ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

​​​​​​ក្រុមលោកគង្វាល
PRESBYTERORUM ORDINIS

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់​លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសក្រឹត្យក្រមនេះដើម្បីឱ្យនឹក​ចងចាំ​រហូតតរៀងទៅ។

ក្រឹត្យក្រមស្តីអំពី
មុខងារបម្រើ និងការរស់នៅរបស់អស់លោកគង្វាល

បុព្វកថា

១- មហាសន្និបាតដ៏វិសុទ្ធនេះបានរម្លឹកគ្រីស្តបរិស័ទជាច្រើនដងមកហើយថា ក្រុមលោកគង្វាលមានសារៈសំខាន់បំផុត​​​ក្នុងព្រះសហ គមន៍ (ពិធី ពន្លឺ អភិបាល ហ្វឹកហ្វឺន)។ នៅពេលព្រះសហគមន៍របស់ព្រះ​​​គ្រីស្ត​​​កំពុង​​​តែ​​​ប្រែ​​​ស​​​ម្រួលឱ្យបានជាថ្មី ​ក្រុមលោកគង្វាលនេះបំពេញតួនាទីដ៏សំខាន់ណាស់ ប៉ុន្តែ តួនាទីនេះកាន់តែ​​​ពិបាក​​​​​​​​​ឡើងៗដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតយល់ឃើញថា ត្រូវរិះគិតអំពីមុខងារជាគង្វាលឱ្យ​​​ពិស្តារ​​​ និងកាន់តែស៊ីជម្រៅ ការ​​​រិះគិតនេះពិតជាមានប្រយោជន៍ខ្លាំងណាស់។ អ្វីៗ​ដែល​មានចែងក្នុងក្រឹត្យ ក្រមនេះ គឺពាក់​​​ព័ន្ធនឹងគង្វាលទាំង​​​ឡាយ ជា​​​ពិសេស ពាក់​​​ព័ន្ធនឹងគង្វាលដែល​បំពេញ​មុខងារ​ជាគង្វាល។ ចំពោះ​​​បូជាចារ្យ​​​ដែលជាបព្វជិតវិញ ត្រូវកែ​​​សម្រួល​​​​​​សេចក្តីក្នុងក្រឹត្យក្រមនេះស្របតាមតម្រូវការ។

ដោយអស់​លោកគង្វាលបាន​ទទួលអគ្គសញ្ញាតែងតាំង និងបានទទួលបេសកកម្ម​ពីលោក​​​អភិបាល​​​មក អស់​​​​​​លោកបម្រើព្រះគ្រីស្តជាព្រះបរមគ្រូ ជាមហាបូជាចារ្យ និងជាព្រះមហាក្សត្រ។ អស់លោកក៏​ទទួល​​​​ចំណែក​​​ក្នុងមុខងាររបស់ព្រះអង្គ ដែលតែង​តែ​សាងសង់ព្រះសហគមន៍នៅលើផែនដីនេះជារៀងរាល់ថ្ងៃ ឱ្យ​​​ទៅ​​​ជា​​​ប្រជារាស្ត្រ​របស់​​​​ព្រះ​ជាម្ចាស់ ជាព្រះកាយរបស់ព្រះ​គ្រីស្ត និងជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះ​​​ហើយ​​​ បាន​​​ជា​​​មហាសន្និបាតត្រូវជួយ​គាំទ្រអស់​លោក​គង្វាលឱ្យកាន់តែស័ក្តិសិទ្ធិឡើងៗ ក្នុង​​​កិច្ច​​​បំពេញមុខងា​​​រប​​​ម្រើ​​​រប​​​ស់ខ្លួន និង​​ជួយ​​អស់លោក​​​​ឱ្យរស់នៅកាន់​តែល្អ​ប្រសើរឡើង ក្នុង​​​សភាពការណ៍​​​មនុស្ស​​​លោក​​​ដែលតែងតែប្រែប្រួល​​​ជា​​​និច្ច។ ហេតុ​​​នេះហើយ បានជា​​​មហាសន្និបាត​​​​ដ៏វិសុទ្ធ​​​​​​នេះ​​​សម្រេច និងប្រកាសសេចក្តី​​​ដូចត​​​ទៅ៖​​​

ជំពូក ១
មុខងារជាគង្វាលក្នុងបេសកកម្មរបស់ព្រះសហគមន៍

២- ព្រះអម្ចាស់យេស៊ូ ដែល “ព្រះបិតាប្រោសឱ្យបានវិសុទ្ធ និងចាត់ឱ្យយាងមកក្នុងពិភពលោក” (យហ ១០,៣៦) ព្រះ​អង្គ​​​ប្រោសឱ្យព្រះកាយដ៏អាថ៌កំបាំងទាំងមូលរបស់ព្រះអង្គ រួមជាមួយព្រះអង្គដែលព្រះវិញ្ញាណដ៏វិសុទ្ច​​​ចាក់​​​ប្រេង​​​អភិសេកដែរ (មថ ៣,១៦; លក ៤,១៨; កក ៤,២៧; ១០,៣៨)។ ក្នុងអង្គព្រះគ្រីស្ត អស់​​​គ្រីស្តបរិស័ទ​ទៅជា “ក្រុម​​​​​​បូជាចារ្យដ៏វិសុទ្ធរបស់ព្រះមហាក្សត្រ ដែលថ្វាយយញ្ញបូជាខាងវិញ្ញាណទៅព្រះជា​​​ម្ចាស់​​​តាម​​​រយៈព្រះយេស៊ូ​​​គ្រីស្ត ហើយ​ប្រកាស​ដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅគេ​​​ឱ្យចេញ​​​ពីទីងងឹត​មកកាន់​​​ពន្លឺ​​​ដ៏​​​រុង​​​​​​​​​​រឿង​របស់ព្រះ​អង្គ” (១សល ២,៥.៩)។ ហេតុនេះហើយ សមាជិក​​​គ្រប់ៗ​​​រូប​​​សុទ្ធតែមានចំណែក​ក្នុង​​​បេសកកម្មនៃព្រះ​កាយ​ទាំងមូល។ ប៉ុន្តែ ម្នាក់ៗត្រូវតែទុកឱ្យព្រះ​​​គ្រីស្តសម្តែង​​​ព្រះ​​​បារមី​​​ក្នុង​​​ចិត្តគំនិតរបស់ខ្លួន (១សល ៣,១៥) និងផ្តល់សក្ខីភាពអំពីព្រះយេស៊ូ ដោយ “ព្រះវិញ្ញាណរបស់​​​ព្រះអង្គថ្លែង​​​ព្រះបន្ទូល​​​ក្នុង​​​នាម​​​ព្រះជា​​​ម្ចាស់​​​” (វវ ១៩,១០; ពន្លឺ ៣៥)។

ព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យគ្រីស្តបរិស័ទរួបរួមគ្នាជារូបកាយតែមួយ ហើយក្នុងរូបកាយនោះ “សរីរាង្គ​នីមួយៗ​មានមុខងារខុសៗគ្នា” (រម ១២,៤) ដូច្នេះ ក្នុងចំណោមគ្រីស្តបរិស័ទ ព្រះអង្គតែងតាំងអ្នកខ្លះឱ្យមានមុខ​​​ងារ​​​បម្រើ​​​។ ក្នុងសហគមន៍គ្រីស្តបរិស័ទ អ្នកទាំងនេះទទួលអំណាចដ៏សក្ការៈ គឺអំណាចមកពីព្រះជាម្ចាស់ដោយ​​​អគ្គសញ្ញាតែងតាំង ដើម្បីឱ្យអស់លោកអាចថ្វាយសក្ការបូជា និងលើកលែងទោសឱ្យ​​​គេរួច​​ពី​​​​​​បាប​​​។ លោកទាំង​​​នោះ​​​បំពេញមុខងារជាបូជាចារ្យជា​​​សាធារណៈ ដើម្បីជាប្រយោជន៍ដល់​មនុស្ស​​​លោក​​​ក្នុង​​​​​​នាមព្រះគ្រីស្ត។ ហេតុនេះ​​​ហើយ ព្រះគ្រីស្តបានចាត់ក្រុមគ្រីស្តទូតឱ្យទៅ ដូច​ព្រះបិតា​បានចាត់​ព្រះអង្គឱ្យយាងមកដែរ (យហ ២០,២១)។ បន្ទាប់​​​​​​មក ដោយសារក្រុមគ្រីស្តទូត ព្រះគ្រីស្តក៏បាន​ប្រោសឱ្យអស់លោកអភិបាល ដែល​​​បន្ត​​​មុខងារពីក្រុម​​​គ្រីស្ត​​​ទូត​​​មក (ពន្លឺ​​​ ២៨)​​​ រួម​​​ជា​​​មួយ​​​ព្រះអង្គដែលត្រូវញែកប្រសិទ្ធិឱ្យបានវិសុ​​​ទ្ធ និងរួមចំណែក​​​ក្នុង​​​​​​បេសកកម្ម​​​របស់​​​ព្រះ​​​អង្គ​​​ផ​​​​​​ងដែរ។ ព្រះសហគមន៍បញ្ជូនប​​​ន្ត​​​មុខ​​​ងារ​​​បម្រើរបស់លោក​​​អភិបាល​​​ទៅ​​​ដល់​​​លោក​​​គង្វាល តាមកម្រិតទាបជាង (ពន្លឺ ២៨)។ អស់លោកជាក្រុមគង្វាលត្រូវបានតែងតាំង​​​ ដើម្បីទៅជាសហការី​​​របស់​ក្រុមអភិបាលក្នុងកិច្ចបំពេញ​​​បេសកកម្ម​​​ជាគ្រីស្តទូត​​​ ដែលព្រះគ្រីស្តបានផ្ញើទុក​​​ឱ្យ​​​ក្រុម​​​អភិបាល។

អស់លោកគង្វាលមានការងារភ្ជាប់ជាមួយនឹងក្រុមលោកអភិបាល ហើយទទួលចំណែក​​​ក្នុង​​​អំណាច​​​​​​​​​របស់​​​ព្រះ​​​គ្រីស្តផ្ទាល់ដែលសាង សង់ គ្រប់​​​គ្រង និងប្រោសឱ្យព្រះកាយ​បានវិសុទ្ធ។ ហេតុនេះហើយ ព្រះ​​​សហគមន៍​​​ផ្ញើមុខងារ​​​ជាបូជាចារ្យឱ្យលោកគង្វាលដោយសារអគ្គសញ្ញា​​​ដ៏​​​ពិសេស​​​​​​មួយ គឺអគ្គសញ្ញាតែងតាំង។ ដោយ​​​អគ្គសញ្ញាតែងតាំងនេះ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់ប្រេងអភិសេក ដៅ​​​ចំណាំ​​​អស់​​​លោក​​​​​​ឱ្យមាន​​​លក្ខណៈ​​​ពិសេសមួយគឺ ​​​ព្រះ​​​អង្គ​​​ប្រោសឱ្យអស់លោកបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ ដើម្បីឱ្យអស់លោកមាន​សមត្ថ ភាព​​​អាច​​​ប្រព្រឹត្ត​​​កិច្ចការក្នុងនាមព្រះគ្រីស្តផ្ទាល់ជាព្រះសិរសា (ពន្លឺ ១០)។ ប៉ុន្តែ​​​ អស់​​​​​​លោក​​​ត្រូវ​​​ទទួល​​​​អគ្គសញ្ញា​ទាំងបីនៃការ​​​បញ្ចូល​គ្រីស្តសាសនាជាមុន​​​សិន។

ដោយលោកគង្វាលរួមចំណែកក្នុងមុខងាររបស់ក្រុមគ្រីស្តទូតនោះ ព្រះជាម្ចាស់ប្រោស​​​ប្រទាន​​​ព្រះ​​​អំណោយទាន​​​ឱ្យអស់លោក តែង តាំងអស់លោកឱ្យ “មានមុខងារបម្រើព្រះគ្រីស្តយេស៊ូនៅកណ្តាល​​​ចំណោម​​​​សាសន៍​​​ដទៃ គឺឱ្យបំពេញមុខងារ​ដ៏សក្ការៈ ប្រកាសដំណឹងល្អ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជា​​​តង្វាយដែល​​​គាប់​​​​​​​ព្រះហឫទ័យព្រះអង្គ ជាតង្វាយ​ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យបានវិសុទ្ធ“ (រម ១៥,១៦)។ ដោយក្រុម​​​គ្រីស្តទូត​ប្រកាស​​ដំណឹងល្អ អស់លោកកោះ​ហៅប្រជារាស្ត្រ​របស់ព្រះជាម្ចាស់ឱ្យជួបជុំគ្នា ដើម្បីឱ្យព្រះ​​​វិញ្ញាណ​​​ដ៏វិសុទ្ធ​​​ប្រោសឱ្យសមាជិកទាំងអស់នៃប្រជារាស្ត្រនេះបានវិសុទ្ធ ហើយ​ថ្វាយ​ខ្លួន “ទុកជាយញ្ញដែលមានជីវិត​​​ ជា​​​យញ្ញដ៏វិសុទ្ធ ហើយគាប់ព្រះ​ហឫទ័យ​ព្រះជាម្ចាស់” (រម ១២,១)។ ក៏ប៉ុន្តែ សក្ការបូជាខាងវិញ្ញាណរបស់​​​គ្រីស្តបរិស័ទ​​​បានពេញលក្ខណៈ គឺរួមជាមួយនឹងសក្ការបូជា​របស់ព្រះគ្រីស្តដែលជាស្ពានមេត្រីតែមួយគត់ ដោយ​​​សារ​​​​មុខងា​រ​បម្រើ​​​​​​របស់អស់លោកគង្វាល។ នៅពេលអស់លោកធ្វើពីធីអរព្រះគុណ អស់លោក​ថ្វាយ​សក្ការបូជា​​​​នេះ​​​​ក្នុងនាមព្រះ​សហគមន៍​​​ទាំងមូល ជាសក្ការបូជាដែលមិនបង្ហូរឈាម និងតាមលក្ខណៈជាអគ្គសញ្ញារហូតដល់​​​ពេល​​​​ព្រះ​​​អម្ចាស់​​​​យាងមក (១ករ ១១,​២៦)។ សក្ការ​​បូជាអរព្រះគុណនេះ ជាកំពូលនៃមុខងារបម្រើរបស់គង្វាល ហើយ​​​ក៏​​​ធ្វើ​​​ឱ្យមុខងារនេះបានពេញ​លក្ខណៈដែរ។ មុខងារ​បម្រើនេះចាប់ផ្តើម​​​ដោយការ​​​ប្រកាស​​​ដំណឹង​​​ល្អ ហើយមានកម្លាំង​​​ និងអានុភាពដោយសារសក្ការ​បូជារបស់ព្រះគ្រីស្ត។ មុខងារបម្រើជាគង្វាលនេះ នឹងដល់កំពូលនៅ​​​ពេល “គេយក​​​បុរី​​​ទាំង​​​មូលដែលព្រះជាម្ចាស់បានរំដោះ ពោលគឺ សង្គម និងសហគមន៍របស់ជន​ដ៏វិសុទ្ធ​​​​ទាំង​ឡាយទៅថ្វាយ​​​ព្រះ​​​ជា​​​ម្ចាស់ ទុកជាសក្ការបូជាសកលដោយសារព្រះគ្រីស្តជាមហាបូជាចារ្យ ​ដែលទ្រង់បានថ្វាយព្រះ​អង្គ​ផ្ទាល់ នៅ​​​ពេល​​​ព្រះ​​​អង្គរងទុក្ខលំបាកសម្រាប់យើង ដើម្បីឱ្យយើងទៅ​​​ជាព្រះ​​​កាយ​​​របស់ព្រះសិរសាដ៏ឧត្តុង្គ​ឧត្តម​បំផុត​​​នោះ”។ (សន្តអូគូស្តាំង)។

ដូច្នេះ មុខងារបម្រើរបស់អស់លោកគង្វាល និងការរស់នៅរបស់អស់​លោកមាន​គោលដៅតែមួយ គឺលើក​​​តម្កើង​​​សិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា​ក្នុងអង្គព្រះគ្រីស្ត។ សិរីរុងរឿង​នេះ​មានន័យថា ឱ្យមនុស្សលោកសុខ​​​ចិត្ត​​​​​​​​​​​​ទទួល​​​ស្នាព្រះហស្តរបស់ព្រះ​ជាម្ចាស់ ដែលទ្រង់បានសម្រេច​ក្នុង​អង្គព្រះ​គ្រីស្ត ទាំងដឹងខ្លួន ទាំងមានសេរីភាព និង​​​ទាំង​​​អរ​ព្រះគុណ​​​ទៀតផង។ មនុស្សលោកក៏សម្តែងស្នាព្រះហស្តរបស់ព្រះជាម្ចាស់នោះ តាមគ្រប់​កិច្ចការ​ប្រចាំ​ការ​​​រស់​​​នៅ​​​​របស់​​​​​​​​​គេ។ ហេតុនេះហើយ បានជាអស់លោកគង្វាល ទោះជាពេលអធិដ្ឋានក្តី នមស្ការ​ថ្វាយ​បង្គំ​​​ព្រះជាម្ចាស់ក្តី ប្រកាសព្រះប​​​ន្ទូលក្តី ថ្វាយសក្ការបូជាអរព្រះគុណក្តី ធ្វើអគ្គសញ្ញាឯទៀតៗជូនគ្រីស្តបរិស័ទក្តី បំពេញកិច្ចបម្រើផ្សេងៗ​​​សម្រាប់មនុស្សលោកក្តី ក៏អស់លោក​រួមធ្វើឱ្យសិរីរុងរឿង​របស់​ព្រះជាម្ចាស់លេចចាំងឱ្យកាន់តែភ្លឺឡើង ព្រម​​​ទាំងជួយ​​​នាំមនុស្សឱ្យធ្វើដំណើរទៅទទួលព្រះជន្មរបស់ព្រះអង្គកាន់តែច្រើនឡើងទៀតផង។ ការទាំងអស់នេះសុទ្ធ​​​តែ​​​​​​ហូរ​​​មក​​​ពីបុណ្យ​ចម្លងរបស់ព្រះគ្រីស្ត គឺហូរមកពីព្រះអង្គសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ហើយនឹង​​​បាន​​​សម្រេច​​​ជាស្ថាពរ​នៅពេលព្រះ អម្ចាស់យាងមកវិញប្រកបដោយសិរីរុងរឿង គឺនៅពេលព្រះអង្គនឹងប្រគល់​​​ព្រះរាជ្យ​​​ថ្វាយ​​​ព្រះជាម្ចាស់ជាព្រះបិតា (១ករ ១៥,២៤)។

៣- សភាពការណ៍របស់លោកគង្វាលក្នុងពិភពលោក

លោកបូជាចារ្យត្រូវគេជ្រើសរើសពីចំណោមមនុស្ស ហើយត្រូវគេតែងតាំងសម្រាប់ជួយមនុស្សឱ្យទាក់ទងជា​មួយ​ព្រះ​ជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោកក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាប (ហប ៥,១)។ ហេតុនេះ លោកគង្វាលរស់នៅក្នុងចំណោមមនុស្សដោយចាត់ទុកគេជាបងប្អូន។ ព្រះអម្ចាស់យេស៊ូក៏​​​ប្រព្រឹត្ត​​​​​​​ដូច្នេះដែរ គឺព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ​និងជាមនុស្សដែលព្រះបិតាចាត់ឱ្យមករកមនុស្សលោក ព្រះអង្គ​​​បាន​​​​​​គង់នៅក្នុងចំណោមមនុស្សយើង ហើយសព្វព្រះហឫទ័យឱ្យមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គ តាម​​​គ្រប់ជំពូក​​​ទាំង​​​អស់ តែទ្រង់ពុំបានប្រព្រឹត្តអំពើ​បាបសោះឡើយ (ហប ២,១៧; ៤,១៥)។ ក្រុមសន្តគ្រីស្តទូតយកតម្រាប់​​​តាម​​​ព្រះ​​​អម្ចាស់យេស៊ូរួចហើយ។ សន្តៈប៉ូលជាគ្រូបាធ្យាយរបស់សាសន៍ដទៃ ហើយដែលព្រះជាម្ចាស់បាន “ជ្រើស​​​រើស​​​ញែក​​​​​​ទុកដោយឡែក… ដើម្បីប្រកាសដំណឹងល្អរបស់ព្រះអង្គ” (រម ១,១) បញ្ជាក់ថា លោកសុខចិត្តធ្វើឱ្យបាន​​​ដូច​​​មនុស្សទាំងអស់ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះមនុស្សទាំងអស់ (១ករ ៩,១៩-២៣)។ អស់គង្វាលនៃ​​​សម្ពន្ធ​​​មេត្រីថ្មីក៏ត្រូវព្រះជាម្ចាស់ញែកទុកដោយឡែកម៉្យាងពីចំណោមប្រជារាស្ត្ររបស់ព្រះអង្គ ​ដោយព្រះអង្គត្រាស់ហៅ​​​អស់លោក និងដោយអស់លោកទទួលអគ្គសញ្ញាតែងតាំង។ ក៏ប៉ុន្តែ ​អស់លោកមិនផ្តាច់ពីប្រជារាស្ត្រនោះ ​ឬពីមនុស្ស​​​ណាឡើយ ផ្ទុយទៅវិញ ព្រះជាម្ចាស់ញែកទុកអស់​​​លោកដោយឡែកដូច្នេះ ដើម្បីបូជាកម្លាំងកាយ​​​កម្លាំងចិត្ត​​​បំពេញកិច្ចការដែលព្រះអម្ចាស់បានដាក់ឱ្យធ្វើ (កក ១៣,២)។ ប្រសិនបើអស់ លោកមិនមែនជាសា​​​ក្សីអំពីជីវិត​​​​​​ប្លែកពីជីវិតលោកីយ៍​​​នេះ និងមិនមែនជាអ្នកចែកចាយពីជីវិតនោះឱ្យមនុស្សម្នាទេ អស់លោកមិនអាចបំពេញមុខ​​​ងារ​​​ជាអ្នកបម្រើរបស់ព្រះគ្រីស្តបានឡើយ។ ក៏ប៉ុន្តែ ប្រសិនបើអស់លោករស់នៅដាច់ដោយឡែកពីការស់នៅ​​​ និងពី​​​សភាពការណ៍ជីវភាពរបស់មនុស្សវិញ ក៏អស់លោកគ្មានប្រយោជន៍ក្នុងកិច្ច​បម្រើមនុស្សលោកដែរ។ អស់លោក​​​គង្វាលមិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ (រម ១២,២) ព្រោះមុខងារបម្រើនោះទាមទារយ៉ាង​​​ពិសេសមិន​​​ឱ្យយ​​​កតម្រាប់តាមគេទេ ក៏ប៉ុន្តែ មុខ ងារបម្រើនោះទាម​​ទារ​ឱ្យ​អស់​លោករស់នៅក្នុងលោកីយ៍នេះ គឺនៅក្នុងចំណោម​​​មនុស្សលោក។ ដូច្នេះ អស់លោក​ត្រូវតែជាគង្វាលដ៏ល្អដែល​ស្គាល់ចៀម​របស់ខ្លួន ហើយខិតខំស្វែងរកអស់​​​ចៀម​​​ដែល​​​​​​​​​មិននៅក្នុងក្រោលនេះ ដើម្បីឱ្យ​អ្នកទាំងនោះអាចស្តាប់ឮព្រះសូរ​សៀង​របស់ព្រះគ្រីស្ត ក្នុងគោលបំណង​​​ឱ្យ​​​មាន​​​ហ្វូង​​​ចៀមតែមួយ និងគង្វាលតែមួយ (យហ ១០,១៤-១៦)។

គង្វាលត្រូវមានគុណសម្បត្តិខ្លះៗដែលជួយយ៉ាងខ្លាំងឱ្យកិច្ចការទាំងនោះបានសម្រេច គឺគុណសម្បត្តិ​​​ដែល​​​​មនុស្សតែងតែចូលចិត្តយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយមនុស្សឯទៀតៗ គឺត្រូវមានចិត្តសប្បុរស ចិត្តស្មោះត្រង់ ចិត្តគំនិតរឹងប៉ឹង ចិត្តនឹងន ចិត្តព្យាយាមខន្តី ចិត្តឧស្សាហ៍ ស្វែងរកយុត្តិធម៌ ចិត្តទន់ភ្លន់ជាដើម។ គ្រីស្តទូតប៉ូលផ្តែផ្តាំឱ្យ​មាន​​​​គុណ​សម្បត្តិ​ផ្សេងៗទៀតដោយមានប្រសាសន៍ ថា៖ “សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ ​​​គួរឱ្យ​ស្រឡាញ់ គួរ​ឱ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ​គួរឱ្យ កោតសរសើរ” (ភីល ៤,៨)។

ជំពូក ២
មុខងារបម្រើរបស់អស់លោកគង្វាល

ផ្នែកទី ១- បន្ទុករបស់អស់លោកគង្វាល

៤- លោកគង្វាលមានមុខងារបម្រើព្រះបន្ទូល

ជាបឋម ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ជួបជុំគ្នា ដោយសារព្រះបន្ទូលរបស់ព្រះ​​​អង្គដែលមានព្រះ​​​ជន្ម​​​គង់​​​នៅ (១សល ១,២៣; កក ៦, ៧; ១២,២៤)។ មនុស្សត្រូវតែស្តាប់ព្រះបន្ទូលនេះយ៉ាងពិសេស​​​ពីមាត់របស់​​​អស់​​​លោក​​​គង្វាល (មគ ២,៧; ១ធម ៤,១១-១៣; ២ធម ៤,៥; ទត ១,៩)។ ប្រសិនបើគេមិន​​​ផ្ញើ​​​ជីវិត​​​លើព្រះគ្រីស្តទេ គ្មាននរ​ណា​ម្នាក់​អាច​ទទួលការសង្គ្រោះបានឡើយ (មក ១៦,១៦)។ ហេតុនេះហើយ បានជា​អស់លោក​​​គង្វាល​​​ក្នុង​​​ឋានៈអស់លោកជា​សហការី​របស់ក្រុមអភិបាលមានភារកិច្ចចម្បង គឺប្រកាសដំណឹង​​​ល្អរបស់​​​ព្រះ​​​ជាម្ចាស់​​​​​​ឱ្យ​​​មនុស្ស​​​​​​ទាំងអស់ (២ករ ១១,៧; ពន្លឺ ២៥)។ ដោយអស់​លោក​ប្រតិបត្តិ​​តាមព្រះបញ្ជារបស់ព្រះអម្ចាស់ថា “អញ្ជើញ​​​នាំ​​​គ្នាទៅគ្រប់ទីក​​​ន្លែងក្នុង​​​ពិភពលោក ហើយប្រកាស​​​ដំណឹង​​​ល្អដល់​មនុស្សលោក​ទាំងអស់” (មក ១៦,១៥) អស់​​​លោក​​​តែង​​​តាំងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យប្រជារាស្រ្តនោះចម្រើន​ឡើង​ទៀត​ផង។ ព្រះបន្ទូល​​​ស្តីអំ​​​ពី​​​ការសង្គ្រោះ នាំ​​​ឱ្យអ្នក​​​មិនកាន់គ្រីស្តសាសនាភ្ញាក់ស្ញារតីផ្ញើជីវិតលើព្រះគ្រីស្ត ហើយក៏ចិញ្ចឹម​ជំនឿ​របស់​​គ្រីស្តបរិស័ទ​​​​​​​​​​​ដែរ។ ជំនឿនេះក៏ធ្វើឱ្យសហគមន៍អ្នកជឿកើត និងចម្រើនឡើង ស្របតាមគ្រីស្តទូតមាន​ប្រសាសន៍ថា៖ “ជំនឿ​​​កើត​​​មក​​​ពីសេចក្តីដែលយើងបានស្តាប់ឮ រីឯសេចក្តីដែលយើងបានស្តាប់ឮនោះ កើតមកពីព្រះ​បន្ទូល​របស់​​​ព្រះគ្រីស្ត” (រម ១០,១៧)។

