ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ការប្រែសម្រួលនៃព្រះសហគមន៍តាមសេចក្តីប៉ងប្រាថ្នា
OPTATAM TOTIUS ECCLESIAE RENOVATIONEM

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់​​​លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេចងចាំ​​​រហូតតរៀងទៅ។

ក្រឹត្យ​ក្រម
អំពី​ការ​ហ្វឹកហ្វឺនឱ្យទៅជាគង្វាល

បុព្វកថា

មហាសន្និបាតដ៏វិសុទ្ធដឹងជាក់ច្បាស់ថា ព្រះសហគមន៍ទាំងមូលនឹងប្រែជាថ្មី​​​បានតាម​​​សំណូមពរ​​​របស់​​​​​​គ្រីស្តបរិស័ទទាំងអស់ អាស្រ័យយ៉ាងពិសេសទៅលើរបៀបអស់លោកគង្វាលបំពេញមុខងារបម្រើ​​​របស់​​​ខ្លួន ក្រោម​​​ការ​​​ណែ​​​នាំ​​​នៃព្រះវិញ្ញាណរបស់ព្រះគ្រីស្ត។ ហេតុនេះហើយ បានជាមហាសន្និបាតសូមប្រកាសបញ្ជាក់ថា ការ​​​ហ្វឹកហ្វឺនឱ្យទៅជាគង្វាលមានសារៈសំខាន់យ៉ាងខ្លាំងបំផុត។ មហាសន្និបាតក៏សូម​​​ប្រកាសគោល​​​ការណ៍ខ្លះៗ​ជា​​​គ្រឹះ​​​សម្រាប់ណែនាំការហ្វឹកហ្វឺននេះ។ គោល​ការណ៍​ទាំង​នោះ​នឹង​បញ្ជាក់​វិន័យ ដែល​ព្រះ​​​សហគមន៍​​​​​​​យល់​ស្រប​តាម​​​​​​​​​​បទ​​​​ពិសោធន៍​ជា​ច្រើន​សត​វត្សរ៍មកហើយ។ យើងនឹងបញ្ចូលសេចក្ដីថ្មីខ្លះៗ ស្របតាម​​​ធម្មនុញ្ញ និង​​​​​​ក្រឹត្យ​​​ក្រម​​​នា​​​នា​​​​​ដែលមហាសន្និបាតអនុម័តរួចហើយ ដើម្បីតបឆ្លើយនឹងការប្រែប្រួលនា​បច្ចុប្បន្ន​​​កាល​ផង។ ការហ្វឹកហ្វឺនឱ្យទៅ​​​ជា​​​គង្វាលនេះ មានការចំាបាច់សម្រាប់ក្រុមគង្វាលភូមិភាគផង និង​​​សម្រាប់​​​ក្រុមគង្វាលជាបព្វជិតផង ព្រមទាំង​​​សម្រាប់​​​គ្រប់ព្រះសហគមន៍ដែលកាន់តាម​​​គ្រប់របៀបរបប​​​ពិធីគោរពប្រណិប៍តន៍ ព្រោះថា មុខងារជាបូជាចារ្យ​​​កាតូលិក​​​មានតែ​​​មួយ​​​​​​​​​គត់។ ហេតុនេះហើយ បានជាបទបញ្ញត្តិខាងក្រោមនេះ​​​សំដៅចំទៅលើក្រុមគង្វាលភូមិភាគ ហើយ​​​ក្រុម​​​ឯទៀតៗក៏ត្រូវ​​​អនុវត្តតាម​​​ដែរ ទោះបីត្រូវសម្រួល​​​​​​​បទបញ្ញត្តិខ្លះៗតាម​​​សេចក្ដីត្រូវការ។

១- អំពីរបៀបអប់រំក្រុមបូជាចារ្យ​​ដែលត្រូវតែងតាំងក្នុងគ្រប់ប្រទេស

១- ដោយមានប្រជាជន និងតំបន់ប្លែកពីគ្នាជាច្រើនអនេក មហាសន្និបាតគ្រាន់តែចាត់ចែងវិន័យជាទូទៅប៉ុណ្ណោះ។ ហេតុនេះ ក្នុងប្រជាជាតិនីមួយៗ ឬក្នុងព្រះសហគមន៍ដែលកាន់តាមរបៀបរបបពិធីគោរពនានាត្រូវចាត់ចែង “របៀប​​​​​​ហ្វឹក​​​ហ្វឺនឱ្យទៅជាបូជាចារ្យ” ដោយឡែកពីគ្នា។ ក្រុមអភិបាលព្រះសហគមន៍ក្នុងប្រទេសនីមួយៗត្រូវចាត់​​​ចែងរ​​​បបនោះ ដែលត្រូវកែ​​​សម្រួលតាមពេលកំណត់ដោយសន្តអាសនៈនៃគ្រីស្តទូតសិលាយល់ស្របផងដែរ។ ដូច្នេះ ក្បួន​​​ច្បាប់​​​វិន័យ​​​សកល​​​ទូទៅ នឹងសម្របតាម​​​សភាពការណ៍ដោយឡែកតាមទីកន្លែង និងតាមកាលៈទេសៈ ដើម្បីឱ្យការ​​​ហ្វឹក​​​​​​​​​ហ្វឺន​​​ឱ្យ​​​ទៅជាបូជា​​​ចារ្យតបឆ្លើយនឹងសេចក្ដី​​​ត្រូវការ​​​នៃការណែនាំព្រះសហគមន៍តាមតំបន់ ជាកន្លែងអស់​​​លោក​​​បូជាចារ្យនឹងបំពេញ​​​មុខ​​​ងារបម្រើរបស់ខ្លួន។

២- អំពីការថែរក្សាអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាបូជាចារ្យ

២- ព្រះសហគមន៍គ្រីស្តបរិស័ទទាំងមូលមានភារកិច្ចលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាគង្វាល។ ព្រះ​​​សហគមន៍បំពេញភារកិច្ចនេះ ជាពិសេស ដោយរស់នៅតាមបែបជាគ្រីស្តបរិស័ទយ៉ាងពេញលេញ។ ក្រុម​​​គ្រួសារ​​​ និងព្រះសហគមន៍តាមភូមិ ត្រូវរួមសហការគ្នាក្នុងកិច្ចការនេះ គឺក្រុមគ្រួសារត្រូវមាន​​​ជំនឿ សេចក្ដី​​​ស្រឡាញ់ និងការគោរពប្រណិប័តន៍តាមព្រះជាម្ចាស់ណែនាំ ហាក់ដូចជាទេវវិទ្យាល័យដើមដំបូងម៉្យាង។ រីឯព្រះ​​​សហគមន៍​តាមភូមិវិញ ត្រូវជួយឱ្យ​​​កូន​​​ជំទង់​​​ទទួលចំណែកនៃជីវិតដែលបង្កើតផលរបស់ខ្លួននោះ។ គ្រូៗ និងអស់អ្នកដែល​​​​​​ទទួល​​​ខុសត្រូវក្នុងការអប់រំក្មេងៗ និងយុវជន ទោះជាតាមបែបណាក៏ដោយ ជាពិសេស ព្រះសហមគមន៍​​​កាតូលិក​​​ត្រូវ​​​យកចិត្តទុកដាក់ និងអប់រំកូនជំទង់​​​ដែលមាតាបិតាផ្ញើទុកតាមរបៀបណែនាំឱ្យកូនទាំងនោះអាចយល់​​​ឃើញ​​​ថា ព្រះជាម្ចាស់​​​ត្រាស់ហៅគេ និងឱ្យគេអាចតបឆ្លើយនឹងព្រះអង្គដោយចិត្តទូលាយ​​​។ អស់គង្វាលត្រូវខ្នះ​​​ខ្នែង​​​យ៉ាងខ្លាំង​​​ជា​​​​​​ទីបំផុតក្នុងឋានៈជាគ្រីស្តទូត ដើម្បីលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់​​​ត្រាស់​​​ហៅនោះ។ អស់​​​លោក​​​ត្រូវ​​​ទាក់​​​ទាញ​​​ចិត្តយុវជនឱ្យ​​​ទៅជាបូជា​​​ចារ្យ ដោយគំរូរបស់ខ្លួនរស់នៅបែបសុភាពរាបសា និង​​​ដោយ​​​ឧហ្សាហ៍​​​ធ្វើការទាំង​​​មា​​​នចិត្តសប្បាយរីករាយ ហើយដោយមានទំនាក់​​​ទំនងទៅវិញទៅមក​​​ប្រកបដោយ​​​សេចក្ដី​​​ស្រឡាញ់​​​ក្នុង​​​ឋានៈ​​​​​​​​​ជាបូជាចារ្យ​​​ និងដោយសហការគ្នាទុកជាបងប្អូន។

អស់លោកអភិបាលមានភារកិច្ចដាស់តឿនក្រុមគ្រីស្តបរិស័ទ លើកស្ទួយឱ្យមានអ្នកដែលព្រះជាម្ចាស់ត្រាស់​​​​​​ហៅ​​​។ អស់លោកត្រូវយកចិត្តទុកដាក់ចំពោះធនធានទាំងអស់ និងការខិតខំទាំងប៉ុន្មានក្នុងភូមិភាគឱ្យ​​​រួមសហការ​​​គ្នា​​​។ ​ក្នុងឋានៈអស់លោកជាឪពុកដ៏ពិតប្រាកដ អស់លោកនឹងជួយដោយអស់ពីសមត្ថភាពដល់អស់អ្នក​​​ដែលអស់​​​លោក​​​​​​យល់​​​ឃើញថា ព្រះអម្ចាស់ត្រាស់ហៅឱ្យទៅជាចំណែកផ្ទាល់របស់ព្រះអង្គ។

ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាំងមូលដែលព្រមព្រៀងគ្នាបែបនេះ​​​ក្នុងគោលបំណងលើកស្ទួយថែទាំអ្នកដែល​​​ព្រះ​​​​​​​​​ជាម្ចាស់​​​ត្រាស់ហៅនោះ ពិតជាតបឆ្លើយនឹងព្រះអង្គដែលថែរក្សាណែនាំមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ គឺព្រះជាម្ចាស់នេះហើយដែលជ្រើសរើសមនុស្សខ្លះឱ្យទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យ​តាម​​​លំដាប់​​​លំដោយ។ ព្រះអង្គក៏ប្រទានព្រះអំណោយទានដែលគេត្រូវការ ​និងប្រណីសន្តោសគេទៀតផង។ ព្រះអង្គ​​​ដែល​​​​​​ថែរក្សា​​​មនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ ​ក៏ផ្ញើទុកឱ្យអស់លោកអភិបាលដែលត្រូវបានគេតែងតាំង​​​យ៉ាង​​​ត្រឹម​​​ត្រូវតាមច្បាប់ មានបេសកកម្មត្រាស់ហៅ​​​បេក្ខជនទាំងប៉ុន្មាន និងតែងតាំង​​​ជាគង្វាលឱ្យ​​​ទទួល​​​មុខ​​​ងារ​​​គោរព​​​បម្រើ​​​ព្រះ​​​ជាម្ចាស់​​​​​​ផង​​​ និង​​​បម្រើ​​​ព្រះសហគ​​​មន៍​​​ផង ទាំងដៅចំណាំគេដោយព្រះវិញ្ញាណ។ អស់​​​លោក​​​អភិបាល​​​ត្រូវទទួលស្គាល់ថា បេក្ខជន​​​ទាំង​​​នោះ​​​មាន​​​សមត្ថភាព ហើយ​​​​​​​​​អស់លោក​​​ត្រូវ​​​ល្បងលមើល​​​គេជាមុនសិន។ បេក្ខជន​​​​​​ទាំង​​​នោះ​​​​​​ក៏ត្រូវទទួល​​​បន្ទុក​​​ដ៏ធំធេង​​​​​​ជាគង្វាលនោះ ដោយចិត្តទៀង​ត្រង់ និងដោយមាន​​​សេរីភាព​​​​​​ពេញ​​​លេញ​​​ដែរ។

