ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
APOSTOLICAM ACTUOSITATEM

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេចងចាំរហូតតរៀងទៅ។

ក្រឹត្យក្រមស្តីអំពី
សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត

១- បុព្វកថា

មហាសន្និបាត​ដ៏​វិសុទ្ធ​មាន​បំណង​ចង់​ឱ្យ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​បំពេញ​សកម្មភាព​ជា​គ្រីស្តទូត​កាន់​តែ​ខ្លាំងឡើងៗ។ ដូច្នេះ​ មហាសន្និបាត​បែរមក​រក​គ្រីស្តបរិស័ទ​ធម្មតា ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​។ ក្នុង​ឯកសារ​ផ្សេងៗ​ មហាសន្និបាត​បាន​រម្លឹក​គ្រីស្តបរិស័ទអំពី​តួនាទី​ផ្ទាល់​ដ៏​ចាំបាច់​បំផុត​របស់​ខ្លួនក្នុង​បេសកកម្ម​របស់​ព្រះ​​​សហគមន៍​​​​​​​​​​រួច​​​​​​​ហើយ​ (ពន្លឺ ៣៧​​​ត;​​​​​​ ពិធី ២៦-៤០; បង្រួប; អភិបាល ១៦.១៧.១៨; ហ្វឹកហ្វឺន ៣.៥.៧)​​​។ ​​​ព្រះសហគមន៍​មិន​អាច​​​ខ្វះ​គ្រីស្តបរិស័ទ​ធម្មតា​ដើម្បីបំពេញកិច្ចការជា​គ្រីស្តទូត​ទេ ព្រោះ​កិច្ចការនេះ​ពិត​ជា​លទ្ធផល​នៃ​​​​ការ​ត្រាស់ហៅ​របស់គេ​ឱ្យ​ទៅ​ជា​គ្រីស្ត​​​បរិស័ទ។ ព្រះគម្ពីរបង្ហាញយ៉ាងជាក់ច្បាស់ថា នៅខាងដើមដំបូងនៃព្រះ​​​សហគមន៍ ​​​សកម្មភាព​​​របស់​​​គ្រីស្តបរិស័ទ​​​​​​ធម្មតា​​​លេច​​​ឡើងដោយឯកឯង និងបានបង្កើតផលជាច្រើនអនេក។ (កក ១១,១៩-២១;​​​ ១៨,២៦; រម ១៦,១-១៦; ភីល ៤,​​​៣)។

នៅសម័យឥឡូវ គ្រីស្តបរិស័ទធម្មតាក៏ត្រូវយកចិត្តទុកដាក់ខ្នះខ្នែងបំពេញកិច្ចការជាគ្រីស្តទូតនេះដែរ។ សភាព​​​ការណ៍នាបច្ចុប្បន្នកាលទាមទារឱ្យគ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតកាន់តែខ្លាំងឡើងៗ ​និង​​​កាន់​​​តែ​​​ទូលំទូលាយដែរ ព្រោះចំនួនមនុស្សកាន់តែកើនឡើង វិទ្យាសាស្រ្ត និងបច្ចេក​ទេសកាន់តែចម្រើនឡើង​​​ ហើយ​​​មនុស្ស​​​​​​ក៏រួម​​​សាមគ្គីកា​​​ន់តែជិតស្និទ្ធឡើងៗដែរ បណ្តាលឱ្យគ្រីស្តបរិស័ទធម្មតាមានសកម្មភាព​​​ក្នុងវិស័យនានា​​​កាន់​​​តែ​​​ទូលាយ​​​។ មានតែគ្រីស្តបរិស័ទធម្មតាទេ ដែលអាចបំពេញកិច្ចការទាំងនោះបាន។ ​សភាពការណ៍ថ្មីនោះបណ្តាល​​​ឱ្យមាន​​​បញ្ហាថ្មីៗ​​​ជាច្រើនកើត​​​ឡើង​​​ និង​​​​​​ទាមទារឱ្យគេ​​​ប្រុង​​​ប្រយ័ត្ន និងស្រាវជ្រាវយ៉ាងពិសេសអំពីបញ្ហាទាំងនោះ។ ដោយមនុស្សស្វយ័តយ៉ាងត្រឹមត្រូវ​​​ក្នង​​​វិស័យ​​​ជា​​​ច្រើន​​​​​​នៃ​​​ការរស់​​​នៅ​​​របស់​​​ខ្លួន ក៏ប៉ុន្តែ ស្វ័យ​​​ភាពនេះបណ្តាលឱ្យ​​​អ្នក​​​​​​ខ្លះលះបង់សីលធម៌​​​ និង​​​សាសនាចោល ព្រមទាំង​​​បណ្តាល​​​ឱ្យការ​​​រស់​​​នៅ​​​ក្នុង​​​ឋានៈ​​​ជា​​​គ្រីស្តបរិស័ទអ​​​ន់ថយ​​​ជា​​​ខ្លាំង។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាត្រូវតែបំពេញ​​​កិច្ចការ​​​​​​​ជា​​​គ្រីស្តទូត​​​​​​ជាចាំបាច់។ ក្នុងតំបន់ជាច្រើន បូជាចារ្យ​​​​​​មានចំនួនតិចណាស់ ​ឬគ្មាន​​​សេរីភាព​​​បំពេញ​​​មុខ​​​ងារ​​​របស់ខ្លួន​​​ថែម​​​ទៀត​​​។ ហេតុនេះហើយ បានជាបើគ្មាន​​​សកម្មភាព​​​របស់​​​គ្រីស្តបរិស័ទ​​​ធម្មតាទេ ព្រះ​​​សហគមន៍គ្មានវត្តមាននៅតំបន់ទាំង​​​នោះ ហើយក៏មិនអាចបំពេញការងារ​​​របស់​​​ខ្លួន​​​ទៀតបានឡើយ។

សព្វថ្ងៃ ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យគ្រីស្តបរិស័ទធម្មតាភ្ញាក់ស្មារតីរកាន់តែខ្លាំងឡើងៗ ​ឱ្យទទួលខុស​​​ត្រូវ​​​លើខ្លួន​​​ផ្ទាល់ ព្រះអង្គក៏ដាស់តឿនគេនៅគ្រប់ទីកន្លែងឱ្យបម្រើព្រះគ្រីស្ត និងព្រះសហគមន៍​​​។​ ព្រះសហគមន៍ត្រូវការ​​​គ្រីស្តបរិស័ទ​​​ធ​​​ម្មតា​​​ក្នុង​​​វិស័យជាច្រើនជាចាំបាច់បំផុតដូច្នេះ ពិតជាសញ្ញាសម្គាល់យ៉ាងជាក់ស្តែងអំពីសកម្មភាព​​​​​នៃ​​​ព្រះ​​​​វិញ្ញាណ​​​ដ៏ វិសុទ្ធនោះ។

ក្នុងក្រឹត្យក្រមនេះ មហាសន្និបាតមានបំណងចង់រៀបរាប់​​​ពន្យល់អំពីលក្ខណៈនៃកិច្ចការរបស់គ្រីស្តបរិស័ទ​​​ធម្មតា​​​ជាគ្រីស្តទូត ព្រម​​​ទាំង​​​ច​​​ង់​​​ពន្យល់អំពីសភាព និងអំពីកិច្ចការផ្សេងៗរបស់គ្រីស្តបរិស័ទទាំងនោះ។ មហា​​​សន្និ​​​បាត​​​​​​​​​​​​​​​​​​​​​ក៏មានបំណងផ្តល់គោល​​​ការណ៍​​​​​​សំខាន់ៗជា​​​គ្រឹះ ព្រមទាំងបញ្ចេញសេចក្តីណែនាំ ​ដើម្បីឱ្យគ្រីស្តបរិស័ទ​​​ធម្មតា​​​អាច​​​បំពេញ​​​កិច្ចការនេះតាមរបៀបកាន់តែ​​​សកម្ម​​​ឡើ​​​ងៗ។ ត្រូវ​កែសម្រួលក្បួនច្បាប់នៃព្រះសហគមន៍អំពីគ្រីស្ត​​បរិស័ទ​​​ធម្មតា ដោយយកសេចក្ដីណែនាំ​​​ក្នុងក្រឹត្យ​​​ក្រម​​​នេះ​​​ធ្វើជាគោល។

ជំពូក ១
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត

២- គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍

ព្រះគ្រីស្តបង្កើតព្រះសហគមន៍ដើម្បីលាតសន្ធឹងព្រះរាជ្យព្រះអង្គនៅលើផែនដីទាំងមូល ​សម្រាប់លើកតម្កើង​​​សិរី​​​រុង​​​រឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា។ ដូច្នេះ ព្រះសហគមន៍នាំមនុស្ស​​​ទាំងអស់ឱ្យរួ​​​មចំណែកក្នុងការសង្គ្រោះ​​​របស់​​​ព្រះ​​​យេស៊ូ​​​​​​គ្រីស្តដែលរំដោះមនុស្សលោក។ ដោយសារគ្រីស្តបរិស័ទ ​ព្រះសហគមន៍តម្រង់​​​ពិភព​​​លោក​​​ទាំងមូល​​​ទៅរក​​​ព្រះ​​​គ្រីស្ត។ យើងហៅគ្រប់សកម្មភាពនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត​​​ដែលមានគោល​​​ដៅនោះថា «កិច្ចការ​​​​​​ជាគ្រីស្តទូត»។ ព្រះសហគមន៍បំពេញកិច្ចការនេះដោយសារសមាជិកទាំងអស់របស់ខ្លួនតាម​​​របៀប​​​ផ្សេងៗ​​​ពី​​​គ្នា។ ព្រះជាម្ចាស់ដែលត្រាស់ហៅមនុស្សឱ្យទៅជាគ្រីស្តបរិស័ទក៏ត្រាស់ហៅគេឱ្យបំពេញកិច្ចការ​​​ជា​​​គ្រីស្តទូតដែរ ​ស្រប​​​តាម​​​លក្ខណៈរបស់ខ្លួនជាគ្រីស្តបរិស័ទ។ សរីរាង្គនីមួយៗក្នុងរូបកាយមនុស្សម្នាក់ដែលមានជីវិត មិនគ្រាន់តែ​​​រស់​​​នៅ​​​យ៉ាង​​​អសកម្មប៉ុណ្ណោះទេ​ តែសរីរាង្គនីមួយៗរួមចំណែកក្នុងជីវិត និងក្នុង​​​សកម្មភាព​​​ទូទៅនៃ​​​រូបកាយអ្នកនោះដែរ។ ​ក្នុងព្រះ​​​សហគមន៍​​​ដែលជាព្រះកាយព្រះគ្រីស្តក៏ដូច្នេះដែរ គឺ «ព្រះកាយនោះចម្រើន និងកសាង​​​ឡើង​​​ដោយសារ​​​សមត្ថភាព​​​​​​របស់​​​សរីរាង្គនីមួយៗ» (អភ ៤,១៦)។ លើសពីនេះទៅទៀត សរីរាង្គនៃព្រះកាយព្រះគ្រីស្តរួបរួម​គ្នា និង​​​សាមគ្គី​​​គ្នា​​​យ៉ាងជិតស្និទ្ធបំផុត ហេតុនេះ​​​ហើយ​​​ បានជាត្រូវរាប់សរីរាង្គណាដែលមិនជួយតាមសមត្ថភាពរបស់ខ្លួនឱ្យ​​​រូប​​​កាយ​​​ទាំង​​​មូល​​​ចម្រើនឡើង ទុកជាសរីរាង្គ​​​ដែលគ្មាន​​​ប្រយោជន៍​​​​​​សម្រាប់ព្រះសហគមន៍ និងសម្រាប់ខ្លួនឯងដែរ។

ក្នុងព្រះសហគមន៍មានមុខងារបម្រើផ្សេងៗពីគ្នា ប៉ុន្តែ មានបេសកកម្មតែមួយ។ ព្រះគ្រីស្តបានផ្ញើឱ្យក្រុមគ្រីស្តទូត និងឱ្យក្រុមអ្នកបន្តមុខងារពីអស់លោកនូវបន្ទុកបង្រៀន បន្ទុកនាំឱ្យអ្នកជឿបានវិសុទ្ធ ​និងបន្ទុកគ្រប់គ្រង​​​ព្រះ​​​​​​សហគមន៍​​​ក្នុងនាមព្រះអង្គ និងដោយមាន​​​អំណាចរបស់ព្រះអង្គផង។ ប៉ុន្តែ ដោយគ្រីស្តបរិស័ទធម្មតាទទួល​​​ចំណែក​​​ក្នុង​​​​​​​​​បន្ទុក​​​របស់ព្រះគ្រីស្តជាមហាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ គេក៏បំពេញចំណែក​​​របស់​​​ខ្លួន​​​​​​ក្នុង​​​បេសកកម្ម​​​របស់​​​ប្រជារាស្រ្តព្រះជាម្ចាស់ទាំងមូលក្នុងព្រះសហគមន៍ និងក្នុងពិភពលោកទាំងមូល (ពន្លឺ ៣១)​​​។ ​គេ​​​​​​​​​បំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតដោយប្តេជ្ញាចិត្តប្រកាសដំណឹងល្អ និង​​​នាំមនុស្ស​​​ឱ្យបាន​​​វិសុទ្ធ។ ​នៅ​​​ពេល​​​គេ​​​ខិត​​​ខំនាំគោលគំនិតមកពីដំណឹងល្អឱ្យជ្រួត​​​ជ្រាបអ្វីៗក្នុងលោកីយ៍ ហើយនៅពេលគេយកចិត្តទុកដាក់ធ្វើ​​​ឱ្យ​​​អ្វីៗខាង​​​លោកីយ៍​​​​​​ចម្រើនឡើង គេក៏បំពេញមុ​​​ខងាររ​​​បស់​​​ខ្លួន​​​ជាគ្រីស្តទូតដែរ។ ក្នុងវិស័យទាំងនោះ ពួកគេត្រូវធ្វើកិច្ចការ​​​របស់​​​​​​គេក្នុងលោកីយ៍នោះ តាមរបៀបដែលផ្តល់សក្ខីភាពយ៉ាងជាក់ស្តែងអំពីព្រះគ្រីស្ត និងដែលជួយសង្រ្គោះមនុស្ស​​​លោក។​​​ គ្រីស្ត​​​បរិស័ទ​​​​​​​​​ធម្មតា​​​មាន​​​លក្ខណៈ​​​ពិសេស ​គឺរស់នៅក្នុងចំណោមមនុស្សលោក និងក្នុងរឿងលោកីយ៍។ ​ដូច្នេះ​​​​​​ហើយ ព្រះជាម្ចាស់ត្រាស់ហៅ​​​គេឱ្យ​​​បំពេញមុ​​​ខងារជាគ្រីស្តទូតក្នុងលោកីយ៍ តាមរបៀបខ្លួនជាមេក្នុងម្សៅ ដោយ​​​មាន​​​​​​ថាមពល​​​​​​នៃវិញ្ញាណរបស់​​​ខ្លួនជា​​​គ្រីស្តបរិស័ទ។

៣- គ្រឹះនៃមុខងាររបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត

គ្រីស្តបរិស័ទធម្មតាទទួលភារកិច្ច និងសិទ្ធិជាគ្រីស្តទូតដោយគេរួបរួមជាមួយព្រះគ្រីស្តជាព្រះសិរសា។​ គេចូល​​​រួមក្នុងរូបកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តដោយអគ្គសញ្ញាជ្រមុជទឹក។ គេទទួលកម្លាំងពីឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធដោយ​​​អគ្គសញ្ញាលាបថ្ងាស គឺព្រះអម្ចាស់ផ្ទាល់ព្រះអង្គចាត់គេឱ្យទៅជាគ្រីស្តទូត។ ​ព្រះអង្គប្រសិទ្ធិគេឱ្យទៅ​​​ជា​​​បូជាចារ្យរបស់ព្រះមហាក្សត្រ និងទៅជាជាតិដ៏វិសុទ្ធ (១សល ២,២-១០) ដើម្បីលើកកិច្ចការទាំងប៉ុន្មានរបស់គេ​​​ថ្វាយព្រះជាម្ចាស់ទុកជាតង្វាយខាងវិញ្ញាណ ​និងដើម្បីផ្តល់សក្ខីភាពចំពោះព្រះគ្រីស្តនៅលើផែនដីទាំងមូល។ “អគ្គសញ្ញា​​​​​​​​​​​​​​​ទាំង​​​ប៉ុន្មាន ជាពិសេស​ អគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធសុទ្ធតែផ្តល់ និងពង្រឹងសេចក្ដីស្រឡាញ់របស់គេ គឺ​​​សេចក្ដីស្រឡាញ់នេះ​​​​​​​​​ជា​​​កម្លាំង​​​ជំរុញ​​​គេ​​​ឱ្យ​​​​​​បំពេញបេសកកម្ម​​​គ្រប់​​​យ៉ាងជា​​​គ្រីស្តទូត” (ពន្លឺ ៣៣.១០)​​​។ ​​​

ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ក្នុងចិត្តគ្រីស្តបរិស័ទទាំងអស់​ក្នុង​​​ព្រះ​​​​សហគមន៍។ គ្រីស្តបរិស័ទបំពេញមុខងារជាគ្រីស្តទូត ដោយផ្ញើជីវិតលើព្រះគ្រីស្ត ដោយមានសេចក្ដីសង្ឃឹម និង​​​ដោយ​មាន​សេចក្ដីស្រឡាញ់នោះ។ លើសពីនេះទៅទៀត វិន័យស្តីអំពីសេចក្ដីស្រឡាញ់ ជាវិន័យដ៏​​​ប្រសើរជាងគេ​​​របស់​​​​​​ព្រះ​​​អម្ចាស់​​​ ជំរុញគ្រីស្តបរិស័ទទាំងអស់ឱ្យខិតខំធ្វើកិច្ចការដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយ​​​ព្រះ​​​​​​អង្គយាងមក​គ្រងរាជ្យ និងប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សទាំងអស់ គឺថា ​​​“សូមឱ្យ​​​គេ​​​ស្គាល់​​​ព្រះ​​​ជាម្ចាស់​​​​ដ៏ពិត​តែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គចាត់ឱ្យមកដែរ” (យហ ១៧,៣)។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ទទួលបន្ទុកដ៏ល្អប្រសើរបំផុត គឺខិតខំដោយឥតឈប់ឈរ ដើម្បីនាំ​​​​ឱ្យមនុស្សលោកនៅលើផែនដីទាំងមូលបានស្គាល់ និងទទួលព្រះរាជសារស្តីអំពីការសង្គ្រោះ។

ព្រះវិញ្ញាណដ៏វិសុទ្ធដែលប្រោសឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធដោយសារអគ្គសញ្ញានានា ​និងដោយសារ​មុខងារបម្រើផ្សេងៗ ព្រះអង្គក៏ប្រទានព្រះអំណោយទានពិសេសដល់គ្រីស្តបរិស័ទ (១ករ ១២,៧)  «ប៉ុន្តែ ព្រះ​​​វិញ្ញាណចែក​ព្រះអំណោយទានទាំងនោះឱ្យម្នាក់ៗតាមព្រះហឫទ័យរបស់ព្រះអង្គ» (១ករ ១២,១១) ដើម្បីឱ្យ​​​ក្រុមគ្រីស្តបរិស័ទទាំងអស់ និងគ្រីស្តបរិស័ទម្នាក់ៗ​​​បម្រើអ្នកឯទៀតៗស្របតាមព្រះអំណោយទាន​​​ដែលខ្លួនបាន​​​ទទួល ​ហើយទៅ​​​ជា​​​អ្នក​​​ចាត់ចែងដ៏ល្អ‌​ដែល​ចែក​ចាយ​ព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់ (១សល ៤,​​​១០) ដើម្បីកសាង​​​ព្រះ​​​កាយទាំងមូលក្នុងសេចក្ដី​ស្រឡាញ់ (អភ ៤,១៦)។ ដោយគ្រីស្តបរិស័ទម្នាក់ៗទទួលព្រះ​​​អំណោយទាន​​​​​​ទាំងនោះ​​​ សូម្បីតែព្រះអំណោយដ៏ទាប​ជាងគេក្ដី ក៏ម្នាក់ៗដែលផ្ញើជីវិតលើព្រះគ្រីស្តមានសិទ្ធិ និង​​​​​​​​​ភារកិច្ច​​​ប្រើព្រះអំណោយទាំងនេះក្នុង​​​ព្រះសហគមន៍ និងក្នុងពិភពលោកដើម្បី​ជា​ប្រយោជន៍ដល់​​​មនុស្សលោក និង​​​ដើម្បីកសាង​​​ព្រះសហគមន៍។ គេ​​​មានសេរីភាពមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែល​ព្រះអង្គផ្លុំទៅទិសណាក៏បានតាម​​​​​​ព្រះ​​​ហឫទ័យព្រះអង្គ (យហ ៣,៨)​​​។ គេក៏រួបរួមជាមួយបងប្អូនក្នុងអង្គព្រះគ្រីស្ត ហើយ​ជាពិសេស ដោយរួម​​​ជា​​​មួយ​​​​​​​​​អស់​​​គង្វាលរបស់ខ្លួន គឺគង្វាល​​​ទាំង​​​នោះហើយដែលមានភារកិច្ចរិះគិតពិចារណាអំពី​​​ព្រះ​​​​អំណោយ​ទានទាំងនោះ​​​ដើម្បី​​​​​​​​​ឱ្យដឹង​​​ថា​​​ តើជាព្រះអំណោយទានពិតប្រាកដឬក៏អត់។ អស់លោកក៏ត្រូវរិះ​គិត​ពិចារណា​​​​អំពី​​​របៀប​​​ប្រើ​​​អំណោយ​​​ទាន​​​​​​​​​នោះ​​​យ៉ាង​​​ត្រឹមត្រូវ​ទៀត​ផង។ អស់លោកមានភារកិច្ចពិចារណា​មើល​​គ្រប់​ការ​ទាំង​​​​​​អស់​‌ ហើយ​ស្រង់​យក​ការ​​​ណា​​​​ដែល​ល្អ មិនត្រូវរារាំងសកម្មភាព​របស់ព្រះវិញ្ញាណ​ឡើយ​ (១ថស ៥,១២.១៩.២១; ពន្លឺ​​​១២)។

​​​៤- អំពីការរស់នៅតាមព្រះវិញ្ញាណក្នុងកិច្ចការជាគ្រីស្តទូត

ព្រះបិតាចាត់ព្រះបុត្រាឱ្យយាងមក។ ព្រះបុត្រាជាប្រភព និងជាដើមកំណើតនៃកិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង​ក្នុង​​​​ព្រះសហគមន៍។ ហេតុនេះសរឱ្យដឹងជាក់ច្បាស់ថា កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតាបានផលផ្លែ ​លុះ​​​ត្រាតែ គេ​រួបរួមជាមួយព្រះគ្រីស្តជាប្រភពនៃជីវិតតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា «អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅ​ជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាច​​​ធ្វើអ្វីកើត​​​ឡើយ» (យហ ១៥,៥)។ គ្រីស្តបរិស័ទរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះគ្រីស្ត ក្នុងព្រះសហគមន៍ ដោយ​​​ទទួល​​​ទាន​​​អាហារ​​​ផ្សេងៗ​​​​​​ខាង​​​ព្រះវិញ្ញាណ ជាអាហាររួមរប​​​ស់គ្រីស្តបរិស័ទទាំងអស់ ជាពិសេស ដោយរួ​​​ម​​​ចំណែកយ៉ាង​សកម្មក្នុងពិធី​​​គោរព​​​​​​ប្រណិប័តន៍ (ពិធី ១១)​​​។​ ពេលគ្រីស្តបរិស័ទធម្មតា​​​បំពេញ​ការងារ​លោកីយ៍យ៉ាងត្រឹមត្រូវ តាមសភាពការណ៍​​​នៃ​​​​​​ការ​​​​​​រស់នៅ​​​របស់​​​គេ គេត្រូវប្រើអាហារទាំងនោះដើម្បីជៀសវាងមិន​ឱ្យបំបែកការរួបរួមជាមួយព្រះ​​​គ្រីស្ត​​​នោះ​​​ ពីការ​​​រស់​​​នៅ​​​​​​ធម្មតា​​​​​​របស់​​​គេ​​​ឡើយ។ ផ្ទុយទៅវិញ គេត្រូវរួបរួម​ជាមួយព្រះអង្គកាន់តែ​ជិតស្និទ្ធឡើងៗ​​​ ដោយប្រព្រឹត្តកិច្ចការ​​​របស់​​​ខ្លួន​​​តាម​​​ព្រះហឫទ័យ​​​របស់ព្រះជាម្ចាស់។ ធ្វើ​​​​​​​ដូច្នេះ ទើបគ្រីស្តបរិស័ទធម្មតា​កាន់តែ​វិសុទ្ធ​ឡើងៗ ដោយ​​​ចិត្ត​​​ក្លៀវ​​​ក្លា​​​ និងដោយមានអំណរ​​​សប្បាយ ​ទាំងខិត​​​ខំពុះពារការលំបាកប្រចាំថ្ងៃក្នុងជីវភាពរស់នៅ ជាការលំបាកដែលជៀស​​​ផុតមិ​​​នបាន ដោយប្រុង​​​ប្រយ័ត្ន និងដោយចិត្តព្យាយាម​​​ខន្តី​​​ (ពន្លឺ ៣២ និង ​​​៤០-​​​៤១)​។ ទាំងកង្វល់ប្រចាំក្រុម​​​គ្រួសារ​​​ ទាំងកិច្ចការ​​​ខាង​​​លោកីយ៍ ត្រវភ្ជាប់នឹងជីវិត​ខាងព្រះ​​​វិញ្ញាណ​​​របស់គេ ស្របតាមគ្រីស្តទូតប៉ូលដែលចែងថា៖ «បង​​​ប្អូនធ្វើ‌ការអ្វីក៏ដោយ ទោះ​​​ជាពាក្យសម្តី ឬកិច្ចការក្ដី ត្រូវធ្វើទាំង​​​អស់​​​ក្នុង​​​ព្រះ​​​នាម​​​ព្រះអម្ចាស់យេស៊ូគ្រីស្ត​ ទាំង​​​អរ​​​ព្រះ​​​គុណ​​​ព្រះជាម្ចាស់ជា​​​ព្រះ​​​បិតា ដោយសារព្រះអង្គផង» (កូឡ ៣,១៧)។