ដូច្នេះ អស់លោកគង្វាលមានកាតព្វកិច្ចចែករំលែកសេចក្តីពិត នៃដំណឹងល្អដល់មនុស្សទាំងអស់ (កាឡ ២,៥) គឺ​សេចក្តីពិតដែលព្រះ​អម្ចាស់​បានប្រោសឱ្យអស់លោកទទួលផ្ទាល់។ ហេតុនេះហើយ នៅពេល​អស់​លោក​​​​​​កាន់កិរិយាមារយាទឱ្យបានថ្លៃថ្នូរក្នុងចំណោមសាសន៍ដទៃ ដើម្បីនាំគេឱ្យលើកតម្កើងសិរីរុងរឿង​របស់​ព្រះជាម្ចាស់ (១សល ២,១២) នៅពេលអស់លោកប្រកាសគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដោយប្រកាស​​​ដំណឹងល្អជា​​​សាធារណៈ​​​ឱ្យអស់អ្នកដែលពុំមានជំនឿស្តាប់ឮ នៅពេលអស់លោកបញ្ជូនបន្តសេចក្តីបង្រៀននៃគ្រីស្តសាសនា ឬ​​​រៀប​​​​​​រាប់​​​ពន្យល់លទ្ធិនៃព្រះ​សហគមន៍ ហើយនៅពេលអស់លោកសិក្សា និងខិតខំរកដំណោះស្រាយ​បញ្ហានានានៃ​​​សម័យឥឡូវ ដោយយកព្រះពន្លឺព្រះគ្រីស្តមកបំភ្លឺក្នុងករណីទាំងនោះ អស់លោកមិនត្រូវបង្រៀនសេចក្តីកើតមក ពី​ប្រាជ្ញា​របស់ខ្លួនផ្ទាល់នោះទេ តែត្រូវបង្រៀនព្រះបន្ទូលរបស់​ព្រះជាម្ចាស់ជានិច្ចវិញ។ ​អស់លោកក៏ត្រូវទទូច​​​អញ្ជើញ​​​មនុស្ស​​​​ទាំងអស់​​ឱ្យប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងឱ្យបានទៅ​ជាជនដ៏វិសុទ្ធ​​ទៀតផង។ តាមពិត អស់លោក​​​បូជាចារ្យ​​​​​​សែន​​​ពិបាក​​​ប្រកាស​​​សេចក្តី​​​ទាំងនោះក្នុងសភាពការណ៍​​​ពិភពលោក​នា​បច្ចុប្បន្នកាល។ ប្រសិន​​​បើអស់​​​លោក​​​​ចង់ឱ្យ​​​អ្នក​​​​​​ស្តាប់​​​រំភើប​ចិត្តចាប់អារម្មណ៍នឹងសេចក្តីដែលអស់លោកប្រកាសយ៉ាងពិតមែន អស់លោក មិន​​​ត្រូវ​​​ត្រឹម​​​តែរៀប​​​រាប់​​​ពន្យល់​​​​ព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបទូទៅ និងតាម​របៀបជាអរូបីប៉ុណ្ណោះទេ តែត្រូវយក​​​សេចក្តីពិតនៃ​​​ដំណឹង​​​ល្អដែលនៅ​ស្ថិតស្ថេររហូតមក​បំភ្លឺសភាពការណ៍ដ៏ពិតប្រាកដនៃការរស់នៅរបស់មនុស្សវិញ។

គង្វាលបំពេញមុខងារបម្រើព្រះបន្ទូលតាមរបៀបផ្សេងៗជាច្រើន ​តាមតម្រូវការនានារបស់អ្នកស្តាប់ និងតាម​ព្រះអំណោយទានរបស់អ្នកប្រកាស។ នៅតំបន់ណា ឬក្នុងក្រុម ក្នុងសង្គមណា​ដែលគ្មានគ្រីស្តបរិស័ទរស់នៅ ត្រូវ​ណែ​​​​​​នាំឱ្យមនុស្សមកផ្ញើជីវិតលើព្រះគ្រីស្ត ​និងទទួលអគ្គសញ្ញានៃការសង្គ្រោះបាន ​ដោយប្រកាសដំណឹងល្អ (មថ ២៨,​​​១៩; មក ១៦,១៦)។ រីឯក្នុងសហគមន៍គ្រីស្តបរិស័ទវិញ ជាពិសេស ចំពោះអ​​​ស់អ្នកដែលហាក់ដូចជា​​​មិន​​​សូវ​​​មាន​​​ជំនឿ ឬមិនយល់អំពីមូលហេតុនៃអ្វីដែលគេកំពុងប្រតិបត្តិនោះ ​ត្រូវតែប្រកាសព្រះបន្ទូលជាចាំបាច់។ អគ្គសញ្ញាទាំង​​​ប៉ុន្មាន​​​សុទ្ធតែជាអគ្គសញ្ញាបញ្ជាក់ជំនឿ ហេតុការណ៍ប្រកាសព្រះបន្ទូលគឺភ្ជាប់នឹងមុខងារ​បម្រើ​​ធ្វើអគ្គសញ្ញា​។ រីឯជំនឿ​​​វិញ កើតមក​​​ពីព្រះ​​​បន្ទូល  ហើយមានជីវិតរស់រវើកក៏ដោយសារព្រះបន្ទូល​ដែរ (ពិធី ២៥)។ សេចក្តីនេះមាន​​​សារៈ​​​​​​សំខាន់​​​ពិសេស ចំពោះ​​​ពិធីលើកតម្កើងព្រះបន្ទូល​ព្រះជាម្ចាស់ក្នុងអភិបូជា។ ក្នុងអភិបូជា គឺមានប្រកាសអំពី​​​ព្រះ​​​អម្ចាស់​​​សោយ​​​ទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងភ្ជាប់ជាមួយ​នឹង​ចម្លើយរបស់ប្រជាជនដែលស្តាប់ឮ ហើយក៏​​​ភ្ជាប់​​​នឹងព្រះ​​​គ្រីស្ត​​​ដែល​​​​​​បូជា​​​ព្រះជន្មថ្វាយ និងចងសម្ពន្ធមេត្រីថ្មីដោយបង្ហូរព្រះលោហិតព្រះអង្គ។ អស់អ្នកជឿក៏​រួបរួម​ជា​មួយព្រះគ្រីស្តដែលបូជាព្រះជន្មនោះដោយអធិដ្ឋានផង និងដោយទទួលអគ្គសញ្ញាអរព្រះគុណផង (ពិធី ៣៣.៣៥.៤៨.៥២.)។

៥- គង្វាលជាអ្នកបម្រើអគ្គសញ្ញានានា និងអគ្គសញ្ញាអរព្រះគុណ

មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ជាព្រះដ៏វិសុទ្ធ ដែលអាចប្រោសមនុស្សឱ្យបានវិសុទ្ធបាន។ ​ព្រះអង្គសព្វព្រះហឫទ័យលើកយកមនុស្សធ្វើជាសហការី និងធ្វើជាអ្នកបម្រើដ៏សុភាពរាបសាក្នុងព្រះរាជ​​​កិច្ច​​​ប្រោស​​​ឱ្យមនុស្ស​​​​​​បានវិសុទ្ធនោះ។ ហេតុនេះហើយ ព្រះជាម្ចាស់​​​ញែក​​​គង្វាលឱ្យរួម​​​ចំណែក​​​​​​តាមរបៀប​​​ពិសេស ក្នុងមុខងារ​​​បម្រើ​​​​​​​របស់​ព្រះគ្រីស្តជាមហាបូជាចារ្យ តាមរយៈមុខ​ងារបម្រើរ​បស់អភិបាល។ អស់លោកគង្វាល​​​ប្រព្រឹត្តកិច្ច​​​ការ​​​ក្នុង​​​ឋានៈ​​​​​​​​​ជា​​​អ្នក​​​បម្រើរបស់ព្រះអង្គក្នុងពិធីដ៏សក្ការៈនានា គឺក្នុងពិធីគោរពប្រណិប័តន៍​​ព្រះជាម្ចាស់ទាំងនោះ ព្រះ​​​គ្រីស្ត​​​បំពេញ​​​មុខ​​​​​​ងា​​​រ​​​របស់ព្រះអង្គ​ជា​​​មហា​បូជាចារ្យ​​​ជា​​​និច្ច​​​និរន្តរ៍ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ​ដើម្បីជា​​​ប្រយោជន៍​​​ដល់យើង។ ​​​​​​​​​ដោយអស់​​​​​​លោកធ្វើ​​​អគ្គសញ្ញា​​​​​​​​​ជ្រមុជទឹក​​​ជូនគេ អស់លោក​​​បញ្ចូល​​​មនុស្សទៅក្នុងប្រជារាស្ត្រ​​​របស់​​​ព្រះ​​​​​​​​​ជាម្ចាស់។ ​ដោយធ្វើអ​​​គ្គសញ្ញាលើក​​​លែង​​​ទោស អស់លោក​​​សម្រុះសម្រួលអ្នក​​​បាបឱ្យជានា​​​ជា​​​មួយព្រះជាម្ចាស់ និង​​​ជានាជាមួយព្រះ​​​សហគមន៍​​​។ ដោយ​​​អស់លោកធ្វើអគ្គសញ្ញាលាបប្រេង​​​អ្នកជំងឺ អស់លោកជួយ​​​សម្រាលទុក្ខ​​​អស់​​​អ្នកដែលឈឺចុក​ចាប់​។ ជាពិសេស នៅពេល​​​ថ្វាយអភិបូជា អស់​​​លោក​​​ថ្វាយ​​​សក្ការបូជារបស់ព្រះគ្រីស្តតាម​​​របៀប​​​ជាអគ្គសញ្ញា។ ពេលណាអស់​​​លោក​​​​​ធ្វើអគ្គសញ្ញា​មួយក្នុងចំណោមអគ្គសញ្ញាទាំងនោះ អស់លោក​គង្វាល​​​ក៏នៅ​ភ្ជាប់​​​ជា​​​មួយលោកអភិបាលតាម​​​លំដាប់លំ​​​ដោយ និងតាមរបៀបផ្សេងៗ ​ហាក់ដូចជាធ្វើឱ្យលោក​​​អភិបាលមាន​​​វត្តមាន​​​ម៉្យាង​​​ក្នុងសហគមន៍គ្រីស្តបរិស័ទ​​​នីមួយៗ​​​ដែរ (ពន្លឺ ២៨)។ តាំងពីជំនាន់ដើមនៃព្រះ​សហគមន៍មកម៉េ្លះ សន្ត​​​​​​​​​​​​អ៊ីញ៉ាស​​​ជាមរណសាក្សី​​​បញ្ឆាក់រួច​មកហើយថា អស់លោកគង្វាលក៏នៅភ្ជាប់ជាមួយលោក​​​អភិបាល​​​ដូច្នោះដែរ។

អគ្គសញ្ញានានា និងមុខងារបម្រើទាំងអស់ក្នុងព្រះសហគមន៍ ព្រមទាំងគ្រប់កិច្ចការជាគ្រីស្តទូត គឺជាប់​​​ពាក់​​​ព័ន្ធ​​​​​​​ជាមួយ​នឹង​​អគ្គសញ្ញាអរព្រះគុណដ៏សក្ការៈ ហើយក៏តម្រង់ទៅរកអគ្គសញ្ញាអរព្រះគុណនេះដែរ។ ក្នុងអគ្គសញ្ញាអរ​ព្រះគុណដ៏វិសុទ្ធបំផុត មានកប់ទុកសម្បត្តិដ៏មានតម្លៃទាំងមូលខាងព្រះវិញ្ញាណរបស់ព្រះសហគមន៍ ពោលគឺ ព្រះគ្រីស្តផ្ទាល់តែម្តង ​​​ព្រះអង្គពិត​ជា​យញ្ញបូជាថ្វាយក្នុងឱកាសបុណ្យចម្លងរបស់យើង ព្រះអង្គពិតជានំប៉័ងដែលមានជីវិត។​​​ដោយ​​​ព្រះវិញ្ញាណដ៏វិសុទ្ធបាន​ប្រោសឱ្យ​សាច់​ឈាមរបស់ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿង​ និងអាចផ្តល់ជីវិត ព្រះ​​​អង្គ​​​ក៏ផ្តល់ជីវិតឱ្យមនុស្សលោក។

ព្រះគ្រីស្តអញ្ជើញ និងណែនាំមនុស្សលោកឱ្យថ្វាយខ្លួនរួមជាមួយព្រះអង្គ គឺថ្វាយទាំងខ្លួនគេផ្ទាល់ ​ការងាររបស់គេ និងសត្វ​លោក​ទាំងប៉ុន្មានដែលព្រះជាម្ចាស់ប្រតិស្ឋានមក។ ​ដូច្នេះ ​អគ្គសញ្ញាអរព្រះគុណលេចចេញ​​​យ៉ាង​​​ជាក់ច្បាស់ថា ជាប្រភព និងជាកំពូល​នៃកិច្ចប្រកាសដំណឹងល្អគ្រប់យ៉ាង។ ព្រះសហគមន៍ណែនាំអ្នកកំពុងស្តាប់ព្រះ​​​បន្ទូលលាន់ឭឡើង ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ឱ្យរួមចូលក្នុងអភិបូជាបន្តិចម្តងៗ។ រីឯគ្រីស្តបរិស័ទ​​​ដែល​​​បាន​​​ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញា​លាបថ្ងាសវិញ គេក៏ចូលរួមយ៉ាងពេញលក្ខណៈក្នុងព្រះកាយព្រះគ្រីស្ត ​ដោយសារ​​​អគ្គសញ្ញាអរព្រះគុណដែរ។ ហេតុនេះហើយ បានជាអង្គប្រជុំដែលថ្វាយអភិបូជាពិត ជាស្នូល​​​​​​នៃ​​​សហគមន៍​​​គ្រីស្តបរិស័ទ ដែលមានលោកគង្វាលជាប្រធាន។ ហេតុនេះ លោកគង្វាលត្រូវតែអប់រំគ្រីស្តបរិស័ទ​​​ឱ្យ​​​ថ្វាយ​​​យញ្ញ​​​របស់​​​ព្រះ​​​អម្ចាស់​​​ទៅ​ព្រះបិតា​ក្នុងអភិបូជា ព្រមទាំងឱ្យថ្វាយការរស់នៅរបស់គេទៅព្រះបិតា ភ្ជាប់នឹង​​​យញ្ញ​​​នោះ​​​ផងដែរ។ ដោយ​​​យោងតាមគោល​គំនិត​របស់ព្រះគ្រីស្តជាគង្វាល អស់លោកគង្វាលត្រូវអប់រំគ្រីស្តបរិស័ទឱ្យលន់តួអំពើ​​​បាប​​​របស់​​​ខ្លួន​​​ចំពោះព្រះសហគមន៍​ក្នុង​អគ្គសញ្ញា​លើក​លែងទោសដោយចិត្តសោកស្តាយថា ខ្លួនបាន​​​ប្រព្រឹត្តអំពើបាប​​​មែន​​​។ ដូចេ្នះ គេប្រែចិត្តគំនិតបែរទៅរកព្រះ​អម្ចាស់ ឱ្យកាន់តែជិត​​ស្និទ្ធ​ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំង​​​នឹកដល់​​​ព្រះ​​​បន្ទូលរ​​​បស់ព្រះអង្គថា៖ “ចូរប្រែចិត្តគំនិត ដ្បិតព្រះ​ដ៏ខ្ពង់ខ្ពស់បំផុត​​យាងមកគ្រងរាជ្យនៅពេលឆាប់ៗ​​​​​​ខាងមុខនេះ​​​ហើយ!” (មថ ៤,១៧)។ លោកគង្វាលក៏ត្រូវបង្រៀន​គ្រីស្តបរិស័ទ​​ឱ្យចូលរួមក្នុងពិធីនានា​​​គោរពប្រណិប័តន៍ព្រះ​​​ជា​​​ម្ចាស់​​​​​​តាមរបៀបគេអាចអធិដ្ឋានដោយចិត្តស្មោះក្នុងពិធីទាំងនោះ។​ អស់​លោក​​​ត្រូវណែនាំ​​​គ្រីស្តបរិស័ទឱ្យមានចិត្ត​​​គំនិត​​​អធិដ្ឋានឱ្យកាន់តែប្រសើរឡើងៗជានិច្ច ក្នុងគ្រប់កាលៈទេសៈប្រចាំ​ជីវិត​របស់​គេ តាម​​​តែព្រះអំណោយទាន និង​​​តាម​​​​​​តម្រូវការរបស់ម្នាក់ៗ។ ​អស់លោកគង្វាលត្រូវណែនាំគ្រីស្តបរិស័ទ​​​ទាំង​​​អស់ឱ្យ​​​មាន​​​​បំណងប្រាថ្នាបំពេញ​គ្រប់​​​ភារកិច្ច​​​តាមសភាពកាណ៍ជាប្រចាំតាមការរស់នៅរបស់ខ្លួន។​ អស់លោកក៏ត្រូវណែនាំ​​​គ្រីស្ត​​​បរិស័ទ​​​​​​ដែល​មាន​​​បទ​​​ពិសោធន៍អំពី​​​ព្រះ​​​យេស៊ូយ៉ាងជ្រៅជាងគេ ឱ្យរស់នៅតាមព្រះដំបូន្មាន​​​ដែលមានចែងក្នុងគម្ពីរដំណឹងល្អ ​សម​​​ស្រប​​​តាម​​​​​​សមត្ថភាព​​​​រៀងៗខ្លួន។ សរុបសេចក្តីមក អស់លោកគង្វាលត្រូវបង្រៀនគ្រីស្តបរិស័ទឱ្យលើក​​​តម្កើង​​​ព្រះ​​​អម្ចាស់​​​អស់​​​ពី​​​ជម្រៅចិត្ត ដោយប្រើបទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ ព្រមទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះ​​​បិតា​​​​​​នៅគ្រប់ពេលវេលា និងក្នុងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង (អភ ៥,១៩-២០)​​​។

លោកគង្វាលលើកកម្កើង និងអរព្រះគុណព្រះជាម្ចាស់នៅពេលអស់លោក​​​ថ្វាយអភិបូជា។ អស់លោក​​​បន្តកិច្វ​​​នោះ​​​​នៅគ្រប់ម៉ោង​​​ប្រចាំថ្ងៃ ដោយពិធីលើក​តម្កើងព្រះអង្គតាមពេលកំណត់។ ក្នុងពិធីតាមពេលកំណត់​​​ទាំង​​​នោះ​​​ អស់​​​លោក​​​​​​​អធិដ្ឋានក្នុងនាម​ព្រះសហគមន៍សម្រាប់​ប្រជាជនទាំងមូលដែលព្រះជាម្ចាស់បានផ្ញើមកឱ្យអស់លោក និង​​​​​​សម្រាប់ពិភពលោកទាំងមូលផងដែរ។

ដំណាក់អធិដ្ឋានជាកន្លែងថ្វាយអភិបូជាដ៏វិសុទ្ធបំផុត និងជាកន្លែងរក្សាទុកនំប៉័ងប្រសិទ្ធិ ក៏ជាកន្លែង​គ្រីស្តបរិស័​​​ទ​​តែងតែជួបជុំគ្នាដែរ។ នៅកន្លែងនោះ គ្រីស្តបរិស័ទតែងនមស្សការថ្វាយបង្គំព្រះបុត្រារប​​​ស់ព្រះជាម្ចាស់ជាព្រះ​សង្គ្រោះ​នៃយើង ដែលយើងថ្វាយលើតុនៃសក្ការបូជា។ គ្រីស្តបរិស័ទនមស្សការថ្វាយបង្គំព្រះអង្គ​ដែលមាន​វត្តមាន​​​​​​នៅទីនោះ ដើម្បីជួយ​គាំទ្រ និងសម្រាលទុក្ខគេ។ ​ហេតុនេះហើយ ត្រូវឱ្យដំណាក់អធិដ្ឋាននេះបាន​​​ស្អាត​​​ល្អ​​​ប្រណិត និងសមរម្យសម្រាប់អធិដ្ឋាន និងធ្វើពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ​ព្រះជាម្ចាស់អញ្ជើញទាំងគង្វាល ទាំង​​​​​​គ្រីស្តបរិស័ទ​​​ឱ្យមក​ឆ្លើយតបស្នងសងគុណ​នឹង​ព្រះអំណោយទានរបស់ព្រះគ្រីស្ត ដែលទ្រង់រមែងតែចាក់បង្ហូរ​​​ព្រះ​​​ជន្ម​​​របស់​​​ព្រះជាម្ចាស់មកក្នុងសរីរាង្គ​នៃព្រះ​កាយព្រះអង្គឥតឈប់ឈរ តាមរយៈសាច់ឈាមព្រះអង្គក្នុងឋានៈជា​​​មនុស្ស​​​​​​។ អស់លោកគង្វាលត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលខ្លួន​ឱ្យ​មានចំណេះចេះ​ដឹងយ៉ាងសមគួរអំពីវិជ្ជា​​​នៃ​​​ពិធី​​​​​​គោរពប្រណិ ប័តន៍ព្រះជាម្ចាស់ និងអំពីសិល្បៈក្នុងពិធី​ទាំងនោះឱ្យកាន់តែល្អឡើងៗដែរ។ ដូច្នេះ អស់លោក​​​បំពេញមុខងារបម្រើការគោរពប្រណិ ប័តន៍ព្រះជាម្ចាស់ ទាំងណែនាំគ្រីស្តបរិស័ទ​ដែល​​ព្រះ​សហគមន៍ផ្ញើមក​​​អស់​​​លោក​​​ លើកតម្កើង​ព្រះជាម្ចាស់ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធឱ្យកាន់​តែប្រសើរឡើងៗ​​​ទៀត​​​ផង​​​។

៦- លោកគង្វាលជាមេដឹកនាំប្រជារាស្រ្តរបស់ព្រះជាម្ចាស់

អស់លោកគង្វាលបំពេញបន្ទុករបស់ព្រះគ្រីស្តជាគង្វាល និងជាព្រះសិរសាក្នុងនាមលោកអភិបាល តាម​ចំណែកនៃ​​​​អំណាច​របស់ខ្លួនផ្ទាល់។ អស់លោកប្រមូលមហាគ្រួសាររបស់ព្រះជាម្ចាស់ ជាក្រុមបងប្អូនដែល​មានចិត្ត​​ថ្លើម​​​​តែមួយ ព្រមទាំងណែនាំគេទៅកាន់ព្រះជា ម្ចាស់ជាព្រះបិតា ដោយអង្គព្រះគ្រីស្ត រួមក្នុងព្រះវិញ្ញាណដ៏វិសុទ្ធផង (ពន្លឺ​​​ ២៨)។ អស់លោក​ទទួល​សមត្ថភាពម្យ៉ាងខាងព្រះវិញ្ញាណសម្រាប់បំពេញមុខងារបម្រើនោះ ក៏ដូច​​​ជាសម្រាប់​​​បំពេញ​​​​​​បន្ទុកឯទៀតៗដែរ។ ព្រះជាម្ចាស់​ប្រទាន​​សមត្ថភាព​នេះ ដើម្បីកសាងព្រះ សហគមន៍ (២ករ ១០,៨; ១៣,​​​១០)​​​។ ក្នុងកិច្ចកសាងព្រះសហគមន៍នេះ អស់លោកគង្វាលត្រូវមានចិត្តសប្បុរសហួស​ពន់ប្រមាណ ចំពោះ​​​មនុស្សទាំ​​​ង​​​អស់ គឺត្រូវយក​តម្រាប់តាម​ព្រះ​អម្ចាស់ជាគំរូ។ ក៏ប៉ុន្តែ អស់លោក​​​មិនត្រូវប្រព្រឹត្តចំពោះ​​​មនុស្សដោយចង់ផ្គាប់​​​ចិត្តគេ​​​ទេ (១ករ ៤,១៤) តែ​ត្រូវប្រព្រឹត្ត​ចំពោះ​​គេតាមការទាមទារនៃលទ្ធិ​គ្រីស្តសាសនា និងរបៀបរស់នៅ​​​ជា​​​គ្រីស្តបរិស័ទ​​​ គឺត្រូវបង្រៀន និងអប់រំគេដូចកូនដ៏ជា​ទី​ស្រឡាញ់ស្របតាមគ្រីស្តទូតប៉ូល​​​មាន​​​ប្រសាសន៍ថា៖ “ទោះមានឱកាសល្អក្តី មិនល្អក្តី ត្រូវពន្យល់​គេឱ្យដឹងខុសត្រូវស្តីបន្ទោស ដាស់តឿន និងបង្រៀនគេដោយ​​​ចិត្តអត់​​​ធ្មត់​​​គ្រប់​​​ជំពូក” (២ធម ៤,២)។

តាមឋានៈជាអ្នកអប់រំជំនឿ អស់លោកគង្វាលត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល​គ្រីស្តបរិស័ទ​​ម្នាក់ៗដោយ​ខ្លួនលោកផ្ទាល់ ឬដោយ សារអ្នកផ្សេងៗទៀត ឱ្យគេបានទៅជាមនុស្សពេញលក្ខណៈតាមដំណឹងល្អក្នុងព្រះ​​​វិញ្ញាណ​​​ដ៏​​​វិសុទ្ធ និងស្របតាមព្រះជាម្ចាស់ត្រាស់ ហៅ។ ត្រូវអប់រំគេឱ្យមានសេចក្តីស្រឡាញ់យ៉ាងស្មោះ និងសកម្ម​​​ ព្រម​​​ទាំង​​​ឱ្យមាន​​​សេរីភាពដ៏ពិតប្រាកដ ជាសេរីភាពដែលព្រះគ្រីស្តបានប្រើដើម្បីរំដោះយើង (កាឡ ៤,៣; ៥,១.១៣)។ ពិធីនានា ទោះបីរុងរឿងយ៉ាងណាក្តី ប្រជុំនានា ទោះបីធំៗយ៉ាងណាក្តី មានសារៈប្រយោជន៍លុះត្រាតែពិធី និងប្រជុំ​​​ទាំងនោះអប់រំមនុស្សឱ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ។ អស់លោក​គង្វាលអប់រំមនុស្ស​ឱ្យទៅជា​គ្រីស្តបរិស័ទ​​​ពេ​​​ញ​​​លក្ខណៈ ដោយជួយគេ​ឱ្យ​យល់​ដឹងពីអត្ថន័យព្រឹត្តិការណ៍នានាទាំងធំ ទាំងតូច គឺយល់អំពីអ្វីដែលសភាព ការណ៍ទាមទារឱ្យគេប្រព្រឹត្ត ជាអ្វីៗដែល​ព្រះ​ជាម្ចាស់សព្វព្រះហឫទ័យ​ឱ្យគេធ្វើ។ ម៉្យាងទៀត ត្រូវអប់រំគ្រីស្តបរិស័ទ​​​មិន​​​ត្រូវឱ្យគេរស់សម្រាប់ តែខ្លួនឯងប៉ុណ្ណោះទេ តែត្រូវឱ្យរស់នៅសម្រាប់បម្រើអ្នកឯទៀតៗវិញ តាមតែព្រះ​​​អំណោយទាន​​​ដែល​​​ម្នាក់ៗបានទទួល គឺឱ្យបានស្របតាមធម្មវិន័យថ្មីស្តី​អំពី​សេចក្តីស្រឡាញ់ទាមទារនោះ។ (១សល ៤,១០ត)។ ដូច្នេះ គ្រីស្តបរិស័ទទាំងអស់នឹងបំពេញតួនាទីរបស់ខ្លួនក្នុងសហគមន៍មនុស្ស។