ជាបឋម មហាសន្និបាតផ្តែផ្តាំឱ្យប្រើគ្រប់មធ្យោបាយតាមប្រពៃណីសម្រាប់សហការគ្រប់បែបយ៉ាង គឺទទូច​​​អង្វរព្រះជាម្ចាស់ និងធ្វើតបៈធម៌​​​​​​តាមរបៀបគ្រីស្តសាសនា ហើយអប់រំគ្រីស្តបរិស័ទឱ្យដំណឹងល្អ​​​កាន់តែ​​​ស៊ីជម្រៅ​​​ជា​​​រៀង​​​រាល់ថ្ងៃ។ ត្រូវអប់រំ​​​គ្រីស្តបរិស័ទដោយធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរ និងអប់រំជំនឿ​​​ជាដើម​​​ ព្រម​​​ទាំង​​​ដោយប្រើគ្រប់​​​មធ្យោបាយ​​​នៃ​​​ទូរគមនាគមន៍​​​ក្នុ​​​ងសង្គមទៀតផង។​​​ ត្រូវបញ្ជាក់​​​អំពីការចាំបាច់​​​ និងអំពីលក្ខណៈ ហើយ​​​អំពីតម្លៃដ៏​​​ប្រសើរ​​​​​​ឧត្តម​​​​​​នៃ​​​មុខងារជាបូជាចារ្យតាម​​​​​​ព្រះជាម្ចាស់ត្រាស់​​​​​​ហៅនោះ។ លើសពីនេះទៅទៀត មហាសន្និបាត​​​បញ្ជា​​​ឱ្យ​​​ក្រុម​​​ទាំងប៉ុន្មាន​​​ ដែល​​​​​​ទទួល​​​​​​ការខុស​​​​​​ត្រូវ​​​លើកស្ទួយថែ​​​ទាំ​​​អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ គឺ​​​ក្រុម​​​ដែលកើតរួច​​​ទៅ​​​ហើយ និងក្រុម​​​ដែល​​​​​​ត្រូវបង្កើតនៅពេលក្រោយតាមភូមិភាគនីមួយៗ តាមតំបន់ក្ដី និង​​​តាម​​​ប្រទេស​​​​​​នីមួយៗក្តីឱ្យចាត់ចែងការណែនាំ​​​គ្រប់​​​យ៉ាង​​​ ដើម្បីលើកស្ទួយ​​​ថែទាំ​​​អ្នក​​​ដែល​​​ព្រះជាម្ចាស់ត្រាស់ហៅនោះដោយ​​​មានរបៀបរៀប​​​រយ​​​ និងជាប់ទាក់ទងគ្នា។​​​ ត្រូវចាត់ចែងកិច្ចការទាំងនោះដោយប្រាជ្ញា និងដោយចិត្តខ្នះខ្នែង។ ត្រូវ​​​ប្រើ​​​​​​មធ្យោយ​​​បាយដ៏​​​សមរម្យ​​​​​​តាម​​​ចិត្ត​​​សាស្រ្ត និងសង្គមសាស្រ្តដូចយើងស្គាល់នៅសម័យឥឡូវស្រាប់។

កិច្ចការដែលគេធ្វើសម្រាប់លើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះត្រូវធ្វើដោយចិត្តទូលាយ គឺហួសពីព្រំដែនភូមិភាគ​​​នីមួយៗ​​​ និងហួសពី​​​ព្រំដែន​​​ជាតិ ហើយក៏ហួសពី​​​ព្រំដែនក្រុមគ្រួសារបព្វជិត ព្រមទាំង​​​ហួសពី​​​ព្រំដែន​​​​​​ព្រះសហគមន៍ដែល​​​កាន់​​​តាមរបៀបរបបពិធីគោរពប្រណិប៍តន៍ដោយឡែកដែរ។ ទោះបីត្រូវ​​​គិត​​​គូរ​​​ដល់​​​តម្រូវការ​​​របស់ព្រះ​​​សហគមន៍សកលក្តី ក៏ត្រូវជួយ​​​ព្រះសហគមន៍យ៉ាងពិសេសនៅតំបន់ដែលទាមទារកម្មករ ឱ្យធ្វើ​​​ការក្នុង​​​ចម្ការ​​​របស់ព្រះ​​​អម្ចាស់យ៉ាងបន្ទាន់ជាងគេ។

៣- អនុទេវវិទ្យាល័យកើតឡើងដើម្បីលើកស្ទួយថែទាំពន្លកក្នុងចិត្តអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ។ ក្នុងអនុទេវ​​​វិទ្យាល័យ​​​​​​ទាំងនោះ ត្រូវអប់រំកូន​​​សិស្ស​​​​​​​​​ឱ្យដើរតាមព្រះគ្រីស្តជាព្រះសង្គ្រោះដោយចិត្តទូលាយ និង​​​ដោយចិត្តបរិសុទ្ធ​ទៀង​ត្រង់ គឺ​​​ត្រូវ​​​​​​អប់រំគេអំពីគ្រីស្តសាសនាយ៉ាងពិសេស ហើយត្រូវណែនាំគេឱ្យរស់នៅខាងព្រះវិញ្ញាណយ៉ាង​​​សម​​​រម្យ​​​​​​ដែលជាកិច្ចសំខាន់ជាងគេ។ ត្រូវឱ្យកូនសិស្ស​រស់​នៅឱ្យបានស្របតាមអាយុ ស្របតាមមតិ និងស្របតាមការ​​​អភិវឌ្ឍន៍​​​​​​របស់​​​កូនជំទង់ ហើយក៏ស្របយ៉ាងពេញលេញតាមក្បួនតម្រានៃ​​​ចិត្តសាស្រ្តដ៏ល្អត្រឹមត្រូវ ក្រោម​​​ការ​​​ណែនាំ​​​របស់​​​អស់លោក​​​ប្រធាន​​​​​​​​​អនុទេវវិទ្យាល័យដែលប្រៀបដូចឪពុករបស់គេ។ អស់​​​លោក​​​​​ក៏ត្រូវសហការជាមួយមាតាបិតា​​​​​​សិស្សដែលជាការដ៏ចាំបាច់បំផុតដែរ។ សូមកំុភ្លេចផ្តល់ឱកាសឱ្យសិស្សមានបទ​​​ពិសោធន៍យ៉ាងគួរសមអំពីការ​​​រស់​​​នៅ​​​របស់​​​មនុស្ស​​​ ​និងឱ្យគេមានទំនាក់ទំនងធម្មតាជាមួយក្រុមគ្រួសាររបស់គេ។ លើសពីនេះទៅទៀត ត្រូវសម្រួលសេចក្ដី​​​​​​បញ្ជា​​​ខាង​​​ក្រោយ​​​នេះស្តីអំពីទេវវិទ្យាល័យ​​​ មកអនុវត្តក្នុងអនុទេវវិទ្យាល័យ​​​ដែរ តាមតែបញ្ជា​​​ទាំង​​​នោះ​​បាន​ស្របតាមគោលដៅ​ និងតាមរបៀបរស់នៅក្នុងអនុទេវវិទ្យាល័យ។ ត្រូវ​​​ចាត់​​​ចែងការសិក្សា ដើម្បីឱ្យកូន​​​សិស្ស​​​ដែល​​​ចង់​​​ដូររបៀបរស់នៅលែងចង់ទៅជាបូជាចារ្យ អាចបន្តការសិក្សានៅកន្លែង​​​ផ្សេងទៀតបាន ដោយមិន​​​ជួប​​​ឧបសគ្គ​​​អ្វី​​​ឡើយ។

ប្រសិនបើមានសភាពការណ៍ពិសេសក្នុងតំបន់ ត្រូវថែទាំពន្លកក្នុងចិត្តកូនជំទង់ និងយុវជនដែលព្រះជាម្ចាស់ត្រាស់ហៅ ក្នុងគ្រឹះស្ថានផ្សេងៗដោយឡែក ដែលមានទិសដៅស្រដៀងនឹងអនុទេវវិទ្យាល័យ ដោយយកចិត្តទុក​​​ដាក់តាមបែបដដែលនោះ។ ត្រូវយក​​​ចិត្តទុកដាក់ថែទាំពន្លកក្នុងចិត្តរបស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ហើយ​​​ដែល​​​សិក្សានៅសាលារៀន ​ឬនៅកន្លែងអប់រំផ្សេង​​​ទៀត​​​​​​។ ត្រូវយកចិត្តទុកដាក់នឹងស្ថាប័ន ហើយនឹង​​​គេហដ្ឋាន​​​សង់ឡើង​​​សម្រាប់​​​អស់អ្នកអាយុចាស់ជាង​​​ដែល​​​តបឆ្លើយ​​​នឹងព្រះជាម្ចាស់ត្រាស់ហៅដែរ។

៣- ការចាត់ចែងរបស់ទេវវិទ្យាល័យ

៤- ត្រូវការទេវវិទ្យាល័យសម្រាប់ហ្វឹកហ្វឺនគ្រីស្តបរិស័ទឱ្យទៅជាបូជាចារ្យ។ ការហ្វឹកហ្វឺនទាំងមូលក្នុងទេវវិទ្យាល័យ​​​មាន​​​​​​​​​គោលដៅ​​​ណែនាំនិសិ្សតឱ្យទៅជាគង្វាលដ៏ពិតប្រាកដរបស់គ្រីស្តបរិស័ទ តាមគំរូរបស់ព្រះយេស៊ូគ្រីស្ត​​​ជាព្រះ​​​អម្ចាស់​​​នៃ​​​យើង ​ជាព្រះបរមគ្រូ ជាមហាបូជាចារ្យ និងជាគង្វាល​​​ (ពន្លឺ ២៨)។

ហេតុនេះ​​​ត្រូវរៀបចំនិស្សិតឱ្យ៖

  • បំពេញមុខងារបម្រើព្រះបន្ទូល គឺឱ្យយល់ព្រះបន្ទូលកាន់តែច្បាស់ឡើងៗ ជាព្រះបន្ទូលដែលព្រះជាម្ចាស់បាន​​​សម្តែង​​​​ឱ្យមនុស្ស​​​លោក​​​ស្គាល់។ ដោយ​​​គេ​​​នឹកសញ្ជឹងនិងស្មឹងស្មាធិ៍ព្រះបន្ទូល មុខជាព្រះបន្ទូលនេះ​​​នឹងជ្រួត​​​ជ្រាប​​​ក្នុង​​​​​​ចិត្ត​​​គេ គេក៏ត្រូវ​​​​ចេះ​​​ប្រកាស​​​ព្រះបន្ទូលដោយពាក្យសម្តីផង និងដោយកិរិយាមារយាទផងដែរ។
  • បំពេញមុខងារបម្រើពិធីគោរពប្រណិប័តន៍​​​​​​ព្រះជាម្ចាស់​​​ និងនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ។ ដោយអធិដ្ឋាន ដោយ​​​ធ្វើពិធី​​​ដ៏វិសុទ្ធ​​​ផ្សេងៗ និងដោយថ្វាយសក្ការបូជាអរព្រះគុណ ហើយដោយ​​​ធ្វើអគ្គសញ្ញា​​​ផ្សេងៗ​​​ជូន​​​គ្រីស្តបរិស័ទ​​​ ​គេនាំការសង្គ្រោះដល់មនុស្សលោក។
  • បំពេញមុខងារបម្រើព្រះសហគមន៍ក្នុងឋានៈជាគង្វាល គឺនាំឱ្យមនុស្សលោកដឹងថា ព្រះគ្រីស្តគង់នៅជាមួយគេ ​គឺព្រះអង្គ​​​យាងមក​ក្នុង​ពិភព​លោក​នេះ «មិន​មែន​ដើម្បី​ឱ្យគេ​បម្រើ​លោក​ឡើយ គឺយាងមក​បម្រើ​គេ​វិញ ព្រម​​​ទាំង​បូជា​ជីវិត‌​ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង» (មក ១០,៤៥; យហ ១៣,១២-១៧)។ ដោយគេទៅជាអ្នកបម្រើរបស់​​​មនុស្ស​​​ទាំង​​​អស់ គេនាំមនុស្សជាច្រើនមកថ្វាយព្រះគ្រីស្ត (១ករ ៩,២២)។

