ដល់ព្រះ​សហគមន៍សកល។ ហេតុនេះហើយ បានជាអស់លោកអភិបាលប្រាថ្នាចង់សូមជ្រើសរើសសមាជិក បុគ្គលិក និង​​​ទីប្រឹក្សា​​​នៃ​​​ក្រសួងក្រសួងទាំង​នោះពីតំបន់ផ្សេងៗជាកន្លែងព្រះសហគមន៍ស្ថិតនៅ ប្រសិនបើអាចធ្វើបាន។ សូម្បីតែ​ទូត​អភិបាលព្រះសហគមន៍ក្រុងរ៉ូមក៏ត្រូវជ្រើសរើសពីតំបន់នានាដែរ។ ធ្វើដូច្នេះ ទើបក្រុមគ្រប់គ្រង និងអង្គការមជ្ឈិម​​​នៃ​​​ព្រះសហគមន៍កាតូលិកយើងមុខជានឹងមានលក្ខណៈ​សកលប្រាកដ​មែន។ អស់លោកក៏ប្រាថ្នាចង់​​​សូមឱ្យ​​​មាន​​​អភិបាល ​ជាពិសេស អភិបាលភូមិភាគធ្វើជាសមាជិកក្នុងក្រសួងទាំង​នោះ​។ អភិបាលភូមិភាគ​ទាំងនោះអាចនាំមតិ គំនិត បំណងប្រាថ្នា និងតម្រូវការនៃព្រះសហគមន៍ទាំងឡាយជូនលោក​អភិបាលព្រះ​សហគមន៍​ក្រុង​រ៉ូមឱ្យបាន​​​សព្វ​​​គ្រប់ជាងពីមុន។

លើសពីនេះទៅទៀត អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតយល់ឃើញថា ក្រសួងទាំងនោះ​​​ត្រូវស្តាប់​គ្រីស្តបរិស័ទធម្មតាឱ្យបាន​ច្រើន គឺគ្រីស្តបរិស័ទដែលល្បីឈ្មោះដោយគុណសម្បត្តិ ដោយ​​​ចំណេះ​​​វិទ្យា និង​​​ដោយ​​​បទពិសោធន៍របស់គេ ដើម្បីឱ្យគ្រីស្តបរិស័ទធម្មតា​​​អាចបំពេញតួនាទីរបស់ខ្លួន​​​ក្នុង​​​ព្រះ​​​សហគមន៍។ ធ្វើដូច្នោះ ពិតជាមាន​ប្រយោជន៍យ៉ាងខ្លាំងមែន។​​​

ជំពូក២
 អស់លោកអភិបាល និងព្រះសហគមន៍ដោយឡែក ឬព្រះសហគមន៍ភូមិភាគ

១- អភិបាលភូមិភាគ

១១- ពាក្យ ”ភូមិភាគ” និងតួនាទីរបស់អភិបាលក្នុងភូមិភាគរបស់ខ្លួន

ភូមិភាគជាចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលព្រះអង្គផ្ញើទុកឱ្យអភិបាលម្នាក់ធ្វើជាគង្វាល ដោយ​​​មាន​​​ក្រុមគង្វាល ជួយឧបត្ថមផង។ ដូច្នេះ ភូមិភាគជាប់ជាមួយនឹងអភិបាលរបស់ខ្លួនជាគង្វាល។ លោកប្រមែ​ប្រមូលគ្រីស្តបរិស័ទភូមិភាគក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ​ដោយសារដំណឹងល្អ និងដោយសារអគ្គសញ្ញាអរ​​​ព្រះគុណ។ ភូមិភាគជា​ព្រះ​សហគមន៍​​មួយ​ដោយឡែក ដែលមានវត្តមាន​​​យ៉ាងពិតប្រាកដ និង​​​​មាន​សកម្មភាព​របស់​​​ព្រះ​​​សហគមន៍​​​របស់​​​ព្រះគ្រីស្ត​​​តែមួយគត់ គឺព្រះសហគមន៍ដ៏វិសុទ្ធ កាតូលិក និងដែលកាន់​ជំនឿ​តាមក្រុម​គ្រីស្តទូត​ជាគ្រឹះ​ទៀតផង។

ព្រះជាម្ចាស់ផ្ញើឱ្យអភិបាលម្នាក់ៗថែទាំព្រះសហគមន៍មួយដោយឡែក។ ​លោកថែរក្សាហ្វូងចៀមរបស់ខ្លួនក្នុងនាមព្រះអម្ចាស់ ក្រោមអំណាចរបស់អភិបាលព្រះ​សហគមន៍​ក្រុង​រ៉ូម។ លោកមានមុខងារជាគង្វាលដោយ​ផ្ទាល់ ជាអំណាចធម្មតា ជាអំណាចចំៗលើគ្រីស្តបរិស័ទ គឺលោកបំពេញបន្ទុកបង្រៀនគេ ប្រោសឱ្យគេបានវិសុទ្ធ ​និង​​​គ្រប់​​​គ្រង​​​ទៀត​ផង។ ក៏ប៉ុន្តែ លោកត្រូវទទួលស្គាល់​សិទ្ធិ​​ដ៏​ត្រឹមត្រូវរបស់អភិបាលដ៏ប្រសើរឧត្តមនៃ​​​ព្រះសហគមន៍បូព៌ា​​​ប្រទេស ឬអំណាចឯទៀតក្នុងព្រះសហគមន៍ តាមលំដាប់លំដោយ (បូព៌ា​ ៧-១១)។

សូមឱ្យលោកអភិបាលយកចិត្តទុកដាក់បំពេញបន្ទុករបស់ខ្លួនជាគ្រីស្តទូតក្នុងឋានៈលោកជាសាក្សីរបស់​ព្រះ​​​​គ្រីស្ត នៅចំពោះមុខមនុស្សទាំងអស់។ លោកមិនគ្រាន់តែយកចិត្តទុកដាក់នឹងអស់អ្នកដែល​​តាមព្រះអង្គម្ចាស់​​​នៃ​​​គង្វាល​​​​​​​ទាំងឡាយ​ប៉ុណ្ណោះ​ទេ តែត្រូវយកចិត្តទុកដាក់ដោយស្មោះអំពីចិត្តនឹងអស់អ្នកដែលងាកចេញពីមាគ៌ានៃ​​​សេចក្តី​​​​​​​​​ពិត ឬដែល​មិន​ស្គាល់​ដំណឹងល្អ ឬមិនស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះគ្រីស្តដែលសង្គ្រោះមនុស្ស​​​លោក​​​ទៀតដែរ។ ហេតុនេះ​ហើយ បានជាអស់លោកនឹងបំពេញការងាររហូតដល់ពេលមនុស្សទាំងអស់នឹងដើរ “តាម​​​សេចក្ដី​​​​សប្បុរស ​​​សេចក្ដី​សុចរិត និងតាម​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង” ជាស្ថាពរ (អភ ៥,៩)។

១២- បន្ទុកបង្រៀន

ក្នុងពេលបំពេញបន្ទុកបង្រៀន សូមឱ្យអភិបាលទាំងឡាយប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តឱ្យមនុស្ស​​លោក​​​។​​​ បន្ទុកនេះសំខាន់ជាងបន្ទុកឯទៀតៗទាំងអស់។ ដោយមានឫទ្ធានុភាពនៃព្រះវិញ្ញាណជួយឧបត្ថមផង សូម​អស់​​​លោក​​​​ហៅមនុស្សឱ្យ​ផ្ញើជីវិតលើព្រះគ្រីស្ត និងសូមគាំទ្រជំនឿដ៏រស់រវើករបស់គេដែរ។ សូមរៀបរាប់​គម្រោងការ​ដ៏​​​អស្ចារ្យ​​​ទាំងមូលរបស់ព្រះគ្រីស្ត គឺសេចក្តីពិតទាំងប៉ុន្មានដែលគេត្រូវតែស្គាល់។ ប្រសិនបើមនុស្សមិនស្គាល់សេចក្តី​​​ពិត​​​​​​ទាំងនោះ គេ​​​មិន​​​អាច​​​ស្គាល់ព្រះគ្រីស្តបានទេ។ អស់​លោកត្រូវបង្ហាញមាគ៌ាដែលព្រះជាម្ចាស់បានសម្តែងមក ​ដើម្បី​​​​​​លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និង​​​ទទួល​​​​ការ​​សង្គ្រោះដោយបំពេញការនេះ (ពន្លឺ ២៥)។

អស់លោក​​​អភិបាល​​​ត្រូវបង្ហាញឱ្យមនុស្សលោកដឹងថា កិច្ចការនៅលើផែនដី និងស្ថាប័នលោកីយ៍សុទ្ធតែបែរ​តម្រង់​​​ទៅរកការ​​​សង្គ្រោះ​​​របស់មនុស្សលោក តាមគម្រោងការរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋានអ្វីៗទាំងអស់។ ដូច្នេះ​ កិច្ចការ និងស្ថាប័នទាំងនោះអាចជួយជាខ្លាំងឱ្យកសាងព្រះកាយព្រះគ្រីស្តបាន។

ហេតុនេះ អស់លោកត្រូវបង្រៀនតាមលទ្ធិនៃព្រះសហគមន៍ថា ត្រូវរាប់តម្លៃរបស់បុគ្គលម្នាក់ៗ ត្រូវរាប់​តម្លៃនៃសេរីភាពរបស់គេ សូម្បីតែការរស់នៅតាមរូបកាយក៏ត្រូវរាប់ទុកថា មានតម្លៃដែរ។ ​ត្រូវបង្រៀនក្រុមគ្រួសារ​​​ឱ្យ​​​ចេះ​​​រួម​​​​គ្នាជាធ្លុងតែមួយឱ្យនៅស្ថិតស្ថេរ ឱ្យបន្តពូជ និងអប់រំកូន។ ត្រូវបង្រៀនអំពីសង្គម និងរដ្ឋអំណាចដែលមាន​​​ច្បាប់​​​​​​ និង​អំពី​​​មុខងារផ្ទាល់ផ្សេងៗ អំពី​ការ​នឿយហត់ និង​អំពីការលំហែកាយ អំពីសិល្បៈ និងបចេ្ចកទេស អំពីភាព​​​ក្រីក្រ​​​ និង​​​​​​ភាព​​​​សម្បូរហូរហៀរទៀត។ អស់​លោក​ត្រូវរៀបរាប់អំពីរបៀប​ដោះ​ស្រាយបញ្ហា​ដ៏ធ្ងន់ធ្ងរបំផុត គឺអំពីការ​​​កាន់​​​កាប់​​​​​​ទ្រព្យ​​​​​​​សម្បត្តិ​ អំពីរបៀបទ្រព្យសម្បត្តិទាំងនោះចម្រើនឡើង និងអំពីការចែក​រំលែកទ្រព្យសម្បត្តិតាមយុត្តិធម៌។ ត្រូវ​​​រៀបរាប់​អំពី​សន្តិភាព និងសង្រ្គាម អំពីប្រជាជាតិទាំង​ឡាយរួបរួមគ្នាជាសហគមន៍​តែមួយដែលសុទ្ធតែជា​​​បង​​​ប្អូន​​​។

១៣- របៀបរៀបរាប់លទ្ធិនៃគ្រីស្តសាសនាជូនគេ

អស់លោកអភិបាលត្រូវរៀបរាប់លទ្ធិនៃគ្រីស្តសាសនាជូនមនុស្សលោក​តាមរបៀបស្របនឹងតម្រូវការនៃពេល​​​វេលា គឺ​​​ដោយមានបំណងចង់តបឆ្លើយនឹងការពិបាក និងបញ្ហាដែលបណ្តាលឱ្យមនុស្សតប់ប្រមល់យ៉ាងខ្លាំង​​​។ អស់​​​លោកត្រូវយកចិត្តទុកដាក់រក្សា​ការ​ពារ​លទ្ធិនោះ ទាំង​បង្ហាត់ឱ្យគ្រីស្តបរិស័ទចេះការពារ និងផ្សព្វផ្សាយលទ្ធិ​​​នោះ​​​ទៀត​​​ផង។ នៅពេលបញ្ចូនបន្តលទ្ធិនោះ ត្រូវសម្តែងសេចក្តីស្រឡាញ់​របស់ព្រះសហគមន៍​​​ជាមាតាមក​​​មនុស្ស​​​ទាំង​​​អស់ ​ទោះជាគ្រីស្តបរិស័ទ មិន​គ្រីស្តបរិស័ទក្តី។ សូម​ចាប់អារម្មណ៍យ៉ាងពិសេសចំពោះ​​​អ្នកក្រីក្រ និង​​​អ្នក​​​តូច​​​តាច​​​ ​ព្រោះព្រះអម្ចាស់ចាត់អស់​លោក​​ឱ្យ​ទៅប្រកាស​ដំណឹងល្អដល់អ្នកទាំង​នោះ។

ព្រះសហគមន៍មានភារកិច្ចនិយាយសន្ទនាជាមួយសង្គមមនុស្ស ជាកន្លែងព្រះសហគមន៍រស់នៅ។ ​ហេតុ​​​នេះ​​​​ អស់លោកអភិបាលមានបន្ទុកជាចម្បងទៅរកមនុស្ស ហើយសូមសន្ទនាជាមួយ ហើយលើកស្ទួយការសន្ទនា​​​នោះ​​​ទៀតផង។ ប្រសិនបើអស់លោកចង់ឱ្យសេចក្តីពិត និងសេចក្តីស្រឡាញ់ ប្រាជ្ញា និងការរាប់អានជាប់ជា​​​មួយគ្នា​​​ជា​​​និច្ច​​​​​​ក្នុងការសន្ទនាដែល​សង្គ្រោះគេនោះ អស់លោកត្រូវនិយាយតាមរបៀបប្លែកពី​ការ​សន្ទនាធម្មតា គឺត្រូវនិយាយ​​​យ៉ាង​​​ច្បាស់ ទាំងមានចិត្ត​សុភាពរាបសា និងចិត្តមេត្តាការុណា ហើយប្រុងប្រយ័ត្នយ៉ាងសមគួរ ទាំងទុកចិត្តគេផង។ ការទុកចិត្តនេះជួយ​នាំ​ការរាប់អានគ្នា និងតាមធម្មតា បណ្តោយឱ្យមនុស្ស​រួបរួម​ដោយមានចិត្តគំនិត​​​តែមួយផង។

លោកអភិបាលត្រូវប្រើមធ្យោបាយផ្សេងៗដែលព្រះសហគមន៍អាចប្រើប្រាស់សព្វថ្ងៃបាន ដើម្បីប្រកាស​លទ្ធិ​នៃ​​​គ្រីស្ត​សាសនា។ មុនអ្វីៗទាំងអស់ត្រូវធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរ និងត្រូវអប់រំជំនឿ ជាកិច្ចការដែល​​​សំខាន់​​​ជាងគេ។ ត្រូវរៀប​រាប់ពន្យល់លទ្ធិ​នៃគ្រីស្តសាសនានៅក្នុងសាលា និងក្នុងមហាវិទ្យាល័យដោយធ្វើសន្និសិទ្ធិ និងប្រជុំ​​​គ្រប់​​​យ៉ាង។ ​មិនតែប៉ុណ្ណោះ ក្នុងឱកាសខ្លះ គឺពេលកើតព្រឹត្តិការណ៍សំខាន់ៗ ត្រូវផ្សព្វផ្សាយ​សេចក្តីប្រកាសជា​​​សាធារណៈទៀ​​តដែរ។ ត្រូវប្រើកាសែត និង​មធ្យោបាយ​​ផ្សេងៗ​នៃទូរគមនាគមន៍ក្នុង​​សង្គម ដើម្បីប្រកាសដំណឹង​​​ល្អរបស់​​​ព្រះគ្រីស្តឱ្យបាន​​​ទូលំ​​​ទូលាយ (ទរ)។

១៤- ការអប់រំជំនឿ

អស់លោកអភិបាលត្រូវយកចិត្តទុកដាក់អប់រំជំនឿរបស់ក្មេងៗ កូនជំទង់ យុវជនយុវនារី សូម្បីតែមនុស្ស​ពេញវ័យក៏ត្រូវអប់រំជំនឿរបស់គេដែរ ក្នុងគោលបំណងឱ្យមនុស្សមានជំនឿរស់រវើក មានជំនឿជាក់ច្បាស់ ​និងជំនឿ​ដែល​​​បង្កើតផល។ ត្រូវយកលទ្ធិនៃគ្រីស្តសាសនាមកបំភ្លឺជំនឿនេះទៀតផង។ ត្រូវបង្រៀនតាមលំដាប់​លំដោយ និង​ដោយប្រើវិធី​ដែលមិនគ្រាន់តែស្របតាមប្រធានបទប៉ុណ្ណោះទេ តែស្របតាមបុគ្គលិកលក្ខណៈតាមទេពកោសល្យ តាមអាយុ និង​តាមសភាពការណ៍​ជីវភាពរបស់អ្នកស្តាប់ថែមទៀតដែរ។ ត្រូវបង្រៀនគេដោយយកគម្ពីរ យកសេចក្តី​បញ្ជូន​​​បន្ត ក្បួន ការបង្រៀននៃការណែនាំព្រះសហគមន៍ និងការរស់នៅរបស់ព្រះ​សហគមន៍​​ជា​មូលដ្ឋាន។ លើស​​​ពីនេះទៅទៀត អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ឱ្យអ្នកអប់រំជំនឿ ទទួលការអប់រំ​យ៉ាង​ល្អត្រឹម​ត្រូវ និងមាន​​​សមត្ថភាព​​​អាចបំពេញបន្ទុករបស់ខ្លួនបាន។ ត្រូវឱ្យអ្នកអប់រំជំនឿទាំងនោះស្គាល់លទ្ធិនៃព្រះសហគ​​​មន៍​​​យ៉ាងច្បាស់ ហើយ​​​រៀន​ចិត្តសាស្ត្រ និងរៀនទ្រឹស្តីនៃក្បួនគរុកោសល្យ ហើយធ្វើការអនុវត្តន៍តាមថែមទៀត។