អស់លោក​គង្វាលមានកាតព្វកិច្ចបម្រើមនុស្សទាំងអស់ ក៏ប៉ុន្តែ អស់លោកត្រូវយល់ឃើញថា ព្រះអម្ចាស់ផ្ញើ​​​ទុកជនក្រីក្រ និងអ្នកទន់ខ្សោយជាងគេឱ្យអស់លោកថែទាំយ៉ាងពិសេស។ ព្រះអម្ចាស់ផា្ទល់នៅភ្ជាប់ជា​​​មួយជន​​​ទាំង​​​នោះ (មថ ២៥,៣៤-៤៥) ព្រះអង្គក៏លើកការប្រកាសដំណឹងល្អដល់អ្នកទាំងនោះ ទុកជាសញ្ញាសម្គាល់​អំពីព្រះ​​​រាជកិច្ចរបស់ព្រះ​គ្រីស្ត​ផងដែរ (លក ៤,១៨)។ អស់លោកគង្វាលក៏ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះយុវជន​យុវនារី ចំពោះគូស្វាមីភរិយា និងចំពោះអស់អ្នកដែលជាឪពុកម្តាយផងដែរ។ គួរណាស់ឱ្យអ្នកទាំងនេះ​​​ជួបជុំគ្នា​​​ជាក្រុម​​មិត្ត​សម្លាញ់ ដើម្បីជួយគ្នាទៅវិញទៅមកឱ្យរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទឱ្យកាន់តែស្រួល និងកាន់តែ​​​ប្រសើរឡើងក្នុងសភាពការណ៍ដ៏លំបាករបស់គេ។ អស់លោកមិនត្រូវបំភ្លេចបព្វជិតបព្វជិតា ព្រោះ​​​ថា​​​ បព្វជិត​​​បព្វជិតា​​​ជា​​​ចំណែកដ៏ប្រសើរជាងគេក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដែលសមឱ្យលោកគង្វាលថែទាំគេយ៉ាងពិសេស ដើម្បីឱ្យជីវិតខាងព្រះវិញ្ញាណរបស់គេចម្រើនឡើង សម្រាប់ជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល។ មិនតែ​​​ប៉ុណ្ណោះ អស់លោកគង្វាលត្រូវយកចិត្តទុក​ដាក់យ៉ាង​ខ្លាំងបំផុតចំពោះអស់អ្នកជំងឺ និងអ្នកហៀបនឹង​​​ទទួល​​​មរណភាព គឺត្រូវទៅសួរសុខទុក្ខគេ និងលើកទឹកចិត្តគេដោយរួមក្នុងអង្គព្រះអម្ចាស់ (ពន្លឺ ១៨)។

បន្ទុកជាគង្វាលមិនមែនត្រឹមតែសំដៅឱ្យថែរក្សាគ្រីស្តបរិស័ទម្នាក់ៗប៉ុណ្ណោះទេ តែភ្ជាប់ទៅនឹងបន្ទុកបង្កើតសហគមន៍​គ្រីស្តបរិស័ទយ៉ាងពិតប្រាកដថែមទៀតដែរ។ ប៉ុន្តែ សហគមន៍មានគំនិតជាសហគមន៍ពិតមែន ​លុះត្រាតែ​​​គេ​​​មិនគិតតែពីព្រះសហគមន៍ក្នុងតំបន់មួយប៉ុណ្ណោះទេ តែគេត្រូវនឹកគិតដល់ព្រះសហគមន៍សកលថែមទៀតផង។ សហគមន៍​នៅ​តំបន់​នីមួយៗមិនត្រូវគិតគូរត្រឹមតែថែទាំគ្រីស្តបរិស័ទរបស់ខ្លួនប៉ុណ្ណោះទេ តែត្រូវមានចិត្តឧហ្សាហ៍បំពេញកិច្ច​ជាគ្រីស្តទូត និងត្រួសត្រាយផ្លូវឱ្យមនុស្សទាំងអស់ឆ្ពោះទៅកាន់ព្រះគ្រីស្តទៀតផង។ ​សហគមន៍​នៅតំបន់នីមួយៗត្រូវយកចិត្តទុកដាក់​យ៉ាង​ពិសេសនឹងអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូលលាន់ឮឡើង ​ត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ព្រមទាំង​អស់​អ្នក​ដែល​ទើបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកដែរ។ ត្រូវអប់រំណែនាំគេបន្តិចម្តងៗឱ្យស្គាល់ជីវិតតាមរបៀបជាគ្រីស្តបរិស័ទ និងស្គាល់ការ​រស់នៅតាមគ្រីស្តសាសនា។

ទោះជាយ៉ាងណាក៏ដោយ គ្មានសហគមន៍គ្រីស្តបរិស័ទណាអាចកសាងខ្លួនឡើងបានឡើយ បើមិនយក​​​អភិបូជា​​​ធ្វើ​ជាឫស និងជាស្នូល។ ហេតុនេះហើយ បានជាត្រូវចាប់​ផ្តើមអប់រំ​គ្រីស្តបរិស័ទឱ្យមានគំនិតជា​​​សហគមន៍​​​គ្រប់​​​យ៉ាងដោយអភិបូជានេះ។ ក៏ប៉ុន្តែ ប្រសិនបើគ្រីស្តបរិស័ទថ្វាយអភិបូជា​ដោយ​ចិត្តស្មោះ និងយ៉ាង​ពេញ​លេញ គេមុខជានឹងបង្កើតសកម្មភាពផ្សេងៗសម្តែងសេចក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ព្រមទាំងនាំគ្នា​ប្រកាស​ដំណឹង​ល្អ ហើយផ្តល់សក្ខីភាពគ្រប់យ៉ាងទៀតផង។

ម៉្យាងទៀត ដោយសហគមន៍គ្រីស្តបរិស័ទមាន​សេចក្តីស្រឡាញ់ ដោយអធិដ្ឋាន ដោយធ្វើជាគំរូល្អដល់គេ និង​​​ខិតខំប្រែចិត្តគំនិត ព្រះសហគមន៍បំពេញតួនាទីជាម្តាយដ៏ពិតប្រាកដ ដើម្បីណែនាំមនុស្សទៅកាន់ព្រះគ្រីស្ត​​​មែន​​​។ សហគមន៍​គ្រីស្តបរិស័ទក៏ពិតជាឧបករណ៍ដ៏ស័ក្តិសិទ្ធិដែលបង្ហាញ និង​​​សម្រួល​​​​​​ផ្លូវឆ្ពោះ​​​ទៅ​​​កាន់​​​ព្រះ​​​គ្រីស្ត ​និង​​​​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ព្រះ​សហគមន៍របស់ព្រះអង្គ សម្រាប់អស់អ្នកដែលពុំ​ទាន់​មានជំនឿ។ ម៉្យាងទៀត ព្រះសហគមន៍​​​ក៏ជាឧបករណ៍ដ៏ស័ក្តិសិទ្ធិមួយ ក្នុងការដាស់តឿន​អស់គ្រីស្តបរិស័ទឱ្យភ្ញាក់ស្មារតីចិញ្ចឹម​​​ជំនឿ​​​របស់គេ និងផ្តល់​កម្លាំង​​​សម្រាប់​តយុទ្ធខាងវិញ្ញាណផងដែរ។

ពេលសាងសង់សហគមន៍គ្រីស្តបរិស័ទ អស់លោកគង្វាលមិនត្រូវបម្រើមនោគមវិជ្ជាណា​មួយ​ជា​ដាច់ខាត ហើយ​​​​ក៏មិនត្រូវបម្រើក្រុមណាមួយឡើយ។ លោកគង្វាលក្នុងឋានៈជាអ្នក​ប្រកាស​ដំណឹងល្អ និង​ជា​គង្វាលរបស់​ព្រះ​សហគមន៍ ត្រូវបូជាកម្លាំងកាយកម្លាំងចិត្ត ដើម្បីឱ្យព្រះកាយរបស់​ព្រះ​គ្រីស្តចម្រើនឡើងខាងព្រះវិញ្ញាណវិញ។

ផ្នែកទី ២- ទំនាក់ទំនងរវាងលោកគង្វាល និងមនុស្សឯទៀតៗ

៧- ទំនាក់ទំនងរវាងអភិបាល និងក្រុមគង្វាល

អស់លោកគង្វាល រួមជាមួយលោកអភិបាលសុទ្ធតែរួមចំណែកក្នុងមុខងារបម្រើរបស់ព្រះគ្រីស្តជា​មហា​បូជាចារ្យ។ អាស្រ័យហេតុនេះហើយ ដោយសារព្រះជាម្ចាស់ញែកអស់លោក​ប្រសិទ្ធិទៅជាបូជាចារ្យដូចគ្នា និង​​​ប្រទាន​​​​បេសកកម្មតែមួយ​​ឱ្យអស់លោក ទើបអស់ លោកត្រូវរួបរួមជាមួយក្រុមអភិបាលតាមលំដាប់លំដោយ (ពន្លឺ ២៨)។ យើងឃើញយ៉ាងជាក់ច្បាស់ថា ក្រុមគង្វាល និងក្រុម​អភិបាល​រួប​រួម​គ្នាដូច្នេះ នៅពេលអស់​​​លោក​​​រួម​​​ថ្វាយ​​​​​​​​​អភិបូជាជាមួយគ្នា នៅពេលអស់លោកគង្វាលថ្វាយ​អភិបូជាម្តងៗ លោក​ប្រកាស​បញ្ជាក់យ៉ាងច្បាស់ថា លោករួប​​​រួម​​​​​​ជាមួយក្រុមអភិបាលដែរ។ ហេតុនេះហើយ ក្រុម​អភិបាល​ត្រូវចាត់អស់លោកគង្វាលទុកជាសហការី និងជា​​​ទី​​​ប្រឹក្សា​​​ដ៏​​​ចាំបាច់ដោយអាក់ខានមិនបាន​ក្នុងកិច្ចបំពេញបន្ទុក និង​មុខងារបម្រើ​ព្រះសហគមន៍​របស់​​អស់លោក គឺ​​​បង្រៀន និង​​​នាំ​​​ឱ្យ​មនុស្សលោកបានវិសុទ្ធ ព្រមទាំងធ្វើជាគង្វាលនៃ​ប្រជារាស្ត្រ​របស់ព្រះ​ជាម្ចាស់ផងដែរ ព្រោះ​​​លោក​​​គង្វាលទាំង​​​ប៉ុន្មាន​​​​​​បានទទួលព្រះអំណោយទាន​របស់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅពេលអស់​លោក​ទទួល​អគ្គសញ្ញា​​​​​​​តែងតាំង។ តាំង​​​ពី​ដើមកំណើតនៃព្រះសហគមន៍មក ឯកសារនានាស្តី​អំ​ពី​ពិធីគោរពបម្រើ​ព្រះជា​ម្ចាស់គូស​​​សង្កត់ការរួបរួម​នេះ គឺក្នុង​​​ឯកសារទាំងនោះមានចែងពាក្យអង្វរព្រះជាម្ចាស់យ៉ាងឱឡារិក សូមព្រះអង្គចាក់បង្ហូរ “ព្រះ​​​​វិញ្ញាណ​នៃ​ព្រះ​ហឫទ័យ​​​ប្រោស​​​ប្រណី និងនៃព្រះប្រាជ្ញាញាណដើម្បី​ឱ្យអ្នកដែលទទួលអគ្គសញ្ញាតែងតាំងអាច​​​ជួយ​​​ថែរក្សា​​​ និង​​​គ្រប់​​​គ្រង​​​​ប្រជារាស្ត្រដោយ​ចិត្តបរិសុទ្ធទៀងត្រង់ផង”។ កាលពីដើមក៏ដូច្នេះដែរ គឺនៅវាលរហោស្ថាន ព្រះ​​​ជាម្ចាស់​​​យក​​​វិញ្ញាណ​​​​របស់លោកម៉ូសេដាក់ក្នុងព្រឹទ្ធាចារ្យ​ឆ្លាតវាងវៃចិតសិបនាក់ (ជរ ១១,១៦-២៥) “ដើម្បីឱ្យលោក​ម៉ូសេ​​​អាចគ្រប់គ្រង​​​ប្រជាជាតិ​​​​ដ៏ច្រើនឥត​គណនាយ៉ាងងាយស្រួល តាមរយៈព្រឹទ្ធាចារ្យ​ទាំងនោះ”

ហេតុនេះហើយ ដោយអស់លោកគង្វាល និងអភិបាលរួបរួមគ្នាក្នុងឋានៈជាបូជាចារ្យ និងក្នុងមុខងារបម្រើតែ​​​មួយ​​​ ដូច្នេះ អភិបាលត្រូវតែចាត់ទុកអស់លោកគង្វាលជាបងប្អូន និងទុកជា​មិត្តសម្លាញ់ផងដែរ (ពន្លឺ ២៨)។ អភិបាល​​​​​​ត្រូវយកចិត្តទុកដាក់នឹងតម្រូវការរបស់លោកគង្វាលខាងសម្ភារៈជាមុន និងយកចិត្តទុក​​​ដាក់​​​ជា​​​ពិសេស​​​ផង​​​ដែរ​​​ នឹង​​​តម្រូវ​​​ការខាង​វិញ្ញាណរបស់អស់លោក តាមតែអស់លោកអភិបាលអាចធ្វើបាន។ អស់លោក​អភិបាល​មាន​​​ភារកិច្ច​​​​​​ដ៏សំខាន់​​​ គឺណែនាំអស់លោ​​​កបូជាចារ្យរបស់អស់លោក​ឱ្យ​បានវិសុទ្ធ។ ម៉្លោះហើយ អភិបាលត្រូវតែយក​​​ចិត្តទុក​​​ដាក់​​​យ៉ាងខ្លាំងជាទីបំផុត ​បណ្តុះបណ្តាល​ក្រុមគង្វាល​​​ភូមិភាគ​របស់អស់លោកជាអចិន្ត្រៃយ៍ (អភិបាល​​​ ១៥.១៦)​​​។​​​ អភិបាល​​​ត្រូវតែស្តាប់អស់លោក សួរយោបល់របស់​អស់លោក ហើយសន្ទនាពិគ្រោះជាមួយអស់លោកអំ​​​ពីកិច្ចនា​​​នា​​​ជាគង្វាល និងអំពីអ្វីៗដែលជាប្រយោជន៍ដល់ភូមិភាគ​ទាំងមូល។ ត្រូវតែងតាំងក្រុមមួយ ឬគណៈកម្មាធិកា​​​របូជាចារ្យ​​​មួយ​​​ជាតំណាង​​​​​​ក្រុម​​​​គង្វាល សមស្រប​តាមសភាពកាណ៍ និងតាមតម្រូវការនា​​​បច្ចុប្បន្នកាល​​​នេះ ដើម្បី​​​ឱ្យ​​​សេចក្តីណែ​​​នាំ​​​នេះ​​​​​​កើតជារូប​រាងបាន។ ត្រូវបញ្ជាក់រចនាសម្ពន្ធមួយ និងដំណើរការក្រុម​​​នេះតាមក្បួនច្បាប់ ដើម្បីឱ្យក្រុមនេះ​​​ផ្តល់​​​យោបល់ អាចជួយលោកអភិបាលយ៉ាងសកម្មក្នុងការគ្រប់គ្រងភូមិភាគបាន។

ចំពោះអស់លោកគង្វាលវិញ អស់លោកត្រូវនឹកគិតជានិច្ចថា អភិបាលបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យយ៉ាងពេញលក្ខណៈ ហេតុនេះហើយ អស់លោកគង្វាលត្រូវគោរពអភិបាល​ដោយ​ចាត់​ទុក​អស់លោកថា មាន​​​​​​អំណាច​​​របស់​​​ព្រះគ្រីស្តដែលជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុត។ សូមអស់លោក​ផ្ចង់ចិត្ត​នឹង​​អ​ភិបាលរបស់ខ្លួនដោយស្មោះ ដោយ​​​ចិត្ត​​​ស្រឡាញ់ និងដោយ​ស្តាប់តាមបង្គាប់ទៀតផង។ បូជាចារ្យ​ត្រូវស្តាប់តាមបង្គាប់លោកអភិបាល ទាំង​​​មាន​​​ចិត្ត​​​ចង់​​​សហការ​​​​ជាមួយលោកជានិច្ចដូច្នេះ មកពីខ្លួនរួមចំណែកក្នុងមុខងារបម្រើរបស់លោកអភិបាល គឺចំណែកដែលអស់លោកគង្វាលមាន ដោយទទួល​អគ្គសញ្ញាតែង​តាំង​ និងដោយទទួលបេសកកម្មតាមច្បាប់ព្រះសហគមន៍ផង​​​ដែរ​​​។

អស់លោកគង្វាល និងអភិបាលទាំងប៉ុន្មានត្រូវរួបរួមគ្នា ពិតជាការចាំបាច់សម្រាប់សព្វថ្ងៃមែន ព្រោះនៅ​​​សម័យឥឡូ​​​វ មាន​​​មូលហេតុផ្សេងៗជាច្រើនបណ្តាលឱ្យកិច្ចការជាគ្រីស្តទូតមានច្រើនបែប ​ព្រមទាំងត្រូវលាតសន្ធឹង​​​ហួស​​​ពីព្រំដែន​​​នៃ​​​សហគមន៍មួយ ឬហួស​ពីព្រំដែនភូមិភាគមួយដែរ។ ហេតុនេះ គ្មានគង្វាលណា​​​ម្នាក់មាន​​​សមត្ថភាព​​​អាច​​​បំពេញ​​​​​​​​​​បេសកកម្មរបស់ខ្លួនគ្រប់គ្រាន់បានតែម្នាក់ឯង ឬក្នុងនាម​របស់​ខ្លួន​ផ្ទាល់ទេ។ អស់លោកគង្វាលត្រូវ​​​តែ​​​រួមកម្លាំង​​​សហការជាមួយគង្វាលឯទៀតៗ ក្រោមការណែនាំ​របស់​អស់អភិបាលជាប្រធានព្រះសហគមន៍ទើប​​​អាច​​​ធ្វើបាន។

៨- អស់លោកគង្វាលរួបរួមគ្នាជាបងប្អូន និងសហការគ្នា

ដោយអស់លោកគង្វាលទទួលអគ្គសញ្ញាតែងតាំង អស់លោកចូល​ក្នុង​ក្រុមគង្វាល  ហើយក៏ភ្ជាប់ជា​​​មួយគ្នា​​​យ៉ាង​​​​​​ជិតស្និទ្ធដូចជាបងប្អូន ដោយទទួល​អគ្គសញ្ញាតែងតាំងជាបូជាចារ្យតែមួយដូចគ្នា។ អស់លោក​រួមគ្នា​​យ៉ាង​​​ពិសេស ជាក្រុមគង្វាលតែមួយគត់ ក្រោមអំណាចអភិបាលភូមិភាគ ព្រោះអស់លោក​​​ទទួលមុខងារ​​​បម្រើ​​​ភូមិភាគ​​​នោះ។ ទោះបីអស់លោកគង្វាលទទួលការងារប្លែកៗពីគ្នាក៏ដោយ ក៏អស់លោកបំពេញមុខងារបម្រើជា​បូជាចារ្យ​​​តែមួយសម្រាប់មនុស្សលោកដែរ។ ព្រះសហគមន៍​ចាត់គង្វាលទាំងអស់ឱ្យរួមសហការបំពេញកិច្ច​​​តែ​​​មួយ គឺទោះជា​គង្វាលបំពេញមុខងារក្នុងសហគមន៍មួយក្តី ​ឬបំពេញមុខងារអន្តរសហគមន៍ក្តី ទោះជាគង្វាលបូជាកម្លាំង​​​កាយកម្លាំងចិត្តស្រាវជ្រាវ​​តាមវិទ្យាសាស្ត្រ ឬបង្រៀនក្តី ទោះជាគង្វាលធ្វើការ​ដោយដៃផ្ទាល់ និងរួមរស់ជា​មួយ​វណ្ណៈ​​​កម្មករ​ក្តី (លុះត្រាតែអំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍​អនុញ្ញាតឱ្យ ដោយយល់ឃើញ​ថា មុខងារ​​​បម្រើ​​​នេះ​​​​​​មានប្រយោជន៍) ទោះជាគង្វាលបំពេញកិច្ចការផ្សេងៗជាគ្រីស្តទូត ឬធ្វើកិច្ចការតម្រង់ទៅ​​​ជាគ្រីស្តទូតក្តី ក៏អស់​​​លោក​​​រួមសហការទាំងអស់​គ្នា​បំពេញកិច្ចតែមួយដែរ។ ពិតមែន​ហើយ អស់លោកគង្វាលរួមគ្នាដោយមានគោល​​​បំណង​​​​តែមួយដូចគ្នា គឺសាងសង់ព្រះកាយព្រះគ្រីស្ត។ ជាពិសេស នាសម័យយើងនេះ អស់លោកត្រូវប្រព្រឹត្តតាម​គោល​បំណង​​​នេះ ដោយអស់លោកមានបន្ទុកជា​ច្រើន​បែប​ និងត្រូវសម្រួលឱ្យស្របតាមតម្រូវការថ្មីៗទៀតផង។ ​​​ហេតុ​​​នេះហើយ ត្រូវឱ្យគង្វាលទាំងប៉ុន្មាន គឺទាំងគង្វាលភូមិភាគ និងទាំងគង្វាលបព្វជិតជួយគ្នាទៅវិញទៅមក និង​​​សហការ​​​គ្នា​​​រួមជា​​​​​​មួយសេចក្តីពិតជានិច្ច (៣​យហ​ ៨)។ គង្វាលម្នាក់ៗត្រូវទាក់ទងជាមួយសមាជិកឯទៀតៗ​​​នៃក្រុមគង្វាល ដោយចង​ចំណង​ពិសេសនៃសេចក្តីស្រឡាញ់ក្នុងឋានៈជាគ្រីស្តទូត ចងចំណងនៃមុខ​​​ងារ​​​បម្រើតែ​​​មួយ​​​ដូច​​​គ្នា និងចងចំណងជាបង​​ប្អូនគ្នា។ តាំងពីសម័យបុរាណមក ពីធីគោរពប្រណិប័តន៍ព្រះជាម្ចាស់សម្តែងចំណង​​​នៃ​​​សេចក្តី​​​ស្រឡាញ់នេះយ៉ាងច្បាស់ ដោយលោកអភិបាលអញ្ជើញគង្វាលទាំងប៉ុន្មាន​ដែលរួម​ក្នុងពិធីតែងតាំងគង្វាលឱ្យ​​​ដាក់ដៃលើបេក្ខជនថ្មីរួមជាមួយលោក។ នៅពេលអស់​លោកគង្វាលរួមថ្វាយអភិបូជាដោយមានចិត្តថ្លើមតែមួយ អស់​លោក​ក៏សម្តែង​ចំណងនៃសេចក្តីស្រឡាញ់នេះដែរ។ ហេតុនេះ បានជាគង្វាលម្នាក់ៗភ្ជាប់ជាមួយគង្វាល​​ឯទៀត​​​ៗ​​​ជាបងប្អូន ដោយ​ចំណងនៃសេចក្តីស្រឡាញ់ ដោយអធិដ្ឋានរួមគ្នា និងដោយសហការជាមួយគ្នាគ្រប់យ៉ាង។ ធ្វើបែប​​​នេះ អស់លោកសម្តែងថា កូនចៅរបស់ព្រះគ្រីស្តរួបរួមគ្នាជាធ្លុងតែមួយតាមព្រះហឫទ័យព្រះអង្គ ​ដើម្បីឱ្យមនុស្ស​​​លោកទទួលស្គាល់ថា ព្រះបិតាពិតជាបានចាត់ព្រះបុត្រាឱ្យយាងមកមែន (យហ ១៧,២៣)។

ហេតុនេះ គង្វាលចាស់ជាងគេត្រូវទទួលគង្វាលក្មេងៗ​ទុកជាប្អូនបង្កើត​ ហើយក៏ត្រូវជួយគេ​​​នៅពេល​​​គេ​​​ចាប់​​​​​​ផ្តើមខិតខំបំពេញកិច្ចរបស់ខ្លួន និងទទួលខុសត្រូវក្នុងមុខងារ​បម្រើដើម​ដំបូង។ ម៉្យាងវិញទៀត គង្វាលចាស់ៗគួរ​​​តែ​​​ខិតខំយល់ចិត្តគំនិត​របស់គង្វាលក្មេងៗ ទោះ បីចិត្តគំនិតគង្វាលក្មេងៗខុសប្លែកពីចិត្តគំនិតរបស់ខ្លួនក៏ដោយ។ គង្វាលចាស់ៗក៏គួរតែមើលអ្វីៗដែលគង្វាលក្មេងៗខិតខំធ្វើដំបូងនោះ ដោយមានចិត្តមេត្តាដែរ។ រីឯគង្វាលក្មេងវិញ គប្បីតែគោរពអាយុ និងបទពិសោធន៍របស់គង្វាលចាស់ៗដែរ ពិគ្រោះជាមួយ​អស់ លោកអំពីការថែទាំវិញ្ញាណមនុស្ស និងសុខចិត្តសហការជាមួយអស់លោកដោយចិត្ត​រីក​រាយទៀត​ផង​។

អស់លោកគង្វាលមិនត្រូវភ្លេចនឹងទទួលភ្ញៀវ ដោយរាប់មនុស្សឯទៀតទុកជាបងប្អូន (ហប ១៣,១៦)។ ត្រូវ​​​គិត​​​ដល់ការសម្តែងមេត្តាករុណាជានិច្ច និងចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួន (ហប ១៣,១៦)។ អស់លោកត្រូវយក​​​ចិត្ត​​​​​​ទុកដាក់ចាប់អារម្មណ៍យ៉ាងពិសេសចំពោះអ្នកជំងឺ អ្នកកើតទុក្ខ អ្នកធ្វើការ​ហួសកម្លាំង អ្នករស់នៅឯកោ ជនដែល​​​ត្រូវ​​​គេនិរទេស និងអ្នកដែលត្រូវគេបៀតបៀនទៀតផង។ ប៉ុន្តែ អស់លោកគួរតែជួបជុំគ្នាយ៉ាងសប្បាយរីករាយ យូរៗម្តង ដើម្បីសម្រាកលំហែកាយ ដោយនឹកដល់ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែលអញ្ជើញក្រុមគ្រីស្តទូតដែលហត់នឿយ​​​ថា៖ “ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែក​ពី​បណ្តា​ជនសម្រាកបន្តិចសិន” (មក ៦,៣១)។