ហេតុនេះហើយ បានជាត្រូវតម្រង់ការហ្វឹកហ្វឺនក្នុងគ្រប់វិស័យ​​​ទៅរកទិសដៅតែមួយ​​ គឺអប់រំនិសិ្សតឱ្យ​​​​​​​​​ធ្វើជា​​​គង្វាល​​​ណែ​​​នាំ​​​​​​គ្រីស្ត​​​បរិស័ទ​​​​ គឺទាំង​​​ការហ្វឹកហ្វឺនឱ្យរស់នៅតាមព្រះវិញ្ញាណ ទាំងការហ្វឹកហ្វឺនខាងចំណេះដឹង​​​ ទាំង​​​​​​ការហ្វឹកហ្វឺនឱ្យ​​​អនុវត្តតាម​​​ក្បួន​​​វិន័យ ​​​ត្រូវឱ្យវិស័យទាំងនោះស៊ីសង្វាក់គ្នា​​​ គឺអប់រំនិសិ្សតឱ្យ​​​​​​​​​ធ្វើជា​​​គង្វាល​​​​​​​​​ណែ​​​នាំ​​​គ្រីស្ត​​​បរិស័ទ​​។ អស់​​​លោក​​​​​ដែលទទួលខុសត្រូវលើទេវវិទ្យាល័យ និងសាស្រ្តាចារ្យទាំងអស់ត្រូវយកចិត្តទុក​​​ដាក់​​​ទៅ​​​កាន់​​​គោលដៅ​​​នេះ​​​ដោយរួមចិត្តគំនិតគ្នា ទាំងសុខចិត្តគោរពបញ្ជារបស់លោកអភិបាលដោយចិត្តស្មោះ។

៥- ការអប់រំនិស្សិតទេវវិទ្យាល័យមិនអាស្រ័យទៅលើវិន័យដ៏ល្អទេ តែអាស្រ័យលើអ្នក​​​អប់រំដ៏​​​មានគុណភាពល្អ​​​វិញ​​​។ ហេតុនេះ ត្រូវជ្រើសរើសអស់លោកជាអ្នកណែនាំ និងសាស្ត្រាចារ្យក្នុងចំណោមគង្វាល​​​ដ៏ល្អ​​​ប្រសើរ​​​ជា​​​ងគេ។ លោក​​​​​​​​​ទាំង​​​នោះ​​​ត្រូវរៀបចំខ្លួនដោយរៀនលទ្ធិគ្រីស្តសាសនាយ៉ាងមាំមួន ​ដោយមាន​​​បទ​​​ពិសោធន៍​​​ក្នុង​​​ការឃ្វាល​​​ណែ​​​នាំ​​​​​​គ្រីស្តបរិស័ទ​​​យ៉ាងសមរម្យ និងដោយ​​​ទទួលការអប់រំពិសេសអំពីការរស់នៅតាមព្រះវិញ្ញាណ និង​​​អំ​​​ពី​​​គរុកោសល្យ។ ត្រូវ​​​ចាត់​​​ចែងគ្រឹះស្ថាន​​​ដែលជួយសាស្រ្តាចារ្យ​​​ឱ្យអាចទទួលការអប់រំបែបនេះបាន យ៉ាងហោច​​​ណាស់​​​ត្រូវ​​​ចាត់​​​ចែង​​​សិក្ខា​​​​​​សាលាតាមសេចក្ដីត្រូវ​​​ការទាំងនោះ ព្រមទាំងត្រូវ​​​ឱ្យអស់លោកជាអ្នកណែនាំទេវវិទ្យាល័យ​​​ជួប​​​ជុំគ្នាតាមពេល​​​កំណត់។

អស់លោកជាអ្នកណែនាំ និងសាស្រ្តាចារ្យត្រូវដឹងជាក់ច្បាស់ថា របៀបអស់លោករិះគិត និងប្រតិបត្តិមានសារៈ​​​សំខាន់​​​យ៉ាងខ្លាំង លើការហ្វឹកហ្វឺននិសិ្សតទេវវិទ្យាល័យឱ្យបានជោគជ័យ។ អស់លោកនឹងរួបរួមចិត្តគំនិត​​​យ៉ាងជិត​​​ស្និទ្ធ ហើយរួបរួមគ្នាប្រតិបត្តិក្រោមការណែនាំរបស់លោកប្រធាន រួមជាមួយនិស្សិត​​​ទេវវិទ្យាល័យធ្វើជាក្រុម​​​គ្រួសារ​​​​​​​​​មួយ​​​​​​ តាមពាក្យ​​​អង្វរ​​​របស់ព្រះអម្ចាស់ថា៖ «សូមឱ្យគេរួមគ្នាជាអង្គតែមួយ» (យហ ១៧,១១)។ ក្រុមគ្រួសារ​​​នេះនឹងបណ្តាលឱ្យនិស្សិត​​​ទេវវិទ្យាល័យ​​​មានអំណរសប្បាយយ៉ាងស្ថិតស្ថេរ ដោយព្រះជាម្ចាស់ត្រាស់​​​ហៅ​​​គេ។ លោក​​​​​​អភិបាល​​​ត្រូវ​​​មានចិត្តស្រឡាញ់ ​និង​​​​​​ព្យាយាម​​​ខន្តី យក​​​ចិត្តទុកដាក់ណែនាំអស់លោកដែលធ្វើការនៅ​​​ទេវវិទ្យា​​​ល័យ ព្រមទាំងមានទំនាក់ទំនងជាមួយនិស្សិតទុកដូចជាឪពុកដ៏ពិតប្រាកដក្នុងអង្គព្រះគ្រីស្ត។ មិនតែ​​​ប៉ុណ្ណោះ អស់​​​បូជាចារ្យ​​​ត្រូវរាប់ទេវវិទ្យាល័យទុកជាបេះដូងនៃភូមិភាគ ហើយក៏ត្រូវជួយទេវវិទ្យាល័យ​​​ដោយ​​​​​​ខ្លួន​​​ឯង​​​ផ្ទាល់ទៀត​​​ផង។

៦- ត្រូវសិក្សាដោយពិនិត្យពិច័យឱ្យមែនទែនដោយគិតគូរដល់អាយុ និងការ​​​ចម្រើន​​​របស់គេថា​​​ តើបេក្ខជនម្នាក់ៗមាន​​​បំណងទៀង​​​ត្រង់​​​ និងមានសេរីភាពក្នុងការ​​​សម្រេចឬ​​​យ៉ាងណា? ត្រូវពិនិត្យពិច័យ​​​លទ្ធភាពរបស់គេឱ្យរស់នៅ​​​តាម​​​ព្រះវិញ្ញា​​​ណ និងឱ្យរស់នៅតាមសីលធម៌ តើគេមានបញ្ញាស្មារតីគ្រប់គ្រាន់ឬយ៉ាងណា? ត្រូវពិនិត្យមើល​​​សុខភាព ទាំង​​​ខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត តើគេមានសុខភាពគ្រប់គ្រាន់ឬយ៉ាងណា? ត្រូវនឹកគិតដល់​​​សុខភាព​​​របស់​​​ញាតិ​​​សន្តានគេដែរ។ ត្រូវពិនិត្យមើកលទ្ធភាពរបស់គេឱ្យទទួលបន្ទុកជាបូជាចារ្យ និងឱ្យបំពេញ​​​ភារកិច្ចណែនាំ​​​គ្រីស្តបរិស័ទ​​​ទៀតផង។

ទោះបីយើងស្តាយដោយខ្វះគង្វាល​​​​​​ក្តីក៏ត្រូវកាន់ចិត្តរឹងប៉ឹងជានិច្ចចំ​​​ពោះការជ្រើស​​​រើស និង​​​ការ​​​ល្បង​​​ល​​​មើល​​​ចិ​​​ត្តគំនិតនិស្សិតទេវវិទ្យាល័យ។ ប្រសិនបើយើងតែងតាំងតែបេ​​​ក្ខជនដ៏សមគួរឱ្យទៅជាបូជាចារ្យ ពិតជា​​​មាន​​​ចំនួន​​​បូជាចារ្យតិច ប៉ុន្តែ យើងជឿជាក់ថា ព្រះ​​​ជា​​​ម្ចាស់​​​គង់តែប្រទានឱ្យព្រះសហគមន៍មានអ្នកបម្រើ​​​គ្រប់​​​​​​គ្រាន់​​​ជាពុំ​​​ខាន។ ត្រូវទូន្មានដូចឪពុកទូន្មានកូន តម្រង់អស់​​​បេក្ខជន​​​​​​ណា​​​ដែ​​​លគ្មានសមត្ថភាពគ្រប់​​​គ្រាន់ឱ្យ​​​ទៅ​​​​​​ទទួល​​​ខុស​​​ត្រូវផ្សេងនៅពេលដ៏សមគួរកំុចាំយូរពេក។ ​ត្រូវ​​​ជួយ​​​​​​គេឱ្យមានអំណរសប្បាយបំពេញកិច្ចការ​​​ជា​​​គ្រីស្តទូតរបស់​​​គ្រីសបរិស័ទធម្មតាទាំងដឹងថា ព្រះជាម្ចាស់​​​ត្រាស់​​​ហៅ​​​គេ​​​ឱ្យ​​​ទៅ​​​ជាគ្រីស្តបរិស័ទ។

៧- ប្រសិនបើភូមិភាគនីមួយៗគ្មានលទ្ធភាពចាត់ចែងទេវវិទ្យាល័យយ៉ាងសមរម្យដោយផ្ទាល់បានត្រូវតែងតាំង និងទ្រ​​​​​​ទ្រង់ទេវវិទ្យាល័យរួមសម្រាប់ភូមិភាគជាច្រើន ឬសម្រាប់តំបន់មួយ ឬសម្រាប់ប្រទេសទាំងមូល ​ដើម្បី​​​ហ្វឹក​​​ហ្វឺន​​​និស្សិតទេវវិទ្យាល័យយ៉ាងស័ក្តិសិទ្ធិ និងយ៉ាងហ្មត់ចត់។ ក្នុងករណីនេះត្រូវចាត់ការហ្វឹកហ្វឺនដ៏ស័ក្តិសិទ្ធិ ​​​និងហ្មត់​​​ចត់​​​នេះ​​​ទុកជា​​​គោល​​​ការណ៍ដ៏ខ្ពង់ខ្ពស់​​​បំផុត។ អស់លោកអភិបាលព្រះសហគមន៍នៃភូមិភាគទាំងនោះ ត្រូវ​​​ចាត់​​​ចែង​​​ក្បួន​​​វិន័យ​​​សម្រាប់ទេវវិទ្យាល័យទាំង​​​នោះ ទាំងទេវវិទ្យាល័យតំបន់​​​ ទំាងទេវវិទ្យាល័យជាតិ។ ​​​អាសនៈ​​​របស់គ្រីស្តទូត​​​សិលាក៏ត្រូវ​​​យល់ព្រម​​​តាមក្បួនវិន័យនោះថែមទៀតផង។

ប្រសិនបើមាននិស្សិតច្រើនពេកក្នុងទេវវិទ្យាល័យមួយ ត្រូវបែងចែកនិស្សិតទាំងនោះជាក្រុមតូចៗជាងយ៉ាង​​​សមរម្យ​​​ ដើម្បីឱ្យបុគ្គលិកលក្ខណៈរបស់សិ្សតម្នាក់ៗចម្រើនឡើងបានយ៉ាងល្អ។​​​ ប៉ុន្តែ ត្រូវរក្សាទុកការត្រួត​​​ត្រា​​​​​​ណែនាំ និងការបង្រៀនរួម។