អស់លោកអភិបាលក៏ត្រូវខិតខំតែងតាំងការអប់រំជំនឿមនុស្សពេញវ័យតាមដំណាក់កាលឡើងវិញ ហើយក៏ត្រូវសម្រួលការអប់រំនេះតាមតម្រូវការដែរ។

១៥- អស់លោកអភិបាលទទួលបន្ទុកប្រោសឱ្យមនុស្សបានវិសុទ្ធ

អស់លោកអភិបាលទទួលបន្ទុកប្រោសឱ្យមនុស្សបានវិសុទ្ធ។ ពេលបំពេញបន្ទុកនោះ អស់លោកត្រូវនឹកចងចាំថា ព្រះជាម្ចាស់បាន “ជ្រើសរើស​អស់លោក​ពី​ក្នុងចំណោម​មនុស្ស ហើយ​តែង​តាំង​អស់លោកសម្រាប់ទាក់ទងជាមួយ​​​ព្រះ​​​ជា​​​ម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ​បូជារំដោះគេឱ្យរួចពីបាប” (ហប ៥,១)។ អស់លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យយ៉ាងពេញលេញ។ អស់លោកគង្វាល និងឧបដ្ឋាកអាចប្រើអំណាចរបស់ខ្លួនបាន លុះត្រាតែអស់លោកភ្ជាប់ជាមួយអស់​លោក​អភិបាល​ប៉ុណ្ណោះ។ អស់​​​លោក​​​​​​​គង្វាលត្រូវបានប្រសិទ្ធិជាគង្វាលដ៏ពិតប្រាកដនៃសម្ពន្ធមេត្រីថ្មី ដើម្បីឱ្យទៅជា​​​សហការី​​​​​​ដ៏​​​ឈ្លាស​​​វៃ​នៃ​​​​ក្រុម​អភិបាល។ រីឯអស់លោកឧបដ្ឋាកវិញ ត្រូវបានតែង​តាំង​ដើម្បីបម្រើព្រះសហគមន៍ គឺបម្រើ​ប្រជារាស្រ្ត​របស់​​​ព្រះជាម្ចាស់ ទាំង​រួប​រួម​ជាមួយលោកអភិបាល និងជាមួយក្រុមគង្វាល។ ហេតុនេះ​ហើយ បានជា​​​អស់​​​​លោកអភិបាល​ពិត​ជាអ្នកដ៏​សំខាន់ជាងគេក្នុងការចែក​ចាយ​គម្រោងការដ៏អស្ចារ្យ​របស់ព្រះជាម្ចាស់ ហាក់​ដូច​ជា​អ្នកចាត់ចែង ​ជា​​​អ្នក​​​​លើកស្ទួយ ជាអ្នកថែរក្សាទុកពីធីបុណ្យ​ទាំង​មូល​​​ឱ្យមាន​​​ជីវិត​​​រស់​​​រវើក​​​ក្នុងព្រះសហគមន៍​ដែល​ព្រះជាម្ចាស់​បានផ្ញើ​ទុក​មកលោក (ពីធី)។

ហេតុនេះ អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឱ្យស្គាល់គម្រោងការ​​​ដ៏អស្ចារ្យ​អំពី​ព្រះ​​​គ្រីស្ត​សោយ​ទិវង្គត និងមានព្រះជនថ្មីដ៏រុងរឿង និងទទួលជីវិតពីគម្រោងការនោះដោយសារ​អគ្គសញ្ញាអរព្រះ​គុណ ដើម្បី​ឱ្យ​គេ​ត្រឡប់ទៅជាព្រះកាយតែមួយគត់ ភ្ជាប់រួមជាមួយគ្នាយ៉ាងជិត​​​ស្និទ្ធដោយ​​​ព្រះ​​​ហឫទ័យ​ស្រឡាញ់​របស់​​​​​​ព្រះ​​​គ្រីស្តជាចំណង។ អស់​លោកអភិបាលដែលព្យាយាម “គិត​តែ​ពី​អធិដ្ឋាន និង​បម្រើ​ព្រះ​​​បន្ទូល” (កក ៦,៤) លោកត្រូវខិតខំធ្វើឱ្យអស់អ្នកដែលនៅក្នុងបន្ទុក​​​មានចិត្តគំនិតព្យាយាមអធិដ្ឋានដែរ (កក ១,​១៤.២,​​​៤៦)​​​​​​។​​​ ដោយគ្រីស្តបរិស័ទទាំងនោះទទួលអគ្គសញ្ញានានា ព្រះជាម្ចាស់​ប្រោស​​​ប្រណីដល់គេកាន់តែច្រើនឡើង ហើយ​​​គេ​​​អាច​​​ទៅជា​​​សាក្សី​​​ដ៏​ស្មោះត្រង់ថ្វាយព្រះអម្ចាស់។

អស់លោកអភិបាលជាគ្រូណែនាំគ្រីស្តបរិស័ទឱ្យបានពេញលក្ខណៈ។ ហេតុនេះ អស់លោក​ត្រូវ​ខិតខំ​​​ឱ្យ​​​ក្រុម​​​​អ្នកទទួលអគ្គសញ្ញាតែងតាំង អស់បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាកាន់​តែ​វិសុទ្ធ​ឡើង​ៗ គឺម្នាក់ៗតាមបែប​បទដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យគេរស់នៅ (ពន្លឺ ៤៤-៤៥)។ តែអស់លោកត្រូវនឹកចងចាំថា អស់​លោក​មាន​​​​​​ភារកិច្ច​​​​ធ្វើជាគំរូអំពី​ភាព​ដ៏វិសុទ្ធនេះ ដោយមានចិត្តស្រឡាញ់ និងរស់នៅយ៉ាងសុភាព​រាប​សា។ សូមអស់លោក​ប្រោស​​​​​​​ឱ្យព្រះ​សហគមន៍ដែលព្រះជាម្ចាស់បានផ្ញើទុកមកលោកបានវិសុទ្ធ ដើម្បី​ឱ្យ​មនោសញ្ចេតនានៃ​​​ព្រះ​​​សហគមន៍​​​​​​​​​​​​​សកល​របស់ព្រះគ្រីស្តលេច​ចេញ​មកយ៉ាងច្បាស់​ក្នុងព្រះសហគមន៍​ដែលនៅក្នុងបន្ទុករបស់លោក។ ដោយ​​​​​​មានចិត្តគំនិត​​​បែប​​​នេះ សូមអស់​លោក​ជួយ​លើកស្ទួយអស់អ្នកដែលឱ្យព្រះជាម្ចាស់​​ត្រាស់ហៅឱ្យធ្វើជា​គង្វាល ​​​និង​​​ទៅ​​​ជា​​​បព្វជិតបព្វជិតា ជាពិសេស ឱ្យ​ទៅជាសាសនទូត​ទៀតផង។

១៦- អស់លោកអភិបាលមានបន្ទុកគ្រប់គ្រង និងឃ្វាលណែនាំ

អស់លោកអភិបាលមានបន្ទុកធ្វើជាឪពុក និងជាគង្វាល។ ពេលបំពេញបន្ទុកនេះ ​សូមឱ្យអស់លោករស់នៅកណ្តាល​​​ប្រជាជនរបស់ខ្លួនទុកជាអ្នកបម្រើ (លក ២២,២៦-២៧) ទុកជាគង្វាលដ៏ល្អដែល​ស្គាល់ចៀមរបស់ខ្លួន ហើយ​​​​​​ដែលចៀមស្គាល់ដែរ។ សូមឱ្យអស់លោកទៅជាឪពុកដ៏ពិតប្រាកដដែល​មនុស្សគោរព ដោយអស់លោកមាន​ចិត្ត​ស្រឡាញ់ និងមានចិត្តទូលំ​ទូលាយ​​ចំពោះ​មនុស្សទាំងអស់។ សូមឱ្យ​មនុស្ស​ទាំងអស់​​ទទួលស្គាល់អំណាចរបស់​​​អស់​​​​លោកទុកជាអំណាចមកពីព្រះជាម្ចាស់ ទាំងអរព្រះគុណផង។ អស់លោកអភិបាលត្រូវប្រមែប្រមូល​​​មហា​​​គ្រួសារ​​​នៃ​ហ្វូងចៀមទាំងមូលរបស់ខ្លួន និងផ្តល់ឱ្យមហាគ្រួសារ​នោះ​មានជីវិតរស់រវើក។ ដូច្នេះ គ្រីស្តបរិស័ទ​​​ទាំង​​​អស់​​​មុខ​​​ជា​​​នឹង​​​ភ្ញាក់សា្មរតីដឹងអំពី​​​​ភារកិច្ចរបស់ខ្លួន និងរស់នៅ ហើយ​ប្រព្រឹត្ត​កិច្ចការនានា​​​ ទាំងរួបរួមគ្នាដោយ​សេចក្តី​​​ស្រឡាញ់។

អស់លោកអភិបាលដែល “ប្រុងខ្លួនសម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង” (២ធម ២,២១) និង “សុខ​ចិត្ត​ស៊ូទ្រាំ​គ្រប់​​​​បែបយ៉ាងដោយ​យល់​ដល់​អស់អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស” (២ធម ២,១០) ត្រូវរស់នៅឱ្យបា​​​ន​​​ស្រប​​​​​​តា​​​មតម្រូវការនៃសម័យរបស់ខ្លួន ទើបអស់លោកមានសមត្ថភាពយ៉ាងពិតប្រាកដអាចបំពេញ​​​បន្ទុកនេះ​​​បាន​​​។ សូម​​​ឱ្យអស់លោកអភិបាលស្រឡាញ់គង្វាលយ៉ាងពិសេស ព្រោះគង្វាលបំពេញបន្ទុក​​​របស់​​​អស់លោកមួយ​ចំណែក និងរួមកង្វល់របស់អស់លោក ហើយបូជាកម្លាំងកាយកម្លាំងចិត្ត​​​បំពេញ​​​កិច្ចការ​​​នេះជារៀង​រាល់​​​​​​​ថ្ងៃ។ ត្រូវរាប់​​​អស់លោក​​​គង្វាលទុក​ជា​កូន និងទុកជាមិត្តសម្លាញ់ (យហ ១៥,​​​១៥)​​​ ត្រូវប្រុង​​​ស្តាប់គេ​​​ជានិច្ច មានទំនាក់​ទំនង​​​ជា​​​មួយ​​​គេទាំងទុកចិត្ត។ ធ្វើដូច្នេះ អស់លោក​មុខ​ជានឹង​​​លើក​​​ស្ទួយ​​​​​​កិច្ចការជា​​​គង្វាល​​​រួម និង​ណែនាំ​ភូមិភាគ​​​ទាំងមូល។

អស់លោកអភិបាលត្រូវយកចិត្តទុកដាក់នឹងសភាពការណ៍របស់អស់លោកគង្វាលរបស់ខ្លួនខាងផ្លូវវិញ្ញាណ​​​ ខាងចំណេះ​ចេះដឹង និងខាងសេដ្ឋកិច្ច ដើម្បីឱ្យលោកគង្វាលមានលទ្ធភាពអាចរស់នៅតាមរបៀប​ដ៏វិសុទ្ធ និងដោយគោរព​ប្រណិប័តន៍ព្រះ​ជាម្ចាស់ ព្រមទាំងអាចបំពេញមុខងារបម្រើរបស់ខ្លួនដោយចិត្តស្មោះ ​និង​ទាំងបង្កើត​ផលផង។ ហេតុ​នេះហើយ បានជាអស់លោក​អភិបាលត្រូវជួយស្ថាប័ន និងចាត់ចែងប្រជុំពិសេស ដើម្បីផ្តល់ឱកាស​​​ឱ្យអស់លោកគង្វាលរួបរួមគ្នាយូរៗម្តង។ ត្រូវចាត់ចែង​សំណាក់​ធម៌​យ៉ាងវែងបន្តិច ដែលអាច​​​ផ្លាស់​ប្រែ​ការរស់នៅ​​​របស់​​​អស់លោកឱ្យបានជាថ្មី។ ត្រូវចាត់ចែងឱ្យគង្វាលរៀនវិទ្យាព្រះ​សហគមន៍​ឱ្យកាន់តែស៊ីជម្រៅទៅៗ ជាពិសេស​​​ រៀនព្រះគម្ពីរ និងទេវវិទ្យា សិក្សាបញ្ហាសំខាន់ៗក្នុងសង្គម និងវិធីថ្មីក្នុងមុខងារជា​គង្វាល​​​ទៀតផង។ អស់លោក​​​អភិបាល​​​ត្រូវ​​​មានចិត្តមេត្តាយ៉ាងសកម្មចំពោះលោកគង្វាលណា​ដែលជួបប្រទះគ្រោះកាច ទោះជាគ្រោះកាចណាក៏ដោយ ឬលោកគង្វាលដែលភ្លាត់ត្រង់ចំណុចណាមួយក៏ដោយដែរ។

អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ស្គាល់តម្រូវការរបស់គ្រីស្តបរិស័ទតាមសភាពការណ៍​​​សង្គមដែល​​​គេ​​​រស់​​​នៅ ដើម្បី​ជួយផ្គត់ផ្គង់គេម្នាក់ៗស្របតាមសភាពការណ៍រៀងៗខ្លួន។ ត្រូវប្រើវិធីយ៉ាងសមគួរដើម្បីសិក្សាអំពី​តម្រូវ​​​​​​ការ​ទាំង​​​នោះ ជាពិសេស ត្រូវធ្វើអង្កេតស៊ើបសួររកព័ត៌មានក្នុងសង្គម។ អស់លោកត្រូវចាប់អារម្មណ៍នឹងមនុស្ស​​ទាំង​​​​អស់ ទោះ​បីគេស្ថិតនៅក្នុងវ័យណាក្តី សភាពការណ៍ក្នុងសង្គមណាក្តី ប្រទេសណាក្តី ជាអ្នកកើត​​​ក្នុង​​​ស្រុក ​​​ឬជា​​​ជន​​​​បរទេស​​​​ក្តី ឬជា​អ្នក​ធ្វើដំណើរ​ក្តី។ ពេលអស់លោកសម្ដែងសេចក្តីស្រឡា្ញញ់ក្នុងការណែនាំនោះ សូមអស់លោក​​​ចាត់​​​​​​ចែង​​​ឱ្យ​​​គ្រីស្តបរិស័​​ទមានចំណែក​របស់គេក្នុងកិច្ចការរបស់ព្រះសហគមន៍។ សូមអស់លោកទទួលស្គាល់ថា គេមានភារកិច្ច និង​​​សិទ្ធិធ្វើការយ៉ាងសកម្មក្នុងការសាងសង់ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។

អស់លោកអភិបាលត្រូវគិតគូរយ៉ាងពិសេសដល់បងប្អូនដែលបែកចេញពីព្រះសហគមន៍កាតូលិកយើង ទាំង​​​ទូន្មានឱ្យគ្រីស្តបរិស័ទកាតូលិករាប់រក​​​គេដោយមនុស្សធម៌ និងដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង។ សូមលើកទឹកចិត្ត​​​គ្រីស្តបរិស័ទ​​​កាតូលិកឱ្យ​ចូលក្នុងចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យ​រួបរួមគ្នា​ជាធ្លុងតែមួយតាមគោលគំនិតនៃព្រះ​​​សហគមន៍ (បង្រួប)។ អស់លោកក៏ត្រូវស្រឡា​​​ញ់អ្នកដែលមិនបានទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងខ្លាំងដែរ ដើម្បី​​​ឱ្យពន្លឺនៃព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តយេស៊ូចាំងលើគេ ព្រោះអស់លោកអភិបាល​ជា​​​សាក្សី​​​ថ្វាយ​​​ព្រះ​​​អង្គនៅ​​​ចំពោះ​​​មុខ​មនុស្សទាំង​អស់។

១៧- របៀបបំពេញកិច្ចជាគ្រីស្តទូត

ត្រូវជួយលើកទឹកចិត្តគ្រីស្តបរិស័ទដែលបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗ។ ក្នុងភូមិភាគទាំង​​​ប៉ុន្មាន និងក្នុងតំបន់ពិសេសនានា ត្រូវជួយឱ្យគ្រីស្តបរិស័ទទាំងអស់ដែលបំពេញកិច្ចការជាគ្រីស្តទូតរួមសហការ​​​គ្នា​​​កាន់​​​​​​តែ​​​ជិត​​​ស្និទ​​​​ និងកាន់តែខ្លាំងឡើងៗក្រោមការណែនាំរបស់លោកអភិបាល។ ដូច្នេះ កិច្ចការអ្វីៗដែលគេ​​​ចាប់​​​ផ្តើម​​​​​​​​​ធ្វើ និងស្ថាប័ននានា គឺការអប់រំជំនឿ ការប្រកាសដំណឹងល្អ កិច្ចការខាងមនុស្សធម៌ សង្គមកិច្ច ការបង្រៀន​​​សិស្ស​​​ និងកិច្ចការជាគង្វាលណែនាំគ្រីស្តបរិស័ទតាមបែប​ផ្សេងៗឯទៀតមុខជានឹងរួមសហការគ្នាពុំខាន។ ដូច្នេះ ភូមិភាគ​​​សម្តែង​​​ឱ្យកាន់តែ​​​ច្បាស់​​​​ថា ខ្លួនរួបរួមជាធ្លុងតែមួយ​មែន។

