- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
ព្រះសហគមន៍នៅបូព៌ាប្រទេស
ORIENTALIUM ECCLESIARUM
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
អំពីព្រះសហគមន៍កាតូលិកនៅបូព៌ាប្រទេស
១- បុព្វកថា
ព្រះសហគមន៍កាតូលិកគោរពយ៉ាងខ្លាំងនូវស្ថាប័ន ក្បួនពិធីគោរពប្រណិប័តន៍ និងប្រពៃណីព្រះសហគមន៍ ហើយវិន័យណែនាំការរស់នៅតាមគ្រីស្តសាសនារបស់ព្រះសហគមន៍នៅបូព៌ាប្រទេស។ ព្រះសហគមន៍ទាំងនោះមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ព្រោះព្រះសហគមន៍ទាំងនោះកើតជាយូរយារណាស់មកហើយ។ ការបញ្ជូនបន្តមកពីក្រុមគ្រីស្តទូតដោយសារគ្រូបាធ្យាយ ក៏លេចភ្លឺចិញ្ចាចចិញ្ចែងក្នុងព្រះសហគមន៍ទាំងនោះដែរ។ ការបញ្ជូនបន្តនេះ ពិតជាបេតិកភ័ណ្ឌរួមរបស់ព្រះសហគមន៍ទាំងមូល ជាបេតិកភ័ណ្ឌដែលបែកគ្នាមិនបាន ដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ ព្រះសហគមន៍ទាំងនោះពិតជាសាក្សី ដែលមានជីវិតអំពីការបញ្ជូនបន្តនោះ។ មហាសន្និបាតប្រាថ្នាចង់ឱ្យព្រះសហគមន៍ទាំងនោះលូតលាស់ឡើង និងបំពេញបេសកកម្មរបស់ខ្លួនដោយមានកម្លាំងរស់រវើកជាថ្មី។ ហេតុនេះហើយ បានជាលើសពីសេចក្ដីសម្រេចអំពីព្រះសហគមន៍សកល មហាសន្និបាតសម្រេចតែងតាំងគោលការណ៍ដ៏សំខាន់ៗខ្លះ ទាំងផ្ញើបញ្ហាឯទៀតៗឱ្យសន្និបាតព្រះសហគមន៍នៅបូព៌ាប្រទេស និងឱ្យអាសនៈគ្រីស្តទូតសិលាសម្រេចដោយប្រុងប្រយ័ត្ន។
ព្រះសហសហគមន៍ដែលកាន់តាមរបៀបរបបពិធីពិសេសដោយឡែក
២- ព្រះសហគមន៍កាតូលិកដ៏វិសុទ្ធជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត គឺមានគ្រីស្តបរិស័ទរួមភ្ជាប់ជាមួយគ្នាដូចជារូបកាយមួយក្នុងព្រះវិញ្ញាណ ដោយមានជំនឿតែមួយ អគ្គសញ្ញាដដែលដូចគ្នា និងមានការណែនាំគ្រប់គ្រងតែមួយដូចគ្នា។ គ្រីស្តបរិស័ទក៏តែងតាំងសហគមន៍ផ្សេងៗដែលមានអំណាចមកពីព្រះជាម្ចាស់តាមលំដាប់លំដោយ បង្រួបបង្រួមគេឱ្យភ្ជាប់ជាមួយគ្នា ពិតជាព្រះសហគមន៍ដោយឡែក ឬជាព្រះសហគមន៍ដែលមានរបៀបរបបពិធីផ្ទាល់។ ព្រះសហគមន៍ទាំងនោះរួបរួមគ្នាយ៉ាងល្អគួរឱ្យសរសើរ ដូច្នេះ ទោះបីក្នុងព្រះសហគមន៍តែមួយមានសេចក្ដីប្លែកៗពីគ្នាក៏ដោយ ក៏សេចក្ដីទាំងនោះមិនបង្ខូចការរួបរួមគ្នាជាធ្លុងតែមួយទេ ផ្ទុយទៅវិញ សេចក្ដីប្លែកៗពីគ្នាទាំងប៉ុន្មានលើកតម្កើងការរួបរួមគ្នានោះ។ ព្រះសហគមន៍កាតូលិកមានគោលបំណងថែរក្សាប្រពៃណីព្រះសហគមន៍ដោយឡែកនីមួយៗ ឬព្រះសហគមន៍ដែលមានរបៀបរបបពិធីផ្ទាល់ឱ្យនៅគង់វង្សទាំងស្រុង។ ព្រះសហគមន៍ក៏មានបំណងសម្របរបៀបរស់នៅរបស់ខ្លួនតាមតម្រូវការផ្សេងៗ គឺតាមកាលៈទេសៈ និងទីកន្លែងទៀតផង។
៣- ព្រះសហគមន៍ដោយឡែកទាំងនោះ ទោះជានៅបូព៌ាប្រទេសក្ដី នៅបស្ចិមប្រទេសក្ដី ក៏ប្លែកពីគ្នាដោយមានក្បួនពិធីប្លែកពីគ្នា គឺថា គេគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមរបៀបផ្សេងៗគ្នា មានក្បួនវិន័យប្លែកពីគ្នាសម្រាប់ក្រុមបូជាចារ្យ (អាចារ្យ) ហើយក៏មានបេតិកភ័ណ្ឌខាងព្រះវិញ្ញាណប្លែកពីគ្នាដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់បានផ្ញើព្រះសហគមន៍ទាំងនោះទៅលោកអភិបាលព្រះសហគមន៍ក្រុងរ៉ូមគ្រប់គ្រងណែនាំតាមរបៀបដដែល។ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ អភិបាលព្រះសហគមន៍ក្រុងរ៉ូមនេះបន្តមុខងារពីគ្រីស្តទូតសិលាមក ក្នុងឋានៈលោកជាប្រធានលើព្រះសហគមន៍សកល។ ហេតុនេះ ព្រះសហគមន៍ទាំងប៉ុន្មានមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នាទាំងអស់ គ្មានព្រះសហគមន៍ណាមួយលើសព្រះសហគមន៍ឯទៀតៗ ដោយអះអាងលើរបៀបរបបពិធីរបស់ខ្លួនឡើយ។ ព្រះសហគមន៍ទាំងនោះមានសិទ្ធិស្មើគ្នា ហើយក៏ត្រូវតែបំពេញកាតព្វកិច្ចដូចគ្នា គឺមានភារកិច្ចប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូល (មក ១៦,១៥) ក្រោមការណែនាំរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូមដូចគ្នាដែរ។