៤- ការពង្រឹងអប់​រំ​និស្សិតឱ្យ​រស់​នៅ​តាម​ព្រះ​វិញ្ញាណ

៨- ត្រូវ​ភ្ជាប់​ការអប់​រំ​និស្សិត​ឱ្យ​រស់​នៅ​តាម​ព្រះ​វិញ្ញាណ នឹង​ការ​​​បង្រៀន​លទ្ធិ​គ្រីស្ត​សាសនា ទន្ទឹម​នឹង​ការ​​​ហ្វឹកហ្វឺន​ឱ្យចេះ​ណែ​នាំ​គ្រីស្ត​បរិស័ទ។ លោក​​​ដែល​​​ណែ​នាំ​ជីវិតនិស្សិតម្នាក់ៗតាម​ព្រះ​វិញ្ញាណ មាន​ភារ​កិច្ច​សំខាន់ជាង​គេ​ក្នុង​ការ​អប់រំ​នោះ។ លោកត្រូវណែនាំ​គេឱ្យ​រួម​រស់​យ៉ាង​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​បិតាជានិច្ច​​ ដោយ​រួមជាមួយព្រះ​យេស៊ូ​គ្រីស្ត​ជា​ព្រះ​បុត្រា ក្នុង​អង្គព្រះ​វិញ្ញាណដ៏វិសុទ្ធ។ ពេល​និស្សិតទទួល​អគ្គសញ្ញាតែងតាំង​ជា​បូជា​ចារ្យ ​គេ​នឹងបានដូច​ព្រះ​គ្រីស្ត​​ជា​មហាបូជាចារ្យ​។ ដូច្នេះ គេ​ត្រូវ​តែ​មានទម្លាប់​រួម​រស់​ជា​មួយ​ព្រះ​អង្គ​​​យ៉ាងស្និទ្ធស្នាល​​​ជាទីបំផុតគ្រប់​ករណី​​​ប្រចាំ​ជីវិត ដូច​មិត្ត​សម្លាញ់​តែង​រួម​រស់​ជា​មួយ​គ្នាដូច្នោះ​ដែរ។ គេ​ត្រូវ​រួម​រស់​ជា​មួយ​ព្រះ​គ្រីស្ត​ដែល​សោយ​ទិវង្គត និង​មាន​ព្រះ​ជន្ម​ថ្មីដ៏រុងរឿង​យ៉ាង​ជិត​ស្និទ្ធបំផុត ទើប​គេ​អាចណែ​នាំ​ប្រជាជន​ដែល​ព្រះ​សហគមន៍​នឹង​ផ្ញើ​ឱ្យគេនៅពេលក្រោយ​ ឱ្យ​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ត​ដែល​សោយ​ទិវង្គត និង​មាន​ព្រះ​ជន្ម​ថ្មីដ៏រុងរឿង​នេះដែរ។ ត្រូវ​អប់រំ​គេ​ឱ្យ​ស្វែង​រក​ព្រះ​គ្រីស្ត​ដោយ​នឹក​សញ្ជឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​យ៉ាង​ស្មោះ ដោយរួបរួម​យ៉ាង​សកម្ម​ក្នុង​ពិធីគោរពប្រណិប៍តន៍ដ៏វិសុទ្ធបំផុត​​​ទាំងប៉ុន្មាននៃ​ព្រះ​សហគមន៍ ជា​ពិសេស ក្នុងអគ្គ​សញ្ញា​អរព្រះគុណ និង​ពិធីលើកតម្កើង​​​ព្រះជាម្ចាស់តាមពេល​​​កំណត់​​​​។ គេ​ត្រូវ​ស្វែង​រក​ព្រះ​គ្រីស្ត​ក្នុងលោក​អភិបាល​ដែល​ចាត់​គេ​ឱ្យ​ទៅ និងក្នុងចំណោមមនុស្ស​ដែល​លោកចាត់ឱ្យបម្រើនោះ ជាពិសេស ​ក្នុងរូបអ្នក​ក្រី​ក្រ កូន​ក្មេង អ្នក​ជំងឺ អ្នក​បាប និង​ក្នុងរូបអ្នក​ដែល​គ្មាន​ជំនឿ។ គេត្រូវ​គោរព​ និង​ស្រឡាញ់​ព្រះ​នាង​ព្រហ្មចារិ​នី​ម៉ារីដូចកូនតែងស្រឡាញ់ និងផ្ញើជីវិតលើម្តាយដូច្នេះដែរ គឺនាងម៉ារីដែលព្រះយេស៊ូ​បាន​ប្រគល់​ឱ្យ​សាវ័ក​យ៉ូហានទុក​ជា​ម្តាយ នៅ​ពេល​ព្រះអង្គ​ហៀបនឹងសោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។

ត្រូវ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​នឹង​ការហ្វឹកហ្វឺនផ្សេងៗនាំឱ្យគោរព​​​ប្រណិប័តន៍ព្រះ​​​ជាម្ចាស់​​​ តាម​ទម្លាប់គួរឱ្យ​​​គោរពរបស់​​​ព្រះ​សហគមន៍ដែលផ្តែផ្តាំឱ្យធ្វើ​ជា​យូរ​សតវត្សរ៍មក​ហើយ។ ក៏ប៉ុន្តែ ​​​ត្រូវប្រយ័ត្នកុំ​ស្មាន​ថា ការ​អប់រំ​ឱ្យ​​រស់​នៅ​​​តាមព្រះ​វិញ្ញាណអាស្រ័យ​តែ​នឹងការបំពេញ​ពិធីទាំង​នោះប៉ុណ្ណោះទេ និង​គ្រាន់​តែឱ្យគេរំភើបចិត្តតាមសាសនា​ប្រជាប្រិយប៉ុណ្ណោះ​​​ដែរ។ ជា​ពិសេស និស្សិត​ត្រូវ​រៀនរស់​នៅ​ស្រប​តាម​របៀបដំណឹង​ល្អ​ គឺឱ្យ​ពង្រឹងជំនឿ ​ពង្រឹង​​​សេចក្ដី​​​សង្ឃឹម និងពង្រឹងសេចក្តី​ស្រឡាញ់របស់ខ្លួនឱ្យកាន់​តែ​មាំ​មួន​ឡើងៗ។ ដោយ​ប្រតិបត្តិតាម​គុណធម៌​ទាំង​បី​នោះ គេនឹង​មាន​ចិត្ត​គំនិត​ជា​អ្នក​ធ្លាប់អធិដ្ឋាន គេពង្រឹង និង​ការពារ​នូវ​ការតប​ឆ្លើយ​​របស់​ខ្លួន​ចំពោះ​ព្រះ​ជា​ម្ចាស់​ដែល​​​​ត្រាស់​ហៅ​គេ។ គេត្រូវប្រតិបត្តិតាម​គុណ​ធម៌​ទាំង​បី​នោះ ទើបព្រហ្មវិហារ​​ធម៌ឯ​ទៀតៗ​​​រឹងប៉ឹងឡើង ហើយ​​គេខ្នះ​ខ្នែង​ជំរុញ​​​ខ្លួនឱ្យ​នាំ​មនុស្សទាំងអស់ឱ្យទៅជាកម្មសិទ្ធិរបស់​ព្រះ​គ្រីស្ត​។

៩- ត្រូវឱ្យចិត្ត​គំនិត​របស់​និស្សិត​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅបំផុត តាមគម្រោង​ការ​ដ៏​អស្ចារ្យរបស់​ព្រះ​សហគមន៍ តាម​​​មហាសន្និបាត​​​​​​បានពន្យល់យ៉ាង​​​ពិស្តាររួចហើយ។ ដូច្នេះ គេ​​​ផ្ចង់​​​ចិត្ត និងអភិបាលព្រះសហគមន៍ក្រុងរ៉ូម​​​ជា​​​តំណាង​​​ព្រះ​​​គ្រីស្ត ដោយ​​​ចិត្តសុភាព​​​រាប​​​សាដូចកូនស្រឡាញ់ឪពុកដូច្នោះដែរ។ ពេល​គេ​ទៅ​ជា​បូជា​ចារ្យ​​​​​​ (អាចារ្យ)​​​ រួច​​​ហើយ គេ​​​ក៏​នឹង​រួម​ចិត្ត​គំនិត​ជា​មួយ​អភិបាល​របស់ខ្លួនក្នុង​ឋានៈខ្លួន​ជា​សហការី​​​​​​​ដ៏​ស្មោះត្រង់របស់លោក ហើយ​បំពេញ​ការ​​​ងារ​​​​រួម​ជា​មួយ​បូជា​ចារ្យ​ (អាចារ្យ) ​​​ឯទៀតៗ​ជា​បង​ប្អូន។ គេក៏​នឹង​ផ្តល់​សក្ខីភាព​អំពីព្រះសហគមន៍រួបរួមជាធ្លុង​​​តែ​​​មួយ​​​​​​ ជាមូលហេតុ​ទាក់​ទាញ​ចិត្តមនុស្ស​ឱ្យមករក​​ព្រះ​គ្រីស្ត (ពន្លឺ ២៨)។ សូម​ឱ្យ​គេបង្ហាត់ខ្លួន​ឱ្យចូលរួម​​ក្នុង​ការ​​​រស់​​​នៅ​​​របស់​​​​ព្រះ​សហគមន៍ទាំង​មូលដោយ​ចិត្ត​ទូលំ​ទូលាយ តាម​ពាក្យ​ពេចន៍​របស់​សន្តៈ អូគូស្តាំង​ថា “ម្នាក់ៗស្រឡាញ់​ព្រះ​សហគមន៍​​​តាម​កម្រិត​ណា គេក៏ទទួល​ព្រះ​វិញ្ញាណ​តាម​កម្រិតនោះ​ដែរ”។ ត្រូវ​ឱ្យ​គេ​យល់​យ៉ាងជាក់ច្បាស់​ថា មុខ​​​ងារ​​​ជា​​​​បូជា​ចារ្យ​ដែល​គេ​នឹង​ទទួល​នៅ​ពេល​ខាង​មុខនេះ មិន​ផ្តល់ឱ្យ​គេ​មាន​​​អំណាចគ្រប់​គ្រងជិះ​ជាន់​អ្នក​ដទៃ​ទេ ហើយ​​​ក៏មិន​​​​​​​​​​ផ្តល់ឱ្យ​គេ​មាន​កិត្តិយស​ដែរ តែផ្ទុយទៅ​​​វិញ ​គេ​ត្រូវបូជា​ជីវិត​ទាំង​ស្រុងក្នុងកិច្ចបម្រើ​ព្រះ​ជា​ម្ចាស់ និង​​​ក្នុង​​​មុខ​​​ងារ​​​បម្រើ​ណែនាំ​អ្នក​ឯទៀត​​​ៗផង។ អ្នកទទួលខុសត្រូវលើទេវវិទ្យាល័យត្រូវ​យក​ចិត្ត​ទុក​ដាក់​អប់រំ​គេ​​​ឱ្យត្រូវ​​​ចេះ​​​​ស្តាប់​​​​បង្គាប់ក្នុង​ឋានៈ​ជា​បូជា​ចារ្យ ​​​និងចូល​ចិត្ត​រស់​នៅ​តាម​របៀប​ជាអ្នក​ក្រីក្រ​ ព្រមទាំងមានចិត្ត​លះ​បង់​​ប្រយោជន៍​ផ្ទាល់​​​​ខ្លួនចោល (ពន្លឺ ៨)។ ដូច្នេះ គេ​ធ្លាប់​​លះ​បង់​​អ្វីៗភ្លាមចោល សូម្បីអ្វីៗ​ដែល​គេ​មាន​សិទ្ធិ​​កាន់កាប់តែ​ឥតបាន​ការ។ គេ​ក៏សុខចិត្តឱ្យបានដូច​​ព្រះ​គ្រីស្ត​ដែលត្រូវ​គេ​ឆ្កាង​ដែរ។

ត្រូវ​ជម្រាបគេអំពី​បន្ទុកដែល​​គេ​ត្រូវ​បំពេញនៅពេលក្រោយ ដោយមិន​លាក់លៀម​នូវការ​ពិបាក​​​​​​​ក្នុងការរស់នៅជា​បូជា​ចារ្យ​ឡើយ។ ក៏​ប៉ុន្តែ កុំឱ្យ​​​​គេគិត​តែ​ពីការ​ពិបាក​ដែលគេត្រូវជួបប្រទះប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ត្រូវ​អប់​រំ​គេ​ឱ្យពង្រឹងការ​រស់​នៅ​តាមព្រះ​វិញ្ញាណ​ ដោយ​សារ​​​កិច្ច​ការណែ​នាំរបស់​ខ្លួន​​។