លើសពីនេះទៅទៀត អស់លោកគង្វាលត្រូវជួយគ្នាទៅវិញទៅមកជាចាំបាច់ ដើម្បីឱ្យជីវិត​របស់​អស់លោក​តាមព្រះវិញ្ញាណ និងខាងចំណេះដឹងចម្រើនឡើង ហើយដើម្បីជួយសម្រួល​សហការ​​បំពេញមុខងារបម្រើរបស់អស់​​​លោក ព្រមទាំងជៀសផុតពីបញ្ហាដ៏ធ្ងន់ធ្ងរដែលតែងតែកើតឡើង​ដោយខ្លួន​រស់នៅឯកោ។ មូលហេតុទាំង នោះដាស់​​​តឿន​​​គង្វាលឱ្យរស់នៅ​រួមគ្នា​តាម​របៀបម៉្យាង ឬឱ្យចែកចាយការរស់នៅខ្លះជាមួយគ្នា។ ការរួមរស់ជាមួយគ្នានោះមានរបៀបផ្សេងៗ​ជា​ច្រើន តាមតម្រូវការរបស់គង្វាលម្នាក់ៗ ឬតាមតម្រូវការនៃមុខងារជាគង្វាល គឺអស់លោករួម​រស់​​​នៅ​​​ជា​មួយ​គ្នា ​នៅផ្ទះតែមួយក៏បាន ឬទទួលទានជុំគ្នាក៏បាន ឬយ៉ាងហោចណាស់ក៏ជួបជុំជា​ញឹក​តាម​ពេលកំណត់ដែរ​​​។ គប្បីរាប់រកសមាគមបូជាចារ្យទុកជាមានតម្លៃខ្ពង់ខ្ពស់ និងគួរឱ្យលើកស្ទួយ​គាំទ្រទៀតផង។ ត្រូវ​ឱ្យអំណាច​ដែល​​​មាន​​​សមត្ថកិច្ច​​ក្នុងព្រះ​សហគមន៍ទទួលស្គាល់​លក្ខន្តិកៈសមាគម​ទាំង​នោះ។ សមាគមទាំងនោះដែលបានទទួលការ​​​អនុញ្ញាត​​​ត្រឹមត្រូវ​​​រួចហើយ ត្រូវផ្តល់សេចក្តីណែនាំស្រប​​​តាមកា​​​ររស់នៅរបស់គង្វាល ជួយ​​​គាំ​​​ទ្រ​​​គង្វាលក្នុងឋានៈ​ជា​បងប្អូន និងជួយឱ្យអស់ លោកកាន់តែវិសុទ្ធដោយបំពេញមុខ​ងារ​បម្រើរបស់ខ្លួន។ ហេតុនេះ​​​ សមាគម​​​​​​ទាំង​​​​​​នោះ​​​ជួយ​​​ក្រុមគង្វាលទាំងមូលតែម្តង។

មិនតែប៉ុំណ្ណោះ ដោយអស់លោកគង្វាលរួបរួមគ្នា​ដោយមានឋានៈជាបូជាចារ្យ គួរតែឱ្យអស់លោកចាប់អារម្មណ៍​​​នឹងគង្វាលឯទៀតៗ ដែលខ្លះកំពុងជួបប្រទះការលំបាក។ អស់លោក​ត្រូវលើកទឹកចិត្តគេនៅពេលដ៏សមរម្យ ហើយប្រសិនបើត្រូវការ ត្រូវជួយដាស់តឿនគេដោយ​ស្ងាត់ៗផងដែរ។ ចំពោះគង្វាលណា​​ដែល​​​ភ្លាត់​​​ក្នុង​​​រឿង​​​ណាមួយ គង្វាលឯទៀតត្រូវបង្ហាញសេចក្តី​ស្រឡាញ់​ទុកជាបងប្អូន និងត្រូវមានចិត្តទូលំទូលាយចំពោះ​​​គេជា​​​និច្ច។ ត្រូវទទូចអង្វរព្រះជាម្ចាស់​សម្រាប់​លោកទាំងនោះ ព្រមទាំងរាប់គេទុកជាបងប្អូន និងជាមិត្តសម្លាញ់ដ៏ពិតប្រាកដ​​​​​​តទៅទៀតផង។

៩- អំពី​ទំនាក់​ទំនង​របស់​បូជា​ចារ្យជាមួយនឹង​គ្រីស្ត​បរិស័ទធម្មតា

ក្នុង​​​ចំណោមប្រជារាស្ត្ររបស់ព្រះជាម្ចាស់ អស់លោកគង្វាលនៃសម្ពន្ធមេត្រីថ្មីទទួលបន្ទុកមួយដ៏ប្រសើរបំផុត និងដ៏ចាំបាច់អាក់ខានមិនបា​​​​​ន ដើម្បីជាប្រយោជន៍យ៉ាងខ្លាំងដល់ប្រជារាស្រ្តទាំងមូល។ ដោយអស់​លោក​​​​ទទួល​​​​អគ្គសញ្ញា​តែងតាំង អស់លោកទទួលបន្ទុកធ្វើជាឪពុក និងជាគ្រូបាធ្យាយផង​ដែរ។ ប៉ុន្តែ អស់​លោកក៏ជាសាវ័ក​​​របស់​​​ព្រះ​​​​​​អម្ចាស់រួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ព្រះជាម្ចាស់​ក៏​ប្រោស​​ប្រណី​ត្រាស់ហៅអស់លោកឱ្យទទួលចំណែកក្នុង​ព្រះ​រាជ្យរបស់ព្រះ​​​អង្គដែរ (១ថស ២,១២; កូឡ ១,១៣)។ ក្នុងចំណោមអ្នកទាំងអស់ដែលបានកើតជាថ្មីដោយ​​​អគ្គសញ្ញា​​​ជ្រមុជទឹក អស់លោក​គង្វាលជាបងប្អូនរស់នៅក្នុងចំណោមបងប្អូនរបស់គេ (មថ ២៣,៨) ហើយក៏ជា​សរីរាង្គ​នៃ​ព្រះកាយតែមួយរបស់ព្រះគ្រីស្ត ព្រះអង្គក៏ផ្ញើបន្ទុកសាងសង់ព្រះកាយនោះឡើងឱ្យគ្រីស្តបរិស័ទគ្រប់គ្នាដែរ (អភ ៤,​​​៧.១៦)។

ហេតុនេះហើយ បានជាអស់គង្វាលក្នុងឋានៈជាអ្នកនាំមុខសហគមន៍ ត្រូវតែស្វែងរក​​​ប្រយោជន៍​​​របស់​​​ព្រះ​​​យេស៊ូគ្រីស្ត (ភីល ២,២១) មិនត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ត្រូវ​រួមសហការជា​មួយ​គ្រីស្តរិស័ទ​​​ធម្មតា​​​ ​​​ហើយត្រូវរស់នៅក្នុងចំណោមពួកគេតាមគំរូរបស់ព្រះយេស៊ូជាបរមគ្រូ គឺព្រះអង្គ​យាង​មកក្នុងចំណោម​​​មនុស្ស​​​លោក “មិនមែនដើម្បីឱ្យគេបម្រើលោកទេ តែលោកមកបម្រើគេវិញ ព្រមទាំង​បូជា​ជីវិតដើម្បីលោះ​​​មនុស្សទាំង​​​អស់​​​ផង” (មថ ២០,២៨)។ លោកគង្វាលត្រូវទទួលស្គាល់តម្លៃដ៏​ថ្លៃ​ថ្នូរ​របស់គ្រីស្តបរិស័ទដោយចិត្តស្មោះ និងលើកស្ទួយ​​​តម្លៃ​​​​ដ៏​ថ្លៃ​ថ្នូរ​នេះព្រមទាំងទទួល​ស្គាល់​ និង​លើក​ស្ទួយ​តួនាទី​របស់គេក្នុងបេសកកម្មរបស់ព្រះ​​​សហគមន៍ ថែម​​​ទៀត​​។ អស់​​​​​​​​​​​​​​​លោក​​​ត្រូវគោរព​សិទ្ធិសេរីភាព​ដ៏​ត្រឹម​ត្រូវ​របស់​មនុស្សទាំងអស់នៅផែនដីនេះ ត្រូវចូលចិត្ត​​​ស្តាប់​​​យោបល់​​​​របស់គ្រីស្តបរិស័ទ​ធម្មតា យោគយល់ដល់បំណងប្រាថ្នារបស់គេក្នុងឋានៈជាបងប្អូនរបស់គេ។ អស់​​​​​​​​​លោកត្រូវទទួល​ស្គាល់បទ​​​ពិសោធន៍ និងសមត្ថភាព​របស់គេក្នុងផ្នែកនានានៃសកម្មភាពមនុស្សលោក ដើម្បីឱ្យយល់ព្រះ​ហឫទ័យរបស់ព្រះ​​​ជា​​​ម្ចាស់​​​សម្តែងតាមសញ្ញាសម្គាល់ នាសម័យនេះ។ អស់លោកត្រូវល្បងលវិញ្ញាណមើល​ឱ្យ​ដឹងថា វិញ្ញាណទាំងនោះ​មក​​​ពី​​​ព្រះ​ជាម្ចាស់ ឬក៏អត់ (១យហ ៤,១) ហើយដោយសារជំនឿអស់​លោក​ត្រូវរកឃើញព្រះ​អំណោយ​ទាន​​​​​​​ និង​​​ពិចារណាថ្លឹងថ្លែងអំពី​ព្រះ​អំណោយ​ទាន​​​​គ្រប់បែបយ៉ាង​របស់គ្រីស្តបរិស័ទធម្មតា​ តាំង​ពី​ព្រះអំណោយទាន​តូចជាង​​​គេ រហូតដល់ព្រះអំណាយទាន​​​​​​ដ៏ប្រសើរ​ថ្លៃ​ថ្នូរ​ជាង​គេ។ អស់លោក​ត្រូវទទួលស្គាល់ព្រះអំណោយទាន​ទាំងនោះ​ដោយ​​​អំណរ ហើយ​​​ត្រូវ​​​ខិត​​​ខំធ្វើឱ្យព្រះអំណោយទាន​ទាំង​នោះ​ចម្រើនឡើងថែមទៀតផង។ ក្នុងចំណោម​ព្រះ​​​​អំណោយ​​​​ទាន​ជាច្រើន​បរិបូរណ៌​​​ដែល​​​​អស់លោករក​​ឃើញនោះ លោកគង្វាលត្រូវចាប់អារម្មណ៍យ៉ាងពិសេសនឹងព្រះ​អំណោយ​ទានដែល​ទាក់​ទាញ​ចិត្ត​គ្រីស្ត​បរិស័ទ​ជា​ច្រើន ចង់ឱ្យ​ជីវិតខាងព្រះវិញ្ញាណរបស់គេចម្រើនឡើងកាន់តែ​​​ជ្រៅទៅ​​ៗ។ ម៉្យាងទៀត លោកគង្វាលគួរតែទុកចិត្តលើ​គ្រីស្តបរិស័ទ​ធម្មតា ហើយប្រគល់ភារកិច្ច​​​បម្រើ​​​ព្រះ​​​សហគមន៍​​​ផ្សេងៗ​​​​​​ឱ្យគេទាំង​​​ទុក​​​សេរីភាព ​និង​លទ្ធភាពឱ្យគេអាចធ្វើការបាន។ លើសពីនេះទៅទៀត នៅពេលមាន​​​ឱកាស​​​ហុច​​​ឱ្យនោះ អស់លោកក៏​​​គួ​រ​​​អញ្ជើញគេឱ្យផ្តើមកិច្ចការខ្លះ​ដោយ​ខ្លួន​​ឯងផង (ពន្លឺ ៣៧)។

សរុប​សេចក្តី​មក ព្រះជាម្ចាស់ដាក់ឱ្យលោកគង្វាលស្ថិតនៅក្នុង​ចំណោម​គ្រីស្ត​បរិស័ទ​ធម្មតា ដើម្បី​ណែ​នាំគេ​​​​ឱ្យ​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយក្នុង​សេចក្តីស្រឡាញ់​ ​គឺឱ្យ “ស្រឡាញ់រាប់អាន​គ្នា​ទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត​​​…ទាំងលើកកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព” (រម ១២,​១០)។ ដូច្នេះ អស់លោកត្រូវតែណែនាំ បង្រួបបង្រួមអ្នកដែលមានចិត្ត​គំនិត​ខុសប្លែកៗ​ពីគ្នាឱ្យទាក់ទងគ្នា កុំឱ្យមាន​នរណា​ម្នាក់មានអារម្មណ៍ថា ខ្លួន​ជា​​​ជន​​​បរទេសក្នុងព្រះសហគមន៍​គ្រីស្ត​បរិស័ទ​ឡើយ។ អស់លោកត្រូវតែការពារផលប្រយោជន៍រួម ព្រោះអស់លោកទទួលខុសត្រូវក្នុង​​នាម​លោក​អភិបាល។ ទន្ទឹមនឹងនេះ អស់លោកក៏ត្រូវប្រកាសសេចក្តីពិតដោយចិត្តអង់អាច ​កុំឱ្យគ្រីស្តបរិស័ទ​បណ្តោយខ្លួនតាមខ្យល់នៃគោលលទ្ធិនានាដែលតែងតែផាត់ចុះផាត់ឡើង (អភ ៤,១៤)។ អស់លោក​ត្រូវ​​​យកចិត្តទុក​ដាក់យ៉ាងពិសេសចំពោះអស់គ្រីស្តបរិស័ទដែលលែងទទួលអគ្គសញ្ញានានា និងចំពោះ​​​អស់​​​អ្នក​​​ដែលបាត់​បង់​ជំនឿតែម្តង។ សូមទៅរកអ្នកទាំងនេះ ដូចគង្វាលដ៏សប្បុរសទៅរកចៀមដែលវង្វេង។

អស់លោកគង្វាលត្រូវ​ចាប់​អារម្មណ៍​នឹង​សេចក្តី​បញ្ជារបស់មហាសន្និបាត ស្តីអំពី​ចលនា​បង្រួប​បង្រួម​គ្រីស្តបរិស័ទ​​​​ឱ្យរួបរួមគ្នាជាធ្លុងតែមួយ មិនត្រូវបំភ្លេច​បង​ប្អូន​គ្រីស្ត​បរិស័ទ ដែល​មិន​រួប​រួមក្នុង​ព្រះ​សហគមន៍​យ៉ាងពេញ​លេញ​​​ជា​​​មួយ​​​​យើងនោះទេ។ ​​​(បង្រួប)។

មិនតែប៉ុណ្ណោះអស់លោកត្រូវដឹងថា ព្រះជាម្ចាស់បានផ្ញើអស់អ្នកដែលពុំទាន់ទទួលស្គាល់ព្រះ​គ្រីស្ត​ទុក​ជា​​​ព្រះសង្គ្រោះរបស់គេឱ្យអស់លោកដែរ។

រីឯគ្រីស្តបរិស័ទវិញ ត្រូវដឹងខ្លួនអំពីភារកិច្ចរបស់គេចំពោះបូជាចារ្យរបស់គេ គឺត្រូវស្រឡាញ់អស់​លោកដែល​​​ជា​គង្វាល និង​ជា​ឪពុក​របស់​ពួក​គេ ដូចកូនស្រឡាញ់ឪពុកដូច្នោះដែរ។ ត្រូវចែករំលែក​ទុក្ខ​កង្វល់របស់អស់លោក ហើយ​​​​​​ជួយអស់លោកតាមសមត្ថភាពរបស់ខ្លួនដោយអធិដ្ឋាន និងជួយធ្វើកិច្ចការរបស់អស់លោកដែរ។ ដូច្នេះ អស់​​​លោកអាចពុះពារឧបសគ្គដ៏ពិបាកនានា និងអាចបំពេញភារកិច្ច​របស់​ខ្លួនបានទាំងបង្កើតផល​ផ្លែជាច្រើនថែមទៀត​​​ផង ​​​(ពន្លឺ ៣៧)។

ផ្នែកទី ៣- បូជាចារ្យមានបេសកកម្មសកល និងអំពីព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាបូជាចារ្យ

១០- លោកគង្វាលមានបេសកកម្មសកល

ពេលលោកគង្វាលបានទទួលអគ្គសញ្ញាតែងតាំង អស់លោកទទួលព្រះអំណោយទានពីព្រះ​វិញ្ញាណ ជាព្រះ​​​អំណោយទានរៀបចំឱ្យអស់លោកបំពេញបេសកកម្ម​ដែលមិនមានកម្រិតនោះទេ តែឱ្យបំពេញ​បេសកកម្ម​ដ៏​​​​​​ទូលំ​​​ទូលាយ​​​​​​បំផុត ជាបេសកកម្មសកលនាំការសង្គ្រោះ “រហូតដល់​ស្រុក​ដាច់ស្រយាលនៃផែនដី” (កក ១,៨)។ ក្នុងគ្រប់​​​កិច្ច​​​បម្រើ​​​​​​ក្នុង​​​ឋានៈ​​​លោកជាបូជាចារ្យ អស់លោករួមចំណែក្នុង​បេសកកម្មសកលដែលព្រះគ្រីស្តបានផ្ញើទុកឱ្យក្រុម​​​គ្រីស្តទូត​​​។​ ​​​លោកគង្វាលទាំងប៉ុន្មាន​ទទួល​​ចំណែកយ៉ាង​ពិតប្រាកដក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ជាមុខងារ​​​​​​បែរទៅរក​ប្រជាជាតិ​នានានៅគ្រប់​សម័យ​ដោយគ្មានគិតគូរដល់ព៌ណសម្បុរ ជាតិសាសន៍ ឬសម័យកាល​​​ណា​​​ឡើយ​​​ ដូចព្រះ​​​បាទមែលគីសេដែកធ្វើ​ជា​​ប្រផ្នូលបែបជាអាថ៌កំបាំងកាលពីដើមដែរ (ហប ៧,៣)។ ហេតុ​នេះ​​​ហើយ អស់លោកគ​​​​​​ង្វាលត្រូវ​នឹក​ចង​ចាំថា អស់លោកត្រូវយកចិត្តទុកដាក់នឹកគិតដល់ព្រះ​សហគមន៍​ទាំង​ឡាយ។ អាស្រ័យ​​​ហេតុ​​​នេះ​​​ហើយ លោកគង្វាលនៅក្នុងភូមិភាគណាដែលសម្បូណ៍ទៅដោយអ្នក​ដែលព្រះជាម្ចាស់​​​ត្រាស់ហៅ​​​ឱ្យ​​​ទៅជាគង្វាលនោះ ក៏​ត្រូវ​ស្ម័គ្រចិត្តត្រៀមខ្លួន​ចេញទៅបំពេញ​មុខងារបម្រើរបស់ខ្លួននៅតំបន់ផ្សេង ឬនៅ​​​ប្រទេស​​​ដែល​​​​មាន​គ្រីស្តបរិស័ទចំនួនតិច ឬទៅបំពេញ​សកម្មភាពផ្សេងៗដែលខ្វះគង្វាលនោះ។ ប៉ុន្តែ ត្រូវ​មានការ​​​យល់​​​ស្រប​​​ និង​​​​​​អនុញ្ញាតពីអភិបាល​ភូមិភាគ​​​របស់​​​ខ្លួន​​​​​​​ដែរ។

ត្រូវកែសម្រួលច្បាប់វិន័យស្តីអំពីច្បាប់ភ្ជាប់គង្វាលម្នាក់ទៅនឹងក្រុមគង្វាលក្នុងភូមិភាគ និងច្បាប់វិន័យ​​​ស្តី​​​អំពីការដកចេញ​ពីក្រុម​គង្វាលភូមិភាគដែរ។ ទោះបីត្រូវរក្សាទុករចនាសម្ព័ន្ធបុរាណនោះក្តី ក៏ត្រូវកែ​​​សម្រួលច្បាប់​​​វិន័យទាំងនោះស្របតាមតម្រូវការ​នៃមុខងារបម្រើព្រះសហគមន៍នាបច្ចុប្បន្នដែរ។ នៅកន្លែងណាដែល​​​សភាពការណ៍​​​នៃ​​​​​​កិច្ចការ​​​ជាគ្រីស្តទូតទាមទារ​​​នោះ គួរជួយកែសម្រួល មិនត្រឹមតែការចាត់ចែងឱ្យមានគង្វាលនៅគ្រប់មជ្ឈដ្ឋាន​​​ប៉ុណ្ណោះ​​​ទេ តែគួរចាត់​​​ចែងសកម្មភាព​ពិសេសៗនៃកិច្ចការណែនាំគ្រីស្តបរិស័ទ តាមក្រុមវណ្ណៈផ្សេងៗក្នុងសង្គម តាមតំបន់មួយ ឬតាមប្រទេសមួយ ឬតាមទ្វីបមួយដែរ។ គួរបង្កើតទេវវិទ្យាល័យអន្តរជាតិដើម្បីសម្រេច​​​តាម​​​គោល​​​ការណ៍​​​នេះ ឬក៏បង្កើតភូមិភាគពិសេសដោយឡែក ឬឱ្យមានអភិបាល​សម្រាប់ថែទាំក្រុមជនជាតិមួយ។ ត្រូវបង្កើត​​​ស្ថាប័ន​​​​​​ផ្សេងៗ​​​ សម្រាប់ឱ្យគង្វាលអាចភ្ជាប់ខ្លួន​ជាមួយស្ថាប័ននោះ និងចាត់ឱ្យទៅដើម្បីជា​ប្រយោជន៍ដ​​​ល់​​​ព្រះ​សហគមន៍ទាំ​​​ងមូល។ ត្រូវចែងរបៀបអនុវត្តតាមច្បាប់ក្នុងករណីនីមួយៗ ដោយ​គោរព​សិទ្ធិរបស់អភិបាល​​​ភូមិភាគ​​​ជា​​​និច្ច។ ប្រសិនបើអាចធ្វើបាន មិនត្រូវចាត់គង្វាល តែម្នាក់ឯងឱ្យទៅតំបន់មួយផ្សេងទេ ជាពិសេស បើ​លោក​ពុំទាន់​​ចេះ​​​ភាសា និងមិនទាន់ស្គាល់ទំនៀមទម្លាប់តំបន់នោះយ៉ាងច្បាស់លាស់នៅឡើយ។ ផ្ទុយទៅវិញ ត្រូវចាត់គង្វាលឱ្យទៅ​​​ជា​​​ក្រុមៗដែលមានគ្នាពីរ ឬបីនាក់ ដើម្បីឱ្យអស់លោក​អាច​ជួយ​​គ្នាទៅវិញទៅមក ដោយយកតម្រាប់តាម​​​ក្រុម​​​សាវ័ក​​​ព្រះគ្រីស្ត (លក ១០,១)។ ត្រូវយក​ចិត្តទុកដាក់​នឹង​ជីវិតខាងព្រះវិញ្ញាណរបស់អស់លោក និងអំពីសុខភាព​​​​​​ខាង​​​ផ្លូវ​​​កាយ និង​ផ្លូវចិត្ត។ ប្រសិនបើអាចធ្វើបាន គួរតែតម្រូវទីកន្លែង និងសភាពការណ៍ការងារសមស្របតាម​សមត្ថភាព​ផ្ទាល់​​របស់​គង្វាលម្នាក់ៗ។

អស់លោកគង្វាលដែលចេញទៅនៅប្រទេសមួយផ្សេងនោះ ត្រូវរៀនភាសាប្រជាជនតំបន់​នោះ​ឱ្យបានច្បាស់។ ការនេះសំខាន់ណាស់។ មិនតែប៉ុណ្ណោះ អស់លោកក៏ត្រូវរៀនឱ្យស្គាល់​ចរិតលក្ខណៈ និងរបៀបរស់នៅ​​​ក្នុង​​​សង្គម​​​នៃ​ប្រជាជន​តំបន់​នោះទៀតផង។ ប្រសិនបើអស់លោកមាន​បំណង​បម្រើប្រជាជននោះដោយចិត្តសុភាពរាបសា ត្រូវ​​​ទាក់ទងជាមួយប្រជាជននោះយ៉ាងជ្រៅបំផុតតាមតែគេអាចធ្វើបាន ​ទាំងយកតម្រាប់តាមគ្រីស្តទូតប៉ូល គឺលោក​​​ហ៊ានមានប្រសាសន៍​អំពីខ្លួន​លោកថា៖ “ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំ​​​សុខ​​​ចិត្តដាក់​​​ខ្លួន​ធ្វើជាអ្នកបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បី​នាំ​មនុស្សជាច្រើនឱ្យផ្ញើជីវិត លើព្រះគ្រីស្ត។ កាល​​​ខ្ញុំ​​​នៅ​​​ជា​​​​មួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីឱ្យសាសន៍យូដាជឿលើព្រះគ្រីស្ត…” (១ករ ៩,១៩-២០)។

១១- អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ឱ្យមានគេស្តាប់ឮព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាបូជាចារ្យ

ព្រះអម្ចាស់ជាគង្វាល និងជាអ្នកថែរក្សាវិញ្ញាណយើង (១សល ២,២៥)។ ព្រះអង្គបង្កើតព្រះសហគមន៍​របស់​​​​ព្រះ​អង្គ។ ព្រះអង្គសព្វព្រះហឫទ័យឱ្យប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស និងបានរំដោះមក​ដោយ​ព្រះ​​​លោហិត​​​ព្រះអង្គផ្ទាល់ (កក ២០,២៨) មានបូជា ចារ្យរបស់ខ្លួនជានិច្ចរហូតដល់អវសានកាលនៃ​ពិភព​លោក កុំ​ឱ្យគ្រីស្តបរិស័ទក្លាយទៅជាហ្វូងចៀមដែលគ្មានគង្វាលថែទាំឡើយ (មថ ៩,៣៦)។ ក្រុម​គ្រីស្តទូត​ទទួលស្គាល់​​​ព្រះ​​​បំណង​​​របស់​​​ព្រះ​​​គ្រីស្ត​នោះហើយ ដោយព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺចិត្ត​គំនិតផង ក៏​យល់ឃើញ ថា អស់លោកមាន​​​ភារកិច្ចជ្រើស​​​រើស​​​អ្នកបម្រើព្រះសហគមន៍ ដែល “មានសមត្ថភាព​អាច​បង្រៀនបន្តទៅអ្នកផ្សេងទៀត” បានដែរ (២ធម ​​​២,២)។ ភារកិច្ចនេះហូរមកពីបេសកកម្មផ្ទាល់របស់បូជាចារ្យ គឺដោយសារបេសកកម្មនោះ ​​​​​​លោក​​​គង្វាល​​​ទទួល​​​ចំណែក​​​ក្នុងកង្វល់របស់ព្រះសហគមន៍ទាំងមូ​​​ល ដែល​​​ចង់ជៀសវាងកុំឱ្យ​​​ប្រជារាស្ត្រ​​​របស់ព្រះជាម្ចាស់​​​នៅលើ​​​ផែន​​​​​​ដីនេះខ្វះអ្នកបម្រើ។

ប៉ុន្តែ ដោយ “អ្នកបើកកប៉ាល់ និងអ្នកជិះទាំងប៉ុន្មានរួមវាសនាតែមួយជាមួយគ្នា”  ដូច្នេះ ត្រូវណែនាំប្រជាជន​​​គ្រីស្តបរិស័ទទាំងមូ​​​លឱ្យយល់ថា គេមានភារក្ចិចរួមសហការតាមរបៀបផ្សេងៗ ដើម្បីឱ្យព្រះ​​​សហគមន៍​​​មាន​​​បូជាចារ្យជារៀងរហូត ​តាមសេចក្តីត្រូវការ សម្រាប់បំពេញបេសកកម្មដែលព្រះសហគមន៍​ទទួលពី​ព្រះ​ជាម្ចាស់​មក។

ប្រជាជនគ្រីស្តបរិស័ទ​​​អាចសហការក្នុងកិច្ចដ៏សំខាន់នេះដោយអធិដ្ឋានក៏បាន ​ឬដោយ​វិធី​ផ្សេងៗទៀត​ដែលគេមានក៏បានដែរ (ហ្វឹក ហ្វឺន​​​ ២)។ ជាបឋម គង្វាលត្រូវពន្យល់បញ្ជាក់យ៉ាងច្បាស់​ឱ្យគ្រីស្តបរិស័ទ​យល់ថា មុខ​​​ងារ​​​ជាបូជាចារ្យពិតជាមុខងារដ៏ឧត្តុង្គឧត្តម និងត្រូវការជាចំាបាច់។ អស់លោកអាចណែនាំឱ្យ​​​គ្រីស្តបរិស័ទ​យល់​​​សេចក្តី​​​​​​នេះ ដោយបំពេញមុខងារបម្រើព្រះបន្ទូលផង និងដោយរបៀប​រស់​នៅ​របស់​​ខ្លួនផង គឺអស់​​​លោកត្រូវ​​​សម្តែង ​​​សក្ខីភាពអំពី​ចិត្តគំនិតជាអ្នកបម្រើ និងសម្តែងអំពី​អំណរ​សប្បាយដ៏​ពិត​ប្រាកដ ដែលមក​ពីព្រះ​​​យេស៊ូមាន​​​ព្រះ​​​ជន្មថ្មី​​​ដ៏​​​រុង​​​រឿងឱ្យគេឃើញយ៉ាងច្បាស់។