៤- ហេតុនេះហើយ បានជាត្រូវផ្គត់ផ្គង់ព្រះសហគមន៍ដោយឡែកទាំងនោះឱ្យនៅស្ថិតស្ថេរ និងឱ្យចម្រើនឡើងទៀតផង។ ត្រូវតែងតាំងសហគមន៍គ្រីស្តបរិស័ទ និងអំណាចដ៏សក្ការៈតាមលំដាប់លំដោយនៅកន្លែងណាដែលផលប្រយោជន៍ខាងព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារឱ្យមាន។ ក៏ប៉ុន្តែ អំណាចដ៏សក្ការៈតាមលំដាប់លំដោយនៃព្រះសហគមន៍ដោយឡែកទាំងនោះ ដែលស្ថិតនៅក្នុងតំបន់តែមួយត្រូវយកចិត្តទុកដាក់ពិគ្រោះគ្នា ដោយចាត់ចែងការប្រជុំតាមពេលកំណត់ ដើម្បីលើកស្ទួយឱ្យមានសកម្មភាពរួម និងព្រួតកម្លាំងគ្នាគាំទ្រកិច្ចការរួម ទើបអស់លោកបណ្តោយឱ្យប្រយោជន៍សាសនាចម្រើនឡើងឱ្យបានស្រួល ហើយក៏ការពារវិន័យរបស់ក្រុមបូជាចារ្យយ៉ាងសកម្មដែរ។ ត្រូវបង្រៀនអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង និងបេក្ខជនដែលត្រូវទទួលអគ្គសញ្ញានោះ ឱ្យដឹងច្បាស់អំពីរបៀបរបបពិធីគោរពប្រណិប័តន៍ផ្សេងៗ ជាពិសេស ដឹងអំពីសេចក្តីណែនាំក្នុងករណីអន្តររបៀបរបបពិធី។ នៅពេលអប់រំជំនឿ គ្រីស្តបរិស័ទធម្មតាក៏ត្រូវទទួលការអប់រំអំពីរបៀបរបបពិធីផ្សេងៗ និងអំពីសេចក្តីណែនាំក្នុងករណីអន្តររបៀបរបបពិធីនោះដែរ។ មិនតែប៉ុណ្ណោះសោត គ្រីស្តបរិស័ទម្នាក់ៗ និងគ្រីស្តបរិស័ទទាំងអស់ ព្រមទាំងអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះសហគមន៍ ឬក្នុងសហគមន៍មិនមែនកាតូលិក ហើយដែលមករួបរួមយ៉ាងពេញលក្ខណៈក្នុងព្រះសហគមន៍កាតូលិកយើង ត្រូវតែរក្សាទុករបៀបរបបពិធីរបស់ខ្លួនផ្ទាល់នៅគ្រប់កន្លែង។ គេក៏ត្រូវប្រតិបត្តិតាម និងកាន់តាមតែគេអាចធ្វើបានដែរ។ ក្នុងករណីពិសេស ដែលចោទឡើងអំពីបុគ្គលម្នាក់ៗ អំពីសហគមន៍នានា ឬអំពីតំបន់ផ្សេងៗ គេមានសិទ្ធិឡើងសណុំរឿងទៅអាសនៈរបស់គ្រីស្តទូតសិលា។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមនេះ ក្នុងឋានៈលោកជាអាជ្ញាកណ្តាលដ៏ខ្ពង់ខ្ពស់បំផុតក្នុងទំនាក់ទំនងរវាងព្រះសហគមន៍នានា លោកនឹងផ្គត់ផ្គង់តាមតម្រូវការរបស់គេ ដោយមានចិត្តគំនិតចង់បង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយផង។ លោកនឹងសម្រេចដោយខ្លួនលោកផ្ទាល់ក៏បាន ឬដោយផ្ញើឱ្យអំណាចផ្សេងៗសម្រេចក៏បាន ទាំងផ្តល់សេចក្ដីណែនាំ ក្រឹត្យក្រម និងបញ្ជាតាមសេចក្ដីត្រូវការ។
ត្រូវថែរក្សាបេតិកភ័ណ្ឌនៃព្រះសហគមន៍នាបូព៌ាប្រទេស
៥- ប្រវត្តិសាស្រ្ត ប្រពៃណីនានា និងស្ថាប័នជាច្រើនរបស់ព្រះសហគមន៍តែងបញ្ជាក់យ៉ាងច្បាស់ថា ព្រះសហគមន៍នៅបូព៌ាប្រទេសមានគុណជាច្រើនទៅលើព្រះសហគមន៍សកល។ ហេតុនេះហើយ បានជាមហាសន្និបាតសូមលើកតម្កើង និងរាប់បេតិកភ័ណ្ឌខាងព្រះសហគមន៍ និងខាងការរស់នៅតាមព្រះវិញ្ញាណរបស់គេ។ លើសពីនេះទៅទៀត មហាសន្និបាតទទួលស្គាល់យ៉ាងម៉ឺងម៉ាត់ថា បេតិកភ័ណ្ឌនោះពិតជាបេតិកភ័ណ្ឌរបស់ព្រះសហគមន៍ទាំងមូលរបស់ព្រះគ្រីស្ត។ ហេតុនេះហើយ បានជាមហាសន្និបាតសូមប្រកាសយ៉ាងឱឡារិកថា ព្រះសហគមន៍នៅបូព៌ាប្រទេស ក៏ដូចព្រះសហគមន៍នៅបស្ចិមប្រទេស មានសិទ្ធិ និងភារកិច្ចគ្រប់គ្រងខ្លួនឯង ដោយខ្លួនឯងបានតាមក្បួនវិន័យដោយឡែករបស់គេ។ គួរឱ្យគោរព និងប្រតិបត្តិតាមក្បួនវិន័យទាំងនោះ ព្រោះក្បួនវិន័យទាំងនោះមកពីបរមបុរាណ និងស្របតាមទំនៀមទម្លាប់គ្រីស្តបរិស័ទរបស់គេ ហើយក៏ស្រួលនាំផលប្រយោជន៍ដល់គេ។