១០- ត្រូវអប់រំនិស្សិតទេវវិទ្យាល័យដោយយកចិត្តទុក​​​ដាក់​​​យ៉ាង​​​ខ្លាំង ឱ្យកាន់តាម​​​ព្រហ្មចារិយធម៌ក្នុងឋានៈជាបូជាចារ្យ តាម​​​​​​ក្បួនវិន័យនៃរបៀបរបបពិធីគោរពប្រណិប៍តន៍របស់ខ្លួន ដែលជាប្រពៃណីដ៏មាំមួនគួរគោរព។ គេលះបង់ការ​​​រួម​​​រស់ជា​​​គូ​​​ស្វាមី​​​​​​ភរិយា មកពីគេយល់ដល់ព្រះរាជ្យ​​​របស់ព្រះជាម្ចាស់ (មថ ១៩,១២)។ គេផ្ចង់ចិត្តនឹងព្រះអម្ចាស់​​​ដោយ​​​​​​សេចក្ដី​​​ស្រឡាញ់ ដោយមិនរារែកចិត្តស្របតាមសម្ពន្ធមេត្រីថ្មី។ គេផ្តល់សក្ខីភាពអំពី​​​ជីវិតថ្មីដ៏រុង​​​រឿង​​​​​​​​​នៃ​​​លោកខាង​​​មុខ (លក ២០,​​​៣៦)។ គេក៏យោងកម្លាំងពី​​​ព្រហ្មចារិយធម៌នេះទុកជាជំនួយពិសេស ដើម្បី​​​ប្រតិបត្តិឥត​​​ឈប់​​​ឈរ​​​តាមសេចក្ដីស្រឡាញ់​​​ដ៏ពេញលក្ខណៈនេះ ដែលបណ្តោយឱ្យគេអាចប​​​ម្រើមនុស្សទាំងអស់នៅគ្រប់វិស័យ តាម​​​មុខ​​​ងារបម្រើរបស់ខ្លួន​​​ជាបូជាចារ្យ។ គេត្រូវដឹងក្នុងជម្រៅចិត្តថា ​គេត្រូវអរព្រះគុណព្រះជាម្ចាស់ចំពោះការ​​​រស់​​​នៅជា​​​ព្រហ្មចារី ​មិនគ្រាន់​​​តែមកពីវិន័យមួយនៃព្រះសហគមន៍បញ្ជាប៉ុណ្ណោះទេ តែមកពីការរស់នៅបែបនេះជា​​​ព្រះ​​​អំណោយទាន​​​​​​ដ៏​​​ថ្លៃថ្នូររបស់ព្រះជាម្ចាស់។ ត្រូវតែអង្វរព្រះអង្គដោយចិត្តសុភាពរាបសា ​សូមទ្រង់ប្រទាន​​​ព្រះ​​​អំណោយ​​​ទាននេះផង។ គេត្រូវប្រញាប់​​​ប្រញាល់​​​តបឆ្លើយនឹងព្រះអំណោយទាននេះដោយសេរី និងដោយចិត្តទូលាយ ដោយ​​​មាន​​​ព្រះវិញ្ញាណដ៏វិសុទ្ធ​​​ប្រណីសន្តោស និងជួយលើកស្ទួយផង។

ត្រូវឱ្យនិស្សិតទេវវិទ្យាល័យដឹងច្បាស់អំពីភារកិច្ច និងអំពីតម្លៃដ៏ថ្លៃថ្នូរនៃការរស់នៅជាគូស្វាមីភរិយា​​​គ្រីស្តបរិស័ទ ដែល​​​ជានិមិត្តរូបអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣២) ប៉ុន្តែ ​​​ត្រូវឱ្យគេយល់ថា ការរស់នៅជាព្រហ្មចារីថ្វាយព្រះគ្រីស្តប្រសើរជាងទៅទៀត។ ដូច្នេះ គេអាចប្រគល់ខ្លួនទាំងស្រុង ទាំងរូប​​​កាយ ទាំងវិញ្ញាណ ថ្វាយព្រះអម្ចាស់ដោយធ្វើជម្រើសមួយដ៏ល្អប្រសើរ ដែលគេថ្លឹងថ្លែងជ្រើសរើស​​​យក​​​យ៉ាង​​​ហ្មត់​​​ចត់។

ត្រូវជម្រាបនិស្សិតទេវវិទ្យាល័យឱ្យស្គាល់អំពីការពិបាកដែលគេមុខជានឹងជួបប្រ​​​ទះក្នុងការកាន់តាម​​​ព្រហ្មចារិយ​​​​ធម៌ ជាពិសេស ​​​ក្នុង​​​សង្គមនា​​​បច្ចុប្បន្នកាល​​​នេះ​​​។ ដោយមានជំនួយខាងលោកីយ៍ និងជំនួយរបស់​​​ព្រះ​​​ជាម្ចាស់យ៉ាង​​​សម​​​រម្យ គេត្រូវ​​​ហាត់​​​ខ្លួន​​​ឱ្យ​​​សុខ​​​ចិត្ត​​​​​​លះ​​​បង់ការរស់នៅជាគូស្វាមីភរិយាក្នុងជម្រៅចិត្តរបស់គេយ៉ាង​​​ស្រគត់​​​ស្រគំ។ ដូច្នេះ ព្រហ្មចារិយធម៌របស់គេ​​​មិន​​​បណ្តាល​​​ឱ្យគេខូចខាតអ្វីឡើយក្នុងការរស់នៅរបស់ខ្លួន និងក្នុង​​​សកម្មភាពរបស់គេ។ ផ្ទុយទៅវិញ ព្រហ្មចារិយធម៌នេះនឹង​​​បណ្តាលឱ្យគេធ្វើជាម្ចាស់ចិត្តគំនិត និងធ្វើជាម្ចាស់​​​រូប​​​កាយ​​​ឱ្យកាន់តែ​​​ប្រសើរ​​​ឡើង​​​ៗ ព្រមទាំងឱ្យ​​​ទៅជា​​​មនុស្ស​​​រម្យទមពេញវ័យ​​​កាន់តែពេញលេញឡើង។ គេក៏ទទួលអំណរ​​​មក​​​ពីដំណឹងល្អកាន់​​​តែពេញលក្ខណៈ​​​ទៀតផង។

១១- ត្រូវអនុវត្តតាមគោលការណ៍អប់រំបែបជាគ្រីស្តបរិស័ទ ដោយមានចិត្តចង់គោរពសាសនា។ ប៉ុន្តែ ត្រូវបន្ថែម​​​សេចក្ដី​​​​​​ដែល​​​អ្នក​​​ប្រាជ្ញបានរកឃើញថ្មីៗនេះអំពីចិត្តសាស្រ្ត និងអំពីគរុកោសល្យដ៏ពិតប្រាកដ។ ការហ្វឹកហ្វឺនដែល​​​ណែនាំ​​​ដោយប្រាជ្ញា ត្រូវ​បណ្តុះបណ្តាលឱ្យនិស្សិតទៅជាមនុស្សរម្យទម ចាស់ចិត្តចាស់គំនិតដែលមនុស្សលោក​​​ត្រូវ​​​ការ។ យើង​​​ស្គាល់​មនុស្ស​​​រម្យទមពេញវ័យដោយ​​​គេ​​​​​​មានចិត្តនឹងនរយ៉ាងសមរម្យ និងដោយគេអាចសម្រេច​​​កិច្ចការ​​​បានក្រោយពី​បានរិះគិត​​​ជា​​​មុន ព្រមទាំងដោយគេចេះថ្លឹងថ្លែងពីអត្ថន័យ​​​ព្រឹត្តិការណ៍ដែលកើតឡើង និងការ​​​វាយ​​​​​​​​​​​​តម្លៃ​​​​​​មនុស្សផងដែរ។ និស្សិតទេវវិទ្យាល័យត្រូវ​​​ហាត់​​​ខ្លួនឱ្យចេះទប់ទល់​​​ចរិតលក្ខណៈរបស់ខ្លួន ត្រូវហាត់​​​ឱ្យ​​​មាន​​​​​​ចិត្តរឹងប៉ឹង និងហាត់ឱ្យរាប់រក​​​គុណ​​​ធម៌​​​ដែលមនុស្ស​​​លោក​​​ចូលចិត្តជាខ្លាំងនោះ ហើយដែលនាំគេឱ្យរាប់អាន​​​អ្នក​​​បម្រើ​​​របស់​​​ព្រះគ្រីស្ត ​គឺថា ត្រូវមានចិត្តស្មោះត្រង់នឹកគិតដល់យុត្តិធម៌ជានិច្ច ធ្វើតាមពាក្យសន្យា មាន​​​ចរិយា​​​ចេះ​​​គួរសម មានចិត្តរម្យទម មិនវាយឫកពាខ្ពស់ មានចិត្តស្រឡាញ់ក្នុងពេលសន្ទនាជាមួយអ្នកដទៃ។

ពេលនិសិ្សតរស់នៅវិទ្យាល័យ ការ​​​រស់នៅតាមវិន័យ មិនគ្រាន់តែជួយយ៉ាងខ្លាំង​​​​​​​​​​​​​​​​ឱ្យគេរស់នៅ​​​ជា​​​មួយ​​​​​​គ្នា​​​យ៉ាង​​​ស្រួល និងឱ្យស្រឡាញ់គ្នាប៉ុណ្ណោះទេ តែត្រូវរាប់ការហ្វឹកហឹ្វនឱ្យរស់នៅតាមវិន័យនេះទុក​​​​​​ជា​​​​​​មធ្យោបាយ​​​មួយ​​​​​​ដ៏សំខាន់សម្រាប់​​​អប់រំគេក្នុងគ្រប់វិស័យ គឺថា នាំឱ្យគេចេះទប់​​​ទល់​​​ខ្លួនឯង​​​ឱ្យ​​​មាន​​​ចិត្ត​​​រម្យទម ឱ្យ​​​គេ​​​​​​ចាស់​​​ចិត្ត​​​ចាស់​​​​​​គំនិត និងមានលក្ខណៈផ្សេងៗទៀត។ ដូច្នេះ នៅពេលក្រោយ គេ​​​អាចបំពេញ​​​សកម្មភាព​​​ដើម្បី​​​ជា​​​ប្រយោជន៍​​​​​​ដល់ព្រះសហគមន៍យ៉ាង​​​សមរម្យ និងយ៉ាងស័ក្តិសិទ្ធិ។ ប៉ុន្តែ ត្រូវ​​​ហ្វឹកហ្វឺនតាមវិន័យទាំងនោះ ដើម្បី​​​អប់រំ​​​ចិត្ត​​​គំនិតរបស់គេឱ្យ​​​សុខចិត្តទទួលអំណាចរបស់អស់លោកជាអ្នកណែនាំ ដោយ​​​យល់​​​​​​ឃើញខ្លួនឯងថា គេស្តាប់​​​បង្គាប់​​​​​​​​​ដោយ​​​មាន​​​មនសិការ (រម ១៣,៥) និងដោយនឹកគិត​​​ដល់​​​ព្រះជាម្ចាស់។ ត្រូវអនុវត្តតាមក្បួនវិន័យ ស្រប​​​តាម​​​អាយុរបស់និស្សិត។ ហេតុនេះ គេហាត់ខ្លួនបន្តិចម្តងៗឱ្យណែនាំខ្លួនដោយ​​​ខ្លួនឯង ឱ្យធ្លាប់​​​ប្រើ​​​សេរីភាព​​​របស់​​​ខ្លួន​​​ដោយ​​​ប្រាជ្ញា ហើយប្រតិបតិ្តដោយគំនិតរបស់ខ្លួនផ្ទាល់ ​និងដោយចិត្តខ្នះខ្នែងទៀត ព្រមទាំង​​​ឱ្យធ្វើការ​​​រួម​​​ជា​​​មួយ​​​បូជាចារ្យឯទៀតៗជាបងប្អូន និងជាមួយ​​​គ្រីស្តបរិស័ទធម្មតា​​​ទៀត​​​ផង។

ត្រូវឱ្យរបៀបរស់នៅក្នុងទេវវិទ្យាល័យណែនាំឱ្យគេចូលចិត្តគោរពប្រណិប័តន៍ព្រះជាម្ចាស់ ​និងចូលចិត្ត​​​នៅ​​​ស្ងៀម​​​​​​ស្ងាត់ ហើយឱ្យគេយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ត្រូវចាត់ទុករបៀបរស់នៅក្នុងទេវវិល័យ ទុកជា​​​ការ​​​ហ្វឹកហ្វឺនឱ្យ​​​រស់នៅពេលអនាគត នៅពេលដែលគេទទួលអគ្គសញ្ញាតែងតាំងជាគង្វាលរួច​​​ហើយ។