ក្រោយពីអស់លោកបានថ្លឹងថ្លែងពិចារណា ហើយយល់ឃើញថា យុវជន ឬមនុស្សពេញ​វ័យខ្លះមានសមត្ថភាព​​​​​​អាច​​​បំពេញមុខងារបម្រើដ៏ប្រសើរនេះ អស់លោកត្រូវខិតខំជួយគេដោយឥតសំចៃកម្លាំង ទោះបីត្រូវជួប​​​ការ​​​ពិបាក​​​​​​យ៉ាង​​​ណាក៏ដោយ ត្រូវឱ្យគេរៀបចំខ្លួនតាមសមគួរ រហូតដល់ពេល​អស់លោកអភិបាល​អាច​​​ត្រាស់ហៅ​​​គេបាន ដោយគេមានសេរីភាពដ៏ពេញលេញ ដោយគ្មាននរណាបង្ខំ​ទាំងខាងផ្លូវចិត្ត ទាំងមជ្ឃដ្ឋានខាងក្រៅឡើយ។ ​ត្រូវ​​​​​​ណែនាំគេឱ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងចាំបាច់បំផុត ដើម្បីរៀបចំគេទៅកាន់គោលដៅនោះ។ ឪពុកម្តាយ ​គ្រូ​​​បង្រៀន និងអស់អ្នកអប់រំឯទៀតៗត្រូវយកចិត្តទុក​ដាក់​អប់រំឱ្យក្មេងៗ និងយុវជនឱ្យយល់អំពីព្រះ​ហឫទ័យ​​​ស្រឡាញ់​​​របស់​​​ព្រះអម្ចាស់ ដែលនាំ​ហ្វូងចៀមរបស់​ព្រះ​អង្គផង ព្រមទាំងឱ្យដឹងអំពី​តម្រូវការ​ដ៏ចាំបាច់រប​​​ស់ព្រះសហគមន៍ ផង។ ត្រូវ​​​យក​​​ចិត្តទុក​ដាក់​អប់រំ​ឱ្យក្មេងៗ និងយុវជនឱ្យរិះគិត និងត្រៀមខ្លួនឆ្លើយតបដោយចិត្តទូលាយនឹងព្រះអម្ចាស់ ​ពេល​​​ព្រះ​​​អង្គត្រាស់ហៅគេ ទាំងពោលដូច​ព្យាការីអេសាយថា៖ “ខ្ញុំនៅទីនេះស្រាប់ហើយ! សូមព្រះ​​​អង្គចាត់​​​ខ្ញុំ​​​ឱ្យ​​​ទៅ​​​ចុះ!”​​​ (អស ៦,៨)។ ប៉ុន្តែ អ្នកដែលនឹងទៅជាគង្វាល នៅពេលអនាគតមិនត្រូវរង់ចាំ​​​ស្តាប់ព្រះសូរសៀងរបស់​​​ព្រះ​​​អម្ចាស់​​​ដែល​​​​ត្រាស់ហៅនោះ ដោយផ្ទាល់ត្រចៀកយ៉ាងអស្ចារ្យនោះឡើយ។ ផ្ទុយទៅវិញ ​គេត្រូវទទួល​​​ស្គាល់ព្រះសូរ​​​សៀង​​​នោះ ដោយរិះគិតពិចារណាតាមសញ្ញាសម្គាល់ ​ដែលព្រះ​ជាម្ចាស់​រមែងតែងតែសម្តែង​ឱ្យ​គ្រីស្តបរិស័ទ​ដ៏ឆ្លាត​​​វាង​​​វៃ​​​យល់​​​ជារៀងរាល់ថ្ងៃ។ អស់គង្វាលក៏ត្រូវចាប់អារម្មណ៍ពិចារណា​សញ្ញា​សម្គាល់​ទាំងនោះយ៉ាងខ្លាំង​ផងដែរ។

ដូច្នេះ មហាសន្និបាតទូន្មានឱ្យអស់គង្វាលចូលរួមក្នុងសកម្មភាពជួយទ្រទ្រង់អ្នកដែល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​​​នោះ ទោះជាសកម្មភាពក្នុងភូមិភាគក្តី ឬសកម្មភាពក្នុងប្រទេសក្តី។​​​ ពិធីអត្ថាធិប្បាយព្រះគម្ពីរ ការអប់រំជំនឿ និងការនិពន្ធព្រឹត្តិបត្រនានា​​​ត្រូវតែរៀបរាប់យ៉ាងជាក់ច្បាស់អំពីតម្រូវការរបស់ព្រះសហគមន៍ភូមិភាគ និងអំពី​​​តម្រូវការ​​​របស់​​​ព្រះសហគមន៍សកល ហើយក៏ត្រូវរៀបរាប់​​បញ្ជាក់​យ៉ាង​ច្បាស់ផងដែរអំ​​​ពី​​​អត្ថន័យនៃមុខងារបម្រើដ៏​​​ប្រសើរ​​​​​​​​​ថ្លៃថ្លា​​​របស់បូជាចារ្យ។ ត្រូវបង្ហាញឱ្យដឹងថា ក្នុងការងារដ៏ធ្ងន់​​​ជាច្រើន​​​នោះ ​គេក៏អាច រក​​​ឃើញ​​​​​​អំណរ​​​ជាច្រើន​​​​ផងដែរ។ ជាពិសេស ​ត្រូវពន្យល់ថា អ្នកសុខចិត្តធ្វើជាគង្វាល ផ្តល់សក្ខីភាពអំពីសេចក្តី​​​ស្រឡាញ់​​​​​​​ដ៏ប្រសើរ​​​បំផុតចំពោះ​​​ព្រះ​​​គ្រីស្ត ដូចគ្រូបាធ្យាយនៃព្រះសហគមន៍តែងតែបង្រៀនដែរ។

ជំពូក ៣
ការរស់នៅរបស់គង្វាល

ផ្នែកទី ១- ព្រះជាម្ចាស់ត្រាស់ហៅគង្វាលឱ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ

១២- អគ្គសញ្ញាតែងតាំងដ៏វិសុទ្ធធ្វើឱ្យគង្វាលបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ។ អស់លោកក៏ជាអ្នក​​​បម្រើ​​​របស់ព្រះគ្រីស្តជាព្រះសិរសា ដើម្បីសាងសង់ និងថែទាំព្រះកាយព្រះ​គ្រីស្ត​ទាំងមូល ពោលគឺ ព្រះសហគមន៍​​​ក្នុង​​​ឋានៈ​​​អស់លោកជាសហការីរបស់ក្រុមអភិបាល។ ពេលអស់លោកថ្វាយខ្លួនដោយទទួលអគ្គសញ្ញាជ្រមុជទឹក អស់លោកក៏បានទទួលសញ្ញា និងព្រះអំណោយទាន​ពីព្រះជាម្ចាស់​ដែល​​ត្រាស់ហៅ​អស់លោក ដូចព្រះអង្គត្រាស់ហៅ​​​គ្រីស្តបរិស័ទឯទៀតៗដែរ គឺទោះបីគេជាមនុស្សទន់​ខ្សោយ​ក៏ដោយ ក៏ព្រះអង្គប្រោសប្រណីឱ្យគេ​មាន​សមត្ថភាព និងកាតព្វកិច្ច​ខិតខំតម្រង់ខ្លួនឱ្យ​ទៅជាគ្រីស្តបរិស័ទពេញលក្ខណៈតាមព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ព្រះបិតា​​​របស់អ្នករាល់គ្នាដ៏ខ្ពង់ខ្ពស់បំផុតទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ” (មថ ៥,​​​៤៨)​​​។ ប៉ុន្តែ បូជាចារ្យត្រូវខិតខំឱ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ ដោយមូលហេតុពិសេសមួយ ​គឺថា​​​ នៅពេលអស់​​​លោកទទួលអគ្គសញ្ញាតែងតាំង ព្រះជាម្ចាស់ញែកអស់លោក​ប្រសិទ្ធិថ្វាយទៅ​ព្រះ​អង្គ​តាមរបៀបថ្មី ដើម្បីឱ្យទៅ​​​ជា​​​ឧបករណ៍ដ៏មានជីវិតរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ដែល​មាន​ព្រះ​​ជន្ម​គង់នៅ​ជានិច្ចនិរន្តរ៍។ ​​​​​​អស់លោ​​​កអាចបន្តព្រះ​​​រាជ្យកិច្ចដ៏អស្ចារ្យរបស់ព្រះអង្គនៅគ្រប់សម័យតៗទៅ គឺប្រោសឱ្យមនុស្សលោកទាំងមូលបានជាថ្មី ដោយឫទ្ធានុភាព​របស់ព្រះអង្គ​​ដែលគ្រប់គ្រងមនុស្សលោក។ ហេតុនេះហើយបានជាបូជាចារ្យម្នាក់ៗដែលបំពេញមុខងារជំនួសព្រះ​គ្រីស្ត​​​ផ្ទាល់​​​តែ​​​ម្តងតាមរបៀបរៀងៗខ្លួន ក៏បានទទួលព្រះអំណោយ​ទាន​ពិសេសផ្ទាល់ដែរ។​​​ ព្រះ​​​អំណោយទាន​​​នោះ​​​​​​ជួយ​​​​​​លោកឱ្យតម្រង់ខ្លួន​ទៅ​ជាគ្រីស្តបរិស័ទពេញលក្ខណៈ ក្នុងឋានៈខ្លួនជាតំណាង​​​របស់ព្រះគ្រីស្ត។ លោក​​​អាច​​​ពេញ​​​​​​លក្ខណៈ​​​ដូច្នេះបានដោយ​បម្រើមនុស្ស ដែលព្រះអង្គបានផ្ញើទុកមកលោក និងដោយបម្រើប្រជារាស្ត្ររបស់ព្រះ​​​ជា​​​ម្ចាស់​​​ទាំងមូល​​​ដែរ។ ដោយព្រះជាម្ចាស់ប្រោសប្រណីដូច្នេះ ព្រះគ្រីស្តដែលទៅជាមហាបូជាចារ្យ “ដ៏វិសុទ្ធ ស្លូត​​​ត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប” (ហប ៧,២៦) សម្រាប់យើង ព្រះអង្គព្យាបាលបូជាចារ្យម្នាក់ៗជាមនុស្ស​​​លោកីយ៍​​​​​​ដ៏ទន់ខ្សោយ។

ព្រះបិតាបានប្រោសឱ្យព្រះគ្រីស្តបានវិសុទ្ធ គឺអភិសេកព្រះអង្គ និងចាត់ឱ្យ​យាង​មកក្នុង​ពិភពលោក (យហ ១០,៣៦)។ ព្រះគ្រីស្ត “បានបូជាព្រះជន្មរបស់ព្រះអង្គ​​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើងឱ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និង​ជម្រះប្រជារាស្ត្រមួយទុក​សម្រាប់ព្រះ​អង្គផ្ទាល់ ជា​ប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ” (ទក ២,១៤)។ ព្រះអង្គក៏យាងចូលក្នុង​សិរីរុងរឿង​របស់ព្រះអង្គដោយឆ្លងកាត់ទុក្ខលំបាក (លក ២៤,២៦)។ យ៉ាងណាមិញ អស់បូជាចារ្យដែលព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​បានអភិសេក​ និងដែលព្រះគ្រីស្តចាត់ឱ្យទៅរំងាប់អំពើនៃកិលេសតណ្ហាលោកីយ៍ក្នុងខ្លួន ព្រមទាំង​បូជា​កម្លាំងកាយកម្លាំងចិត្តបម្រើមនុស្សលោក។ នេះហើយជាលក្ខណៈដ៏វិសុទ្ធដែលព្រះ​គ្រីស្តប្រទានឱ្យអស់លោក ដើម្បីតម្រង់ខ្លួនទៅជាមនុស្សដ៏ពេញលក្ខណៈ (អភ ៤,១៣)។

ហេតុនេះហើយ បានជាពេលអស់លោកបំពេញមុខងារបម្រើព្រះវិញ្ញាណ និងសេចក្តីសុចរិត អស់​លោក​​​ចាក់ឫសក្នុងជីវិតខាងព្រះវិញ្ញាណឱ្យកាន់តែមាំមួនឡើងៗ ​លុះត្រាតែអស់លោកសុខចិត្តធ្វើ​​​តាមព្រះវិញ្ញាណរបស់ព្រះ​​​គ្រីស្ត​​​​​​ដែល​​​​​​ប្រទានជីវិតឱ្យអស់លោក និងណែនាំអស់លោក។ អស់លោក​តម្រង់​ខ្លួនឱ្យទៅជា​​​គ្រីស្តបរិស័ទ​​​ពេញ​​​លក្ខណៈ ដោយធ្វើពិធីគោរពប្រណិប័តន៍ជារៀងរាល់ថ្ងៃ និងដោយ​បំពេញ​មុខងារបម្រើទាំងមូល ទាំងរួបរួមជាមួយ​​​លោក​​​អភិបាល និងអស់លោកគង្វាលឯទៀតៗដែរ។ ម្យ៉ាងទៀត ​មុខងា​របមើ្រ​របស់អស់លោកនឹងបានផលល្អ លុះត្រា​​​តែ​​​អស់​​​​​​លោកមានលក្ខណៈវិសុទ្ធក្នុងខ្លួន។ ទោះបី​ព្រះ​ជាម្ចាស់​អាច​ប្រោស​ប្រណី​សម្រេចការសង្រ្គោះមនុស្សលោក ដោយ​​​​​​ប្រើអ្នកបម្រើមិនសម គួរក៏ដោយ ក៏​ប៉ុន្តែតាមធម្មតា ព្រះអង្គសព្វព្រះហឫទ័យសម្តែងស្នាព្រះហស្ត​​​ដ៏អស្ចារ្យ​​​របស់​​​ព្រះអង្គ តាមរយៈអ្នកដែលសុខ​ចិត្ត​ទទួល​​ឫទ្ធានុភាព និងការណែ​​​នាំរបស់​​​ព្រះវិញ្ញាណដ៏វិសុទ្ធវិញ ហើយ​​​ដែល​​​រួប​​​​​​រួម​​​​​​យ៉ាងស្និទ្ធស្នាល​ជា​មួយ​ព្រះគ្រីស្ត​ទៀតផង។ ដោយអ្នកទាំងនោះរស់នៅបែបវិសុទ្ធ គេអាចពោលរួម​​​ជាមួយ​​​គ្រីស្តទូត​​​ប៉ូលថា៖ “បើខ្ញុំរស់ មិនមែនខ្ញុំ​ទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើដែលមានព្រះជន្មរស់នៅក្នុងខ្លួនខ្ញុំវិញ” (កាឡ ២,២០)។

ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធ សូមក្រើនដាស់តឿនយ៉ាងខ្លាំងដល់បូជាចារ្យទាំងអស់​​​ឱ្យខិ​​​ត​ខំ​​​រស់នៅតាមបែបកាន់តែវិសុទ្ធឡើងៗ ជាផ្លូវនាំឱ្យអស់លោក​ក្លាយទៅជា​ឧបករណ៍កាន់តែ​ប្រសើរឡើងៗ​​​សម្រាប់​​​​​​បម្រើប្រជារាស្ត្រទាំងមូលរបស់ព្រះជាម្ចាស់។ អស់លោកត្រូវ​ប្រើគ្រប់​មធ្យោបាយ​សមស្របតាមតម្រូវការ ដែល​​​ព្រះ​​​ស​​​ហគមន៍ជូនអស់លោក ដើម្បីជួយឱ្យ​អស់លោកបាន​វិសុទ្ធ​បែប​នោះ​។ ធ្វើដូច្នោះ មហាសន្និបាត​​​អាច​​​បាន​​​ទៅ​​​​​​ដល់​​​គោលដៅនៃការណែនាំរបស់ខ្លួន គឺនាំឱ្យ​ព្រះ​សហគមន៍​កែសម្រួលផ្ទៃក្នុងឱ្យបានជាថ្មី អាច​​​ប្រកាស​​​ដំណឹងល្អក្នុង​​​ពិភព​​​លោក​​​ទាំងមូល ព្រមទាំងឱ្យនិយាយ​សន្ទនាជាមួយមនុស្សលោកនាសម័យបច្ចុប្បន្ន។

១៣- មុខងារទាំងបីរបស់បូជាចារ្យទាមទារឱ្យអស់លោកបានវិសុទ្ធផង និងជួយឱ្យលោកបានវិសុទ្ធ

ប្រសិនបើអស់លោកគង្វាលបំពេញបន្ទុកទាំងប៉ុន្មានរបស់ខ្លួនដោយចិត្តស្មោះ និងដោយ​ឥតឈប់ឈរ ទាំងមានព្រះ​វិញ្ញាណរបស់ព្រះ​គ្រីស្ត​ណែនាំផង អស់លោកពិតជាមាន​មធ្យោបាយ​ដ៏ពិតប្រាកដអាចទៅជាវិសុទ្ធបាន។ ក្នុងឋានៈអស់​លោក​ជាអ្នកបំពេញមុខងារបម្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ គឺអស់លោក​តែង​តែអាន និង​ស្តាប់​ព្រះ​បន្ទូល​នេះជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្រៀន​អ្នក​ដទៃ។ ទន្ទឹមនឹងនេះ ប្រសិនបើអស់លោកយក​ចិត្តទុក​ដាក់​ទទួល​​​​​​ព្រះ​​​បន្ទូលទុក​​​ក្នុង​​​ខ្លួនពិតមែននោះ អស់លោកក៏នឹងក្លាយទៅជាសាវ័ករបស់ព្រះ​អម្ចាស់កាន់​តែ​ពេញល​​​ក្ខណៈ​​​ឡើ​​​ងៗ ស្រប​​​តាម​​​​​​គ្រីស្តទូតប៉ូលដែលមានប្រសាសន៍ទៅកាន់លោកធីម៉ូថេថា៖ “ត្រូវយក​ចិត្តទុក​​​ដាក់​​​បំពេញមុខងារនេះ និង​​​ព្យាយាមត​​​ទៅ​​​មុខ​​​ទៀត ដើម្បីឱ្យគ្រប់គ្នាឃើញថា លោកប្អូន​ពិតជាបាន​ចម្រើនឡើងមែន។ ត្រូវ​​​ប្រយ័ត្ន​​​​​​ប្រយែង​​​ចំពោះខ្លួន​​​ឯង ប្រយ័ត្នប្រយែងនឹងសេចក្តីដែលលោកប្អូនបង្រៀនដោយ​ព្យាយាម។ ធ្វើដូច្នេះ លោកប្អូន​​​នឹង​​​សង្គ្រោះ​​​ទាំង​​​ខ្លួន​​​លោក​​​ប្អូនផង ទាំងបងប្អូនដែល​ស្តាប់​លោក​​ប្អូនទៀតផង” (១ធម ៤,១៥-១៦)។ ពេលអស់លោកខិតខំ​​​ស្វែង​​​រករបៀប​​​ដ៏​​​ស្រួល​​​ជាងគេ ដើម្បីបញ្ជូន​បន្តដល់អ្នកដទៃនូវសេចក្តីទាំងប៉ុន្មានដែលខ្លួនបាន​​​រកឃើញដោយស្មឹង​​​ស្មាធិ៍​​​នោះ អស់​​​លោក​​​​មុខ​ជា​នឹងក្រេបជញ្ជក់កាន់តែខ្លាំងឡើងៗនូវ “សម្បត្តិដ៏បរិបូណ៌របស់ព្រះ​​​គ្រីស្ត” (អភ ៣,៨) និង “ប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់” ដែរ (អភ ៣,៩-១០)។ ប្រសិនបើ​​​អស់លោកនឹកចង​ចាំ​ជា​និច្ចថា គឺព្រះ​​​ជាម្ចាស់ទេតើដែលបើកចិត្តគំនិតមនុស្ស (កក ១៦,១៤) ហើយនឹកចង​​​ចាំ​​​ទៀត​​​ថា ​​​មុខ​ងារ​ដ៏​ប្រសើរ​របស់​អស់​លោក​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ​ជា​ម្ចាស់ (២ករ ៤,៧) មិន​មែន​មក​ពីខ្លួនអស់លោកទេ នោះក្នុងកិច្ចបញ្ជូនបន្តព្រះបន្ទូល អស់លោក​​​មុខជានឹងរួបរួមកាន់តែជិតស្និទ្ធិជាមួយ​ព្រះគ្រីស្ត​​ជាព្រះបរមគ្រូ និង​​​បណ្តោយ​​​ឱ្យព្រះវិញ្ញាណរបស់ព្រះអង្គ​​​ដែល​​​ណែនាំអស់លោក។ ដោយអស់លោកមានទំនាក់​ទំនង​ជា​មួយ​ព្រះ​គ្រីស្ត​ដូច្នេះ អស់​លោក​ក៏​ទទួលចំណែក​ក្នុង​​​ព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះជាម្ចាស់ ជាគម្រោង​ការ​ដ៏​អស្ចារ្យ​លាក់​ទុក​តាំង​ពី​ដើម​​​រៀងមក (អភ ៣,៩) ហើយ​ដែល​ព្រះជាម្ចាស់បាន​សម្តែង​ឱ្យ​មនុស្ស​លោក​ស្គាល់​ក្នុងអង្គព្រះ​គ្រីស្ត។

ក្នុងឋានៈអស់លោកជាអ្នកបំពេញមុខងារបម្រើ​ពិធី​គោរពប្រណិប័តន៍ផ្សេងៗ ជាពិសេសពេលថ្វាយ​​​សក្ការ​​​បូជា​​​នៃ​អភិបូជា អស់​លោក​គង្វាលជាតំណាងយ៉ាងពិសេសរបស់ព្រះគ្រីស្តផ្ទាល់ គឺជាតំណាងរបស់​ព្រះ​អង្គ​ដែល​​​បាន​​​បូជាព្រះជន្មធ្វើជាយញ្ញ ដើម្បីប្រោសឱ្យមនុស្សលោកបានវិសុទ្ធ។ ហេតុនេះហើយ ​បានជា​អស់លោកត្រូវរស់​នៅ​ឱ្យ​បាន​​​សមស្របតាមកិច្ចដែលអស់លោក​ប្រ​ព្រឹត្តិក្នុង​ពិធី​នោះ គឺពេលធ្វើពីធី​លើកតម្កើងគម្រោងការដ៏​អស្ចារ្យរបស់​​​ព្រះ​​​អម្ចាស់​​​ដែលចូលទិវង្គត អស់លោកត្រូវខិតខំយកចិត្តទុកដាក់រំងាប់​កិលេស​តណ្ហាក្នុងខ្លួន និងជៀសវាងឱ្យ​ផុតពី​​​ទម្លាប់ និងលម្អៀងអាក្រក់គ្រប់យ៉ាងទៀតផង។

ក្នុងគម្រោងការដ៏អស្ចារ្យនៃសក្ការៈបូជាអរព្រះគុណនោះ អស់លោក​បូជាចារ្យ​បំពេញបន្ទុកចម្បង​​​របស់អស់​​​លោក គឺព្រះគ្រីស្តរំដោះមនុស្សយើងជានិច្ចនិរន្តរ៍តទៅ។ ហេតុនេះ​ហើយ​បានជាមហាសន្និបាតទូន្មានយ៉ាងខ្លាំង​​​ឱ្យអស់លោកថ្វាយអភិបូជាជារៀងរាល់ថ្ងៃ។ ​ទោះបី​គ្រីស្តបរិស័ទពុំអាចមានវត្តមានបានក៏ដោយ ក៏អភិបូជានៅតែជា​​​កិច្ច​​​របស់ព្រះគ្រីស្ត និងរបស់ព្រះ​សហគមន៍​ដែរ។ ពេលអស់ លោករួមក្នុងកិច្ចរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ អស់​​​លោក​​​ក៏ថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់ដែរ។ ​ពេលអស់លោកទទួលព្រះកាយរបស់ព្រះគ្រីស្តទុកជាអាហារ ​​​អស់​​​លោក​​​ក៏រួមចំណែកយ៉ាងជ្រៅក្នុងចិត្ត អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដែលប្រទាន​ព្រះ​អង្គ​ផ្ទាល់ឱ្យ​​​គ្រីស្ត​​​បរិស័ទ​​​​​​​​​​​​ទុក​​​ជា​​​អាហារ។

យ៉ាងណា​មិញ ពេល​អស់​លោកធ្វើ​អគ្គ​សញ្ញា​នានាជូន​គ្រីស្ត​បរិស័ទ អស់​លោក​ក៏​រួម​ក្នុងបំណងរបស់​ព្រះ​គ្រីស្ត​ដែល​​​​ស្រឡាញ់​មនុស្ស​លោក។ អស់លោករួមជា​មួយ​ព្រះ​គ្រីស្ត​យ៉ាងពិសេស ដោយសុខចិត្តបង្ហាញថា អស់លោក​​​មាន​​​ពេលទំនេរអាចធ្វើអគ្គសញ្ញាលើក​​លែង​ទោសនៅគ្រប់ពេលគ្រីស្តបរិស័ទសូម ប៉ុន្តែ លុះត្រាតែគេសូម​​​យ៉ាង​​​​​​សមគួរនឹងធ្វើជូនបាន។ ពេល​អស់​លោកធ្វើពិធីលើកតម្កើងសិរីរុង រឿងរបស់ព្រះជាម្ចាស់តាមពេលកំណត់ អស់​​​លោក​​​​​​រួមសំឡេង​ជាមួយ​ព្រះសហគមន៍ដែល​ព្យាយាមអង្វរព្រះជាម្ចាស់ដោយ​ឥត​ឈប់​ឈរ ក្នុងនាមមនុស្សលោក​​​ទាំង​​​​​​​​​មូលដោយរួបរួមជាមួយព្រះ​គ្រីស្តដែល ”មានព្រះជន្មគង់នៅរហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យយើង” (ហប ៧,​​​២៥)។

ក្នុងឋានៈអស់លោកជាអ្នកណែនាំ និងជាគង្វាល​ថែទាំប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ព្រះហឫទ័យស្រឡាញ់​​​របស់​​​ព្រះយេស៊ូជាគង្វាល​ដ៏ល្អ ជំរុញឱ្យអស់លោកស៊ូប្តូរជីវិតសម្រាប់កូនចៀមរបស់ខ្លួន (យហ ១០,១១) ប្រុងខ្លួន​​​បូជាជីវិតទុកជាសក្ការបូជាដ៏ខ្ពង់ខ្ពស់បំផុត ដោយយកតម្រាប់តាម​បូជាចារ្យមួយចំនួនដែលពុំរួញរាបូជាជីវិត​​​កាលពីដើម និង​​ដូចសព្វ​​​ថ្ងៃ​​​​​​ដែរ ។

ក្នុងឋានៈអស់​លោកជាអ្នកអប់រំខាងជំនឿ អស់លោក “មានចិត្តរឹងប៉ឹងចូល​មក​ក្នុង​ទីសក្ការៈ ដោយ​​​សារព្រះ​លោហិត​របស់ព្រះយេស៊ូ” (ហប ១០,១៩) អស់លោកក៏ចូលទៅជិត​ព្រះ​ជាម្ចាស់ “ដោយចិត្តទៀងត្រង់ ពោរ​​​ពេញ​​​ដោយ​​​ជំនឿមាំមួន” (ហប ១០,២២)។ ដូច្នេះ អស់​លោក​ជួយឱ្យគ្រីស្តបរិស័ទ​មានសេចក្តីសង្ឃឹម​ដ៏មុតមាំ (២ករ ១,៧) ថា ព្រះជាម្ចាស់នឹងសម្រាលទុក្ខគេ ដើម្បី​ឱ្យ​គេអាចសម្រាលទុក្ខអស់អ្នកដែល​រង​ទុក្ខវេទនាគ្រប់យ៉ាងដែរ (២ករ ១,៤)។