ត្រូវគូសសង្កត់ជាខ្លាំងថា គ្រីស្តបរិសទមានភារកិ្ចបំពេញកិច្ចការជាគ្រីស្តទូត គឺម្នាក់ៗតាមសភាពការណ៍ ​និងតាម​​​ទេពកោសល្យរៀងៗខ្លួន។ ហេតុនេះ ត្រូវទូន្មានគេឱ្យចូលរួម និងជួយសកម្មភាពផ្សេងៗក្នុងកិច្ចការ​​​របស់​​​គ្រីស្ត​​​បរិស័ទ​​​ធម្មតាក្នុងឋានៈជាគ្រីស្តទូត ជាពិសេស ចូលរួម និងជួយសកម្មភាពកាតូលិក។ អស់លោកអភិបាលក៏ត្រូវ​​​លើកស្ទួយ និងជួយគាំទ្រសមាគមដែលមាន​ទិសដៅទៅលោកខាងមុខ ទោះបីគេបញ្ជាក់គោលដៅនេះយ៉ាងចំៗក្តី ឬមិនចំៗក្តី។ សមាគមទាំងនោះ​តែង​តែខិតខំរស់នៅកាន់តែពេញលក្ខណៈ ឬប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តដល់​​​មនុស្ស​​​​​​​​​ទាំងអស់ ឬផ្សព្វផ្សាយ​លទ្ធិ​នៃគ្រីស្តសាសនា ឬធ្វើឱ្យពីធីបុណ្យចម្រើនឡើងជាសាធារណៈ ឬមានគោលដៅ​​​ខាង​​​សង្គម ឬបំពញកិច្ចគោរព​ប្រណិប័តន៍ព្រះជាម្ចាស់ និងកិច្ចការមនុស្សធម៌។ល។ និង។ល។

កិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានត្រូវសមស្របយ៉ាងច្បាស់តាមតម្រូវការនាបច្ចុប្បន្នកាល មិនត្រឹមតែដោយ​​​គិត​​​គូរដល់សភាពការណ៍ខាងវិញ្ញាណ និងខាងសីលធម៌ប៉ុណ្ណោះទេ តែត្រូវគិតគូរដល់​សភាពការណ៍ក្នុងសង្គម និង​​​ដល់​​​​​​សភាពការណ៍នៃប្រជាសាស្រ្ត ហើយនឹងសភាពការណ៍សេដ្ឋកិច្ចទៀតផង។ ត្រូវប្រើសេចក្តីរាយការណ៍​​​របស់​​​អ្នក​​​ជំនាញការខាងសង្គមវិទ្យាណែនាំ និងខាងសង្គមសាស្រ្តសាសនាដែលអាចជួយយ៉ាងសកម្មឱ្យស្គាល់​តម្រូវការ​​​តាមរបៀបដែល​​​មាន​​​ប្រយោជន៍។ ហេតុនេះ មហាសន្និបាតទូន្មាន​​​យ៉ាងខ្លាំង​​​ឱ្យធ្វើ​​​អង្កេត​​​ទាំង​​​នោះ​​​។

១៨- អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ស្រឡាញ់ក្រុមពិសេសខ្លះ

អស់លោកអភិបាលត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះក្រុមគ្រីស្តបរិស័ទខ្លះដែលរស់នៅតាម​សភាព​ការណ៍​មួយ ដែលបណ្តាលឱ្យលោកគង្វាលទទួលខុសត្រូវលើសហគមន៍នានាមិនអាចបម្រើគេ​​​ជា​​​ធម្មតា​​​ទូទៅ​​​ឱ្យ​បាន​​​គ្រប់គ្រាន់បាន ឬមិនអាចបម្រើគេទាល់តែសោះ គឺមានអន្តោប្រវេសន៍ថ្មីៗ ជនដែល​​​ត្រូវ​​​គេ​​​និ​​​រទេស ជន​​​ភៀស​​​​​​ខ្លួន ពួកនាវិក និងអ្នកបើក​យន្ត​ហោះ ពនេចរ និងក្រុមមនុស្សប្រភេទដូចគ្នា។ អភិបាលត្រូវជួយ​​​ពង្រីក​វិធី​​​ឃ្វាល​​​ណែនាំគ្រីស្តបរិស័ទយ៉ាងសម​​ស្របតាមសភាពការណ៍ ដើម្បីជួយ​គាំទ្រជីវិតខាងវិញ្ញាណរបស់អស់អ្នកដែលទៅកាន់​​​ប្រទេស​​​​​​ដទៃ​​​មួយរយៈពេល ដើម្បីលំហែកាយ។

ក្រុមអភិបាល ជាពិសេស ក្រុមអភិបាលតាមប្រទេសនីមួយៗត្រូវសិក្សាយ៉ាងហ្មត់ចត់នូវបញ្ហាជាបន្ទាន់ជាងគេ ដែលពាក់ព័ន្ធនឹងក្រុមគ្រីស្តបរិស័ទទាំងនោះ។ ត្រូវផ្គត់ផ្គង់ថែទាំគ្រីស្តបរិស័ទទាំងនោះតាមផ្លូវវិញ្ញាណ ​ស្របតាម​អស់​លោកអាច​ធ្វើបាន ដោយប្រើវិធី និងស្ថាប័នស្របតាមតម្រូវការរបស់គេ និងដោយគ្រីស្តបរិស័ទ​ខិតខំប្រឹង​ប្រែង​ទាំងអស់គ្នា។ ក្នុងករណីនេះ ត្រូវនឹកគិតដល់សេចក្តីណែនាំ និងវិន័យដែលអាសនៈនៃគ្រីស្តទូតសិលា​​​បាន​​​ចាត់ចែង​​​រួច​​​ហើយ ​ឬដែលអាសនៈនៃគ្រីស្តទូតសិលាត្រូវចាត់ចែងនៅពេលខាងមុខទៀតផង។ ប៉ុន្តែ ត្រូវសម្រួលសេចក្តីណែ​​​នាំ​​​​​​ និងវិន័យទាំងនោះស្របតាមសភាពការណ៍នៃកាលៈទេសៈនៃទីកន្លែង និងរបស់​​​មនុស្ស​​​ទៀតដែរ។

១៩- អស់លោកអភិបាលមានសេរីភាព និងទំនាក់ទំនងរបស់អស់លោកជាមួយរដ្ឋអំណាច

អស់លោកអភិបាលមានសេរីភាពពេញទី និងពេញលក្ខណៈ មិនចំណុះនឹងរដ្ឋអំណាចណាមួយឡើយ ដើម្បី​ឱ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួនជាគ្រីស្តទូតបាន ដែលមានទិសដៅសង្គ្រោះវិញ្ញាណមនុស្ស។ ហេតុ​​​នេះ​ គ្មាននរណាមានសិទ្ធិឃាត់អស់​​លោក​ដោយចំៗក្តី ឬដោយបញ្ឆិតបញ្ឆៀងក្តី មិនឱ្យ​​​បំពេញ​​​មុខ​​​ងារ​​​របស់​​​ខ្លួន​​​ក្នុង​​​ព្រះ​​​​សហគមន៍ ឬហាមអស់លោកមិនឱ្យទាក់​ទងជាមួយអាសនៈរបស់គ្រីស្តទូតសិលា​ដោយសេរី ឬ​​​ជាមួយ​​​អំណាច​​​ឯទៀតៗក្នុងព្រះសហគមន៍ ឬជាមួយអ្នកដែល​នៅក្រោម​បញ្ជារបស់អស់លោកទៀតផង។

តាមពិត ដោយអស់លោកយកចិត្តទុកដាក់ថែរក្សាហ្វូងចៀមរបស់ខ្លួនតាមវិញ្ញាណ អស់លោកក៏ជួយឱ្យសង្គម​ចម្រើនឡើង និងឱ្យមនុស្សបានសុភមង្គលដែរ គឺអស់លោកប្រើអំណាចផ្ទាល់តាមបន្ទុករបស់ខ្លួន និង​សម​​​នឹង​​​ឋានៈ​​​របស់ខ្លួនជាអភិបាល ក៏រួមសហការជាមួយរដ្ឋអំណាចក្នុងគោលបំណងឱ្យសង្គមចម្រើនឡើង គឺ​អស់​លោកទូន្មាន​​​ឱ្យ​​​គ្រីស្តបរិស័ទ​​​ប្រតិបត្តិតាមច្បាប់ដ៏ត្រឹមត្រូវ និងគោរពរដ្ឋអំណាចតែងតាំងស្របតាមច្បាប់។

២០- សេរីភាពក្នុងការតែងតាំងអភិបាល

ព្រះគ្រីស្តជាអម្ចាស់តែងតាំងអស់លោកអភិបាលឱ្យមានបន្ទុកជាគ្រីស្តទូត ​អស់លោកក៏មានគោលដៅខាងវិញ្ញាណ ជាទិសដៅនៅលោកខាងមុខ។ ហេតុនេះ មហាសន្និបាតសកលដ៏វិសុទ្ធនេះប្រកាសថា ​មានតែអំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍ប៉ុណ្ណោះទេ មានសិទ្ធិតែងតាំងអភិបាលបាន។ សិទ្ធិនោះជាសិទ្ធិផ្ទាល់របស់អំណាច​ដែលមាន​សមត្ថកិច្ចក្នុងព្រះសហគមន៍ គ្មាននរណាមានសិទ្ធិនោះទាល់តែសោះ។

ហេតុនេះហើយ បានជាមហាសន្និបាតមានបំណងប្រាថ្នាថា នៅពេលអនាគត ​កុំបណ្តោយឱ្យរដ្ឋអំណាចមាន​សិទ្ធិ ឬ​ឯកសិទ្ធិជ្រើសរើស ឬតែងតាំង ឬបង្ហាញឈ្មោះ ឬដាក់ឈ្មោះនរណាឱ្យទទួលបន្ទុកជាអភិបាលឡើយ។ ​ធ្វើ​​​ដូច្នេះ មហាសន្និបាតការពារសិទ្ធិសេរីភាពរបស់ព្រះសហគមន៍យ៉ាងត្រឹមត្រូវ និងជួយជាប្រយោជន៍ដល់គ្រីស្ត​បរិស័ទ​​​ស្របតាមជំនឿ និងងាយស្រួលប្រតិបត្តិ។ មហាសន្និបាតទទួលស្គាល់​​​វិធានការរបស់រដ្ឋអំណាច​​​ខ្លះ​​​ចំពោះ​​​ព្រះ​​​សហគមន៍ និងរាប់រកវិធានការទាំងនោះទុកជាមានតម្លៃ ទាំងអរគុណផង។ ប៉ុន្តែ​​​ មហា​​​សន្និបាត​សូមជម្រាបរដ្ឋអំណាច​​​ដោយ​​​​​​គោរព​​​​​​​​​ជា​​​ទីបំផុតថា សូម​ឱ្យ​រដ្ឋអំណាច​ទាំងនោះ លែងទាមទារសិទ្ធិ និងឯកសទ្ធិដែល​​​ខ្លួន​​​មានតាមកិច្ចព្រមព្រៀង ឬតាមប្រពៃណីស្រុកទេស សូមលះបង់សិទ្ធិ និងឯកសិទ្ធិទាំងនោះដោយខ្លួនឯងក៏​​​បាន ឬដោយធ្វើកិច្ចព្រមព្រៀង​​​ជាមួយ​​​សន្តៈអាសនៈក៏បានដែរ។

២១- ការលាលែងបន្ទុកជាអភិបាល

បន្ទុករបស់អភិបាលជាគង្វាលមានសារៈសំខាន់យ៉ាងខ្លាំងណាស់ និងធ្ងន់ធ្ងរជាទីបំផុត។ ហេតុនេះ ​ប្រសិន​បើ​​​អស់លោក​អភិបាល​​ភូមិភាគ និងអភិបាលឯទៀតៗដែលនៅក្រោមសេចក្តីចាត់ចែងនៃក្បួន​​​ច្បាប់​​​ដដែលនោះ​​​មិន​សូវ​មានលទ្ធភាពបំពេញបន្ទុករបស់ខ្លួនតទៅទៀតបាន ព្រោះអស់លោកមានវ័យចាស់ជរា ឬដោយមូល​​​ហេតុផ្សេងៗ​ដ៏​​​ធ្ងន់ធ្ងរ មហាសន្និបាត​សុំឱ្យលោកលាលែងការងាររបស់ខ្លួនដោយខ្លួនឯង ឬដោយអំណាចដែលមានសមត្ថកិច្ច​អញ្ជើញ​លោក​ឱ្យ​លាលែង។ ប្រសិនបើអំណាចដែលមានសមត្ថកិច្ចសុខចិត្តទទួលការលាលែងការងារ អំណាចនោះក៏ត្រូវ​យក​ចិត្ត​ទុកដាក់ធានាឱ្យអស់លោកដែលលាលែងការងារបានជីវភាពយ៉ាងសមគួរ និងទទួលស្គាល់​សិទ្ធិពិសេស​របស់​អស់លោកទៀតផង។

២- ការកំណត់ព្រំដែនភូមិភាគ

២២- ត្រូវកែសម្រួលព្រំដែនភូមិភាគ

ភូមិភាគអាចបំពេញគោលដៅរបស់ខ្លួនបាន ទីមួយ លុះត្រាតែគេឃើញយ៉ាងច្បាស់ថា ភូមិភាគនោះមានលក្ខណៈជាព្រះសហគមន៍ គឺជាចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ទីពីរ លុះត្រាតែអភិបាលទាំងប៉ុន្មានអាច​បំពេញបន្ទុកនានារបស់ខ្លួនជាគង្វាលយ៉ាងសកម្មបាន។ ​ទីបី លុះត្រាតែលោកអភិបាលអាចជួយ​ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់ឱ្យទៅកាន់ការសង្រ្គោះបានតាមរបៀបកាន់តែល្អប្រសើរឡើងៗ។

ហេតុនេះហើយ បានជាត្រូវកំណត់ព្រំដែនភូមិភាគយ៉ាងសមគួរ ហើយក៏ត្រូវគិតគូរអំពីការចែកចាយអស់​​​ក្រុម​​​​អ្នក​ទទួល​អគ្គសញ្ញា​​តែងតាំង និងធនធាននានាយ៉ាងសមរម្យស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូត។ ​ការណ៍​​​ទាំងនោះ មិន​គ្រាន់​តែបម្រើប្រយោជន៍​របស់​អស់​ក្រុមអ្នក​ទទួល​អគ្គសញ្ញាតែងតាំង និងគ្រីស្តបរិស័ទឯទៀតៗប៉ុណ្ណោះ​​​ទេ​​​ តែបម្រើប្រយោជន៍របស់ព្រះសហគមន៍​កាតូលិក​ទាំងមូលទៀតផង។

ហេតុនេះ មហាសន្និបាតសម្រេចថា ត្រូវកែសម្រួលព្រំដែនភូមិភាគឱ្យបានត្រឹមត្រូវ​ដោយប្រុងប្រយ័ត្ន ​និង​​​នៅ​​​​ពេលឆាប់ៗខាងមុខនេះ តាមតែប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារឱ្យកែសម្រួល។ ជួនកាលត្រូវ​ចែក​​​​​​​ភូមិភាគ ជួនកាលត្រូវបំបែកភូមិភាគ ជួនកាលត្រូវបង្រួប​បង្រួម​ភូមិភាគ​ខ្លះ​ឱ្យ​ទៅជាភូមិភាគតែមួយ ជួន​​​កាល​​​ត្រូវ​កែ​សម្រួលព្រំដែន ឬត្រូវតែងតាំងអាសនៈរបស់លោកអភិបាលនៅកន្លែង​ស្រួល។ ក្នុងភូមិភាគខ្លះដែល​​​មាន​​​ក្រុង​​​ធំៗ​​​ត្រូវ​​​ចាត់ចែងផ្ទៃក្នុងតាមរបៀបថ្មី។

២៣- សេចក្តីណែនាំក្នុងករណីកំណត់ព្រំដែនភូមិភាគ

ពេលកែសម្រួលព្រំដែនភូមិភាគត្រូវធានាឱ្យបុគ្គលទាំងអស់ ការិយាល័យ​ និង​ស្ថាប័នទាំងប៉ុន្មានអាចរួបរួម​ផ្ទៃក្នុងដូចជារូបកាយដែលមានជីវិតរស់រវើក។ នេះជាការសំខាន់ជាងគេ។ ក្នុងករណីនីមួយៗត្រូវពិនិត្យមើលសភាពការណ៍ទាំងអស់យ៉ាងហ្មត់ចត់សិន ទើបសូមគិតដល់សេចក្តីទូទៅដូចតទៅ៖