៦- សូមឱ្យគ្រីស្តបរិស័ទនៅបូព៌ាប្រទេសទាំងអស់ដឹងយ៉ាងជាក់ច្បាស់ថា គេមានសិទ្ធិអាចនឹងត្រូវរក្សាទុកក្បួនពិធី គោរពប្រណិប័តន៍ដ៏ត្រឹមត្រូវរបស់ខ្លួន និងរក្សាទុកក្បួនវិន័យរបស់គេទៀតផង។ ប្រសិនត្រូវកែសម្រួលក្បួនទាំងនោះ ត្រូវកែសម្រួលតែក្នុងគោលបំណងធ្វើឱ្យពិធី និងក្បួនវិន័យទាំងនោះចម្រើនឡើង និងត្រូវកែសម្រួលពីផ្ទៃក្នុងព្រះសហគមន៍ដោយឡែកទាំងនោះទៀត។ គ្រីស្តបរិស័ទនៅបូព៌ាប្រទេសត្រូវកាន់តាមសេចក្ដីទាំងនោះដោយចិត្តស្មោះយ៉ាងខ្លាំង។ គេត្រូវស្គាល់ពិធី និងក្បួនវិន័យទាំងនោះឱ្យកាន់តែច្បាស់ឡើងៗ និងអនុវត្តតាមឱ្យកាន់តែប្រសើរឡើងៗដែរ។ ប្រសិនបើមានមូលហេតុបណ្តាលឱ្យគេឃ្លាតឆ្ងាយនោះ គឺមកពីសភាពការណ៍ផ្សេងៗតាមកាលៈទេសៈ ឬមកតែពីបុគ្គលនោះ សូមឱ្យគេខិតខំត្រឡប់មករកប្រពៃណីដូនតាគេវិញ។ ចំពោះអស់អ្នកដែលធ្លាប់មានទំនាក់ទំនងជាញឹកញាប់ជាមួយព្រះសហគមន៍នៅបូព៌ាប្រទេស ឬជាមួយគ្រីស្តបរិស័ទនៅបូព៌ាប្រទេស តាមបន្ទុករបស់ខ្លួនផ្ទាល់ ឬតាមមុខងារបម្រើរបស់គេក្នុងឋានៈជាគ្រីស្តទូត សូមរៀនយ៉ាងហ្មត់ចត់ដើម្បីឱ្យស្គាល់ និងឱ្យស្រឡាញ់របៀបរបបពិធី ក្បួនវិន័យ លទ្ធិនៃជំនឿ និងលក្ខណៈពិសេសរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេស។ មហាសន្និបាតផ្តែផ្តាំយ៉ាងផ្តូរផ្តាច់ថា សូមគ្រឹះស្ថាន និងសហគមន៍ដែលកាន់របៀបរបបពិធីឡាតាំង ហើយដែលធ្វើការនៅបូព៌ាប្រទេស ឬជាមួយគ្រីស្តបរិស័ទនៅបូព៌ាប្រទេស សូមបង្កើតគេហដ្ឋាន និងតំបន់ក្រុមគ្រួសារបព្វជិតដែលកាន់តាមរបៀបរបបពិធីបូព៌ាប្រទេស ប្រសិនបើអាចធ្វើបាន ដើម្បីឱ្យគេបំពេញកិច្ចការជាគ្រីស្តទូតឱ្យបានប្រសិទ្ធភាព។
អភិបាលដ៏ប្រសើរឧត្តមនៅបូព៌ាប្រទេស
៧- មានតែងតាំងអភិបាលដ៏ប្រសើរឧត្តមក្នុងព្រះសហគមន៍តាំងពីបរមបុរាណមក ហើយមហាសន្និបាតសកលដើមដំបូង ក៏តែងតែទទួលស្គាល់អភិបាលដ៏ប្រសើរឧត្តមទាំងនោះដែរ។
“អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍នៅបូព៌ាប្រទេស” មានន័យថា អភិបាលដែលគ្រប់គ្រងលើអភិបាលឯទៀតៗទាំងអស់ សូម្បីតែលើអភិបាលព្រះសហគមន៍នៃក្រុងធំៗក្តី ក៏អស់លោកគ្រប់គ្រងដែរ។ អស់លោកក៏គ្រប់គ្រងលើក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍ និងលើគ្រីស្តបរិស័ទដែលរស់នៅក្នុងតំបន់របស់លោក ឬលើគ្រីស្តបរិស័ទដែលកាន់តាមរបៀបរបបពិធីរបស់លោក។ លោកគ្រប់គ្រងដូច្នេះតាមសេចក្តីណែនាំនៃច្បាប់វិន័យ ទាំងទទួលស្គាល់អភិបាលព្រះសហគមន៍ក្រុងរ៉ូមទុកជាប្រធានផង។
នៅគ្រប់កន្លែងដែលគេតែងតាំងអ្នកកាន់អំណាចដ៏សក្ការៈម្នាក់នៃរបៀបរបបពិធីណាមួយ ក្រៅពីព្រំដែនតំបន់អភិបាលដ៏ប្រសើរឧត្តមនោះ ក៏អ្នកកាន់អំណាចដ៏សក្ការៈថ្មីនោះ (គឺអំណាចដែលមកពីព្រះជាម្ចាស់) នៅតែភ្ជាប់ចំណងជាមួយក្រុមអភិបាល ដែលមានអំណាចតាមលំដាប់លំដោយនៅក្នុងតំបន់ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អភិបាលដ៏ប្រសើរឧត្តមនៃរបៀបរបបពិធីនោះ តាមសេចក្តីណែនាំនៃច្បាប់វិន័យដែរ។