ក្នុងឋា​​​នៈអស់លោកជាអ្នកដឹកនាំសហគមន៍ អស់លោកត្រូវរស់នៅដោយធ្វើ​តបធម៌ តាម​​​របៀប​​​​របស់​​​គង្វាលនៃវិញ្ញាណគ្រីស្តបរិស័ទ គឺអស់លោកត្រូវលះបង់ការស្រណុកផ្ទាល់​ខ្លួន​ចោល មិនរកប្រយោជន៍ផ្ទាល់ខ្លួន​​​ទេ “តែ​​​ត្រូវស្វែងរកប្រយោជន៍រួមសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យគេបានទទួល​ការសង្គ្រោះ” (១ករ ១០,៣៣)។ អស់​​​លោកក៏ត្រូវបំពេញកិច្ច​ការជាគង្វាល​ឱ្យកាន់តែល្អប្រសើរតទៅមុខ។ ប្រសិនបើមានតម្រូវការ អស់លោកក៏ត្រូវប្រុងខ្លួន​​​ប្រើវិធីឃ្វាលថ្មីៗតាមព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ណែនាំ ​គឺព្រះអង្គដែលសព្វព្រះហឫទ័យបក់ទៅទិសណាក៏បាន (យហ ៣,៨)។

១៤- លោកគង្វាលត្រូវសង្រួមចិត្តមិនឱ្យចិត្តគំនិតរវើរវាយ

ក្នុងពិភពលោកនាបច្ចុប្បន្នកាលនេះ មនុស្ស​ម្នាក់ៗ​មុខជានឹងត្រូវ​តែ​បំពេញ​កិច្ច​ការ​ជា​ច្រើន​ឥត​គណនា​មិន​​​ខាន ហើយមាន​​​បញ្ហាផ្សេងៗសង្កត់សង្កិនខ្លួនថែមទៀត ដែលត្រូវដោះស្រាយជាបន្ទាន់​មិន​អាច​បង្អង់​បាន​ឡើយ។ ហេតុ​​​នេះ មនុស្សភាគ​ច្រើន​វិល​វល់​ក្នុង​ចិត្ត មានចិត្តគំនិត​ប្រទាញប្រទង់​គ្នា។ អស់លោកគង្វាល​ក៏ដូចគេដែរ គឺ​អស់​លោក​ជំពាក់ជំពិន នឹង​ភារកិច្ច​ជា​ច្រើន​តាម​បន្ទុករបស់​ខ្លួន មានចិត្តគំនិតប្រទាញ​ប្រទង់​​គ្នា។ ជួនកាល អស់​លោក​ក៏​ដណ្តឹង​សួរ​​​​ខ្លួន​ឯង​ទាំងតប់​ប្រមល់​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យការរស់តាមព្រះវិញ្ញាណនៅ​ខាង​ក្នុង អាចស៊ីជាមួយ​សកម្មភាព​​​​​​​​​​នៅខាងក្រៅបាន? អស់លោក​មិនអាចធ្វើឱ្យជីវិតតាមព្រះវិញ្ញាណនៅខាងក្នុង និងសកម្មភាពនានាខាង​​​ក្រៅ​​​​​​​​​អាចស៊ីគ្នាបាន ដោយគ្រាន់តែចាត់ចែងកាលវិភាគធ្វើកិច្ចការតាមមុខងារបម្រើប៉ុណ្ណោះទេ ហើយទោះជាកិច្ច​​​​ផ្សេង​​​ៗ​​​ដែលបំប៉នវិញ្ញាណ​ទាំងប៉ុន្មានជារៀងរាល់ថ្ងៃអាចជួយយ៉ាងខ្លាំង​​​យ៉ាង​​​​​​ណា​ក៏​ដោយ ក៏ការ​​​ប្រព្រឹត្តកិច្ច​ទាំង​​​នោះ​​​​មិន​​​អាច​​​​​​ធ្វើឱ្យ​​​ចិត្ត​​​គំនិត​​​​​​ និងសមក្មភាព​​​ស៊ីសង្វាក់​​​គ្នាបានដែរ។​​​​​​ មានផ្លូវតែមួយដែលអាចជួយឱ្យអស់​​​លោក​​​សង្រួម​​​ចិត្តគំនិត មិន​ឱ្យ​​​​ប្រទាញ​ប្រទង់គ្នា គឺនៅពេលអស់លោកបំពេញមុខងារបម្រើរបស់ខ្លួន អស់លោកត្រូវយក​​​តម្រាប់​​​​តាម​ព្រះគ្រីស្តជា​​​ព្រះអម្ចាស់ ដែលព្រះអង្គចាត់ទុកការធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​បិតាដែលចាត់ព្រះអង្គ​​​ឱ្យ​​​​​​យា​​​​​​ង​​​មក ព្រមទាំង​​​បង្ហើយ​​​​​​កិច្ចការ​​​នោះឱ្យបានសម្រេច ជាអាហាររបស់ព្រះអង្គ (យហ ៤,៣៤)។

តាមពិត ព្រះ​គ្រីស្ត​ប្រើអ្នក​បម្រើ​របស់​ព្រះ​អង្គឱ្យធ្វើ​តាមព្រះ​ហឫ​ទ័យ​ព្រះ​បិតាដដែលនោះ ក្នុងពិភព​លោកនេះត​ទៅ​ទៀតជានិច្ច ដោយ សារព្រះ​សហគមន៍។ ហេតុនេះហើយ​ បានជា​ព្រះ​គ្រីស្តនេះ​នៅតែជាប្រភព​​​ដែល​​​អាច​​​ធ្វើ​​​ឱ្យ​​​ការរស់នៅរបស់គង្វាលស៊ីគ្នាយ៉ាងសុខដុមរមនា​បាន​។ ដូច្នេះ លោកគង្វាលនឹងធ្វើឱ្យការរស់នៅរបស់ខ្លួនស៊ីគ្នា ដោយ​​​រួមរស់ភ្ជាប់ជាមួយព្រះគ្រីស្ត ដើម្បី​ទទួល​ស្គាល់​ព្រះ​​ហឫទ័យ​របស់ព្រះបិតា និងដើម្បីបូជាខ្លួនទាំងស្រុងទុកជា​ប្រយោជន៍​ដល់​ហ្វូងចៀមដែល​ព្រះជាម្ចាស់​បាន​ផ្ញើទុក​មកអស់លោក (១យហ ៣,១៦)។ ដោយអស់លោករស់​​​នៅ​​​តាម​​​​របៀប​រស់​នៅ​របស់​ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរនោះ អស់​លោកមុខជានឹងប្រព្រឹត្តតាមសេចក្តីស្រឡាញ់​ក្នុង​ឋានៈ​​​​ខ្លួន​​​ជា​​​​គង្វាល ទើបអស់លោកអាចរកឃើញចំណងនៃការរស់នៅរបស់ខ្លួនជាបូជាចារ្យ​​​ដ៏​ពេញ​​​​​​​​​លក្ខណៈ ដែល​​​ធ្វើឱ្យការរស់នៅរបស់អស់លោកបានចុះសម្រុងគ្នាយ៉ាងសុខដុមរមនា។ រីឯសេចក្តីស្រឡាញ់​​​ក្នុង​​​ឋានៈជា​​​គង្វាលនេះវិញ ក៏ហូរចេញមកជាពិសេស ពីសក្ការៈបូជាអរព្រះគុណ ដែល​ជា​ស្នូល និងជាឫសនៃការរស់នៅ​​​ទាំង​​​​​​មូល​​​របស់លោកគង្វាល។ ដោយមានចិត្តគំនិតជា​បូជា ចារ្យ លោកត្រូវខិតខំយកសក្ការបូជា​​​របស់​​​​​​ព្រះ​​​គ្រី​​​ស្តដែល​​​លោក​​​ថ្វាយ​​​នៅលើតុសក្ការៈ​​​ដាក់ជាប់នៅក្នុងចិត្តរបស់លោក។ ប៉ុន្តែ ​អស់លោក​បូជាចារ្យអាច​​​សម្រេច​​​ការ​​​នេះ​​​បាន លុះ​​​ត្រា​​​តែ​អស់លោកតែងតែអធិដ្ឋាន ស្មឹងស្មាធិ៍ ធ្វើឱ្យគម្រោងការ​ដ៏អស្ចារ្យរបស់ព្រះគ្រីស្តជ្រួត​​​ជ្រាប​​​ក្នុងចិត្តអស់​លោក​កាន់តែជ្រៅទៅៗ។

លោកគង្វាលអាចពិនិត្យមើលថា ការរស់នៅរបស់ខ្លួនស៊ីគ្នាយ៉ាងសុខដុមរមនាពិតប្រាកដមែននោះ ដោយ​​​ពិនិត្យ​​​មើលគ្រប់កិច្ចការលោកប្រព្រឹត្ត ដើម្បីឱ្យចេះពិចារណាថា ​ព្រះជាម្ចាស់សព្វព្រះហឫទ័យ​នឹងអ្វីខ្លះ (រម​ ១២,២) ពោលគឺ រិះគិតឱ្យដឹងថា ​តើកិច្ចការទាំងប៉ុន្មានដែល​អស់​លោក​ប្រព្រឹត្ត​នោះ ស្រប​តាមគោលនៃបេសកកម្មរបស់​ព្រះ​សហគមន៍​ដែលប្រកាសដំណឹង​ល្អឬ​ក៏​អត់។ ចិត្តស្មោះត្រង់ភក្តីចំពោះព្រះគ្រីស្តពុំអាចផ្តាច់ចេញពីចិត្ត ស្មោះ​​​ត្រង់​​​ភក្តី​​​ចំពោះ​​​​​​ព្រះសហគមន៍របស់​ព្រះអង្គបាន​ឡើយ។ ហេតុនេះ​ហើយ​ បានជាសេចក្តីស្រឡាញ់ក្នុងឋានៈលោកជាគង្វាល តម្រូវឱ្យអស់គង្វាលធ្វើការ​រួបរួមជាមួយលោកអភិបាល និងជាមួយគង្វាលឯទៀតៗជាបងប្អូន​ ដែល​ទទួល​មុខ​ងារ​បម្រើជា​​​បូជាចារ្យរួមគ្នា​​​ជានិច្ច កុំឱ្យកិច្ចការ​របស់ខ្លួនត្រឡប់ទៅជាអសារឥតការឡើយ (កាឡ ២,២)។ ប្រសិន​​​បើអស់​​​លោក​​​គង្វាលប្រព្រឹត្តដូច្នេះ អស់លោកមុខជានឹងធ្វើឱ្យការរស់នៅរបស់ខ្លួនស៊ីគ្នា​យ៉ាង​សុខដុមរមនា ដោយចួលរួម​​​ក្នុង​​​បេសក កម្ម​​​របស់ព្រះសហគមន៍ទៀតផង។ អស់លោកក៏នឹងរួមភ្ជាប់​ជា​មួយ​ព្រះអម្ចាស់របស់ខ្លួន ហើយដោយ​​​សារព្រះអង្គ​​​ អស់លោកក៏រួប​​​រួមជាមួយព្រះបិតាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ​។ ហេតុនេះហើយ បានជាអស់​​​លោកនឹង​​​បាន​​​​​​​​​ធូរស្បើយ​​​ក្នុង​​​​​​ចិត្ត​​​យ៉ាង​​​ច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ (២ករ ៧,៤)។

ផ្នែកទី ២- តម្រូវការពិសេសខាងព្រះវិញ្ញាណក្នុងការរស់នៅរបស់អស់លោកគង្វាល

១៥- លោកគង្វាលត្រូវមានចិត្តសុភាពរាបសា និងសុខចិត្តស្តាប់បង្គាប់

ក្នុងចំណោមគុណធម៌ដែលលោកគង្វាលត្រូវមានជាចាំបាច់ខាន​ពុំ​បាន​ ដើម្បីបំពេញមុខងារ​បម្រើរបស់​ខ្លួន​​​​នោះ គឺមានចិត្តគំនិតត្រៀមខ្លួនជានិច្ចស្វែងរកព្រះហឫទ័យរបស់ព្រះ​ជាម្ចាស់ដែល​ចាត់​អស់​លោកឱ្យ​ទៅ មិនមែន​​​ស្វែង​​​រកធ្វើតាមបំណងរបស់ខ្លួនឡើយ (យហ ៤,៣៤; ៥,៣០; ៦,៣៨​)។ ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ត្រាស់​ហៅ​អស់​លោក​ឱ្យ​បំពេញ​ព្រះ​រាជកិច្ច​របស់​ព្រះ​ជាម្ចាស់ (កក ១៣,២) ជា​ព្រះរាជកិច្ច​ហួស​ពី​កម្លាំង និង​ពី​ប្រាជ្ញា​គ្រប់យ៉ាងរបស់​មនុស្ស​​​​លោក ដ្បិត “ព្រះជាម្ចាស់​បាន​ជ្រើស​រើសអ្វីៗ​ដែលមនុស្សលោកចាត់ទុកថា ទន់ខ្សោយក្នុងលោកីយ៍នេះមក​​​ផ្ចាញ់​​​​​​​​​ពួកអ្នកខ្លាំងពូកែវិញ” (១ករ ១,២៧)។ ហេតុនេះហើយ បានជាអ្នកបំពេញមុខងារ​​​បម្រើដ៏ពិតប្រាក​​​ដ​​​របស់ព្រះ​​​គ្រីស្តតែង​​​ដឹងថា ខ្លួនជាមនុស្សទន់ខ្សោយ ដាក់ខ្លួនធ្វើការដោយចិត្តសុភាពរាបសាទាំងរិះគិតពិចារណាថា អ្វីដែល​​​គាប់​​​ព្រះ​​​ហឫទ័យព្រះអម្ចាស់ (អភ ៥,១០)។ ព្រះវិញ្ញាណដ៏វិសុទ្ធ​​​ហាក់ដូចជាទាក់ទាញចិត្តគង្វាល (កក ២០,២២) ទើបលោកបណ្តោយខ្លួនឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់​ណែនាំក្នុងគ្រប់កិច្ចការ​ទាំង​អស់ គឺតាម​​​ព្រះ​​​ហឫទ័យ​​​របស់​​​ព្រះ​​​​អង្គ​​ដែលសព្វព្រះហឫទ័យ​ឱ្យមនុស្ស​ទាំងអស់ទទួលការសង្គ្រោះ។ លោកគង្វាលអាច​រកឃើញព្រះ​ហឫទ័យ​របស់​​​​​​​ព្រះជាម្ចាស់ និងផ្ចង់​ចិត្តធ្វើតាម​ក្នុងគ្រប់​កិច្ច​ការ​ប្រចាំថ្ងៃ​បាន ដ្បិតលោកដាក់ខ្លួនបម្រើអស់អ្នកដែល​ព្រះ​ជាម្ចាស់បានផ្ញើទុកមកលោក ស្រប​តាម​​បន្ទុកដែលលោកបានទទួល និងស្រប​តាម​ព្រឹត្តិការណ៍ជាច្រើន​ដែលកើត​​​ឡើង​​​​​​​ក្នុងការ​រស់​នៅ​​របស់​ខ្លួនផង។

ប៉ុន្តែ មុខងារបម្រើជាបូជាចារ្យ ជាមុខងារបម្រើរបស់​ព្រះ​សហគមន៍​តែម្តង។ ហេតុ​​​នេះហើយ​ បានជាគ្មាននរណា​អាច​​បំពេញ​មុខងារបម្រើ​នេះបាន ដោយមិនរួប​រួម​ជាមួយ​អស់​លោកអភិបាល​ដែល​​​​​​​​​​កាន់អំណាចលើព្រះកាយទាំងមូលតាមលំដាប់លំដោយ។ ហេតុនេះ​ដោយ​យល់​ដល់​ការ​រួប​រួម​គ្នា​ជា​ព្រះ​សហគមន៍ សេចក្តីស្រឡាញ់របស់អស់​​​លោកក្នុង​ឋានៈ​ជាគង្វាល ​ជំរុញអស់លោកឱ្យបូជាបំណងប្រាថ្នា​របស់​ខ្លួនផ្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីបម្រើព្រះ​​​អង្គ និងបងប្អូន។ អស់លោក​​​ក៏​​​ត្រូវ​​​សុខចិត្តទទួលស្គាល់​​​ ហើយអនុវត្តតាមបញ្ជានិងដំបូន្មានអភិបាលព្រះ​សហគមន៍​​​​​​​​​ក្រុងរ៉ូ​​​ម អភិបាល​របស់ខ្លួន និង​​​មេដឹក​​​នាំឯទៀតៗ ដោយ​​​មានឆន្ទៈ​​​ជា​អ្នក​​​​ផ្ញើ​​​​​ជីវិត​លើព្រះ​គ្រីស្ត។ អស់លោក​ក៏​ត្រូវ​សុខ​​​ចិត្តចំណាយអ្វីដែលខ្លួនមាន ហើយក៏ចំណាយកម្លាំងកាយកម្លាំងចិត្តថែមទៀតផង (២ករ ១២,១៥) ដើម្បី​​​បំពេញ​​​គ្រប់​បន្ទុក​ផ្ញើ​មកឱ្យអស់អ្នក ដោយ​​​មានឆន្ទៈ​​​ជា​អ្នក​​​​ផ្ញើ​​​​​ជីវិត​លើព្រះ​អង្គ ទោះបី​​​ជា​​​បន្ទុកតូច ឬមិនសំខាន់ក្ដី។ ដោយប្រព្រឹត្តដូច្នេះ ​អស់លោករក្សាទុក​ និង​ពង្រឹង​​​ការ​រួបរួមគ្នាដ៏ចាំបាច់​ជាមួយ​គង្វាលឯទៀតៗ​ជាបងប្អូន​ ដែល​ទទួល​មុខ​ងារ​បម្រើរួមគ្នា ហើយជា​ពិ​​​សេស​ជាមួយនឹង​អស់លោក​អភិបាលដែល​​​ព្រះ​​​អម្ចាស់​​​ចាត់តាំង​​​ជាមេដឹក​នាំ​របស់ព្រះ​​​សហគមន៍​​​ព្រះអង្គ ដែលមនុស្សអាចមើលឃើញបាន។ អស់លោកគង្វាលក៏​​​រួម​​​គ្នាកសាងព្រះកាយព្រះគ្រីស្តដែល​​​ចម្រើនឡើង “ដោយសារ​សន្លាក់​ឆ្អឹង​ទាំងប៉ុន្មានដែលបម្រើព្រះកាយ តាម​​​កម្រិត​សមត្ថភាព​របស់សរីរាង្គនីមួយៗ” (អភ ៤,១១-១៦)។ ដោយអស់លោកស្តាប់បង្គាប់បែបនេះ អស់​លោក​មុខជា​​​នឹង​​​​​​​រស់នៅតាមសេរីភាពនៃ​បុត្រ​ធីតាដ៏ពេញវ័យ​របស់ព្រះជាម្ចាស់។ ពេលអស់លោកបំពេញ​បន្ទុក​របស់ខ្លួន និងដោយ​​​មានសេចក្តី​ស្រឡាញ់​​​ជំរុញ​​​ទៀតផង មានលោក​គង្វាលខ្លះរិះគិតពិចារណាស្វះ​ស្វែង​រកវិធីថ្មីៗ​​​ ដើម្បី​​​ជា​​​​ប្រយោជន៍​​​ព្រះ​​​សហគមន៍។ ដោយ​អស់​លោក​​​​សុខចិត្តស្តាប់​បង្គាប់​​​ អស់លោកត្រូវរៀបរាប់អំពីគម្រោង​ការ​របស់ខ្លួនឱ្យលោក​​​អភិ​​​បាលដឹង ដោយ​​​សេចក្ដី​​​​​​ទុក​​​ចិត្ត ទាំងគូ​សង្កត់​​​​​​លើ​តម្រូវការរបស់ហ្វូងចៀមដែល​​​ព្រះជាម្ចាស់បានផ្ញើទុកមក ទាំង​​​ប្រុង​​​ខ្លួន​​​ជានិច្ច​ធ្វើ​​​តាម​​​​ការ​វិនិច្ឆ័យ​របស់​អភិបាល​ ដែល​ទទួលបន្ទុកគ្រប់គ្រងលើព្រះសហគមន៍របស់ព្រះជាម្ចាស់ដែរ។ ការដាក់ខ្លួន និងសម្រេចចិត្ត​​​ស្តាប់​​​បង្គាប់ទាំងទទួលខុសត្រូវបែបនេះ មុខជានឹងធ្វើឱ្យលោកគង្វាលបាន​​​ដូចព្រះគ្រីស្ត (អភ ៤,១១-១៦)។ អស់លោកមុខជានឹងមានមនោសញ្ចេតនា ​ដូចព្រះគ្រីស្តយេស៊ូដែលទ្រង់ “បាន​​​លះបង់អ្វីៗ​​​ទាំង​​​អស់មកយក​​​ឋានៈ​​​ជាអ្នកបម្រើ… ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត” (ភីល ២,៧-៩)។ ដោយ​​​ព្រះគ្រីស្តស្តាប់​​​បង្គាប់បែ​​​បនេះឯង ព្រះអង្គបានជ័យជម្នះ និងរំដោះយើងឱ្យបានរួចពីបាបកម្មរបស់លោកអដាំ​ដែល​មិនបាន​​​ស្តាប់​​​បង្គាប់វិ​​​ញ ដូចគ្រីស្តទូត​​​ធ្វើជាសាក្សីថា៖ “មនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់យ៉ាងណា ព្រះ​​​ជាម្ចាស់ក៏នឹងប្រោស​​​មនុស្ស​​​ទាំងអស់ឱ្យបានសុចរិត ​ដោយសារ​មនុស្សតែម្នាក់បានស្តាប់បង្គាប់យ៉ាងនោះដែរ” (រម ៥,១៩)។

១៦- លោកគង្វាលត្រូវកាន់ព្រហ្មចរិយធម៌ ហើយ​ចាត់ព្រហ្មចរិយធម៌នេះទុកជា​ព្រះ​អំណោយ​ទាន​​របស់​​​ព្រះ​ជា​ម្ចាស់ ព្រះគ្រីស្តជាព្រះអម្ចាស់ទូន្មានឱ្យសាវ័ករស់នៅដោយកាន់ព្រហ្មចរិយធម៌យ៉ាងពេញលក្ខណៈ និងអស់មួយ​ជីវិត ដោយយល់ដល់ព្រះរាជ្យរបស់ព្រះជា ម្ចាស់ (មថ ១៩,១២)។ តាំង​ពី​ជំនាន់​ដើម​រៀង​មករហូត​មក​ដល់សព្វ​ថ្ងៃ​ មាន​​​​គ្រីស្ត​បរិស័ទ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​កាន់​ព្រហ្មចរិយធម៌បែបនេះដោយ​ចិត្ត​រីក​រាយ ហើយ​បាន​កាន់​តាមដោយ​គ្មាន​សៅ​ហ្មង​អ្វី​ឡើយ គួរឱ្យសរសើរមែន។ ព្រះសហគមន៍ក៏​តែង​តែ​ចាត់ទុកជានិច្ចថា ការកាន់ព្រហ្មចរិយធម៌ ពិត​​​ជា​​​របៀប​​​​​​រស់​​​​នៅដ៏ប្រសើរ ជាពិសេស ​សម្រាប់អស់លោកបូជាចារ្យ។ ការរស់ដោយកាន់តាមព្រហ្មចរិយធម៌ជាសញ្ញាសម្គាល់អំពី​​​សេចក្ដី​​​​​​ស្រឡាញ់​​​​របស់គង្វាលផង និង​ជំរុញ​ឱ្យសេចក្តីស្រឡាញ់នោះចម្រើនឡើងទៀតផង។ ម៉្យាង​ទៀត ការរស់​ដោយ​កាន់តាមព្រហ្មចរិយធម៌ក៏ពិតជាប្រភពដ៏ពិសេសមួយ បង្កើតផលផ្លែខាងព្រះវិញ្ញាណក្នុង​ពិភព​លោក​ផងដែរ​ (ពន្លឺ ៤២)។ ពិត មែន លក្ខណៈនៃមុខងារជាបូជាចារ្យមិនទាមទារឱ្យអស់លោក​កាន់តាម​​ព្រហ្មចរិយធម៌​នោះទេ ដូច​​​​​​​ទំនៀមទម្លាប់​នៃ​​​​ព្រះសហគមន៍ជំនាន់ដើម (១ធម ៣,២-៥; ទក​​​ ១,៦) និងប្រពៃណីព្រះសហគមន៍នៅ​បូព៌ា​ប្រទេសជាសាក្សី​ស្រាប់។ ព្រះសហគមន៍នៅបូព៌ាប្រទេស​មានគង្វាលខ្លះជ្រើស​​​រើសរស់នៅ​ដោយកាន់តាម​ព្រហ្មចារី​យ៍​ធម៌ ទុកជាព្រះ​​​អំណោយទានមកពីព្រះជាម្ចាស់។ អស់លោកអភិបាល​រស់​​​នៅ​​​ដោយកាន់​តាម​​​ព្រហ្មចរិយធម៌។ ក៏ប៉ុន្តែ មានលោកគង្វាលខ្លះមានគ្រួសារ។ អស់លោកក៏ពិតជាគង្វាលដ៏ល្អ​​​ប្រសើរ​​​ដែរ។ ទោះបីមហាសន្និបាត​ដ៏វិសុទ្ធនេះ ទូន្មានឱ្យ​​​អស់លោកគង្វាលរស់ដោយកាន់​​​តាមព្រហ្មចរិយធម៌​ក្ដី ក៏មហាសន្និបាត​ពុំមានបំណង​​​ចង់​​​ផ្លាស់​​​ប្រែ​​​​វិន័យ​ប្លែក​ដែល​​​មាន​​​​​​កាន់យ៉ាងត្រឹមត្រូវក្នុងព្រះ​​​សហគមន៍​​​នៅបូព៌ាប្រទេស​នោះ​ទេ។ ផ្ទុយទៅវិញ ដោយសេចក្តីស្រឡាញ់​​​​យ៉ាងខ្លាំងជា​ទី​បំផុត មហា​សន្និបាតសូមដាស់តឿនអស់បុរស​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍ ហើយដែល​​​បានទទួល​អគ្គសញ្ញា​តែង​តាំង​​​ជា​​​គង្វាល ឱ្យព្យាយាម​បំពេញ​មុខ​ងារ​ដ៏​វិសុទ្ធ​របស់ខ្លួនតទៅទៀត តាមតែព្រះជា​​​ម្ចាស់​​​ត្រាស់ហៅ និងឱ្យស៊ូ​ប្តូរ​ជីវិតទាំងស្រុងដោយចិត្ត​ទូលាយ​ សម្រាប់ហ្វូងចៀម​ដែល​ព្រះជាម្ចាស់បានផ្ញើទុកមក។