១២- អស់លោកអភិបាលមានភារកិច្ចចាត់ចែងការហ្វឹកហ្វឺន ឱ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងជ្រៅក្នុងរយៈពេលមួយ​​​ដ៏សម​​​គួរ។​​​ ដូច្នេះ អស់លោកនឹងពង្រឹងការអប់រំឱ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងមាំមួន ហើយនិស្សិតក៏អាចជ្រើសរើស​​​ និង​​​តប​​​​​​ឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេ ដោយបានរិះគិតពិចារណាយ៉ាងសមរម្យជាយូរមកហើយ។ អស់​​​លោក​​​អភិបាល​​​ក៏​​​មាន​​​​​​ភារកិច្ច​​​សម្រេចថា តើគួរតែបញ្ឈប់ការសិក្សាមួយរយៈ ឬចាត់ចែងការហ្វឹកហ្វឺន​​​ម៉្យាងឱ្យ​​​និស្សិត​​​ណែ​​​នាំ​​​គ្រីស្តបរិស័ទ ដើម្បីល្បងលមើលបេក្ខជនបម្រុងទៅជាបូជាចារ្យឱ្យបានច្បាស់ជាង។ អស់​​​លោកអភិបាលក៏ត្រូវ​​​សម្រេច​​​បន្ថយអាយុ ដែលមានកំណត់ទុកក្នុងក្បួនវិន័យរួមទូទៅនៃព្រះសហគមន៍ ឱ្យបាន​​​ស្រប​​​តាម​​​សភាពការណ៍​​​​​​ពិសេស​​​នៃ​​​តំបន់​​​នីមួយៗ។ ពេលនិស្សិតបញ្ចប់ការសិក្សានៅទេវវិទ្យា អស់លោកក៏មាន​​​ភារកិច្ច​​​រិះគិតអំពីការសូម​​​ឱ្យនិស្សិត​​​បំពេញមុខងារជាឧបដ្ឋាក អស់មួយរយៈពេលយ៉ាងសមគួរមុនទទួលអគ្គសញ្ញាតែង​​​តាំង​​​ជាបូជាចារ្យ។

៥- អំពីការកែសម្រួលការសិក្សាវិជ្ជាពិសេសនៃព្រះសហគមន៍

១៣- និស្សិតទេវវិទ្យាល័យត្រូវទទួលការអប់រំតាមចំណេះ​​​មនុស្សលោកទូទៅ និង​​​រៀនតាម​​​វិទ្យាសាស្រ្ត​​​មុនសិក្សា​​​វិទ្យា​​​ពិសេសនៃ​​​ព្រះ​​​សហគមន៍។ គេត្រូវរៀនមុខវិជ្ជាទាំងប៉ុន្មានដែលយុវជន​​រួម​​​ជាតិត្រូវរៀន ដើម្បីអាចចូល​​​ឧត្តម​​​សិក្សា​​​បាន។​​​ លើស​​​ពីនេះទៅ​​​ទៀត​​​ គេត្រូវ​​​រៀនភាសាឡាតាំងជាភាសានាំឱ្យគេអាចយល់ និងចេះប្រើប្រាស់​​​ឯកសារ​​​ជាប្រភពនៃ​​​វិជ្ជាជា​​​ច្រើន​​​របស់​​​​​ព្រះ​​​សហគមន៍បាន។ ត្រូវចាត់ចែងរៀនភាសាដែលគេប្រើក្នុងពិធីគោរព​​​ប្រណិប៍តន៍នានា តាមរបៀបរបបផ្ទាល់​​​របស់ខ្លួនទុកជាសេចក្តីត្រូវការដ៏សំខាន់។ សូមផ្តែផ្តាំយ៉ាងខ្លាំងឱ្យនិស្សិត​​​ចេះ​​​​​​ភាសា​​ដើមនៃព្រះគម្ពីរ និងភាសានៃការ​​​បញ្ជូន​​​បន្ត​​​របស់ព្រះសហគមន៍។

១៤- ពេលចាត់ចែងការសិក្សាវិជ្ជាពិសេសនៃព្រះសហគមន៍ ត្រូវមានគោលដៅធ្វើឱ្យទស្សនវិជ្ជា និងទេវវិទ្យាមានទំនាក់​​​ទំនងគ្នាយ៉ាងស្រួល គឺវិជ្ជាទាំងពីរនោះសហការគ្នា ដើម្បីបើកចិត្តគំនិតនិស្សិត​​​ទេវវិទ្យាល័យឱ្យស្គាល់​​​គម្រោងការ​​​ដ៏អស្ចារ្យរបស់ព្រះគ្រីស្តកាន់តែច្បាស់ឡើងៗ។ ​គម្រោងការដ៏អស្ចារ្យនេះពាក់ព័ន្ធនឹង​​​ប្រវត្តិសាស្រ្ត​​​ទាំង​​​មូល​​​នៃ​​​មនុស្ស​​​ជាតិ និងនៅតែបន្តតទៅទៀតក្នុងព្រះសហគមន៍ជានិច្ចដែរ ហើយក៏បង្កើតផលជាពិសេស ​ដោយ​​​មុខ​​​ងារ​​​បម្រើរបស់អស់លោកបូជាចារ្យ (ពន្លឺ ៧ និង ២៨)។

ហេតុនេះហើយ បានជាត្រូវចាប់ផ្តើមបង្រៀនវិជ្ជាពិសេសនៃព្រះសហគមន៍ ដោយបង្រៀនសេចក្ដីជាគ្រឹះ​​​អស់​​​រយៈ​​​ពេលដ៏សមគួរ ដើម្បីឱ្យនិស្សិតមានទស្សនៈជាទូទៅមុនចាប់ផ្តើមទទួលការអប់រំ។ ក្នុងការ​​​បង្រៀន​​​​​​​​​សេចក្ដី​​​ជាគ្រឹះទូទៅនេះ ត្រូវរៀបរាប់អំពីគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ ​ដើម្បីឱ្យនិស្សិតយល់​​​អំពីអត្ថន័យ​​​វិជ្ជាទាំង​​​ប៉ុន្មាន​​​នៃព្រះសហគមន៍ និងឱ្យ​​​គេយល់អំពីលំដាប់លំដោយនៃវិជា្ជទាំងនោះ ព្រមទាំងយល់​​​អំពី​​​គោលដៅនៃ​​​ការ​​​សិក្សា​​​វិជ្ជាទាំងនោះទៀត គឺណែនាំគ្រីស្តបរិស័ទតែម្តង។ នៅពេលជាមួយគ្នានេះ មេរៀនខាងដើមដំបូងនេះ ត្រូវ​​​ជួយ​​​ឱ្យ​​​​​​គេយក​​​ជំនឿធ្វើ​​​ជាគ្រឹះ​​​នៃការរស់នៅទាំងមូលរបស់ខ្លួន គឺឱ្យជំនឿជ្រួតជ្រាបចិត្ត​​​គំនិតរបស់គេ។ ដូច្នេះ គេ​​​យល់​​​កាន់​​​តែរឹងប៉ឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេមែន គេក៏ស្ម័គ្រចិត្តតប​​​ឆ្លើយនឹងព្រះអង្គដោយខ្លួន​​​គេផ្ទាល់ គឺថ្វាយខ្លួន​​​ទាំង​​​ស្រុងទៅព្រះអង្គ​​​ដោយចិត្តរីករាយ។

១៥- ត្រូវបង្រៀនទស្សនវិជ្ជាក្នុងគោលបំណងចម្បងណែនាំនិស្សិតឱ្យមានចំណេះចេះដឹងយ៉ាង​​​មាំមួនដែលពាក់ព័ន្ធ​​​គ្នា​​​អំពី​​​លក្ខណៈមនុស្ស និងអំពីលក្ខណៈពិភពលោក ហើយនិងអំពីព្រះជាម្ចាស់។ និស្សិតបានចំណេះចេះដឹងនោះដោយ​​​​​​សម្អាងលើបេតិកភ័ណ្ឌនៃទស្សនវិជ្ជា ដែលមានតម្លៃដ៏ថ្លៃថ្នូររហូតតរៀងទៅ។ ប៉ុន្តែ ត្រូវគិតគូរដល់​​​ការ​​​ស្រាវ​​​ជ្រាវ​​​ទំនើប​​​ខាងទស្សនវិជ្ជា ជាពិសេស ដល់ការស្រាវជ្រាវដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រទេសរបស់និស្សិត។ ត្រូវនឹក​​​គិតដល់​​​ការចម្រើនឡើងថ្មីៗនៃវិទ្យាសាស្រ្តទៀតផង។ ធ្វើដូច្នេះ ទើបនិស្សិតយល់ច្បាស់អំពីមតិម​​​នុស្ស​​​នា​​​សម័យ​​​បច្ចុប្បន្ន ហើយ​​​ក៏រៀបចំខ្លួនដើម្បីនឹងនិយាយសន្ទនាជាមួយមនុស្ស​​​នាសម័យ​​​របស់គេដែរ។

ត្រូវបង្រៀនប្រវត្តិសាស្រ្តនៃទស្សនវិជ្ជា ​ដើម្បីណែនាំឱ្យនិស្សិតស្គាល់គោលការណ៍ជាគ្រឹះនៃ​​​ទស្សនវិទ្យា​​​នីមួយៗ។​​​ ដូច្នេះ គេអាចយកអ្វីៗដែលទសន្សនវិជ្ជាបញ្ជាក់ថា ត្រឹមត្រូវពិតប្រាកដនោះ ព្រមទាំងអាចរកឃើញ​​​ឫស​​​​​​នៃសេចក្តី​​​មិនពិត និងអាចបដិសេធសេចក្ដីមិនពិតទាំងនោះបានផង។

វិធីបង្រៀនត្រូវលើកស្ទួយនិស្សិតឱ្យស្រឡាញ់សេចក្ដីពិតដែលត្រូវតែស្វែងរក​​​​​​ និងត្រូវពិនិត្យ​​​ពិច័យ ហើយ​​​ដែលត្រូវយកភស្តុតាងមកបង្ហាញដោយគ្មានលម្អៀងថែមទៀត។ ប៉ុន្តែ ត្រូវមានចិត្តសុភាពរាប​​​សា​​​ដោយដឹងខ្លួនថា ចំណេះ​​​​​​​​​​​​​​​ចេះ​​​ដឹង​​​របស់មនុស្សមានព្រំដែន។ សូមចាប់អារម្មណ៍យ៉ាងខ្លាំងថា ទស្សនវិជ្ជាក៏មានពាក់ព័ន្ធយ៉ាង​​​ស្អិត​​​រមួត​​​​​​នឹងបញ្ហាដ៏ពិតប្រាកដនៃការរស់នៅ និងសំណួរផ្សេងៗដែលចោទឡើងក្នុងចិត្ត​​​គំនិតនិស្សិតដែរ។ ត្រូវជួយគេ​​​ឱ្យឃើញថា​​​ ការរិះគិតតាមទស្សនវិជ្ជា ពិតជាទាក់ទិន​​​នឹង​​​គម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះ តែទេវវិទ្យាស្រាវជ្រាវ​​​គម្រោងការដ៏អស្ចារ្យនៃការ​​​សង្គ្រោះ​​​នោះដោយយកពន្លឺនៃជំនឿ ជាពន្លឺដ៏ខ្ពង់ខ្ពស់បំផុតមកបំភ្លឺចិត្តគំនិតគេ។

១៦- ត្រូវបង្រៀនទេវវិទ្យាដោយយកពន្លឺចាំងពីជំនឿមកបំភ្លឺចិត្តគំនិត ​ក្រោមការណែនាំនៃព្រះសហគមន៍ (ពន្លឺ ២៥)។ ដូច្នេះ និស្សិតមុខជាយោងលទ្ធិកាតូលិកចេញពីព្រះគម្ពីរ ជាសេចក្ដី​​​ដែលព្រះ​​​ជាម្ចាស់បានសម្តែងឱ្យមនុស្ស​​​លោក​​​​​​ស្គាល់។ សូមឱ្យលទ្ធិនេះជ្រួតជ្រាបយ៉ាងជ្រៅក្នុងចិត្តគំនិតគេ ​និងយកធ្វើជាអាហារសម្រាប់​​​ជីវិតរបស់គេ​​​តាម​​​ព្រះវិ​​​ញ្ញាណ។ នៅពេលក្រោយ កាល​​​គេ​​​បំពេញមុខងារបម្រើព្រះសហគមន៍ក្នុងឋានៈជាបូជាចារ្យ គេក៏មាន​​​លទ្ធភាព​​​អាច​​​ប្រកាស រៀបរាប់ បកស្រាយ និង​​​រក្សាការពារលទ្ធិនេះទៀតផង។

ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងបង្រៀនព្រះគម្ពីរឱ្យនិស្សិតបានស្គាល់ គឺត្រូវរាប់គម្ពីរនេះ​​​ទុក​​​ដូចជាដួង​​​ព្រលឹង​​​នៃទេវវិទ្យាគ្រប់យ៉ាង។ ក្រោយពីបានបង្រៀនសេចក្ដីផ្តើមយ៉ាងសមគួរ ត្រូវណែនាំនិស្សិតឱ្យ​​​ស្គាល់​​​វិធីវិភាគគម្ពីរយ៉ាងច្បាស់។ គេត្រូវរៀនគោលសំខាន់ៗនៃសេចក្ដីដែលព្រះ​​​ជាម្ចាស់​​​បានសម្តែង​​​ឱ្យមនុស្សលោកស្គាល់។ ដោយអាន​​​ និងនឹក​​​សញ្ជឹងគិតគម្ពីរជារៀងរាល់ថ្ងៃ គេក៏មានអាហារខាងព្រះ​​​វិញ្ញាណ​​​​​​ដែលលើកស្ទួយគេផងដែរ។