អ្នកចង់រស់នៅតាមបែបនេះ ត្រូវតែផ្ញើជីវិតលើព្រះគ្រីស្តជានិច្ច ត្រូវមានចិត្តសង្ឃឹម ​និងមានចិត្តស្រឡាញ់ជា​​​ដរាប។ មានតែពន្លឺនៃជំនឿ និងការនឹកសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ដែលអាចនាំ​​​ឱ្យ​​​មនុស្ស​​​ទ​​​ទួល​​​ស្គាល់​ព្រះជាម្ចាស់ជានិច្ច និងនៅគ្រប់ទីកន្លែង «ដ្បិតយើងមានជីវិត ‌មានចលនា និងមានភាវៈជា​​​មនុស្សដោយ​​​សារព្រះអង្គ» (កក ១៧,២៨)។ ដូច្នេះ យើងអាចស្វែងរកព្រះហឫទ័យ​​​របស់ព្រះអង្គក្នុង​​​គ្រប់​​​​​​កិច្ចការ ​ហើយ​​​ក៏​​​អាច​​​រកឃើញព្រះគ្រីស្តក្នុងមនុស្សទាំងអស់ ទាំងនៅក្នុងអ្នកជិត ទាំងនៅក្នុងអ្នកឆ្ងាយដែរ។ យើង​​​អាច​​​វិនិច្ឆ័យ​​​​​​ពិចារណា​​​​​​យ៉ាងត្រឹ​​​មត្រូវអំពី​​​អត្ថន័យដ៏ពិតប្រាកដ និងអំពីតម្លៃនៃកិច្ចការលោកីយ៍ ទាំង​យល់គិត​​​ដល់​​​ទិស​​​​​​ដៅនៃ​​​ជីវិត​​​មនុស្ស​​​ទៀតផង។

អស់អ្នកដែលមានជំនឿបែបនេះពិតជារស់នៅដោយមានចិត្តសង្ឃឹមថា នឹងបានឃើញព្រះជាម្ចាស់សម្តែង​សិរីរុង​​​​​​​​​រឿង​​​​នៃបុត្រធីតារបស់ព្រះអង្គ ទាំងនឹកដល់​ព្រះអម្ចាស់​យេស៊ូសោយទិវង្គតនៅលើឈើឆ្កាង និងមានព្រះ​​​ជន្ម​​​ថ្មី​​​ដ៏​​​រុង​​​រឿង។

គ្រីស្តបរិស័ទរស់នៅក្នុងលោកនេះប្រៀបដូចជាធ្វើបូជនីយេសក៍ម្យ៉ាង។ គ្រីស្តបរិស័ទធម្មតារួមជាមួយព្រះគ្រីស្ត​​​លាក់ទុក​​​ក្នុងព្រះ​​​ជាម្ចាស់ គេរួចពីការធ្វើទាសករនៃចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ តែខិតខំស្វះស្វែងរកសម្បត្តិ​សួគ៌ដែលនៅ​​​ស្ថិត​​​​​​ស្ថេរអស់កល្បជានិច្ច។ ដូច្នេះ គ្រីស្តបរិស័ទធម្មតាមានចិត្តទូលំទូលាយ ខំប្រឹងប្រែងអស់ពីសមត្ថភាព ​លាត​សន្ធឹង​ព្រះ​​​រាជ្យ​​​រ​​​បស់ព្រះជាម្ចាស់ គឺគេណែនាំកិច្ចការលោកីយ៍ ​និងធ្វើឱ្យកិច្ចការទាំងនោះបានពេញលក្ខណៈតាមគោលគំនិត​​​គ្រីស្ត​​​សាសនា។ ពេលគេប្រឈមមុខនឹងការលំបាកក្នុងការរស់នៅ ​គេយកសេចក្តី​​​ក្លាហានពីសេចក្ដី​​​សង្ឃឹម​​​ដោយ​​​យល់​​​​​​ឃើញ​​​ថា‌‌៖ «ទុក្ខលំបាកនាបច្ចុប្បន្នកាល‌ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់នឹង​​​សម្ដែង​​​​​​ឱ្យយើង​​​ឃើញ​​​​នៅអនាគត​កាល​នោះបានឡើយ» (រម ៨,១៨)។

គ្រីស្តបរិស័ទធម្មតាប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់‌ ជាពិសេស‌ ចំពោះបងប្អូនរួមជំនឿ ដោយមាន​​​សេចក្ដី​​​ស្រឡាញ់មកពីព្រះជាម្ចាស់ជំរុញ (កាឡ ៦,១០) គេ «លះបង់ការអាក្រក់គ្រប់យ៉ាងចេញ លះបង់ល្បិច​​​កិច្ចកល​​​ទាំងប៉ុន្មាន‌ ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោល» (១សល ​​​២,១)​​​។ ធ្វើដូច្នេះ គេមុខជាទាញមនុស្សទាំងអស់មករកព្រះគ្រីស្ត។​ ប៉ុន្តែ «ព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យ​​​ស្រឡាញ់​​​របស់ព្រះអង្គក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង» (រម ៥,៥)។ ព្រះហឫទ័យ​​​ស្រឡាញ់​​​នោះ​​​​ប្រោសឱ្យគ្រីស្តបរិស័ទ​ធម្មតាអាចសម្តែងគំនិតស្របតាមព្រះបន្ទូលស្តីអំពីសុភមង្គលដ៏ពិតប្រាកដក្នុង​​​ការ​​​រស់​​​នៅ​​​របស់គេ។ ​នៅពេលគេខ្វះខាត គេមិនធ្លាក់​​​ទឹកចិត្តទេ ព្រោះគេដើរតាមព្រះយេស៊ូដែលដាក់ខ្លួនជាអ្នកក្រីក្រ។ ​ពេល​​​គេ​​​មានបរិបូរណ៍ហូរហៀរ គេមិនអួតខ្លួនទេ។ ដោយគេយកតម្រាប់តាមព្រះគ្រីស្តជាមនុស្សសុភាពរាបសា គេ​​​មិន​​​អួតបំប៉ោងយ៉ាងឥតបានការ (កាឡ ៥,២៦)។ ផ្ទុយទៅវិញ គេខិតខំឱ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ជា​​​ជាង​​​គាប់​​​ចិត្តមនុស្សលោក គេប្រុងប្រៀបខ្លួនជានិច្ចនឹងលះបង់អ្វីៗទាំងអស់ព្រោះតែព្រះគ្រីស្ត (លក ១៤,២៦) និង​​​សុខ​​​ចិត្ត​​​​​​ទទួលការប្រៀតបៀនព្រោះតែសេចក្ដីសុចរិត (មថ ៥,១០) ទាំងនឹកចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ថា «បើ​​​អ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ» (មថ ១៦,​​​២៤)។ គេមានចិត្តស្រឡាញ់‌រាប់អានគ្នាបែបគ្រីស្តបរិស័ទ គឺជួយគ្នាទៅវិញទៅមកតាមតម្រូវការនៅគ្រប់ពេលវេលា។

របៀបគ្រីស្តបរិស័ទធម្មតារស់នៅតាមព្រះវិញ្ញាណនេះ ត្រូវមានលក្ខណៈពិសេសតាមសភាពការណ៍​នៃការ​​​រស់​​​នៅ​​​​​​របស់​​​គេម្នាក់ៗ គឺអ្នកខ្លះរស់នៅក្នុងឋានៈជាគូស្វាមីភរិយា និងមានក្រុម​​​គ្រួសារ អ្នកខ្លះនៅលីវជាស្រីមេម៉ាយ ឬជា​​​ពោះ​​​ម៉ាយ ជាអ្នកមានជំងឺ។ល។ របៀបគ្រីស្តបរិស័ទធម្មតារស់នៅតាមព្រះវិញ្ញាណ​​​ក៏មានលក្ខណៈពិសេស​​​តាម​​​អាជីវកម្ម​​​របស់​​​គេម្នាក់ៗ និងតាមសកម្មភាពរបស់គេក្នុងសង្គមដែរ។ ម្នាក់ៗត្រូវតែធ្វើឱ្យទេពកោសល្យ ​និងព្រះ​​​អំណោយទាន​​​​ដែលខ្លួន​​​បាន​​​ទទួលចម្រើនឡើងជាលំដាប់ ជាពិសេស ត្រូវពង្រឹងទេពកោសល្យ និងអំណោយទាន​ដែល​​​សម្របតាម​សភាពការណ៍​​​​​​​នៃការរស់នៅរបស់ខ្លួន ហើយក៏ត្រូវប្រើអំណោយទាននៃព្រះវិញ្ញាណ​​​ដ៏វិសុទ្ធរបស់​​​ខ្លួន​​​ផ្ទាល់​​​ទៀតផង។

មិនតែប៉ុណ្ណោះ មានគ្រីស្តបរិស័ទធម្មតាខ្លះតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅគេយ៉ាងពិសេស ហើយ​​​ចូល​​​រួម​​​​​​ក្នុងសមាគម ឬក្នុងគ្រឹះស្ថានដែលព្រះសហគមន៍​​​ទទួល​​​ស្គាល់​​​​ជា​ផ្លូវការ។ គ្រីស្តបរិស័ទទាំងនោះត្រូវតែ​​​ខិតខំ​​​ប្រតិបត្តិតាមលក្ខណៈពិសេសនៃការរស់នៅ​​​ ស្របតាមការរស់នៅតាមព្រះវិញ្ញាណ​​​របស់​​​សមាគម ឬគ្រឹះស្ថានរបស់​​​ខ្លួន។

សូមគ្រីស្តបរិស័ទធម្មតាចូលចិត្តជាខ្លាំងនូវសមត្ថភាពខាងអាជីវកម្ម គំនិតស្រឡាញ់ក្រុមគ្រួសារ និងសង្គម​ ព្រម​​​ទាំង​​​ស្រឡាញ់ព្រហ្មវិហាធម៌ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងសង្គម គឺមិនគៃបន្លំ មានបំណងចង់រកយុត្តិធម៌​ មាន​​​​​​ចិត្ត​​​​​​​​​​​​ទៀងត្រង់ យោគយល់ដល់អ្នកដទៃមានចិត្តក្លាហាននឹងន។ ប្រសិនបើគ្មានព្រហ្មវិហារធម៌ទាំងនោះទេ ​គ្មាន​​​នរ​​​ណា​​​អាចរស់នៅ​ក្នុងឋានៈជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដបានឡើយ។

ព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមហាក្សត្រីយានីនៃក្រុមគ្រីស្តទូត ធ្វើជាគំរូដ៏ពេញលក្ខណៈអំពីការរស់នៅតាម​ព្រះ​​​វិញ្ញាណបែបនេះ និងពិតជាគំរូអំពីការរស់នៅជាគ្រីស្តទូតផងដែរ។ នៅពេលព្រះនាងរស់នៅលើផែនដីនេះ នាងរស់នៅ​តាមរបៀប​​​​រស់នៅរបស់មនុស្សទាំងអស់ គឺមានធ្វើការនៅផ្ទះ ធ្វើការនឿយហត់ក្នុងក្រុមគ្រួសារ តែនាង​​​ម៉ារីនៅតែរួបរួមយ៉ាងជិតស្និទ្ធ​ជាមួយព្រះបុត្រាជានិច្ច។ នាងក៏រួមសហការក្នុងកិច្ចការរបស់ព្រះសង្រ្គោះ តាម​​​របៀប​​​ប្លែកពីគេទាំងអស់។ ឥឡូវ ព្រះនាងនៅស្ថានបរមសុខ។ «ដោយនាងមានចិត្តស្រឡាញ់ទុកជាម្តាយ នាង​​​ចាប់​​​​​​អារម្មណ៍នឹង​​​បង​​​ប្អូន​​​​​​​​​​នៃ​ព្រះបុត្រា​របស់នាងដែលមិន​​​ទាន់ធ្វើដំណើរ​​​​​​ផុត​ពីផែនដីនេះនៅឡើយ ហើយដែល​​​​​​នៅ​​​តែ​​​ប្រឈម​​​មុខ​​គ្រោះ​កាច និង​​​ទុក្ខ​​​លំបាក​​​ផ្សេងៗជាច្រើនទម្រាំទៅ​​​ដល់​​​មាតុភូមិ​​​ដ៏សែនសុខសាន្ត» (ពន្លឺ ៦២.​​​៦៥)​​​​។ គ្រីស្តបរិស័ទទាំង​​​អស់​​​ត្រូវគោរពនាងម៉ារីយ៉ាងពិតប្រាកដ និងផ្ញើទាំងជីវិតគេ ទាំងមុខងាររបស់គេ​​​ជា​​​គ្រីស្តទូត ឱ្យនាងម៉ារី​​​ដែល​​​ស្រឡាញ់គេក្នុងឋានៈជាមាតា។

ជំពូក ២
គោលដៅនៃអ្នកបំពេញកិច្ចការជាគ្រីស្តទូត

៥- អារម្ភកថា

ព្រះគ្រីស្តសង្គ្រោះមនុស្សលោក។ ប៉ុន្តែ កិច្ចសង្គ្រោះនេះក៏សំដៅលើអ្វីៗទាំងអស់ដែលនៅក្នុងលោក​​​ឱ្យ​​​បាន​​​​​​ប្រែជាថ្មីដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍មិនគ្រាន់តែ​​​ទទួលបេសកកម្មនាំសាររបស់ព្រះគ្រីស្ត និង​​​នាំ​​​ព្រះ​​​ហឫទ័យ​​​ប្រណី​​​សន្តោសរបស់ព្រះអង្គប៉ុណ្ណោះទេ​​ តែ​ព្រះសហគមន៍ទទួលបេសកកម្មនាំគំនិតស្របតាម​​​ដំណឹង​​​ល្អ​​​​​​ឱ្យ​​​ជ្រាប​​​ចូលក្នុងអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក និងធ្វើឱ្យអ្វីៗទាំងនោះបានពេញលក្ខណៈដែរ។ គ្រីស្តបរិស័ទ​​​​​​ធម្មតា​​​​​​​​​បំពេញបេសកកម្ម​នៃព្រះ​សហគមន៍នេះ គឺពិតជាគ្រីស្តទូតនៅ​​​ក្នុងព្រះសហគមន៍​​​ផង និងនៅក្នុង​​​ពិភពលោក​​​ផង​​​ ទាំងខាង​​​ផ្លូវវិញ្ញាណផង ទាំងខាងផ្លូវលោកីយ៍ផងដែរ។ ទោះបីផ្លូវខាង​​​វិញ្ញាណ ​​​និងផ្លូវ​​​លោកីយ៍​​​ប្លែកពី​​​គ្នាក្តី ក៏ផ្លូវទាំងពីរនោះ ភ្ជាប់​​​ជាមួយ​​​គ្នាតាម​​​​​​គម្រោងការតែមួយគត់របស់​​​ព្រះជាម្ចាស់ដែរ​​​ គឺ​​​ព្រះ​​​អង្គសព្វព្រះហឫទ័យ​​​លើក​​​​​​យក​​​​​​ពិភព​​​លោក​​​ទាំងមូលសាជាថ្មី​​​ក្នុងអង្គព្រះគ្រីស្ត ដើម្បីឱ្យពិភពលោកនេះកើតជាថ្មី ចាប់តាំងពីពេលនៅលើ​​​ផែន​​​​​​ដី​​​នេះទៅ ទម្រាំបានពេញលក្ខណៈ​​​នៅថ្ងៃចុង​​​ក្រោយ​​​បំផុត។ គ្រីស្តបរិស័ទធម្មតាជាសមាជិកនៃ​​​ប្រជារាស្រ្ត​​​របស់ព្រះជា​​​ម្ចាស់​​​ផង និងជាសមាជិកនៃសង្គមមនុស្សផង តែមានមនសិការតែមួយ ជាមនសិការតាមជំនឿ​​​គ្រីស្តសាសនា។ មនសិការនេះត្រូវតែណែនាំគេក្នុងវិស័យទាំងពីរនេះជានិច្ច។

៦- មុខងារជាគ្រីស្តទូតមានគោលដៅនាំដំណឹងល្អ និងប្រោសមនុស្សឱ្យបានវិសុទ្ធ

ព្រះសហគមន៍ទទួលបេសកកម្មសង្គ្រោះមនុស្សលោក។ មនុស្សទទួលការសង្គ្រោះនេះ​​​ដោយផ្ញើជីវិតលើព្រះគ្រីស្ត និងដោយព្រះអង្គប្រណីសន្តោសដល់គេ។ ហេតុនេះ ព្រះសហគមន៍ និងគ្រីស្តបរិស័ទទាំង​​​អស់បំពេញ​​​មុខងារ​​​ជា​​​គ្រីស្តទូត មុនដំបូង​​​ ត្រូវប្រកាសសាររបស់ព្រះគ្រីស្តឱ្យមនុស្សទាំងអស់ស្តាប់ឮ។ ​​​គេត្រូវប្រកាសសារនេះដោយ​​​ពាក្យ​​​សម្តី​​​ ​​​និង​​​ដោយ​​​ប្រព្រឹត្តកិច្ចការ​​​ គេក៏ត្រូវចែកប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ​​​អង្គ​​​ឱ្យ​​​អ្នកដទៃ​​​ទៀត​​​ផង។ គេ​​បំពេញ​​​កិច្ចការ​​​នេះជាពិសេស​​​ដោយមុខងារបម្រើព្រះបន្ទូល និងដោយធ្វើអគ្គសញ្ញាជូនគេ​​​។ ព្រះ​​​ស​​​ហគមន៍​​​បានផ្ញើមុខងារនេះយ៉ាងពិសេសទៅក្រុម​​​គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាតែងតាំង ក៏ប៉ុន្តែ គ្រីស្តបរិស័ទ​​​ធម្មតាក៏មានតួនាទីផ្ទាល់ដែល​​​មាន​​​សារៈ​​​សំខាន់ជាទីបំផុត គឺតួនាទីនោះផ្តល់ឱ្យគេទៅជា «សហការីនៃសេចក្តីពិត» (៣យហ ៨)។ តួនាទីរបស់​​​អស់​​​លោក​​​ដែលទទួល​មុខងារឃ្វាលណែនាំព្រះសហគមន៍ និង​​​តួនាទី​​​របស់គ្រីស្តបរិស័ទ​​​ធម្មតា​​​បង្គ្រប់គ្នា​​​ទៅវិញទៅមកយ៉ាង​​​ពិសេសក្នុងករណីនេះ។

គ្រីស្តបរិស័ទធម្មតាមានឱកាសជាច្រើនឥតគណនា អាចបំពេញកិច្ចការជាគ្រីស្តទូតដោយនាំដំណឹងល្អ​ និង​​​ប្រោស​​​​​​ឱ្យមនុស្សបានវិសុទ្ធ។​​​ គ្រីស្តបរិស័ទផ្តល់សក្ខីភាព​​តាមការរស់នៅបែបជាគ្រីស្តបរិស័ទ ហើយដោយ​​​កិច្ចការ​​​ដែល​​​​​​គេ​​​ប្រព្រឹត្ត ទាំង​មានចិត្តគំនិតអំពីលោកខាងលើ។ សក្ខីភាពទាំងពីរនោះពិតជាមាន​​​កម្លាំង​​​យ៉ាងខ្លាំងអាច​​​ទាក់​​​ទាញ​​​​​​ចិត្ត​​​​​​មនុស្សមកកាន់​ជំនឿ និងមករកព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់មានព្រះ​​​បន្ទូលថា៖ «ចូរ​ឱ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បំភ្លឺ​មនុស្សទាំង​ឡាយ​។ គេនឹង​ឃើញ​អំពើ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រ​ព្រឹត្ត ហើយ​លើក​តម្កើង​សិរី​រុង​រឿង​ព្រះ​បិតា​របស់​អ្នក​រាល់​​​គ្នាដែលគង់​នៅ​ស្ថាន​បរម​សុខ» (មថ​​​ ៥,១៦)។

គ្រីស្តបរិស័ទបំពេញកិច្ចការជាគ្រីស្តទូតមិនគ្រាន់តែដោយផ្តល់សក្ខីភាពប៉ុណ្ណោះទេ តែគ្រីស្តទូតដ៏ពិត​​​ប្រាកដឆ្លៀតយក​​​គ្រប់ឱកាសសម្រាប់ប្រកាសអំពីព្រះគ្រីស្ត ដោយមានប្រសាសន៍ គឺមានប្រសាន៍ទៅកាន់អ្នក​​​គ្មានជំនឿ ដើម្បីជួ​​​យគេ​​​ឱ្យធ្វើ​ដំណើរទៅកាន់ជំនឿ ព្រមទាំងមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទ ដើម្បីប​​​ង្រៀន​​​​​​គេ ពង្រឹងជំនឿរបស់គេ ដាស់តឿន​គេឱ្យស្រឡាញ់ព្រះគ្រីស្តកាន់តែខ្លាំងឡើងៗផងដែរ «ដ្បិតព្រះហឫទ័យស្រឡាញ់​​​របស់ព្រះគ្រីស្តជំរុញយើង» (២ករ​​​ ៥,១៤)​។ គ្រីស្តទូតប៉ូលមាន​​​ប្រសាសន៍ថា៖ «ប្រសិន​បើខ្ញុំ​មិន​ប្រកាស​ដំណឹងល្អ​ទេ​ សូម​ឱ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!» (១ករ ៩,១៦)។ សេចក្តីនេះត្រូវលាន់ឮក្នុង​​​ចិត្តគំនិតរបស់គ្រីស្តបរិស័ទទាំងអស់។‌​

នាសម័យបច្ចុប្បន្នមានសំណួរថ្មីជាច្រើនចោទឡើង ហើយក៏មានការផ្សព្វផ្សាយសេចក្តីខុសជាទម្ងន់ដែល​​​មាន​​​ទិសដៅចង់កម្ចេចបំផ្លាញសាសនាដល់ឫស ចង់បំផ្លាញរបៀបរៀបរយខាងសីលធម៌​​​ ព្រមទាំងចង់បំផ្លាញសង្គម​​​មនុស្សផងដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតសូមដាស់តឿនគ្រីស្តបរិស័ទធម្មតាយ៉ាងខ្លាំង សូម​​​ឱ្យ​​​ម្នាក់ៗ​​​​​​រួមចំណែកកាន់តែសកម្ម​​​ក្នុងការរិះគិតយ៉ាងជ្រៅអំពីគោលការណ៍នៃគ្រីស្តសាសនា ឱ្យបានស្របតាម​​​គោល​​​គំនិត​​​នៃព្រះសហគមន៍ គឺម្នាក់ៗ​​​ត្រូវធ្វើតាមទេពកោសល្យ​ និងតាម​ការអប់រំរបស់ខ្លួនខាងលទ្ធិនៃគ្រីស្តសាសនា។ សូម​​​ឱ្យ​​​គេ​​​រួម​​​ការ​​​ពារគោលការណ៍ទាំងនោះ ព្រម​​​ទាំង​​​អនុវត្តតាមឱ្យបានសមស្របតាមបញ្ហានា​​​សម័យ​​​ឥឡូវ។