៨- អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍នៅបូព៌ាប្រទេស ទោះបីមានអភិបាលដ៏ប្រសើរឧត្តមខ្លះកើតក្រោយពីអភិបាលដ៏ប្រសើរឧត្តមឯទៀតៗ ក៏អស់លោកមានកិត្តិយសស្មើគ្នាទាំងអស់ ក្នុងឋានៈអស់លោកជាអភិបាលដ៏ប្រសើរឧត្តមដូចគ្នា តែត្រូវរក្សាទុកឋានន្តរស័ក្តិកិត្តិយស ដែលគេតែងតាំងយ៉ាងត្រឹមត្រូវរួចមកហើយ។
៩- តាមប្រពៃណីពីបរមបុរាណនៃព្រះសហគមន៍តរៀងមក ត្រូវគោរពយ៉ាងពិសេសចំពោះអភិបាលដ៏ប្រសើរឧត្តមទាំងប៉ុន្មាននៃព្រះសហគមន៍នៅបូព៌ាប្រទេស ដ្បិតអស់លោកជាប្រធានក្នុងតំបន់រៀងៗខ្លួនក្នុងឋានៈជាឪពុក និងជាមេដឹកនាំ។ ហេតុនេះហើយ បានជាមហាសន្និបាតសម្រេចថា ត្រូវតែងតាំងសិទ្ធិ និងឯកសិទ្ធិរបស់អស់លោកឡើងវិញ ស្របតាមប្រពៃណីពីបុរាណរបស់ព្រះសហគមន៍នីមួយៗ និងស្របតាមក្រឹត្យក្រមនៃមហាសន្និបាតសកលទាំងប៉ុន្មានពីមុនៗមក។
ទោះបីត្រូវកែសម្រួលសិទ្ធិ និងឯកសិទ្ធិទាំងនោះបន្តិចឱ្យបានស្របតាមសភាពការណ៍នាបច្ចុប្បន្នក្តី ក៏សិទ្ធិ និងឯកសិទ្ធិទាំងនោះពិតជាសិទ្ធិ និងឯកសិទ្ធិរបស់អស់លោកអភិបាលដ៏ប្រសើរឧត្តមតែងតែមាននៅសម័យព្រះសហគមន៍នៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសរួបរួមគ្នានៅឡើយ។
អស់លោកអភិបាលដ៏ប្រសើរឧត្តម និងសន្និបាតរបស់អស់លោកជាស្ថាប័នដ៏ខ្ពង់ខ្ពស់បំផុតដែលអាចដោះស្រាយបញ្ហាទាំងប៉ុន្មានក្នុងតំបន់របស់លោកអភិបាលដ៏ប្រសើរឧត្តម។ ស្ថាប័នដ៏ខ្ពង់ខ្ពស់បំផុតនេះក៏មានសិទ្ធិតែងតាំងមេដឹកនាំថ្មី និងតែងតាំងអភិបាលតាមរបៀបរបបពិធីរបស់អស់លោក ក្នុងព្រំដែនតំបន់របស់លោកអភិបាលដ៏ប្រសើរឧត្តមដែរ។ ក៏ប៉ុន្តែ អភិបាលព្រះសហគមន៍ក្រុងរ៉ូម នៅតែមានសិទ្ធិដែលដកមិនបាន អាចធ្វើអន្តរាគមន៍ក្នុងករណីនីមួយៗទាំងនេះបានផងដែរ។
១០- សេចក្ដីចែងអំពីអភិបាលដ៏ប្រសើរឧត្តមទាំងនោះ ក៏ត្រូវរាប់ទុកជាបានការចំពោះអគ្គអភិបាលដ៏ប្រសើរដែលជាមេដឹកនាំព្រះសហគមន៍ដោយឡែកទាំងមូលមួយ ឬដែលជាមេដឹកនាំរបៀបរបបពីធីមួយស្របតាមសេចក្តីណែនាំនៃច្បាប់វិន័យដែរ។
១១- អភិបាលដ៏ប្រសើរឧត្តមទាំងប៉ុន្មាន ជាស្ថាប័នគ្រប់គ្រងព្រះសហគមន៍ទាំងប៉ុន្មាននៅបូព៌ាប្រទេសតាមប្រពៃណី។ ហេតុនេះហើយ បានជាពេលណាត្រូវតែងតាំងតំបន់ថ្មីក្រោមអំណាចអភិបាលដ៏ប្រសើរឧត្តមម្នាក់តាមតម្រូវការ មហាសន្និបាតសកលយើងនេះ ប្រាថ្នាចង់ឱ្យមានតែមហាសន្និបាតសកល ឬអភិបាលព្រះសហគមន៍ក្រុងរ៉ូមប៉ុណ្ណោះតែងតាំងតំបន់ថ្មីនោះ។
វិន័យអំពីអគ្គសញ្ញា
១២- មហាសន្និបាតសកលដ៏វិសុទ្ធបញ្ជាក់ និងយល់ស្របតាមក្បួនវិន័យពីបុរាណ អំពីរបៀបធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ ដែលព្រះសហគមន៍ទាំងប៉ុន្មាននៅបូព៌ាប្រទេសធ្លាប់អនុវត្តតាម។ មហាសន្និបាតក៏ប្រាថ្នាចង់ឱ្យគេតែងតាំងរបៀបបុរាណធ្វើអគ្គសញ្ញាឡើងវិញថែមទៀត ប្រសិនបើត្រូវការ។
១៣- ចំពោះក្បួនវិន័យអំពីអ្នកបម្រើ ប្រេងគ្រីស្មាដ៏វិសុទ្ធដែលគ្រីស្តបរិស័ទនៅបូព៌ាប្រទេសតែងអនុវត្តតាមតាំងពីបរមបុរាណមក សូមតែងតាំងឡើងវិញយ៉ាងពេញលេញ។ ហេតុនេះហើយ បានជាអស់លោកគង្វាលមានសិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគ្រីស្តបរិស័ទបាន ដោយប្រើប្រេងគ្រីស្មាដែលអភិបាលដ៏ប្រសើរឧត្តម ឬអភិបាលបានប្រសិទ្ធិពររួចមកហើយ។
