ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
PERFECTAE CARITATIS

ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្តីនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។

សេចក្តីប្រកាស
អំពីការកែសម្រួលការរស់នៅរបស់បព្វជិតបព្វជិតា
តាមរបៀបថ្មីសមស្របតាមសម័យបច្ចុប្បន្ន

១- បុព្វកថា

ក្នុងធម្មនុញ្ញគោលលទ្ធិក្រោមចំណងជើងថា “ព្រះសហគមន៍ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក” មហា​សន្និ​បាត​បាន​បង្ហាញថា ការ​ស្វះ​ស្វែង​រក​សេចក្តីស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ដោយ​ប្រព្រឹត្ត​តាម​ដំបូន្មាន​ចែងក្នុងគម្ពីរដំណឹងល្អហូរ​ចេញ​មក​ពី​លទ្ធិ​ និង​ពីគំរូ​របស់​ព្រះគ្រីស្តជាព្រះ​បរមគ្រូ ហើយ​ពិតជា​សញ្ញា​សម្គាល់​ដ៏ប្រសើរសម្តែង​យ៉ាង​ជាក់ច្បាស់​អំពី​ព្រះ​រាជ្យ​របស់​ព្រះ​ជាម្ចាស់។ ឥឡូវនេះ ​មហាសន្និ​បាត​មាន​បំណង​ចង់​ចែងអំពី​ការ​រស់​នៅ និង​អំពី​វិន័យ​របស់គ្រឹះសា្ថន​​ទាំង​ប៉ុន្មាន​ដែល​មាន​សមាជិក​ធ្វើ​ពិធីសច្ចា​ប្រណិ​ធាន​ថា នឹង​រស់​នៅ​ជា​ព្រហ្មចារី ជាអ្នកក្រីក្រ និងជាអ្នកស្តាប់​បង្គាប់​មេដឹក​នាំ។ ធ្វើដូច្នេះ មហា​សន្និ​បាត​នឹង​ជួយ​ផ្គត់​ផ្គង់​តាមតម្រូវការ​របស់​គេស្របតាម​សម័យ​បច្ចុប្បន្នទាមទារនោះ។

តាំង​ពី​ដើម​ដំបូងនៃ​ព្រះ​សហគមន៍រៀងមកមាន​បុរស និង​ស្រ្តី​ខ្លះ​មានបំណងចង់​តាម​ព្រះ​គ្រីស្តដោយ​មាន​សេរីភាព​​​ជាង​គ្រីស្ត​បរិស័ទ​ឯ​ទៀតៗ និង​យក​តម្រាប់​​​​តាម​ព្រះ​អង្គ​យ៉ាងស្ម័គ្រ​ស្មោះ​ជាង ដោយប្រ​តិបត្តិតាម​ដំបូន្មាន​​​​​​រ​​​បស់ព្រះគ្រីស្តដែលចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ គឺម្នាក់ៗបាន​ញែក​ខ្លួន​ថ្វាយព្រះ​ជា​ម្ចាស់​តាម​របៀប​រៀង​ៗខ្លួន​​​។ ក្នុងចំណោមអ្នកទាំងនោះ ដោយ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធជំរុញគេ មាន​គ្រីស្តបរិស័ទមួយ​ចំនួន​ធំ​បានរស់​នៅ​ម្នាក់​ឯង អ្នកខ្លះទៀតបង្កើត​ក្រុម​គ្រួសារ​បព្វ​ជិត​បព្វជិតា។ ព្រះសហគមន៍​ទទួល​ស្គាល់​ក្រុម​គ្រួសារទាំងនោះ​ដោយ​រីករាយ និង​យក​អំណាចរបស់ខ្លួនមកធានា​រ៉ាប់​រង​ទៀតផង។ តាំង​ពី​ពេល​នោះ​មក ចំនួនក្រុម​​បព្វ​ជិត​បព្វជិតាប្លែកៗ​​​​ពី​គ្នា​មាន​​​កាន់​​​តែ​​​ច្រើនឡើងៗយ៉ាងអស្ចារ្យ តាមព្រះ​ជា​ម្ចាស់គ្រោងទុកស្រាប់។ ក្រុម​​បព្វ​ជិត​ទាំង​នោះ​ជួយ​ព្រះ​សហគមន៍​​​យ៉ាង​សកម្ម មិន​គ្រាន់​តែ​ឱ្យអាច​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង (២ធម ៣,១​៧) និង​ឱ្យប្រុង​ប្រៀបបំពេញ​មុខ​​​ងារ​​​បម្រើ​របស់​ខ្លួន ដើម្បី​កសាងព្រះកាយ​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ​ទេ (អភ ៤,៣២) តែក្រុម​ទាំង​នោះក៏ជួយឱ្យ​ព្រះសហគមន៍​បញ្ចេញ​សោភ័ណភាពតាមព្រះ​អំណោយ​ទាន​ផ្សេងៗ​នៃ​បុត្រធីតាបស់ខ្លួន ដូច​ព្រះមហេសីដែលតែង​ខ្លួន​ថ្វាយ​ព្រះ​ស្វាមី (វវ ២១,២) ថែមទៀតផង។ ដូច្នេះ ព្រះ​សហគមន៍​អាចសម្តែង​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ​ជា​ម្ចាស់បាន (អភ ៣,​១០)។

អស់​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​ឱ្យ​ប្រ​តិបត្តិតាម​ដំបូន្មាន​ចែងក្នុងគម្ពីរដំណឹងល្អ និង​ដែល​សច្ចា​ប្រណិធាន​​​កាន់តាមយ៉ាងស្មោះ ក៏សម្តែង​ព្រះ​អំណោយ​ទាន​ម្យ៉ាងក្នុង​ចំណោម​ព្រះ​អំណោយ​ទាន​ទាំង​នោះ គឺពួក​គាត់​​​​ថ្វាយ​ខ្លួន​ទៅ​ព្រះ​អម្ចាស់​យ៉ាង​ពិសេស សុខចិត្ត​ដើរ​តាម​គំរូព្រះ​គ្រីស្ត​ដែល​រស់​នៅ​ជា​ព្រហ្មចារី និង​ជា​អ្នក​ក្រី​ក្រ (មថ ៨,២០; លក ៩,៥៨)។ ព្រះ​អង្គ​ក៏​ធ្វើ​តាម​ព្រះ​បញ្ជា​ព្រះ​បិតារហូត​ដល់​បូជា​ព្រះ​ជន្ម​នៅលើឈើ​ឆ្កាង (ភីល ២,​​​៨) ​​​ទ្រង់​បាន​រំដោះ​មនុស្សលោក និង​ប្រោស​ឱ្យ​គេ​បានវិសុទ្ធទៀតផង។ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​ក្នុង​ចិត្ត​គាត់ (រម ៥,៥) ហើយសេចក្តី​ស្រឡាញ់​នោះជំរុញ​ពួក​គាត់ឱ្យ​រស់នៅតាមមាគ៌ានេះ។ គាត់រស់នៅដោយ​ថ្វាយ​ខ្លួន​ទៅ​ព្រះ​គ្រីស្ត​ឱ្យ​កាន់​តែ​ខ្លាំងឡើងៗ និងដើម្បីជាប្រយោជន៍ដល់​ព្រះ​សហគមន៍​ដែល​ជា​ព្រះ​កាយ​ព្រះអង្គ (កូឡូ ១,​​​២៤​​​)។ ហេតុ​នេះ​ហើយ​ បាន​ជាគាត់​រួម​រស់​ជា​មួយ​ព្រះ​គ្រីស្តដោយ​ថ្វាយ​ខ្លួន​ក្នុង​គ្រប់​វិស័យ​នៃ​ការ​រស់​នៅ​របស់​គេឱ្យ​​កាន់​​​តែ​​​ជ្រាលជ្រៅឡើងៗយ៉ាងណា ព្រះសហគមន៍ក៏​មាន​ជីវិត​រស់​រវើក ហើយ​អាច​បំពេញ​បេសកកម្ម​របស់​ខ្លួនទាំងបង្កើត​​​ផល​​​កាន់​តែ​ប្រសើរ និង​ច្រើន​ឡើងយ៉ាង​នោះដែរ។

មហា​សន្និបាត​ចាត់​ចែង​សេចក្តី​ដូចខាង​ក្រោម​នេះ ដើម្បី​ឱ្យ​ព្រះ​សហគមន៍​នា​បច្ចុប្បន្ន​ទាញ​យក​ផល​ឱ្យកាន់​​​តែ​​​​​​ច្រើន​​​ពី​ការ​រស់​នៅ​ដ៏​ប្រសើររបស់​បព្វ​ជិត​បព្វជិតា ដែល​សច្ចា​ប្រណិ​ធានកាន់​តាម​ដំបូន្មានចែង​​​ក្នុង​​​គម្ពីរ​​​ដំណឹងល្អ​​​នោះ​​​​​​។ ព្រះ​សហគមន៍​ពិតជាត្រូវ​ការបព្វ​ជិត​បព្វជិតា។ សេចក្តី​ខាង​ក្រោម​នេះគ្រាន់​តែ​ជា​គោល​ការណ៍​ទូ​ទៅ​សម្រាប់​​​​កែ​​​សម្រួល​​​​ការ​​​​រស់​នៅ និង​វិន័យ​គ្រឹះ​ស្ថាន​របស់​បព្វ​ជិត​បព្វជិតា​ឱ្យបានជាថ្មីប៉ុណ្ណោះ។ គោលការណ៍ទូទៅ​​​ទាំង​​​នោះ​​​ក៏​​​ត្រូវ​​​យក​​​មក​​​កែ​​​សម្រួលដល់​​​ការ​រស់នៅ​របស់ក្រុម​អ្នកដែលរស់នៅ​ជា​មួយ​គ្នា​ដោយមិនធ្វើពិធីសច្ចា​ប្រណិ​ធានដែរ ព្រម​ទាំង​របស់​​​ក្រុម​​​​គ្រីស្តបរិស័ទ​​​​ដែលរស់​​​​នៅ​ក្នុង​សង្គម ស្របតាមលក្ខណៈរបស់ក្រុមនីមួយៗនោះដែរ។ ក្រោយពេល​មហា​សន្និបាត​នេះ​ចប់ទៅ​​​ហើយ​ អាជ្ញាធរព្រះសហគមន៍ដែល​មានសមត្ថកិច្ចត្រូវចាត់​ចែង​សេចក្តីណែនាំផ្សេងៗ ដោយ​​​​ឡែក​ ដើម្បី​បព្វ​ជិត​បព្វជិតាអនុវត្ត​តាម​គោល​ការណ៍​ទូ​ទៅ​ទាំង​នោះយ៉ាង​ប្រាកដប្រជា។

២- គោលការណ៍ទូទៅ​សម្រាប់​កែសម្រួល​ឱ្យបានជាថ្មីស្របតាម​បច្ចុប្បន្ន

នៅពេល​កែសម្រួល​ការ​រស់​នៅ​របស់​បព្វជិតបព្វជិតាឱ្យ​បាន​ជាថ្មី ស្រប​តាម​បច្ចុប្បន្ន​កាល ម្យ៉ាង​ត្រូវ​នឹក​គិត​ជា​និច្ច​ដល់​ប្រភព​នៃ​ការ​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ទូ​ទៅ ហើយ​​​​ក៏​ត្រូវ​នឹក​គិត​ដល់​គោល​គំនិត​អ្នក​បង្កើត​គ្រឹះស្ថាន​បព្វជិត​បព្វជិតា​​​​​​ទាំង​នោះដែរ។ ម្យ៉ាង​ទៀត ត្រូវ​គិត​គូរ​ធ្វើ​ឱ្យគ្រឹះស្ថាន​បព្វជិត​បព្វជិតាទាំង​នោះបានស្របតាម​​​សភាពការណ៍​​​ថ្មីៗ​​​​របស់​មនុស្ស​រស់​នៅ​នា​បច្ចុប្បន្ន​កាល។ ត្រូវ​កែសម្រួល​ការ​រស់​នៅ​ជា​បព្វជិតបព្វជិតាដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជំរុញ​ឱ្យ​កែសម្រួល​ផង និង​ដោយ​មាន​ព្រះ​សហគមន៍​ណែ​នាំ​ផង​ តាម​គោល​ការណ៍​ដូច​ត​ទៅ៖

ក- បព្វជិតបព្វជិតា​ត្រូវកាន់តាមគោលការណ៍តែមួយ​ដ៏​សំខាន់​បំផុត គឺ​ដើរ​តាម​ព្រះ​គ្រីស្ត​ស្រប​តាម​សេចក្តី​បង្រៀនចែងក្នុង​គម្ពីរ​ដំណឹង​ល្អ។ គ្រឹះ​ស្ថាន​បព្វ​ជិត​បព្វជិតាទាំង​អស់​ត្រូវ​ចាត់​គោលការណ៍នេះទុកជាគោលដ៏សំខាន់​ជាងគេ​​​បំផុត​​​។

ខ- គ្រឹះ​ស្ថាន​បព្វ​ជិតបព្វជិតាមាន​លក្ខណៈ​ និង​មានមុខ​នាទី​ដោយឡែករៀងៗខ្លួន ដើម្បីជា​ប្រយោជន៍​ដល់​ព្រះ​សហគមន៍​។ ហេតុ​នេះហើយ បានជានៅពេល​កែសម្រួលត្រូវ​លាត​ត្រ​ដាង​គោល​គំនិតអ្នក​បង្កើត​​​​គ្រឹះ​ស្ថាន​ឱ្យ​បាន​​​​ជាក់ច្បាស់ និង​ត្រូវ​កាន់​តាម​គោល​គំនិត​គាត់ដោយ​ចិត្ត​ស្មោះ ត្រូវ​យល់​អំពី​បំណងប្រាថ្នា​ពិសេស​​​​របស់​អ្នក​​​បង្កើតនោះ និង​កាន់​តាម​ប្រ​ពៃ​ណី​ដ៏​វិសុទ្ធដែល​ជា​បេតិកភ័ណ្ឌ​របស់​ក្រុម​គ្រួសារ​នីមួយៗ។​