៧- ត្រូវប្រែមនុស្សលោកីយ៍ឱ្យបានថ្មីតាមគោលគំនិតគ្រីស្តបរិស័ទ

ព្រះជាម្ចាស់មានគម្រោងការអំពីពិភពលោកដូចតទៅ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សលោកសុខចិត្ត​​​រួម គ្នា​​​កសាងពិភពលោក និងនាំឱ្យពិភពលោកកាន់តែប្រសើរឡើងៗ។ អ្វីៗដែលហៅថា «ពិភពលោក» មាន​​​ដូច​​​ត​​​ទៅ គឺ​​​សម្បត្តិដែលពាក់ព័ន្ធនឹងជីវិតនិងក្រុមគ្រួសារ វប្បធម៌ កិច្ចការខាងសេដ្ឋកិច្ច អាជីវកម្ម និងមុខងារគ្រឹះស្ថាន​​​​​​​​​នៃសមាគម​នយោបាយ ទំនាក់ទំនងអន្តរជាតិ និងកិច្ចការផ្សេងៗទៀតស្រដៀងគ្នា ការអភិវឌ្ឍន៍ និងការចម្រើន​​​ឡើង​​​​​​នៃអ្វីៗទាំងនោះ។ អ្វីៗទាំងនោះមានតម្លៃដោយខ្លួនឯងផ្ទាល់ ព្រោះព្រះជាម្ចាស់បានដាក់តម្លៃនេះនៅក្នុងខ្លួន​​​អ្វីៗទាំងនោះផ្ទាល់មិនគ្រាន់តែមានតម្លៃទុកជា​មធ្យោបាយ ដែលពាក់ព័ន្ធ​​​នឹងទិសដៅបំផុតរបស់​​​មនុស្ស​​​​​​ប៉ុណ្ណោះ​​ទេ។​ ទោះបីយើង​​​រាប់អ្វីៗនីមួយៗផ្ទាល់ក្តី ឬរាប់អ្វីៗទាំងនោះទុកជាចំណែកក្នុងពិភពលោកទាំងមូលក្តី ​ក៏ «ព្រះ​​​ជាម្ចាស់​​​​​​ទត​​​ឃើញ​​​អ្វីៗទាំងអស់​ដែល​ព្រះអង្គបាន​ប្រតិស្ឋាន​មក​ ទ្រង់ឈ្វេងយល់ថា​ ល្អ​ប្រសើរបំផុតហើយ» (កណ ១,៣១)។​​​​​​ អ្វីទាំងនោះកើតមកល្អស្រាប់ហើយ តែអ្វីទាំងនោះ​ទទួលតម្លៃដ៏ថ្លៃថ្នូរយ៉ាងពិសេស ដោយមាន​​​ទំនាក់ទំនង​​​ជាមួយ​​​មនុស្ស គឺព្រះអង្គប្រតិស្ឋានអ្វីទាំងនោះដើម្បីបម្រើមនុស្ស។ ព្រះអង្គក៏​​​សព្វព្រះហឫទ័យ​​​ប្រមែ​​​ប្រមូលអ្វីៗ​​​ទាំង​​​អស់ ​​​ទោះ​​​នៅក្នុងពិភពលោកក្តី ទាំងអ្វីៗហួសពីពិភពលោកនេះក្តី ឱ្យរួប​​​រួមជា​​​អង្គភាព​​​តែមួយក្នុងអង្គព្រះគ្រីស្ត «ដើម្បី​​​ឱ្យ​​​ព្រះ​​​​​​អង្គធ្វើ​ជា​ប្រមុខ‌​ក្នុង​គ្រប់​វិស័យ​ទាំងអស់» (កូឡ ១,១៨)។

ដោយ​​​ព្រះ​​​ជាម្ចាស់កំណត់ទិសដៅនេះ ព្រះអង្គមិនបណ្តោយឱ្យអ្វីៗទាំងអស់ក្នុងពិភពលោកបាត់បង់ស្វ័យភាពទេ ឬ​​​បាត់បង់ទិសដៅ និងបទដ្ឋា​​​នរបស់ខ្លួន​​​ ឬបាត់បង់មធ្យោបាយ និងសារៈសំខាន់របស់ខ្លួនដើម្បីជា​​​ប្រយោជន៍​​​ដល់​​​​​​មនុស្ស​​​​​​​​​លោកទេ តែផ្ទុយ​ទៅវិញ ព្រះអង្គប្រោសឱ្យអ្វីៗទាំងនោះមានកម្លាំង និងមានតម្លៃផ្ទាល់​​​កាន់តែ​​​ខ្លំាង និងកាន់តែ​​​ពេញ​​​លក្ខណៈឡើងៗ។ នៅពេល​ជាមួយ​គ្នានេះ ព្រះអង្គលើកអ្វីៗទាំងនោះ​​​ឱ្យមានកម្រិតខ្ពស់​​​ស្មើនឹង​​​ទិស​​​ដៅកំណត់​​​ទាំងស្រុង​​​របស់​​​មនុស្សនៅលើផែនដីនេះ។

តាមប្រវត្តិសាស្ត្រ របៀបមនុស្សប្រើប្រាស់អ្វីៗក្នុងលោកនេះបណ្តាលឱ្យគេវង្វេងធ្វើផ្តេសផ្តាស​​​ជាទម្ងន់។ ដោយសារអំពើបាបខាងដើមដំបូង មនុស្សពិតជាវង្វេងលែងស្គាល់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ជាញឹកញាប់​​​គេក៏វង្វេង​​​អំពីសភាព​​​​​​របស់ខ្លួនជាមនុស្ស និងអំពីគោលការណ៍នៃសីលធម៌ជាច្រើនដង។ ហេតុនេះហើយ ​​​បានជា​​​កិរិយា​​​មារយាទ និងអ្វីៗដែល​​​មនុស្សតែងតាំងត្រូវបាត់គុណភាព ហើយគេមើលងាយ មើលបុគ្គលម្នាក់ៗ​​​​ទៀតដែរ។ នា​​​សម័យ​​​ឥឡូវក៏មានមនុស្សខ្លះសំអាងហួស​ហេតុលើ​ការចម្រើននៃវិទ្យាសាស្រ្ត និង​​​លើការចម្រើននៃ​​​បច្ចេកទេស ក៏​​​ដូច​​​ជាបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំអ្វីៗក្នុងលោកនេះ​ទុកជា​ព្រះរបស់ខ្លួន។ គេត្រឡប់ទៅ​​​ជាទាសករ​​​នៃអ្វីៗក្នុង​​​លោក​​​​​​នោះ គឺគេលែងធ្វើជាម្ចាស់លើអ្វីៗទាំងនោះទៀតហើយ។

ព្រះសហគមន៍ទាំងមូល​​​មាន​​​ភារកិច្ច​​​ជួយមនុស្សលោកឱ្យមានសមត្ថភាព​​​អាចកសាងពិភពលោក ដើម្បីឱ្យពិភព​​​​​​​​​លោកនេះមានរបៀប​រៀបរយ​​​យ៉ាងល្អ តម្រង់ទៅរកព្រះជាម្ចាស់ដោយសារ​​​ព្រះ​​​គ្រីស្ត​​​។ អស់​​​លោកគង្វាល​​​មាន​​​​​​​​​​​​​ភារកិច្ច​ពន្យល់យ៉ាងច្បាស់នូវគោលការណ៍​​​ស្តីអំពីទិសនៃសត្វលោកទាំងអស់ និង​​​អំពី​​​ការ​​​ប្រើ​​​​​​ប្រាស់​​​អ្វីៗក្នុង​​​លោក​​​នេះ។ អស់លោកក៏នាំជំនួយ​ខាងវិញ្ញាណ និង​​​ខាងសីលធម៌ ដើម្បីឱ្យព្រះគ្រីស្តប្រែ​​​អ្វីៗទាំង​​​​​​អស់ក្នុង​ពិភព​​​លោក​​​នេះ​​​ឱ្យបានជាថ្មី។

គ្រីស្តបរិស័ទធម្មតា​​​ត្រូវចាត់ទុកថា ភារកិច្ចប្រែពិភពលោកឱ្យបានជាថ្មី ជាភារកិច្ចរបស់ខ្លួនគេផ្ទាល់។ ពួកគេ​​​ត្រូវ​​​សម្រេច​​​ចិត្ត​​​យ៉ាងជាក់ច្បាស់បំពេញភារកិច្ចនោះ ដោយមានពន្លឺនៃដំណឹងល្អបំភ្លឺចិត្តគំនិត ​និងដោយមានគោល​​​គំនិត​​​នៃព្រះ​​​សហគមន៍​​​​​​​​​ណែនាំ ព្រមទាំងដោយមានសេចក្តីស្រឡាញ់ជំរុញទៀតដែរ។ គ្រីស្តបរិស័ទ​​​ធម្មតាក្នុ​​​ងនាម ខ្លួន​​​ជាប្រជាពលរដ្ឋនៃលោកនេះ ត្រូវរួមសហការជាមួយប្រជាពលរដ្ឋឯទៀតៗ តាមសមត្ថភាពពិសេសរបស់ខ្លួនផ្ទាល់​​​។​​​ គេ​​​ទទួលខុសត្រូវខ្លួនឯង និងស្វែងរកសេចក្តីសុចរិតនៃព្រះរាជ្យរបស់ព្រះជាម្ចាស់​​​ក្នុងគ្រប់កិច្ចការ និងនៅគ្រប់​​​ទី​​​កន្លែង​​​។​​​ ត្រូវប្រែរបៀប​​​រៀប​​​​​​រយនៃពិភពលោកឱ្យ​​​បាន​​​ជាថ្មី ដើម្បីឱ្យពិភពលោកនេះ​​​កាន់តែ​​​ស្របតាមគោល​​​ការណ៍​​​ដ៏​​​ខ្ពង់ខ្ពស់​​​បំផុតនៃ​ការរស់នៅជាគ្រីស្តបរិស័ទ និងឱ្យ​​​បានសម្រប​​​តាមការរស់នៅប្លែកៗពីគ្នាតាមស្រុកនីមួយៗ តាម​​​កាលៈទេសៈ និងតាមប្រជា​ជាតិនានាផង។ ប៉ុន្តែ ត្រូវប្រែរបៀបរៀបរយនៃពិភពលោក​​​ដោយគោរពបទដ្ឋាន​​​ និង​​​ស្រប​​​តាមបទដ្ឋាន​​​នៃពិភពលោកនេះ។ ក្នុងចំណោមកិច្ចការជាគ្រីស្តទូតទាំងនោះ​​​​​​​ កិច្ចការខាងសង្គមកិច្ច​​​តាម​​​គ្រីស្តសាសនា​​​​​​សំខាន់​​​​​​ជាងគេ។​​​ មហាសន្និបាតមានបំណងចង់ឱ្យគ្រីស្តបរិស័ទធម្មតា​​​លាតសន្ធឹងកិច្ចការ​​​ខាង​​​សង្គមកិច្ច​​​នេះក្នុង​​​គ្រប់វិស័យ​​​នៃពិភពលោក ដោយ​មិន​បំភ្លេចវិស័យវប្បធម៌ទៀតផង។

៨- កិច្ចការមនុស្សធម៌ ​​​គឺជាកិច្ចការរបស់គ្រីស្តបរិស័ទជាគ្រីស្តទូត

សេចក្តីស្រឡាញ់ពិតជាប្រភព និងជាកម្លាំងរបស់កិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង។ ព្រះគ្រីស្តទ្រង់សព្វ​​​ព្រះ​​​ហឫទ័យ​​​​​​ឱ្យកិច្ចការ​ខ្លះទៅជាសញ្ញាសម្គាល់បញ្ជាក់អំពីបេសកកម្មរបស់ព្រះអង្គក្នុងឋានៈជាព្រះគ្រីស្ត (មថ ១១,៤-៥) ព្រោះកិច្ចការខ្លះបញ្ជាក់យ៉ាងជាក់ច្បាស់​​​អំពីសេចក្តីស្រឡាញ់នោះ។

ក្នុងធម្មវិន័យទាំងមូល វិន័យដ៏សំខាន់ជាងគេមានចែងដូចតទៅ គឺត្រូវស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តគំនិត និង​​​ស្រឡាញ់អ្នកដទៃឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ (មថ ២២,៣៧-៤០)។ ព្រះគ្រីស្តបានលើកវិន័យស្តីអំពីសេចក្តីស្រឡាញ់ចំពោះអ្នកដទៃនោះ ទុកជាវិន័យផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គក៏បានប្រទានឱ្យវិន័យនោះ​មានអត្ថន័យថ្មី ដោយ​​​ព្រះអង្គជាមនុស្សពិតប្រាកដ ដូចមនុស្សឯទៀតជាបងប្អូនទាំងមានព្រះបន្ទូលថា៖ «គ្រប់ពេល​ដែល​​​អ្នក​​​រាល់​​​​គ្នា​ប្រព្រឹត្ត​អំពើ​អ្វីចំពោះ​អ្នក​តូច​តាច​ជាង​គេ​បំផុត​ម្នាក់ ​ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ» (មថ ២៥,៤០)។ ដោយព្រះគ្រីស្តប្រសូតជាមនុស្ស ព្រះអង្គក៏​​​រួប​​​រួមជាមួយមនុស្សលោកទាំង​​​មូល ទាំង​​​រួម​​​សាមគ្គីជាមួយគេយ៉ាងអស្ចារ្យហួសពីសាមគី្គធម្មតារវាងមនុស្ស និងមនុស្ស និងបង្រួបបង្រួម​​​គេឱ្យ​​​ទៅ​​​ជាមហាគ្រួសារ​​​តែមួយ។ ព្រះអង្គក៏មានព្រះបន្ទូលលើកសេចក្តីស្រឡាញ់​​​ទុកជា​​​លក្ខណៈផ្ទាល់របស់សាវ័កថា៖ «បើអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក‌‌ មនុស្សទាំងអស់មុខ​​​ជានឹងដឹងថា អ្នករាល់គ្នាពិតជា​សាវ័ករបស់ខ្ញុំមែន» (យហ ១៣,៣៥)។​

នៅខាងដើមដំបូង ព្រះសហគមន៍បានភ្ជាប់ «ពិធីជប់លៀងដោយសេចក្តីស្រឡាញ់» ជាមួយនឹងពិធីអរព្រះ​​​គុណ​​​។ ដោយភ្ជាប់​ពិធីទាំង​ពីរដូច្នេះ ព្រះសហគមន៍មានបំណងបញ្ជាក់ថា ព្រះសហគមន៍ទាំងមូលរួបរួមគ្នានៅ​​​ជុំវិញ​​​​​​ព្រះ​​​គ្រីស្ត​​​ដោយមានសេចក្តី​ស្រឡាញ់​​ជាចំណង។ យ៉ាងណាមិញនៅគ្រប់សម័យ ព្រះសហគមន៍ក៏បង្ហាញខ្លួន​​​ឱ្យ​​​​​​មនុស្ស​​​លោក​​​​​​ស្គាល់ ដោសារអគ្គសញ្ញាអរព្រះគុណនោះ ជា​​​សញ្ញានៃសេចក្តី​ស្រឡាញ់​​​​​​។ ទោះបីព្រះ​​​សហគមន៍​​​​​​មាន​​​​​​អំណរ​​​​​ដោយទទួលស្គាល់ថា អ្នកដទៃក៏ធ្វើអំពើល្អប្រកបដោយ​​​សេចក្តី​​​ស្រឡាញ់​​​ដែរ ក៏ព្រះសហគមន៍រាប់ថា អំពើ​​​តាម​​​មនុស្សធម៌ទុកជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួនផ្ទាល់ និង​​​ចាត់ទុកការប្រព្រឹត្តអំពើតាម​​​មនុស្សធម៌​​​នោះជាសិទ្ធិ​របស់ខ្លួន ដែលបំបាត់មិនបាន។ ហេតុនេះហើយ បានជាព្រះសហគមន៍តែងតែគោរពលើកតម្កើង​​​យ៉ាងពិសេសបំផុតនូវ​​​កិច្ចការប្រកបដោយមេត្តាករុណាចំពោះជនក្រីក្រ និងជន​​​ទន់​​​ខ្សោយនូវគ្រប់កិច្ចការដែលហៅថា៖ “កិច្ចការប្រកបដោយ​​​សេចក្តី​​​ស្រឡាញ់” និងការជួយគ្នាទៅវិញទៅមក​​​ ដើម្បីសម្រាលទុក្ខគ្រប់យ៉ាងរបស់​​​មនុស្សលោកផង។

សព្វថ្ងៃ​​​ សកម្មភាព និងកិច្ចការប្រកបដោយមនុស្សធម៌ទាំងនោះ ក៏កាន់តែមានសារៈសំខាន់។ យើងក៏ត្រូវ​​​ចាប់​​​អាម្មណ៍ដល់ពិភពលោកទាំងមូល ដ្បិតមធ្យោបាយទូរគមនាគមន៍កាន់តែស្រួល និងកាន់តែលឿនធ្វើឱ្យមនុស្សទាំង​​​អស់​​​ហាក់​​​ដូចជាជិតគ្នា មនុស្សដែលរស់នៅក្នុងពិភពលោកទាំងមូល ក៏ដូចជាត្រឡប់ទៅជាក្រុមគ្រួសារ​​​តែមួយ​​​រួច​​​ហើយ​​​។ កិច្ចការនៃសេចក្តី​ស្រឡាញ់​អាច (នឹងត្រូវ​​​) ទៅកាន់មនុស្សទាំងអស់​​​ និង​​​ដល់​​​អស់ជន​​​រងគ្រោះ។ គ្រីស្តបរិស័ទ​​​​​​​​​​​​ដែលមានចិត្តស្រឡាញ់ត្រូវស្វែងរក (និងរកឱ្យ​ឃើញ) មនុស្សនៅ​​​គ្រប់ទីកន្លែង​​​ដែល​​​រងទុក្ខដោយខ្វះ​​​ស្បៀង​​​​​​អាហារ​​​ ខ្វះទឹកពិសា ខ្វះសម្លៀកបំពាក់ ខ្វះថ្នាំសង្កូវ ខ្វះការរៀនសូត្រ ខ្វះមធ្យោបាយរស់នៅ​​​ឱ្យបាន​​​សម​​​នឹង​​​ឋានៈ​​​របស់ខ្លួនជាមនុស្ស។ គ្រីស្តបរិស័ទត្រូវស្វែងរក (និងរក​ឃើញ) អស់អ្នក​​​ដែលត្រូវគ្រោះកាច​​​​​​ផ្សេងៗ អស់​​​អ្នកដែលមាន​​​ជំងឺ អស់អ្នកដែលត្រូវគេនិរ​​​ទេស ឬត្រូវគេចាប់ឃុំឃាំង។ល។ ត្រូវយកចិត្តទុកដាក់​លើកទឹកចិត្តគេ និង​​​ជួយ​​​សម្រាលទុក្ខគេ​​​ដោយផ្តល់​​​ជំនួយស្របតាមទុក្ខរបស់គេ។ ជាដំបូង ភារកិច្ចនេះជាភាកិច្ចរបស់មនុស្ស និងប្រជា​​​ជនដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។

ត្រូវរាប់អ្នកដទៃទុកជារូបតំណាងរបស់ព្រះជាម្ចាស់ គឺព្រះអង្គបានប្រតិស្ឋានគេឱ្យបានដូចព្រះអង្គ ​ហើយ​​ត្រូវយល់​ឃើញថា អ្នកដទៃនោះពិតជាព្រះគ្រីស្តជាអម្ចាស់នៃយើង។ តាមពិត អ្វីៗទាំង​​​អស់​​ដែល​​​យើង​​​ជូនទៅអ្នកក្រីក្រ គឺយើងថ្វាយចំពោះព្រះគ្រីស្ត​​​ជាអម្ចាស់​​​នៃយើងដែរ។ ត្រូវគោរពសេរីភាព និង​​​តម្លៃ​​​ដ៏​​​ថ្លៃថ្នូររបស់អ្នកដែលខ្លួនជួយនោះ​​​ដោយ​​​​ចិត្ត​ប្រុងប្រយ័ត្ន និង​​​ដោយរិះគិតពិចារណា។ ត្រូវមានចិត្តទៀងត្រង់ ​​មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ឬមិន​​​មានបំណង​​​ចង់​ធ្វើ​ជាម្ចាស់លើគេ។ ត្រូវបំពេញសេចក្តីត្រូវការ​​​តាម​​​យុត្តិធម៌ជាមុនសិន ក្រែងលោយើងជូនអ្វីៗ​​​ទុកជា​​​អំណោយមកពី​សេចក្តី​ស្រឡាញ់ តែតាមពិតជាអ្វី​​​ដែលគេត្រូវការឱ្យគេតាមយុត្តិធម៌។ សូមបំបាត់​​​មូលហេតុដែល​​​បណ្តាល​​​ឱ្យមា​​​នទុក្ខលំបាក កុំបំបាត់តែលទ្ធផល​នៃមូលហេតុ​​​ទាំង​​​នោះប៉ុណ្ណោះ។ សូមចាត់ចែងជំនួយ​​​ឱ្យមានរបៀប​​​រៀបរ​​​យ ដើម្បី​​​ឱ្យអ្នកទទួលជំនួយទាំងនោះ​​​បាន​​​រួច​​​ផុតពីចំណងចំពោះអ្នកដទៃ និងមានលទ្ធភាពអាចទប់ទល់ដោយ​​​ខ្លួនឯងបាន។ ធ្វើដូច្នេះ ទើបគ្មាននរណាអាចរិះគន់កិច្ចប្រព្រឹត្តតាមសេចក្តីស្រឡាញ់នោះទាល់តែសោះ និងគេយល់គ្រប់គ្នាថា កិច្ចការទាំងនោះពិតជាកើតមកពីសេចក្តីស្រឡាញ់។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាត្រូវរាប់រកកិច្ចការប្រកបដោយសេចក្តីស្រឡាញ់ទុកជាមានតម្លៃយ៉ាងខ្លាំង និងត្រូវជួយធ្វើកិច្ចការទាំងនោះតាមសមត្ថភាពរបស់ខ្លួន។ ​ត្រូវយកចិត្តទុកដាក់​​​ជាខ្លាំងចំពោះ​​​កិច្ចការដែល​​​គេ​​​ចាប់​​​ផ្តើមធ្វើ​​​សម្រាប់​​​ជួយក្នុង​​​សង្គម ទោះជា​​​កិច្ចការរបស់បុគ្គលក្តី​​​ ឬជាកិច្ចការសាធារណៈក្តី ដោយមិនបំភ្លេច​​​កិច្ចការអន្តរ​​​ជាតិ​​​ទេ។ ដោយជំនួយអន្តរជាតិទាំងនោះគ្រីស្តបរិស័ទអាចជួយមនុស្ស និងប្រជាជនទាំង​​​អស់​​​ដែលកំពុង​​​តែ​​​រងទុក្ខលំបាកយ៉ាង​សកម្ម។ ក្នុងកិច្ចការទាំងនេះ សូមឱ្យ​​​គ្រីស្តបរិស័ទរួម​​​សហការជាមួយអស់មនុស្សដែលមាន​ឆន្ទៈ​ល្អ។