១៤- អស់លោកគង្វាលនៃព្រះសហគមន៍បូព៌ាប្រទេសមានសិទ្ធិអាចធ្វើអគ្គសញ្ញាលាបថ្ងាសនេះ ដែលអាចចាត់ទុកជាបានការ ទោះជានៅពេលធ្វើអគ្គសញ្ញាជ្រមុជទឹក ឬនៅពេលផ្សេងទៀតក្តី ទោះជាគ្រីស្តបរិស័ទដែលទទួលនោះកាន់តាមរបៀបរបបពិធីណាក៏ដោយ សូម្បីតែគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីឡាតាំងកី្ត ក៏លោកគង្វាលមានសិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគេបានដែរ។ ប៉ុន្តែអស់លោកត្រូវកាន់តាមបញ្ជានៃច្បាប់រួម និងតាមបញ្ជាព្រះសហគមន៍ដោយឡែក ដើម្បីឱ្យបានត្រឹមត្រូវតាមច្បាប់។ ចំពោះគង្វាល ដែលកាន់តាមរបៀបរបបពិធីឡាតាំងក៏មានសិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគ្រីស្តបរិស័ទនៃព្រះសហគមន៍បូព៌ាប្រទេសបានដែរ លុះត្រាតែលោកមានសិទ្ធិក្នុងការធ្វើអគ្គសញ្ញាលាបថ្ងាសនេះក្នុងព្រះសហគមន៍របស់ខ្លួន។ ធ្វើដូច្នេះ លោកគង្វាលមិនបង្ខូចប្រយោជន៍របៀបរបបពិធីផ្ទាល់របស់គ្រីស្តបរិស័ទទាំងនោះ។ ប៉ុន្តែ អស់លោកត្រូវកាន់តាមបញ្ជានៃច្បាប់រួម និងតាមបញ្ជាព្រះសហគមន៍ដោយឡែក ដើម្បីឱ្យបានត្រឹមត្រូវតាមច្បាប់។
១៥- គ្រីស្តបរិស័ទមានកាតព្វកិច្ចចូលរួមក្នុងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់រៀងរាល់ថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យធំៗ។ គេក៏មានកាតព្វកិច្ចចូលរួមក្នុងពិធីលើកតម្កើងព្រះជាម្ចាស់តាមវិន័យ ឬតាមទម្លាប់នៃរបៀបរបបពិធីរបស់គេផ្ទាល់ដែរ។ មានកំណត់ពេលសម្រាប់បំពេញកាតព្វកិច្ចនោះ គឺតាំងពីពិធីលើកតម្កើងព្រះជាម្ចាស់ល្ងាចថ្ងៃសៅរ៍ រហូតដល់ល្ងាចថ្ងៃអាទិត្យ ឬល្ងាចថ្ងៃបុណ្យធំៗនោះ។ មានចាត់ចែងដូច្នេះដើម្បីឱ្យគ្រីស្តបរិស័ទស្រួលបំពេញកាតព្វកិច្ចនោះ។ យើងទូន្មានគ្រីស្តបរិស័ទយ៉ាងខ្លាំងឱ្យទទួលព្រះកាយនៅថ្ងៃទាំងនោះ ឬជាញឹកញាប់ជាងរហូតដល់ទទួលរៀងរាល់ថ្ងៃក៏បានដែរ។
១៦- គ្រីស្តបរិស័ទនៃព្រះសហគមន៍ទាំងប៉ុន្មានដោយឡែកដែលរស់នៅក្នុងតំបន់ ឬក្នុងភូមិភាគព្រះសហគមន៍បូព៌ាតែមួយតែងតែរស់នៅលាយឡំគ្នាជានិច្ច។ ហេតុនេះ មេដឹកនាំដែលកាន់អំណាចដ៏សក្ការៈត្រូវផ្តល់ឱ្យគង្វាលរបស់ខ្លួនមានសិទ្ធិជាធម្មតា និងដោយគ្មានលក្ខខ័ណ្ឌណារារាំង ធ្វើអគ្គសញ្ញាលើកលែងទោសជូនគ្រីស្តបរិស័ទ ទោះជាគង្វាលនេះកាន់របៀបរបបពីធីណាក៏ដោយ។ សិទ្ធិនោះអាចប្រើបាននៅតំបន់ទាំងមូល ដែលស្ថិតនៅក្រោមអំណាចអភិបាលដែលផ្តល់សិទ្ធិនោះ ព្រមទាំងប្រើបាននៅកន្លែងដែលគ្រីស្តបរិស័ទរស់នៅ និងសម្រាប់គ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្នុងតំបន់នោះ ទោះបីគេកាន់តាមរបៀបរបបពិធីណាក៏ដោយ លើកលែងតែអ្នកកាន់អំណាចដ៏សក្ការៈក្នុងតំបន់នោះបានបដិសេធយ៉ាងច្បាស់ ចំពោះកន្លែងដែលគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីរបស់លោករួចហើយ។
១៧- មហាសន្និបាតប្រាថ្នាចង់ឱ្យតែងតាំងឧបដ្ឋាកអចិន្រៃ្តយ៍ឡើងវិញ នៅកន្លែងណាដែលគេលែងមាន ដើម្បីអនុវត្តតាមក្បួនវិន័យបុរាណនៃព្រះសហគមន៍បូព៌ាប្រទេស អំពីអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ។ ចំពោះមុខងារជាអនុឧបដ្ឋាក និងមុខងារបម្រើតូចជាងគេ ព្រមទាំងអំពីសិទ្ធិ និងកាតព្វកិច្ចភ្ជាប់នឹងមុខងារទាំងនោះ អំណាចដែលមានសមត្ថកិច្ច បញ្ចេញច្បាប់វិន័យក្នុងព្រះសហគមន៍ដោយឡែកនីមួយៗត្រូវចាត់វិធានការតាមសេចក្ដីត្រូវការ។
១៨- ចំពោះគ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍បូព៌ាប្រទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក តែមិនមែនជាគ្រីស្តបរិស័ទកាតូលិកបូព៌ាទេ មហាសន្និបាតសម្រេចថា ត្រូវតែរៀបអាពាហ៍ពិពាហ៍តាមក្បួនច្បាប់ ដើម្បីឱ្យអាពាហ៍ពិពាហ៍នោះត្រឹមត្រូវតាមច្បាប់ គឺគ្រាន់តែឱ្យមានវត្តមានរបស់លោកគង្វាលម្នាក់ជាចាំបាច់ និងឱ្យគោរពតាមក្បួនវិន័យឯទៀតៗតាមសេចក្តីណែនាំនៃច្បាប់ ទើបអាពាហ៍ពិពាហ៍នោះទុកជាបានការ។ មហាសន្និបាតសម្រេចដូច្នេះ ដើម្បីឱ្យអាពាហ៍ពិពាហ៍ទាំងនោះអាចយកជាការបាន និងដើម្បីឱ្យគូស្វាមីភរិយានៅជាប់ស្ថិតស្ថេរ ហើយបានវិសុទ្ធ ព្រមទាំងរស់នៅជាមួយគ្នាដោយសេចក្ដីសុខសាន្តទៀតផង។