គ- គ្រឹះ​ស្ថាន​បព្វជិតបព្វជិតា​ទាំង​អស់ត្រូវ​រួបរួមក្នុងការ​រស់​នៅ​របស់​ព្រះ​សហគមន៍​យ៉ាង​ជិត​ស្និទ្ធ គឺត្រូវ​យក​​​​​​ចិត្តទុកដាក់​ទទួល​យក និងគាំទ្រគោល​បំណង និង​សេចក្តី​ដែល​ព្រះ​​សហគមន៍​សម្រេច​នឹង​ធ្វើដោយអស់​ពីសមត្ថ​​​ភាព​​​ក្នុងវិស័យព្រះ​គម្ពីរ ក្នុងវិស័យគោល​លទ្ធិ វិស័យណែនាំ​​​គ្រីស្តបរិស័ទ ​បង្រួប​បង្រួមគ្រីស្តបរិស័ទ​និកាយ​ផ្សេងៗក្នុងកិច្ចជាសាសនទូត និង​សកម្មភាព​ក្នុង​សង្គមតាមលក្ខណៈផ្ទាល់របស់គ្រឹះ​ស្ថាន​បព្វជិត​ប​ព្វជិតា​ទាំង​នោះ ។

ឃ- គ្រឹះស្ថាន​បព្វជិត​បព្វជិតាត្រូវ​ខិតខំណែនាំឱ្យ​សមាជិក​របស់​ខ្លួន​​​​​ស្គាល់ជីវភាពមនុស្សនាបច្ចុប្បន្នយ៉ាង​​​គ្រប់​គ្រាន់ និងស្គាល់​​​តម្រូវ​ការ​របស់​ព្រះ​សហគមន៍ដែរ។ ដូច្នេះ គេ​អាច​វិនិច្ឆ័យដោយ​ប្រាជ្ញាក្រោមពន្លឺនៃជំនឿ អំពី​​​លក្ខណៈ​​​​​​​ពិសេស​នៃ​មនុស្ស​លោក​នា​សម័យ​បច្ចុប្បន្ននេះ។ ​គេមុខ​ជា​នឹង​មាន​ចិត្ត​ខ្នះខ្នែងយ៉ាងពេញ​ទំហឹងបែបគ្រីស្តទូត និង​មាន​សមត្ថភាព​អាច​នាំ​ជំនួយ​ដ៏​ស័ក្តិ​សិទិ្ធជាងដល់​មនុស្ស​លោកទៀតផង។

ង- ការ​រស់​នៅ​របស់​បព្វ​ជិត​បព្វជិតាតម្រង់ទៅរក​គោល​ដៅ​ចម្បងតែមួយ គឺ​នាំ​ឱ្យ​អស់​បព្វ​ជិត​បព្វជិតា​ដើរ​តាម​ព្រះគ្រីស្ត និងរួម​រស់​ជា​មួយ​ព្រះ​ជា​ម្ចាស់ដោយ​ធ្វើ​ពិធីសច្ចា​ប្រណិ​ធាន​ថា នឹង​កាន់​តាម​ដំបូន្មាន​ចែងក្នុងគម្ពីរ​​​ដំណឹង​​​ល្អ។ ហេតុ​នេះ ត្រូវ​យល់​ឃើញ​យ៉ាងច្បាស់ថា ការ​កែសម្រួល​ដ៏ល្អជាងគេបំផុតឱ្យ​បាន​ស្រប​តាម​តម្រូវការ​នៃ​បច្ចុប្បន្ន​កាល និងបាន​លទ្ធ​ផល​ល្អ លុះត្រាតែបព្វ​ជិត​បព្វជិតាប្រែ​ចិត្តគំនិតតាមព្រះ​វិញ្ញាណ។ សូម្បី​ក្នុង​ការអភិវឌ្ឍន៍​​​សកម្មភាព​​​ខាង​ក្រៅ​គ្រឹះស្ថាន​ក៏ការ​ប្រែចិត្តគំនិត​តាម​ព្រះវិញ្ញាណ​មាន​សារៈ​សំខាន់​ជាង​គេដែរ។

៣- គោល​ការណ៍​សម្រាប់​កែសម្រួល​គ្រឹះ​ស្ថាន​តាម​តម្រូវ​ការ​នា​បច្ចុប្បន្ន​

ត្រូវ​ចាត់​ចែង​ការ​រស់​នៅ ការ​អធិដ្ឋាន ស​កម្មភាព​ផ្សេងៗស្រប​តាមសុខ​ភាព​ទាំង​ខាង​រូប​កាយ ទាំង​ខាង​ផ្លូវ​ចិត្ត​របស់​បព្វជិត​បព្វជិតានា​បច្ចុប្បន្ន ព្រម​ទាំងស្របតាម​តម្រូវការ​នៃ​កិច្ចជាគ្រីស្តទូត (ប្រសិន​បើ​លក្ខណៈ​​​​​​ផ្ទាល់រ​​​បស់​​​គ្រឹះស្ថាន​នីមួយៗ​ត្រូវ​ការ) សមស្របតាម​អរិយធម៌ តាម​សភាព​ការណ៍​ក្នុងសង្គម និង​តាម​សភាពការណ៍​សេដ្ឋកិច្ចដែរ។ ត្រូវ​អនុវត្ត​ដូច្នេះ​នៅគ្រប់​ទី​កន្លែង ជា​ពិសេស នៅ​ប្រទេស​ណា​ដែល​មនុស្សភាគច្រើនមិនស្គាល់​ព្រះ​គ្រីស្ត។​

ត្រូវ​រិះ​គិតពិចារណា​អំពី​របៀប​ណែ​នាំ​គ្រឹះ​ស្ថាន​នីមួយៗតាម​គោល​ការណ៍​ទាំង​នោះ​។ ហេតុនេះ ត្រូវ​កែសម្រួល​ធម្មនុញ្ញ កែសម្រួលក្បួន​​​​ប្រពៃណី ក្បួនទំនៀមទម្លាប់ សៀវ​ភៅ​ធម៌ ក្បួន​ពិធី និង​សៀវ​ភៅ​បែប​ដដែល​នេះ។ ក្នុងសៀវភៅទាំងនោះ ​​​ត្រូវដកចេញ​អ្វីៗ​ដែល​ហួស​សម័យដោយគិត​ឱ្យ​បាន​ស្រប​តាម​ឯក​សារ​ទាំងប៉ុន្មាននៃ​មហា​សន្និ​បាតវិញ។

៤- អ្នក​មាន​មុខ​នាទី​កែសម្រួលឱ្យបានជាថ្មី​សមស្របតាមសម័យ​

សមាជិក​ទាំង​អស់​ក្នុង​គ្រឹះស្ថាន​នីមួយៗ​ត្រូវ​ចូល​រួម​ក្នុងការកែសម្រួល​ឱ្យបានជាថ្មី​សម​ស្រប​តាមសម័យ ទើបការ​កែសម្រួល​នោះ​បានស័ក្តិសិទ្ធិ និង​ល្អ​ត្រឹម​ត្រូវ។ ប៉ុន្តែ មាន​តែ​អាជ្ញាធម៌ដែលមាន​សមត្ថកិច្ចទេ ជាពិសេស​ អង្គ​ប្រជុំ​ទូ​ទៅដែល​អាច​បញ្ជាក់សេចក្តីណែនាំ តែងតាំង​វិន័យ និងច្បាប់ថ្មី ព្រមទាំងមានសិទ្ធិ​ទទួល​យកបទ​ពិសោធន៍​អស់​​​រយៈ​​​ពេល​​​​​​វែង​​​​ល្មម​ ដែលគេប្រព្រឹត្ត​ដោយ​ប្រុង​ប្រយ័ត្ន​ទៀតផង។ ប្រសិនបើត្រូវការស្របតាម​ក្បួន​ច្បាប់​ទូទៅនៃព្រះ​​​សហ​​គមន៍ អាជ្ញាធរត្រូវ​ទទួល​ការអនុញ្ញាតពី​​​សន្តអាសនៈ ឬ​ពី​អភិបាល​ភូមិ​ភាគ។ អំពី​ករណីពាក់ព័ន្ធនឹងសមាជិកគ្រឹះ​ស្ថាន​ទាំង​មូល ក្រុម​​​​មេដឹកនាំត្រូវ​សួរ​យោបល់​របស់​សមាជិក​គ្រឹះ​ស្ថាន​នោះយ៉ាងសមរម្យតាម​សេចក្តី​ត្រូវ​ការ ហើយ​ត្រូវ​​​​ស្តាប់​តាម​យោបល់​របស់​គេ​ទៀតផង។

ចំពោះ​ការកែសម្រួលការរស់នៅរបស់បព្វ​ជិតា​ដែលរស់​នៅ​ក្នុង​អារាម ត្រូវ​ប្រមូល​សំណូម​ពរ និង​យោបល់​អង្គ​​​​ប្រជុំ​នៃសហព័ន្ធ​អារាម និង​អង្គ​ប្រជុំ​ឯទៀតៗ​ដែលត្រូវកោះ​ហៅ​យ៉ាងត្រឹម​ត្រូវ​តាម​ច្បាប់​ព្រះ​សហគមន៍។ ប៉ុន្តែ ត្រូវ​នឹក​ចងចាំជា​និច្ច​ថា ត្រូវតែកាន់​តាម​វិន័យ ឬ​តាម​ធម្ម​នុញ្ញ​របស់​ខ្លួនដោយចិត្តកាន់​តែ​ស្មោះ​ទើបមាន​​​សេចក្តី​​​សង្ឃឹម​​​ថា ​​​និង​កែសម្រួល​ឱ្យបានជាថ្មីយ៉ាងប្រសើរ​​​ជាង កែសម្រួលដោយបង្កើតច្បាប់ និង​វិន័យជា​ច្រើន​ទៅវិញ។

៥- កត្តា​រួម​ក្នុងរបៀបរស់​នៅ​របស់​បព្វជិតបព្វជិតា

បព្វ​ជិត​បព្វជិតាគ្រប់​គ្រឹះ​ស្ថានត្រូវ​នឹក​ចងចាំជា​អាទិ៍ថា នៅ​ពេល​គេ​ធ្វើ​ពិធី​សច្ចា​ប្រណិ​ធាន​កាន់​តាម​ដំបូន្មាន​​​ចែងក្នុងគម្ពីរដំណឹងល្អ ​គាត់បានតប​ឆ្លើយ​នឹង​ព្រះ​ជា​ម្ចាស់​ដែល​ត្រាស់​ហៅ​គាត់។ ហេតុ​នេះ​ហើយ បានជា​​​គាត់​​​មិន​គ្រាន់​តែ​លែងជំពាក់ជំពិននឹង​អំពើ​បាបប៉ុណ្ណោះទេ (រម ៦,១១) តែគាត់ក៏លះ​បង់​លោ​កីយ៍ ហើយ​រស់​នៅ​ដោយ​​​​ញែក​​​ខ្លួនថ្វាយ​ព្រះ​ជា​ម្ចាស់​តែ​មួយ​ព្រះ​អង្គ​គត់ថែមទៀតផង។ គាត់បូជាកម្លាំងកាយកម្លាំងចិត្តថ្វាយ​ខ្លួន​បម្រើ​ព្រះ​​​​អង្គ​​​។​​​ ការញែក​ខ្លួន​ថ្វាយ​ព្រះអង្គ​យ៉ាងពិសេស​បែប​នេះភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នឹងការញែកខ្លួនថ្វាយព្រះអង្គនៅ​ពេល​​​គាត់​​​ទទួល​​​​​​អគ្គ​សញ្ញា​ជ្រមុជ​ទឹកដែលជាគ្រឹះ។ នៅពេល​ធ្វើពិធីសច្ចា​ប្រណិធាននោះ គាត់បញ្ជាក់​ឱ្យបាន​ច្បាស់​​យ៉ាង​ពេញ​លេញ​ថា គាត់ញែក​ខ្លួន​ថ្វាយព្រះជាម្ចាស់នៅពេលគាត់ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​នោះរួចហើយ។

ដោយព្រះ​សហគមន៍​ទទួល​ស្គាល់​ថា គាត់ញែកខ្លួនថ្វាយព្រះជាម្ចាស់ដូច្នេះ បព្វជិត​បព្វជិតា​ត្រូវដឹងថា ខ្លួន​ក៏​ភ្ជាប់​​​​នឹងការបម្រើ​ព្រះ​សហគមន៍​ដែរ។

អ្នក​បម្រើ​ព្រះ​ជា​ម្ចាស់​បែប​នេះ ត្រូវ​តែ​ប្រតិបត្តិតាម​គុណធម៌ ជា​​​ពិសេស សុខចិត្ត​​​ដាក់ខ្លួន សុខចិត្តស្តាប់​បង្គាប់​​​​មេដឹកនាំ មានកម្លាំង​ចិត្ត និងរស់​នៅ​ជា​ព្រហ្មចារី។ កិច្ចបម្រើ​ព្រះ​អង្គបែបនេះក៏ជួយ​​​គាំទ្រគាត់ឱ្យ​​​មាន​​​គុណធម៌ទាំងនោះថែមទៀត។ គុណធម៌​ទាំង​នោះ​​​បណ្តាល​​​ឱ្យ​បព្វ​ជិតបព្វជិតា​រួម​រស់​ជា​មួយ​ព្រះ​គ្រីស្ត​ដែល​លះ​បង់​ឋានៈរបស់ព្រះ​អង្គ (ភីល ២,៧-៨) ហើយ​នៅ​ពេល​​​ជា​​​មួយ​​​គ្នានេះ ធ្វើ​ឱ្យ​គេ​រួមជា​មួយ​ព្រះ​គ្រីស្ត​ដែល​​​​មាន​ព្រះ​ជន្ម​គង់​នៅ​​​​ក្នុង​ព្រះ​វិញ្ញាណ (រម ៨,១-១៣)។