ជំពូក ៣
វិស័យនានាសម្រាប់បំពេញកិច្ចការជាគ្រីស្តទូត

៩- អារម្ភកថា

គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតរបស់ខ្លួនតាមបែបជាច្រើនទាំងនៅក្នុងព្រះ​​​សហគមន៍ ​ទាំង​​​នៅ​​​ក្នុង​​​​ពិភពលោក​​​។ ក្នុងវិស័យទាំងពីរនោះ គេអាចបំពេញកិច្ចការ​​​ជាគ្រីស្តទូត​​​តាម​​​របៀបផ្សេងៗពីគ្នា។ ​ឥឡូវ យើង​​​សូម​​​រម្លឹក​​​គ្រីស្តបរិស័ទអំពី​​​វិស័យសំខាន់ៗដែលមានដូចតទៅ៖ សហគមន៍គ្រីស្តបរិស័ទ ក្រុមគ្រួសារ យុវជនយុវនារី ក្រុម​​​តាមវណ្ណៈ​​​ក្នុងសង្គម​​​ វិស័យជាតិ និង​​​អន្តរជាតិ។ សព្វថ្ងៃ ស្រ្តីៗមាន​​​សកម្មភាព​​​កាន់តែខ្លាំងឡើ​​​ងក្នុងគ្រប់វិស័យ​​​នៃការរស់នៅក្នុង​​​សង្គម។ ហេតុនេះ ត្រូវ​​​ឱ្យស្រ្តី​​​ៗទទួលចំណែកកាន់តែខ្លាំងឡើងៗក្នុងវិស័យទាំងអស់​​​នៃកិច្ចការជា​​​គ្រីស្តទូតរបស់ព្រះ​​​សហគមន៍​​​។ ការរួម​ចំណែក​នេះមានសារៈសំខាន់ខ្លាំងណាស់។

១០- វិស័យសហគមន៍របស់គ្រីស្តបរិស័ទ

គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ ហេតុនេះ គេបំពេញចំណែកមុខងារយ៉ាងសកម្មក្នុងការរស់នៅ និងក្នុងសកម្មភាពនៃព្រះសហគមន៍។​ គេមានសកម្មភាពជាចំាបាច់​​​ក្នុងសហគមន៍គ្រីស្តបរិស័ទ។ ប្រសិនបើគ្រីស្តបរិស័ទធម្មតាគ្មានសកម្មភាពទេ អស់លោកគង្វាលធ្វើកិច្ច​​​ការ​​​​​​របស់ខ្លួនក្នុង​​​ឋានៈ​​​ជា​គ្រីស្តទូតដោយពំុបានលទ្ធផលយ៉ាងពេញលេញឡើយ។ កាលពីដើម មានបុរស និងស្រ្តី​​​តែង​​​តែ​​​ជួយ​គ្រីស្តទូតប៉ូលក្នុងកិច្ចប្រកាស​​​ដំណឹង​​​ល្អ (កក ១៨,១៨-២៦; ​​​រម ១៦,៣)។​​​ យ៉ាងណាមិញ គ្រីស្តបរិស័ទ​​​ធម្មតាដែល​មានឆន្ទៈជាគ្រីស្តទូត​​​យ៉ាងពិតប្រាកដក៏ជួយបងប្អូន លើកទឹកចិត្ត​​​អស់លោកគង្វាល ទាំងសមាជិក​​​ឯទៀតៗនៃ​ប្រជារាស្រ្តដែល​​​ផ្ញើជីវិតលើព្រះជាម្ចាស់ (១ករ ១៦,១៧-១៨)។ គ្រីស្តបរិស័ទធម្មតា​​​ចិញ្ចឹមជីវិតរបស់ខ្លួនតាមព្រះ​​​វិញ្ញាណ ដោយរួមយ៉ាងសកម្មក្នុងពិធី​​​គោរពប្រណិប័តន៍នៃសហគមន៍របស់ខ្លួន។ គេយក​​​ចិត្តទុកដាក់នឹងកិច្ចការ​​​ជា​​​គ្រីស្តទូត​​​របស់​​​សហគមន៍នោះ។ គេក៏នាំផ្លូវមនុស្សដែលប្រហែលស្ថិត​​​នៅឆ្ងាយពីព្រះសហគមន៍ឱ្យមករកព្រះ​​​សហគមន៍​​​វិញ។ គេយក​​​ចិត្តទុកដាក់រួមសហការ​យ៉ាងខ្លាំងក្នុងការប្រកាសផ្សាយព្រះ​​​បន្ទូលរបស់ព្រះជាម្ចាស់ ជា​​​ពិសេស​​​ ដោយ​​​អប់រំជំនឿក្មេងៗ។ គេយកសមត្ថភាពរបស់​ខ្លួនមក​ធ្វើ​ឱ្យមុខងារបម្រើ​​​ព្រះសហគមន៍ និងការចាត់ចែង​​​ទ្រព្យ​​​សម្បត្តិរបស់ព្រះ​​​សហគមន៍​​កាន់​​​តែមានប្រសិទ្ធភាពឡើងៗផង។

ភូមិគ្រីស្តបរិស័ទពិតជាឧទាហរណ៍មួយយ៉ាងអស្ចារ្យអំពីកិច្ចការជាគ្រីស្តទូតរួម ដ្បិតក្នុងភូមិគ្រីស្តបរិស័ទនោះ មនុស្សប្លែកៗ​​​​ពីគ្នារួបរួមគ្នាជាធ្លុងតែមួយ និងចូលរួមក្នុងព្រះសហគមន៍សកល។ សូមឱ្យគ្រីស្តបរិស័ទធម្មតាមាន​​​ទម្លាប់​​​រួម​​​សហការ​​​យ៉ាងជិតស្និទ្ធជាមួយអស់លោកគង្វាលរបស់ខ្លួន លើកយកបញ្ហារបស់ខ្លួនផ្ទាល់ និងបញ្ហា​​​របស់​​​មនុស្ស​​​​​​លោក ​​​ព្រមទាំង​សំណួរ​អំពី​ការសង្គ្រោះមនុស្សលោកនាំមកឱ្យព្រះសហគមន៍ពិនិត្យមើល និងរក​​​ដំណោះ​​​ស្រាយ ទាំងគិតគូរដល់យោបល់​​​របស់គ្រីស្ត​បរិស័ទ​ទាំងអស់។ គេរួមសហការតាមលទ្ធភាពរបស់​​​គេក្នុងគ្រប់កិច្ចការ​​​ជា​​​គ្រីស្តទូត ​និងគ្រប់កិច្ចប្រកាស​​​ដំណឹងល្អរបស់ព្រះសហគមន៍ជាក្រុមគ្រួសាររបស់គេ។

គ្រីស្តបរិស័ទធម្មតាត្រូវពង្រឹងចិត្តគំនិតស្រឡាញ់ភូមិភាគរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើងៗ ព្រោះថា​ ព្រះសហគមន៍​តាម​ភូមិនានា​​​ដូចជា​​​កោសិការនៃភូមិភាគ។ គេប្រុងខ្លួនតបឆ្លើយនឹងអភិបាលរបស់ខ្លួន​​​ឱ្យរួម​​​សហការ​​​នឹង​​​កិច្ចការ​​​ដែលភូមិភាគ​ចាត់ចែង។ ម៉្យាងទៀត គេត្រូវខិតខំតបឆ្លើយនឹងសេចក្ដីត្រូវការរបស់ប្រជាជនដែលរស់នៅក្នុងទីក្រុង ​និង​​​នៅ​តាម​ជបទ ដោយ​​​មិនគ្រាន់តែរួមសហការត្រឹមតែ​​​ភូមិ ឬភូមិ​​​ភាគ​​​ប៉ុណ្ណោះទេ តែខិតខំពង្រីក​​​ការរួមសហការ​​​របស់​​​គេទៅ​​​សហការអន្តរភូមិ អន្តរ​ភូមិ​​​ភាគ ហើយរហូតទៅដល់កម្រិតជាតិ និងអន្តរជាតិ។ សព្វថ្ងៃ ដោយ​​​ប្រជាជន​​​កាន់តែផ្លាស់​​​ប្តូរ​​​ទី​​​លំនៅ​​​ជា​​​និច្ច មានចំណង​​នានាទៅ​​​វិញ​​​ទៅមកកើតកាន់តែច្រើនឡើង ទូរគមនាគមន៍កាន់តែស្រួល​​​ទៅៗ មិន​​​បណ្តោយឱ្យក្រុម​​​មួយក្នុងសង្គម​​​អាចរស់នៅដោយ​ឯកឯង មិនគិតដល់ក្រុមឯទៀតៗបានទេ។ ​​​គ្រីស្តបរិស័ទ​​​ធម្មតា​​​ត្រូវ​​​យ​​​កចិត្តទុកដាក់នឹង​​​សេចក្ដីទាមទាររបស់ប្រជារាស្រ្ត​ព្រះ​ជាម្ចាស់ដែលខ្ចាត់ខ្ចាយនៅលើផែនដីទាំង​​​មូល ​​ជា​​​ពិសេស ​​​​​​គេយ​​​កចិត្តទុកដាក់​​​នឹង​​​កិច្ចជួយព្រះសហគមន៍​នៅ​ប្រទេស​ដែលមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត គឺជួយជាសម្ភារៈ​​​ ឬជា​​​បុគ្គល។ គ្រីស្តបរិស័ទមានភារកិច្ច និងកិត្តិយសសងព្រះជាមា្ចស់នូវទ្រព្យសម្បត្តិ​​​មួយចំណែក​​​ដែល​​​គេ​​​បានទទួល​​​ពីព្រះអង្គ។

១១- ក្រុមគ្រួសារ

ព្រះអាទិករបានលើកសហគមន៍នៃគូស្វាមីភរិយាធ្វើជាប្រភព និងជាគ្រឹះនៃសង្គមមនុស្ស។ ព្រះអង្គក៏ប្រោស​​​ប្រណី​​​ឱ្យ​​​គូស្វាមី​​​ភរិយាសម្តែងគម្រោងការដ៏អស្ចារ្យ ដែលមានអត្ថន័យជ្រៅបំផុតអំពីព្រះគ្រីស្ត និងអំពីព្រះសហគមន៍​​​ (អភ ៥,២២)។ ហេតុ​​​នេះ កិច្ចការជាគ្រីស្តទូត​​​របស់គូស្វាមីភរិយា និងរបស់ក្រុមគ្រួសារមានសារៈសំខាន់​​​យ៉ាង​​​ពិសេស​​​សម្រាប់ព្រះសហគមន៍ និងសម្រាប់សង្គមទូទៅ។

គូស្វាមីភរិយាពិតជាសហការីរបស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងជាសាក្សីអំពី​​​ជំនឿ​​​​​​ចំពោះគូ​របស់​ខ្លួន ចំពោះកូន និងចំពោះសមាជិកឯទៀតៗក្នុងក្រុមគ្រួសាររបស់គេដែរ។ គេបញ្ជូនបន្តជំនឿដល់កូន​របស់​ខ្លួនមុន​​​គេ និងអប់រំជំនឿនេះឱ្យកូនមុនគេដែរ។ គេអប់រំកូនៗដោយបង្រៀន និងដោយធ្វើជាគំរូតាមការរស់​​​នៅបែប​ជាគ្រីស្ត​បរិស័ទ និង​ជាគ្រីស្តទូតដែរ។ ពេលកូនៗជ្រើសរើសរបៀបរស់នៅតាមព្រះជាម្ចាស់ត្រាស់ហៅ​ គេជួយ​​​ទូន្មាន​​​កូនៗ​ដោយ​ប្រាជ្ញា។ ​ប្រសិនបើគេយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅឱ្យកូនទៅជាបូជាចារ្យ ​​​គេជួយកូន​​​ឱ្យថ្វាយខ្លួនជាបូជាចារ្យ ឬ​​​ជា​​​បព្វជិត។

តាំងពីដើមរៀងមក ហើយជាពិសេសសព្វថ្ងៃ គូស្វាមីភរិយាមានភារកិច្ចធ្វើជាគ្រីស្តទូតយ៉ាងសំខាន់ជាងគេ​ គឺ​​​បង្ហាញ​បញ្ជាក់ដោយការ​​​រស់នៅ​​​ទាំងស្រុងរបស់គេថា គូស្វាមីភរិយាមិនអាចបំបាក់បំបែកគ្នាបានឡើយ ហើយ​​​ចំណងនៃ​​​អាពាហ៍​ពិពាហ៍រវាងគូស្វាមីភរិយាពិតជាចំណងដ៏វិសុទ្ធផង។ គេមានភារកិច្ចប្រកាសយ៉ាងខ្លាំងដាច់អហង្ការថា ​ឪពុក​​​ម្តាយ និង​​​អាណា​ព្យាបាល​មានសិទ្ធិ និងភារកិច្ចអប់រំកូនៗតាមបែបជាគ្រីស្តបរិស័ទ​​​។​​​ គេមានភារកិច្ចការពារ​​​តម្លៃ​​​ដ៏ថ្លៃថ្នូរ និងស្វ័យភាពដ៏ត្រឹមត្រូវ​នៃក្រុមគ្រួសារ។ ហេតុនេះហើយ បានជាគូស្វាមីភរិយា និងគ្រីស្តបរិស័ទទាំងអស់​​​ត្រូវ​​​តែ​​​រួមសហការជាមួយមនុស្ស​ដែល​មាន​ឆន្ទៈល្អ ដើម្បីឱ្យច្បាប់សង្គមការពារ​​​សិទិ្ធទាំងនោះយ៉ាងពេញលេញ។ សូម​​​រដ្ឋអំណាចដែលគ្រប់គ្រង​​​ប្រទេសនីមួយៗទទួល​ស្គាល់សេចក្តីទាមទាររបស់ក្រុមគ្រួសារ​​​អំពីសិទ្ធិ ឱ្យគេមានផ្ទះ​​​សម្បែង​​​ សិទ្ធិ​​​​​​​​​​​​ក្នុងការអប់រំកូន សិទ្ធិទាមទារសភាពការណ៍ការងារដ៏ល្អ សិទ្ធិទាមទារសុវត្ថិភាពក្នុងសង្គម និងសិទ្ធិ​​​ពិនិត្យមើលការ​​​​​​​​​កំណត់​​​ពន្ធ​​​ដារ​​​​​​តាមយុត្តិធម៌។ នៅពេល​​​ប្រជាជន​​​ផ្លាស់ប្តូរទីលំនៅ រដ្ឋអំណាចត្រូវគោរពយ៉ាង​​​ពេញ​​​លេញនូវសិទ្ធឱ្យក្រុម​​​គ្រួសារ​​​​​​រួម​​​រស់ជាមួយគ្នា។

ព្រះជាម្ចាស់បានប្រទានឱ្យក្រុមគ្រួសារមានបេសកកម្មឱ្យទៅជាកោសិកាដែលផ្តល់ជីវិតដើមដំបូង​ដល់​​​សង្គម​​​។ ក្រុម​​​គ្រួសារអាចបំពេញបេសកកម្មនេះ​​​បាន លុះត្រាតែសមាជិកក្រុមគ្រួសារគោរព និងស្រឡាញ់ព្រះជាម្ចាស់ ​រួម​​​គ្នា​​​អធិដ្ឋាន និង​​​​​​បង្ហាញខ្លួនទុកជាព្រះវិហាររបស់ព្រះសហគមន៍នៅក្នុងផ្ទះ។ ក្រុម​​​គ្រួសារអាចបំពេញបេសកកម្មនេះ​​​បាន លុះ​​​ត្រាតែសមាជិកក្រុមគ្រួសារទាំងអស់ចូលរួមក្នុងពិធីគោរពប្រណិប័តន៍នៃព្រះសហគមន៍។ នៅទីបញ្ចប់ ក្រុម​​​គ្រួសារ​​​អា​​​ចបំពេញបេសកកម្ម​​​នេះ​​​បាន លុះត្រាតែក្រុមគ្រួសារទទួលភ្ញៀវយ៉ាងសកម្ម ហើយខិតខំរកយុត្តិធម៌​​​ក្នុងសង្គម និង​​​បម្រើបងប្អូន​​​ទាំង​​​អស់​​​ដែលខ្វះ​ខាត។ ក្នុងចំណោមកិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានរបស់ក្រុមគ្រួសារ ត្រូវកំណត់​​​កិច្ចការពិសេសផ្សេងៗដូចតទៅ៖ ការទទួល​​​​កូន​​​ដែលត្រូវគេ​បោះបង់​ចោល ការទទួលជនបរទេស​​​ដោយរា​​​ក់ទាក់ ការ​​​ជួយធ្វើឱ្យសា​​​លារៀនមានដំណើរការយ៉ាងស្រួល ការទូន្មាន និងជួយកូនជំទង់ ការជួយគូរ​​​ដណឹ្តង​​​ឱ្យរៀប​​​ចំ​​​ខ្លួន​​​ទទួល​​​​​​អគ្គសញ្ញាអាពាហ៍ពិពាហ៍ ការអប់រំជំនឿក្មេងៗ ការលើកទឹក​​​ចិត្ត​​​គូស្វាមីភរិយា និងក្រុមគ្រួសារ​​​ដែល​​​ជួប​​​ឧបសគ្គ​​​ខាងសម្ភារៈ ឬខាងផ្លូវសីលធម៌ និងការជួយចាស់ជរាឱ្យទទួលផលដ៏ត្រឹមត្រូវ​​​នៃ​​​ការអភិវឌ្ឍន៍​​​សេដ្ឋកិច្ច ​​​គឺមនុស្សចាស់ជរាមិនគ្រាន់តែត្រូវ​មានអ្វីៗដែលខានមិនបានប៉ុណ្ណោះទេ តែគាត់ត្រូវទទួលផលដ៏ត្រឹមត្រូវ​​​នៃ​​​ការអភិវឌ្ឍន៍សេដ្ឋកិច្ចថែមទៀតផង។

ក្រុមគ្រួសារគ្រីស្តបរិស័ទត្រូវ​​​ផ្តល់សក្ខីភាពយ៉ាងថ្លៃថ្នូរបំផុតអំពីព្រះគ្រីស្តនៅចំពោះមុខមនុស្សលោក ​ដោយ​​​ភ្ជាប់​​​ចិត្ត​​​​នឹង​​​​ព្រះសហគមន៍ក្នុងការរស់នៅទាំងស្រុងរបស់គេ និងដោយបង្ហាញក្រុមគ្រួសារគ្រីស្តបរិស័ទទុកជាគំរូ។ ​គេត្រូវ​​​ផ្តល់សក្ខីភាព​​​បែប​​​នោះជានិច្ច និងនៅគ្រប់កន្លែង ជាពិសេស នៅតំបន់គេចាប់ផ្តើមផ្សព្វផ្សាយពូជដើមដំបូង​​​នៃដំណឹងល្អ និងនៅ​​​តំបន់​​ព្រះសហគមន៍ចាប់ផ្តើមកើតឡើង ព្រមទាំងនៅតំបន់ព្រះសហគមន៍ជួប​​​ប្រទះឧបសគ្គដ៏​​​ធ្ងន់​​​ធ្ងរ។

ប្រហែលក្រុមគ្រួសារជាច្រើនត្រូវរួបរួមគ្នាបង្កើតជាសមាគម ដើម្បីជួយគ្នាឱ្យទៅដល់គោលដៅនៃ​​​កិច្ចការ​​​គ្រីស្តទូត​​​របស់ខ្លួន។

១២- យុវជនយុវនារី

យុវជនយុវនារីពិតជាកម្លាំងដ៏មានសារៈសំខាន់ក្នុងសង្គមទំនើបយើងនេះ។ សភាពការណ៍រស់នៅរបស់គេ ទំនៀមទម្លាប់រិះគិតរបស់គេ ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្លួន សុទ្ធតែប្រែប្រួលទាំងស្រុងរួចហើយ។ ជា​​​ញឹកញាប់ ​ពួក​​​​​​គេបានទទួលមុខងារថ្មីក្នុងសង្គម និងខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ទោះបីពួកគេមានសារៈសំខាន់​​​កាន់​​​តែខ្លាំង​​​ឡើងៗជារៀងរាល់ថ្ងៃក្នុង​សង្គម និងខាងនយោបាយក្តី ក៏ពួកគេមិនសូវបានទទួលការអប់រំឱ្យផ្ទុកបន្ទុក​​​ថ្មី​​​ទាំង​​​នោះ​​​យ៉ាង​​​សមរម្យដែរ។

ដោយយុវជនយុវនារីមានសារៈសំខាន់កាន់តែខ្លាំងឡើងៗក្នុងសង្គមដូច្នេះ យុវជនយុវនារីក៏ត្រូវមាន​​​សកម្មភាព​​​​​​​​​ជា​​​គ្រីស្តទូត​​​កាន់តែខ្លាំងឡើងៗដែរ។ ធម្មជាតិក៏ជំរុញយុវជនឱ្យធ្វើដូច្នេះដែរ។ នៅពេលគេដឹងខ្លួនអំពី​​​បុគ្គលិក​​​លក្ខណៈ​​​របស់ខ្លួនផ្ទាល់ កម្លាំងនៃធម្មជាតិជំរុញគេឱ្យមានសកម្មភាពខ្លាំងហូរហៀរ ពេលនោះ គេទទួលខុស​​​ត្រូវ​​​ផ្ទាល់​​​ ហើយចង់​ទទួលចំណែកក្នុងជីវិតខាងសង្គម និងខាងវប្បធម៌​​​។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះគ្រីស្តជ្រួតជ្រាបក្នុងកម្លាំង​​​ពុះ​​​កញ្រោ្ជល​​​របស់គេនោះ ហើយប្រសិនបើគេមានចិត្តចង់ស្តាប់បង្គាប់ព្រះសហគមន៍ និងស្រឡាញ់ព្រះសហ​​​គមន៍​​​ផង គេមុខជានឹងអាចបង្កើតផលជាច្រើនដែលមានតម្លៃដ៏ថ្លៃថ្នូរ។ យុវជនយុវនារីត្រូវត្រឡប់ទៅជាគ្រីស្តទូត សម្រាប់យុវជនយុវនារីឯទៀតៗមុនគេ ព្រោះគេមាន​​​ទំនាក់ទំនងជាមួយយុវជនទាំងនោះ គេបំពេញកិច្ចការជាគ្រីស្តទូតដោយ​​​ខ្លួន​​​គេ និងទៅវិញ​​​ទៅ​​​មកស្របតាមវណ្ណៈក្នុងសង្គមដែលគេរស់នៅ។

មនុស្សពេញវ័យត្រូវយកចិត្តទុកដាក់និយាយសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយយុវជនយុវនារី។ ទោះបីមនុស្ស​​​ពេញ​​​​​​វ័យ​​​ និង​យុវជនយុវនារីមានអាយុខុសប្លែកគ្នាក៏ដោយ ក៏ការសន្ទនាទាំងនោះនាំ​​​ឱ្យគេស្គាល់គ្នាទៅវិញទៅមក ​និង​​​ចែក​​​​​​ចាយសម្បត្តិដ៏ថ្លៃថ្នូរខាងវិញ្ញាណរបស់ខ្លួនទៅវិញទៅមកដែរ។ មនុស្សពេញវ័យអាចជំរុញដាស់តឿនយុវជន​​​យុវនារី​​​ឱ្យទៅជាគ្រីស្ត​ទូត​បាន ជាពិសេស ដោយធ្វើជាគំរូឱ្យគេ។ ជួនកាលមនុស្សពេញវ័យនឹងផ្តល់យោបល់​​​ប្រកប​​​ដោយប្រាជ្ញា ​និង​​​ផ្តល់​​​ជំនួយប្រកបដោយប្រសិទ្ធភាព។ ចំពោះយុវជនយុវនារីវិញត្រូវតែគោរពមនុស្សពេញវ័យ ត្រូវទុកចិត្តលើគាត់។ ទោះបីតាម​​​ធម្មជាតិយុវជនយុវនារីមាន​​​បំណងចង់ប្រែ​​​អ្វីៗទាំងអស់ឱ្យបានជាថ្មីក្ដី ក៏យុវជន​​​យុវនារី​​​ត្រូវចេះគោរពប្រពៃណីឱ្យបានសមរម្យតាមការ​​​គួរដែរ។

ក្មេងៗត្រូវបំពេញ​សកម្មភាព​ជាគ្រីស្តទូតផ្ទាល់ដែរ។ គេ​​​ជា​​​សាក្សីដែលមានជីវិតរស់រវើកអំពីព្រះគ្រីស្តនៅក្នុង​​​ចំណោម​មិត្តសម្លាញ់ តាម​សមត្ថភាពរបស់គេរៀងៗខ្លួន។