ពិធីគោរពបម្រើព្រះជាម្ចាស់
១៩- តាំងពីពេលនេះតទៅ មានតែមហាសន្និបាតសកល និងសន្តៈអាសនៈនៃគ្រីស្តទូតសិលាប៉ុណ្ណោះទេដែលមានសិទ្ធិផ្លាស់ប្តូរថ្ងៃបុណ្យរួមរបស់ព្រះសហគមន៍បូព៌ាប្រទេសទាំងឡាយ ឬលុបបំបាត់ថ្ងៃបុណ្យទាំងនោះបាន។ ចំពោះថ្ងៃបុណ្យរបស់ព្រះសហគមន៍ដោយឡែក សន្និបាតរបស់អភិបាលដ៏ប្រសើរឧត្តម ឬសន្និបាតរបស់អគ្គអភិបាលក៏មានសិទ្ធិតែងតាំង និងផ្លាស់ប្តូរ ឬលុបបំបាត់ថ្ងៃបុណ្យនានា ដូចអាសនៈគ្រីស្តទូតសិលាដែរ។ ក៏ប៉ុន្តែ ត្រូវនឹកគិតដល់តំបន់ទាំងមូល និងដល់ព្រះសហគមន៍ដោយឡែកឯទៀតៗដែរ។
២០- មហាសន្និបាតប្រាថ្នាចង់ឱ្យគ្រីស្តបរិស័ទទាំងអស់ព្រមព្រៀងគ្នាធ្វើបុណ្យចម្លងនៅថ្ងៃតែមួយដូចគ្នា។ ទម្រាំពេលនោះ សូមអស់លោកអភិបាលដ៏ប្រសើរឧត្តម និងអ្នកកាន់អំណាចយ៉ាងខ្ពង់ខ្ពស់ក្នុងព្រះសហគមន៍ក្នុងតំបន់ រួមមតិគា្នធ្វើបុណ្យចម្លងនៅថ្ងៃអាទិត្យដដែលតែមួយដូចគ្នា ដោយព្រមគ្នាជាឯកច្ឆ័ន្ន និងដោយបានពិគ្រោះជាមួយអស់អ្នកដែលពាក់ព័ន្ធនឹងបញ្ហានេះ។ ធ្វើដូច្នេះ មុខជាអស់លោកនឹងជួយឱ្យគ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្នុងតំបន់ ឬក្នុងប្រទេសតែមួយរួបរួមគ្នាជាធ្លុងតែមួយពុំខាន។
២១- ចំពោះកាលបរិច្ឆេទធ្វើពិធីគោរពប្រណិប័តន៍ គ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្រៅតំបន់ ឬក្រៅកន្លែងដែលគេកាន់តាមរបៀបរបបពិធីរបស់ខ្លួន មានសិទ្ធិសម្របខ្លួនទាំងស្រុងតាមវិន័យដែលតែងអនុវត្តនៅកន្លែងគេរស់នៅ។ ចំពោះក្រុមគ្រួសារដែលមានគូស្វាមីភរិយាជាគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីផ្សេងពីគ្នា គេមានសិទ្ធិតាមច្បាប់ដដែលនេះ គឺកាន់តាមរបៀបរបបពិធីតែមួយគត់។
២២- ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងបព្វជិតបព្វជិតានៃព្រះសហគមន៍នៅបូព៌ាប្រទេស ត្រូវធ្វើពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមវិន័យ និងតាមប្រពៃណីនៃក្បួនច្បាប់ក្រុមគ្រួសាររបស់គេ។ តាំងពីបរមបុរាណមក ព្រះសហគមន៍នៅបូព៌ាប្រទេស តែងតែពេញចិត្តយ៉ាងខ្លាំង និងធ្លាប់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដូច្នេះ។ គ្រីស្តបរិស័ទក៏ត្រូវធ្វើតាមគំរូដូនតារបស់ខ្លួន គឺត្រូវចូលរួមក្នុងពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នោះដែរ ដោយគោរពប្រណិប័តន៍តាមសមត្ថភាពរៀងៗខ្លួន។
២៣- មានតែអភិបាលដ៏ប្រសើរឧត្តមរួមជាមួយសន្និបាតរបស់លោក ឬអ្នកកាន់អំណាចដ៏ខ្ពង់ខ្ពស់ក្នុងព្រះសហគមន៍នីមួយៗ ដោយមានក្រុមប្រឹក្សាអ្នកកាន់អំណាចដ៏សក្ការៈប៉ុណ្ណោះទេ ដែលមានសិទ្ធិចាត់ចែងឱ្យគេប្រើភាសាណាមួយ ក្នុងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ក្រោយពីបានរាយការណ៍ទៅអាសនៈគ្រីស្តទូតសិលាមក អស់លោកក៏មានសិទ្ធិយល់ព្រមអនុម័តឱ្យយកអត្ថបទដែលគេបកប្រែតាមភាសាប្រជាជនរស់នៅក្នុងប្រទេសមកប្រើជាផ្លូវការបាន។
ទំនាក់ទំនងជាមួយបងប្អូនក្នុងព្រះសហគមន៍ដែលបែកចេញពីយើង