ត្រូវរៀបរាប់ពន្យល់គោលលទ្ធិនៃទេវវិទ្យាតាមលំដាប់លំដោយ គឺមុនដំបូងត្រូវបង្រៀនអំពីគោល​​​សំខាន់ៗ​​​នៃ​​​ព្រះ​​​​​​គម្ពីរ​​​។ ក្រោយមក ត្រូវបង្ហាញឱ្យនិស្សិតដឹងអំពីអ្វីៗដែលគ្រូបាធ្យាយទាំងនៅបូព៌ាប្រទេស ទាំងនៅបស្ចិម​​​ប្រទេស​​​​​​បាន​​​បញ្ជូនបន្ត និងរិះគិតយ៉ាងជ្រៅនិងយ៉ាងស្មោះត្រង់អំពីសេចក្ដីពិតនីមួយៗ ដែលព្រះ​​​ជាម្ចាស់​​​បាន​​​សម្តែង​​​ឱ្យ​​​មនុស្សលោកស្គាល់។ ត្រូវរៀបរាប់ប្រវត្តិនៃលទ្ធិគ្រីស្ត​​​សាសនាតាមរបៀបដដែលទាំងនឹកគិតថា ​​​ប្រវត្តិសាស្រ្ត​​​​​​នៃ​​​លទ្ធិ​​​គ្រីស្តសាសនា​​​ ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តទូទៅនៃព្រះ​​​សហគមន៍ដែរ។ បន្ទាប់មក គេត្រូវហាត់ខ្លួនឱ្យរិះ​​​គិត​​​​​​អំ​​​​​​ពីព្រឹត្តិការណ៍ដ៏អស្ចារ្យ​​​នៃ​​​ការ​​​សង្គ្រោះកាន់តែជ្រៅទៅៗ និងយល់ថា​​​ ព្រឹត្តិការណ៍ទាំងនោះជាប់​​​ទាក់ទង​​​គ្នា​​​​​​​យ៉ាង​​​​​​​​​​​​ស្រួល​​​ ដោយយកសន្តៈថូម៉ាស នៅអាគីណូធ្វើជាគ្រូណែនាំក្នុងការរិះគិតនោះ។ ធ្វើដូច្នេះ ទើបគេអាច​​​បង្ហាញ​​​ព្រឹត្តិការណ៍​​​ដ៏អស្ចារ្យ​​​នៃ​​​ការ​​​សង្គ្រោះតាមតែមនុស្ស​​​អាច​​​រិះគិត​​​បាន។ ត្រូវបង្រៀនគេឱ្យទទួលថា ព្រឹត្តិការណ៍​​​ដ៏​​​អស្ចារ្យ​​​​​​ទាំងនោះនៅស្ថិតស្ថេ​​​រ ​និងមានសកម្មភាពក្នុងពិធីគោរពប្រណិប៍តន៍នានា​​​ (ពិធី ៧.១៦) ព្រមទាំងក្នុង​​​ការរស់នៅនៃព្រះ​​​សហគមន៍​​​ទាំងមូលផង។ ​ត្រូវបង្ហាត់និស្សិត​​​ឱ្យដោះ​​​ស្រាយបញ្ហាមនុស្សលោក តាមពន្លឺនៃ​​​សេចក្ដីដែល​​​ព្រះ​​​ជាម្ចាស់បាន​​​សម្តែង​​​ឱ្យមនុស្សលោក​​​ស្គាល់។ គេក៏យក​​​សេចក្ដីពិតដែលនៅស្ថិតស្ថេរអស់​​​ក​​​ល្បជា​​​និច្ចទាំងនោះ មកបំភ្លឺ​​​សភាពការណ៍​​​របស់នមនុស្សលោកដែលតែងតែ​​​ប្រែប្រួលជានិច្ច​​​ និងនាំយក​​​សេចក្ដី​​​ពិត​​​ទាំង​​​នោះ​​​តាមរបៀប​​​ដែល​​​មនុស្ស​​​​​​លោកនាសម័យឥឡូវនេះអាច​​​ទទួល និង​​​យល់បាន។

ត្រូវកែសម្រួលមុខវិជ្ជាឯទៀតៗនៃទេវវិទ្យាឱ្យបានថ្មី ដោយនិសិ្សតមានទំនាក់ទំនងកាន់តែរស់រវើកជាមួយ​​​គម្រាងការ​​​​​​ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងជាមួយប្រវត្តិសាស្រ្តនៃការសង្គ្រោះ។ ត្រូវយកចិត្តទុក​​​ដាក់​​​យ៉ាងពិសេស​​​ធ្វើឱ្យ​​​ទេវវិទ្យា​​​សីលធម៌កាន់តែប្រសើរឡើងៗ គឺត្រូវ​រៀបរាប់​​​ទេវវិទ្យាសីលធម៌នេះតាមរបៀប​​​វិទ្យាសាស្រ្ត ដោយសំអាង​​​យ៉ាង​​​ច្រើនលើ​​​ព្រះគម្ពីរ។ ត្រូវបង្ហាញបញ្ជាក់អំពីតម្លៃ​​​ដ៏​​​ថ្លៃថ្នូររបស់​​​អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យជឿ និងរួមក្នុង​​​អង្គ​​​ព្រះគ្រីស្ត ព្រមទាំងអំពី​​​កាតព្វកិច្ច​​​របស់គេ​​​ឱ្យបង្កបង្កើតផលដោយសេចក្ដី​​​ស្រឡាញ់​​​ ដើម្បីឱ្យមនុស្សលោកមា​​​ន​​​ជីវិត។ ស្របជាមួយគ្នានេះ នៅពេលរៀបរាប់អំពីក្បួនច្បាប់ទូទៅនៃព្រះសហគមន៍ និងអំពីប្រវត្តិសាស្រ្តព្រះសហគមន៍​​​ត្រូវនឹកគិតដល់គម្រោងការ​​​ដ៏​​​អស្ចារ្យ​​​នៃព្រះសហគមន៍ឱ្យបានស្របនឹងធម្មនុញ្ញលទ្ធិ “ពន្លឺបំភ្លឺពិភពលោក” ដែល​​​មហាសន្និបាត​​​នេះបានប្រកាស​​​ផ្សាយ​​​រួចហើយ។ ត្រូវបង្រៀនអំពីពិធីគោរពប្រណិប័តន៍ស្របតាមមាត្រាទី ១៥ និង ១៦ នៃ​​​ធម្មនុញ្ញ​​​​​​ពិធីគោរពប្រណិប៍តន៍ ព្រោះត្រូវ​​​ចាត់ពិធីគោរពប្រណិប័តន៍ទុកជាប្រភពទីមួយដែលត្រូវការ​​​ជាង​​​គេ​​​ ដើម្បីបង្កើតចិត្តគំនិតជា​​​គ្រីស្តបរិស័ទ​​​សុទ្ធសាធ (ពិធី ១០.​​​១៤.​​​១៥.១៦)។

ដោយយល់ដល់សភាពការណ៍តាមតំបន់នីមួយៗ ត្រូវណែនាំនិស្សិតទេវវិទ្យាល័យឱ្យស្គាល់យ៉ាង​​​ច្បាស់​​​អំពីសហគមន៍ និងក្រុមជំនុំដែលបែកចេញពីអាសនៈគ្រីស្តទូតសិលា។ ដូច្នេះ​​​ គេអាចជួយសហការឱ្យគ្រីស្តបរិស័ទ​​​ទាំង​​​អស់រួបរួមគ្នាជាធ្លុងតែមួយ តាមការបញ្ជានៃមហាសន្និបាតនេះ (បង្រួប​​​ ១.៩.១០)។

ត្រូវណែនាំនិសិ្សតឱ្យស្គាល់សាសនាឯទៀតៗ ជាពិសេស សាសនាដែលអ្នកស្រុកតែងតែគោរព​​​ក្នុងតំបន់​​​នីមួយៗ ដូច្នេះ គេមុខជារកឃើញអ្វីៗដ៏ពិតប្រាកដ និងដ៏ល្អក្នុងសាសនាទាំងនោះតាមតែព្រះជាម្ចាស់ចាត់ចែងឱ្យ​​​មាន​​​នោះ។ ​​​គេក៏នឹងហាត់ខ្លួនឱ្យឆ្លើយបដិសេធនឹងសេចក្ដីមិនពិត ហើយគេអាចចែកចាយពន្លឺដ៏ពេញ​​​លេញនៃ​​​សេចក្ដី​​​ពិត ជូនដល់អស់អ្នកដែលមិនស្គាល់សេចក្ដីពិតនោះ។

១៧- ការបង្រៀនដ៏ពិតប្រាកដអំពីលទ្ធិគ្រីស្តសាសនា មានគោលដៅហ្វឹកហ្វឹននិស្សិតទេវវិទ្យាល័យយ៉ាងពិត​​​ប្រាកដ និង​​​​​​​​​យ៉ាង​​​ជ្រៅ មិនគ្រាន់តែណែនាំគេឱ្យស្គាល់ទ្រឹស្តីប៉ុណ្ណោះទេ។ ហេតុនេះហើយ បានជាត្រូវប្រើវិធីតាម​​​គរុកោសល្យមក​​​ចាត់​​​ចែងមេរៀន និងចាត់ចែងការសន្ទនា ហើយចាត់ចែងកិច្ចអនុវត្តន៍ផ្សេងៗ ដើម្បីលើកស្ទួយ​​​កិច្ចការ​​​របស់​​​និស្សិត ដែលគេធ្វើខ្លួនឯង ឬតាមក្រុមតូចៗ។ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឱ្យការបង្រៀន​​​ទាំងមូលស៊ីសងគ្នា និង​​​មាំមួន​​​ទៀត។ ត្រូវជៀសវាងកុំឱ្យមានមុខវិជ្ជា និងមេរៀនច្រើនពេក។ ហេតុនេះ ត្រូវលះបង់​​​ប្រធានបទដែលឥតបាន​​​ការ ឬប្រធានបទដែលត្រូវសិក្សានៅមហាវិទ្យាល័យ។

១៨- អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ចាត់យុវជនដែលមានសមត្ថភាព គឺមានសម្បទា និងមាន​​​ព្រហ្មវិហារធម៌ ហើយ​​​មានប្រាជ្ញាឱ្យទៅរៀននៅគ្រឹះស្ថានពិសេស នៅមហាវិទ្យាល័យ និងនៅសកលវិទ្យាល័យ។ ​ធ្វើដូច្នះ អស់​​​លោកគ្រោងទុកឱ្យមានគង្វាលខ្លះ ដែលបានទទួលការបង្រៀនយ៉ាងជ្រៅបែបវិទ្យាសាស្រ្ត អាចទប់​​​ទល់​​​​​​នឹង​​​សេចក្ដី​​​ត្រូវ​​​​​​ការ​​​​​​​​​នៃកិច្ចការជាគ្រីស្តទូត។ លោកគង្វាលទាំងនោះអាចបង្រៀនវិជ្ជាព្រះសហគមន៍ និង​​​វិជ្ជាផ្សេងៗ​​​ទៀត​​​បាន ​តាម​​​អស់​​​លោកអភិបាលយល់ឃើញថា គួរបង្រៀននោះ។ ទោះជាយ៉ាងណាក៏​​​ដោយ ក៏មិនត្រូវអប់រំគេ​​​ឱ្យរស់​​​នៅ​​​តាម​​​ព្រះ​​​វិញ្ញាណ​​​ជាចាំបាច់ និងឱ្យចេះណែនាំគ្រីស្ត​​​បរិស័ទ ជាពិសេស ប្រសិនបើនិស្សិត​​​ដែល​​​​​​ទៅរៀន​​​​​​វិទ្យា​​​ខ្ពស់ទាំងនោះ​​​មិនទាន់​​​ទទួល​​​អគ្គសញ្ញា​​​ជាបូជាចារ្យនៅឡើយ។