ហេតុនេះ សូម​ឱ្យ​បព្វ​ជិត​បព្វជិតា​កាន់តាមពិធីសច្ចា​ប្រណិ​ធាន​របស់​ខ្លួន​​យ៉ាងស្មោះ​ត្រង់ គឺសុខ​ចិត្ត​លះ​បង់​អ្វីៗ​​​​ទាំង​អស់​ព្រោះ​តែ​ព្រះ​គ្រីស្ត (មក ១០,២៨) សុខចិត្តដើរ​តាម​ព្រះ​អង្គ​ទុកជា “អ្វីដែលគាត់ត្រូវ​ការ​ដ៏​ចាំ​បាច់តែ​មួយនោះ” (លក​ ១០,៤២; មថ ១៩,២១) ស្តាប់​ព្រះ​បន្ទូល​ព្រះ​អង្គ (លក ១០,៣៩) ហើយ​ខ្វល់​ខ្វាយ​តែនឹង​អ្វីៗដែលទាក់ទិនតែនឹងព្រះអង្គ​​​ប៉ុណ្ណោះ​​​ (១ករ ៧,៣២)។

ហេតុនេះហើយបានជា សមាជិកគ្រប់​គ្រឹះ​ស្ថាន​ត្រូវស្វែង​រក​ព្រះ​ជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ គឺស្មឹង​ស្មាធិ៍ភ្ជាប់​ទាំង​​​ចិត្ត​គំនិត ​ទាំងវិញ្ញាណជា​មួយ​ព្រះ​អង្គ  ហើយ​នៅ​ពេលជាមួយគ្នានោះ មានចិត្តស្រឡាញ់​ជំរុញគាត់ឱ្យទៅជា​គ្រីស្ត​ទូត​​​ផងដែរ។ គាត់ខិត​ខំ​រួម​ជា​មួយ​ព្រះ​គ្រីស្ត​ដែល​រំដោះ​មនុស្ស​លោក ហើយក៏យក​ចិត្ត​ទុក​ដាក់​លាត​ត្រ​ដាង​ព្រះ​​​​រាជ្យ​​​​របស់​ព្រះ​ជា​ម្ចាស់ដែរ។

៦- ការ​រស់​នៅ​តាម​ព្រះ​វិញ្ញាណ​មាន​សារៈសំខាន់​ជាង​គេ​បំផុត

សូម​ឱ្យ​អស់លោកអ្នកដែល​ធ្វើពិធីសច្ចា​ប្រណិធាន​កាន់​តាម​ដំបូន្មាន​ចែងក្នុងគម្ពីរដំណឹងល្អ ស្វះស្វែង​រក​ព្រះ​ជាម្ចាស់ និងស្រឡាញ់​ព្រះអង្គ​លើស​អ្វីៗ​ទាំង​អស់ គឺ​ស្រឡាញ់ព្រះ​អង្គ​ដែល​ស្រឡាញ់​យើង​ជា​មុន (១ យហ​​​ ៤,១០)​​​។​​​ ក្នុង​គ្រប់​កាលៈទេសៈ សូម​ឱ្យ​គាត់យក​ចិត្ត​ទុក​ដាក់​រួម​រស់​ជា​មួយ​ព្រះ​គ្រីស្ត​ដែលមានព្រះជន្មកប់ទុកក្នុង​ព្រះ​ជា​ម្ចាស់ (កូឡ ៣,៣)។ សេចក្តីស្រឡាញ់​ចំពោះអ្នក​ដ៏ទៃហូរ​ចេញ​ពី​ជីវិត​កប់ទុកក្នុងព្រះជាម្ចាស់​នោះ ហើយ​​​ជំរុញគាត់​​​ឱ្យ​​​សង្រ្គោះ​​​មនុស្ស​លោក និងឱ្យកសាង​ព្រះ​សហគមន៍។ សេចក្តី​ស្រឡាញ់​បញ្ជាបព្វ​ជិត​បព្វជិតា​​​ឱ្យ​​​ប្រតិបត្តិតាម​ព្រះដំបូន្មាន​ដែលចែងក្នុងគម្ពីរដំណឹងល្អយ៉ាង​សកម្ម និងយ៉ាងរស់រវើកទៀតផង។

ហេតុ​នេះ​ហើយ បព្វជិត​បព្វជិតាត្រូវ​ខិតខំឱ្យមានចិត្តគំនិតព្យាយាម់ចងស្មឹង​ស្មាធិ៍​ជានិច្ច ហើយក៏​​​ស្មឹងស្មាធិ៍ពិត​មែនដែរ គឺគាត់ត្រូវយោង​ជីវិត​ខាង​ព្រះវិញ្ញាណ​បែប​គ្រីស្ត​បរិស័ទពី​ប្រភព​ដ៏​ពិត​ប្រាកដ​នេះ។ មុនដំបូង ជា​រៀង​រាល់​ថ្ងៃ គាត់​​​ត្រូវ​កាន់គម្ពីរ​ដើម្បី​ស្រង់យកចំណេះ “ដ៏​ប្រសើរ​វិសេស​វិសាល​បំផុត​អំពី​ព្រះ​យេស៊ូ​គ្រីស្ត” (ភីល ៣,​​​៨) ដោយ​​​អាន និង​នឹក​សញ្ជឹងគិតពីព្រះគម្ពីរ​នោះ។ បព្វជិត​បព្វជិតា​ត្រូវធ្វើ​ពិធី​គោរព​ប្រណិប័តន៍ដ៏វិសុទ្ធរៀង​រាល់​ថ្ងៃ ​ជា​ពិសេស ចូល​​​​រួម​ក្នុង​​​គម្រោងការដ៏អស្ចារ្យនៃអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធបំផុត ពោលគឺក្នុងអភិបូជា។ គាត់​​​ត្រូវ​​​អធិដ្ឋាន​​​​ស្រប​​​តាម​​​​គោល​គំនិត​របស់​ព្រះ​សហគមន៍ដោយ​ចិត្ត​ស្មោះ មិន​គ្រាន់​តែ​ដោយ​ទន្ទេញចាំសូត្រដោយរត់មាត់​ប៉ុណ្ណោះ​ទេ។ គាត់​មុខជា​នឹងទទួល​ជីវិត​តាមព្រះវិញ្ញាណ​ពី​ប្រភព​នេះដែល​មិន​ចេះ​រីងស្ងួត​ឡើយ​។

ក្រោយពី​បព្វ​ជិតបព្វជិតាទទួល​ទានអាហារពីតុនៃព្រះគម្ពីររបស់​ព្រះ​ជា​ម្ចាស់ផង និងនៃយញ្ញ​ដ៏សក្ការៈ​​​ផង​​​រួចហើយ ​កាត់ត្រូវ​ស្រឡាញ់​សរីរាង្គ​របស់​ព្រះ​គ្រីស្ត​ទុក​ជា​បង​ប្អូន​​​ ត្រូវគោរព និង​ស្រឡាញ់​អស់លោកគង្វាលព្រះ​សហគមន៍​ ដូច​ជា​កូនស្រឡាញ់ឪពុកដូច្នោះដែរ។ គាត់ បព្វ​ជិត​បព្វជិតាត្រូវ​រស់​នៅ និងនឹកគិតរួមជាមួយ​ព្រះ​សហគមន៍​កាន់តែជិតស្និទ្ធឡើងៗ និង​បូជាកម្លាំងកាយកម្លាំងចិត្ត​បំពេញ​បេសកកម្ម​របស់​ព្រះ​សហគមន៍​ទៀតផង។

៧- គ្រឹះ​ស្ថាន​ដែលមានទិសដៅស្មឹង​ស្មាធិ៍​ធ្វើ​សមាធិ

គ្រឹះស្ថាន​ណា​ដែលមានទិសដៅតែស្មឹង​ស្មាធិ៍​ធ្វើ​សមាធិ​ប៉ុណ្ណោះ ​ទោះ​បី​មាន​តម្រូវការ​ដ៏ចាំ​​បាច់ជាបន្ទាន់ឱ្យ​​​បំពេញកិច្ចជាគ្រីស្តទូតយ៉ាងសកម្ម​យ៉ាង​ណា​ក្តី ក៏ត្រូវរក្សា​ទុក​មុខងារពិសេស​​របស់ខ្លួនក្នុង​ព្រះ​កាយ​ដ៏អាថ៌កំបាំង​​​របស់​​​ព្រះ​​​គ្រីស្ត គឺក្នុង​ព្រះ​កាយ​នោះ “សរីរាង្គ​គ្មាន​មុខ​ងារតែ​មួយ​ដដែល​ទេ” (រម ១២,៤)។ បព្វជិតបព្វជិតា​ទាំង​នោះ​គិត​តែ​អំពី​កិច្ច​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច រស់​នៅ​ម្នាក់​ឯង និង​នៅ​ស្ងៀមស្ងាត់ ​ព្យាយាម​អធិដ្ឋាន និង​ធ្វើ​ទុក្ខ​កិរិយា​យ៉ាង​សប្បាយរីករាយ។ បព្វ​ជិត​បព្វជិតាទាំង​នេះ​ថ្វាយ​សក្ការ​បូជា​ដ៏​ប្រសើរ​ឧត្តម គឺ​លើក​តម្កើង​សិរីរុងរឿងព្រះ​ជា​ម្ចាស់​ជា​រៀង​​​​រាល់​ថ្ងៃ។ គាត់ផ្តល់ឈ្មោះល្បីដល់ប្រជា​រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់​ដោយ​បង្ហាញ​ផល​ផ្លែដ៏វិសុទ្ធ​ជា​ច្រើន ​គាត់នាំ​​​ប្រជារាស្រ្តនោះឱ្យ​យក​តម្រាប់​តាម​ និង​ធ្វើ​ឱ្យ​ប្រជារាស្រ្ត​នោះចម្រើន​ចំនួន​ឡើង គឺ​គាត់បង្កើត​ជីវិត​តាម​របៀប​ដ៏​ស្ងាត់​​​កំបាំង។ បព្វជិតបព្វជិតាទាំង​នោះ​ពិតជា​កិត្តិ​យស​របស់​ព្រះ​សហគមន៍ និង​នាំ​ព្រះ​ជា​ម្ចាស់ប្រណីសន្តោស​ព្រះសហគមន៍​​​ជា​​​ខ្លាំង​ផងដែរ។

ប៉ុន្តែ គួរ​ឱ្យ​កែសម្រួល​របៀប​រស់​នៅ​របស់​គាត់តាម​គោល​ការណ៍ និង​តាម​លក្ខណៈ​ដូច​ខាង​លើឱ្យបាន​​​ស្រប​​​តាមសម័យឥឡូវ។ ក៏ប៉ុន្តែ បព្វជិត​បព្វជិតាទាំង​នោះត្រូវរស់នៅ​​ដោយ​ឡែក​ពី​លោកីយ៍​ជា​ដាច់​ខាត និងត្រូវ​រក្សា​ទុក​កិច្ចគោរពប្រណិប័តន៍ផ្សេងៗផ្ទាល់នៃ​ការ​រស់នៅជាបព្វ​ជិតបព្វជិតា​ដែល​ស្មឹង​ស្មាធិ៍​ធ្វើ​សមាធិនោះជានិច្ចដែរ។