ក- ក្នុងការកំណត់ព្រំដែនភូមិភាគ ប្រសិនបើអាចធ្វើបាន ត្រូវគិតគូរដល់ក្រុមផ្សេងៗ​​​នៃប្រជារាស្រ្ត​​​របស់​​​ព្រះជាម្ចាស់។ ការគិតគូរដល់ក្រុមទាំងនោះ​​​អាចជួយលោកអភិបាលយ៉ាងខ្លាំងឱ្យបំពេញបន្ទុក​​​ជាគង្វាលយ៉ាង​​​ល្អ​​​ប្រសើរ​​​។ នៅ​​​ពេល​​​ជា​មួយ​គ្នានេះ ប្រសិន​បើអាចធ្វើបាន ​ត្រូវយកចិត្តទុកដាក់រកទុកប្រជុំជន​​​នៃ​​​ប្រជារាស្រ្ត​​​នេះនៅរួបរួមជាមួយការិយាល័យ​រដ្ឋការ និងស្ថាប័នក្នុងសង្គមដែលសុទ្ធតែជារចនាសម្ព័ន្ធផ្ទៃក្នុង​នៃ​ប្រជុំជន​ទាំងនោះ​។ ហេតុនេះ ដែនដីនៃភូមិភាគនីមួយៗត្រូវជាប់ជាមួយគ្នា មិនត្រូវមាន​តំបន់ផ្សេងៗដាច់ពីគ្នាឡើយ។

ជួនកាល​ត្រូវយកចិត្តទុកដាក់នឹងព្រំដែនតំបន់រដ្ឋការ និងគិតគូរដល់សភាពការណ៍ពិសេសរបស់បុគ្គលនានា ឬរបស់​តំបន់់នីមួយៗ គឺត្រូវគិតគូរដល់ចិត្តសាស្រ្ត ដល់សេដ្ឋកិច្ច ដល់ភូមិសាស្រ្ត និងដល់ប្រវត្តិសាស្រ្ត។

ខ- តាមធម្មតា ទំហំភូមិភាគ ឬចំនួនមនុស្សរស់នៅក្នុងភូមិភាគត្រូវស្របតាមសេចក្តីសំខាន់ពីរខាងក្រោមនេះ ទីមួយ ទោះបីមានគង្វាលជួយលោកអភិបាលក៏ដោយ លោកអភិបាលត្រូវមានសមត្ថភាព​​​ធ្វើពិធី​​​ដោយខ្លួនលោកផ្ទាល់​ក្នុង​ឋានៈជា​អភិបាល និងធ្វើទស្សនកិច្ចយ៉ាងស្រួលក្នុងឋានៈជាគង្វាល ហើយណែនាំ​ និង​​​ចាត់​​​​​​ចែង​​​កិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានក្នុង​ភូមិភាគយ៉ាងត្រឹមត្រូវ ជាពិសេស​ លោកត្រូវស្គាល់​អស់លោកគង្វាល បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតាដែលទទួលចំណែករួមក្នុងកិច្ចការនានានៃភូមិភាគ។ ទី​​​ពីរ ភូមិភាគ​​​ត្រូវធំទូលាយល្មម និងគួរសម ដើម្បីឱ្យលោក​អភិបាល និងក្រុមអ្នកទទួល​អគ្គសញ្ញាតែងតាំង អាចប្រើ​​​កម្លាំង​​​​​​កាយកម្លាំងចិត្តបំពេញមុខងារបម្រើរបស់ខ្លួន​យ៉ាង​ល្អ ទាំងមិនដែលបំភ្លេចតម្រូវការនៃព្រះសហគមន៍​សកល​​​​ទាំងមូលផង។

គ- មិនតែប៉ុណ្ណោះ ​​​លោកអភិបាលត្រូវមានសមត្ថភាពអាចបំពេញ​​​មុខ​​​ងារ​​​បម្រើការ​សង្គ្រោះ​ក្នុង​ភូមិភាគ​​​តាម​​​របៀបស្របនឹង​សភាពការណ៍។ ហេតុនេះ ត្រូវកាន់តាមគោលការណ៍ទាំងប៉ុន្មានខាងក្រោមនេះ៖

  • ក្នុងភូមិភាគនីមួយៗត្រូវ​មាន​ចំនួនអ្នក​ទទួល​អគ្គសញ្ញាតែង​តាំងឱ្យបានគ្រប់គ្រាន់ និងត្រូវឱ្យលោកទាំងនោះ​​​មាន​​​គុណសម្បត្តិល្អដែរ ​ដើម្បីឃ្វាលប្រជារាស្រ្តរបស់ព្រះជាម្ចាស់​តាម​របៀប​​ដែល​ត្រូវឃ្វាល។
  • ត្រូវមាន​ការិយាល័យ​​​បម្រើ​​​​​​​​​ស្ថាប័ន និងអង្គការផ្ទាល់របស់ព្រះសហគមន៍ដោយឡែក គឺការិយាល័យ ស្ថាប័ន និងអង្គការដែលមានសារៈ​​​សំខាន់​​​ជាចាំបាច់​​​ ដើម្បីគ្រប់​​​គ្រងភូមិភាគ​​​យ៉ាងល្អ និងសម្រាប់បំពេញ​កិច្ចការជា​គ្រីស្តទូត។
  • ភូមិភាគត្រូវមាន​ធនធានដែលត្រូវការដើម្បីផ្គត់ផ្គង់បុគ្គលិក និងស្ថាប័នទាំងប៉ុន្មានរបស់ខ្លួន គឺយ៉ាងហោចណាស់​ត្រូវប្រុងប្រយ័ត្នចាត់ចែងអ្វីៗ​កំុឱ្យភូមិភាគខ្វះធនធានទាំងនោះ​នៅពេលអនាគត។

នៅតំបន់ណាដែលមានគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា អភិបាលភូមិភាគត្រូវ​​​បំពេញ​​​តម្រូវ​​ការខាងវិញ្ញាណរបស់គេ។ ត្រូវប្រីវិធីផ្សេងៗដូចតទៅ៖

  • ត្រូវចាត់ចែងឱ្យមានគង្វាល ឬចាត់ចែង​​​ឱ្យ​​​មាន​​​​សហគមន៍ដែលកាន់​តាម​របៀបរបបពិធី​តែមួយដូចគ្នា​​​នោះ។
  • ឬត្រូវតែងតាំងតំណាងអភិបាលម្នាក់ប្រកបដោយ​អំណាច​គ្រប់​គ្រាន់។ ប្រសិនបើត្រូវការ តំណាង​នេះអាចទទួល​​​អគ្គសញ្ញាតែង​តាំងជាអភិបាលបាន។
  • ឬលោកអភិបាលផ្ទាល់បំពេញមុខងារជា​អភិបាល​លើក្រុមទាំងនោះដែលកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា​​ក៏បាន​ដែរ។
  • ប្រសិន​បើមានមូលហេតុពិសេស​បណ្តាល​ឱ្យ​កិច្ច​ការទាំង​អស់ខាងលើនេះ​មិន​អាចធ្វើ​​ទៅបាន​ទេ តាម​ការវិនិច្ឆ័យ​​​របស់សន្តអាសនៈ ត្រូវតែងតាំងអភិបាល​ម្នាក់សម្រាប់ណែនាំ​ក្រុម​គ្រីស្តបរិស័ទដែលកាន់តាមរបៀបរបបពិធីនីមួយ​​​ៗ​​​ (បូព៌ា ៤)។

ក្នុងសភាពការណ៍ស្រដៀងនឹងសភាពការណ៍ខាងលើនោះ ត្រូវផ្គត់ផ្គង់តម្រូវការខាងវិញ្ញាណ​របស់​​​គ្រីស្តបរិស័ទ​​​​​​​ដែល​និយាយភាសាផ្សេងដោយ​ប្រើវិធីដូចតទៅ៖ ត្រូវចាត់ចែងឱ្យមានគង្វាល ឬចាត់ចែង​​​ឱ្យ​​​មាន​​​​​​សហគមន៍ដែល​និយាយ​ភាសានោះ ឬត្រូវចាត់ចែងឱ្យមានតំណាងអភិបាលម្នាក់ដែលចេះនិយាយ​​​ភាសា​​​នោះ​​​យ៉ាង​​​ជ្រៅ​​​ ឬតំណាងអភិបាលនេះត្រូវទទួលអគ្គសញ្ញាតែងតាំងជាអភិបាល ឬម៉្យាង​ទៀត ត្រូវប្រើវិធីផ្សេង​​​ទៀត​​​ស្រប​​​តាម​​​សភាពការណ៍នោះឱ្យបានស្រួល។

២៤- ត្រូវសូមឱ្យក្រុមអភិបាលបោះឆ្នោត

ព្រះសហគមន៍ខាងបូព៌ាប្រទេសកាន់ក្បួនវិន័យដោយខ្លួន។ ក្នុងករណីកែសម្រួលព្រំដែនភូមិភាគ ឬបង្កើត​អ្វី​ជាថ្មីតាមលេខ ២២-២៣ ខាងលើនេះ ក្រុមអភិបាលដែលមានសមត្ថកិច្ចត្រូវពិនិត្យមើលរឿងទាំងនោះតាមតំបន់​រៀងៗខ្លួន។ ប្រសិនបើក្រុមអភិបាលយល់ឃើញថា ការកែសម្រួលព្រំដែនភូមិភាគមានប្រយោជន៍មែន ត្រូវបង្កើត​​​គណៈ​​​កម្មាធិការពិសេសរបស់​ក្រុម​អភិបាល។ ប៉ុន្តែ ក្នុងករណីនេះត្រូវស្តាប់យោបល់ជាអាទិ៍របស់អភិបាល​​​នៃតំបន់ ឬនៃដែនដីដែល​ពាក់ព័ន្ធនឹង​រឿងនោះ។ ក្រោយមក ក្រុមអភិបាលត្រូវផ្តល់យោបល់ និងសេចក្តីប៉ងប្រាថ្នារបស់ខ្លួន គោរពជម្រាបជូន​ដល់​អាសនៈរបស់គ្រីស្តទូត​សិលា។

៣- សហការីរបស់អភិបាលភូមិភាគ ក្នុងកិច្ចបំពេញបន្ទុកជាគង្វាល

ក- អភិបាលរង និងអភិបាលជាឧបការី

 ២៥- សេចក្តីណែនាំដើម្បីតែងតាំងអភិបាលរង និងអភិបាលឧបការី

ក្នុងកិច្ចគ្រប់គ្រងភូមិភាគ ត្រូវផ្ញើបន្ទុកជាគង្វាលរបស់លោកអភិបាលដោយគិតគូរដល់ប្រយោជន៍ហ្វូង​របស់​ព្រះ​អម្ចាស់ជានិច្ច។ នេះគឺជាគោលសំខាន់ដ៏ខ្ពង់ខ្ពស់ជាងគេបំផុត។ ប្រសិនបើអភិបាលភូមិភាគគ្មានសមត្ថភាព​បំពេញមុខ​ងារ​​ទាំងប៉ុន្មានរបស់ខ្លួនដោយផ្ទាល់បាន ព្រោះភូមិភាគមានទំហំធំពេក ឬព្រោះប្រជាជនមានចំនួនច្រើនពេក ឬព្រោះសភាពការណ៍ពិសេសនៃកិច្ចការជាគ្រីស្តទូត ឬព្រោះមូលហេតុផ្សេងៗទៀត ត្រូវតែងតាំងអភិបាលរងម្នាក់។ ​ធ្វើ​​​​ដូច្នេះ ទើបលោកអភិបាលអាចផ្គត់ផ្គង់ដល់ប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងភូមិភាគ​​​តាមតម្រូវការ​​​របស់​​​គេ​​​បាន។ លើស​ពីនេះទៅទៀត ប្រសិនបើមានតម្រូវការពិសេស ត្រូវតែងតាំងអភិបាលឧបការីម្នាក់​​​ដើម្បីជួយ​​​អភិបាល​​​ក្នុងភូមិភាគ។ ត្រូវផ្តល់ឱ្យអភិបាលរង និងអភិបាលឧបការីមានអំណាចគ្រប់គ្រាន់ ដើម្បីឱ្យអស់លោកអាច​​​បំពេញ​​​កិច្ចការរបស់ខ្លួនបានដោយប្រសិទ្ធភាព និងរក្សាកិត្តិយសនៃឋានៈរបស់់លោកជាអភិបាលទៀតផង។ ប៉ុន្តែ ត្រូវ​​​នៅតែគ្រប់គ្រងភូមិភាគរួបរួមគ្នា និងត្រូវគោរពអំណាចអភិបាលភូមិភាគជានិច្ច។

លើសពីនេះទៅទៀត ព្រះសហគមន៍ត្រាស់ហៅអភិបាលរង និងអភិបាលឧបការីឱ្យចែករំលែក​​​កិច្ចការ​​​របស់​​​​​​អភិបាលភូមិភាគ។ ហេតុនេះ អភិបាលរង និងអភិបាលឧបការីត្រូវបំពេញ​​​បន្ទុក​​​របស់ខ្លួន​​​ដោយសម្រេច​​​កិច្ចការ​​​​ទាំង​​​​​​​​​​​អស់រួបរួមជាមួយ​​​អភិបាលភូមិភាគដោយមានចិត្តថ្លើមតែមួយ​។ អភិបាលរង និងអភិបាលឧបការីត្រូវ​​សុខ​​​ចិត្តស្ថិត​នៅក្រោមអំណាច​អភិបាល​ភូមិភាគ​ និងគោរពលោកជានិច្ច។ រីឯអភិបាលភូមិភាគវិញ លោកត្រូវស្រឡាញ់​​​អភិបាល​​​រង និងអភិបាលឧបការី​ទុកជាបងប្អូន និងត្រូវ​រាប់​អស់លោកទាំងនោះទុកជាអ្នកមានតម្លៃទៀតផង។

២៦- អំណាចអភិបាលរង និងអភិបាលឧបការី

ប្រសិនបើប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារ អភិបាលភូមិភាគមិនត្រូវរួញរាសុំឱ្យអំណាចដែលមាន​សមត្ថកិច្ចតែងតាំងអភិបាលរងម្នាក់ ឬច្រើននាក់។ អភិបាលរង គឺជាអភិបាលតែងតាំងសម្រាប់ជួយភូមិភាគមួយ ប៉ុន្តែ នៅពេលអភិបាលភូមិភាគលែងបំពេញមុខងារបស់ខ្លួន អភិបាលរងគ្មានសិទ្ធិបន្តមុខងារធ្វើជា​​​អភិបាល​​​​នៃ​​​ភូមិភាគ​​​​នោះបានឡើយ។ ប្រសិនបើលិខិតតែង​​​តាំងអភិបាល​​​​​​រង​​​​​​​​​មិនប​​​ញ្ជាក់​​​សេចក្តីនេះទេ អភិបាលភូមិភាគត្រូវ​​​តែង​​​តាំង​​​អភិបាលរងម្នាក់​ ឬ​ច្រើននាក់ជាតំណាង​​​ពេញ​​​សិទ្ធិ​​​របស់​​​​​​ខ្លួន ឬយ៉ាងហោច​​​ណាស់ តែងតាំងលោក ឬអស់​​​លោក​​​​​​ជាតំណាងអភិបាលដែលចុះ​ចូល​ក្រោម​អំណាច​​របស់លោក​​​អភិបាល​​​តែម្នាក់គត់។ សូម​​​ឱ្យ​​​លោក​​​អភិបាលសួរ​​​យោបល់អភិបាលរងទាំងនោះក្នុងករណីដ៏សំខាន់ៗ ជា​ពិសេស​ ក្នុង​ករណី​​​ដែលមានលក្ខណៈ​​​ឃ្វាល​​​ណែ​​​នាំ​​​គ្រីស្តបរិស័ទ​​​។ អំណាច និងឯកសិទ្ធិរបស់អភិបាលរងតាមក្បួនច្បាប់រួមនៃព្រះសហគមន៍​​​ មិនផុត​​​នៅ​​​​​​ពេល​​​​​​​អភិបាល​​​​ភូមិភាគឈប់បំពេញបន្ទុករបស់ខ្លួនទេ លើក​​​លែងតែអំណាចដែល​​​មាន​​​សមត្ថកិច្ច​​​បានសម្រេចតាមរបៀប​ផ្សេង​។ ប្រសិន​​​​​​​​​បើគ្មានអភិបាលណែនាំភូមិភាគទេ គួរផ្ញើ​​​បន្ទុកគ្រប់គ្រងភូមិភាគឱ្យ​​​អភិបាលរង ឬប្រសិនបើមាន​អភិបាល​រងច្រើន ឱ្យអភិបាលរងម្នាក់គ្រប់គ្រង លើកលែងតែមានមូលហេតុ​​​ដ៏សំខាន់ៗ​​​បណ្តាល​​​ឱ្យប្រព្រឹត្តតាម​របៀប​ផ្សេង។

អភិបាលឧបការី គឺជាអភិបាល​​​តែងតាំងដោយមានសិទ្ធិបន្តមុខងារអភិបាល​​​ភូមិភាគ។​​​ អភិបាលភូមិភាគ​ត្រូវ​តែង​តាំង​អភិបាលឧបការីទុកជាតំណាងពេញសិទ្ធិរបស់ខ្លួនជានិច្ច។ ក្នុងករណី​​​ពិសេស​​​ អំណាចដែលមានសមត្ថកិច្ច​អាចផ្តល់​សិទ្ធិទូលំទូលាយជាងទៅទៀតបានផង។

អភិបាលដែលមានឧបការី និង​​​អភិបាលឧបការីផ្ទាល់ត្រូវ​​​តែ​​​ពិគ្រោះ​​​គ្នាទៅវិញទៅមកអំពីបញ្ហា​ដ៏​សំខាន់ៗ​​​ ដើម្បី​​​​ជា​ប្រយោជន៍នាពេលបច្ចុប្បន្ន និងនៅពេល​​​អនាគត​​​នៃ​​​ភូមិភាគ​​​ដែរ។