ក៏ប៉ុន្តែ ការរស់នៅដោយកាន់​​​ព្រហ្មចរិយធម៌សមនឹងមុខងារជា​​​បូជាចារ្យ​​​ត្រង់ប្រការជាច្រើន។ បេសកកម្ម​របស់បូជាចារ្យ គឺបូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុង ​​​ដើម្បីបម្រើមនុស្សលោកថ្មី​ដែល​ព្រះ​គ្រីស្តបានប្រតិស្ឋាន​មក​​​។ ព្រះ​​​គ្រីស្តដែលមាន​ជ័យ​​​​ជម្នះលើសេចក្តីស្លាប់ ព្រះអង្គ​​​ប្រតិស្ឋាន​​​មនុស្ស​ជាតិ​ថ្មី​នោះ ​នៅក្នុង​​​លោកីយដោយ​​​សារ​​​ព្រះ​​​វិញ្ញាណ​​​របស់ព្រះអង្គ។ មនុស្សជាតិថ្មីនោះមានដើមកំណើត “ពុំមែនពីលោហិត ឬពីចំណង់តណ្ហា ឬពីការប៉ង​ប្រាថ្នា​របស់​មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ” (យហ ១,១៣)។ ដោយអស់លោកគង្វាលកាន់តាម​ព្រហ្មចរិយធម៌​​​​ ឬដោយ​​​មិន​​​រួមបវេណី ព្រោះខ្លួនគិតដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ១៩,១២) អស់លោក​​​ញែកខ្លួន​ប្រសិទ្ធិថ្វាយព្រះគ្រីស្ត​តាម​​​​របៀប​មួយថ្មី និង​យ៉ាង​ប្រសើរបំផុត។ អស់លោ​កនឹងផ្ចង់ចិត្តទៅនឹងព្រះអង្គងាយ​ជាងអ្នកមាន​គ្រួសារ ដោយគ្មានចិត្ត​ប្រទាញប្រទង់ (១ករ ៧,៣២-៣៤)។ អស់លោកក៏មានសេរីភាព​ច្រើន​​​ជាងអ្នក​មាន​គ្រួ​សារ ថ្វាយកម្លាំងចិត្ត​កម្លាំងកាយបម្រើព្រះ​​​ជាម្ចាស់ផង និងបម្រើមនុស្សលោកផង ក្នុងអង្គព្រះគ្រីស្ត ​និងដោយព្រះគ្រីស្ត។ អស់លោក​ក៏មានលទ្ធភាពច្រើន​ជាង​អ្នក​មាន​គ្រួសារ​ដោយមិនជំពាក់ជំពិនអ្វីមួយ អាច​បម្រើ​​​ព្រះរាជ្យរបស់​ព្រះ​អង្គ និង​​​ជួយធ្វើកិច្ចបង្កើត​មនុស្ស​​​ជាថ្មីតាមលោកខាងមុខ។ អស់ លោកក៏​មាន​សមត្ថភាព​ច្រើន​ជាង​អ្នក​​​​មាន​គ្រួសារ អាច​ទទួល​មុខងារ​ជា​ឪពុក​ដ៏ទូលំទូលាយក្នុង​អង្គព្រះ​គ្រីស្ត​។ ដូច្នេះ អស់លោករស់​នៅ​ដោយ​​​កាន់​​​តាមព្រហ្មចរិយធម៌​បែបនោះ ប្រកាស​​ចំពោះ​មុខមនុស្សលោកថា គេសុខចិត្តបូជាកម្លាំងកាយ​កម្លាំង​ចិត្តដោយ​គ្មាន​​​​ប្រទាញប្រទង់ បំពេញ​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ផ្ញើ​ទុក​ឱ្យ​ធ្វើ ពោលគឺ ដណ្តឹង​គ្រីស្ត​បរិស័ទឱ្យ​ថ្វាយ​​​​​​ទៅ​​​ព្រះ​​​គ្រីស្តជាព្រះ​​​ស្វាមីតែ​មួយ​គត់ ទុកដូចជាក្រមុំ​ព្រហ្មចារី​ដ៏បរិសុទ្ធ (២ករ ១១,២)។ អស់លោកនាំឱ្យមនុស្ស​​​ស្រមៃ​​​ឃើញ​​អំពី​អាពាហ៍ពិពាហ៍​តាមកម្រោងការដ៏អស្ចារ្យ គឺ​ព្រះសហគមន៍​នឹងរៀបអភិសេកជាមួយ​ព្រះគ្រីស្ត​ជាព្រះ​ស្វាមី​តែ​​​មួយ​​​គត់ (ពន្លឺ ៤២.៤៤; សម្រួល ១២)។ ព្រះជាម្ចាស់សព្វព្រះហឫទ័យមានគម្រោងការនេះ ដែល​នឹង​លេច​ចេញ​មក​យ៉ាង​​​ពេញ​​​លេញនៅពេលអនាគត។ លើសពី​នេះទៅទៀត អស់លោកក្លាយទៅជាសញ្ញាសម្គាល់​ដ៏មានជីវិតរស់រវើកអំពី​​​លោកខាងមុខ ដែលមានវត្តមានក្នុង​លោក​​​​​នេះរួចហើយដោយសារជំនឿ និងដោយសេចក្តីស្រឡាញ់ ពោលគឺ នៅ​​​ក្នុងលោកខាងមុខនោះ បុត្រធីតា​ដែល​ព្រះជាម្ចាស់ប្រោសឱ្យ​មាន​ជីវិតថ្មីដ៏រុងរឿង លែងរៀបការប្តីប្រពន្ធ​​​ទៀត​​​ហើយ​​​ (លក ២០,៣៥-៣៦)។

កាលពីដំបូង ព្រះសហគមន៍គ្រាន់តែទូន្មានឱ្យ​​បូជាចារ្យកាន់តាម​ព្រហ្មចរិយធម៌​​​​ប៉ុណ្ណោះ​​​ ព្រោះតែ​សម្អាង​​​លើគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត​ និងលើ​បេសកកម្មរបស់​ព្រះអង្គ​​ជាមូលដ្ឋាន។ ក្រោយមក ក្នុង​​​ព្រះ​​​សហគមន៍​​​​​​ដែលកាន់តាមរបៀបរបបពិធីភាសាឡាតាំង ព្រះសហគមន៍​បង្កើត​ច្បាប់វិន័យ បញ្ជាឱ្យ​អស់​អ្នក​ដែល​​​ទទួល​​​អគ្គសញ្ញាតែងតាំងត្រូវកាន់ព្រហ្មចរិយធម៌នោះ។ មហាសន្និបាត​ដ៏វិសុទ្ធ​នេះក៏យល់ស្របតាម និងបញ្ជាក់​​​ច្បាប់វិន័យនេះសាជាថ្មី​ចំពោះអស់​អ្នក​ដែល​​នឹងទទួល​អគ្គសញ្ញា​តែងតាំងជាគង្វាល។ មហាសន្និបាត​មាន​​សេចក្តី​សង្ឃឹម​លើព្រះ​វិញ្ញាណ ហើយជឿជាក់ថា ព្រះបិតាមុខជានឹងប្រទានព្រះអំណោយទាន​យ៉ាងទូលំទូលាយ​​​ឱ្យ​គ្រីស្តបរិស័ទ​​​រ​​​​​​ស់នៅ ដោយ​កាន់តាមព្រហ្មចរិយធម៌ ដែលពិតជាសម​រម្យ​ស្របនឹង​មុខងារ​ជា​បូជាចារ្យ​​នៃ​សម្ពន្ធ​​​មេត្រីថ្មី។ អស់​លោក​គង្វាលដែលរួមចំណែកក្នុង​មុខងាររបស់ព្រះគ្រីស្ត​ជា​មហា​​បូជាចារ្យ ដោយ​អគ្គសញ្ញា​តែង​​​តាំង​​​​នោះ ជាពិសេសទៅទៀត ព្រះសហគមន៍ទាំងមូលត្រូវ តែនាំ​គ្នា​ទទូចអង្វរ​ព្រះ​បិតាដោយចិត្តសុភាពរាបសា សូម​​​ព្រះអង្គប្រោសប្រទានព្រះអំណោយទាន​នេះផង​។ ម៉្យាងទៀត មហាសន្និ បាត​​​ដ៏វិសុទ្ធនេះ​ក៏សូមដាស់​​​តឿន​​​អស់​​​លោក​​​​​​គង្វាលដែល​បានផ្ញើជីវិត​លើព្រះហឫទ័យ​ប្រោស​ប្រណី​របស់ព្រះជាម្ចាស់ ហើយដែលបានជ្រើសរើសដោយ​​​សេរី ស្ម័គ្រចិត្តរស់​នៅ​ដោយកាន់​តាមព្រហ្មចរិយធម៌ដោយ​​យក​តម្រាប់តាមព្រះគ្រីស្ត សូមអស់លោកផ្ចង់ចិត្តយ៉ាង​ទូលំ​​​ទូលាយនឹងព្រហ្មចរិយធម៌នេះ​ដោយ​ស្មោះ​អំពី​ចិត្ត​។ សូម​កាន់​​​តាមសភាពការណ៍នេះ​ដោយ​​ចិត្ត​ភក្ដី សូមទទួល​​​ស្គាល់​​​តម្លៃ​​​ដ៏​​​ប្រសើរ​នៃព្រះអំណោយ​ទាន​របស់​ព្រះបិតា​នេះ​មក​អស់លោក ហើយដែលព្រះអម្ចាស់សរសើរលើក​​​តម្កើង​​​​​យ៉ាងច្បាស់​​​​​​លាស់​ផង (មថ ១៩,១១)។ សូមអស់លោកស្មឹងស្មាធិ៍រិះ​គិត​អំពីគម្រោងការដ៏សម្បើមអស្ចារ្យនៃការរស់នៅតាម​​​ព្រហ្មចរិយធម៌នេះ ​អស់​លោក​​ជា​សញ្ញា​សម្គាល់នៃគម្រោងការដ៏អស្ចារ្យនេះ ហើយបានសម្រេចរួចហើយ​​​ទៀត​​​ដែរ។ ពិតមែន ក្នុងពិភពលោកនាបច្ចុប្បន្នកាលមាន​មនុស្ស​​​​​​​ជា​ច្រើន​តែង​ប្រកាសថា គ្មាន​នរណា​អាច​កាន់​តាម​​​ព្រហ្មចរិយធម៌យ៉ាងពិតប្រាកដអស់​មួយ​ជីវិត​បាន​ឡើយ។ នេះជា​មូលហេតុ​មួយទៀត ជំរុញអស់លោកគង្វាលឱ្យ​​​កាន់​​​តែព្យាយាម​ទទូចអង្វរ​ព្រះ​ជាម្ចាស់ ដោយ​ចិត្ត​កាន់តែ​សុភាព​រាប​សា រួម​ជា​មួយ​ព្រះ​សហគមន៍ផង សូមព្រះ​​​អង្គ​​​ប្រទាន​​​​ព្រះ​អំណោយទាននៃភក្តីភាពមកផង។ ព្រះអង្គពុំ​ដែល​បដិសេធប្រទានព្រះអំណោយទាននេះ​ឱ្យអ្នក​ដែល​​អង្វរ​​​សូមឡើយ។ ទន្ទឹមនឹងនេះ អស់លោកត្រូវប្រើគ្រប់ជំនួយទាំងអស់ ទាំងនៅខាងលោកនេះក្ដី ទាំងនៅខាង​លោក​ខាងមុខក្ដី ដែល​អ្នក​ណាក៏អាចយកមកប្រើបានដែរ ដើម្បីឱ្យខ្លួនអាចកាន់តាម​ព្រហ្ម​ចរិយធម៌​បាន​។ ម៉្យាង​​​ទៀត​​​ សេចក្ដី​​​​ណែនាំ​​របស់​​​ព្រះសហគមន៍ ជាពិសេស សេចក្តីណែនាំឱ្យ​ប្រព្រឹត្តតាមតបធម៌ដែលព្រះសហគមន៍​មាន​បទ​ពិសោធន៍​ល្បងល​មើល​រួចហើយ ក៏មានសារៈសំខាន់ដ៏ចាំបាច់ក្នុងពិភព​លោកនាសម័យនេះ។ សូមអស់​​​លោក​​​​​​គង្វាលកាន់តាមសេចក្ដីណែនាំទាំងនោះផង។ ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធអញ្ជើញ​​​មិនត្រឹម​​​តែបូជាចារ្យប៉ុណ្ណាះទេ តែអញ្ជើញអស់​គ្រីស្តបរិស័ទដែរ ឱ្យរាប់រកព្រហ្មចរិយធម៌របស់បូជាចារ្យទុកជាព្រះ​​​អំណោយ​​​ដ៏មាន​​​តម្លៃនេះ ​ហើយឱ្យទាំងអស់គ្នាអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានព្រះអំណោយទាននៃ​​​ព្រហ្មចរិយធម៌​​​​​​នេះយ៉ាង​បរិបូណ៌​​​ ឱ្យព្រះសហគមន៍របស់ព្រះអង្គជានិច្ចផង។

១៧- ឥរិយាបថរបស់លោកគង្វាលចំពោះពិភ​​​ពលោក និងសម្បត្តិលោកីយ៍

​អស់​លោក​គង្វាលតែង​តែទាក់ទងជាមួយគ្នាទៅវិញទៅមក និងជាមួយអ្នកឯ​ទៀតៗ​ទុកជាបង​ប្អូន និង​ទុកជា​មិត្ត​​​​សម្លាញ់។ ដូច្នេះ អស់​លោក​បង្ហាត់​ខ្លួន​ឱ្យ​ស្គាល់ និង​គោរព​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​នៃការរស់នៅរបស់មនុស្ស ព្រម​ទាំង​រាប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រតិស្ឋាន​មកទុក​ជា​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ។ អស់លោករស់នៅក្នុងលោកនេះ​ ប៉ុន្តែ ​អស់​លោក​តោង​នឹកគិតជានិច្ចថា អស់លោកមិន មែនកើតពីលោកីយ៍ទេ ស្របតាម​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ជា​ព្រះ​​បរមគ្រូ​នៃ​យើង (យហ ១៧,១៤-១៦)។ ដូច្នេះ អស់លោកប្រើប្រាស់សម្បត្តិលោកីយ៍ដោយ​កាន់ចិត្តថា​​​ ខ្លួន​​​មិន​មែនជាម្ចាស់លើអ្វីៗទាំងនោះ (១ករ ៧,៣១)។ ចិត្តគំនិតនេះមុខជានឹងនាំឱ្យ​អស់លោកឈានទៅដល់​សេរីភាព ​ដែលរំដោះ​អស់លោកឱ្យ​រួច​ផុត​​ពីគ្រប់កង្វល់ដ៏រាយ​បា៉យហួសហេតុពេក ព្រមទាំងនាំឱ្យអស់លោកសុខចិត្ត​​ស្តាប់​បង្គាប់​​​​ព្រះជាម្ចាស់​ ដែលមាន​ព្រះបន្ទូល​​​តាមរយៈការរស់នៅប្រចាំថ្ងៃ។ សេរីភាព និងចិត្តចង់ស្តាប់​តាម​បង្គាប់​​​នេះ បណ្តោយ​​​ឱ្យអស់លោក​ចេះថ្លឹង​ថ្លែង​អ្វីៗតាម​បែបព្រះវិញ្ញាណ គឺ​នាំឱ្យអស់លោករក​ឃើញឥរិយាថដ៏​ត្រឹម​ត្រូវ​ចំពោះ​​​មនុ​​​ស្សលោក និងចំពោះសម្បត្តិលោកីយទៀតផង។ ឥរិយាបថនេះពិតជាមានសារៈសំខាន់ជាចាំបាច់ចំពោះ​​​លោក​​​គង្វាល​​​ ព្រោះព្រះសហគមន៍បំពេញបេសក កម្មរបស់ខ្លួនក្នុង​ពិភព​លោក ហើយសម្បត្តិលោកីយ៍ដែលព្រះ​​​ជាម្ចាស់​​​ប្រតិស្ឋាន​​​មក ក៏មានសារៈសំខាន់ជាចាំបាច់បំផុត​សម្រាប់​ឱ្យ​មនុស្ស​​ម្នាក់ៗអាចចម្រើនឡើងបានដែរ។ អស់លោក​​​ត្រូវ​​​​​​តែដឹងគុណ​ព្រះ​បិតាដ៏ខ្ពង់ខ្ពស់បំផុត ចំពោះអ្វីៗ​ទាំងអស់​ដែល​​ព្រះអង្គប្រទាន មកឱ្យអស់លោក ដើម្បីរស់នៅ​​​​​​​យ៉ាង​សមរម្យ​​​។ ប៉ុន្តែ ត្រូវឱ្យពន្លឺនៃជំនឿបំភ្លឺចិត្តគំនិត​អស់​លោកឱ្យចេះរិះគិតពិចារណា​អំពីអ្វីៗទាំងអស់​ ដែលអស់​​​លោក​​​ជួ​​​បប្រទះ ដើម្បីឱ្យអស់លោកចេះប្រើប្រាស់សម្បត្តិ​ទាំង​អស់យ៉ាងត្រឹមត្រូវសមស្របតាម​ព្រះហឫទ័យរបស់ព្រះជា ម្ចាស់ ព្រម​​​ទាំង​​​ឱ្យចេះលះបង់ចោល​អ្វីៗ​ទាំងអស់​ ដែល​អាចរារាំង​បេសកកម្មរ​​បស់អស់លោកទៀតផង។

អស់លោកបូជាចារ្យបានទទួលព្រះ​​​អម្ចាស់ទុកជា “ចំណែកមរតក” (ជរ ១៨,២០) របស់ខ្លួនរួចហើយ។ ហេតុនេះ អស់​​​លោក​ត្រូវ​ប្រើ​ប្រាស់​​​សម្បត្តិ​​​លោកីយ៍សម្រាប់តែបំពេញគម្រោងការណាដែល​លទ្ធិ​របស់​ព្រះ​គ្រីស្ត និង​​​សេចក្ដី​​​ណែ​​​នាំ​របស់​ព្រះសហគមន៍​​​អនុញ្ញាតឱ្យប៉ុណ្ណោះ។

ចំពោះសម្បត្តិជា​កម្ម​សិទ្ធិព្រះសហគមន៍​​ផ្ទាល់វិញ អស់លោកបូជាចារ្យត្រូវ​គ្រប់គ្រង​សម្បត្តិ​ទាំងនោះស្រប​តាម​លក្ខណៈ​​​រ​​​​​​បស់វា និងស្របតាមសេចក្ដីណែនាំនៃច្បាប់របស់ព្រះសហគមន៍។ ប្រសិន​បើ​អាច​ធ្វើបាន សូមឱ្យ​​​គ្រីស្តបរិស័ទ​​​​​​ធម្មតាដែលមានសមត្ថភាពជួយគ្រប់គ្រងសម្បត្តិទាំងនោះ។ ត្រូវប្រើសម្បត្តិទាំងនោះសម្រាប់​តែ​គម្រោងការ​​​ណាដែល​​​អនុញ្ញាតឱ្យព្រះសហគមន៍សមនឹងកាន់កាប់សម្បត្តិ​លោកីយ៍ ពោលគឺ សម្រាប់ចាត់ចែង​ពិធី​គោរព​​​បម្រើព្រះជាម្ចាស់ និងសម្រាប់ផ្គត់ផ្គង់ជីវភាពយ៉ាងសមរម្យឱ្យ​ក្រុម​អ្នក​ទទួលអគ្គសញ្ញាតែង​តាំង ហើយ​សម្រាប់​បំពេញ​​​កិច្ចការជាគ្រីស្តទូត និង​​​កិ​​​ច្ចមេត្តាករុណា ជាពិសេស ចំពោះ​អ្នកខ្វះខាត។ ចំពោះសម្បត្តិដែល​​​អភិបាល ​​​ឬអស់លោកគ​​​ង្វាល​​​បាន​​​ពីការបំពេញការងារអ្វីមួយ​ក្នុងព្រះ​សហគមន៍ អស់លោក​ត្រូវ​ប្រើប្រាស់សម្រាប់ធានាជីវភាព​របស់​​​ខ្លួន​​​យ៉ាង​​​សមរម្យ និង​​​សម្រាប់​​​​បំពេញភារកិច្ចនានា​នៃមុខងាររបស់​ខ្លួន​ជាមុនសិន​។ ចំពោះអ្វីៗដែលនៅ​​​សេស​​​ស​​​ល់ អស់លោក​ត្រូវយក​ចិត្ត​ទុក​​​​​​ដាក់ប្រើដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ ឬសម្រាប់​កិច្ច​​មេត្តាករុណាវិញ។ ប៉ុន្តែ ត្រូវប្រើ​​​ប្រាស់​​​សម្បត្តិ​​​តាម​​​របៀប​​​នេះ លុះត្រាតែគ្មានច្បាប់អនុញ្ញាត​ឱ្យប្រើតាម​របៀប​​ផ្សេង។ សរុប​សេចក្ដី​​​មក​​​ មុខ​​​តំណែងក្នុងព្រះ​​​សហគមន៍​​​មិ​​​នត្រូវក្លាយទៅជារបររកស៊ីឡើយ។ អស់លោកគង្វាលមិនត្រូវយកប្រាក់​​​ចំណេញ​ពី​​​សម្បត្តិ​​​​ព្រះ​​​សហគមន៍ មកបង្កើនទ្រព្យកម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ជា​ដាច់​ខាត។ ហេតុនេះហើយ បានជាបូជាចារ្យ​មិនត្រូវជំពាក់​ចិត្តនឹង​​​ទ្រព្យ​​​​​​ស​​​ម្បត្តិឡើយ (ទំន ៦២,១១) ផ្ទុយទៅវិញ ត្រូវជៀស​វាងឱ្យ​ផុត​​ពី​ចិត្ត​លោភ​លន់​គ្រប់​យ៉ាងជានិច្ច​ និង​​​ប្រយ័ត្ន​​​ប្រយែ​​ង​​​​​​មិន​​​ប្រព្រឹត្តអ្វីដែលហាក់ដូចជាជំនួញ​រកស៊ីនោះឡើយ។

ផ្ទុយទៅវិញ ព្រះសហគមន៍អញ្ជើញអស់លោកឱ្យស្ម័គ្រចិត្តរស់នៅក្នុងឋានៈជាអ្នកក្រីក្រ ដើម្បី​ឱ្យអស់​លោក​កាន់​តែ​បាន​​ដូចព្រះគ្រីស្ត និងឱ្យមានចិត្តប្រុងខ្លួនបំពេញមុខងារបម្រើដ៏សក្ការៈរបស់ខ្លួនកាន់​តែ​ខ្លាំង​ឡើងៗដែរ។ “ព្រះ​​​គ្រីស្ត​ដែល​មានសម្បត្តិដ៏ច្រើនយ៉ាងណា ព្រះអង្គដាក់ខ្លួនមកជាអ្នកក្រព្រោះតែ​យើង ដើម្បីឱ្យយើងបាន​ទៅ​ជា​​​អ្នក​​​​​​មានដោយ​​ភាពក្រីក្ររបស់ព្រះអង្គ” (២ករ ៨,៩)។ ក្រុម​គ្រីស្តទូតក៏ធ្វើជាគំរូ និងបានផ្តល់សក្ខីភាពថា ត្រូវចែក​ឱ្យ​អ្នក​​​​​​ដទៃ​ដោយ​ឥតគិតថ្លៃ​នូវអ្វីៗដែលព្រះជាម្ចាស់​បាន​ប្រទាន​មកឱ្យយើងដោយឥតគិតថ្លៃដែរ (កក ៨,១៨-២៥) ក្រុម​​​​​​គ្រីស្ត​ទូតក៏​ចេះរស់នៅដោយមានបរិបូណ៍ផង និង​ដោយខ្វះ​ខាតផង (ភីល ៤,១២)។ ប្រសិន​បើ​អស់​​​លោក​​​គង្វាល​​​​​​​​​យក​ទ្រព្យ​សម្បត្តិ​ខ្លះរបស់​ខ្លួន​មក​ដាក់​ឱ្យប្រើប្រាស់រួម​គ្នា តាមរបៀប​ដែលប្រវត្តិសាស្រ្តព្រះសហគមន៍​ដើម​ដំបូង​​​​​​តែង​​​តែសរសើរនោះ (កក ២,៤២-៤៧) អស់​លោកមុខ​ជាមានផ្លូវមួយដ៏ប្រសើរឈានទៅកាន់សេចក្តី​ស្រឡាញ់​ក្នុងឋានៈខ្លួន​ជាគង្វាលពុំខាន។ របៀបរស់នៅដ៏គួរឱ្យសរសើរបែបនេះ ពិតជានឹងបណ្តោយឱ្យអស់លោក​​​គង្វាលអាចប្រព្រឹត្ត​តាមចិត្តគំនិត​ជាអ្នកក្រីក្រ​តាមដំបូន្មានរបស់ព្រះគ្រីស្តមែន។

សូមឱ្យអស់​លោកគង្វាល និង​អភិបាល​បណ្តោយខ្លួន​ឱ្យ​ព្រះ​វិញ្ញាណ​របស់ព្រះអម្ចាស់​ណែនាំ គឺ​ព្រះ​វិញ្ញាណ​ដែល​​​​​ចាក់ប្រេង​​អភិសេក​​ព្រះសង្រ្គោះ និងចាត់ព្រះអង្គឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ (លក ៤,១៨)។ សូមអស់​​​លោក​​​ជៀស​វាងអ្វីៗទាំងអស់ ទោះជាអ្វីណាក៏ដោយ​​​ដែលបណ្តាល​ឱ្យជនក្រីក្រឃ្លាតឆ្ងាយ​ពីអស់លោក។ សូម​​​លះបង់​​​អំណួតគ្រប់យ៉ាងដោយខ្លួនអះអាងលើ​ទ្រព្យ​សម្បត្តិ​ផ្ទាល់ គឺលះបង់ឱ្យបាន​លើស​ពីសាវ័ករបស់ព្រះ​​​គ្រីស្តឯទៀតៗ​​​ផងដែរ។ សូមអស់លោកចាត់ចែង​ផ្ទះ​របស់ខ្លួនតាម​របៀបដែល​គ្មាននរណាម្នាក់ស្មានថា​ គេមិន​​​អាច​​​ចូល​​​​​​​​​បាន គឺត្រូវចាត់ចែង​ផ្ទះតាមរបៀបដែលសូម្បី​តែ​អ្នក​តូច​តាច​ជាង​គេ​ ​​​​​​ក៏​មិនត្រូវខ្មាសនឹងចូល​ដែរ។