២៤- ព្រះសហគមន៍នៅបូព៌ាប្រទេសដែលរួបរួមជាមួយអាសនៈគ្រីស្តទូតសិលានៅក្រុងរ៉ូម មានភារកិច្ចពិសេស លើកស្ទួយឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ ជាពិសេស គ្រីស្តបរិស័ទនៅបូព៌ាប្រទេសស្របតាមគោលការណ៍មហាសន្និបាតនេះ ស្តីអំពីការបង្រួបបង្រួមជាធ្លុងតែមួយ។ គេជួយឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ មុនដំបូងដោយអធិដ្ឋាន បន្ទាប់មក ដោយធ្វើជាគំរូតាមរបៀបរស់នៅរបស់គេ ដោយគោរពប្រពៃណីបុរាណនៅបូព៌ាប្រទេសយ៉ាងស្មោះបែបសាសនា ដោយស្គាល់គ្នាទៅវិញទៅមកឱ្យកាន់តែច្បាស់ឡើងៗ ដោយរួមសហការគ្នា និងដោយរាប់អានគ្នាទៅវិញទៅមកទុកជាបងប្អូន ព្រមទាំងរាប់រកអ្វីទាំងអស់របស់គេទុកជាគួរឱ្យស្រឡាញ់។
២៥- ប្រសិនបើមានគ្រីស្តបរិស័ទនៅបូព៌ាប្រទេសដែលបែកចេញពីយើង ចូលរួបរួមក្នុងព្រះសហគមន៍កាតូលិកតែមួយ ដោយព្រះហឫទ័យប្រោសប្រណីរបស់ព្រះវិញ្ញាណជួយបំភ្លឺចិត្តគំនិតគេផង កុំទាមទារអ្វីលើសពីសេចក្ដីប្រកាសជំនឿកាតូលិកឡើយ។ ដោយព្រះសហគមន៍របស់គេបានរក្សាទុកមុខងារជាបូជាចារ្យឱ្យប្រើជាការបាន អស់លោកដែលទទួលអគ្គសញ្ញាតែងតាំងបម្រើព្រះសហគមន៍នៅបូព៌ាប្រទេស ហើយដែលចូលរួបរួមក្នុងព្រះសហគមន៍កាតូលិកតែមួយនោះ មានសិទ្ធិបំពេញមុខងាររបស់ខ្លួនផ្ទាល់តទៅទៀតបាន តាមវិន័យដែលអំណាចមានសមត្ថកិច្ចតែងតាំងរួចហើយ។
២៦- ធម៌វិន័យរបស់ព្រះជាម្ចាស់ហាមមិនឱ្យគ្រីស្តបរិស័ទចូលរួបរួមក្នុងពិធីដ៏សកា្ករៈប្លែកពីពិធីនៃគ្រីស្តសាសនាជាដាច់ខាត។ ការចូលរួបរួមក្នុងពិធីដ៏សកា្ករៈបែបនេះ បណ្តាលឱ្យព្រះសហគមន៍បាក់បែកគ្នា និងនាំឱ្យប្រកាសយ៉ាងជាក់ច្បាស់ថា ខ្លួនភ្ជាប់ចិត្តជឿសេចក្ដីមិនពិត ឬប្រកាសសេចក្ដីដែលបណ្តាលឱ្យវង្វេងជំនឿ និងរារាំងអ្នកដទៃមិនឱ្យជឿទៀត។ ការចូលរួបរួមក្នុងពិធីដ៏សកា្ករៈបែបនេះក៏បណ្តាលឱ្យខ្លួនមិនអើពើនឹងជំនឿដោយគិតថា សាសនាណាក៏ដូចសាសនាណាដែរ។
ប៉ុន្តែ ចំពោះបងប្អូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេសវិញ មិនមែនដូច្នោះទេ។ បទពិសោធន៍ក្នុងការឃ្វាលណែនាំបង្ហាញឱ្យឃើញថា នៅពេលណាគ្មានការប៉ះពាល់នឹងការរួបរួមរបស់ព្រះសហគមន៍ ហើយមិនបណ្តាលឱ្យខ្លាចអ្វីដែលត្រូវជៀសវាងនោះ យើងអាច (ហើយក៏ត្រូវ) ចាប់អារម្មណ៍នឹងសភាពការណ៍ផ្សេងៗរបស់បុគ្គលម្នាក់ៗ គឺយើងត្រូវចាប់អារម្មណ៍នឹងតម្រូវការរបស់គេដែលត្រូវទទួលការសង្គ្រោះ និងផលប្រយោជន៍ខាងវិញ្ញាណវិញ។ ហេតុនេះហើយ បានជាកាលពីដើម ហើយសព្វថ្ងៃដែរ ព្រះសហគមន៍កាតូលិកអនុញ្ញាតឱ្យអនុវត្តតាមគោលការណ៍មិនសូវតឹងរឹងទេ ដោយយល់ឃើញដល់សភាពការណ៍នៃកាលៈទេសៈ នៃទីកន្លែង និងនៃបុគ្គលម្នាក់ៗ។ ព្រះសហគមន៍មានគោលបំណងជូនគ្រប់មធ្យោបាយនៃការសង្គ្រោះឱ្យគេ ព្រមទាំងផ្តល់សក្ខីភាពអំពីសេចក្ដីស្រឡាញ់របស់គ្រីស្តបរិស័ទចំពោះគ្នាទៅវិញទៅមក។ ហេតុនេះហើយ បានជាព្រះសហគមន៍កាតូលិកអនុញ្ញាតឱ្យគ្រីស្តបរិស័ទទទួលអគ្គសញ្ញានានា និងចូលរួមក្នុងពិធីឯទៀតៗ និងក្នុងអ្វីៗដ៏សក្ការៈដែរ។
មហាសន្និបាតយល់ឃើញដូច្នេះ ”កុំឱ្យយើងទៅជាឧបសគ្គចំពោះអ្នកដែលទទួលការសង្គ្រោះ ដោយយើងដាក់ទោសគេធ្ងន់ពេក” ក្នុងគោលបំណងជួយព្រះសហគមន៍នានានៅបូព៌ាប្រទេស ដែលបែកចេញពីយើងឱ្យរួបរួមជាមួយយើង ចែងរបៀបប្រព្រឹត្តិដូចតទៅ៖