ខ- រដ្ឋបាល និងក្រុមប្រឹក្សាភូមិភាគ

២៧- ការចាត់ចែងរដ្ឋបាល និងការបង្កើតក្រុមប្រឹក្សាគង្វាលណែនាំ

ក្នុងរដ្ឋបាលភូមិភាគ គឺតំណាងពេញសិទ្ធិមានមុខងារសំខាន់ជាងគេ។ ប៉ុន្តែ ពេលណាការគ្រប់គ្រងរបស់​​​ភូមិភាគ​​​​ទាមទារនោះ លោកអភិបាលមានសិទ្ធិអាចតែងតាំងតំណាងអភិបាលម្នាក់ ឬច្រើននាក់។ ​តំណាង​អភិបាលទាំង​​​នោះ​​​មានអំណាចទាំងប៉ុន្មានរបស់តំណាងពេញសិទ្ធិតាមក្បួនច្បាប់រួមនៃព្រះសហគមន៍លើផ្នែកមួយនៃ​ភូមិភាគ ឬលើករណីពិសេសខ្លះ ឬលើគ្រីស្តបរិស័ទនៃរបៀបរបបពីធីដោយឡែកមួយក្រុម។

ក្នុងចំណោមសហការីរបស់លោកអភិបាលក្នុងកិច្ចគ្រប់គ្រងភូមិភាគ មានអស់លោកគង្វាលដែលចូលក្នុង​ក្រុម​​​​ប្រឹក្សា ដែលជាព្រឹទ្ធសភារបស់លោកអភិបាល មានក្រុម​ព្រះវិហារវិសាល មានក្រុមជំនាញការ ​និងក្រុមផ្សេងៗស្រេច​​​​តែសភាពការណ៍ និងកន្លែងផ្សេងៗ។ ត្រូវចាត់ចែង​ស្ថាប័ន​ទាំង​នោះ ជាពិសេស ក្រុមព្រះវិហារវិសាលតាម​របៀប​ថ្មីស្របតាមតម្រូវការនាបច្ចុប្បន្នកាល។

អស់លោកគង្វាល និងគ្រីស្តបរិស័ទធម្មតាដែលជាសមាជិក​​​នៃរដ្ឋបាលភូមិភាគត្រូវដឹងច្បាស់ថា អស់លោក​​​អ្នក​​​បំពេញមុខ​ងារបម្រើរួមជាមួយលោកអភិបាលជាគង្វាលណែនាំ។ ត្រូវចាត់ចែងរដ្ឋបាលភូមិភាគដើម្បី​​​ឱ្យ​​​​​​បាន​​​​​​ទៅ​​​ជា​​​​​​​​​ឧបករណ៍មួយ មិនគ្រាន់តែសម្រាប់ជួយគ្រប់គ្រងភូមិភាគ​ប៉ុណ្ណោះទេ តែសម្រាប់បំពេញកិច្ចការនានា​​​ជា​​​គ្រីស្តទូត​​​​​​ថែមទៀតផង។

ក្នុងភូមិភាគនីមួយៗគួរតែតែងតាំងក្រុមប្រឹក្សាគង្វាលណែនាំពិសេស ដោយមានលោកអភិបាលភូមិភាគ​ផ្ទាល់​​​​ជា​ប្រធាន។ មានក្រុមលោកគង្វាល បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាដែលអភិបាល​បាន​ជ្រើសរើស​​យ៉ាង​ពិសេស ចូលក្នុងក្រុមប្រឹក្សាណែនាំនោះ។ ក្រុមប្រឹក្សាណែនាំមានភារកិច្ចស្វែងរកអ្វីៗ​​​ដែល​​​ពាក់ព័ន្ធនឹងការងារ​ឃ្វាល​ណែនាំគ្រីស្តបរិស័ទ ពិនិត្យមើលអ្វីៗទាំងនោះ និងចែងសេចក្តីសម្រេច​​​សម្រាប់​​​ឱ្យគេ​​​អនុវត្ត​​​តាម​​​។

គ- ក្រុមអស់លោកគង្វាលភូមិភាគ

២៨- ក្រុមអស់លោកគង្វាលភូមិភាគ

លោកគង្វាលទាំងអស់ ទោះជាគង្វាលភូមិភាគក្តី គង្វាលបព្វជិតក្តី ទទួលចំណែកក្នុងមុខងាររបស់ព្រះ​​​គ្រីស្ត​​​ជាមហាបូជាចារ្យ​តែមួយ​​​រួមជាមួយលោកអភិបាល ហើយអស់លោកក៏​​​បំពេញ​​​​​​​​​​មុខងារ​​​ជា​បូជាចារ្យ​​​នេះរួម​​​ជាមួយ​​​លោកដែរ។ ហេតុនេះហើយ ​បានជាអស់លោកជាសហការីដ៏ឈ្លាសវៃនៃ​​​ក្រុម​​​អភិបាល។ អស់លោកគង្វាលភូមិភាគមានមុខងារសំខាន់ជាងគេក្នុងកិច្ចថែរក្សាវិញ្ញាណមនុស្ស ព្រោះ​​​អស់​លោកភ្ជាប់ក្នុង​​​បញ្ជីក្រុម​​​បូជាចារ្យ​​​ភូមិភាគ​​​មួយ ឬជាប់នឹងព្រះសហគមន៍ដោយឡែកមួយ។ អស់លោកសុខ​​​ចិត្ត​​​បូជា​​​កម្លាំងកាយកម្លាំង​​​​​​ចិត្តបម្រើ​​​ព្រះ​​​​​​សហគមន៍​ដោយឡែក​នោះ ដើម្បីឃ្វាលថែរក្សាចំណែកនៃហ្វូងរបស់ព្រះ​​​អម្ចាស់​​​តែមួយ​​​ទាំងអស់​គ្នា។ ហេតុនេះ​ហើយ បានជាអស់លោករួមគ្នាជាក្រុម​លោកគង្វាលតែមួយ ជាក្រុម​​​គ្រួសារ​​​តែមួយដែលមាន​លោកអភិបាលជា​​​ឪពុក។ លោកអភិបាល​ត្រូវមានសេរីភាពតាមតម្រូវការក្នុងការប្រមូលពន្ធដារ ​និង​​​កម្រៃ ដើម្បី​ចែក​​​ចាយ​​​មុខងារ​​​ផ្សេងៗឱ្យអស់​លោកគង្វាលរបស់លោកយ៉ាងសមគួរ និងតាមយុត្តិធម៌។ ហេតុ​​​នេះ​​​​ហើយ ត្រូវលុបបំបាត់សិទ្ធិ និង​ឯកសិទ្ធិ​ទាំង​ប៉ុន្មានទោះជាតាមរបៀប​ណាក៏ដោយដែល​រារាំងសេរីភាពនោះ។

លោកអភិបាល និងអស់លោកគង្វាលត្រូវមានចំណងទំនាក់ទំនងគ្នាដោយសេចក្តីស្រឡាញ់មកពីព្រះ​វិញ្ញាណ។ ដូច្នេះ​ បំណងប្រាថ្នារបស់អស់គង្វាលបានឯកភាពជាមួយបំណងប្រាថ្នារបស់លោកអភិបាល ​បណ្តាលឱ្យ​​​កិច្ច​ការ​​​ណែនាំគ្រីស្តបរិស័ទបានផលផ្លែកាន់តែច្រើនឡើងៗ។ សូមឱ្យលោកអភិបាលយកចិត្តទុក​​​ដាក់​​​លើក​ស្ទួយ​កិច្ច​​​បម្រើ​វិញ្ញាណរបស់មនុស្ស​ឱ្យកាន់តែច្រើនឡើងៗ និងអញ្ជើញគង្វាលឱ្យនិយាយ​​​សន្ទនាជាមួយលោក ព្រមទាំង​និយាយ​​​សន្ទនារួមជាមួយលោកគង្វាលឯទៀតៗផង។ កិច្ចសន្ទនានោះ ត្រូវស្តី​​​អំ​​​ពី​​​ការណែនាំគ្រីស្តបរិស័ទ​ជាដើម។ មិនត្រូវនិយាយសន្ទនាដូច្នេះតែក្នុងពេលមានឱកាសដោយចៃដន្យ​​​​ប៉ុណ្ណោះទេ តែ​​​ត្រូវនិយាយសន្ទនាតាមពេល​កំណត់​​​ថែម​​​​ទៀតផង ប្រសិនបើអាចធ្វើបាន។

លើសពីនេះទៅទៀត សូមឱ្យគង្វាលទាំងអស់រួបរួមគ្នាជាចិត្តថ្លើមតែមួយ និងយកចិត្តទុកដាក់​នឹង​​​ផល​ប្រយោជន៍ខាងវិញ្ញាណ​របស់គ្រីស្តបរិស័ទក្នុងភូមិភាគទាំងមូល។ អស់លោកគង្វាលត្រូវនឹកចាំថា ទ្រព្យសម្បត្តិ​ដែល​អស់លោកប្រមូលបាន​ដោយបំពេញការងារក្នុងព្រះសហគមន៍សុទ្ធតែភ្ជាប់នឹងបន្ទុកដ៏សក្ការៈនោះ​​​។​​​ ហេតុនេះ អស់​​​​លោក​ត្រូវផ្គត់ផ្គង់តម្រូវការជាសម្ភារៈរបស់ភូមិភាគដោយចិត្តទូលំទូលាយតាមធនធានរបស់ខ្លួន ​ស្របតាម​សេចក្តីចាត់ចែងរបស់លោកអភិបាល។

២៩- អស់លោកគង្វាលភ្ជាប់នឹងកិច្ចការអន្តរភូមិភាគ

ក្នុងចំណោមសហការីដ៏ជិតស្និទ្ធជាងគេរបស់លោកអភិបាល លោកផ្ញើបន្ទុកណែនាំ ឬកិច្ចការជា​​​គ្រីស្តទូត​​​​ដែល​មានលក្ខណៈអន្តរសហគមន៍ឱ្យ​លោកគង្វាលខ្លះៗ។ អស់លោកប្រព្រឹត្តកិច្ចការជាគ្រីស្តទូត​​​ទាំងនោះ​​​នៅ​​​តំបន់​​​មួយ​​​​​​​ក្នុង​ភូមិភាគ ឬក្នុងចំណោមក្រុម​ពិសេស​ខ្លះរបស់គ្រីស្តបរិស័ទ ឬបំពេញកិច្ចការពិសេស​​​ម៉្យាងផ្សេងទៀត។

លោកអភិបាលក៏ផ្ញើបន្ទុកជាកិច្ចការគ្រីស្តទូតឱ្យគង្វាលខ្លះ គឺក្នុងសាលារៀន ក្នុងស្ថាប័ន​​​ឯទៀតៗ​​​ និងក្នុង​​​សមាគមនានា។ លោកទាំងនោះតែងតែជួយយ៉ាងល្អប្រសើរ។ គួរឱ្យអភិបាល​​​ភូមិភាគ​​​យក​​​ចិត្ត​​​ទុកដាក់យ៉ាង​ពិសេសចំពោះអស់លោកគង្វាល ​ដែល​បំពេញបន្ទុកអន្តរភូមិភាគ ហើយដែលរស់នៅ​ក្នុងភូមិភាគ​​​រប​​​ស់​​​លោក ព្រោះ​​​គង្វាលទាំងនោះបំពេញកិច្ចការជាគ្រីស្តទូតដែលមាន​សារៈ​សំខាន់ខ្លាំងណាស់។

៣០- លោកគង្វាលដែល​ទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ

អស់លោកគង្វាល​ដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ជាសហការីពិសេសរបស់​លោក​​​អភិបាល។ លោកអភិបាលបានផ្ញើឱ្យគង្វាលទាំងនោះថែទាំវិញ្ញាណ​​របស់​គ្រីស្តបរិស័ទ​ក្នុង​​មួយ​ចំណែក​នៃ​​​ភូមិភាគ​​​របស់លោក ក្នុងឋានៈជាគង្វាល និងក្រោមអំណាចរបស់លោក។

ក- គង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ រួមជាមួយសហការីបំពេញបេសកកម្មរបស់ខ្លួន គឺមាន​​​បន្ទុកបង្រៀន នាំមនុស្សឱ្យបានវិសុទ្ធ ហើយគ្រប់គ្រងគេ។ អស់​​​លោ​​​ក​​​ត្រូវណែនាំគ្រីស្តបរិស័ទ និងព្រះ​​​សហគមន៍​​​ឱ្យដឹងខ្លួនថា គេពិតជាសមាជិករបស់ភូមិភាគ និងរបស់ព្រះសហគមន៍សកល​ទាំងមូល។ ហេតុនេះ​ហើយ បាន​​​ជាគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវរួមសហការជាមួយគង្វាលដែល​ទទួល​ខុស​​​ត្រូវ​​​ថែទាំព្រះសហគមន៍ឯទៀតៗ ត្រូវរួមសហការជាមួយគង្វាលដែល​បំពេញ​​​បន្ទុក​ជាគង្វាលនៅលើ​តំបន់នោះ មានតំណាងអភិបាល និងប្រធានក្រុមគង្វាលជាដើម។ ត្រូវរួម​​​សហការ​​​​​​ជា​មួយ​គង្វាលដែល​​​បំពេញ​​​កិច្ចការ​​​ប្រកប​​​ដោយ​​​លក្ខណៈហួសពីព្រំដែនព្រះសហគមន៍មួយ ដើម្បីឱ្យ​ការណែនាំ​គ្រីស្តបរិស័ទ​ភូមិភាគទាំងមូលបាន​ឯកភាព និងបាន​ប្រសិទ្ធិភាពទៀតផង។

អស់លោកគង្វាលត្រូវថែទាំវិញ្ញាណគ្រីស្តបរិស័ទដោយមានគោលគំនិតជាសាសនទូត​​​ជ្រួតជ្រាប​​​ក្នុង​​​ខ្លួន​​​​​​​ជា​​​និច្ច គឺចង់ថែទាំអស់អ្នកដែលរស់នៅក្នុងព្រះសហគមន៍នោះ តាមរបៀបស្របនឹងសភាពការណ៍របស់គេ​។ ប្រសិន​​​​បើគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយនោះមិនអាចឈានទៅដល់ក្រុម​​​មនុស្ស​​​ខ្លះ​​​ ត្រូវ​តែ​សូម​​​អ្នកឯទៀតៗ​ជួយ សូម្បីតែគ្រីស្តបរិស័ទធម្មតាក៏អាចជួយក្នុងកិច្ចការជាគ្រីស្តទូតរបស់អស់លោកដែរ។

មហាសន្និបាតទូន្មានយ៉ាងខ្លាំងថា សូមអស់លោកគង្វាល ជាពិសេស អស់លោកដែលរួមទទួល​​​ខុស​​​​​​​ត្រូវ​​​​លើ​​​​ព្រះ​​​សហគមន៍​​​​មួយ ត្រូវរួមរស់ជាមួយគ្នា ទើបការថែទាំវិញ្ញាណគ្រីស្តបរិស័ទដោយប្រសិទ្ធិភាព​យ៉ាង​ពេញ​​លេញបាន។ ការ​រួម​រស់​ជាមួយគ្នានោះជួយ​អស់លោកក្នុងកិច្ចការជាគ្រីស្តទូត ហើយក៏​​​បង្ហាញគំរូអំពី​​​សេចក្តី​​​ស្រឡាញ់​​​​​​ និង​​​អំពី​ការ​​​​រួប​​​រួម​​​គ្នាជាធ្លុង​តែមួយ ឱ្យគ្រីស្តបរិស័ទឃើញថែមទៀតដែរ។

ខ- អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវបំពេញបន្ទុកបង្រៀន​​​របស់​​​ខ្លួន ដោយ​ធ្វើពិធីអត្ថាធិប្បាយ​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យគ្រីស្តបរិស័ទទាំងអស់ស្តាប់ ដើម្បីឱ្យគេចម្រើន​​​ឡើង​​​ក្នុងអង្គ​​​ព្រះ​គ្រីស្ត​ និង​ចាក់​​ឫសក្នុងជំនឿ ក្នុងសេចក្តីសង្ឃឹម និងក្នុងសេចក្តីស្រឡាញ់។ ធ្វើដូច្នេះ​​​ ទើប​​​សហគមន៍​​​គ្រីស្តបរិស័ទ​​​​​​​អាច​ផ្តល់សក្ខីភាពដ៏ល្អ​ប្រសើរ​​អំពី​សេចក្តីស្រឡាញ់បាន តាមព្រះបញ្ជារបស់ព្រះអម្ចាស់ (យហ ១៣,​​​៣៥)​​​។ អស់​លោកក៏ត្រូវអប់រំ​ជំនឿ គឺណែនាំ​គ្រីស្តបរិស័ទឱ្យស្គាល់គម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះយ៉ាងច្បាស់​​ស្រប​​​​តាម​​​អាយុរបស់គេ។ អស់លោក​ត្រូវ​​​សូមឱ្យគ្រីស្តបរិស័ទធម្មតារួមសហការក្នុងការអ​​​ប់រំជំនឿ មិនគ្រាន់តែ​​​សូម​​​ឱ្យ​​​បព្វជិត​​​​បព្វជិតា​​​រួមសហការប៉ុណ្ណោះទេ។ ត្រូវបង្កើតសមាគមអ្នកបង្រៀនលទ្ធិនៃ​​​គ្រីស្ត​​​សាសនា​​​ថែមទៀតផង។

អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ក៏បំពេញបន្ទុកនាំគ្រីស្តបរិស័ទឱ្យបាន​វិសុទ្ធ​ដែរ។ អស់លោកត្រូវ​យកចិត្តទុកដាក់ធ្វើឱ្យអភិបូជាទៅជាស្នូល និង​ទៅជា​កំពូលនៃការរស់នៅទាំងមូលរបស់​សហគមន៍​គ្រីស្តបរិស័ទនោះ។ អស់លោកត្រូវខិតខំចែកចាយអាហារខាងវិញ្ញាណដល់​គ្រីស្តបរិស័ទរបស់ខ្លួន ដោយ​ណែ​នាំគេឱ្យទទួលអគ្គសញ្ញាជាញឹកញាប់ទាំងមានចិត្តគោរពប្រណិប័តន៍ ហើយដោយណែនាំគេឱ្យទទួលចំណែក​​​យ៉ាងសកម្ម​ក្នុង​ពិធីគោរពបម្រើព្រះ​ជាម្ចាស់ទាំងដឹងខ្លួន​ទៀតផង។ អស់​លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះ​សហគមន៍​មួយត្រូវនឹកចងចាំថា អ្នកទទួលអគ្គសញ្ញាលើកលែងទោសពិតជានឹងបាន​ផល​ប្រយោជន៍​​​យ៉ាងទូលំ​​​ទូលាយ​​​ខាងវិញ្ញាណ គឺគេរស់​នៅ​តាមឋានៈជាគ្រីស្តបរិស័ទកាន់តែប្រសើរឡើងៗ។ ហេតុនេះហើយ បានជា​អស់លោកត្រូវសុខចិត្ត​​ស្តាប់គ្រីស្តបរិស័ទ​មកលន់តួ។ ប្រសិនបើមានតម្រូវការ ត្រូវហៅលោកគង្វាលឯទៀតៗដែលនិយាយភាសាផ្សេងៗថែមទៀត​ផង​។

អស់គង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវបំពេញភារកិច្ចជាគង្វាល ដោយ​​​យក​​​​ចិត្ត​ទុក​​​ដាក់​​​​ស្គាល់ហ្វូងចៀមរបស់ខ្លួន។ អស់លោកជាអ្នកបម្រើរបស់ចៀមទាំងអស់។ ហេតុនេះហើយ បាន​​​ជា​​​អស់​​​​លោក​​​ត្រូវ​​​ខិត​​​ខំណែនាំឱ្យគេរស់នៅតាមបែបជាគ្រីស្តបរិស័ទកាន់តែប្រសើរឡើងៗ គឺទាំងគ្រីស្តបរិស័ទម្នាក់ៗ ទាំង​ក្រុម​​​គ្រួសារ សមាគមនានា ជាពិសេស សមាគមនៃកិច្ចការជាគ្រីស្តទូត និងព្រះសហគមន៍​​​ទាំង​មូល​របស់​​​ខ្លួនទៀត​​​ផង។ ហេតុនេះ អស់លោកត្រូវទៅសួរសុខទុក្ខគ្រីស្តបរិស័ទនៅផ្ទះគេ ត្រូវទៅសាលា​​​រៀនតាមបន្ទុក​​​របស់​​​ខ្លួន​​​ជាគង្វាល​​​ទាម​​​ទារ​​​ឱ្យអស់លោកធ្វើជាចាំបាច់។ អស់លោកត្រូវឧស្សាហ៍​​​យក​ចិត្ត​ទុក​ដាក់​នឹងកូនជំទង់ ហើយ​​​យុវជន​​​យុវនារី។ ត្រូវស្រឡាញ់អ្នកក្រីក្រ និងអ្នកជំងឺ ដូចឪពុកស្រឡាញ់កូនរបស់ខ្លួនដូច្នោះ​ដែរ។​ លើសពីនេះទៅ​​​ទៀត​​​ ត្រូវយកចិត្ត​​​ទុកដាក់យ៉ាងពិសេសនឹងក្រុមពលករ ព្រមទាំងដាស់តឿនគ្រីស្តបរិស័ទឱ្យចូលរួម​យ៉ាងសកម្ម ក្នុងកិច្ចការ​​​ជា​​​គ្រីស្តទូត។

គ- លោកគង្វាលដែលជាតំណាងជំនួយ គឺសហការីរបស់លោកគង្វាលដែលទទួលខុស​​​ត្រូវថែទាំសហគមន៍មួយ។ អស់លោកជួយ​យ៉ាង​ខ្លាំង និងយ៉ាងសកម្មជារៀងរាល់ថ្ងៃក្នុងកិច្ចបម្រើព្រះសហគមន៍ ​ក្រោម​​​អំណាច​របស់គង្វាលដែលទទួលខុស​ត្រូវថែទាំសហគមន៍នោះ។ ហេតុនេះហើយ បានជាគង្វាលដែលទទួលខុស​​​ត្រូវ​​​ថែទាំ​​​​សហគមន៍ និងតំណាងជំនួយរបស់លោក ត្រូវស្រឡាញ់គ្នា​ដូច​បង​ប្អូន ត្រូវរាប់​​​អាន​​​​​​គ្នា ត្រូវគោរពគ្នា​​​ទៅ​​​វិញ​​​ទៅមកជានិច្ច ត្រូវជួយគ្នាទៅវិញទៅមកដោយផ្តល់ដំបូន្មាន ​រួមសហការគ្នា និងធ្វើ​ជា​​​គំរូ​​​ឱ្យគ្នាផង។ ធ្វើដូច្នោះ ទើបអ​​​ស់លោកមុខជានឹងបម្រើសហគមន៍នោះដោយមានចិត្តថ្លើមតែមួយ មាន​​​បំណង​​​ប្រាថ្នា​តែ​មួយ និងមាន​​​ចិត្ត​​​ឧស្សាហ៍តែមួយថែមទៀតផង។

៣១- ការតែងតាំងគង្វាលដែលទទួលខុស​ត្រូវថែទាំសហគមន៍មួយ

លោកអភិបាលត្រូវរិះគិតពិចារណាអំពីសមត្ថភាពរបស់គង្វាលឱ្យ​មានលទ្ធភាពអាច​​​គ្រប់​​​គ្រង​​​​​​ណែនាំ​​​សហគមន៍មួយបាន ដោយគិតគូរមិនគ្រាន់តែដល់លទ្ធិនៃជំនឿរបស់លោកប៉ុណ្ណោះទេ តែត្រូវគិតគូរ​​​ដល់ការគោរព​​​ប្រណិប័តន៍ព្រះជាម្ចាស់របស់លោក ដល់ចិត្ត​ឧហ្សាហ៍ធ្វើកិច្ចការជាគ្រីស្តទូត និងគិតគូរដល់​​​ព្រះ​​​អំណោយទាន​​​​​​ឯទៀតៗ ​​​និងគុណសម្បត្តិផ្សេងៗ​ដែលលោក​ត្រូវ​តែ​មាន ដើម្បី​ថែទាំ​គ្រីស្តបរិស័ទ​​យ៉ាងល្អ។

គោលដៅនៃបន្ទុកជាគង្វាលណែនាំគ្រីស្តបរិស័ទ គឺរកផលប្រយោជន៍របស់គេខាងវិញ្ញាណ។ ហេតុនេះ​​​ហើយ​​​​​​​ បាន​ជាលោកអភិបាលត្រូវផ្គត់ផ្គង់សហគមន៍នានាឱ្យមានគង្វាលតាមរបៀបស្រួល ​និងស្របតាម​​​សភាពការណ៍​​​។ ហេតុនេះ សូមបំបាត់ឯកសិទ្ធិទាំងប៉ុន្មានពីបុរាណ គឺសិទ្ធិបង្ហាញបេក្ខជន​ និងឱ្យតែង​តាំង​គេ សិទ្ធិ​​​ទុកកន្លែង​​​មួយសម្រាប់​​​បេក្ខជនរបស់ខ្លួន។ សូមបំបាត់ការប្រកួតប្រជែងជាទូទៅ ឬដោយឡែក​ឱ្យទៅជាគង្វាល​​​ទទួល​​​ខុស​​​ត្រូវ​​​ថែ​​​ទាំ​​​​​​សហគមន៍​​​មួយ ដូចទម្លាប់មានកន្លែងខ្លះ។ ប៉ុន្តែ ត្រូវគោរពសិទ្ធិរបស់បព្វជិត។

ក្នុងសហគមន៍នីមួយៗ លោកគង្វាលដែលទទួលខុសត្រូវថែទាំ ត្រូវកាន់មុខងាររបស់ខ្លួនយ៉ាង​ស្ថិត​​​ស្ថេរ ដើម្បីជាប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទ។ ហេតុនេះ មហាសន្និបាតសូមលុបបំបាត់​​​ឋានៈគង្វាល​​​ទទួល​​​ខុស​​​ត្រូវ​​​ថែទាំ ដែលអភិបាលគ្មានសិទ្ធិផ្លាស់ប្តូរបាន។ ត្រូវកែសម្រួលរបៀបផ្លាស់ប្តូរគង្វាលដែលទទួលខុសត្រូវថែទាំ ដើម្បីឱ្យ​​​លោកអភិបាលអាចគោរព​តាមយុត្តិធម៌ (តាម​អត្ថន័យធម្មតាផង និងតាម​អត្ថន័យ​​​​ក្បួន​ច្បាប់ក្នុងព្រះ​​​សហគមន៍ផង) ព្រមទាំងអាចផ្គត់ផ្គង់សហគមន៍នានាយ៉ាងស្រួលឱ្យមានគង្វាលតាម​តែ​ប្រយោជន៍ខាងវិញ្ញាណ​​​របស់​​​គ្រីស្តបរិស័ទទាមទារនោះ។

មហាសន្និបាតសូមអង្វរយ៉ាងខ្លាំងអស់លោកគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍មួយ តែមិន​អាច​បំពេញ​​​មុខងាររបស់ខ្លួនយ៉ាងសមរម្យបាន ឬមិនអាចបង្កើតផលបាន ព្រោះលោកចាស់ជរាហើយ ​ឬ​​​ព្រោះ​​​មា​​​នមូលហេតុ​​​​ជាទម្ងន់ផ្សេងទៀត ឱ្យលាលែងមុខតំណែងរបស់ខ្លួនដោយខ្លួនឯងក៏បាន ឬដោយលោក​​​អភិបាល​​​អ​ញ្ជើញ​​​ឱ្យ​​​លាលែង​ក៏បានដែរ។ លោកអភិបាលត្រូវតែធានាឱ្យលោកដែលលាលែងមុខតំណែងនោះ ​មានមធ្យោបាយ​​​ទប់​​​ទល់​​​ជីវភាពគ្រប់គ្រាន់បាន។

៣២- ការបង្កើតសហគមន៍ និងបង្កើតអ្វីៗជាថ្មី

ក្នុងគោលបំណងជួយសង្គ្រោះមនុស្សដដែលនោះត្រូវបញ្ជាក់ ឬកែសម្រួលការតែងតាំងសហគមន៍ ​ឬលប់​​​បំបាត់សហគមន៍ខ្លះ ឬកែសម្រួលអ្វីៗផ្សេងទៀត។ ក្នុងករណីទាំងនោះ លោកអភិបាលអាចសម្រេចដោយ​អំណាច​​​របស់​​​លោកផ្ទាល់។

៤- ក្រុមបព្វជិត

៣៣- ក្រុមបព្វជិត និងកិច្ចការជាគ្រីស្តទូត

សេចក្តីចាត់ចែងខាងក្រោមនេះបានការសម្រាប់ក្រុមបព្វជិតទាំងអស់ ព្រមទាំងសមាជិកគ្រឹះស្ថានឯទៀតៗដែលធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ដែលភ្ជាប់ជាមួយបព្វជិតនោះ ​គឺមា្នក់ៗតាម​​​របៀប​​​ព្រះជាម្ចាស់ត្រាស់ហៅឱ្យរស់នៅ។ អស់បព្វជិត​មានភារកិច្ចជួយសាងសង់ព្រះ​កាយ​ដ៏អាថ៌កំបាំង​របស់ព្រះ​​​គ្រីស្តទាំងមូល និងធ្វើឱ្យព្រះកាយនេះចម្រើន ដើម្បីជាប្រយោជន៍ខាង​វិញ្ញាណ​របស់​ព្រះ​សហគមន៍នីមួយៗ។ អស់​​​លោក​​​ត្រូវបូជាអស់កម្លាំងកាយកម្លាំងចិត្ត និងមានចិត្តឧស្សាហ៍។ អស់បព្វជិតត្រូវតែខិតខំតម្រង់ខ្លួនតាមទិស​​​ដៅ​​​ទាំង​​​នោះដោយអធិដ្ឋានជាដើម ដោយ​បំពេញ​ទុក្ករកិរិយា និងដោយរស់នៅធ្វើជាគំរូដល់គេ។ មហាសន្និបាត​​​ដាស់​​​តឿនបព្វជិតទាំង​អស់​យ៉ាងខ្លាំងឱ្យ​ស្រឡាញ់ និងពង្រីកកិច្ចការទាំងនោះដោយឥតឈប់ឈរ​​​ឡើយ។ ក៏ប៉ុន្តែ សូមឱ្យបព្វជិត​យកចិត្តទុកដាក់​បំពេញកិច្ចការ​​​ជាគ្រីស្តទូតក្រៅគ្រឹះស្ថានរបស់ខ្លួនតាមតែលក្ខណៈសម្បត្តិផ្ទាល់​​​នៃ​​​គ្រឹះស្ថាននីមួយៗអនុញ្ញាតឱ្យ។

៣៤- បព្វជិតជាសហការីរបស់លោកអភិបាលក្នុងកិច្ចការជាគ្រីស្តទូត

បព្វជិតជាគង្វាលទទួលអគ្គសញ្ញាតែងតាំងជាគង្វាល ដើម្បីឱ្យធ្វើជាសហការី​ដ៏ឈ្លាសវៃនៃក្រុម​​​អភិបាល​​​ ដូច​​​គង្វាលភូមិភាគដែរ។ សព្វថ្ងៃ បព្វជិតទាំងនោះអាចជួយលោកអភិបាល​យ៉ាងច្រើនជាងពីមុនទៅទៀត ព្រោះ​​​មាន​​​តម្រូវការខាងវិញ្ញាណរបស់គ្រីស្តបរិស័ទកាន់តែច្រើនឡើងៗ។ ​ហេតុនេះ ​យើង​​​ត្រូវ​​​ប្រាប់យ៉ាងត្រឹមត្រូវម៉្យាងថា បព្វជិតពិតជាសមាជិកនៃក្រុមគង្វាលភូមិភាគដែរ ​ព្រោះអស់លោក​​​បំពេញការងារជាប្រយោជន៍ខាងវិញ្ញាណរ​​​បស់គ្រីស្តបរិស័ទ ហើយក៏ជួយក្នុងកិច្ចការជាគ្រីស្តទូត ក្រោមអំណាច​​​របស់អស់​​​លោកអភិបាល​​ដែរ។

សមាជិកឯទៀតៗនៃគ្រឹះស្ថាន ទាំងបុរសក្តី ទំាងស្រ្តីក្តី ដែលជាសមាជិក​​​​​​នៃមហា​​​គ្រួសារភូមិ​​​ភាគតាម​​​របៀប​​​មួយ ក៏ជួយអស់លោកអភិបាលយ៉ាងល្អប្រសើរដែរ។​​​ គេអាច (និងត្រូវ) ជួយកាន់​​​តែ​​​ច្រើន​​​ឡើងៗ​​​ជារៀងរាល់ថ្ងៃ ​ព្រោះ​​​តម្រូវការ​នៃ​​​កិច្ចការជាគ្រីស្តទូត​កាន់តែមានចំនួនចម្រើនឡើងជាលំដាប់ដែរ។

៣៥- គោលការណ៍សម្រាប់កិច្ចការជាគ្រីស្តទូតរបស់បព្វជិតក្នុងភូមិភាគ

មហាសន្និបាតតែងតាំងគោលការណ៍ដូចខាងក្រោមនេះ ដើម្បីឱ្យអស់អ្នកបំពេញកិច្ចការជាគ្រីស្តទូតរួបរួមគ្នា​​​ដោយរួម​​​ចិត្ត​ថ្លើមតែមួយ​ជានិច្ចក្នុងភូមិភាគនីមួយៗ ទាំងរក្សាទុកវិន័យតែមួយក្នុងភូមិភាគទៀតផង។ សេចក្តី​​​សម្រេច​​​មានដូចតទៅ៖