៨- គ្រឹះ​ស្ថាន​ដែលមានទិសដៅបំពេញកិច្ចជាគ្រីស្តទូត

ក្នុង​ព្រះ​សហគមន៍​មាន​គ្រឹះ​ស្ថាន​ជា​ច្រើនដែល​មាន​សមាជិក​ជា​បូជា​ចារ្យ (អាចារ្យ) ឬ​ជា​គ្រីស្ត​បរិស័ទ​ធម្មតា ដែលបូជាកម្លាំងកាយកម្លាំងចិត្ត​បំពេញ​កិច្ចផ្សេងៗ​ជាគ្រីស្តទូត។ ពួក​គេ​ទទួល​ព្រះ​អំ​ណោយ​ទាន​ផ្សេងៗពីគ្នាតាម​ព្រះ​ជា​ម្ចាស់​ប្រណីសន្ដោស គឺ​ឱ្យអ្នក​បម្រើ​ចេះ​បម្រើ ឱ្យអ្នកបង្រៀនចេះ​បង្រៀន ឱ្យអ្នក​ដាស់​តឿនចេះ​ដាស់​តឿន ឱ្យអ្នក​ចែក​អំណោយ​មាន​ចិត្ត​ទូលាយ ឱ្យអ្នក​មាន​ចិត្ត​មេត្តាចែកទានដោយ​អំណរ​រីក​រាយ (រម ១២,៥-៨)។ “មាន​ព្រះ​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ​វិញ្ញាណ​តែ​មួយ​ដែល​បំពេញ​កិច្ចការ​ទាំង​អស់” (១ករ ១២,៤)។ ក្នុង​គ្រឹះ​ស្ថាន​ទាំង​​​​នោះ កិច្ចការជាគ្រីស្តទូត ឬកិច្ចការបង្ហាញមេត្តា​ករុណាហាក់​ដូច​ជា​មុខងារបម្រើដ៏វិសុទ្ធរបស់គាត់ និងជាកិច្ចការ​​​ពិសេស​​​នៃ​​​មេត្តាករុណាដែលព្រះ​សហគមន៍​បានផ្ញើ​ឱ្យ​គាត់បំពេញ​ក្នុង​នាម​របស់ខ្លួន តាមលក្ខណៈផ្ទាល់នៃការរស់នៅ​​ជា​បព្វ​ជិត​បព្វជិតា។ ហេតុ​នេះ​ហើយ បានជាចិត្តគំនិតជាគ្រីស្តទូតត្រូវជ្រួត​ជ្រាប​ចិត្ត​គំនិត និងការរស់នៅ​របស់​​​​បព្វជិតបព្វជិតា​​​​ជាសមាជិកនៃ​គ្រឹះ​ស្ថាន​ទាំង​នោះ ហើយចិត្តគំនិតជាបព្វជិតបព្វជិតាក៏​ត្រូវ​ជ្រួត​ជ្រាប​គ្រប់កិច្ចជា​គ្រីស្តទូតរបស់​​​គាត់​​​ថែម​​​​​​​​​ទៀតដែរ។ អស់អ្នកដែលមាន​បំណង​ប្រាថ្នាចង់​តប​ឆ្លើយ​នឹង​ព្រះ​គ្រីស្ត​ដែល​ត្រាស់​ហៅ​គេ​ឱ្យ​ដើរតាម​ព្រះ​អង្គ និង​ចង់​​​​បម្រើ​ព្រះ​គ្រីស្ត​ផ្ទាល់​ដោយ​បម្រើ​សរីរាង្គ​នៃព្រះកាយ​ព្រះ​អង្គ ត្រូវ​ធ្វើសកម្មភាព​ជា​គ្រីស្តទូត​​​នោះ ដោយភ្ជាប់ចិត្ត​​​​​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​គ្រីស្តទុកជាប្រភព។ ប្រសិន​បើ​គាត់​រួម​រស់​យ៉ាង​ជិត​ស្និតជា​មួយ​ព្រះ​គ្រីស្ត​ដូច្នេះ ​គាត់មុខ​ជា​​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​ស្រឡាញ់អ្នក​ដទៃ​កាន់​តែ​ខ្លាំង​ឡើងៗ​ពុំ​ខាន។

ហេតុ​នេះហើយ បានជាគ្រឹះ​ស្ថាន​ទាំង​នោះត្រូវ​កែ​សម្រួល​វិន័យ និង​ប្រពៃណី​របស់​ខ្លួន​ដោយ​សុភវិនិច្ច័យតាម​តម្រូវការ​នៃ​ភារកិច្ចជាគ្រីស្តទូតរបស់គេ​ផ្ទាល់។ ប៉ុន្តែ ដោយបព្វ​ជិតបព្វជិតា​បូជាកម្លាំងកាយកម្លាំងចិត្ត​បំពេញ​​​កិច្ចការ​​​ជា​​​គ្រីស្តទូតតាម​បែបច្រើនប្លែកៗ​ពី​គ្នា នោះត្រូវ​កែសម្រួលការរស់នៅជាបព្វ​ជិតបព្វជិតា​ឱ្យបានស្រប​តាម​បែប​ផ្សេងៗ​ទាំង​​​នោះ​ដែរ។ ក្នុង​គ្រឹះ​ស្ថាន​ទាំង​នោះត្រូវ​ចាត់​ចែង និងគាំទ្រការរស់នៅរបស់​បព្វជិតបព្វជិតា​ដែល​បម្រើ​ព្រះ​គ្រីស្តដោយប្រើមធ្យោបាយរបស់គាត់ផ្ទាល់ និងស្របតាមរបៀបរស់នៅរបស់គាត់​​​ដែរ។

៩- ត្រូវ​រក្សា​ទុក​ការ​រស់​នៅ​របស់​បព្វ​ជិត​បព្វជិតាឱ្យ​រស់​នៅ​ក្នុង​អារាម​

សូមរក្សា​ទុក​យ៉ាងស្មោះនូវស្ថាប័នដ៏​ប្រសើរ​គួរគោរពរបស់បព្វ​ជិតបព្វជិតា ដែល​មានគុណយ៉ាងលើសលប់លើព្រះ​សហគមន៍ និងលើសង្គមមនុស្សតាំង​ពី​ដើម​រៀង​មក ទាំង​នៅ​បស្ចិម​ប្រទេស ទាំង​មជ្ឈិមប្រទេស​ដែរ។ សូម​សម្តែងគោល​គំនិត​ដ៏​ពិត​ប្រាកដ​នៃ​របៀប​រស់​នៅរបស់​បព្វជិតបព្វជិតា​រស់​នៅ​ក្នុង​អារាម​។ អស់​លោក​អ្នកមាន​តួ​នាទី​ដ៏​សំខាន់ជាងគេ គឺ​មុខ​ងារដ៏សុភាពរាបសានិងឧត្តុង្គឧត្តមបម្រើ​ព្រះ​ជាម្ចាស់​ដ៏​ថ្កុំ​ថ្កើង នៅក្នុង​អារាម​របស់​អស់​​​លោក​​​អ្នក ទោះ​បី​អស់​លោកអ្នកបូជាកម្លាំងកាយកម្លាំងចិត្ត​ទាំងស្រុងគោរពបម្រើព្រះជាម្ចាស់ដោយ​ស្ងាត់ៗ​លាក់កំបាំងក្នុង​អារាម​​​​​​ក្តី ឬ​​​ទទួលខុស​ត្រូវ​យ៉ាងត្រឹមត្រូវលើ​កិច្ច​ការជា​គ្រីស្តទូត​​មួយ​ណា​ក្ដី ឬ​ធ្វើកិច្ច​ការមេត្តា​ករុណាមួយក្តី ក៏​តួ​នាទី​ដ៏​សំខាន់​​​ជាង​​​គេ​​​របស់អស់​លោកអ្នក គឺបម្រើ​ព្រះ​ជា​ម្ចាស់​​ដ៏​ថ្កុំ​ថ្កើង​ដែរ។ ហេតុ​នេះ បព្វ​ជិតបព្វ​ជិតា​ត្រូវរក្សាលក្ខណៈ​ផ្ទាល់​របស់​អស់លោកអ្នក ប៉ុន្តែ ត្រូវកែសម្រួល​ប្រពៃណី​ពីបុរាណក្នុងកិច្ចការសម្តែង​មេត្តា​ករុណាឱ្យ​បាន​សមស្រប​តាម​តម្រូវការ​របស់​​​​មនុស្ស​លោកនា​បច្ចុប្បន្ន​។ ធ្វើ​ដូច្នេះ អារាម​អាចក្លាយ​ទៅ​ជា​ទីកន្លែង​ដ៏​មាន​ជីវិត​រស់​រវើក អប់រំ​ណែនាំ​​​ប្រជាជន​​​គ្រីស្ត​បរិស័ទបាន។

យ៉ាង​ណា​មិញ មាន​សហគមន៍​បព្វ​ជិតបព្វ​ជិតា​ខ្លះភ្ជាប់ការរស់នៅជាគ្រីស្តទូត​យ៉ាង​ជិតស្និទ្ធទៅនឹង​កិច្ចការ​​​លើកតម្កើងសិរីរុងរឿងរបស់ព្រះ​ជា​ម្ចាស់​រួម​គ្នាក្នុងអារាម ហើយក៏ភ្ជាប់នឹងការ​កាន់​តាម​ក្បួនវិន័យជាសង្ឃកាតូលិក​​​ដែរ ស្រប​​​តាម​​​​ធម្មនុញ្ញ ឬតាមស្ថាប័នរបស់​គាត់។ សហគមន៍​ទាំង​នោះ​ត្រូវកែសម្រួល​របៀប​រស់​នៅ​របស់​ខ្លួនឱ្យ​បាន​ស្រប​តាម​តម្រូវការ​នៃកិច្ច​​ការជា​គ្រីស្តទូត​យ៉ាងសមរម្យ ទាំង​រក្សា​ទុក​នូវ​របៀប​រស់​នៅ​របស់​ខ្លួន ដើម្បី​ជាប្រយោជន៍​ដល់​ព្រះ​​​សហគមន៍​​​ផង។

១០- ការ​រស់​នៅរបស់​គ្រីស្ត​បរិស័ទធម្មតា​ដែល​ញែក​ខ្លួនថ្វាយព្រះជាម្ចាស់

គ្រីស្ត​បរិស័ទធម្មតាខ្លះ ទាំង​បុរស ​ទាំង​ស្ត្រី ញែក​ខ្លួនថ្វាយ​ព្រះ​ជា​ម្ចាស់។ ការ​រស់​នៅ​របស់​គេមាន​លក្ខណៈ​ពេញ​​​លេញ​ជា​អ្នក​ធ្វើ​ពិធីសច្ចា​ប្រណិធាន​កាន់​តាម​ដំបូន្មាន​ចែងក្នុងគម្ពីរដំណឹងល្អ។ របៀប​រស់​នៅ​បែប​នេះមាន​​​សារៈសំខាន់ គឺជួយព្រះ​សហគមន៍​ឱ្យបំពេញ​បន្ទុក​ណែ​នាំ​របស់ខ្លួនក្នុង​ការ​អប់​រំ​យុវជន ព្យាបាល​អ្នក​ជំងឺ និង​បំពេញ​មុខងារផ្សេងៗ​ទៀត​ផង។ មហា​សន្និ​បាត​សូម​គោរព​របៀបរស់​នៅ​បែប​នេះ​យ៉ាង​ខ្លាំង ហើយ​បញ្ជាក់គាំទ្រ​សមាជិក​​​​ក្រុម​ទាំង​នោះឱ្យដឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេមែន ព្រមទាំង​ដាស់​តឿន​គេ​ឱ្យ​កែសម្រួល​របៀប​រស់​នៅ​របស់​​​​គេ​ឱ្យ​បាន​ស្រប​តាម​តម្រូវ​ការ​មនុស្ស​លោក​នា​បច្ចុប្បន្ន។

មហាសន្និបាត​សូមប្រកាស​ថា គ្មានអ្វីអាចជំទាស់មិនឱ្យបង​ប្អូនបព្វជិត​ខ្លះ​ដែលជាសមាជិក​គ្រឹះ​ស្ថាន​ទាំង​នោះ​​​ទទួល​​​​​​​អគ្គសញ្ញា​តែងតាំងជាបូជាចារ្យ ដើម្បី​ជួយ​ផ្គត់ផ្គង់តម្រូវការ​ខាងមុខងារបម្រើគ្រឹះ​ស្ថាន​របស់​គេ។ អង្គ​ប្រជុំ​ទូទៅ​នៃ​​​គ្រឹះ​ស្ថាន​អាចចាត់ចែងដូច្នេះបាន ក៏ប៉ុន្តែ ត្រូវ​រក្សា​ទុក​នូវ​​លក្ខណៈជា​គ្រីស្ត​បរិស័ទ​ធម្មតារបស់គ្រឹះ​ស្ថាន​ទាំងនោះជា​​​ដាច់​​​ខាត។

១១- ក្រុម​គ្រីស្តបរិស័ទរស់​នៅ​ក្នុង​សង្គម​

គ្រឹះស្ថាន​គ្រីស្តបរិស័ទ​រស់​នៅ​ក្នុង​សង្គម ទោះបីមិន​មែន​ជាគ្រឹះ​ស្ថាន​បព្វ​ជិត​បព្វ​ជិតាក្កី ក៏សមាជិក​​​គ្រឹះស្ថាន​​​ទាំងនោះធ្វើ​ពិធីសច្ចា​ប្រណិធាន​យ៉ាង​ពិត​ប្រាកដ និងយ៉ាងពេញ​លេញ​ដែរ។ គេរស់នៅក្នុង​សង្គមទាំងកាន់​តាម​ព្រះ​​​ដំបូន្មាន​​​​​​​ចែង​​​ទុកក្នុងគម្ពីរ​​​ដំណឹង​​​ល្អ​​​។ ពិធី​សច្ចា​ប្រណិធាន​នោះ ញែកទាំង​បុរស និង​ស្រ្តី ទាំងគ្រីស្តបរិស័ទធម្មតា ​ទាំង​​​បូជាចារ្យ (អាចារ្យ) ដែល​រស់​នៅ​ក្នុង​សង្គមឱ្យថ្វាយ​ខ្លួន​ទៅ​ព្រះ​ជាម្ចាស់​ពិត​មែន។ ហេតុនេះ អ្នកទាំងនោះត្រូវ​យក​ចិត្ត​ទុក​ដាក់​តម្រង់ខ្លួនទាំង​ស្រុងថ្វាយ​ព្រះ​អង្គ ដោយ​មាន​ចិត្តស្រឡាញ់​យ៉ាង​ពេញ​លក្ខណៈ ហើយ​ត្រូវ​រក្សា​ទុក​លក្ខណៈ​​​​ពិសេសនៃគ្រឹះស្ថាន​របស់​គេជាក្រុម​អ្នក​រស់​នៅ​ក្នុង​សង្គម​។ ដូច្នេះ​ ពួក​គេ​មាន​សមត្ថភាព​អាច​បំពេញ​មុខងារ​របស់​ខ្លួន​ជាគ្រីស្តទូតយ៉ាងស័ក្តិសិទ្ធិនៅ​គ្រប់​កន្លែង​ក្នុង​សង្គម​បាន ដូចជា​នៅក្នុងផ្ទៃ​នៃសង្គមតាម​គោល​គំនិត​អ្នក​បង្កើត​​​​​​​គ្រឹះស្ថានរបស់គេ។