១៣- វណ្ណៈនៅក្នុងសង្គម

អ្នកបំពេញកិច្ចការជាគ្រីស្តទូតក្នុងវណ្ណៈនៅក្នុងសង្គម តែងយកចិត្តទុកដាក់នាំគំនិតជាគ្រីស្តបរិស័ទឱ្យ​​​ជ្រាប​​​​​​ចូលក្នុងចិត្ត​​​គំនិត ក្នុងរបៀបរស់នៅ ក្នុងច្បាប់ និងក្នុងរចនាសម្ព័ន្ធសហគមន៍​ដែលម្នាក់ៗរស់នៅ។ គ្មាននរណា​​​អាច​​​​បំពេញ​កិច្ចការនេះឱ្យបានត្រឹមត្រូវជំនួសគ្រីស្តបរិស័ទធម្មតាទេ ព្រោះជាកិច្ចការរបស់គេផ្ទាល់តែម្តង។ ​គ្រីស្តបរិស័ទធម្មតា​អាច​​បំពេញកិច្ចការនេះបាននៅកន្លែងគេរស់នៅ គឺម្នាក់ៗទៅជាគ្រីស្តទូតសម្រាប់ម្នាក់ៗទៀត។ ​គេ​​​បន្ថែម​​​សក្ខីភាពនៃពាក្យសម្តីលើ​សក្ខីភាពនៃការរស់នៅ។ គេមានសមត្ថភាពអាចជួយបងប្អូនច្រើនជាងគេ​នៅ​​​កន្លែង​​​ធ្វើ​​​ការ នៅកន្លែងគេប្រកបអាជីវកម្ម នៅកន្លែងសិក្សា នៅកន្លែងគេមានទីលំនៅ នៅកន្លែងលេងលំហែ​កាយ ហើយ​​​នៅ​​​សហគមន៍ក្នុងភូមិទៀតផង។

គ្រីស្តបរិស័ទធម្មតាបំពេញបេសកកម្មនៃព្រះសហគមន៍ក្នុងលោកនេះ ជាពិសេស សម្តែងឱ្យមនុស្សលោក​ឃើញថា ​គេរស់នៅស្របនឹងជំនឿ គឺជំនឿលើព្រះគ្រីស្តនេះដែលផ្តល់ឱ្យគេទៅជាពន្លឺបំភ្លឺមនុស្សលោក។​ ដោយគេរស់នៅតាម​​​យុត្តិធម៌ក្នុង​គ្រប់​សកម្មភាព គេអាចដាស់មនុស្សម្នាក់ៗ​ឱ្យមានចិត្តស្រឡាញ់​ចំពោះអ្វីៗដ៏ពិត​ប្រាកដ និងអ្វីៗ​​​ដ៏ល្អ។ ដូច្នេះ គេ​​​ក៏​​​អាច​ជំរុញចិត្តមនុស្សឱ្យទៅកាន់ព្រះគ្រីស្ត និងឱ្យទៅកាន់ព្រះសហគមន៍​នៅថ្ងៃណា​មួយ​​ពុំខាន។ គេ​​​រស់​​​នៅ​​​ទាំងស្រឡាញ់អ្នកដទៃទុកជាបងប្អូន ជាហេតុបណា្តលឱ្យគេចែករំលែកសភាពការណ៍រស់នៅ​ និង​សភាពការណ៍​​ការងារ ចែករំលែកទុក្ខ​វេទនា​ និងសេចក្ដីប៉ងប្រាថ្នារបស់បងប្អូនទាំងនោះ។​ ធ្វើដូច្នេះ គេចាត់ចែងចិត្ត​គំនិតមនុស្សបន្តិចម្តងៗ ឱ្យទទួលព្រះជាម្ចាស់ដែលប្រោសប្រណីសង្គ្រោះ​គេ។ នៅទីបញ្ចប់ ដោយ​គេ​ដឹងខ្លួនយ៉ាង​ជាក់​ច្បាស់ អំពី​​​ការខុសត្រូវរបស់ខ្លួនផ្ទាល់ក្នុងការរស់ក្នុងសង្គម គេខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងក្រុមគ្រួសារ ​ក្នុង​សង្គម និងតាម​​​អាជីវកម្ម​​​ដោយចិត្តទូលំទូលាយបែបជាគ្រីស្តបរិស័ទ។ របៀបប្រព្រឹត្តនេះមុខជានឹង​ជ្រួត​ជ្រាបទៅដល់វណ្ណៈ​សង្គម​គេ​​​រស់​​​នៅ និងកន្លែងគេធ្វើការផង។

កិច្ចការជាគ្រីស្តទូតបែបនេះ សំដៅទៅលើមនុស្សទាំងអស់ ទោះជាមានចំនួនធំយ៉ាងណាក្ដី។ ​គ្មាន​​​នរ​​​ណា​​​មាន​​​​​​សិទ្ធិឃាត់មិនឱ្យមនុស្សណាទទួលសម្បត្តិខាងវិញ្ញាណ ឬខាងសម្ភារៈដែលគ្រីស្តទូតប្រគល់​ឱ្យគេនោះ​​​ឡើយ។ ប៉ុន្តែ អស់គ្រីស្តទូតដ៏ពិតប្រាកដមិនស្កប់ចិត្តដោយគ្រាន់តែបំពេញកិច្ចការនេះប៉ុណ្ណោះទេ គេត្រូវយក​​​ចិត្ត​​​ទុកដាក់​ប្រកាស​ព្រះ​​​គ្រីស្ត​ដោយនិយាយអំពីព្រះអង្គចំពោះអស់អ្នកដែលរស់នៅជុំវិញគេ។ មនុស្សជាច្រើនអាចទទួល​​​ដំណឹង​​​ល្អ​ និង​អាចទទួលស្គាល់ព្រះគ្រីស្តដោយសារតែគ្រីស្តបរិស័ទធម្មតាដែលរស់នៅជាមួយគ្នាប៉ុណ្ណោះ។

១៤- វិស័យជាតិ និងអន្តរជាតិ

កិច្ចការជាគ្រីស្តទូតតាមវិស័យជាតិ និងអន្តរជាតិធំទូលំទូលាយណាស់ ជាកន្លែងគ្រីស្តបរិស័ទធម្មតា​ចាត់​​​ចែង​​​​​​ប្រាជ្ញានៃគ្រីស្តសាសនាយ៉ាងពិសេស។ គ្រីស្តបរិស័ទ​កាតូលិក​ត្រូវដឹងខ្លួនថា ​គេមានភារកិច្ចពង្រឹង និង​ពង្រីក​ប្រយោជ​ន៍​​​រួម​ដ៏​​​ពិត​​​ប្រាកដដោយសុខចិត្ត​បម្រើជាតិ និងដោយបំពេញភារកិច្ចរបស់ខ្លួនជា​ប្រជាពលរដ្ឋ។ ដូច្នេះ គេ​​​អាច​​​នាំ​​​​​​រដ្ឋអំណាច​​​ឱ្យទទួលស្គាល់យោបល់របស់គេ និងប្រើអំណាចតាមយុត្តិធម៌ ហើយបង្កើតច្បាប់​ស្របតាម​​​សីលធម៌​​​ទាម​​​ទារនោះ និងតាមប្រយោជន៍រួមដែរ។ គ្រីស្តបរិស័ទ​កាតូលិកដែលមានសមត្ថភាព​អំពីនយោបាយ ហើយ​​​​​​ដែល​​​​​​​​​​​​មានជំនឿមាំមួន និងស្គាល់លទ្ធិនៃ​គ្រីស្តសាសនាយ៉ាងសមរម្យ កុំបដិសេធគ្រប់គ្រងកិច្ចការសាធារ​​​ណៈ​​​ឡើយ​​​។ ដោយគ្រប់គ្រងកិច្ចការសាធារណៈយ៉ាងល្អ គេអាចរួមសហការក្នុងកិច្ចរកប្រយោជន៍​រួម និងរៀបចំផ្លូវជូនដំណឹងល្អ​​​ទៀត​​​ផង។

គ្រីស្តបរិស័ទ​កាតូលិកត្រូវយកចិត្តទុកដាក់រួមសហការជាមួយមនុស្សទាំងអស់ដែលមានឆន្ទៈល្អ​ ដើម្បី​លើក​ស្ទួយ​​​​អ្វីៗដ៏ពិតប្រាកដ​ សុចរិត ​វិសុទ្ធ​ និងគួរឱ្យស្រឡាញ់ (ភីល ៤,៨)។ ត្រូវរួមសន្ទនាជាមួយអ្នកទាំងនោះទៅរកគេ​ដោយ​ប្រាជ្ញា និងដោយចិត្តធន់ទន់សុភាពរាបសា រកផ្លូវជួយកែច្នៃស្ថាប័នខាងសង្គម និងស្ថាប័នសាធារណៈ​ឱ្យកាន់​​​តែ​​​ប្រសើរ​​​ឡើងតាម​គោលគំនិតនៃដំណឹងល្អ។

ក្នុងចំណោមសញ្ញាសម្គាល់នៃសម័យឥឡូវ ត្រូវកំណត់សម្គាល់យ៉ាងពិសេសថា ប្រជាជននានាមាន​គំនិត​​​​​​ចង់​​​រួមសាមគ្គីគ្នា ជាគំនិតកាន់​​​តែ​​​ខ្លំាងឡើងៗដែលជៀសមិនបាន។ គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការ​​​ជា​​​គ្រីស្តទូត ​ត្រូវពង្រឹង​គោលគំនិតនេះ និងជួយកែប្រែឱ្យទៅជាបំណងយ៉ាងស្មោះ និងយ៉ាងសកម្មទៅបង្កើតសង្គម​​​ដែល​​​មនុស្ស​​​រាប់​​​​​​អាន​​​​​​គ្នាជា​​​បងប្អូនវិញ។ នៅទីបញ្ចប់ ​គ្រីស្ត​បរិស័ទ​ធម្មតា​​ត្រូវដឹងខ្លួនអំពីវិស័យអន្តរជាតិ អំពីសំណួរ និងដំណោះ​​​ស្រាយ​​​​​​ខាង​​​លទ្ធិ​​​នៃសាសនានានា​ដែលលេចឡើងថ្មីៗ ជាពិសេស ​ត្រូវចាប់អារម្មណ៍ចំពោះប្រជាជន​នានាដែលខិត​​​ខំឆ្ពោះទៅ​​​កាន់​​​ការ​​​អភិវឌ្ឍន៍ឡើង។

អស់អ្នកដែលធ្វើការនៅក្នុងចំណោមប្រជាជាតិបរទេស ឬដែលនាំជំនួយដល់​​​ប្រជាជាតិ​​​ទាំង​​​នោះ​​​ ត្រូវនឹក​​​ចង​​​ចាំ​​​ថា ទំនាក់ទំនងរវាង​​​ប្រជាជន​នានា ដូចជាការដោះដូរដ៏ពិតប្រាកដ ត្រូវរាប់គា្នទុកជាបងប្អូន គឺភាគីទាំងពីរផ្តល់​​​អ្វី​​​មួយ និងទ​​​ទួលអ្វីមួយទៅវិញទៅមកផង។ អស់អ្នកដែល​ធ្វើដំណើរទៅបរទេស ទោះជាក្នុងមូលហេតុការងារក្ដី ឬក្នុងមូលហេតុជា​​​ទេសចរក្ដី ក៏ត្រូវនឹកចងចាំថា នៅគ្រប់កន្លែងគេកំពុងធ្វើដំណើរទៅ គេក៏ជាទូតរបស់ព្រះគ្រីស្តដែរ និង​​​ត្រូវមានកិរិយា​​​មារយាទ​​​តាមឋានៈជាទូតរបស់ព្រះអង្គនេះ។

ជំពូក ៤
របៀបផ្សេងៗធ្វើជាគ្រីស្តទូត

១៥- អារម្ភកថា

គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតម្នាក់ៗក៏បាន ឬរួមក្នុងសហគមន៍ ​និងសមាគមផ្សេងៗក៏បាន​ដែរ​។

១៦- កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗមានសារៈសំខាន់ ហើយមានច្រើនបែប

គ្រីស្តបរិស័ទម្នាក់ៗត្រូវបំពេញកិច្ចការជាគ្រីស្តទូតដោយផ្ទាល់ខ្លួន គឺកិច្ចការនេះសុទ្ធតែហូរមកពីការរស់នៅជា​គ្រីស្តបរិស័ទ​យ៉ាង​ពិត​ប្រាកដ​ (យហ​ ៤,១៤)។ នេះជាដើមកំណើត និងជាលក្ខណៈនៃគ្រប់កិច្ចការជាគ្រីស្តទូតរបស់​​​គ្រីស្តបរិស័ទម្នាក់ៗ ឬនៃកិច្ចការរួមជាគ្រីស្តទូតរបស់ក្រុមគ្រីស្តបរិស័ទ។ គ្មានអ្វីអាចជំនួស​គោលការណ៍នេះ​​​បាន​​​ឡើយ។

កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗបានផលជានិច្ច ហើយនៅគ្រប់ទីកន្លែង។ ជួន​​​កាលក្នុងសភាពការណ៍ខ្លះ មានតែគ្រីស្តបរិស័ទម្នាក់ៗទេដែលអាចបំពេញកិច្ចការជាគ្រីស្តទូតនេះបាន។ ព្រះជាម្ចាស់​​​ត្រាស់​​​ហៅ​​​​​​គ្រីស្តបរិស័ទ​ធម្មតាទាំងអស់ ទោះគេរស់នៅតាមរបៀបណាក្តី ទោះបីគេគ្មាន​លទ្ធភាព​ចូលរួម​​​សហការ​​​ក្នុង​​​​​​ចលនាផ្សេងៗក្តី ក៏គេមានភារកិច្ចបំពេញកិច្ចការជាគ្រីស្តទូតនេះដែរ។

គ្រីស្តបរិស័ទ​ធម្មតាអាចរួមចំណែកជាច្រើនបែបច្រើនយ៉ាងក្នុងកិច្ចសាងសង់ព្រះសហគមន៍ និងនាំឱ្យមនុស្ស​លោក​​​បានវិសុទ្ធ ព្រមទាំង​ធ្វើឱ្យ​មនុស្ស​​លោកមានជីវិតរស់រវើកក្នុងអង្គព្រះគ្រីស្ត។

គ្រីស្តបរិស័ទ​ធម្មតាម្នាក់ៗបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងពិសេស ដោយផ្តល់សក្ខីភាពតាមការរស់នៅរបស់ខ្លួន​​​នៅគ្រប់ពេលវេលាដោយមានជំនឿ មានសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ណែនាំ។ សក្ខីភាពនេះ​​​ពិត​​​ជា​​​សញ្ញា​​​សម្គាល់​ស្របតាមសម័យ​យើងនេះ ហើយក៏សម្តែងព្រះគ្រីស្តដែលរស់នៅក្នុងអស់អ្នកផ្ញើជីវិតលើព្រះអង្គ។ ក្នុង​​​សភាពការណ៍​​​ខ្លះ​ គ្រីស្តបរិស័ទ​ធម្មតា​បំពេញ​កិច្ចការជាគ្រីស្តទូត​ដោយប្រកាសអំពីព្រះគ្រីស្ត ការនេះពិតជាចំាបាច់បំផុត​​​។ ម្នាក់ៗពន្យល់ និងផ្សព្វផ្សាយលទ្ធិរបស់ព្រះអង្គ​តាមសភាពការណ៍រស់នៅ និងតាមសមត្ថភាពរៀងៗខ្លួន ហើយ​​​ប្រកាស​​​​​​លទ្ធិនេះ​ដោយ​ចិត្តស្មោះ។

លើសពីនេះទៅទៀត គ្រីស្តបរិស័ទ​ធម្មតាក្នុងឋានៈខ្លួនជាពលរដ្ឋនៃពិភពលោកនេះ ក៏រួមសហការជាមួយអ្នកដទៃ​​​ក្នុងករណីទាំងប៉ុន្មានដែលពាក់ព័ន្ធនឹងការសាងសង់ និងការគ្រប់គ្រងពិភពលោក។ ដូច្នេះ ពួកគេត្រូវរិះគិតឱ្យកាន់​​​តែ​​​​​​ជ្រៅ​​​អំពីមូលហេតុណែនាំឱ្យគេប្រព្រឹត្ត ក្នុងការរស់នៅជាក្រុមគ្រួសារ ក្នុងរបៀបប្រកបអាជីវកម្ម ក្នុងការរស់​​​នៅ​​​តាម​​​វប្បធម៌ ​និងក្នុងរ​​​បៀបរស់​នៅ​ក្នុង​សង្គម​ តាមពន្លឺនៃជំនឿ។ ប្រសិនបើគេមានឱកាស គេក៏ត្រូវបង្ហាញ​​​ឱ្យអ្នក​​​ឯ​​​ទៀតៗ​​​ដឹង​​​អំពីមូលហេតុនៃការប្រព្រឹត្តរបស់ខ្លួន។ ដោយរិះគិតដូច្នេះ គេមុខជានឹងដឹងខ្លួន​​​ថា គេជាសហការី​​​​​​របស់​​​ព្រះជាម្ចាស់​​​ដែល​​​ប្រតិស្ឋានអ្វីៗទាំងអស់ ដែលព្រះអង្គរំដោះមនុស្សលោក និងដែលប្រោសឱ្យ​មនុស្ស​លោក​​​បាន​​​វិសុទ្ធ។ គេក៏នឹង​​​លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។

នៅទីបញ្ចប់ ​គ្រីស្តបរិស័ទ​ធម្មតានឹងរស់នៅដោយមានសេចក្ដីស្រឡាញ់​ណែនាំ ហើយបញ្ជាក់​សេចក្ដី​ស្រឡាញ់​​​​នេះដោយប្រព្រឹត្តកិច្ចការឱ្យបានច្បាស់តាមសមត្ថភាពរៀងៗខ្លួន។

គ្រីស្តបរិស័ទ​ធម្មតាត្រូវនឹកចងចាំថា គេអាចមានទំនាក់ទំនងជាមួយមនុស្សទាំងអស់ និងរួមសហការ​ក្នុងកិច្ច​​​សង្គ្រោះមនុស្សលោកទាំងមូលដោយចូលរួមក្នុងពិធីគោរពប្រណិប័តន៍ជាសាធារណៈ ដោយអធិដ្ឋានម្នាក់ឯង ​ដោយ​​​​ធ្វើតបធម៌ និងដោយសុខ​ចិត្ត​ទទួលកិច្ចការ និងទទួលទុក្ខលំបាកប្រចាំជីវិតដែលធ្វើឱ្យគេបានដូចព្រះគ្រីស្ត​​​ដែល​​​រងទុក្ខ​​​​លំបាក (២ករ ៤,១០; កូឡ ១,២៤)។

១៧- កិច្ចការជាគ្រីស្តទូត គ្រីស្តបរិស័ទ​ម្នាក់ៗក្នុងសភាពការណ៍ខ្លះ

កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទ​ម្នាក់ៗពិតជាការជាចំាបាច់ជាទីបំផុត និងមានលក្ខណៈជាបន្ទាន់នៅ​​​តំបន់​​​​​​ណាដែលព្រះសហគមន៍គ្មានសេរីភាព។ ក្នុងសភាពការណ៍ដ៏សែនលំបាកទាំងនោះ គ្រីស្តបរិស័ទធម្មតា​​​ធ្វើការ​​​ជំនួស​​​​លោកគង្វាលតាមតែគេ​អាច​ធ្វើបាន។ ជួនកាលគេប្រថុយឱ្យគេចាប់ខ្លួន ឬប្រថុយ​​​ជីវិត​​​ក៏​​​មាន​​​ដែរ ដោយបង្ហាត់​បង្រៀន​​​លទ្ធិនៃគ្រីស្ត​សាសនា​ឱ្យអ្នករស់នៅជុំវិញ អប់រំគេឱ្យកាន់គ្រីស្តសាសនា និងឱ្យ​​​មាន​​​ចិត្ត​​​គំនិត​​​កាតូលិក។ ​គេ​​​ដាស់​​​​តឿន​អ្នកដទៃឱ្យទទួលអគ្គសញ្ញាជាញឹកញាប់ ឱ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ដោយចិត្តស្រឡាញ់ ​​​ជា​​​ពិសេស​​​ ឱ្យទទួល​អគ្គសញ្ញាអរ​ព្រះគុណ​។ មហាសន្និបាតអរព្រះគុណ​ព្រះជាម្ចាស់​ដោយ​ស្មោះអស់ពីចិត្ត ដែល​​​ព្រះ​​​អង្គ​​​នៅតែ​​​គាំទ្រគ្រីស្តបរិស័ទ​ធម្មតាខ្លះដែលមានសេចក្ដីក្លាហានទុកជា​វីរបុរសនៅពេលគេបៀតបៀ​​​នធ្វើ​​​បា​​​ប។ មហាសន្និបាត សម្តែងនូវសេចក្តី​ស្រឡាញ់​ដ៏ជ្រាលជ្រៅចំពោះគេដូចឪពុក​ស្រឡាញ់កូនដូច្នេះដែរ និង​​​អរ​​​គុណ​​​គេ​​​ថែម​​​ទៀតផង។

កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ មានសារៈសំខាន់ជាខ្លាំងនៅកន្លែងណាមានគ្រីស្តបរិស័ទចំនួន​តិច និងរស់នៅដាច់ពីគ្នា។​​​ ក្នុងសភាពការណ៍នោះ គ្រីស្តបរិស័ទ​ធម្មតាអាចបំពេញកិច្ចការជា​​​គ្រីស្តទូតតែ​ម្នាក់ៗ ដោយ​​​មាន​​​​មូលហេតុដូចខាងលើ ឬដោយមូលហេតុពិសេសមកពី​អាជីវកម្មរបស់គេដែរ។ គេក៏អាចជួបជុំគ្នា​ជា​​ក្រុមតូចៗដោយ​​​គ្មានស្ថាប័ន ឬការចាត់ចែងរឹងប៉ឹងទេ ​​​ប៉ុន្តែ ក្រុមតូចៗទាំងនោះត្រូវជាសញ្ញា​សម្គាល់សម្តែងអំពីព្រះសហគមន៍​ដែលរួមគ្នា និងត្រូវសម្តែងឱ្យអ្នកដទៃឃើញជានិច្ចថា គេជាសក្ខីភាពអំពី​សេចក្ដី​​ស្រឡាញ់​ដ៏ពិតប្រាកដដែរ។

គ្រីស្តបរិស័ទធម្មតាជួយគ្នាទៅវិញទៅមកតាមផ្លូវវិញ្ញាណ ដោយស្រឡាញ់គ្នា និងដោយចែករំលែក​បទ​ពិសោធន៍របស់ខ្លួន។ ធ្វើដូច្នេះទើបគេរៀបចំខ្លួនឱ្យមានសមត្ថភាពអាចពុះពារឧបសគ្គនានាបណ្តាលមកគេរស់នៅ​​​ដាច់ឡែក​​​ពី​​​គ្នា។ គេក៏រៀបចំខ្លួនឱ្យបង្កើតផលកាន់តែច្រើនតាមផ្លូវជាគ្រីស្តទូត។

១៨- សារៈសំខាន់នៃការចាត់ចែងកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទឱ្យមានរបៀបរៀបរយ

ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូតដោយផ្ទាល់ខ្លួន ស្របតាម​​​សភាពការណ៍​​​ផ្សេងៗនៃការរស់នៅរបស់គេ។ ប៉ុន្តែ មិនត្រូវបំភ្លេចថា មនុស្សមានលក្ខណៈជាអ្នករស់នៅក្នុងសង្គម ព្រះជាម្ចាស់ក៏​​​សព្វ​​​ព្រះ​​​ហឫទ័យប្រមែប្រមូល​អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ឱ្យទៅជាប្រជារាស្រ្តរបស់ព្រះអង្គ (១សល ​​​២,៥-១០) និងបង្រួបបង្រួមគេឱ្យទៅជាព្រះកាយតែមួយ (១ករ ១២,១២)។ ហេតុនេះ ការ​ចាត់​ចែងកិច្ចការជាគ្រីស្តទូត​​​ឱ្យ​​​មាន​​​របៀបរៀបរយ ពិតជាស្របតាមលក្ខណៈរបស់មនុស្ស និងតាមលក្ខណៈរបស់គ្រីស្តបរិស័ទ​ទៀត​ផង។ ការចាត់​ចែងកិច្ចការជាគ្រីស្តទូតឱ្យមានរបៀបរៀបរយនេះ ក៏បង្ហាញសញ្ញាសម្គាល់បញ្ជាក់ថា ព្រះសហគមន៍រួបរួមគ្នាជា​​​ធ្លុងតែមួយក្នុងអង្គព្រះគ្រីស្តដែលមានព្រះបន្ទូលថា «នៅ​ទី​ណា​មាន​ពីរ ​ឬ​បី​នាក់ជួប​ជុំគ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំក៏​ស្ថិត​នៅទី​នោះ​ជាមួយ​គេ​ដែរ» (មថ ១៨,២០)។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទត្រូវបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូត ដោយព្រមគ្នារកទិសដៅតែមួយ។​ សូមឱ្យគេ​បំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតនៅក្រុមគ្រួសារ នៅក្នុងព្រះសហគមន៍ក្នុងភូមិ ​​​និងក្នុងភូមិភាគដែល​​​ជា​​​កន្លែងបង្ហាញ​​​លក្ខណៈរួមនៃ​​​កិច្ចការ​ជាគ្រីស្តទូត​។ សូមឱ្យគេបំពេញកិច្ចការជាគ្រីស្តទូតក្នុងក្រុម​ដែលគេបាន​​​ជ្រើស​​​​​​រើស​​​រួមគ្នាដោយសេរី។