ក- សូមឱ្យបព្វជិតទាំងអស់សុខចិត្តស្ថិតនៅក្រោមអំណាចរបស់អស់លោកអភិបាលជានិច្ច ដោយ​​​គោរព​​​លោក​​​​​​ក្នុង​​​នាមសាសនា ហើយក្នុងឋានៈអស់លោកបន្តមុខងារពីក្រុមគ្រីស្តទូតមក។ ពេលណាអភិបាល​​​ហៅ​​​បព្វជិត​​​​​​​​​យ៉ាង​​​ត្រឹមត្រូវឱ្យបំពេញការងារជាគ្រីស្តទូត បព្វជិតក៏​ត្រូវ​បំពេញបន្ទុករបស់ខ្លួននោះក្នុងឋានៈជាស​​​ហការី​​​ដែល​​​​​​​​​ព្យាយាម សុខចិត្តធ្វើការក្រោម​អំណាច​របស់អស់​លោក​អភិបាលដែរ។ លើសពីនេះទៅទៀត បព្វជិតត្រូវ​​​សុខចិត្តភ្លាម ​​​និងដោយ​​​ចិត្ត​​​ស្មោះ ធ្វើតាម​សេចក្តីសុំ និងតាម​បំណងប្រាថ្នារបស់អស់​លោកអភិបាល ដែលសូមឱ្យ​​​គេយក​​​​​​ចំណែក​​​​​​កាន់​​​​​​តែ​​​ទូលំទូលាយក្នុងកិច្ច​បម្រើការសង្គ្រោះរបស់​​មនុស្សលោក។ ក៏ប៉ុន្តែ បុព្វជិតត្រូវបំពេញការ​​​បម្រើ​​​នោះដោយ​​​គោរព​​​តាម​​​លក្ខណៈសម្បត្តិ និង​ស្របតាមធម្មនុញ្ញនៃគ្រឹះស្ថាន​របស់ខ្លួន។ ប្រសិនបើមានតម្រូវការ ត្រូវកែ​​​សម្រួល​​​ធ​​​ម្ម​​​នុញ្ញ​​​របស់​​​​​​គ្រឹះស្ថាន​​​ទាំង​​​នោះ​​​តាមគោលការណ៍នៃក្រឹត្យក្រមរបស់មហាសន្និបាតនោះ។ ​ដោយមនុស្សមាន​​​តម្រូវការ​​​ខាងវិញ្ញាណជាបន្ទាន់ និងដោយខ្វះបូជាចារ្យភូមិភាគ អស់លោកអភិបាលអាច​ហៅគ្រឹះស្ថានបព្វជិត​ដែល​គ្មាន​គោលដៅតែស្មឹងស្មាធិ៍ ឱ្យជួយបំពេញមុខងារ​បម្រើ​ផ្សេងៗក្នុងព្រះសហគមន៍ដែរ​។ ប៉ុន្តែ ត្រូវគិតគូរដល់លក្ខណៈ​​​សម្បត្តិ​​​នៃគ្រឹះស្ថាននីមួយៗផង។ មេដឹកនាំគ្រឹះស្ថានត្រូវជួយ​ដោយ​លើក​ស្ទួយ​ឱ្យបព្វជិត​ទទួលបន្ទុក​លើព្រះ​​​សហគមន៍​​​​​​​​​នានា សូម្បីតែសម្រាប់មួយរយៈពេលប៉ុណ្ណោះ តាមតែគេអាចធ្វើបាន។

ខ- សូមឱ្យបព្វជិតដែលមេដឹកនាំចាត់ឱ្យបំពេញមុខងារជាគ្រីស្តទូតនៅខាងក្រៅគ្រឹះស្ថាន ​រក្សាទុក​​​គោល​​​គំនិត​​​​​​របស់​​​គ្រឹះស្ថានរបស់ខ្លួនជ្រួត​ជ្រាប​ក្នុងចិត្ត និងកាន់តាមវិន័យគ្រឹះស្ថានជារៀងរាល់ថ្ងៃតទៅទៀត ​ព្រមទាំង​សុខ​​​ចិត្តស្ថិតនៅ​ក្រោមអំណាច​មេដឹក​នាំគ្រឹះស្ថានរបស់ខ្លួន។​​​ អស់លោកអភិបាលត្រូវរម្លឹកបព្វជិត​​​អំពីកាតព្វកិច្ច​​​នេះ​​​។

គ- ឯកសិទ្ធិភ្ជាប់បព្វជិតនឹងអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬភ្ជាប់នឹងអំណាចមួយ​ផ្សេង​​ទៀតក្នុង​ព្រះ​​​​សហគមន៍ ធ្វើឱ្យបព្វជិតមិនស្ថិតនៅក្រោមអំណាច​គ្រប់គ្រងរបស់លោកអភិបាល។ ឯកសិទ្ធិនោះពាក់ព័ន្ធយ៉ាង​​​ពិសេស​​​នឹង​​​រចនាសម្ព័ន្ធ​​​ផ្ទៃ​​​​ក្នុង​​​របស់​​​​​​គ្រឹះស្ថានទាំងនោះ។ ឯកសិទ្ធិទាំងនោះមានគោលដៅតែមួយ​​​ គឺជួយ​​​ចាត់​​​ចែង​​​ការ​​​​​​រស់​​​​​​នៅរបស់​​​បព្វជិត​​​​​​ ​ព្រមទាំងជួយ​ឱ្យការរស់នៅរួមជាបព្វជិតចម្រើនឡើង ហើយនាំឱ្យគេបាន​​​ពេញ​​​លក្ខណៈ។ ឯកសិទ្ធិ្ធ​​​របស់​​​បព្វជិតដែល​​​​​មិន​​​ស្ថិតនៅក្រោមអំណាច​គ្រប់គ្រងរបស់អភិបាល ក៏បណ្តោយ​​​ឱ្យអភិបាលព្រះ​​​សហគមន៍​​​ក្រុងរ៉ូមអាច​​​ចាត់​​​ចែង​​​​​​បព្វជិត​​​​ទាំង​​​នោះ​​​​​តាម​ប្រយោជន៍​របស់ព្រះ​សហគមន៍សកល ឬឱ្យអំណាចមួយ​​​ផ្សេង​​​​​​ទៀតដែលមាន​​​សមត្ថកិច្ច​​​​​​ក្នុង​​​ព្រះ​​​សហគមន៍​​​អាច​ប្រើបាន ដើម្បីជា​ប្រយោជន៍របស់ព្រះសហគមន៍​​​នានាដែល​​​ស្ថិតនៅក្រោម​​​អំណាច​​​គ្រប់​​​គ្រង​​​​​​របស់​​​ខ្លួន​​​​​​។

ក៏ប៉ុន្តែ ឯកសិទ្ធិ្ធនេះមិន​ឃាត់​ឱ្យ​បព្វជិត​ទាំងនោះ​ចុះ​ចូល​ក្រោម​អំណាច​គ្រប់គ្រងរបស់អភិបាលក្នុងភូមិភាគ​​​នីមួយៗទេ តាមតែបន្ទុក​​​របស់​​​​​​បព្វជិតជាគង្វាល និង​ការ​ចាត់ចែង​ការបម្រើវិញ្ញាណមនុស្យទាមទារ។

ឃ- បព្វជិត​ទាំងអស់ ទាំងបព្វជិតដែលមិនស្ថិតនៅក្រោមអំណាច​គ្រប់គ្រងរបស់អភិបាល ទាំងបព្វជិត​​​ដែល​​​ស្ថិត​​​នៅក្រោមអំណាចរបស់លោក ក៏ត្រូវសុខចិត្តធ្វើការ​​​ក្រោមអំណាចធម្មតារបស់លោកអភិបាលភូមិភាគ ​នៅ​​​ពេល​​​ធ្វើ​​​​​​ពិធី​​​​​​បម្រើព្រះជាម្ចាស់ជាសាធារណៈ (ប៉ុន្តែ​ ត្រូវទុកឱ្យអស់លោកអនុវត្តតាមរបៀបរបបពិធីរបស់ខ្លួន) នៅពេល​​​ថែ​​​ទាំ​​​​​​វិញ្ញាណ​​​មនុស្ស ​​​នៅពេល​​​​​​ធ្វើពិធីអត្ថាធិ​​​ប្បាយព្រះគម្ពីរសម្រាប់ប្រជាជនក្នុងការង្រៀន​​​លទ្ធិនៃ​​​គ្រីស្តសាសនា និង​​​អប់រំ​​​សីលធម៌ ជាពិសេស ក្នុងការអប់រំជំនឿកូនក្មេង ក្នុងការអប់រំខាងពិធីគោរពបម្រើព្រះជាម្ចាស់ និងអំពីក្រុម​បូជាចារ្យ​​​ (អាចារ្យ) កាន់​វិន័យយ៉ាងត្រឹមត្រូវទៀតផង។ ក្នុងកិច្ចការផ្សេងៗជាគ្រីស្តទូត បព្វជិត​​​​ក៏ត្រូវនៅ​​​​​​ក្រោម​​​អំណាច​​​​​​របស់អភិបាល​ភូមិភាគដូច្នោះដែរ។ បព្វជិត​ដែលណែនាំសាលារៀន ក៏ត្រូវនៅក្រោម​​​អំណាចរបស់​​​អភិបាល​​​​ភូមិភាគត្រង់ការចាត់ចែងជាទូទៅ និង​ត្រង់​ការត្រួតពិនិត្យ ប៉ុន្តែ ត្រូវរក្សាទុកឱ្យបព្វជិត​មានសិទ្ធិ​​គ្រប់គ្រង​​សាលា​​​​រៀនទាំង​នោះ​។ យ៉ាងណាមិញ បព្វជិតត្រូវអនុវត្តតាមបទបញ្ជាទាំងប៉ុន្មានដែលម​ហាសន្និបាត​នានា និងក្រុម​​​អភិបាល​​​ទាំងប៉ុន្មាន​បានបង្គាប់យ៉ាង​ត្រឹម​ត្រូវ​តាមច្បាប់ឱ្យគ្រីស្តបរិស័ទទាំងអស់អនុវត្ត​តាម។

ង- អស់លោកអភិបាលត្រូវជួយលើកស្ទួយឱ្យមានរចនាសម្ព័ន្ធសម្រាប់ឱ្យគ្រឹះស្ថានបព្វជិត​ផ្សេងៗរួម​​​សហការ​​​គ្នា និង​រួមសហការជាមួយក្រុមគង្វាលក្នុងភូមិភាគដែរ។ លើសពីនេះទៅទៀត ត្រូវឱ្យកិច្ចការ និង​​​សកម្មភាពជាគ្រីស្តទូត​ទាំង​ប៉ុន្មានរួមសហការគ្នាជាចាំបាច់។ ការរួមសហការនេះអាស្រ័យលើការ​​​តម្រង់​​​​​​ចិត្ត​​​គំនិត​​​ទៅរក​ព្រះជាម្ចាស់ ហើយចាក់ឫសលើសេចក្តីស្រឡាញ់ជាគ្រឹះ។ អាសនៈរបស់គ្រីស្តទូតសិលាមានភារកិច្ច​​​​ណែនាំ​ឱ្យកិច្ចការ និងសកម្មភាពជាគ្រីស្តទូត​ទាំង​ប៉ុន្មាន​ក្នុងព្រះសហគមន៍​សកលរួមសហការគ្នា។ អភិបាល​​​​​​ក៏មាន​​​ភារកិច្ច​​​បង្កើត​​​​ការរួមសហការ​នេះ​ក្នុង​ភូមិភាគ​រៀងៗខ្លួន។ មិនតែប៉ុណ្ណោះ សន្និបាតអភិបាល​ដ៏ប្រសើរ​​​ឧត្តម និងក្រុម​​​អភិបាល​​​ក្នុង​​​ប្រទេស​​​​នានា​ក៏មានភារកិច្ច​បង្កើត​ការរួមសហការនោះក្នុងតំបន់រៀងៗខ្លួនដែរ។

អភិបាល និងក្រុមអភិបាលក្នុងប្រទេសមា្ខង មេដឹកនាំគ្រឹះស្ថានបព្វជិត និងក្រុមមេដឹកនាំដ៏ឧត្តមម្ខាងត្រូវ​ចែក​​​​​​ចាយគម្រោងការនានារបស់ខ្លួន អំពីកិច្ចការជាគ្រីស្តទូតដែលបព្វជិតបំពេញនោះ។

ច- អភិបាល និងក្រុមមេដឹកនាំក្រុមគ្រួសារបព្វជិតត្រូវជួបជុំគ្នាតាមពេលកំណត់ ​និងនៅពេលដែលអស់​​​លោក​​​យល់ឃើញថា ត្រូវជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងកិច្ចការទាំងមូលជាគ្រីស្តទូត​​​ក្នុង​​​តំបន់​​​របស់អស់លោក។

ជំពូក៣
អស់លោកអភិបាលសហការគ្នា ដើម្បីជាប្រយោជន៍រួមរបស់ព្រះសហគមន៍ជាច្រើន

១- សន្និបាត មហាសន្និបាត ជាពិសេស ក្រុមអភិបាល

៣៦- សន្និបាត និងមហាសន្និបាតដោយឡែក

តាំងពីសតវត្សរ៍ដើមដំបូងនៃព្រះសហគមន៍ អស់លោកអភិបាលដែលណែនាំព្រះសហគមន៍ដោយឡែកតែង​​​តែ​​​យក​ចិត្តទុកដាក់បង្រួមកម្លាំង និងប៉ងប្រាថ្នារបស់ខ្លួនលើកស្ទួយប្រយោជន៍រួមរបស់ព្រះសហគមន៍ទាំងប៉ុន្មាន និង​​​របស់​​​​ព្រះសហគមន៍នីមួយៗ។ អស់លោកធ្វើដូច្នេះ ដោយមានបំណងរួបរួមគ្នាដោយស្រឡាញ់គ្នាដូច​បង​ប្អូន និង​​​ដោយ​​​គិតគូរដល់បេសកកម្មសកលដែលព្រះគ្រីស្តបានផ្ញើទុកឱ្យក្រុមគ្រីស្តទូតមក។ ហេតុនេះហើយ​ បានជាអស់​លោកតែងតែចាត់ចែងសន្និបាត និងមហាសន្និបាតតាមតំបន់ ​ហើយមហាសន្និបាតសកលទៀតផង។ ក្នុងអង្គ​ប្រជុំ​ទាំង​​​​នោះ អស់លោកអភិបាលសម្រេចអំពីវិន័យដែលព្រះសហគមន៍នានាត្រូវអនុវត្តតាមដូចគ្នា ដើម្បីបង្រៀន​សេចក្តី​​​ពិត​​​​អំពីលទ្ធិ​នៃជំនឿ និងចាត់ចែងវិន័យក្រុមបូជាចារ្យ។

មហាសន្និបាតដ៏វិសុទ្ធនេះប៉ងប្រាថ្នាយ៉ាងខ្លំាងឱ្យចាត់ចែងសន្និបាត និងឱ្យមានមហាសន្និបាតតាមទម្លាប់​​​ពីបុរាណ​​​​ដ៏គួរ​​គោរព ដើម្បីជួយពង្រីក និងពង្រឹងជំនឿយ៉ាងសកម្មតាមរបៀបសមស្របនឹង​​​សភាពការណ៍ ព្រម​​​ទាំង​​​ដើម្បីរក្សាវិន័យក្នុងព្រះសហគមន៍ផ្សេងៗទៀតផង។

៣៧- សារៈសំខាន់នៃក្រុមអភិបាល

នៅបច្ចុប្បន្នកាលយើងនេះ ប្រសិនបើអស់លោកអភិបាលមិនរួមជាមួយអភិបាលឯទៀតៗកាន់តែជិតស្និទ្ធ​ជា​រៀង​​រាល់ថ្ងៃ ហើយរួមសហការក្នុងសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងឡើងៗ អស់លោកមុខជា​មិន​អាច​បំពេញ​បន្ទុក​របស់ខ្លួនបាន​យ៉ាងសមរម្យ និងតាម​​​របៀប​​​ដែលបង្កើតផលបាន​។ មានតែងតាំងក្រុមអភិបាលក្នុងប្រទេស​ជា​ច្រើន​​​រួចហើយ ក្រុមទាំងនោះក៏បានផ្តល់ភស្តុតាងយ៉ាងអស្ចារ្យបញ្ជាក់ថា បានបង្កើតផលខាងកិច្ចការជាគ្រីស្តទូតដែរ។​ ហេតុនេះ​ហើយ​ បានជាមហាសន្និបាត​យល់ឃើញថា អស់លោកអភិបាលក្នុងប្រជាជាតិតែមួយ ក្នុងតំបន់តែមួយ នៅ​​​គ្រប់កន្លែងត្រូវតែងតាំងក្រុម​អភិបាល​តែមួយ ហើយប្រជុំគ្នាតាមពេលកំណត់ ដើម្បីចែកចាយពន្លឺនៃបទពិសោធន៍​​​ដ៏​​​ឈ្លាសវៃរបស់ខ្លួន​។ បើធ្វើដូច្នេះ ទើបអស់លោក​នឹងអាចចែករំលែកគំនិតគ្នាទៅវិញទៅមក និងអាចរួម​កម្លាំង​ឱ្យមានរបៀបរៀបរយ ដើម្បីជា​​​ប្រយោជន៍រួមនៃព្រះ​សហគមន៍ទាំងឡាយ។

ហេតុនេះហើយ បានជាមហាសន្និបាតសម្រេចសេចក្តីអំពីក្រុមអភិបាលដូចតទៅ៖

៣៨- រចនាសម្ព័ន្ធ សមត្ថភាព និងការរួមសហការរបស់ក្រុមអភិបាលនានា

ក- ក្រុមអភិបាលហាក់ដូចជាអង្គប្រជុំមួយសម្រាប់ឱ្យអស់អភិបាលក្នុងប្រទេសមួយ ឬក្នុងតំបន់មួយបំពេញបន្ទុក​ជាគង្វាលរួមជាមួយគ្នា ដើម្បីលើកស្ទួយប្រយោជន៍របស់ព្រះសហគមន៍កាន់តែខ្លាំងឡើងៗ ជាសម្បត្តិសួគ៌ដែលព្រះសហគមន៍ជូនដល់មនុស្សលោក ជាពិសេស តាមរបៀប និងតាមវិធីបំពេញបន្ទុករបស់ខ្លួនជាគ្រីស្តទូតស្របតាមសភាពការណ៍​នាច្ចុប្បន្នកាល។