សូម​សមាជិក​គ្រឹះស្ថាន​ទាំង​នោះ​ជ្រាប​ឱ្យ​បាន​ច្បាស់​ថា គេអាចបំពេញបន្ទុក​របស់​ខ្លួន​បានលុះ​ត្រា​តែ​គេទទួលការ​អប់រំ​យ៉ាង​មាំ​អំពី​ទេវវិទ្យា និងអំពីមនុស្សវិទ្យា ដើម្បីឱ្យ​គេទៅជា​មេក្នុងចំណោមមនុស្ស​ដូចមេក្នុងម្សៅ ព្រមទាំង​​​ធ្វើឱ្យព្រះកាយព្រះគ្រីស្តចម្រើនឡើង និង​មានកម្លាំងកាន់តែមាំ​មួន​ឡើងផង។ ហេតុនេះហើយ បានជាសូម​មេដឹក​​​នាំគ្រឹះស្ថាន​ទាំង​នោះយក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងឱ្យ​សមាជិក​ទទួល​ការ​អប់រំ​ដ៏​មាំ​នោះ ​ជាពិសេស​ ឱ្យរស់​នៅ​តាម​ព្រះ​វិញ្ញាណ ព្រម​ទាំង​ឱ្យ​គេ​ទទួល​ការ​អប់រំ​បន្ត​បន្ទាប់​ត​ទៅ​ទៀតផង។

១២- អំពី​ព្រហ្មចារិយធម៌

បព្វជិត​បព្វជិតាធ្វើ​ពិធីសច្ចា​ប្រណិធាន​រស់នៅជា​ព្រហ្មចារី “ដោយ​យល់​ឃើញ​ដល់​ព្រះ​រាជ្យ​នៃ​ស្ថាន​បរម​សុខ” (មថ ១៩,១២)។ ត្រូវ​យល់​ឃើញ​ថា ការ​រស់​នៅ​ជា​ព្រហ្មចារីពិត​ជា​ព្រះ​អំណោយ​ទាន​ដ៏​ប្រសើរ​របស់​ព្រះ​ជា​ម្ចាស់​ដែលប្រណី​សន្តោស​ដល់​គេ។ ការរស់នៅជា​ព្រហ្មចារី​រំដោះមនុស្សឱ្យមាន​សេរីភាព​តាម​ផ្លូវ​ចិត្ត​យ៉ាង​អស្ចារ្យ (១ករ ៧,៣២-៣៥) ដើម្បី​ឱ្យគេអាចស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​មនុស្ស​ទាំងអស់ដោយ​អស់​ពីសមត្ថភាព។ ហេតុនេះ ​ព្រហ្ម​ចារិយធម៌ពិតជា​សញ្ញា​សម្គាល់​អំពី​សម្បត្តិ​នៃលោកខាងមុខ​​​ និង​ជា​មធ្យោបាយ​មួយ​ដ៏​ស័ក្តិ​សិទ្ធ​ណាស់ ជួយឱ្យ​​​បព្វជិតបព្វជិតាបូជាកម្លាំងកាយកម្លាំងចិត្ត​ទាំងស្រុងបម្រើ​ព្រះ​ជា​ម្ចាស់ និង​បម្រើ​កិច្ចការនានាជាគ្រីស្តទូត។ គ្រីស្ត​បរិស័ទ​ទាំង​​​​អស់​ដែល​ឃើញ​បព្វ​ជិត​បព្វជិតាអាច​នឹក​គិត​ដល់​ព្រះ​សហគម​ន៍ដែលរួម​រស់​យ៉ាង​អស្ចារ្យ​ជា​មួយ​ព្រះ​គ្រីស្តជា​​​ស្វាមី​​​​តែ​មួយ​គត់តាម​ព្រះ​ជា​ម្ចាស់​តែង​តាំង និង​ដែល​ត្រូវ​លេច​ធ្លោឡើងយ៉ាងច្បាស់នៅ​លោក​ខាង​មុខទៀតផង។

ហេតុនេះ សូម​ឱ្យ​បព្វ​ជិត​បព្វជិតាដែលយក​ចិត្ត​ទុក​ដាក់​កាន់​តាម​ពាក្យ​សច្ចា​ប្រណិធានរបស់ខ្លួនយ៉ាងស្មោះ សូមជឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ និង​ផ្ញើ​ជីវិត​លើ​ព្រះ​ជា​ម្ចាស់​ដែល​អាច​ជួយ​ខ្លួនបាន។ កុំ​អួតអាង​លើ​កម្លាំង​របស់​ខ្លួនផ្ទាល់​​​​ឡើយ សូម​ធ្វើ​ទុក្ករ​កិរិយា និង​ប្រយ័ត្ន​ប្រយែងនឹង​វិញ្ញាណ​ទាំង​ប្រាំ។ កុំ​ធ្វេសប្រហែស​នឹង​ប្រើ​គ្រប់​​​មធ្យោបាយ​តាម​ធម្មជាតិ​ដែល​ផ្តល់​សុខភាព​ខាង​ផ្លូវ​ចិត្ត និង​ខាងផ្លូវ​កាយ។ ធ្វើដូច្នេះ គេមិនរំជួល​ចិត្ត​ស្តាប់​តាម​​​ទ្រឹស្តី​​​​ក្លែង​​​​ក្លាយ​ដែល​​​បង្រៀន​​​​ថា មនុស្ស​គ្មាន​សមត្ថភាព​រស់​នៅ​ជា​ព្រហ្មចារី​យ៉ាង​ពេញ​លេញ​បាន​ទេ ឬ​ថា ព្រហ្មចារិ​យធម៌​​​​រារាំង​មនុស្ស​មិនឱ្យចម្រើនឡើងបាន​ដែរ។ បព្វជិត​បព្វជិតាត្រូវលះបង់ចោល​អ្វីៗទាំង​អស់​ដែល​ប្រឆាំង​នឹង​ព្រហ្ម​​​ចារិយធម៌​​​​ឱ្យ​ឆ្ងាយ​ពី​ខ្លួន។ គាត់ត្រូវមាន​ដូចសភាវគតិ​​ម៉្យាងខាងព្រះ​វិញ្ញាណ​នៅក្នុងខ្លួន​​​ដែល​​​ជំរុញឱ្យគាត់​​​លះ​​​បង់​​​ចោល​​​អ្វី​ដែល​ប្រឆាំង​នឹង​ព្រហ្មចារិយធម៌​​​​នោះ។ បព្វជិត​បព្វជិតា​​​ទាំង​​​​អស់ ​ជាពិសេសមេដឹក​នាំ​ក្រុមគ្រួសារត្រូវនឹក​​​ចង​​​ចាំ​ថា ខ្លួនអាច​កាន់តាម​ព្រហ្មចារិយ​ធម៌​នេះ​បាន​យ៉ាង​ងាយ​​​ស្រួល​​​​ លុះ​ត្រា​តែ​បព្វជិត​បព្វជិតា​​​ស្រឡាញ់​គ្នាទៅវិញ​​​ទៅ​​​មក រួមរស់​នៅ​ជា​មួយ​គ្នា​ទុក​ជា​បង​ប្អូនយ៉ាងពិតប្រាកដ។

ការរស់នៅជាព្រហ្មចារីយ៉ាង​ពេញលក្ខណៈ​ជាប់ពាក់ព័ន្ធយ៉ាង​ជិតស្និទ្ធនឹង​សភាវគតិដ៏​ជ្រៅ​បំផុត​នៃលក្ខណៈរបស់​​​មនុស្ស​​​​​​យើង។ហេតុ​នេះហើយ បានជាបេក្ខជន​ដែលមាន​បំណងប្រាថ្នា​ចង់​ធ្វើពិធីសច្ចាប្រណិធាន​​​រស់​នៅជា​ព្រហ្ម​ចារី ត្រូវសម្រេចចិត្តរស់តាមបែបនោះ ហើយមេដឹកនាំទទួលគេឱ្យធ្វើពិធីនោះបាន លុះត្រាតែគេត្រូវបានល្បង​ល​​​មើល​​​​​​​​​​​​​ឱ្យរស់នៅជាព្រហ្មចារីអស់រយៈពេលជា​យូរ​ល្មម​​​​ជាមុនសិន ហើយ​លុះត្រាតែគេ​​​ជា​មនុស្ស​ពេញ​វ័យខាង​ផ្លូវចិត្ត គឺមា​​​នចិត្តធ្ងន់​​​​​​គ្រប់គ្រាន់។ មេដឹកនាំមិន​គ្រាន់​តែ​ត្រូវជម្រាប​គេ​ជា​មុន​ថា ការរស់នៅជា​ព្រហ្ម​ចារីជាការពិបាក​​​ប៉ុណ្ណោះ​​​​ទេ តែត្រូវ​អប់រំ​គេ​ឱ្យថ្វាយព្រហ្ម​ចារិយធម៌​​​​​របស់ខ្លួនទៅព្រះ​ជា​ម្ចាស់ ទុក​ជា​មធ្យោបាយមួយ​ដែល​ជួយ​ធ្វើឱ្យ​បុគ្គលិក​លក្ខណៈ​​​​របស់ខ្លួនចម្រើន​ឡើង។

១៣- អំពីការរស់នៅបែបអ្នកក្រីក្រ

បព្វ​ជិត​បព្វជិតាស្ម័គ្រ​ចិត្ត​រស់​នៅ​​បែប​អ្នក​ក្រី​ក្រ ដើម្បី​ដើរតាម​ព្រះ​គ្រីស្ត​។ មនុស្ស​នា​បច្ចុបុ្បន្ន​​ចូល​ចិត្ត​សញ្ញា​សម្គាល់​ពិសេសនេះយ៉ាង​ខ្លាំង។ បព្វ​ជិត​បព្វជិតាត្រូវ​យក​ចិត្ត​ទុក​ដាក់​កាន់​តាម​ពាក្យ​សច្ចា​ប្រណិធាន​នេះយ៉ាងស្មោះ ហើយប្រសិន​បើ​មានតម្រូវការ ក៏ត្រូវ​រស់​នៅ​ក្នុងសភាពជាអ្នក​ក្រី​ក្រ​តាម​របៀប​ថ្មី​ដែរ។ បព្វជិតបព្វជិតា​ដែល​ស្ម័គ្រ​ចិត្ត​រស់​​​​នៅ​ក្នុង​សភាព​ជា​អ្នក​ក្រី​ក្រ ពិត​ជា​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ត​ដែល​មាន​សម្បត្តិ​ដ៏​ច្រើន តែ​ព្រះ​អង្គ​ដាក់ខ្លួនមក​ធ្វើជា​អ្នក​ក្រព្រោះ​តែ​យើង ដើម្បី​ឱ្យ​យើង​បាន​ទៅ​ជា​អ្នក​មាន ដោយ​ភាព​ក្រី​ក្រ​របស់​ព្រះ​អង្គ (២ករ ៨,៩; មក ៨,២០)។ បព្វជិតបព្វជិតា​ត្រូវ​រស់នៅ​ក្នុង​សភាព​ជា​អ្នក​ក្រីក្រយ៉ាងពិតប្រាកដ មិន​គ្រាន់​តែ​សំុ​​​​មេដឹកនាំអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ តែត្រូវដាក់ចិត្តជា​អ្នក​ក្រថែមទៀតដោយនឹកថា ទ្រព្យ​សម្បត្តិ​របស់​គាត់​នៅ​ស្ថាន​បរមសុខ (មថ ៦,២០)។ ធ្វើដូច្នេះ បព្វជិត​បព្វជិតា​ពិតជាកាន់តាមពាក្យសច្ចារបស់ខ្លួនមែន។ សូម​ឱ្យ​បព្វ​ជិត​បព្វជិតា​ម្នាក់ៗតាម​ការ​ងារ​រៀងៗ​ខ្លួនយល់​ឃើញថា ខ្លួន​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹមជីវិតដូច​មនុស្ស​ឯ​ទៀតៗ​ទាំង​អស់។ គេ​ធ្វើ​ការ​ឱ្យ​បាន​អ្វីៗ​ដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត និង​ដើម្បី​ប្រ​ព្រឹត្ត​កិច្ចការរបស់​ក្រុម​គ្រួសារ។ ប៉ុន្តែ សូម​បព្វ​ជិត​បព្វជិតាលះ​បង់​​​​ការ​ខ្វល់ខ្វាយចង់បាន​អ្វីៗហួសហេតុ គឺសូម​ផ្ញើ​ជីវិត​លើ​ព្រះ​ជា​ម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម​សុខជួយ​ផ្គត់​ផ្គង់​ឱ្យ​ផង (មថ ៦, ២៥)។

ក្រុម​គ្រួសារ​អាច​អនុញ្ញាត​តាម​ធម្មនុញ្ញ​របស់​ខ្លួន ឱ្យ​សមាជិក​របស់​ខ្លួន​លះ​បង់​ទ្រព្យ​សម្បត្តិជាកេរ​មត៌ក​ដែល​គេ​បានទទួល​រួចហើយ ឬ​ដែល​គេ​នឹង​ត្រូវ​ទទួល​នៅ​ពេល​អនាគត​ដែរ។