៦- ការហ្វឹកហ្វឺនពិសេសខាងការណែនាំគ្រីស្តបរិស័ទ

១៩-​​​​ ការហ្វឹកហ្វឹននិស្សិតទេវវិទ្យាល័យទាំង​​​មូលមានគោលដៅតែមួយ គឺអប់រំគេ​ឱ្យចេះណែនាំគ្រីស្តបរិស័ទ​​​។ ហេតុ​​​​​​នេះហើយ បានជាត្រូវបង្រៀននិស្សិត​​​យ៉ាងហ្មត់ចត់អំពីសេចក្ដីទាំងអស់ដែលពាក់ព័ន្ធជាមួយ​​​មុខងារបម្រើ​​​ព្រះ​​​សហគមន៍ គឺមានការអប់រំជំនឿ និងអ​​​ត្ថាធិប្បាយគម្ពីរ មានការគោរពបម្រើព្រះជាម្ចាស់តាមពិធីគោរពប្រណិប៍តន៍ និងធ្វើ​​​អគ្គសញ្ញានានាជូនគ្រីស្តបរិស័ទ មានសកម្មភាពមនុស្សធម៌ ​​​មានភារកិច្ចទាក់ទងជាមួយអ្នកដែលវង្វេងជំនឿ​​​ ឬដែល​​​គ្មានជំនឿជាដើម ​ដោយមិនបំភ្លេច​​​បន្ទុក​​​ណែនាំឯទៀ​​​តៗផងដែរ។ ត្រូវបង្ហាត់គេយ៉ាងហ្មត់ចត់អំ​​​ពី​​​បចេ្ចកទេស​​​ណែនាំ​​​គ្រីស្តបរិស័ទតាមព្រះវិញ្ញាណ ដើម្បីឱ្យគេ​​​អាច​​​អប់រំបុត្រធីតានៃព្រះសហគមន៍​​​ទាំងអស់ ឱ្យរស់នៅបែបជា​​​គ្រីស្តបរិស័ទ​​​យ៉ាងពិតប្រាកដ ទាំងដឹងខ្លួន​​​យ៉ាងជាក់ច្បាស់ និងតាមបែប​​​ជាគ្រីស្តទូត ព្រមទាំងបំពេញភារកិច្ចផ្ទាល់ខ្លួន​​​តាម​​​របៀបរស់នៅរបស់គេ។ សូមបង្ហាត់ខ្លួនឱ្យចេះជួយណែនាំ​​​បព្វជិតបព្វជិតា ដោយយកចិត្តទុក​​​ដាក់បែបដដែ​​​ល​​​នោះឱ្យរស់នៅបន្តទៅមុខតាម​​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់​​​ដែលត្រាស់​​​ហៅគាត់ និងឱ្យចម្រើនឡើង​​​តាម​​​​​​​​​គោល​​​ដៅនៃគ្រឹះស្ថាន​​​ផ្សេងៗរបស់គាត់។

ជាទូទៅ ត្រូវបង្ហាត់និសិ្សតទេវវិទ្យាល័យឱ្យមាន​​​សមត្ថភាពដ៏សំខាន់ជាងគេក្នុងការសន្ទនាជាមួយ​​​មនុស្ស​​​លោក គឺឱ្យចេះ​​​ស្តាប់អ្នកដទៃ ឱ្យយល់អំពីលក្ខណៈផ្សេងៗរបស់មនុស្សជាតិ ដោយចិត្តស្រឡាញ់។

២០- នាសម័យយើងនេះ គរុកោសល្យ និងចិត្តសាស្រ្ត ហើយសង្គមសាស្រ្តបានរកឃើញសេចក្ដី​​​ថ្មីៗហើយ។ ត្រូវ​​​បង្ហាត់និស្សិតទេវវិទ្យាល័យឱ្យចេះសេចក្ដី​​​ថ្មីៗទាំងនោះយ៉ាងត្រឹមត្រូវ​​​ និងស្របតាមសេចក្កីណែនាំរបស់លោក​​​អភិបាល។​​​ ធ្វើដូច្នេះ ទើបអ្នកទទួលខុសត្រូវលើទេវវិទ្យាល័យរៀប​​​ចំ​​​គេយ៉ាងហ្មត់ចត់ឱ្យលើកស្ទួយ និងគាំទ្រកិច្ចការ​​​ជា​​​គ្រីស្តទូត​​​របស់​​​គ្រីស្តបរិស័ទធម្មតា (ពន្លឺ ៣៣) ព្រមទាំងឱ្យលើកស្ទួយ​​​របៀប​​​​​​ផ្សេងៗ និង​​​កាន់​​​​​​តែ​​​ស័ក្តិសិទ្ធនៃ​​​កិច្ចការ​​​ជាគ្រីស្តទូត។ មិនតែប៉ុណ្ណោះ ត្រូវឱ្យចិត្តគំនិតជាគ្រីស្តទូតយ៉ាងពិត​​​ប្រាកដជ្រួត​​​ជ្រាបចូ​​​លក្នុងខ្លួនគេ គឺចិត្ត​​​គំនិត​​​ជាគ្រីស្តទូតនោះនឹងនាំឱ្យគេធ្លាប់គិតហួសពីព្រំដែនភូមិភាគរបស់ខ្លួនហួស​​​ពី​​​ព្រំដែនជាតិ និងហួសពីរ​​​បៀប​​​របបនៃពិធីរបស់ខ្លួនដែរ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការនៃព្រះ​​​សហគមន៍​​​​​​ទាំងមូល។ ត្រូវឱ្យគេ​​​ត្រៀម​​​ខ្លួន​​​​​​យ៉ាង​​​​​​ស្មោះ​​​អំពីចិត្ត ចេញទៅប្រកាសដំណឹងល្អរហូតដល់ទីដាច់​​​ស្រយាល​​​នៃ​​​ពិភព​​​លោក (ពន្លឺ ១៧)។

២១- និស្សិតទេវវិទ្យាល័យត្រូវទទួលការហ្វឹកហ្វឺន មិនគ្រាន់តែដោយរៀនទ្រឹស្តីអំពីកិច្ចជាគ្រីស្តទូតប៉ុណ្ណោះទេ តែ​​​ត្រូវ​​​បង្ហាត់គេឱ្យប្រត្តិបតិតាមដែរ។ ត្រូវឱ្យគេអាចទទួលខុសត្រូវដោយផ្ទាល់ក្នុងកិច្ចការដែលគេនឹងត្រូវបំពេញ​ដោយ​​​សហការ​​​ជាមួយអ្នកដទៃ។ ហេតុនេះ នៅពេលសិក្សា និងនៅពេលវិស្សមកាល ត្រូវអប់រំគេឱ្យបំពេញ​​​កិច្ចណែ​​​នាំ​​​គ្រីស្តបរិស័ទ បង្កើតបទពិសោធន៍តាមសេចក្តីត្រូវការ។ ត្រូវណែនាំគេឱ្យបំពេញកិច្ចការ​​​ណែនាំ​​​គ្រីស្តបរិស័ទ ដោយ​​​ការ​​​​​​ហ្វឹកហ្វឺនស្របតាមសភាពការណ៍។​​​ ត្រូវហ្វឹកហ្វឺនគេតាម​​​វិធីប្រកបដោយរបៀបរៀបរយស្របតាមអាយុរបស់​​​និស្សិត និងស្របតាមសភាពការណ៍តំបន់​​​នីមួយៗ ព្រមទាំង​​​​​​ស្របតាមការយល់​​​ឃើញដ៏ប្រុង​​​ប្រយ័ត្ន​​​រប​​​ស់អស់​​​លោក​​​អភិបាល។ ត្រូវមានអ្នកជំនាញការខាងវិធីណែនាំចាត់ចែងការហ្វឹកហ្វឺននោះ។ ទោះជាយ៉ាង​​​ណា​​​​​​ក៏ដោយ ​ក៏ត្រូវ​​​រម្លឹក​​​គេ​​​ជានិច្ចថា មានតែមធ្យោបាយនៃលោកខាងមុខទេដែលសំខាន់ជាងគេ។

៧- ការអប់រំអចិន្រៃ្តយ៍ក្រោយការហ្វឹកហ្វឺននៅទេវវិទ្យាល័យ

២២- សូម្បីតែក្រោយពីបូជាចារ្យបានបញ្ចប់​​​ការសិក្សានៅទេវវិទ្យាល័យក្ដី ក៏សភាពការណ៍នៃជីវភាព​​​នៅ​​​ក្នុងសង្គម​​​ទំនើប​​​នេះ បង្ខំយ៉ាងខ្លាំងឱ្យបូជាចារ្យបន្តការអប់រំរបស់ខ្លួន​​​ឱ្យ​​​កាន់តែពេញលក្ខណៈ។ ហេតុនេះ ក្រុម​​​អភិបាល​​​តាមប្រទេស​​​នីមួយៗមានភារកិច្ចចាត់ចែងមធ្យោបាយដ៏សមរម្យជាងគេស្របតាម​​​សភាពការណ៍ ដើម្បីអប់រំបូជាចារ្យ​​​តទៅ​​​ទៀត​​​។ ​ឧបមាថា ឱ្យមានគ្រឹះស្ថានណែនាំដែលសហការនឹងព្រះ​​​សហគមន៍តាមភូមិនានាដែលគេបានជ្រើសរើស​​​យ៉ាង​​​ហ្មត់​​​ចត់​​​​​​ ឱ្យមានការប្រជុំតាមពេលកំណត់ ឱ្យចាត់ចែង​​​ការហ្វឹកហ្វឺនស្របតាមសភាពការណ៍ប្រទេស។ល។ ​​​ធ្វើ​​​ដូច្នេះ ក្រុមបូជាចារ្យថ្មីៗអាចចាប់ផ្តើមរស់នៅក្នុងឋានៈជាបូជាចារ្យ និងចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូតក្នុងវិស័យនៃការរស់នៅ​​​តាម​​​ព្រះវិញ្ញាណ ​ក្នុងវិស័យនៃចំណេះ​​​ចេះដឹង និងក្នុង​​​វិស័យនៃការណែនាំគ្រីស្តបរិស័ទ​​​ផង​​​។​​​ បន្តិចម្តងៗ ក្រុមបូជាចារ្យថ្មីៗទាំងនោះមុខជានឹងទទួលសមត្ថភាពប្រែកិច្ចការទាំងនោះឱ្យបានជាថ្មី និងធ្វើឱ្យកិច្ចការ​​​ទាំង​​​​​​នោះ​​​​​​​​​ចម្រើនឡើងទៀតផង។

ពាក្យបញ្ចប់

អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតនេះ បន្តកិច្ចការដែលមហាសន្និបាតក្រុងត្រែនតូចាប់ផ្តើម​​​ធ្វើ ហើយសូមផ្ញើទាំងទុកចិត្តឱ្យអស់លោកជាអ្នក​​​ណែនាំ និង​​ឱ្យសាស្រ្តាចារ្យ​​​នៃ​​​ទេវវិទ្យាល័យ នូវបន្ទុកហ្វឹក​​​ហ្វឺន​​​​​​បូជាចារ្យ​​​របស់​​​​​​ព្រះគ្រីស្តសម្រាប់នៅពេលអនាគត។ សូមអស់លោកអប់រំបូជាចារ្យថ្មីទាំងនោះ​ស្របតាមគោល​​​គំនិតមហាសន្និបាត ដែលមានបំណងលើកស្ទួយការកែសម្រួលព្រះសហគមន៍​​​ឱ្យបានថ្មីនោះ។ នៅពេលជាមួយ​​​គ្នា​​​នេះ សូមដាស់តឿនយ៉ាងខ្លាំងជាទីបំផុតអស់អ្នកដែលត្រៀម​​​ខ្លួនទទួលមុខងារបម្រើក្នុងឋានៈជាបូជាចារ្យឱ្យដឹង​​​ច្បាស់​​​ថា ព្រះសហគមន៍សង្ឃឹមលើអ្នកទាំងនោះ ដើម្បីសង្រ្គោះមនុស្សលោក។ សូមទទួលសេចក្ដីបញ្ជាក្នុង​​​ក្រឹត្យក្រមនេះដោយស្មោះអស់ពីចិត្ត ហើយសូមបង្កើត​​​ផលជាច្រើននៅស្ថិតស្ថេរជានិច្ចនិរន្តរ៍។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ក្រឹត្យក្រមទាំង​​​មូលនេះ ព្រម​ទាំង​គោល​ការណ៍​នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូតរួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម​ ហើយសម្រេចចេញជា​​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​​​​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។               

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

551 Views

Theme: Overlay by Kaira