កិច្ចការជាគ្រីស្តទូតចាត់ចែងឱ្យមានរបៀបរៀបរយ មានសារៈសំខាន់ណាស់ ព្រោះថា ក្នុងក្រុមនៃព្រះ​សហគមន៍ ឬក្នុងក្រុមតាមវណ្ណៈផ្សេងៗក្នុងសង្គម អ្នកបំពេញកិច្ចការជាគ្រីស្ត្រទូតត្រូវតែធ្វើការរួម។ ក្រុម​​​ដែល​​​​​​កើត​​​​​​មកដើម្បីបំពេញកិច្ចការជាគ្រីស្តទូតរួម ក៏តែងគាំទ្រសមាជិករបស់គេ អប់រំគេឱ្យបំពេញកិច្ចការរួមនេះបាន ហើយ​​​ចាត់​​​ចែង​ និងណែនាំកិច្ចការរបស់គេថែមទៀតផង។ ហេតុ​​​នេះ ដោយគេធ្វើកិច្ចការរួមជាមួយគ្នា យើង​​​សង្ឃឹម​​​​​​ថា គេ​​​នឹងបានលទ្ធផល​​​ច្រើន​​​​ជាង​ម្នាក់ៗដែល​បំពេញកិច្ចការដោយដាច់ឡែកពីគ្នា។

ក្នុងសភាពការណ៍នាបច្ចុប្បន្នកាល នៅកន្លែងណាគ្រីស្តបរិស័ទធម្មតាបំពេញសកម្មភាព ត្រូវចាត់ចែងកិច្ចការ​ជាគ្រីស្តទូតរួម និងឱ្យមានរបៀបរៀបរយជាចាំបាច់។ បើគេខិតខំប្រឹងប្រែងរួបរួមគ្នាយ៉ាងស្អិតរមួត ទើបគេអាចបានផល​តាម​ទិសដៅទាំងប៉ុន្មាននៃកិច្ចការជាគ្រីស្តទូត។ បើគេប្រឹងប្រែងរួមគ្នា ទើបគេអាច​​​ការពារផ​​​ល​​​ទាំងនោះ​​​យ៉ាង​សកម្មបាន​។ បើយល់ឃើញដូច្នេះ នោះកិច្ចការជាគ្រីស្តទូតមុខជាជ្រួតជ្រាបក្នុងចិត្តគំនិតរួម​នៃក្រុមណាមួយ និង​​​នាំឱ្យប្រែសភាពការណ៍​​​​នៃការរស់​នៅ​​​របស់ក្រុមនោះ ដែលគ្រីស្តទូតមានបំណងទាក់ទងជាមួយ។ បើមិនធ្វើដូច្នេះ​​​ទេ​​​ អ្នកទាំង​​​នោះ​​​គ្មាន​​​​លទ្ធភាព​​​អាចត​​​ស៊ូ​​​ប្រឆាំងនឹង​មតិ​​សាធារណៈ ឬស្ថាប័នដែលតែងតែគាបសង្កត់គេនោះឡើយ។

១៩- កិច្ចការជាគ្រីស្តទូតចាត់ចែងឱ្យមានរបៀបរៀបរយ

សមាគមបំពេញកិច្ចការជាគ្រីស្តទូតមានច្រើនបែបណាស់។ មានសមាគមខ្លះមានបំណងចង់ទៅកាន់​ទិស​​​ដៅ​​​នៃកិច្ចការជា​គ្រីស្តទូតទូទៅនៃព្រះសហគមន៍។ មានសមាគមខ្លះមានគោលបំណងចង់ប្រកាសដំណឹងល្អ​ និងចង់ណែនាំ​​​មនុស្សលោកឱ្យបានវិសុទ្ធ តាមទស្សនៈពិសេសម៉្យាងរបស់គេ។ មានសមាគមខ្លះមានគោលបំណង​​​ចង់​​​ឱ្យអ្វីៗក្នុង​ពិភពលោកនេះ​មានជីវិតរស់រវើកតាមគំនិតនៃគ្រីស្តសាសនា។ មានសមាគមខ្លះទៀត មានគោល​​​បំណង​​​ចង់​ផ្តល់​សក្ខីភាពអំពីព្រះគ្រីស្ត ជាពិសេស ដោយធ្វើកិច្ចការបង្ហាញធម៌មេត្តាករុណា និងសេចក្ដីស្រឡាញ់។

ក្នុងចំណោមក្រុមទាំងនោះ ត្រូវចាប់អារម្មណ៍មុនគេនឹង​សមាគមដែល​ជួយសមាជិកក្រុមនោះឱ្យរស់នៅកាន់តែស្រប​នឹងជំនឿរបស់គេ។ សមាគមទាំងនោះក៏លើកតម្កើងការរស់នៅជាធម្មតារបស់គេឱ្យបានស្របតាមជំនឿ។ ​ក្រុម​​​ទាំង​​​ប៉ុន្មានមាន​គោល​ដៅបម្រើបេសកកម្មរបស់ព្រះសហគមន៍ចំពោះមនុស្សលោក មិនមែនមានគោលដៅ​​​ឱ្យ​​​ក្រុម​​​របស់ខ្លួន​​​ចម្រើនឡើង​​​ទេ។ ក្រុម​មួយមានតម្លៃចំពោះកិច្ចការជាគ្រីស្តទូត លុះត្រាតែក្រុមនោះប្រព្រឹត្តកិច្ចការស្រប​តាម​​​គោល​​​​ដៅនៃព្រះសហគមន៍ លុះត្រា​តែក្រុមនោះផ្តល់សក្ខីភាពដែលមានលក្ខណៈគ្រីស្តបរិស័ទសុទ្ធសាធ និង​​​លុះ​​​ត្រា​​​តែ​​​សមាជិក​​​ម្នាក់ៗ ​និងសមាគមទាំង​មូលរស់នៅតាមគោលគំនិតនៃដំណឹងល្អ។

ដោយយល់ឃើញថា សង្គមនាបច្ចុប្បន្នកាលវិវឌ្ឍន៍ឡើង និងចាត់ចែងរចនាសម្ព័ន្ធជាលំដាប់​​​លំដោយ​​​ បេសកកម្មសកលរបស់ព្រះសហគមន៍ទាមទារឱ្យសមាគមជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទកាតូលិកកាន់តែចម្រើន​​​ឡើង​​​ នៅតាមវិស័យអន្តរជាតិ។ ប្រសិនបើក្រុម និងសមាជិកដែលចូលរួមក្នុងអង្គការអន្តរជាតិកាតូលិកទាំងនោះ រួម​​​គ្នា​​​កាន់តែជិតស្និទ្ធឡើងៗ អង្គការទាំងនោះមុខជាបានលទ្ធផលតាមទិសដៅរបស់ខ្លួនឱ្យកាន់តែស្រួល។

គ្រីស្តបរិស័ទធម្មតាមានសិទ្ធិបង្កើតសមាគម មានសិទ្ធិណែនាំសមាគម និងមានសិទ្ធិចូលរូមក្នុងសមាគមដែល​​កើត​រួចហើយ ប៉ុន្តែ ​ត្រូវតែរក្សាចំណងទំនាក់ទំនងជាមួយអំណាចនៃព្រះសហគមន៍ជានិច្ច។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកំុឱ្យ​​បែកខ្ញែកកម្លាំងឡើយ។ ប្រសិនបើមានបង្កើតសមាគមថ្មីៗ និងកិច្ចការផ្សេងៗដោយគ្មានមូលហេតុគ្រប់គ្រាន់ទេនោះ ឬប្រសិន​​​បើមានរក្សាទុកសមាគមទាំងប៉ុន្មានដែលលែងមានប្រយោជន៍ហើយ ឬមួយទៀត ប្រសិនបើមានប្រព្រឹត្ត​តាម​វិធីហួសសម័យ មុខជាកម្លាំងបែកខ្ញែកគ្នាពុំខាន។ នៅទីបញ្ចប់ ប្រហែលមិនគួរយករបៀបមុខងារជាគ្រីស្តទូតពី​ប្រទេសមួយ មកអនុវត្តក្នុងប្រទេសមួយទៀត ដោយមិនបានរិះគិតពិចារណាជាមុនទេ។

 ២០- កិច្ចការកាតូលិក

តាំងពីប៉ុន្មានឆ្នាំកន្លងមក ក្នុងប្រទេសជាច្រើនមានចំនួនគ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតកាន់​តែ​ច្រើន​ឡើងៗ ហើយរួមគ្នាជាក្រុមៗតាមរបៀបផ្សេងៗនៃកិច្ចការរបស់គេ និងតាមសមាគមប្លែកៗពីគ្នាផង។ ​ក្រុម និង​សមាគមទាំងនោះបានបំពេញ (និងនៅតែបំពេញ) កិច្ច​ការដែលច្បាស់ជា​កិច្ចរបស់គ្រីស្តទូតមែន ដោយរួម​យ៉ាង​​​ជិតស្និទ្ធជាមួយអស់​លោក​អភិបាល។ ក្នុងចំណោមក្រុម និងសមាគមទាំងនោះ និងក្រុម​ស្រដៀង​គ្នា និង​បុរាណ​ជាង​គេត្រូវកំណត់សម្គាល់មុនគេ ក្រុមទាំងប៉ុន្មានដែលបង្កើតផលជាច្រើនថ្វាយព្រះគ្រីស្តយាងមកគ្រងរាជ្យ​ដោយ​​​ប្រើ​​​វិធីផ្សេងៗ​។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម និងអភិបាលឯទៀតៗជាច្រើននាំគ្នាជួយ និងសរសើរ​ក្រុម​យ៉ាង​ត្រឹមត្រូវ ហើយដាក់ឈ្មោះក្រុមនិងសមាគមទាំងនោះថា៖ «កិច្ចការកាតូលិក»។ ធម្មតាគេរាប់ក្រុមទាំងនោះ​ទុក​ជាគ្រីស្តបរិស័ទ​ធម្មតាដែលរួមសហការជាមួយអស់លោកអភិបាលក្នុងឋានៈអស់លោកបំពេញ​កិច្ចការជាគ្រីស្តទូត។

របៀបបំពេញកិច្ចការជាគ្រីស្តទូតបែបនេះ ទោះជាមានឈ្មោះថា៖ «កិច្ចការកាតូលិក» ក្ដី ឬគ្មាន​​​ឈ្មោះនេះ​​​ក្ដី ​​​ក៏​បំពេញកិច្ចការជាគ្រីស្តទូតដែលមានតម្លៃយ៉ាងប្រសើរ។

ក្រុមទាំងនោះតែងតាំងឡើងដោយមានលក្ខណៈដូច​តទៅ៖

ក) ក្រុមទាំងនោះមានគោលដៅផ្ទាល់ គឺទិសដៅរបស់ព្រះសហគមន៍ដែលបំពេញកិច្ចការជាគ្រីស្តទូត ពោលគឺ ចង់​ប្រកាស​ដំណឹងល្អ នាំមនុស្សលោកឱ្យបានវិសុទ្ធ ហើយអប់រំមនសិការរបស់គេតាមមាគ៌ានៃគ្រីស្តសាសនា​ ដើម្បីឱ្យគេមានសមត្ថភាពអាចនាំ​គោលគំនិត​នៃដំណឹងល្អឱ្យជ្រួតជ្រាបក្នុងសហគមន៍ និងក្នុងវណ្ណៈផ្សេងៗក្នុងសង្គម។

ខ) គ្រីស្តបរិស័ទធម្មតារួមសហការជាមួយក្រុមអភិបាលតាមរបៀបផ្ទាល់របស់គេ នាំបទពិសោធន៍របស់គេ ព្រមទាំង​​​​ទទួល​ខុសត្រូវក្នុងការណែនាំក្រុមទាំងនោះ និងក្នុងការស្វែងរករបៀបអនុវត្តតាមការណែនាំរបស់ព្រះសហគមន៍ ហើយក៏ទទួលខុសត្រូវក្នុងការបង្កើត​កម្មវិធីអនុវត្ត និងក្នុងការពិនិត្យការអនុវត្តន៍នោះតទៅទៀតផង។

គ) គ្រីស្តបរិស័ទធម្មតាទាំងនោះប្រព្រឹត្តកិច្ចការរួមគ្នាដូចជារូបកាយដែលមានរបៀបរៀបរយ។ ​ការរួមនេះសម្តែងយ៉ាងច្បាស់អំពី​ព្រះ​សហគមន៍ដែលរួមគ្នា និងធ្វើឱ្យកិច្ចការជាគ្រីស្តទូតបានលទ្ធផលច្រើនជាង។

ឃ) ទោះជាគ្រីស្តបរិស័ទធម្មតាទាំងនោះចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូតដោយខ្លួនឯងក្ដី ឬតបឆ្លើយនឹង​​​លោក​​​អភិបាលដែលអញ្ជើញឱ្យគេធ្វើការ និងរួមសហការជាមួយអស់លោកអភិបាលក្នុង​​​កិច្ចការ​​​ជាគ្រីស្តទូតក្ដី ក៏គេធ្វើការក្រោមការ​ណែនាំដ៏ខ្ពង់ខ្ពស់​របស់អស់លោកអភិបាល​​ដែលអាចបញ្ជាក់ពីការរួម​​​សហការ​​​នោះ​​​ ដោយចាត់គេ​ឱ្យធ្វើយ៉ាងច្បាស់។

ក្រុមដែលមានលក្ខណៈទាំងនោះ តាមការយល់ឃើញរបស់អស់លោកអភិបាល ត្រូវចាត់ទុកជា «កិច្ចការ​​​កាតូលិក» ទោះបីគេមានរចនាសម្ព័ន្ធ និងឈ្មោះផ្សេងៗតាមទីកន្លែង និងតាមប្រជាជាតិទាមទារក្ដី។

មហាសន្និបាតដ៏វិសុទ្ធសូមធានាដល់ក្រុមទាំងនោះយ៉ាងខ្លាំង ដែលច្បាស់ជាតបឆ្លើយនឹងសេចក្ដីត្រូវការនៃ​កិច្ច​ការជា​គ្រីស្តទូតរបស់ព្រះសហគមន៍ក្នុងប្រទេសជាច្រើន។ មហាសន្និបាតក៏អញ្ជើញអស់លោកគង្វាល ​​​និង​​​គ្រីស្តបរិស័ទ​​​​​​​​​ធម្មតា​​​​​​ដែល​ធ្វើ​ការក្នុង​ក្រុមទាំងនោះឱ្យណែនាំក្រុមទាំងនោះយ៉ាងត្រឹមត្រូវតាមលក្ខណៈ​​​ចែងខាងលើ​​​កាន់​​​តែ​​​ល្អ​​​ឡើងៗ ​និងឱ្យរួមសហរការក្នុងព្រះសហគមន៍ដូចបងប្អូន ជាមួយអស់អ្នកដែលបំពេញកិច្ចការ​​ជាគ្រីស្តទូត​​​តាមរបៀប​​​ផ្សេងៗ​​​ទៀត។

២១- ត្រូវយកចិត្តទុកដាក់ចំពោះក្រុមដែលបំពេញកិច្ចជាគ្រីស្តទូត

ត្រូវគោរពក្រុមទាំងប៉ុន្មានដែលបំពេញកិច្ចការជាគ្រីស្តទូតតាមសមគួរ ក៏ប៉ុន្តែ អស់លោកអភិបាលសរសើរ គាំទ្រ និងបង្កើតក្រុមខ្លះទុកជាមានលក្ខណៈបន្ទាន់ជាងគេ តាម​​​តម្រូវការ​​​​​​នៃ​​​ពេល​​​​​​វេលា និងនៃទីកន្លែង។ អស់​​​លោក​​​គ​​​ង្វាល បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតា ត្រូវចាត់ទុកក្រុមទាំងនោះទុកជាសំខាន់ជាងគេ​​​ ហើយ​​​ម្នាក់ៗ​​​ត្រូវ​​​ពង្រីកក្រុមទាំងនោះតាម​បេសកកម្មរៀងៗខ្លួន។ ក្នុងចំណោម​ក្រុមទាំងនោះ ត្រូវកត់សម្គាល់យ៉ាងពិសេស សមាគម ឬក្រុមអន្តរជាតិរបស់គ្រីស្តបរិស័ទ​​​កាតូលិក​​​។

២២- គ្រីស្តបរិស័ទធម្មតា ដែលបម្រើព្រះសហគមន៍យ៉ាងពិសេស

ក្នុងព្រះសហគមន៍ត្រូវគោរព និងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះគ្រីស្តបរិស័ទធម្មតានៅលីវក្ដី មាន​​​គ្រួសារ​​​ក្ដី​ ដែលសុខចិត្តប្តេជ្ញាចិត្តយកកម្លាំងកាយកម្លាំងចិត្ត យកសមត្ថភាពនៃអាជីវកម្មរបស់គេមកប​​​ម្រើ​​​ស្ថាប័ន​​​ និង​​​សកម្មភាព​​​នា​​​នានៃ​​​​​​ព្រះ​​​សហគមន៍​អស់មួយរយៈ​ពេលក្ដី ឬរហូតអស់មួយជីវិតក្ដី។ យើងមានអំណរសប្បាយជា​​​ខ្លាំងដោយ​​​ឃើញ​​​ថា មានចំនួនគ្រីស្តបរិស័ទធម្មតាកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ស្ម័គ្រចិត្ត​បម្រើ​សមាគមនានា និង​​​កិច្ចការ​​​ជា​​​​​​​​​គ្រីស្តទូតទាំងនៅក្នុងប្រទេសរបស់ខ្លួន​​​ ទាំងក្នុងវិស័យ​អន្តរជាតិ ជាពិសេស ក្នុងព្រះសហគន៍​​​កាតូលិក​​​នៅ​​​ប្រទេស​​​ដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត និងក្នុងព្រះសហគមន៍កំពុងកើតឡើង។

អស់លោកគង្វាលត្រូវទទួលគ្រីស្តបរិស័ទធម្មតាទាំងនោះដោយអំណរសប្បាយទាំងអរព្រះគុណព្រះជាម្ចាស់ផង។ ​អស់លោកត្រូវយកចិត្តទុកដាក់ឱ្យគេរស់នៅតាមសភាពការណ៍ត្រឹមត្រូវតាមយុត្តិធម៌ តាមសមធម៌ និងតាមសេចក្ដី​ស្រឡាញ់ តាមអស់លោកអាចធ្វើបាន។ ជាពិសេស ត្រូវផ្គត់ផ្គង់ជីវភាពគេ និងក្រុមគ្រួសារ​របស់គេ​ឱ្យបាន​គ្រប់គ្រាន់។ អស់លោកត្រូវចាត់ចែងឱ្យគេមានមធ្យោបាយគ្រប់គ្រាន់សម្រាប់អប់រំគេ គាំទ្រគេ ​និងជួយដាស់តឿនគេ​តាមព្រះ​វិញ្ញាណផង។

ជំពូក ៥
សេចក្ដីចាត់ចែងដែលត្រូវអនុវត្តតាម

២៣- អារម្ភកថា

អ្នកបំពេញកិច្ចការជាគ្រីស្តទូតម្នាក់ឯងក្ដី ឬក្នុងក្រុមក្ដី ក៏ត្រូវចូលរួមក្នុងកិច្ច​​​ការជាគ្រីស្តទូតរបស់​​​ព្រះ​​​សហគមន៍ តាមមុខតំណែងដ៏ពិតប្រាកដរបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកទាំងនោះត្រូវរក្សាចំណងទាក់ទងជា​​​មួយ​​​អស់​​​លោកអភិបាល​ដែល​​​ព្រះ​​​វិញ្ញាណបានតែងតាំងឱ្យឃ្វាលព្រះសហគមន៍របស់ព្រះជាម្ចាស់ (កក ២០,២៨)។ ការណ៍នេះសំខាន់ក្នុងកិច្ចការរបស់ខ្លួនជាគ្រីស្តទូតតាមបែបគ្រីស្តបរិស័ទ​។ អស់អ្នកដែលផ្តើម​​​កិច្ចការផ្សេងៗ​​​ក្នុង​​​ឋានៈ​​​​​​​​​ជា​​​គ្រីស្តទូត ក៏ត្រូវរួមសហការគ្នាជាចំាបាច់ដែរ។ អស់លោក​​​អភិបាលមានភារកិច្ចចាត់ចែងឱ្យអ្នកទាំងនោះ​​​រួម​​​សហការ​​​គ្នា​​​យ៉ាងស្រួល។

អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតតាមបែបប្លែកៗពីគ្នាៗក្នុងព្រះសហគមន៍ ត្រូវគោរពគ្នាទៅវិញទៅមក ​​​និង​​​រួមសហការ​​​គ្នា ទោះបីត្រូវគោរពលក្ខណៈផ្ទាល់នៃ​​​បែបនីមួយៗទាំងនោះក្ដី។​​​ ការណ៍នេះពិតជាចំាបាច់បំផុត ដើម្បី​​​លើកស្ទួយគំនិតឱ្យរួមគ្នាជា​​​ធ្លុងតែមួយ បណា្តលឱ្យសេចក្ដីស្រឡាញ់​​​លេចធ្លោឡើងក្នុងគ្រប់​​​កិច្ចការ​​​ជា​​​គ្រីស្តទូត​​​នៃ​​ព្រះសហគមន៍។ បើអ្នកទាំងនោះរួមសហការ​​​ជាមួយគ្នាមែន ពិតជាគេ​​​បានលទ្ធផលតាមគោលដៅរួម និងគេ​​​ជៀស​​​វាងមិនឱ្យ​​​មានការប្រជែង​​​ប្រឆាំងគ្នា បណ្តាល​​​ឱ្យខូចប្រយោជន៍ព្រះសហគមន៍ឡើង។

ការរួមគ្នានេះចាំបាច់ ជាពិសេស នៅពេលមានកិច្ចការមួយក្នុងព្រះសហគមន៍ទាមទារឱ្យលោក​​​គង្វាល​​​ក្នុង​​​ភូមិភាគ​​​​​​ និង​​​គង្វាលជាបព្វជិត ព្រមទាំងក្រុមបព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាត្រូវរួមសហការ​​​គ្នាឱ្យ​​​មាន​​​​​​របៀបរៀបរយយ៉ាងស្រួល។

២៤- ចំណងទំនាក់ទំនងជាមួយអស់លោកអភិបាល

អស់លោកអភិបាលមានភារកិច្ចជួយគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត ព្រមទាំងផ្តល់គោល​​​ការណ៍ឱ្យគេ និង​​​ជួយគាំទ្រគេខាងផ្លូវវិញ្ញាណ។​​​ អស់លោកចាត់ចែងកិច្ចការនោះដើម្បីជាប្រយោជន៍រួម​​​នៃព្រះ​​​សហគមន៍​​​ ហើយយក​​​ចិត្តទុកដាក់ឱ្យគេកាន់តាម​​​លទ្ធិនៃគ្រីស្តសាសនា និងគោរពតាមសេចក្ដីចាត់ចែងជាគ្រឹះ។

អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតមានចំណងទាក់ទងជាមួយអស់លោកអភិបាល​​​តាមបែបផ្សេងៗស្រប​​​តាមរបៀប និងតាមគោលដៅប្លែកៗពីគ្នានៃកិច្ចការជាគ្រីស្តទូតនោះ។