គ្រឹះ​ស្ថាន​ក៏​ត្រូវ​ខិត​ខំ​ផ្តល់​សក្ខីភាព ហាក់ដូច​​​ជា​​​សក្ខីភាពរួម​អំពី​ការរស់នៅតាម​សភាព​ជាអ្នក​ក្រីក្រ ស្រប​តាម​កន្លែង​ផ្សេងៗ​ដែល​គេ​រស់​នៅ។ គ្រឹះស្ថាន​ទាំងនោះត្រូវ​ស្ម័គ្រ​ចិត្ត​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនទៅផ្គត់​ផ្គង់​តម្រូវការ​ឯទៀតៗ​​​​របស់​ព្រះសហគមន៍ និង​ជួយអ្នក​ក្រី​ក្រ​តោកយ៉ាកដែល​បព្វ​ជិតបព្វជិតា​ទាំង​អស់​ត្រូវ​ស្រឡាញ់ដោយមាន​​​ចិត្ត​​​អាណិត​​​មេត្តា ​ដូចព្រះ​គ្រីស្ត​អាណិតមេត្តាដែរ (មថ ១៩,២១; ២៥,៣៤-៤៦; យក ២,១៥-១៦; ១យហ ៣,១៧)។ ក្រុម​គ្រួសារ និង​គ្រឹះ​ស្ថាន​តាមតំបន់​នីមួយៗត្រូវ​ចែក​ទ្រព្យ​សម្បត្តិ​ជា​មួយ​គ្នា គឺ​តំបន់មាន​ច្រើន​ជាងត្រូវ​ជួយ​តំបន់ដែល​ខ្វះខាតជាង។

ទោះ​បី​គ្រឹះ​ស្ថាន​នានា​មាន​សិទ្ធិ​កាន់​កាប់​អ្វីៗ​ដែល​គេ​ត្រូវ​ការ​សម្រាប់​ប្រើ​ប្រាស់ និង​សម្រាប់​បំពេញកិច្ចការ​​​នៃ​​​គ្រឹះស្ថានក្តី (លើកលែងតែធម្មនុញ្ញ និង​វិន័យ​ផ្ទៃក្នុងមិន​អនុញ្ញាត​) ក៏គ្រឹះ​ស្ថាន​នានាត្រូវ​ជៀស​វាងការប្រមែ​ប្រមូល​​​ និងសន្សំទ្រព្យ​​​សម្បត្តិឱ្យ​មាន​ហួសហេតុ ជៀសវាងការរស់នៅយ៉ាងស្រណុកសុខស្រួលហួសកម្រិតទៀតដែរ។

១៤- អំពី​ការ​ស្តាប់​តាម​បង្គាប់

បព្វ​ជិតបព្វជិតា​ធ្វើ​ពិធីសច្ចា​ប្រណិធាន​ស្តាប់​តាម​បង្គាប់​មេដឹកនាំ ដោយលើកយក​បំណងប្រាថ្នា​ផ្ទាល់​​​ខ្លួនទាំង​​​​ស្រុងបូជាថ្វាយព្រះ​ជា​ម្ចាស់។ ដោយការស្តាប់​បង្គាប់ គាត់រួបរួមយ៉ាង​ជិត​ស្និទ្ធ និង​យ៉ាងពិត​ប្រាកដ​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ដែល​សព្វ​ព្រះ​ហឫទ័យ​សង្រ្គោះ​មនុស្ស​លោក។ បព្វ​ជិតបព្វជិតា​យក​តម្រាប់​តាម​ព្រះ​គ្រីស្តដែល​យាង​មក​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​បិតា (យហ ៣,៣៤; ៥,៣០; ហប ១០,៧;​ ទត ៣៩,៩) ព្រះ​អង្គ​យក “សភាព​ជា​ទាសករ” (ភីល ២,៧) រៀន​ធ្វើ​តាម​ព្រះបញ្ជាដោយ​រង​ទុក្ខ​លំបាក (ហប ៥,៨)។ តាមជំនឿ​របស់​ខ្លួន និង​ក្រោម​​​​ការ​ណែ​នាំ​នៃ​ព្រះ​វិញ្ញាណ បព្វ​ជិត​បព្វជិតា​ត្រូវចុះ​ចូលនឹងមេដឹកនាំ​របស់​ខ្លួនដែល​គាត់ត្រូវចាត់​ទុក​ជា​តំណាង​របស់​ព្រះ​ជា​ម្ចាស់។ គាត់ក៏ត្រូវចាត់ទុកថា មេដឹកនាំមុខជានឹងណែ​នាំ​គាត់ឱ្យ​បម្រើ​បង​ប្អូន​ទាំង​អស់​ក្នុងអង្គ​ព្រះ​គ្រីស្ត ដូច​ព្រះគ្រីស្ត​ផ្ទាល់​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង​ប្អូនឯទៀតៗដោយ​ព្រះអង្គសុខចិត្ត​ចុះ​ចូល​​នឹង​ព្រះ​បិតា ហើយបូជា​ព្រះ​ជន្ម​ដើម្បី​​រំដោះមនុស្ស​ទាំង​អស់ (មថ ២០,២៨; យហ ១០,១៤-១៨)។ ដូច្នេះ បព្វ​ជិត​បព្វជិតាជាប់​ចិត្ត​យ៉ាង​ជិត​ស្និទ្ធិ​បម្រើ​ព្រះ​សហគមន៍ និង​ខិត​ខំ​ឱ្យរីកចម្រើនឡើងទៅ​ជា​មនុស្ស​ពេញ​វ័យ គឺឡើង​ដល់​កំពូល​របស់​ព្រះ​គ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់ (អភ ៤,​១៣)។

ហេតុ​នេះ សូម​ឱ្យ​បព្វ​ជិត​បព្វជិតាចុះ​ចូល​នឹង​មេដឹកនាំដោយ​ចិត្ត​គោរព និង​ដោយ​ចិត្ត​សុភាព​រាប​សាតាម​ក្បួន​​​វិន័យ និងតាមធម្មនុញ្ញ​របស់​គាត់ ដោយ​មាន​ចិត្តជឿ​លើព្រះជាម្ចាស់ និង​ស្រឡាញ់​ព្រះ​ហឫទ័យ​ព្រះ​អង្គ។ សូម​ឱ្យ​​​​បព្វ​ជិតបព្វជិតា​យក​កម្លាំង​ប្រាជ្ញា និង​កម្លាំង​នៃឆន្ទៈ​របស់​ខ្លួន ព្រមទាំងយកគ្រប់​អំណោយទានដែល​​​ខ្លួន​​​បាន​​​ទទួល​ពី​ធម្មជាតិ និង​ពី​ព្រះ​ជាម្ចាស់​ប្រណីសន្តោសដល់គាត់មក​បំពេញ​កិច្ចការតាមបង្គាប់​របស់​មេដឹកនាំ ហើយ​សម្រេច​កិច្ចការ​ដែលមេដឹកនាំផ្ញើ​ទុក​ឱ្យ​ធ្វើដោយ​ជឿ​ជាក់​ថា ខ្លួន​ជួយកសាង​ព្រះ​កាយ​ព្រះ​គ្រីស្តតាម​គម្រោង​ការ​របស់​​​​ព្រះ​ជា​ម្ចាស់។ ដូច្នេះ បព្វ​ជិតបព្វជិតា​ដែល​ធ្វើ​តាម​បង្គាប់មេដឹកនាំ មិន​បង្អាប់បង្អោន​កិត្តិយស​របស់​ខ្លួន​ជា​មនុស្ស​​​​ដ៏​មាន​តម្លៃ​ទេ តែផ្ទុយទៅវិញ នាំ​ខ្លួនឱ្យ​ទៅ​ជា​មនុស្ស​ពេញ​វ័យទាំងបណ្តោយឱ្យ​សេរីភាព​របស់ខ្លួន​​​ក្នុងឋានៈ​​​ជា​​​​បុត្រ​ធីតា​របស់​ព្រះ​ជា​ម្ចាស់​រីកចម្រើន​ឡើងទៀតផង។

រីឯមេដឹកនាំ​វិញ អស់លោកអ្នកទទួល​ខុស​ត្រូវ​លើ​បព្វ​ជិត​បព្វជិតាដែល​ព្រះ​ជា​ម្ចាស់​ផ្ញើ​ទុក​ឱ្យ​ថែ​រក្សា (ហប​ ១៣,១៧) ក្នុងការ​បំពេញ​មុខ​នាទី​របស់​ខ្លួន អស់លោកអ្នកក៏​ត្រូវ​ស្តាប់​តាម​ព្រះ​ហឫទ័យ​ព្រះ​ជា​ម្ចាស់​ដែរ។ ត្រូវ​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​មាន​បំណង​ចង់​បម្រើ​បង​ប្អូន គឺមានបំណងចង់បង្ហាញ​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះអម្ចាស់ចំពោះ​បង​ប្អូន​ទាំង​នោះ​។ សូម​ត្រួតត្រាអ្នក​ដែល​ចុះ​ចូល​ក្រោម​អំណាច​របស់​ខ្លួនទុក​ដូចជា​បុត្រ​ធីតា​របស់​ព្រះ​ជា​ម្ចាស់ ដោយ​គោរព​គាត់ទុក​ជា​មនុស្ស​មាន​តម្លៃ​ដ៏ថ្លៃថ្នូរ និង​ដាស់តឿនឱ្យ​គាត់​ស្ម័គ្រ​ចិត្ត​ចង់ចុះ​ចូល​ទៀត​ផង។ ត្រូវ​ទុក​សេរីភាព​ដ៏​ត្រឹម​ត្រូវ​ឱ្យ​គាត់ ​ជាពិសេស​ អំពីអគ្គ​សញ្ញា​លើក​លែង​ទោស និង​អំពីការ​ណែ​នាំ​ជីវិតតាម​ព្រះ​វិញ្ញាណ។ មេ​​​ដឹក​​​​​​នាំ​​​​​​ត្រូវ​អប់រំ​បព្វ​ជិត​​បព្វជិតា​ឱ្យ​រួមសហការគ្នា ទាំងចេះស្តាប់បង្គាប់ ដោយទទួល​ខុស​ត្រូវ​យ៉ាងសកម្ម​នៅពេល​​​បំពេញ​​​​មុខ​ងាររបស់​ខ្លួនផ្ទាល់ផង ហើយនៅពេលគាត់មាន​គំនិត​ចង់ចាប់ផ្តើមធ្វើ​អ្វី​មួយ​ផងដែរ។ មេដឹកនាំ​ត្រូវ​ចូល​​​ចិត្ត​​​ស្តាប់​​​​គាត់ ​ដាស់​តឿន​គាត់ឱ្យ​ខិត​ខំ​រួបរួម​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រឹះ​ស្ថាន និង​ដល់​ព្រះ​សហគមន៍។ ប៉ុន្តែ មេ​​​ដឹក​​​នាំក៏ត្រូវ​តែប្រើ​អំណាច​របស់​ខ្លួន​នៅ​ពេល​ត្រូវ​សម្រេច​សេចក្តី​មួយ ឬ​បញ្ជា​កិច្ច​ការណាមួយ​ដែល​ត្រូវ​ធ្វើពុំខាន។

អង្គ​ប្រជុំ និង​ក្រុម​ប្រឹក្សា​នឹង​បំពេញ​មុខ​នាទី​របស់​ខ្លួន​ក្នុង​ការ​ណែ​នាំ​គ្រឹះ​ស្ថាន។ សូម​ឱ្យ​អង្គ​ភាព​ទាំង​នោះតាមរបៀប​រៀងៗ​ខ្លួន ធ្វើ​ឱ្យ​បព្វជិតបព្វជិតា​ទាំងអស់​រួម​បញ្ចេញ​យោបល់ និងយក​ចិត្ត​ទុក​ដាក់​នឹង​ប្រយោជន៍សហគមន៍​​​ទាំងមូលទៀតដែរ។

១៥- អំពីការរស់នៅជាមួយគ្នា

ការ​រស់​នៅ​ជា​មួយ​គ្នានាំ​ឱ្យ​បព្វ​ជិតបព្វជិតា​ព្យា​យាម​អធិដ្ឋាន និងរួបរួមគ្នាមានចិត្ត​ថ្លើមតែ​មួយ ដោយ​យក​លទ្ធិ​នៃគម្ពីរដំណឹងល្អ យកពិធី​បុណ្យដ៏សក្ការៈ ​ជាពិសេស ​យកអគ្គសញ្ញា​អរព្រះគុណធ្វើជាអាហារ​ផ្តល់​កម្លាំង (កក ២,៤២) ដោយយកព្រះ​សហគមន៍​ដើម​ដំបូង​ធ្វើ​គំរូ គឺមហាជន​របស់​អ្នក​ជឿមាន​ចិត្ត​ថ្លើម​តែ​មួយ មានចិត្តគំនិតតែ​​​មួយ​​​ដែរ (កក ៤,៣២)។ បព្វ​ជិត​បព្វជិតា​ជា​សរីរាង្គ​នៃ​ព្រះ​កាយ​ព្រះ​គ្រីស្ត។ ហេតុ​នេះ ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​​​ស្និទ្ធស្នាល​ រស់​នៅជាមួយគ្នា​ទុក​ជា​បង​ប្អូន (រម ១២,១០) ដោយ​ជួយ​ចែក​រំលែក​សុខ​ទុក្ខ​គ្នានឹង​គ្នា (កាឡ​ ៦,​​​២​​​) ព្រោះព្រះ​ជា​ម្ចាស់​ចាក់​បង្ហូរ​ព្រះ​ហឫទ័យ​ស្រឡាញ់​ក្នុង​ចិត្ត​គេដោយ​សារ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ (រម ៥,៥)។ សហគមន៍​​​​បព្វ​ជិតបព្វជិតា​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយរួម​ក្នុង​នាម​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​គង់​នៅ​ជា​មួយ​សហគមន៍​នោះ​ដែរ (មថ ១៨,២០)។ សេចក្តី​ស្រឡាញ់​ដែលធ្វើ​ឱ្យ​ធម្មវិន័យ​បាន​ពេញ​លក្ខណៈ (រម ១៣,១០) ក៏ជាចំណង​ធ្វើ​ឱ្យ​គុណធម៌គ្រប់​យ៉ាងបានពេញលក្ខណៈដែរ (កូឡ ៣,១៤)។ យើង​ដឹង​ថា យើង​ឆ្លង​ពី​សេចក្តី​ស្លាប់​ទៅ​កាន់​ជីវិត​ដោយ​សេចក្តី​ស្រឡាញ់​នោះ (១យហ ៣,១៤)។ ម្យ៉ាង​ទៀត បង​ប្អូន​ដែល​រួប​រួម​គ្នាបង្ហាញបញ្ជាក់​ថា ព្រះគ្រីស្តយាង​​​មក​​​ពិត​​​មែនហើយ (យហ ១៣,៣៥; ១៧,២១)។​​​ ការរួបរួមបែបនេះក៏ផ្តល់កម្លាំងយ៉ាង​ខ្លាំង​អស្ចារ្យ ដើម្បី​បំពេញ​កិច្ចការ​​​ជា​គ្រីស្តទូតថែមទៀតដែរ។