២៧- ទោះបីត្រូវនឹកគិតដល់គោលការណ៍ចែងនៅខាងលើក៏ដោយ ក៏យើងអាចធ្វើអគ្គសញ្ញាលើកលែងទោស អគ្គសញ្ញាអរព្រះគុណ និងអគ្គសញ្ញាលាបប្រេងអ្នកជំងឺ ជូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេសដែលបែកចេញពីព្រះសហគមន៍កាតូលិកយើងដោយមិនដឹងខ្លួនបាន លុះត្រាតែគេសូមទទួលអគ្គសញ្ញាទាំងនោះដោយខ្លួនគេផ្ទាល់ និងបានរៀបចំខ្លួនទទួលយ៉ាងសមរម្យ។ លើសពីនេះទៅទៀត គ្រីស្តបរិស័ទកាតូលិកមានសិទ្ធិសូមលោកដែលទទួលមុខងារបម្រើដែលមិនមែនជាគ្រីស្តបរិស័ទកាតូលិកធ្វើអគ្គសញ្ញាទាំងនោះជូនខ្លួនបាន លុះត្រាតែគេទទួលអគ្គសញ្ញាទាំងនោះក្នុងព្រះសហគមន៍ដែលទទួលស្គាល់ថា អគ្គសញ្ញាទាំងនោះយកជាការបាន។ គ្រីស្តបរិស័ទកាតូលិកមានសិទ្ធិសុំដូច្នេះគ្រប់ពេលណាគេត្រូវការ ឬគ្រប់ពេលណាគេយល់ឃើញថា មានប្រយោជន៍យ៉ាងពិតប្រាកដខាងព្រះវិញ្ញាណ ឬប្រសិនបើគេមាឧបសគ្គខាងផ្លូវកាយ ឬខាងផ្លូវចិត្ត មិនអាចទៅសូមគង្វាលកាតូលិកបាន។
២៨- លើសពីនេះទៅទៀត ទោះបីត្រូវនឹកគិតដល់គោលការណ៍ដូចមានចែងនៅខាងលើក៏ដោយ ក៏មានការអនុញ្ញាតឱ្យគ្រីស្តបរិស័ទកាតូលិក និងបងប្អូនគ្រីស្តបរិស័ទខាងបូព៌ាប្រទេសដែលបែកចេញពីយើង ចូលរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នាបាន ព្រមទាំងចែកចាយអ្វីៗដ៏សក្ការៈក្នុងពិធីគោរពប្រណិប័តន៍ និងនៅទីកន្លែងដ៏សក្ការៈដែរ ប៉ុន្តែ ត្រូវមានមូលហេតុដ៏ត្រឹមត្រូវ។
សេចក្ដីណែនាំអំពីការចូលរួបរួមធ្វើពិធីដ៏សក្ការៈជាមួយបងប្អូននៃព្រះសហគមន៍នៅបូព៌ាប្រទេសដែលបែកចេញពីយើង ពិតជាស្រួលជាងគោលការណ៍ចែងនៅខាងលើមែន។ មហាសន្និបាតផ្ញើសេចក្ដីណែនំាទាំងនេះឱ្យអស់លោកកាន់អំណាចដ៏សក្ការៈដែលគ្រប់គ្រងតំបន់ទាំងនោះ អនុវត្តតាមដោយប្រុងប្រយ័ត្ន។ សូមអស់លោកពិគ្រោះគ្នា ហើយប្រសិនបើត្រូវការ សូមពិគ្រោះជាមួយអស់លោកដែលមានអំណាចដ៏សក្ការៈនៃព្រះសហគមន៍ ដែលបែកចេញពីព្រះសហគមន៍កាតូលិកដែរ រួចត្រូវដោះស្រាយទំនាក់ទំនងរបស់គ្រីស្តបរិស័ទទាំងឡាយតាមសេចក្តីសម្រេច និងតាមសេចក្តីណែនាំដ៏ស័ក្តិសិទ្ធិតាមតម្រូវការ។
ពាក្យបញ្ចប់
មហាសន្និបាតមានអំណរសប្បាយរីករាយដោយព្រះសហគមន៍កាតូលិកនៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសរួមសហការគ្នាយ៉ាងសកម្ម។ ការសហការនេះមុខជានឹងបង្កើតផលល្អពុំខាន។ នៅពេលជាមួយគ្នានេះ មហាសន្និបាតប្រកាសសេចក្ដីដូចតទៅ៖ មហាសន្និបាតបានចាត់ចែងសេចក្តីខាងច្បាប់ទាំងនោះដោយយល់ដល់សភាពការណ៍បច្ចុប្បន្ន ទម្រំាដល់ពេលព្រះសហគមន៍ កាតូលិក និងព្រះសហគមន៍នៅបូព៌ាប្រទេសដែលបែកចេញនោះរួបរួមគ្នាយ៉ាងពេញលក្ខណៈ។ ទម្រាំពេលនោះមហាសន្និបាតអញ្ជើញគ្រីស្តបរិស័ទទាំងអស់ ទាំងនៅបូព៌ាប្រទេស ទាំងនៅបស្ចិមប្រទេសឱ្យព្យាយាមទទូចអង្វរព្រះជាម្ចាស់រៀងរាល់ថ្ងៃ សូមឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាអង្គតែមួយ ដោយព្រះមាតារបស់ព្រះអម្ចាស់ដ៏វិសុទ្ធបំផុតជួយឧបត្ថម្ភផង។ សូមគ្រីស្តបរិស័ទទាំងអស់ទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រណីដល់គ្រីស្តបរិស័ទជាច្រើនអនេកនៃព្រះសហគមន៍នីមួយៗ ដែលប្រកាសព្រះនាមព្រះគ្រីស្តដោយចិត្តក្លាហាន ហើយដែលកំពុងរងទុក្ខលំបាកវេទនាព្រោះតែមូលហេតុនេះ។ សូមព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រណីសម្រាលទុក្ខគេ និងលើកទឹកចិត្តគេយ៉ាងពេញលេញទៀតផង។
«យើងត្រូវស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូន។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព» (រម ១២,១០)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឱ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផងក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)