ខ- អភិបាលភូមិភាគទាំងប៉ុន្មាន (លើកលែងតែតំណាងពេញសិទ្ធិ) ទោះកាន់តាមរបៀបរបបពិធីណាក៏ដោយ​​​ អភិបាល​ឧបការី អភិបាលរង និង​អភិបាលឯទៀតៗដែលមានឈ្មោះតាមអាសនៈព្រះសហគមន៍ពីដើម ហើយដែល​ទទួលបន្ទុកពិសេសពី​អាសនៈ​គ្រីស្តទូត​សិលាម ឬពីក្រុមអភិបាលសុទ្ធតែជាសមាជិកនៃក្រុម​​​​អភិបាល​នោះ។ រីឯអភិបាលឯទៀតៗដែលមានឈ្មោះតាមអាសនៈព្រះសហគមន៍ពីដើមគ្មានសិទ្ធិជាសមាជិកក្រុមអភិបាល​​​ទេ។ ទូតរបស់អភិបាលព្រះ​សហគមន៍​ក្រុងរ៉ូមក៏មិនមែនជាសមាជិកក្រុមអភិបាលដែរ ​ដោយយល់ដល់បេសកកម្ម​​​ពិសេស​​​​របស់លោកក្នុង​តំបន់​នោះ។

អភិបាលភូមិភាគ​ និងអភិបាលឧបការីទាំងប៉ុន្មានមានសំឡេងបោះឆ្នោតបាន។ ចំពោះអភិបាលរង​ និង​អភិបាល​​ឯទៀតៗដែលមានសិទ្ធិចូលរួមក្នុងក្រុមអភិបាលត្រូវមាន​​​លក្ខនិ្តកៈក្រុម​​​អភិបាល ​​​ផ្តល់សំឡេងបោះឆ្នោតក៏បាន ឬផ្តល់តែសំឡេងប្រឹក្សាពិគ្រោះប៉ុណ្ណោះក៏បានដែរ។

គ- ក្រុមអភិបាលនីមួយៗត្រូវសរសេរលក្ខនិ្តកៈរបស់ខ្លួន។ អាសនៈគ្រីស្តទូតសិលាត្រូវទទួលស្គាល់លក្ខនិ្តកៈទាំងនោះ។ ក្នុងលក្ខន្តិកៈ​ទាំងនោះត្រូវចាត់ចែងឱ្យមានស្ថាប័នសម្រាប់ជួយឱ្យក្រុមអភិបាលអាចបំពេញ​​​គោល​​​ដៅ​​​របស់ខ្លួនយ៉ាងសកម្មបាន ពោលគឺត្រូវមានក្រុមប្រឹក្សា​អចិន្រៃ្តយ៍ មានគណៈកម្មាធិការ​​​នា​​​នា​​​​​​ មានលេខា​​​ធិ​​​ការ​​​ដ្ឋានទូទៅជាដើម។ល។ និង ។ល។

ឃ- ក្រុមអភិបាលសម្រេចសេចក្តីត្រឹមត្រូវតាមច្បាប់ លុះត្រាតែមានចំនួនសំឡេងយ៉ាងហោចណាស់ពីរភាគបីនៃចំនួន​អភិបាល​ដែលមាន​សំឡេងបោះឆ្នោតក្នុងក្រុមអភិបាល ហើយលុះត្រាតែ​អាសនៈគ្រីស្តទូតសិលាបានទទួល​​​ស្គាល់ក្រុម​អភិបាល​នោះ។ គ្រីស្តបរិស័ទត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមអភិបាលតែក្នុងករណីណា​ក្បួន​ច្បាប់​ទូទៅ​បញ្ជា​ឱ្យ​អនុវត្ត​ប៉ុណ្ណោះទេ ឬក្នុងករណីណាមានបទបញ្ជាពិសេសរបស់អាសនៈគ្រីស្តទូតសិលា​​​ដោយ​​​​ខ្លួនឯង​​​ ឬដោយក្រុម​អភិបាល​បានសុំអាសនៈគ្រីស្តទូតសិលា​​​បញ្ជានោះ។

ង- ក្នុងករណីណាមានសភាពការណ៍ពិសេសទាមទារ អភិបាលប្រជាជាតិជាច្រើនអាចចូលរួមជាក្រុមអភិបាលតែមួយ ដោយមានអាសនៈគ្រីស្តទូតសិលាយល់ស្រប។ លើសពីនេះទៅទៀត ត្រូវលើកទឹកចិត្តអភិបាល ឱ្យក្រុមអភិបាលប្រជាជាតិផ្សេងៗមានទំនាក់ទំនងជាមួយ​គ្នា ដើម្បីលើកស្ទួយប្រយោជន៍នៃព្រះសហគមន៍កាន់តែច្រើនឡើងៗ។

ច- អភិបាលនៃព្រះសហគមន៍នៅបូព៌ាប្រទេសតែងតែរួបរួមគ្នាជាសន្និបាត ដើម្បីលើកស្ទួយវិន័យ​ក្នុងព្រះ​សហគមន៍​របស់ខ្លួន និងដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទយ៉ាងសកម្មឱ្យគេបំពេញកិច្ចការសម្រាប់ជាប្រយោជន៍​សាស​​​នា។ មហាសន្និបាត​សូមទូន្មានយ៉ាងខ្លាំងឱ្យអភិបាលទាំងនោះគិតគូរដល់ប្រយោជន៍រួមនៃតំបន់ទាំងមូល នៅ​កន្លែង​មាន​សហគមន៍ជាច្រើនដែលកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា។ អស់លោកអភិបាលត្រូវបង្កើតការចែក​​​ចាយ​​​យោបល់គ្នាទៅ​វិញទៅមក ក្នុងប្រជុំអន្តររបៀបរបបពិធី តាមវិន័យដែលអំណាចមានសមត្ថកិច្ចនឹងតែង​​​តាំង​​​នៅ​​​ពេលខាងមុខ។

២- ព្រំដែនតំបន់ព្រះសហគមន៍ ហើយការតែងតាំងតំបន់ព្រះសហគមន៍

 ៣៩- គោលការណ៍អំពីការកែសម្រួលព្រំដែនភូមិភាគ

ភូមិភាគត្រូវមានព្រំដែ​​​នស្របតាមសភាពការណ៍​​​ ដើម្បីជាប្រយោជន៍ខាងវិញ្ញាណសម្រាប់គ្រីស្តបរិស័ទ។ មិនតែ​​​ប៉ុណ្ណោះ ភូមិភាគផ្សេងៗក៏ត្រូវរួមគ្នាជាតំបន់ដែលមានព្រំដែនស្របតាមសភាពការណ៍ដែរ។ លើសពីនេះទៅ​​​ទៀត​​​ ត្រូវ​​​តែង​​​តាំងតំបន់ថ្មី​​​​​​ដែល​​​​អាចជួយផ្គត់ផ្គង់តម្រូវការនៃ​កិច្ចការជា​គ្រីស្តទូត​បាន ស្របតាមសភាពការណ៍ក្នុងសង្គម និង​​​​​​សភាពការណ៍​​​តាម​តំបន់។ ដូច្នេះ អភិបាលទាំងប៉ុន្មានអាចទាក់​​ទង​ជាមួយគ្នាយ៉ាងស្រួល ហើយទំនាក់​​​ទំនង​​​ទាំង​​​នោះ​​​​​​នឹងមាន​​​ប្រយោជន៍​​​ច្រើនជាពំុខាន។ ​អស់លោកអភិបាលក៏នឹងមានទំនាក់​ទំនងជាមួយអភិបាលនៃទីក្រុងធំៗ និង​​​ជា​​​មួយ​​​​​​​អភិបាល​ឯទៀតៗ​ក្នុងប្រទេសនោះ​។ ទំនាក់ទំនងរបស់អស់លោកអភិបាលជាមួយរដ្ឋអំណាចក៏ស្រួល​​​ថែម​​​ទៀត​​​ផង​​​។

៤០- វិន័យដែលត្រូវអនុវត្តតាម

ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធសម្រេចឱ្យតែងតាំងវិន័យដូចតទៅ ដើម្បីឱ្យបានលទ្ធផល​​​តាមបំណងគឺ៖

ក- ត្រូវកែសម្រួលទំហំតំបន់ព្រះសហគមន៍តាមសេចក្តីសមគួរ ហើយត្រូវបញ្ជាក់សិទ្ធិ និងឯកសិទ្ធិអភិបាល​​​ព្រះ​​​សហគមន៍ក្នុងក្រុងធំៗតាមសេចក្តីណែនាំថ្មី និងស្របតាមសភាពការណ៍។

ខ- ភូមិភាគទាំងអស់ និងដែនដីឯទៀតៗទាំងអស់​​​ដែលមានការចាត់​ចែង​ដូចគ្នា​​​តាមក្បួនច្បាប់រួមរបស់​​​ព្រះ​​​​​​សហគមន៍ ត្រូវភ្ជាប់ជាមួយតំបន់ព្រះសហគមន៍តែមួយ។ ហេតុនេះហើយ បានជាភូមិភាគទាំងអស់ដែល​សព្វថ្ងៃ​​ស្ថិតនៅ​​​ក្រោមអំណាចអាសនៈគ្រីស្តទូតសិលា ហើយដែលមិនជាប់នឹងភូមិភាគណាមួយ ត្រួវរួប​រួម​ក្នុងតំបន់​ព្រះ​​​សហគមន៍​​​ថ្មីនោះប្រសិនបើអាចធ្វើបាន ឬត្រូវភ្ជាប់ជាមួយនឹងតំបន់ព្រះសហគមន៍ដែល​នៅជិតជាង​​​ ឬ​​​ដែល​​​​ស្រួលជាង​​​គេ។ ដូច្នេះ ភូមិភាគទាំងនោះត្រូវស្ថិតនៅក្រោមអំណាចរបស់អគ្គអភិបាលនៃក្រុមធំៗ ​តាមវិន័យនៃ​ក្បួនច្បាប់រួមទូទៅ។

គ- នៅកន្លែងណាប្រយោជន៍ទាមទារ ត្រូវបង្រួមតំបន់ព្រះសហគមន៍ ជាតំបន់ព្រះសហគមន៍ធំ។ ​ត្រូវ​​​បញ្ជាក់​​​ការ​ចាត់ចែងតំបន់​ទាំង​នោះតាមក្បួនច្បាប់នៅពេលខាងមុខ។

៤១- ត្រូវសូមឱ្យក្រុមអភិបាលបោះឆ្នោត

គួរឱ្យក្រុមអភិបាលដែលមានសមត្ថកិច្ចពិនិត្យមើលបញ្ហាកំណត់ព្រំដែនតំបន់ព្រះសហគមន៍ទាំងនោះ ឬបញ្ហាតែង​តាំង​ភូមិភាគ តាមច្បាប់ដែលចាត់ចែងរួចហើយសម្រាប់កំណត់ព្រំដែនភូមិភាគ (លក ២៣ និង ២៤) រួចសុំឱ្យក្រុម​អភិបាលផ្តល់យោបល់ និងសេចក្តីប៉ងប្រាថ្នារបស់ខ្លួនជូនទៅអាសនៈគ្រីស្តទូតសិលា។

៣- អភិបាលដែលបំពេញការងារអន្តរភូមិភាគ

៤២- ការតែងតាំងការិយាល័យពិសេស និងសហការជាមួយអស់លោកអភិបាល

តម្រូវការណែនាំគ្រីស្តបរិស័ទទាមទារឱ្យអស់លោកអភិបាលលរួមគ្នាបំពេញ និងពង្រីកកិច្ចការណែនាំខ្លះដោយ​​​ចិត្ត​​​ថ្លើមតែមួយ។ ហេតុនេះហើយ បាន​​​ជា​​​ត្រូវតែងតាំង​​​ការិយាល័យមួយចំនួនសម្រាប់បម្រើភូមិភាគ​​​ទាំង​​​អស់ ឬ​​​បម្រើ​ភូមិភាគទាំងប៉ុន្មានក្នុងតំបន់មួយ ឬក្នុង​​​ប្រទេសមួយ។ គេអាចផ្ញើឱ្យអភិបាលម្នាក់ទទួលខុសត្រូវលើ​​​ការិយាល័យ​​​​​​មួយចំនួន​​​នោះបាន។

មហាសន្និបាតទូន្មានឱ្យអភិបាលដែលបំពេញបន្ទុកទាំងនោះ អភិបាលភូមិភាគ និងក្រុមអភិបាលរួបរួមគ្នា​ដូចបងប្អូនជានិច្ច រួមគោលបំណងប្រាថ្នាក្នុងកិច្ចការជាគង្វាលណែនាំតាមលក្ខណៈដែលក្បួនច្បាប់ទូទៅ​​​ត្រូវ​​​បញ្ជាក់​​​​​​នៅពេលខាងមុខ។

៤៣- អភិបាលសម្រាប់កងទ័ព

ត្រូវយកចិត្តទុកដាក់យ៉ាងពិសេស​​នឹងថែទាំទាហានខាងវិញ្ញាណ ព្រោះគេមានរបៀបរស់នៅប្លែកពីគេ។ ​ហេតុនេះ ត្រូវតែងតាំងអភិបាលសម្រាប់កងទ័ពតាមសមត្ថភាពក្រុមអភិបាលនីមួយៗ។ អភិបាលកងទ័ព ​និង​​​បូជាចារ្យ (អាចារ្យ) ត្រូវបូជាកម្លាំងកាយកម្លាំងចិត្តដោយឥតសំចៃ បំពេញមុខងារដ៏ពិបាកនោះ ទាំងរួម​​​សហការ​​​យ៉ាង​​​​​​ពេញលេញជាមួយនឹង​អភិបាលភូមិភាគ​នានា។

ហេតុនេះ អភិបាលភូមិភាគនានាត្រូវជូនបូជាចារ្យមួយចំនួនល្មមទៅដល់អភិបាលកងទ័ព​ គឺគង្វាលដែលមានសមត្ថភាពអាចបំពេញបន្ទុកដ៏ធ្ងន់ធ្ងរនេះ។ នៅពេលជាមួយគ្នានោះ អស់លោកក៏ត្រូវ​​​លើកស្ទួយ​​​កិច្ចការ​​​​​​ផ្សេងៗ​​​​ដើម្បីជាប្រយោជន៍ខាងព្រះវិញ្ញាណរបស់ទាហានថែមទៀតផង។

បទបញ្ជាទូទៅ

៤៤- មហាសន្និបាតសម្រេចថា ពេលកែសម្រួលក្បួនច្បាប់ព្រះសហគមន៍ ត្រូវបង្កើតច្បាប់តាមតម្រូវការ និងស្រប​តាម​​​​គោលការណ៍បញ្ជាក់ក្នុងក្រឹត្យក្រមនេះ ដោយនឹកគិតដល់សេចក្តីសង្កេតឃើញនៃគណៈកម្មាធិការ​​​របស់​​​មហាសន្និបាត និង​របស់អភិបាលដែលចូលរួមក្នុងមហាសន្និបាតនេះផង។

មហាសន្និបាតសម្រេចទៀតថា ត្រូវចែងសេចក្តីណែនាំទូទៅសម្រាប់ថែទាំវិញ្ញាណ ដើម្បីជួយអស់លោក​អភិបាល និងគង្វាល ដែលទទួលខុសត្រូវថែទាំគ្រីស្តបរិស័ទក្នុងព្រះសហគមន៍មួយ។ សេចក្តីណែនាំដ៏​មាំមួន​​​ទាំង​​​នោះមុខជានឹងជួយអស់លោកឱ្យបំពេញបន្ទុករបស់ខ្លួនជាគង្វាលយ៉ាងស្រួល និងកាន់តែពេញ​លក្ខណៈ។

សូមចែង​​​សេចក្តីណែនាំពិសេសសម្រាប់ជួយអភិបាល និងគង្វាលដែលណែនាំក្រុម​​​​គ្រីស្តបរិស័ទប្លែកពីគេ តាម​សភាពការណ៍ផ្សេងៗរបស់ជាតិនានា ឬស្របតាមសភាពការណ៍តំបន់​​​ផ្សេង​​​ទៀត​​​ដែរ​​​។ ត្រូវចែងសេចក្តីណែនាំអំពីកា​​​រអប់រំជំនឿប្រជាជនគ្រីស្តបរិស័ទ។ សេចក្តីណែនាំត្រូវចែងអំពីគោលជាគ្រឹះ​​​មូលដ្ឋាន និងអំពីការចាត់ចែងនៃការបង្រៀននោះ។ ត្រូវនិពន្ធសៀវភៅអំពីសេចក្តីទាំងនោះ។ ​ពេលនិពន្ធសៀវ​​​ភៅ​​​ណែនាំ​​​ទាំង​​​នោះ ត្រូវនឹកគិតដល់សេចក្តីសង្កេតឃើញនៃ​​គណៈ​កម្មាធិការមហាសន្និបាត និងរបស់អភិបាលដែល​​​ចូលរួម​​​​​​ក្នុង​​​មហាសន្និបាត​​​​​​នេះ​​​ផង។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ក្រឹត្យក្រមទាំង​​មូលនេះ ព្រម​ទាំងគោលការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូតរួម​ជា​មួយ​អស់​លោក​អភិបាល​ ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម ហើយសម្រេចចេញជាក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀងទៅ។

 ធ្វើ​នៅ​ក្រុង​រ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

670 Views

Theme: Overlay by Kaira