ត្រូវ​ឱ្យអ្នក​ដែល​មាន​ឈ្មោះ​ថា “អ្នក​ជំនួយ”“សហការី” ឬអ្នកគេហៅតាមឈ្មោះ​ផ្សេង​​ទៀត​ក៏បាន រួមរស់​​​ជាប់​​​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​រស់​នៅ និង​រួមក្នុង​កិច្ច​ការ​របស់​សហគមន៍បព្វ​ជិត​បព្វជិតា ដើម្បី​ឱ្យ​ចំណង​ភាត​រភាព​រវាង​សមាជិក​សហគមន៍​ទាំង​មូល​កាន់តែស្និទ្ធ​ស្នាលឡើងៗ​។ យូរៗទៅ ក្នុង​ក្រុម​គ្រួសារ​បព្វជិតាត្រូវខិតខំធ្វើ​ឱ្យ​មាន​ឋានៈ​​​​បព្វ​ជិតា​តែ​មួយគត់ លើក​លែង​តែ​មាន​សភាព​ការណ៍​រារាំង​យ៉ាងពិតប្រាកដឱ្យ​ប្រ​ព្រឹត្តតាម​របៀប​ផ្សេងទៀត។ ប្រសិន​បើ​នៅ​តែ​មាន​ឋានៈផ្សេងៗ ត្រូវ​ញែកបព្វ​ជិតា​ចេញ​ពី​គ្នា​តាម​កិច្ច​ការ​ផ្សេងៗ​ដែល​គេ​ត្រូវ​បំពេញ​នោះ ស្របតាម​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គាត់​យ៉ាង​ពិសេស ឬស្របតាម​ទេព​កោសល្យ​ពិសេស​របស់​គាត់។

ចំពោះ​គ្រឹះស្ថាន ឬ​អារាម​របស់​បុរស​ដែល​មិន​មែន​សុទ្ធតែគ្រីស្ត​បរិស័ទ​ធម្មតា គ្រឹះស្ថាន​ និងអារាមទាំងនោះមានសិទ្ធិទទួល​បូជាចារ្យ (អាចារ្យ) និងគ្រីស្ត​បរិស័ទ​ធម្មតា​ដែរ ស្រប​តាមលក្ខណៈពិសេសរបស់គេ និងស្របតាមធម្មនុញ្ញត្រូវបញ្ជាក់នៅពេលក្រោយ។ បូជាចារ្យ (អាចារ្យ) និងគ្រីស្ត​បរិស័ទ​ធម្មតាមាន​សិទ្ធ និង​ភារ​កិច្ច​ស្មើ​គ្នា លើក​លែង​តែ​អំពី​ភារកិច្ច​ដែល​ហូរ​ចេញ​មក​ពី​អគ្គ​សញ្ញា​តែង​តាំង​ជាបូជាចារ្យប៉ុណ្ណោះ។

១៦- អំពី​របង​ឃាត់​ឃាំង​អ្នក​ក្រៅមិនឱ្យចូល​ក្នុង​អារាម

ត្រូវ​រក្សា​ទុក​យ៉ាង​តឹង​រ៉ឹង​នូវ​វិន័យ​ហាម​មិន​ឱ្យ​អ្នក​ក្រៅ​ចូល​ក្នុង​អារាម​បព្វ​ជិតាដែល​មាន​មុខ​នាទី​តែ​ស្មឹង​ស្មាធិ៍ប៉ុណ្ណោះ។ មានតែអភិបាលព្រះសហគមន៍ក្រុងរ៉ូមទេ​មានសិទ្ធិ​ដាក់ ឬ​ដករបងឃាំងអ្នកក្រៅ​មិនឱ្យចូលនោះបាន​​​។ ត្រូវ​កែសម្រួល​វិន័យ​នេះ​តាម​កាលៈ​ទេសៈ និងតាម​កន្លែង ដោយ​លុបបំបាត់​អ្វីៗ​ហួស​សម័យ ក្រោយ​ពី​បាន​សួរ​យោបល់របស់បព្វ​ជិតា​ទាំង​នោះរួចហើយ។

រីឯ​បព្វជិតា​ឯ​ទៀតៗដែល​មាន​មុខ​នាទី​បំពេញ​កិច្ច​ការជាគ្រីស្តទូតនៅ​ខាង​ក្រៅអារាម មិន​ត្រូវ​ទុក​វិន័យ​ឃាត់​ឃាំងអ្នក​ក្រៅ​មិន​ឱ្យ​ចូល​បានទេ ដើម្បី​ឱ្យ​គាត់អាច​បំពេញ​មុខ​នាទី​ដែលព្រះ​សហគមន៍​ផ្ញើ​ទុក​ឱ្យ​គាត់យ៉ាង​ស្រួល។ ប៉ុន្តែ ​ត្រូវរក្សា​វិន័យឃាត់​ឃាំង​ម៉្យាងដូចមានកំណត់ទុក​ក្នុងធម្មនុញ្ញ​របស់​គេ។

១៧- អំពីសម្លៀក​បំពាក់​ជា​បព្វ​ជិតបព្វជិតា

សម្លៀក​បំពាក់​របស់​បព្វ​ជិតបព្វជិតា​ជា​សញ្ញា​សម្គាល់​បង្ហាញបញ្ជាក់​ថា មនុស្សម្នាក់ញែកខ្លួនថ្វាយព្រះជាម្ចាស់ហើយ។ ត្រូវ​ពាក់​សម្លៀក​បំពាក់​សាមញ្ញ និង​សុភាពរាបសា ជាសម្លៀក​បំពាក់​របស់​អ្នក​ក្រ ប៉ុន្តែ ត្រូវជាសម្លៀក​បំពាក់​សមរម្យស្របតាម​តម្រូវ​ការ​សុខ​ភាព និង​សមស្របតាម​កាលៈ​ទេសៈ និងទី​កន្លែង ព្រមទាំងស្របតាម​តម្រូវការ​នៃ​កិច្ចការ​​​​​​ជាគ្រីស្តទូត។ ត្រូវ​កែសម្រួល​សម្លៀក​បំពាក់​បព្វជិត ឬ​បព្វ​ជិតាដែល​មិន​ត្រូវ​តាមសេចក្តីណែនាំទាំងនោះ។

១៨- អំពី​ការ​អប់​រំ​បព្វ​ជិតបព្វ​ជិតា

គ្រឹះ​ស្ថាន​នានា​អាច​កែសម្រួល​​​ខ្លួនបាន លុះ​ត្រា​តែ​បព្វ​ជិតបព្វ​ជិតា​នៃ​គ្រឹះ​ស្ថាន​ទាំងនោះទទួល​ការ​អប់រំ។ ហេតុ​​​​នេះ​​​ហើយ បានជាមិន​ត្រូវ​ចាត់​បព្វ​ជិតបព្វ​ជិតា​ដែល​មិន​មែន​ជា​បូជាចារ្យ (អាចារ្យ) ឱ្យ​បំពេញ​កិច្ចការ​​​ជាគ្រីស្តទូត​​​ភ្លាមៗ ក្រោយពីគាត់បញ្ចប់​ការ​អប់​រំ​ជា​ពន្លកថ្មី​។ ត្រូវ​អប់រំ​គាត់​តទៅ​ទៀត​ខាងជីវិតតាម​ព្រះ​វិញ្ញាណ ខាង​កិច្ចការ​​​ជា​​​គ្រីស្តទូត ខាង​លទ្ធិ​គ្រីស្ត​សាសនា និង​ខាង​បច្ចេក​ទេសនៅគេហដ្ឋានដែលមានបច្ចេកទេសខាងមុខវិជ្ជាទាំងនោះ ដោយ​​​​គិត​គូរផ្តល់សញ្ញា​បត្រ​ឱ្យគាត់ថែម​ទៀត​ផង។ ត្រូវ​អប់​រំ​បព្វ​ជិតបព្វ​ជិតា​តាម​សមត្ថភាព​រៀនសូត្ររៀងៗ​​​ខ្លួន​​​ និង​​​តាម​​​ចរិត​លក្ខណៈ​ផ្ទាល់​​របស់​គាត់ ឱ្យ​គាត់ស្គាល់អំពី​របៀប​រស់​នៅ របៀប​រិះ​គិត និង​យោបល់​មនុស្សម្នា​​​ក្នុង​​​សង្គម​​​​នា​បច្ចុប្បន្នយ៉ាងគ្រប់គ្រាន់ ទើបការកែសម្រួលរបៀប​រស់​នៅ​របស់​បព្វ​ជិតបព្វ​ជិតា​បាន​​ស្រប​តាមតម្រូវការនា​​​សម័យ​​​​​​បច្ចុប្បន្ន មិនគ្រាន់តែជាការ​កែសម្រួល​សំបកខាង​ក្រៅ​ប៉ុណ្ណោះទេ តែ​ត្រូវ​ឱ្យ​បព្វជិតបព្វជិតាដែល​បំពេញ​កិច្ចការ​​​ខាង​ក្រៅ​អារាមអាចបំពេញ​មុខ​នាទី​របស់​ខ្លួន​បាន។ ត្រូវ​អប់រំ​បព្វ​ជិតបព្វ​ជិតា​ដោយ​យកកត្តាទាំងនេះមកផ្សំ​គ្នាយ៉ាង​​​សមរម្យ​​​ ទើបគាត់រស់នៅយ៉ាង​សុខដុមរមនា។

បព្វ​ជិតបព្វ​ជិតា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​បំពេញ​ការ​អប់​រំ​ឱ្យរស់នៅតាមព្រះវិញ្ញាណ ឱ្យស្គាល់លទ្ធិ​គ្រីស្តសាសនា ឱ្យមានបច្ចេក​ទេសតទៅទៀត​អស់​មួយ​ជីវិត។ មេដឹកនាំ​ក៏ត្រូវ​ផ្តល់​ឱកាស និង​មធ្យោបាយ ព្រម​ទាំង​ពេល​វេលា​ដែល​​​​គាត់ត្រូវ​ការឱ្យ​គាត់អាច​អប់​រំ​ខ្លួន​បាន ប្រសិន​បើ​អាច​ធ្វើ​បាន។ យ៉ាង​ណា​មិញ មេដឹកនាំ​មាន​ភារ​កិច្ច​ជ្រើស​រើស​អ្នក​​​​ណែ​នាំ គ្រូ​អប់រំ​ឱ្យរស់នៅតាម​ព្រះ​​វិញ្ញាណ និងសាស្រ្តាចារ្យដ៏ប្រសើរជាងគេ។ តែអ្នកទាំងនោះត្រូវទទួលការ​​​អប់រំយ៉ាង​ល្អ​ជា​មុន​សិន។

១៩-​ ការ​បង្កើត​គ្រឹះ​ស្ថាន​ថ្មី

ត្រូវ​ថ្លឹង​ថ្លែង​ឱ្យ​មែន​ទែនមុន​នឹង​បង្កើត​គ្រឹះ​ស្ថាន​ថ្មី​មួយ គឺ​ត្រូវ​រិះ​គិត​ថា​ តើ​ត្រូវ​ការ​គ្រឹះ​ស្ថាន​នោះឬក៏អត់? យ៉ាង​​​ហោចណាស់ត្រូវរិះគិតថា តើ​គ្រឹះ​ស្ថាន​នោះ​មាន​ប្រយោជន៍​ខ្លាំងអាច​ចម្រើន​ឡើង​បាន​ឬ​យ៉ាង​ណា?។ ត្រូវ​ប្រុង​​​ប្រយ័ត្ន​ដូច្នេះក្រែងលោ​មាន​សមាគម​កើត​ឡើង​ដោយ​ឥត​បាន​ការ ឬ​គ្មាន​កម្លាំង​គ្រប់​​​គ្រាន់ដែល​ត្រូវ​ការឱ្យ​​​ទៅ​​​មុខ​​​បាន​​​។ ក្នុង​ព្រះ​សហគមន៍​ថ្មីៗ​មាន​មូល​ហេតុ​ពិសេសនឹងជួយលើកស្ទួយ ឬ​ពង្រឹង​របៀប​រស់​នៅ​ជា​បព្វជិត​បព្វ​ជិតា​ស្របតាម​​​​វប្បធម៌ និង​អរិយធម៌​ប្រ​ជាជន ហើយត្រូវ​តាម​ជីវ​ភាព និងតាម​ប្រ​ពៃ​ណី​ស្រុក​នោះ។