ក្នុងព្រះសហគមន៍មានគ្រីស្តបរិស័ទធម្មតាផ្តើមកិច្ចការជាគ្រីស្តទូតមួយចំនួន ពួកគេបានសម្រេចចិត្ត​​​ធ្វើ​​​កិច្ចការ​​​ទាំងនោះ​​​ ដែលគេជ្រើស​​​រើស​​​ដោយសេរី។ ពួកគេមានសិទ្ធិគ្រប់គ្រងកិច្ចការ​​​ទាំងនោះតាមការវិនិច័្ឆយ​​​ដ៏ឈ្លាស​​​វៃ​​​របស់ខ្លួន។​ ក្នុងសភាពការណ៍ខ្លះ កិច្ចការទាំងនោះជួយឱ្យព្រះសហគន៍អាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អ​​​។ ហេតុនេះហើយ ​បានជា​​​អស់លោកអភិបាល​​​តែងតែសរសើរ និងធានាកិច្ចការទាំងអស់នោះជាញឹកញ់ាប។ ក៏ប៉ុន្តែ អ្នក​​​ណា​​​អួតថា កិច្ចការរបស់​​​ខ្លួន​​​មានឈ្មោះថា «កាតូលិក» លុះត្រាអស់លោក​​​អភិបាលដែលត្រូវបាន​​​តែងតាំង​​​យ៉ាង​​​ត្រឹម​​​ត្រូវយល់​​​ស្របនឹងកិច្ចការនោះ។

អស់លោកអភិបាលទទួលស្គាល់យ៉ាងច្បាស់ថា របៀបធ្វើកិច្ចការជាគ្រីស្តទូត​​ខ្លះ​ពិតជារបៀបព្រះសហគមន៍​​​​​​។

លើសពីនេះទៅទៀត តាមតម្រូវការនៃប្រយោជន៍រួមរបស់ព្រះសហគមន៍ អស់លោកអភិបាល​​​អាចជ្រើស​​​រើស និងជួយលើកស្ទួយយ៉ាងពិសេស សមាគម និងស្ថាប័ន​ដែលបំពេញកិច្ច​ការជាគ្រីស្តទូតខ្លះ ​​​គឺសមាគម និង​​​ស្ថាប័ន​​​ដែលមានគោលដៅចំខាងវិញ្ញាណ។ អស់លោកក៏ត្រូវទទួលខុសត្រូវយ៉ាងពិសេសចំពោះសមាគម ​​​និង​​​ស្ថាប័ន​​​ទាំង​​​នោះ។ ដោយអស់លោកអភិបាលចាត់ចែងកិច្ចការជាគ្រីស្តទូតដូច្នេះតាមរបៀបផ្សេងៗនោះ ​ស្របតាម​​​កាលៈ​​​ទេសៈ​​​ដូច្នេះ អស់លោកភ្ជាប់កិច្ចការជាគ្រីស្តទូតតាមបែបណាមួយ ទៅនឹងបន្ទុកផ្ទាល់របស់អស់លោកជាគ្រីស្តទូត។ ទោះបីអស់លោកធ្វើ​​​ដូច្នេះក្តី ក៏អស់លោកមិនប្រែលក្ខណៈជាគ្រីស្តទូតរបស់អស់លោក ហើយក៏មិនលាយឡំបន្ទុក​​​របស់អស់លោក ​និងកិច្ចការរបស់​​​គ្រីស្តបរិស័ទទេ។ ហេតុនេះ អស់លោកមិនដកសមត្ថភាពដែល​​​គ្រីស្តបរិស័ទធ​​​ម្មតា ត្រូវការជា​​​ចាំបាច់​​​ក្នុងការចាប់ផ្តើមកិច្ចការដោយ​​​ខ្លួន​​​ផ្ទាល់បានឡើយ។ ក្នុងឯកសារផ្សេងៗនៃព្រះសហគមន៍ មានហៅកិច្ចរបស់លោកអភិបាលបែបនេះថា «ការផ្ញើទុក»

នៅទីបញ្ចប់ ជួនកាលអស់លោកអភិបាលផ្ញើបន្ទុកខ្លះឱ្យគ្រីស្តបរិស័ទធម្មតាបំពេញ ជាបន្ទុកដែលពាក់ព័ន្ធ​​​យ៉ាង​​​ជិត​​​​​​ស្និទ្ធទៅនឹង​​​ភារកិច្ចរ​​​បស់អស់លោកក្នុងឋានៈជាគង្វាល ឧបមាថា ​​​អស់លោកផ្ញើបន្ទុកខ្លះក្នុងការបង្រៀន​​​លទ្ធិ​​​នៃគ្រីស្តសាសនា ក្នុង​​​ការធ្វើពិធីគោរពប្រណិប៍តន៍ខ្លះ ក្នុងការណែ​​​នាំ​​​គ្រីស្តបរិស័ទ​​​។ តាមបេសកកម្ម​​​នោះ គ្រីស្តបរិស័ទ​​​ធ​​​ម្មតាបំពេញបន្ទុកទាំងនេះ ដោយ​​​ស្តាប់តាមបង្គាប់ទាំងស្រុងរបស់​​​អ្នក​​​ទទួលខុសត្រូវក្នុង​​​នាមលោក​​​អភិបាល។

ចំពោះកិច្ចការ និងស្ថាប័នខាងលោកីយ៍ អស់លោកអភិបាលមានតួនាទីបង្រៀន និងបកស្រាយយ៉ាងពិតប្រាកដ នូវគោលការណ៍ខាងសីលធម៌ដែលត្រូវអនុវត្តក្នុងវិស័យទាំងនោះ។ ក្រោយពីបានរិះគិតពិចារណាយ៉ាងយូរ​ និង​​​ដោយបានប្រមូល​​​យោបល់អ្នក​​​ដែលមានសមត្ថភាពអស់លោកក៏អាចវិនិច្ឆ័យថា កិច្ចការ ឬស្ថាប័នទាំងនោះ​ស្រប​​​តាម​​​​​​គោល​​​ការណ៍​​​​​​នៃសីលធម៌ ​​​ឬក៏អត់ និងប្រកាសអំពីអ្វីៗដែលត្រូវធ្វើជាចំាបាច់អំពីកិច្ចការទាំងនោះ ដើម្បីថែរក្សា​​​ការ​​​ពារ​​​ និងលើកស្ទួយ​​​សម្បត្តិខាងវិញ្ញាណ ដែលហួសពីសម្បត្តិក្នុងលោកីយ៍នេះ។

២៥- ក្រុមលោកគង្វាលជួយគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត

អស់លោក​​​អភិបាល អស់លោកគង្វាលទទួលបន្ទុកថែរក្សាគ្រីស្តបរិស័ទក្នុងភូមិ ក្រុមគង្វាលនៃភូមិភាគ និង​​​ក្រុម​​​គង្វាលជាបព្វជិតត្រូវនឹកថា អស់អ្នកផ្ញើជីវិតលើព្រះគ្រីស្តទាំងប៉ុន្មាន ទោះជា​​​គ្រីស្តបរិស័ទ​​​ទទួល​​​អគ្គសញ្ញាតែង​​​តាំង​​​ក្ដី ទោះជាគ្រីស្តបរិស័ទធម្មតាក្ដីក៏សុទ្ធតែមានសិទ្ធិ និងភារកិច្ចរួម​​​បំពេញកិច្ចការជា​​​គ្រីស្តទូត។ គ្រីស្តបរិស័ទ​​​ធម្មតា​​​ក៏មានភារកិច្ចផ្ទាល់ពិសេសម៉្យាងក្នុងការសាងសង់ព្រះសហគមន៍​​​ដែរ។ ហេតុនេះ​​​ហើយ​​​ បានជាអស់លោក​​​គង្វាល​​​​​​ត្រូវធ្វើការ​​​រួមជាមួយគ្រីស្តបរិស័ទធម្មតាក្នុងឋានៈជាបងប្អូនក្នុងព្រះ​​​សហគមន៍ និងដើម្បីជាប្រយោជន៍​​​ដល់​​​ព្រះ​​​សហគមន៍។ អស់លោកក៏នឹងយកចិត្តទុកដាក់គាំទ្រ​​​គ្រីស្តបរិស័ទ​​​ធម្មតា​​​ក្នុងកិច្ចការជាគ្រីស្តទូតរបស់គេ (ពន្លឺ ៣៧)​​​។

អស់លោកអភិបាលត្រូវជ្រើសរើសលោកគង្វាលដោយដោយប្រុងប្រយ័ត្ន ជាគង្វាលដែលមានសមត្ថភាព និង​​​ដែលដឹង​​​សេចក្ដី​​​ពាក់ព័ន្ធនឹងគ្រីស្តបរិស័ទធម្មតា ដើម្បីជួយណែនាំក្រុមគ្រីស្តបរិស័ទឱ្យបំពេញកិច្ចជាការគ្រីស្តទូត តាមរបៀប​​​ពិសេសប្លែកៗ​​​ពី​​​គ្នា​​​។ ដោយអស់លោកគង្វាលទទួលបេសកកម្មពីលោក​​​អភិបាល អស់លោក​​​បំពេញ​​​មុខ​​​ងារ​​​បម្រើ​​​គ្រីស្តបរិស័ទ​​​បែប​​​នេះ ទុកជាតំណាងរបស់លោកអភិបាល។ អស់លោក​​​គង្វាល​​​​​​ត្រូវភ្ជាប់ចិត្ត​​​យ៉ាងស្មោះ​​​នឹង​​​គោលគំនិត និងលទ្ធិនៃព្រះ​​​សហគមន៍ ហើយត្រូវជួយឱ្យគ្រីស្តបរិស័ទធម្មតា និង​​​លោក​​​អភិបាលមាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​គ្នាតាមសមរម្យ។ អស់លោកត្រូវយក​​​ចិត្តទុកដាក់ខិតខំចិញ្ចឹមជីវិត​​​ខាង​​​វិញ្ញាណរ​​​បស់គ្រីស្តបរិស័ទឱ្យមានគំនិតជា​​​គ្រីស្តទូត ក្នុងសមាគមកាតូលិក​​​ដែលលោកអភិបាលផ្ញើទុកមកនោះ។ អស់​​​លោក​​​​​​ត្រូវរួមធ្វើកិច្ចការ​​​ជាគ្រីស្តទូត​​​ជា​​​មួយ​​​គ្រីស្តបរិស័ទធម្មតា ដោយផ្តល់យោបល់ប្រកបដោយប្រាជ្ញា និង​​​ដោយ​​​ជួយ​​​ឱ្យគេបំពេញគម្រោងការរបស់គេ។ ដោយនិយាយ​​​សន្ទនា​​​​​​ជានិច្ចជាមួយគ្រីស្តបរិស័ទធម្មតា អស់លោកស្វែង​​​រក​ដោយពិនិត្យពិច័្ឆយ​​​នូវរបៀបដែល​​​អាច​​​ផ្តល់​​​ឱ្យកិច្ចការ​​​ជាគ្រីស្តទូតរបស់គេបានលទ្ធផលកាន់តែច្រើនឡើងៗ។ អស់​​​លោក​​​ត្រូវជួយសមាជិកឱ្យមានគំនិតរួបរួមគ្នាក្នុង​​​សមាគម និងឱ្យសមាគមរួបរួមជាមួយសមាគមឯទៀតៗដែរ (បព្វជិត ៨)។

នៅទីបញ្ចប់ បព្វជិតបព្វជិតាត្រូវរាប់ទុកថា គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតគួរឱ្យសរសើរ។ គេ​​​ត្រូវ​​​​​​ស្ម័គ្រចិត្តពង្រឹងកិច្ចការនេះឱ្យបានទូលំទូលាយ ស្របតាមគោលដៅនៃក្បួនវិន័យគ្រឹះស្ថានរបស់ខ្លួន។ គេត្រូវ​​​ខិត​​​ខំ​​​គាំទ្រ និងជួយ ​ហើយបង្គ្រប់​​​​​​កិច្ចការរបស់អស់លោកគង្វាលទៀត។

២៦- មធ្យោបាយដែលអាចជួយឱ្យរួមសហការគ្នា

ប្រសិនបើអាចធ្វើបាន ត្រូវមានក្រុមប្រឹក្សាផ្សេងៗតាមភូមិភាគដែលគាំទ្រកិច្ចការជាគ្រីស្តទូតរបស់ព្រះ​​​សហគមន៍​​​​​​ ក្នុង​​​វិស័យប្រកាស​​​ដំណឹងល្អផង ក្នុងវិស័យនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ ក្នុងវិស័យសប្បុរសធម៌ ក្នុង​​​វិស័យ​​​សង្គម​​​កិច្ច និង​​​ក្នុង​​​​​​វិស័យឯទៀតៗដែរ។ ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងក្រុមបព្វជិតបព្វជិតា ត្រូវរួមស​​​ហការ​​​ជា​​​មួយ​​​គ្រីស្តបរិស័ទធម្មតា​​​ក្នុងក្រុមប្រឹក្សាទាំងនោះ​​​តាម​​​តម្រូវការ និងយ៉ាងសមរម្យ។ ក្រុមប្រឹក្សាទាំងនោះអាចជួយ​​​ឱ្យ​​​សមាគម និង​​​គ្រីស្តបរិស័ទ​​​ធម្មតាដែលចាប់ផ្តើមកិច្ចការផ្សេងៗឱ្យ​​​រួមសហការគ្នាទៅវិញ​​​ទៅមក ទាំងគោរព​​​លក្ខណៈ​​​ផ្ទាល់របស់ខ្លួន ហើយស្វ័យភាព​​​នៃសមាគម និងក្រុមទាំងនោះ។

ប្រសិនបើអាចធ្វើបានត្រូវមានក្រុមប្រឹក្សាផ្សេងៗបែបដដែលនោះនៅតាមសហគមន៍ក្នុងភូមិ តាម​​​កម្រិត​​​អន្តរភូមិ អន្តរភូមិភាគ ហើយប្រហែលតាមកម្រិតជាតិ និងអន្តរជាតិ។

នៅក្បែរសន្តអាសនៈត្រូវតែងតាំងការិយាល័យពិសេសមួយសម្រាប់បម្រើ និងលើកស្ទួយកិច្ចការជាគ្រីស្តទូត​​​របស់​​​គ្រីស្តបរិស័ទធម្មតា។ ការិយាល័យនោះហាក់ដូចជាមណ្ឌលមួយប្រកបដោយមធ្យោបាយតាមសមរម្យ ដើម្បី​​​ផ្តល់​​​ពត៌មាន​​​​​​អំពីកិច្ចការផ្សេងៗដែលគ្រីស្តបរិស័ទធម្មតាផ្តើមធ្វើ។ ការិយាល័យនោះនឹងខិតខំស្រាវជ្រាវ និងសិក្សា​​​អំ​​​ពី​​​​​​​​​បញ្ហាទាំងប៉ុន្មាន​​​ដែលចោទ​​​ឡើងសព្វថ្ងៃក្នុងវិស័យទាំងនេះ និងជួយទាំងក្រុមអភិបាល ទាំងគ្រីស្តបរិស័ទ​​​ធម្មតាក្នុង​​​កិច្ចការ​​​ជាគ្រីស្តទូត។ ក្រុមចលនាផ្សេងៗ និងអង្គការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតាក្នុង​​​ពិភព​​​លោក​​​ទាំង​​​មូល ក៏​​​ត្រូវ​​​​​​ចូលរួមយ៉ាងសកម្មក្នុងការិយាល័យ​​​នោះជាកន្លែងក្រុម និងអង្គការទាំងនោះអាចជួបជុំគ្នាបាន ដើម្បី​​​​​​រួម​​​សហការ​​​ជា​​​មួយគ្រីស្តបរិស័ទធម្មតា ជាមួយក្រុមអ្នកខ្លះដែលទទួល​​​អគ្គសញ្ញាតែងតាំង និងជាមួយ​​​ក្រុម​​​បព្វជិត​​​បព្វជិតាខ្លះ​​​ដែរ។

២៧- ការរួមសហការជាមួយគ្រីស្តបរិស័ទឯទៀតៗ និងជាមួយអ្នកដែលមិនកាន់គ្រីស្តសាសនា

បេតិកភ័ណ្ឌរួមនៃដំណឹងល្អ និងភារកិច្ច​​​រួម​​​ហូរមកពីបេតិកភ័ណ្ឌនោះដាស់តឿន និងទាមទារឱ្យ​​​គ្រីស្តរបរិស័ទ​​​កាតូលិក និងគ្រីស្តបរិស័ទឯទៀតៗរួមសហការគ្នា។ បុគ្គល ឬក្រុមព្រះសហគមន៍អាចរួមសហការគ្នាក្នុងសកម្មភាព​​​ផ្សេងៗក៏បាន ឬរួមសហការគ្នាក្នុងសមាគមរួមក៏បាននៅតាមកម្រិតជាតិ ឬអន្តរជាតិក៏បាន (បង្រួប ១២)។

គ្រីស្តបរិស័ទទាំងអស់កាន់តាមតម្លៃដ៏ថ្លៃថ្នូររួម។ ហេតុនេះ អស់គ្រីស្តបរិស័ទដែលមានគោលបំណង​​​បំពេញ​​​កិច្ចការ​​​ជា​​​គ្រីស្តទូត ត្រូវរួមសហការបែបនេះជាមួយអស់អ្នកដែលមិនកាន់គ្រីស្តសាសនា តែទទួលស្គាល់ត​​​ម្លៃ​​​ដ៏ថ្លៃថ្នូរ​​​នៃគ្រីស្តសាសនាទាំងនោះ។ ប្រសិនបើគ្រីស្តបរិស័ទធម្មតារួមសហការយ៉ាងសកម្ម និងដោយប្រុងប្រយ័ត្នបែបនេះ (បង្រួប ១២; ​​​ពន្លឺ ៣៧) ជាពិសេស ក្នុងសកម្មភាពលោកីយ៍ គេមុខជាផ្តល់សក្ខីភាពអំពីព្រះគ្រីស្តជា​​​ព្រះសង្គ្រោះ​​​របស់​​​មនុស្សលោក ​និងអំពីក្រុមគ្រួសាររបស់មនុស្សលោកដែលរួបរួមគ្នាជាធ្លុងតែមួយផង។

ជំពូក ៦
ការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត

២៨- គ្រីស្តបរិស័ទត្រូវទទួលការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត

ជីវិតតាមព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទធម្មតាត្រូវតែចម្រើនឡើង ហើយគេក៏ត្រូវស្គាល់​​​លទ្ធិនៃ​​​គ្រីស្ត​​​សាសនា​​​​​​កាន់តែច្បាស់ដែរ។ គេត្រូវតែសម្របខ្លួនតាមសភាពការណ៍ថ្មីៗ តាមព្រឹត្តិការណ៍ តាមបុគ្គលម្នាក់ៗ ​​​និងតាម​​​កាតព្វកិច្ច​​​ផ្សេងៗដែរ។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទដែលបំពេញកិច្ចការជាគ្រីស្តទូតត្រូវទទួលការ​​​អប់រំយ៉ាង​​​ពេញលេ​​​ញ និងប្លែកៗពីគេ ទើប​​​គេ​​​អាច​​​បំពេញកិច្ចការនេះយ៉ាង​​​ស័ក្តិសិទ្ធ និងប្រសើរបាន។ គេត្រូវទទួលការអប់រំជា​​​អចិន្រៃ្តយ៍​​​ជាចាំបា​​​ច់។ មហាសន្និបាតបានផ្តល់យោបល់ ​និងប្រកាសសេចក្ដីផ្សេងៗទុកជាគ្រឹះនៃការអប់រំក្នុង​​​កិច្ចការ​​​ជា​​​គ្រីស្តទូត​​​នេះរួចទៅហើយ (ពន្លឺជំពូក ២.៤.៥; ​​​បង្រួប​​​ ៤.៦.​​​៧.​​​១២)។ មានកិច្ចជាគ្រីស្តទូតបែបខ្លះ ​ទាមទារឱ្យ​​​គេ​​​​​​ទទួល​​​ការ​​​អប់រំពិសេសដោយឡែកពីគេ លើសពីការអប់រំរបស់​​​គ្រីស្តបរិស័ទ​​​ទូទៅទៀត ព្រោះមនុស្សតែង​​​តែ​​​ប្លែក​​​ៗពីគ្នា ហើយ​​​ក៏រស់នៅតាមសភាពការណ៍ប្លែកៗពីគ្នាដែរ។

២៩- គោលការណ៍សម្រាប់អប់រំគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត

គ្រីស្តបរិស័ទធម្មតារួមចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍តាមរបៀបផ្ទាល់របស់គេ។ ហេតុនេះ ការអប់រំ​​​គេ​​​ឱ្យ​​​បំពេញកិច្ចការជាគ្រីស្តទូត ត្រូវស្របតាមលក្ខណៈពិសេសរបស់គ្រីស្តបរិស័ទធម្មតាជាអ្នករស់នៅក្នុងសង្គម និង​​​ស្រប​​​តាមជីវិតខាងវិញ្ញាណសមនឹងការរស់​​​នៅ​​​របស់គេដែរ។

មុននឹងគ្រីស្តបរិស័ទធម្មតាទទួលការអប់រំឱ្យ​​​បំពេញកិច្ចការជាគ្រីស្តទូត គេត្រូវទទួលការអប់រំក្នុងឋានៈ​​​ជា​​​មនុស្ស​​​ជាមុនសិន គឺស្របតាមបុគ្គលិកលក្ខណៈ និងតាមសភាពការណ៍រស់នៅរបស់គេម្នាក់ៗ។ គ្រីស្តបរិស័ទធម្មតា ​ត្រូវ​​​ស្គាល់​​​​​​សភាពការណ៍នៃពិភពលោកនាបច្ចុប្បន្នកាលយ៉ាងច្បាស់ និងត្រូវចូលរួមយ៉ាងស្រួលក្នុងក្រុមរបស់ខ្លួនក្នុងសង្គម ​និង​​​ក្នុងអរិយធម៌របស់ខ្លួនដែរ។

ជាបឋម គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំឱ្យបំពេញបេសកកម្មរបស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ដោយខ្លួនមានជំនឿ គឺរស់នៅស្របតាមគម្រោងការ​ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋាន និងសង្គ្រោះ​​​មនុស្ស​​​លោក ​ក្រោមការណែនាំ​​​នៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់មានជីវិតរស់រវើក។ ​ព្រះ​​​វិញ្ញាណដាស់តឿន​​​មនុស្ស​​​ទាំងអស់ឱ្យស្រឡាញ់ព្រះជាម្ចាស់ទុកជាព្រះបិតា និងឱ្យស្រឡាញ់ពិភពលោក និងមនុស្ស​​​លោ​​​ករួម​​​ជាមួយព្រះអង្គដែរ។ ត្រូវចាត់ការអប់រំនេះទុកជាគ្រឹះ និងទុកជាលក្ខ័ណ្ឌដែលខានមិនបាន​ ​​​នាំ​​​ឱ្យ​​​គ្រីស្តបរិស័ទ​​​ធម្មតា​​​អាច​​​បំពេញកិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង និងបង្កើតផលបាន។

លើសពីការអប់រំខាងវិញ្ញាណ គេក៏ត្រូវមានចំណេះយ៉ាងជ្រាលជ្រៅអំពីទេវវិទ្យា អំពីសីលធម៌ និងអំពី​​​ទស្សនវិទ្យា​​​​​​ដែរ។ ចំណេះបែបនេះក៏ត្រូវសមស្របតាមអាយុ ស្របនឹងសភាពការណ៍រស់នៅ និងស្របតាមទេពកោសល្យ​​​របស់គេម្នាក់ៗ។ លើសពីនេះទៅទៀត សូមកុំភ្លេចថា គេត្រូវស្គាល់វប្បធម៌ទូទៅយ៉ាងសមរម្យ ភ្ជាប់នឹងការអប់រំឱ្យ​​​ចេះ​​​​​​​​​ប្រើប្រាស់ចំណេះរបស់ខ្លួន និងឱ្យទទួលការអប់រំខាងបច្ចេកទេសទៀតផង។