២០- ការ​រក្សា​ទុក ការកែសម្រួល ឬ​ការលះបង់​កិច្ច​ការផ្ទាល់​របស់​គ្រឹះ​ស្ថាន

គ្រឹះ​ស្ថាន​នីមួយៗ​ត្រូវ​រក្សា​ទុក និង​បន្ត​បំពេញកិច្ច​ការរបស់​ខ្លួន​ផ្ទាល់​យ៉ាង​ស្មោះ​ដោយ​នឹក​គិត​ដល់​ប្រយោជន៍​​​​ព្រះ​សហគមន៍​សកល និងព្រះ​សហគមន៍​ក្នុង​ភូមិ​ភាគ។ ​តែ​ត្រូវកែសម្រួល​កិច្ចការទាំងនោះ​ស្រប​តាម​តម្រូវការ​​​នៃ​​​កាលៈ​​​​ទេសៈនៃទីកន្លែង ដោយ​ប្រើ​មធ្យោបាយ​ដែល​សម​ស្របតាមសភាពការណ៍នោះ ឬ​បង្កើត​មធ្យោបាយ​ថ្មីៗ​​​ក៏បាន ទាំងបោះបង់ចោល​កិច្ច​ការដែល​មិន​ស្រប​នឹង​គោល​គំនិត និង​លក្ខណៈដ៏​ពិត​ប្រាកដ​នៃគ្រឹះ​ស្ថាន​នោះ។ ​ជា​​​ពិសេស ត្រូវ​រក្សា​ទុក​គំនិត​ជាសាសនទូតក្នុង​គ្រឹះ​ស្ថាន​បព្វ​ជិត​បព្វជិតាជាចាំបាច់បំផុត និង​កែសម្រួល​គោល​គំនិត​ស្រប​​​តាម​លក្ខណៈ​គ្រឹះ​ស្ថាន​នីមួយៗ និង​ស្របតាម​សភាព​ការណ៍​បច្ចុប្បន្ន ដើម្បី​ឱ្យគេប្រកាស​ដំណឹងល្អយ៉ាងសកម្មក្នុង​ចំណោមប្រជាជនទាំងឡាយ។

២១- គ្រឹះស្ថាន និង​អារាម​ដែល​អន់​ថយ

តាម​យោ​បល់​អភិបាល​ភូមិភាគទាំងប៉ុន្មានក្នុង​តំបន់ និង​តាមការវិនិច្ឆ័យរបស់សន្ត​អាសនៈ មាន​គ្រឹះ​ស្ថាន និងអារាមខ្លះគ្មាន​សង្ឃឹមយ៉ាងពិតប្រាកដ​ថានឹង​ចម្រើន​ឡើងទៀត​បាន​សោះ។ ដូច្នេះ ត្រូវ​ហាម​មិនឱ្យគេ​ទទួល​ចំណូលថ្មី​។ ប្រសិន​បើអាច​ធ្វើ​បាន ត្រូវ​បង្រួម​គ្រឹះ​ស្ថាន ឬអារាម​ទាំង​នោះឱ្យ​រួម​ជា​មួយ​គ្រឹះ​ស្ថាន និង​អារាម​​​​មួយផ្សេង​ទៀត​​​ដែល​​​កំពុង​​​​លូត​លាស់ ហើយ​ដែល​មាន​គោល​ដៅ និង​គោល​គំនិត​ស្រដៀង​គ្នាដែរ។

២២- គ្រឹះ​ស្ថាន​នានា​ត្រូវ​រួបរួម​គ្នា

ប្រសិន​បើ​គ្រឹះ​ស្ថាន និង​អារាម​ស្វយ័តជាប់​នឹងក្រុម​គ្រួសារ​បព្វ​ជិត​បព្វជិតា​តែមួយ​ដូច​គ្នា ត្រូវឱ្យគ្រឹះ​ស្ថាន និង​អារាម​ទាំងនោះរួប​រួម​គ្នា​ជា​សហព័ន្ធតាម​តម្រូវការ និង​ដោយ​សន្ត​អាសនៈ​យល់​ព្រមទៀតផង។ ប្រសិន​បើ​គ្រឹះ​ស្ថាន ​និង​អារាម​មាន​ធម្មនុញ្ញ ទំនៀមទម្លាប់ និង​គោល​គំនិត​ស្រដៀង​គ្នា ជាពិសេស​ ប្រសិន​បើ​គេ​ខ្សោយ​ពេក ក៏ត្រូវ​ចូលរួប​រួម​គ្នាតែម្តង។ ប្រសិន​បើ​គេ​បំពេញ​កិច្ចការខាងក្រៅ​អារាម​ដូច​គ្នា ឬ​ស្រដៀង​គ្នា គេ​ក៏ត្រូវ​រួមគ្នា​ជា​សមាគមដែរ។

២៣- ក្រុម​មេដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់

ត្រូវ​ជួយ​លើកស្ទួយគាំ​ទ្រ​ក្រុម ឬ​ក្រុម​ប្រឹក្សា​របស់​​មេដឹកនាំ​​ដ៏​ខ្ពង់​ខ្ពស់ដែល​សន្ត​អាសនៈ​បានតែងតាំង​មក។ ក្រុម​ទាំង​នោះ​មាន​ប្រយោជន៍​ជា​ខ្លាំង ដើម្បីឱ្យ​គ្រឹះ​ស្ថាន​នីមួយៗ​មានលទ្ធភាពអាចទៅ​កាន់​គោល​ដៅ​របស់​ខ្លួន​ឱ្យកាន់តែល្អប្រសើរឡើង ព្រម​ទាំង​ឱ្យ​គ្រឹះ​ស្ថាន​ទាំង​នោះ​សហ​ការគ្នាកាន់តែសកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះ​សហគមន៍។ ដូច្នេះ ក្រុម​ទាំង​នោះ​អាច​ចាត់​ចែង​អ្នក​ប្រកាស​ដំណឹង​ល្អ​ក្នុង​តំបន់​មួយ​ឱ្យ​បាន​ត្រឹម​ត្រូវជាង និង​មាន​សមត្ថ​ភាព​អាច​សម្រេច​បញ្ហាទូទៅ​របស់​បព្វ​ជិតបាន។ ចំពោះ​កិច្ច​ការជាគ្រីស្តទូត ​ត្រូវចាត់​ចែង​ដោយក្រុម ឬ​ក្រុម​ប្រឹក្សា​របស់​មេដឹក​​​នាំ​​​ដ៏​ខ្ពង់​ខ្ពស់ក៏ត្រូវមាន​ទំនាក់​ទំនង​ជា​មួយ​គ្នា និង​សហ​ការ​យ៉ាងសមរម្យ​ជា​មួយ​នឹងក្រុម​អភិបាល​ក្នុង​ប្រទេស​នីមួយ​​​ៗ​​​ដែរ។

ក្រុម​គ្រីស្តបរិស័ទធម្មតាដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ ហើយរស់​នៅ​ក្នុង​សង្គមក៏​អាច​តែង​តាំង​ក្រុម​បែប​នោះ​ដែរ។

២៤- អំពី​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គ្រីស្ត​បរិស័ទ​ឱ្យ​ទៅ​ជា​បព្វ​ជិតបព្វជិតា

អស់​លោក​បូជា​ចារ្យ (អាចារ្យ) និង​គ្រីស្ត​បរិស័ទ​ដែល​មាន​មុខ​នាទី​អប់រំ​យុវជន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិតខំយ៉ាងខ្លាំងឱ្យ​មាន​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​កាន់​តែ​ច្រើន​ឡើងៗ ស្រប​តាម​តម្រូវ​ការ​របស់​ព្រះ​សហគមន៍។ ត្រូវ​ជ្រើសរើស​អ្នក​ទាំង​នោះ​ដោយ​ពិនិត្យ​ពិចារណា​។ សូម្បី​តែក្នុង​ពេល​អត្ថាធិប្បាយ​គម្ពីរ​ជា​ធម្មតា​ក្តី ក៏​ត្រូវ​និយាយ​ជា​រឿយៗ​អំពីព្រះដំបូន្មាន​ចែងក្នុងគម្ពីរដំណឹងល្អ និង​អំពី​ការជ្រើសរើសរស់​នៅ​ជា​បព្វជិត​បព្វជិតាដែរ។ ឪពុក​ម្តាយ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​​​អប់​រំ​កូន​ៗតាមគ្រីស្តសាសនា ទាំងប្រាប់​ឱ្យកូនៗដឹងថា ព្រះជាម្ចាស់​ត្រាស់​ហៅ​កូនៗ​ខ្លះ​ឱ្យ​ទៅ​ជា​បព្វ​ជិត​​​បព្វជិតា​​​ ហើយ​ក៏​ត្រូវ​ថែ​​​រក្សាការ​ពារ​ការ​ត្រាស់​ហៅ​នេះ​ក្នុង​ចិត្ត​កូនៗផង​ដែរ។

គ្រឹះ​ស្ថាន​ទាំង​ឡាយ​មាន​សិទិ្ធ​បង្ហាញ​ខ្លួន​ឱ្យ​គ្រីស្ត​បរិស័ទ​ស្គាល់ ដើម្បី​ជួយឱ្យ​មាន​បេក្ខជនចង់​ចូល​ជា​បព្វ​ជិត​បព្វជិតាក្នុង​គ្រឹះ​ស្ថាន​នោះតាមព្រះជាម្ចាស់ត្រាស់ហៅ។ ប៉ុន្តែ ត្រូវស្វែង​រក​បេក្ខជន​ដោយ​ប្រុង​ប្រយ័ត្ន​ជា​ធម្មតា ដោយគោរព​សេចក្តីណែនាំរបស់សន្ត​អាសនៈ និង​របស់អភិបាល​ភូមិ​ភាគ​ចាត់​ចែង​ទុកមក។ ប៉ុន្តែ បព្វ​ជិត​បព្វជិតាត្រូវ​នឹក​ចង​​​ចាំជា​និច្ច​ថា ប្រសិនបើគាត់រស់នៅតាមបែបធ្វើជា​គំរូ គាត់ពិតជាធានាជីវិតគ្រឹះ​ស្ថានរបស់គាត់តាមរបៀបល្អជាង​​​គេ ហើយ​គាត់ក៏អញ្ជើញ​គ្រីស្ត​បរិស័ទ​យ៉ាង​សកម្ម​ ឱ្យ​ទៅជា​បព្វ​ជិត​បព្វជិតា​ដូច​គាត់​ដែរ។

២៥- ពាក្យ​បញ្ចប់

គ្រឹះ​ស្ថាននានាត្រូវ​កែសម្រួលខ្លួនយ៉ាងសមរម្យតាម​សេចក្តីណែនាំទាំង​នេះ គឺបព្វ​ជិត​បព្វជិតាគ្រឹះ​ស្ថាន​ទាំង​នោះត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងតប​ឆ្លើយ​នឹង​ព្រះ​ជា​ម្ចាស់​ដែល​ត្រាស់​ហៅ​គាត់ និង​បំពេញ​មុខ​នាទី​របស់ខ្លួនក្នុង​ព្រះ​សហគមន៍​នាបច្ចុប្បន្នកាល។ មហា​សន្និបាត​ដ៏វិសុទ្ធយល់ឃើញថា របៀបរស់​នៅ​ជា​ព្រហ្មចារី ជាអ្នក​ក្រី​ក្រ និង​ជាអ្នក​ស្តាប់​បង្គាប់​មេដឹកនាំ ពិតជាមាន​តម្លៃ​ខ្ពស់ណាស់តាម​ព្រះ​គ្រីស្ត​ផ្ទាល់​ធ្វើជាគំរូ​ស្រាប់។ មហាសន្និបាត​សង្ឃឹម​យ៉ាង​មាំថា កិច្ចការដែល​គ្រឹះ​ស្ថាន​ទាំង​នោះ​នឹង​ប្រព្រឹត្ត ទោះជាកិច្ចការដ៏ស្ងាត់កំបាំង​ក្តី ឬ​ជា​កិច្ច​ការដែល​មនុស្ស​លោក​ស្គាល់​គ្រប់​គ្នា​ក្តី មុខជា​បាន​បង្កើតផល​ល្អពុំខាន។ ហេតុនេះ សូម​បព្វជិតបព្វជិតា​ទាំង​អស់ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ស្តី​​​អំ​​​ពី​​​​ព្រះ​គ្រីស្ត​ក្នុង​ពិភព​លោក​ទាំង​មូល ដោយ​កាន់​ជំនឿ​ឥតលម្អៀង​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដទៃ ដោយ​ស្រឡាញ់​ឈើ​ឆ្កាង និង​ដោយមាន​សេចក្តី​សង្ឃឹម​ថា​ នឹង​បាន​ទទួល​សិរីរុង​រឿង​នៅ​លោក​ខាង​មុខទៀតផង។ សូម​​​​ឱ្យ​មនុស្ស​ទាំង​អស់​ឃើញ​សក្ខីភាព​របស់​គាត់ ហើយ​សូម​ឱ្យ​គេ​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះបិតា​ដែល​គង់​ស្ថាន​បរម​សុខ (មថ ៥,១៦)។ ដូច្នេះ ដោយ​មាន​ព្រះ​នាង​ព្រហ្មចារិ​នីម៉ារីជា​មាតា​ព្រះ​អម្ចាស់​ជួយ​អង្វរ គឺ​ព្រះនាង​ដែល “បានរស់នៅទុកជា​គំរូណែនំាការ​រស់​នៅ​របស់​គាត់” សូម​ឱ្យ​បព្វ​ជិតបព្វ​ជិតា​ទាំង​អស់​រីកចម្រើន ​និងកើនចំនួនឡើងតៗ​​​ទៅ និង​បង្កើត​ផល​កាន់​តែ​ច្រើន​ឡើងដើម្បីសង្រ្គោះ​មនុស្ស​លោក។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ក្រឹត្យក្រមទាំង​​មូលនេះ ព្រមទាំងគោល​ការណ៍នី​​​មួយៗ​​​​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូតរួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម ហើយសម្រេចចេញជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

 ធ្វើនៅក្រុមរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់អស់លោកអភិបាល)

517 Views

Theme: Overlay by Kaira