ក្នុងការអប់រំគ្រីស្តបរិស័ទធម្មតាត្រូវជួយលើកស្ទួយអ្វីជាតម្លៃដ៏ពិតប្រាកដក្នុងឋានៈជាមនុស្ស ជាពិសេស ឱ្យគេចេះ​​​រស់នៅរួមគ្នាទុកជាបងប្អូនបង្កើត ចេះរួមសហការគ្នា និងចេះសន្ទនាជាមួយអ្នកដទៃទៀតផង។ ដូច្នេះ​​​ ការ​​​អប់រំ​​​នេះ​​​​​​ជួយឱ្យគេមានទំនាក់ទំនងជាមួយមនុស្សដទៃទៀតឱ្យកាន់តែស្រួលឡើង។

ការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូតមិនគ្រាន់តែស្រេចលើការរៀនសូត្រទ្រឹស្តីប៉ុណ្ណោះទេ តែតាំងពីដើមរៀង​​​មក​​​​​​ត្រូវបង្ហាត់​​​​​​គេ​​​បន្តិចម្តងៗ និងដោយប្រុងប្រយ័ត្នឱ្យយល់ឃើញអំពីអ្វីៗទាំងអស់តាមពន្លឺនៃជំនឿ ឱ្យចេះរិះគិត​​​ពិចារណា​​​ថ្លឹងថ្លែង​​​អ្វីៗ​​​​​​នោះ និង​​​ឱ្យប្រព្រឹត្តការទាំងអស់តាមពន្លឺនៃជំនឿដែរ។ ត្រូវ​​​បង្ហាត់គេ​​​ឱ្យយកការ​​​ប្រត្តិបត្តិ​​​របស់​​​ខ្លួន ទុកជាមធ្យោបាយសម្រាប់អប់រំខ្លួនឯង​​​ និងចម្រើនឡើងរួមជាមួយអ្នកដទៃ។ ដូច្នេះ គេចូល​​​បម្រើព្រះ​​​​​​សហគមន៍​​​​​​​​​យ៉ាងសកម្ម។ ត្រូវ​​​អប់រំបែបនេះតទៅឱ្យកាន់តែប្រសើរឡើងជានិច្ច ព្រោះបុគ្គលិកលក្ខណៈ​​​មនុស្ស​​​ម្នាក់ៗ​​​ចេះ​​​​​​តែចម្រើនឡើង​​​ជាលំដាប់ ហើយបញ្ហា​​​នា​​​នាក៏​​​​​​តែងតែប្រែប្រួលជានិច្ចដែរ។ ត្រូវមានចំណេះកាន់តែជ្រៅទៅៗ និង​​​ធ្វើ​​​កិច្ចការ​សម្របតាមសភាពការណ៍​​​ និងបញ្ហាដែលតែងតែប្រែប្រួលទាំង​​​នោះដែរ។ ត្រូវយក​​​ចិត្តទុកដាក់គោរព​​​បុគ្គលិក​​​លក្ខណៈ​​​​​​ទាំងមូលរបស់គេម្នាក់ៗទាំងខិតខំ​​​តបឆ្លើយ និងសេចក្ដីទាមទារជាច្រើនរបស់គេ។ ការអប់រំបែបនេះ​​​មុខ​​​ជា​​​នឹង​​​រក្សាការពារបុគ្គលិកលក្ខណៈរបស់គេ​​​​​​ឱ្យ​​​នៅគង់វង្ស និងឱ្យ​​​គេបានសុខដុមរមនាកាន់តែខ្លាំងឡើងៗ។

ធ្វើដូច្នេះ គ្រីស្តបរិស័ទធម្មតាអាចចូលខាងលោកីយ៍ឱ្យកាន់តែជ្រៅ និងកាន់តែសកម្មបាន ​គឺគេអាចរួមចំណែក​​​ក្នុង​​​ដំណើរនៃព្រឹត្តិការណ៍ដែលតែងតែកន្លងផុតទៅ។ នៅពេលជាមួយគ្នានេះ ក្នុងឋានៈខ្លួនជាសមាជិកដែលមាន​​​ជីវិត និង​​​ជាសាក្សីអំពី​​​ព្រះសហគមន៍ គេធ្វើឱ្យព្រះសហគមន៍មានវត្តមាន និងមានសកម្មភាព​​​នៅក្នុងលោកីយ៍ (ពន្លឺ ៣៣)។

៣០- អ្នកអប់រំគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូត

ត្រូវចាប់ផ្តើមអប់រំកូនក្មេងតាំងពីតូចមកឱ្យធ្វើជាគ្រីស្តទូត ជាពិសេស ត្រូវអប់រំកូន​​​ជំទង់​​​​ និងយុវជន​​​យុវនារី​​​​​​ឱ្យ​​​ចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូត និងឱ្យមានគំនិតជាគ្រីស្តទូត។ ត្រូវអប់រំគ្រីស្តបរិស័ទអស់​​​មួយជីវិ ​ស្រប​​​​​​​​​តាមការងារ​​​ថ្មីៗរបស់ខ្លួនទាមទារ។ អស់អ្នកដែលទទួលបន្ទុកអប់រំតាមគ្រីស្តសាសនា ច្បាស់ជាត្រូវយក​​​ចិត្ត​​​ទុក​​​ដាក់នឹងអប់រំគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូតនេះ។

ឪពុកម្តាយមានភារកិច្ចក្នុងរង្វង់គ្រួសារ គឺគាត់រៀបចំចិត្តគំនិតកូនៗតាំងពីវ័យតូចមកឱ្យទទួលស្គាល់ព្រះហឫទ័យស្រឡាញ់​​​របស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងអស់។ គាត់ត្រូវអប់រំកូនៗបន្តិចម្តងៗ ជាពិសេស ដោយធ្វើគំរូឱ្យកូនយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការរបស់អ្នកដទៃ ទាំងខាងសម្ភារៈ ទាំងខាងវិញ្ញាណ។ ​ក្រុម​​​គ្រួសារ​​​ទាំងមូលដែល​​​ជា​​​សហគមន៍រស់នៅជាមួយគ្នា ត្រូវអប់រំសមាជិកឱ្យបំពេញកិច្ចការគ្រីស្តទូតដើមដំបូង។

ប៉ុន្តែ ត្រូវអប់រំកូនក្មេងជាចាំបាច់ឱ្យចេះគិតគូរដល់មនុស្សនៅខាងក្រៅក្រុមគ្រួសាររបស់ខ្លួន និងឱ្យ​​​បែរទៅ​​​ស្គាល់​​​​​​ការ​​​រស់នៅ​​​របស់សហគមន៍នានា ទាំងក្រុមក្នុងព្រះសហគមន៍ ទាំងក្រុមក្នុងលោកដែរ។ ត្រូវណែនាំ​​​ក្មេងៗឱ្យចូលរួម​​​ក្នុង​​​ព្រះ​​​សហគមន៍ក្នុងភូមិ តាមបែបឱ្យគេភ្ញាក់ស្មារតីថា គេជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលមាន​​​ជីវិតរស់រវើក ​​​និង​​​មាន​​​សកម្មភាពទៀតផង។ ហេតុនេះ អស់លោកគង្វាលត្រូវយកចិត្តទុកដាក់​​​ជា​​​និច្ច​​​នឹង​​​អប់រំគេ​​​ឱ្យ​​​បំពេញកិច្ចការជាគ្រីស្តទូតនេះ ទោះជាក្នុងពេល​​​អប់រំជំនឿក្ដី ក្នុងពេលធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរក្តី​​​ ក្នុងការ​​​ណែនាំខាងវិញ្ញាណក្ដី និងក្នុងកិច្ចការផ្សេងឯទៀតៗនៃមុខងារបម្រើ​​​របស់អស់លោកក្ដី។​​​​​​

សាលារៀន វិទ្យាល័យ និងស្ថាប័នទាំងប៉ុន្មានដែលមានគោលដៅអប់រំក៏ត្រូវជួយលើកស្ទួយគំនិតជាគ្រីស្តបរិស័ទកាតូលិក និងកិច្ចការជាគ្រីស្តទូត ក្នុងចិត្តគំនិតយុវជនយុវនារីដែរ។ ប្រសិនបើគ្មានសាលា គ្មានវិទ្យាល័យ​​​ និងគ្មាន​​​ស្ថាប័នទាំងនោះ ឬប្រសិនបើយុវជនយុវនារីមិនរៀននៅសាលាទាំងនោះ ឬប្រសិនបើមានមូលហេតុផ្សេងៗទៀត សូមឱ្យ​​​​​​​​​ឪពុកម្តាយ និងអស់លោកគង្វាល ព្រមទាំងក្រុមចលនាដែលបំពេញកិច្ចការជាគ្រីស្តទូតយកចិត្តទុកដាក់​​​កាន់​​​តែ​​​ខ្លាំង​​​ឡើងៗឱ្យអប់រំគេជំនួស។ រីឯគ្រូ​​​ និងអ្នកអប់រំដែលបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងល្អប្រសើរដោយ​​​ព្រះ​​​ជា​​​ម្ចាស់​​​​​​ត្រាស់​​​ហៅគាត់ ឬដោយគាត់ទទួលភារកិច្ចនេះឱ្យបំពេញ​​​ ក៏សូមឱ្យលទ្ធិនៃជំនឿ និង​​​គរុកោសល្យជ្រួតជ្រាប​​​ក្នុង​​​ចិត្ត​​​គេ​​​ ដើម្បីបញ្ចូនបន្តការអប់រំនេះឱ្យបានប្រសិទ្ធភាព។

ក្រុម និងសមាគមផ្សេងៗរបស់គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូត ឬដែលមានគោល​​​ដៅមួយ​​​ផ្សេង​​​ទៀតខាងវិញ្ញាណ ក៏ត្រូវយកចិត្តទុកដាក់ជួយអប់រំគេឱ្យបំពេញកិច្ចការជា​​​គ្រីស្តទូតនេះស្រប​​​តាម​​​គោលដៅ និងតាម​​​របៀបរបស់ខ្លួន។ ជាញឹកញាប់ ក្រុម និងសមាគមទាំងនោះជាផ្លូវធម្មតាសម្រាប់អប់រំគ្រីស្តបរិស័ទឱ្យ​​​បំពេញ​​​​​​​​​​​​កិច្ចការ​​​ជា​​​គ្រីស្តទូត។ ​ក្នុងក្រុម និង​​​សមាគមទាំងនោះមានការអប់រំខាងលទ្ធិនៃគ្រីស្តសាសនា មានអប់រំខាង​​​វិញ្ញាណ​​​ និងមានអប់រំឱ្យ​​​ប្រតិបត្តិតាម។ សមាជិកក្រុម និងសមាគមទាំងនោះតែងតែជួបជុំគ្នាជាក្រុមតូចៗ​​​ជាមួយ​​​អ្នក​​​រស់នៅជាមួយ ​និងជា​​​មួយមិត្តសម្លាញ់មកពិនិត្យវិធី និងលទ្ធផលនៃកិច្ចការជាគ្រីស្តទូតរបស់គេ ហើយក៏រួមគ្នា​​​វាយតម្លៃ​​​ការរស់នៅរបស់​​​ខ្លួនជារៀងរាល់ថ្ងៃតាមដំណឹងល្អ។

ត្រូវបន្តការអប់រំនេះដោយនឹកគិតដល់កិច្ចការជាគ្រីស្តទូតទាំងមូល ដែលជាភារកិច្ចរបស់គ្រីស្តបរិស័ទធម្មតាទាំងអស់ ដ្បិតគេត្រូវប្រព្រឹត្តកិច្ចការនេះក្នុងគ្រប់សភាពការណ៍ប្រចាំការរស់នៅរបស់គេ ជាពិសេស នៅពេលបំពេញ​​​អាជីវកម្ម​ និងក្នុងការ​​​រស់​​​​​​នៅ​​​ក្នុង​​​​​​សង្គម មិនគ្រាន់តែនៅខាងក្នុងក្រុម និងសមាគមរបស់ខ្លួនប៉ុណ្ណោះទេ។ លើសពីនេះ​​​ទៅ​​​ទៀត គ្រីស្តបរិស័ទធម្មតា​​​ម្នាក់ៗ ជាពិសេស​​​ គ្រីស្តបរិស័ទពេញវ័យត្រូវត្រៀមខ្លួន​​​យ៉ាងសកម្មឱ្យបំពេញ​​​កិច្ចការ​​​ជា​​​គ្រីស្តទូតដែរ។ ពេលមនុស្សចម្រើនវ័យឡើង ប្រាជ្ញារបស់គេក៏កាន់តែទូលាយដែរ។ ដូច្នេះ ម្នាក់ៗកាន់តែអាចទទួល​​​ស្គាល់​​​ទេពកោសល្យ​​​ដែល​​​ព្រះជាម្ចាស់បានប្រទានឱ្យ គេក៏​​​អាចប្រព្រឹត្តតាមព្រះអំណោយទានដែល​​​ព្រះវិញ្ញាណ​​​ប្រទាន​​​​​​ឱ្យដែរ ​ដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់។

៣១- ការអប់រំត្រូវស្របតាមបែបផ្សេងៗនៃកិច្ចការជាគ្រីស្តទូត

គ្រីស្តបរិស័ទប្រព្រឹត្តកិច្ចការជាគ្រីស្តទូតតាមបែបផ្សេងៗ ត្រូវតែទទួលការអប់រំស្របតាមបែបនោះ។

ក) ចំពោះកិច្ចការប្រកាសដំណឹងល្អ និងនាំឱ្យមនុស្សបានវិសុទ្ធ៖ គ្រីស្តបរិស័ទធម្មតាត្រូវរៀបចំខ្លួ​​​នយ៉ាង​​​ពិសេស ឱ្យចេះចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃ ទោះជាអ្នកផ្ញើជីវិតលើព្រះគ្រីស្តក្ដី មិនផ្ញើជីវិតលើព្រះគ្រីស្តក្ដី​ ដើម្បីសម្តែងសាររបស់ព្រះគ្រីស្តឱ្យមនុស្សទាំងអស់។

ប៉ុន្តែ ក្នុងសម័យយើងនេះ លទ្ធិសម្ភារៈនិយមផ្សព្វផ្សាយស្ទើរតែគ្រប់កន្លែង សូម្បីតែក្នុងចំណោម​​​គ្រីស្តបរិស័ទ​​​​​​​​​កាតូលិកដែរ។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាមិនគ្រាន់តែត្រូវ​​​សិក្សា​​​លទ្ធិនៃ​​​គ្រីស្តសាសនា ​​​ដោយ​​​​​​យកចិត្តទុកដាក់ជាពិសេសត្រង់ប្រការដែលគេចោទប្រកាន់ប៉ុណ្ណោះទេ គេក៏ត្រូវផ្តល់សក្ខីភាពដោយការរស់នៅ​​​ស្រប​​​តាម​ដំណឹងល្អនៅចំពោះមនុស្សកាន់តាមលទ្ធិសម្ភារៈនិយមគ្រប់ប្រភេទថែមទៀត។

ខ) ចំពោះកិច្ចប្រែអ្វីៗក្នុងលោកនេះតាមរបៀបគ្រីស្តសាសនា៖ ​គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំអំពីអត្ថន័យដ៏​​​​​​ពិត​​​ប្រាកដ និងអំពីតម្លៃនៃសម្បត្តិទាំងប៉ុន្មានក្នុងលោកនេះ ព្រមទាំងអំពីទំនាក់ទំនងទ្រព្យសម្បត្តិទាំងនោះ និងទិស​​​ដៅកំណត់ទាំងអស់របស់មនុស្ស។ តែត្រូវហាត់ខ្លួនឱ្យចេះប្រើប្រាស់​​​អ្វីៗ​​​ទាំងអស់ និងទទួលបទពិសោធន៍អំពីការ​​​ចាត់ចែងស្ថាប័ន ទាំងយកចិត្តទុកដាក់នឹងប្រយោជន៍រួម តាមគោល​​​កាណ៍​នៃលទ្ធិរបស់ព្រះសហគមន៍អំពីសីលធម៌ និង​​​អំ​​​ពីសង្គមផង។ គ្រីស្តបរិស័ទធម្មតាត្រូវយល់ឱ្យបានច្បាស់ ជាពិសេស​​​អំពីគោលកាណ៍ និងសេចក្ដីបញ្ជាក់នៃលទ្ធិ​​​ខាង​​​​​​សង្គម​​​​​​នេះ ដើម្បីឱ្យគេមានសមត្ថភាពអាចជួយឱ្យលទ្ធិ​​​នេះចម្រើនឡើងតាមចំណែករបស់ខ្លួន និងឱ្យគេអនុវត្តន៍​​​តាមករណីនីមួយៗយ៉ាង​​​ត្រឹមត្រូវផងដែរ។

គ) កិច្ចបង្ហាញសេចក្ដីស្រឡាញ់ និងកិច្ចការមនុស្សធម៌ពិតជាផ្តល់សក្ខីភាពដ៏ប្រសើរបំផុត អំពីការរស់នៅ​​​បែប​​​គ្រីស្តបរិស័ទ។ ហេតុនេះ​​​ហើយ​​​ បានជាក្នុងការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត ត្រូវណែនាំគេឱ្យចេះបំពេញកិច្ចបង្ហាញ​​​សេចក្ដីស្រឡាញ់​​​ និងធ្វើកិច្ចការមនុស្ស​​​ធម៌ទាំងនោះ។ ដូច្នេះ តាំងពីវ័យកុមារមក សាវ័ករបស់ព្រះគ្រីស្តត្រូវ​​​ហាត់ខ្លួន​​​ឱ្យចេះចែក រំលែក​​​ទុក្ខលំបាករបស់បងប្អូន និងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់បងប្អូនទាំង​​​នោះ​​​ដោយចិត្ត​​​ទូលំ​​​ទូលាយ។

៣២- មធ្យោយដែលត្រូវអនុវត្តតាម

គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូតមានមធ្យោយបាយជាច្រើន ដើម្បីទទួលការអប់រំ​នោះ គឺ​​​មាន​​​​​​សិក្ខាសាលា សន្និបាត សំណាក់ធម៌ ការប្រជុំជាញឹកញាប់ សៀវភៅ និងសេចក្ដីអត្ថាធិប្បាយ​​​ណែនាំឱ្យគេ​​​ស្គាល់​​​ព្រះ​​​​​​គម្ពីរ​​​កាន់តែជ្រៅទៅៗ និងឱ្យចម្រើនឡើងតាមផ្លូវវិញ្ញាណ។ មធ្យោយទាំងនោះក៏នាំឱ្យស្គាល់ជីវភាព និង​​​សភាពការណ៍​​​លោក​​​នេះ​​​ឱ្យរកឃើញ និងប្រើវិធី​​​កាន់តែសមស្របតាមកិច្ចការជាគ្រីស្តទូតដែរ។

មធ្យោយសម្រាប់អប់រំទាំងនោះស្របតាមរបៀបបំពេញកិច្ចការជាគ្រីស្តទូតនីមួយៗ តាមតែវណ្ណៈក្នុងសង្គម​​​ជា​​​កន្លែង​​​ដែល​​​​​​គេមានបំណងបំពេញកិច្ចការជាគ្រីស្តទូត។

មានបង្កើតមណ្ឌលសិក្សា និងគ្រឹះស្ថាន​​​ដ៏ខ្ពង់ខ្ពស់ផ្សេងៗ ​ដើម្បីអប់រំតាមបែបនេះ។ មណ្ឌល និងគ្រឹះស្ថាន​​​ទាំង​​​នោះ​​​បាន​​​ផ្តល់​​​លទ្ធផលដ៏ប្រសើររួចទៅហើយ។ មហាសន្និបាត មានអំណរសប្បាយដោយគ្រីស្តបរិស័ទ​​​ផ្តើម​​​កិច្ចការ​​​ទាំង​​​នោះ ហើយដោយមានផ្សព្វផ្សាយឥទ្ធិពលនៃ​​​ការដែលគេផ្តើមនោះឱ្យរីកសាយក្នុងប្រទេសខ្លះ ទាំងផ្តល់លទ្ធផលជា​​​ច្រើន​​​រួច​​​ទៅហើយ។ មហាសន្និបាតក៏សូមឱ្យ​​​បង្កើតកិច្ច​​​ការទាំងនោះនៅកន្លែងផ្សេងៗទៀតតាមសេចក្ដីត្រូវការ។

លើសពីនោះទៅទៀត មហាសន្និបាតទូន្មានឱ្យបង្កើតមណ្ឌលឯកសារ និងមណ្ឌលសិក្សា មិនគ្រាន់តែក្នុង​​​វិស័យ​​​​​​ទេវវិទ្យា​​​ប៉ុណ្ណោះទេ តែក្នុងវិស័យមនុស្សវិទ្យា ចិត្តសាស្រ្ត សង្គមវិទ្យា វិធីសាស្រ្ត ដើម្បីពង្រឹង​​​សមត្ថភាពរបស់គ្រីស្តបរិស័ទធម្មតា ទាំងបុរស ទាំងស្រ្តី ទាំងយុវជនទាំងមនុស្សពេញវ័យនៅក្នុងគ្រប់វិស័យនៃកិច្ចការជា​​​គ្រីស្តទូត​​​ផង។

៣៣- ពាក្យដាស់តឿន

មហាសន្និបាតដ៏វិសុទ្ធសូមទទូចអង្វរគ្រីស្តបរិស័ទធម្មតាទាំងអស់ក្នុងនាមព្រះអម្ចាស់ សូមតបឆ្លើយ​​​ដោយចិត្តទូលំទូលាយនឹងព្រះគ្រីស្តដែលត្រាស់ហៅ​​​បងប្អូននៅពេលនេះ​​​ ដោយមាន​​​ព្រះវិញ្ញាណដែលជំរុញផង។ សូម​​​យុវជន​​​​​​យុវនារីយល់យ៉ាងច្បាស់ថា ព្រះគ្រីស្តត្រាស់​​​ហៅគេ​យ៉ាងពិសេស សូមទទួលសេចក្ដី​​​អញ្ជើញនេះដោយរីករាយ និង​​​ដោយចិត្តស្មោះ។ គឺព្រះអម្ចាស់ផ្ទាល់​​​ព្រះអង្គតឿនគ្រីស្តបរិស័ទធម្មតា ជាថ្មីម្តងទៀត ដោយសារ​​​មហាសន្និបាត សូម​​​ឱ្យ​​​​​​គ្រីស្តបរិស័ទ​​​ធម្មតារួបរួម​​​ជាមួយ​​​ព្រះអង្គឱ្យកាន់តែជិតស្និទ្ធឡើងៗ ជារៀងរាល់ថ្ងៃ ឱ្យយកចិត្តទុកដាក់ និងគិត​​​ដល់​​​ប្រយោជន៍ព្រះអង្គ ហាក់ដូចជា​គិតដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ (ភីល ២,៤)។ សូមរួមចំណែកក្នុង​​​បេសកកម្ម​​​របស់​​​ព្រះ​​​អង្គ។ ព្រះអម្ចាស់ចាត់បងប្អូនម្តងទៀតឱ្យទៅ​តាម​ភូមិ‌ តាម​ស្រុក​នានាដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ (លក ១០,​​​១)។ ដូច្នេះ គ្រីស្តបរិស័ទធម្មតា​​​ពិតជាត្រូវបង្ហាញ​​​ខ្លួនថា ​ខ្លួនជាសហការីរបស់ព្រះអង្គតាមរបៀបប្លែកៗពីគ្នា និង​​​ដោយប្រើមធ្យោបាយផ្សេងៗបំពេញកិច្ចការជា​​​គ្រីស្តទូតតែមួយដដែលរបស់ព្រះសហគមន៍។ បងប្អូនក៏ស្គាល់​​​សេចក្ដី​​​ទាមទារនៅសម័យឥឡូវ ខិតខំ​ប្រឹងប្រែងបម្រើព្រះអម្ចាស់ទាំង​ដឹង​ថា កិច្ចការដែលខ្លួន​ធ្វើទាំង​នឿយ​ហត់ ដោយ​​​រួមជាមួយព្រះអង្គនោះ‌‌‌មិនមែន​អសារឥតការ​​ឡើយ (១ករ ១៥,៥៨)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ក្រឹត្យក្រមទាំង​​​មូលនេះ និងគោលការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ​​ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត​រួម​ជា​មួយ​អស់​លោក​អភិបាល​ ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម​ ហើយសម្រេចចេញជាក្រឹត្យ​ក្រម​ដែរ។​ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ​ ដើម្បី​លើក​​​​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា​ ថ្ងៃ​ទី១៨ ខែវិច្ចិកា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

600 Views

Theme: Overlay by Kaira