ផ្នែកទី ៣- ជំនួយសម្រាប់ជួយក្នុងការរស់នៅរបស់អស់លោកគង្វាល

១៨- មធ្យោបាយជួយឱ្យជីវិតតាមព្រះវិញ្ញាណរបស់អស់លោកគង្វាលអាចចម្រើនឡើងបាន

អស់លោកគង្វាលត្រូវរួមរស់ភ្ជាប់ជាមួយព្រះគ្រីស្តក្នុងគ្រប់កាលៈទេសៈប្រចាំជីវិត។ អស់លោក​តែង​​​តែ​​​បំពេញ​​​មុខងារបម្រើ​របស់ខ្លួនដោយដឹងពីអត្ថន័យដ៏ជ្រៅទុកជាមធ្យោបាយចម្បង ដើម្បីពង្រឹងការ​រួម​រស់​ភ្ជាប់​​​ជា​​​មួយ​​​ព្រះ​​​គ្រីស្តឱ្យ​កាន់​តែ​ជិតស្និទ្ធឡើងៗ។ ក្រៅពីនេះ អស់លោកអាចប្រើមធ្យោបាយ​ផ្សេងៗ​ទៀត គឺមាន​​​មធ្យោបាយ​​​ទូទៅ និង​​មធ្យោ​បាយ​​ពិសេស មានមធ្យោបាយចាស់ និងមធ្យោបាយថ្មីៗទៀត។ ព្រះវិញ្ញាណ​​​ដ៏វិសុទ្ធ​​​ពុំដែល​​​ឈប់​​​បង្កើត​​​​មធ្យោបាយ​ទាំងនោះក្នុងប្រជារាស្ត្រ​របស់ព្រះជាម្ចាស់ឡើយ។ ព្រះសហគមន៍​ដែល យកចិត្តទុក​​​ដាក់​​​ឱ្យសមាជិក​​​របស់ខ្លួនបានវិសុទ្ធ​តែងទូន្មាន​ (និងជួន​កាលបញ្ជា) ឱ្យអស់លោកគង្វាលប្រើមធ្យោបាយខ្លះៗដែរ។ ក្នុងចំណោម​​​​មធ្យោបាយ​ដែលធ្វើឱ្យជីវិតខាង​ព្រះវិញ្ញាណចម្រើនឡើង កិច្ចដ៏ល្អប្រសើរជាងគេ គឺកិច្ចទាំងប៉ុន្មានដែលធ្វើ​ឱ្យ​គ្រីស្តបរិស័ទ​ចិញ្ចឹម​​​ជីវិតខាង​ព្រះវិញ្ញាណ ដោយសារព្រះ​បន្ទូល​​ដែលប្រសូតជាមនុស្ស​​​​ ​​​ពីតុ​​​ដែល​ផ្តល់អាហារ​​​ពីរ​​​យ៉ាង ពោលគឺ​​​ ​​​ព្រះ​​​គម្ពីរ​​​ និង​​អគ្គសញ្ញា​​អរព្រះគុណ (បុព្វជិត ៦; ពិធី ២១)។ នរណា​​​​​​ក៏ដឹង​ស្រាប់​​ហើយថា ការ​​​ព្យាយាម​​​ប្រើជំនួយពីតុទាំង​​​ពីរ​​​នេះពិតជា​មានសារៈ សំខាន់យ៉ាងខ្លាំង ដើម្បីឱ្យអស់លោកគង្វាលបានវិសុទ្ធ។

អស់លោកគង្វាលជាអ្នកបំពេញមុខងារបម្រើ​​​ចែករំលែកព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តាម​​​អគ្គសញ្ញានានា​​​។ ពេល​អស់លោក​ទទួល​អគ្គសញ្ញាទាំងនោះ តាមរបៀបដែលបង្កើតផល ពេលនោះ​ អស់លោក​ក៏រួប​​​រួម​​​​ភ្ជាប់យ៉ាងជិត​​​ស្និទ្ធ​​​​​​​​​ជាមួយព្រះ​គ្រីស្ត​ជាព្រះសង្គ្រោះ និងជាគង្វាល ជាពិសេស នៅពេលអស់លោកទទួល​អគ្គសញ្ញាលើកលែង​​​ទោសជាញឹកញាប់។ អស់លោក​​ត្រូវរៀបចំខ្លួនទទួលអគ្គសញ្ញាលើកលែងទោស​នេះ ដោយ​​​ពិនិត្យ​​​មនសិការរបស់ខ្លួនជារៀងរាល់ថ្ងៃ ជាកិច្ច​មួយ​​ជួយឱ្យអស់លោកប្រែចិត្តគំនិតជាចាំបាច់ និងជួយឱ្យអស់លោក​​​ស្រឡាញ់​​​ព្រះបិតាប្រកប​ដោយព្រះហឫទ័យ​មេត្តា​ករុណាគ្រប់យ៉ាង។ អស់លោក​ចិញ្ចឹមជំនឿរបស់ខ្លួនដោយអាន​​​ព្រះ​​​គម្ពីរ​​​​ទាំង​​​ស្មឹងស្មាធិ៍។ ដោយអស់លោកគង្វាលមានពន្លឺនៃ​ជំនឿនេះបំភ្លឺចិត្តគំនិត អស់លោក​មានសមត្ថភាពអាច​ស្វែង​​​រក​​​ព្រះហឫទ័យរបស់ព្រះជាម្ចាស់​បានតាម​សញ្ញា​សម្គាល់ផ្សេងៗ និងស្វែងរកព្រះហឫទ័យប្រោស​ប្រណីរបស់​ព្រះអង្គតាមព្រឹត្តិការណ៍នានា​ប្រចាំ​​ជីវិត។ ដោយ​ធ្វើដូច្នេះ អស់លោកកាន់តែធ្វើ​តាម​​បង្គាប់នៃបេសកកម្មដែល​​​អស់​​​លោក​​បានសុខចិត្ត​ទទួល​ដោយព្រះវិញ្ញាណ​ដ៏​​​វិសុទ្ធ​​​​។ អស់លោក​ត្រូវយកព្រះនាង​ព្រហ្មចារិ​នី​ម៉ារី​ធ្វើជាគំរូដ៏ប្រសើរ​​​គ្រប់​​​ពេល​​​​​​វេលា គឺព្រះនាងក៏បានស្តាប់តាម​បង្គាប់​ដែរ។ ដោយព្រះវិញ្ញាណ​ដ៏​វិសុទ្ធណែនាំ ព្រះនាងថ្វាយខ្លួនទាំងស្រុង​​​បម្រើ​គម្រោងការដ៏អស្ចារ្យ​របស់ព្រះគ្រីស្ត​ដែល​រំដោះ​មនុស្ស​លោក (ពន្លឺ ៦៥)។ អស់លោកគង្វាលគប្បី​​​​គោរព​​​ និង​​​​​​​​​ស្រឡាញ់ព្រះនាង​ដូចកូន​​​ស្រឡាញ់​ម្តាយ​ដូច្នោះដែរ ក្នុងឋានៈព្រះនាងជាព្រះមាតារបស់​មហាបូជា ចារ្យ​ដ៏មានព្រះ​​​ជន្ម​​​ជា​​​​​​និច្ចនិរន្ត៍ ជាព្រះមហាក្សត្រីយានី​នៃ​ក្រុមគ្រីស្តទូត និងជាអ្នកជួយគាំទ្រមុខ​ងារបម្រើរបស់អស់លោក។

អស់លោកត្រូវយកចិត្តទុកដាក់នឹងសន្ទនាជាមួយព្រះគ្រីស្តជាអម្ចាស់ជារៀងរាល់ថ្ងៃ នៅពេល​ទៅ​គាល់​ព្រះអង្គ​ និងនមស្ស​ការ​​​ថ្វាយ បង្គំចំពោះអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធដោយខ្លួនផ្ទាល់ ដើម្បីឱ្យអស់​លោកអាចបំពេញ​មុខងារ​​​បម្រើ​​​​របស់ខ្លួន​​​​ដោយចិត្តស្មោះភក្ដី។ អស់លោកក៏ត្រូវចូលចិត្តសំណាក់ធម៌តាម​ព្រះ​វិញ្ញាណ និងចាត់ទុកការណែនាំ​​​ជីវិត​​​​ខាង​ព្រះវិញ្ញាណ​ថា មានតម្លៃខ្ពង់ខ្ពស់។ មានមធ្យោ បាយផ្សេងៗដែលជួយ​អស់លោកគង្វាលឱ្យស្វែងរក​​​ព្រះជា​​​ម្ចាស់ និងអង្វរព្រះអង្គ សូម​ព្រះអង្គ​​​​ប្រទានព្រះវិញ្ញាណណែនាំឱ្យ​អស់​លោក​ចេះថ្វាយបង្គំនមស្សការព្រះអង្គយ៉ាង​ពិត​​​ប្រាកដ គឺវិធីនឹកសញ្ឆឹង​គិត​​ស្មឹងស្មាធិ៍ដែល​ព្រះ​សហគមន៍​យល់ស្របអនុញ្ញាតឱ្យ និងរបៀប​អធិដ្ឋានផ្សេងទៀត​​​ដែល​​​អស់​លោក​​​ជ្រើសរើសដោយសេរី។ ដោយ​​ព្រះវិញ្ញាណនេះ អស់លោករួមជាមួយប្រជាជន​ដែលព្រះជា ម្ចាស់ផ្ញើទុកឱ្យ អាច​​​ភ្ជាប់ចិត្តរួបរួម​ជា​មួយព្រះគ្រីស្តដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី។ ពេលនោះ អស់លោកក្នុង​ឋានៈជា​បុត្រ​​ធីតា​​​របស់ព្រះជាម្ចាស់ អាច​បន្លឺ​​សំឡេងឡើងថា “អប្បា! ឱព្រះបិតា!” (រម ៨,១៥)។

១៩- ការសិក្សា និងយល់ដឹងអំពីមុខងារជាគង្វាល

ពេលលោកគង្វាលទទួលអគ្គសញ្ញាតែងតាំង លោកអភិបាលអញ្ជើញអស់លោកឱ្យ “មាន​ចិត្តជាអ្នក​ចាស់​ទុំ​ដោយសារ​​​ចំណេះដឹងរបស់ខ្លួន” និងឱ្យលទ្ធិដែលអស់លោកបង្រៀនទៅជា “ថ្នាំ​សង្កូវព្យាបាល​ប្រជារាស្ត្ររបស់​ព្រះ​​​ជាម្ចាស់​​​តាមផ្លូវវិញ្ញាណ” ទៀតផង។ ចំណេះដឹង​របស់អ្នកបំពេញមុខងារបម្រើ​ដ៏សក្ការៈនេះពិតជាសក្ការៈមែន ព្រោះចំណេះដឹងនេះហូរមកពីប្រភពដ៏សក្ការៈ ហើយក៏តម្រង់ឆ្ពោះទៅកាន់គោល​ដៅដ៏សក្ការៈដែរ។ អស់លោកគង្វាលយោង​​​​​​ចំណេះ​​​ដឹងនេះ ជាពិសេស ដោយអាន និង​សញ្ឆឹងគិតស្មឹងស្មាធិ៍អំពីព្រះគម្ពីរ (ព្រះបន្ទូល ២៥)។ អស់​​​លោក​​​​​​ក៏​​​ពង្រឹង​ចំណេះដឹងនេះ​តាមរបៀបបង្កើតផលដោយ​សិក្សាស្នាដៃរបស់គ្រូបាធ្យាយ បណ្ឌិត និង​​​សាក្សី​​​ឯទៀតៗ​​​​​​​នៃការ​បញ្ជនបន្ត​របស់​ព្រះ​សហគមន៍។ លើសពីនេះទៅទៀត អស់លោកគង្វាលត្រូវតែស្គាល់​​​យ៉ាង​​​ច្បាស់​នូវឯកសារ​នានា​នៃការណែនាំព្រះសហគមន៍ ជាពិសេស ឯកសាររបស់មហាសន្និបាតនានា និងរបស់​​​អភិបាលព្រះ​​​សហគមន៍​​​​ក្រុងរ៉ូម ដើម្បីឱ្យអស់លោកអាចឆ្លើយតបយ៉ាងត្រឹមត្រូវនឹងសំណួរដែលមនុស្សសព្វថ្ងៃកំពុង​ចោទ​សួរ។ អស់លោកក៏​ត្រូវ​តែសួរយោបល់អ្នកនិពន្ធសៀវ ភៅខាងទេវវិទ្យាដ៏ប្រសើរជាងគេ ហើយដែលព្រះសហគមន៍​​​ទទួល​​​ស្គាល់​​​ផងដែរ។

នៅសម័យយើងនេះ វប្បធម៌របស់មនុស្សលោកតែងតែចម្រើនឡើងយ៉ាងលឿនជាលំដាប់ សូម្បី​តែ​វិទ្យា​​​នានា​​​ខាង​គ្រីស្ត​សាសនា​​ក៏ចម្រើនឡើងយ៉ាងលឿន ហើយក៏ប្រែតាមបែបថ្មីៗដែរ។ ហេតុនេះហើយ បានជាអស់​​​លោក​​​គង្វាលត្រូវ​​​​តែ​ខិតខំពង្រីក និង​ពង្រឹង​​ចំណេះដឹងរបស់ខ្លួនឱ្យចម្រើនឡើងដោយឥតឈប់ឈរ ទាំងផ្នែកខាង​សាសនា ទាំង​ផ្នែក​ខាង​​​​មនុស្សលោកឱ្យកាន់តែស្រប​តាមសភាពការណ៍ឡើង។ ធ្វើបែបនេះអស់​លោក​រៀប​​​ចំខ្លួន​​​ដើម្បី​​​​​​ឱ្យអស់លោកអាច​​​ជជែក​​​វែក​​​ញែក​​​​ជាមួយមនុស្ស ដែលរស់នៅ​ជាមួយគ្នាសព្វថ្ងៃឱ្យកាន់តែល្អឡើងៗ។

អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ប្រគល់អ្វីៗទាំងអស់ដែលអស់លោកគង្វាលត្រូវការ ដើម្បីសម្រួល​​​ការ​សិក្សា​របស់ខ្លួន និងដើម្បី​ឱ្យ​អស់លោកស្គាល់វិធីប្រកាសដំណឹងល្អ និងវិធីជាគ្រីស្តទូត​ឱ្យកាន់តែមានប្រសិទ្ធភាព​​​ឡើង​។ ​​​ត្រូវចាត់ចែងសិក្ខាសាលា និងប្រជុំត្រូវបង្កើតមណ្ឌលសិក្សា​អំ​ពី​​​វិទ្យា​​​ជា​​​គង្វាល ត្រូវបង្កើតបណ្ណាល័យ និងត្រូវ​ផ្ញើការចាត់ចែងការសិក្សានោះឱ្យអ្នកមានសមត្ថភាពណែនាំតាមសភាពការណ៍​តំបន់​នីមួយៗ។ អស់លោក​​​អភិបាល​​​​​​ម្នាក់ៗក្នុងភូមិភាគ​របស់​​​ខ្លួន ឬរួមជាមួយអភិបាលឯទៀតៗ ត្រូវគិត​គូររកមធ្យោបាយដ៏ល្អជាងគេ ចាត់​​​ចែង​​​ឱ្យ​​​លោកគង្វាលទាំងអស់មាន​លទ្ធភាព​​​អាចចូល​​រួមក្នុងកម្មវិធីសិ​ក្សា​ម្តងៗតាមពេលកំណត់ ជាពិសេស​ អស់លោក​​​គង្វាលដែល​​​បានទទួល​អគ្គសញ្ញា​តែងតាំង​មិនសូវ​យូរ​ឆ្នាំប៉ុន្មាន។​ ដូច្នេះ អស់លោកមានឱកាសពង្រីក និងពង្រឹង​​ចំណេះ​​​ដឹងរបស់ខ្លួន​អំពី​វិធី​នានា​​ខាង​មុខ​ងារ​ជាគង្វាល និងអំពីទេវវិជ្ជា។ អស់លោកក៏អាចពង្រឹងជីវិតខាងព្រះវិ​​​ញ្ញាណ​​​រប​​​ស់ខ្លួន ព្រមទាំងចែក​រំលែកបទពិសោធន៍​អំពីកិច្ចការជាគ្រីស្តទូតជាមួយគង្វាលឯទៀតៗ ជាបងប្អូនទៅវិញ​​​ទៅ​​​មក​​​ទៀត​​​​ផង (អភិបាល ១៦)។ ត្រូវប្រើមធ្យោបាយទាំងនេះ ឬមធ្យោបាយផ្សេងៗទៀតដែ​​​លសម​​​ស្រប​​​ជាង​​​មក​​​ជួយ​​​ ជាពិសេស អស់​លោក​​​​ដែល​​ទើបនឹងបាន​ទទួល​​តួនាទីទទួល​​ខុសត្រូវថ្មីលើព្រះសហគមន៍មួយ ឬ​​​គង្វាលណាដែល​​​​ផ្លាស់​ប្តូរតួនាទី​ជាគង្វាល​តាម​របៀប​ថ្មី ឬលោកណាដែលផ្លាស់ភូមិភាគ ឬប្រទេស​​​ទៀត​​​ផង។

មិនតែប៉ុណ្ណោះ​​​ លោកអភិបាលត្រូវយកចិត្តទុកដាក់ឱ្យគង្វាលខ្លះថ្វាយកម្លាំងកាយ​កម្លាំងចិត្ត រៀនវិជ្ជានានា​ខាង​​​សាសនាឱ្យបានកាន់ តែជ្រៅ កុំឱ្យព្រះសហគមន៍ខ្វះខាតសាស្រ្តាចារ្យដែលមានសមត្ថភាពអាចអប់រំ​អស់លោក​​​គង្វាលតទៅ​​​ទៀត ព្រមទាំងបូជាចារ្យឯទៀតៗ និងគ្រីស្តបរិស័ទឯទៀតៗផង ឱ្យបានចំណេះដឹងដែលគេ​ត្រូវការជា​​​ចាំ​​​បាច់។ ធ្វើដូច្នេះ អស់លោកក៏ជួយឱ្យវិទ្យាខាងសាសនាចម្រើនឡើងយ៉ាងត្រឹមត្រូវ ជាកិច្ចដែលព្រះសហគម​ន៍​​ត្រូវ​​​ការ​​​ជាចាំបាច់មិនអាចអាក់ខានបានឡើយ។

២០- ត្រូវធានាជីវភាពរបស់អស់លោកគង្វាលឱ្យបានសមរម្យ

អស់លោកគង្វាលថ្វាយកម្លាំងកាយកម្លាំងចិត្តបម្រើព្រះជាម្ចាស់ ដោយបំពេញការងារ​ដែលព្រះ​សហគមន៍​ផ្ញើឱ្យអស់​លោក​។ ហេតុនេះហើយ បានជាអស់លោកត្រូវតែទទួលលាភសក្ការៈដ៏សមរម្យ ​ដ្បិត “អ្នក​ធ្វើ​ការតែងតែ​​​ទទួល​​​ប្រាក់ឈ្នួល” (លក ១០,៧​​​; មថ​​​ ១០,១០; ​​​១ករ ៩,៧; ១ធម ៥,១៨) ហើយ “ព្រះអម្ចាស់បានបង្គាប់មក​​​ថា អស់អ្នកដែល​ប្រកាសដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយ​សារ​ដំណឹង​ល្អ​នោះ” (១ករ ៩,១៤)។ ​​​នៅកន្លែងណា​​​ដែលលោកគង្វាលពុំទទួលលាភសក្ការៈគ្រប់គ្រាន់​សម្រាប់ធានា​ជីវភាព​ឱ្យបានសមរម្យ គ្រីស្តបរិស័ទ​ពិតជាមាន​កាតព្វកិច្ច​ផ្តល់​​​ជំ​​​នួយដ៏ចាំបាច់នោះ ព្រោះគង្វាលបំពេញ​កិច្ចការ​ជា​ប្រយោជន៍ដល់ពួកគេ។ លោកអភិបាល​​​ក៏មានភារកិច្ច​រម្លឹក​​​ដាស់​​​តឿន​​​គ្រីស្តបរិស័ទ​អំពីកាតព្វកិច្ច​នេះ។ អភិបាល​ម្នាក់ៗក្នុងភូមិភាគរៀងៗខ្លួន ឬដើម្បីឱ្យបាន​​​ប្រសើរជាង ត្រូវ​​​រួម​​​ជា​​​​​​មួយ​​​អភិ​​​បាលឯទៀត​ក្នុងតំបន់​មួយ បង្កើត​សេចក្ដីណែនំា​​​សម្រាប់​​​ធានាឱ្យ​​​អស់អ្ន​​​ក​​​ដែល​​​កំពុង​​​បំ​​​ពេញតួនាទី ឬ​​​ដែល​​​​​​ធ្លាប់​​​មាន​​​តួនាទី​បម្រើ​ប្រជារាស្រ្ត​របស់​ព្រះ​ជាម្ចាស់មានជីវភាពដ៏សមរម្យ។ ត្រូវគិតគូរអំពីលាភ​​​​​​សកា្ករៈ​​​របស់​​​លោក​​​គង្វាលម្នាក់ៗ តាមលក្ខណៈ​​​នៃមុខ​​​តំណែង​​​របស់​​​លោក តាមសភាពការណ៍នៃ​សម័យ និងនៃ​​​ទីកន្លែង។ ប៉ុន្តែ អស់លោកដែល​រស់​នៅ​តាមសភាពការណ៍​ដដែល​ដូចគ្នា​​​ត្រូវ​​​ទទួលលាភសកា្ករៈ​​​នេះប្រហាក់​​​ប្រហែល​គ្នា។ លាភសកា្ករៈនេះគួរតែសមស្របតាម​​​សភាពការណ៍​​​​​​របស់​អស់​​​​លោក។ លើសពីនេះទៅ​​​ទៀត លាភ​​​សកា្ករៈ​ត្រូវ​បណ្តោយ​ឱ្យអស់លោកគង្វាលមានលទ្ធភាព​អាច​បើក​ប្រាក់​ឈ្នួល​​​​ដ៏សមរម្យ​ដល់អស់អ្នកដែល​​​ថ្វាយ​​​កម្លាំងបម្រើ​អស់លោក ថែមទាំងឱ្យអស់លោកអាច​ផ្តល់ជំនួយផ្ទាល់ខ្លួនដល់​​​អ្នក​​​ដែលខ្វះ​​​ខាត ដ្បិតតាំងពី​​​ដើមរៀង​​​មកព្រះសហគមន៍​​​រមែងតែងសរ សើរតម្កើងកិច្ច​បម្រើអ្នក​ក្រីក្រ​បែបនេះ។ លាភសកា្ករៈនោះគឺត្រូវផ្តល់​​​ឱ្យ​​​អស់​​​​​​លោក​​​គង្វាលមានជាវិស្សមកាល​ដែល​អស់​លោក​​ត្រូវការជារៀងរាល់ឆ្នាំ​​​ដែលមានអស់រយៈ​​​ពេល​​​សមរម្យ។ លោក​​​អភិបាល​​​​ត្រូវយកចិត្តទុកដាក់ឱ្យអស់លោកគង្វាលមានវិស្សមកាលនេះផង។

ប៉ុន្តែ ត្រូវចាត់​​​មុខងាររបស់លោកជាអ្នកបម្រើដ៏សក្ការៈទុកជាមានសារៈសំខាន់ជាងគេបង្អស់។ ហេតុ​​​នេះ​​​ហើយ​ បាន​ជាត្រូវលះ​​​បង់របៀប​​​រកកម្រៃពីមុខងាររបស់ខ្លួនក្នុងព្រះសហគមន៍ (ហៅថា “ប្រព័ន្ធនៃប្រតិលាភ”) ចោល ឬ​​​​យ៉ាង​​​​​​​​​ហោច​​ណាស់ត្រូវកែទម្រង់​របបនោះ ដើម្បីឱ្យគេចាត់ទុក​សិទ្ធិ​ទទួល​កម្រៃ​ភ្ជាប់​នឹងមុខតំណែង​​​មួយ​​​នោះជា​​​អ្វីមួយដ៏មិនសំខាន់សោះ។ ក្នុងក្បួនច្បាប់នៃព្រះសហគមន៍ត្រូវ​ផ្តល់អាទិភាពដល់មុខ​​​តំណែងក្នុង​​​ព្រះ​​​សហគមន៍​​​នោះវិញ។ តាំង​​​​​ពីពេលនេះតទៅត្រូវយល់ថា ពាក្យ “មុខតំណែងក្នុងព្រះសហគមន៍” គឺសំដៅតែលើបន្ទុក​​​ទាំង​​​ប៉ុន្មានដែល​​​ព្រះ​​​សហគមន៍​​​​​ប្រគល់​យ៉ាងស្ថិត​ស្ថេរ ឱ្យគង្វាលបំពេញក្នុងគោលដៅខាងវិញ្ញាណប៉ុណ្ណោះ។

២១- ត្រូវបង្កើតមូលនិធិរួម និងសុវត្ថិភាពក្នុងសង្គម

ត្រូវនឹកគិតដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍ដើមដំបូងនៅក្រុងយេរូសាឡឹមទុកជាគំរូជានិច្ច។ “អ្នកជឿ​​​ទាំង​​​អម្បាលម៉ានយកទ្រព្យសម្បត្តិរបស់ខ្លួនមកដាក់ជាសម្បត្តិរួមទាំងអស់” (កក ៤,៣២) និង “គេចែកឱ្យម្នាក់ៗតាម​​​សេចក្តីត្រូវការរៀងៗខ្លួន” (កក ៤,៣៥)។ ហេតុនេះហើយ បានជាយ៉ាងហោចណាស់​​​នៅប្រទេស​​​ណា​​​ដែល​​​ជីវភាព​​​របស់ក្រុមអ្នក​​​ទទួល​​​អគ្គសញ្ញាតែងតាំងអាស្រ័យ​​​ទាំងស្រុង ឬអាស្រ័យភាគច្រើនទៅលើ​ប្រាក់តង្វាយរបស់​​​គ្រីស្តបរិស័ទ​​​ គប្បី​​​ឱ្យមានស្ថាប័នមួយក្នុង​​​ភូមិភាគ​​​នីមួយៗប្រមែប្រមូលប្រាក់តង្វាយ​សម្រាប់​ក្រុម​អ្នក​​​ទទួល​​​អគ្គសញ្ញា​​​តែង​​​តាំងនោះ។ លោកអភិបាលត្រូវគ្រប់គ្រងស្ថាប័ននេះ ដោយ​​​មាន​​​លោកបូជាចារ្យខ្លះជាតំណាង ជួយលោកផង។ នៅ​​​កន្លែងណា​ដែល​អភិបាលយល់ឃើញថា មានប្រយោជន៍មែននោះ ត្រូវឱ្យ​​​គ្រីស្តបរិស័ទធម្មតាជំនាញ​ការ​ផ្នែក​​​ហិរញ្ញវត្ថុ​​​ជួយផងដែរ។ ប្រសិនបើអាចធ្វើបានភូមិភាគនីមួយៗ ឬភូមិភាគ​​​ទាំង​​​ប៉ុន្មានក្នុងប្រទេសទាំងមូល គួរគប្បី​​​បង្កើត​​​​​​​មូលនិធិរួម​មួយ​ដែលបណ្តោយ​​ឱ្យអភិបាលនានាអាចបំពេញ​​​ករណី​​​កិច្ចផ្សេងៗ​​​​​​​ចំពោះអស់អ្នកដែលធ្វើការ​បម្រើ​​ព្រះ​​​​សហគមន៍ ព្រម​​​ទាំង​អាចបំពេញតម្រូវការនានាក្នុងភូមិភាគ។ មូលនិធិ​​​នេះបណ្តោយឱ្យភូមិភាគ​ណា​ដែល​មាន​​​ធនធាន​​​ច្រើនជាងអាចជួយផ្គត់ផ្គង់ភូមិភាគណាដែលក្រជាងដែរ ដើម្បីឱ្យ​​​អ្វីៗ​​​ដែលអ្នកខ្លះមាន​​លើសពី​សេចក្ដី​ត្រូវការយកទៅ​​​ផ្គត់​​​ផ្គង់​​​អស់​​​អ្នក​ដែល​​​​ខ្វះខាត (២ករ ៨,១៤)។ មូលនិធិនេះ​មានប្រាក់ ភាគ​​​ច្រើន​មកពីតង្វាយរបស់​​​គ្រីស្តបរិស័ទ ​​​និងពីប្រភពឯទៀតៗដែល​​​​​​​ក្បួន​ច្បាប់វិន័យនៃព្រះសហគមន៍ត្រូវបញ្ជាក់តាម​ក្រោយ​ផងដែរ។

លើសពីនេះទៅទៀត នៅប្រ​​​ទេសណាដែលពុំទាន់មានការចាត់ចែងសុវត្ថិភាពក្នុងសង្គមយ៉ាងសមរម្យ សម្រាប់​ក្រុមអ្នកទទួល​អគ្គសញ្ញា​​តែងតាំង ក្រុមអភិបាលត្រូវយកចិត្តទុកដាក់ឱ្យមានអង្គការផ្សេងៗក្នុងភូមិភាគ​នីមួយ​​​ៗ​​​ (ដែល​​​​​​អាចរួមជា​សហព័ន្ធមួយបាន) ឬឱ្យមានអង្គការអន្តរភូមិភាគមួយចំនួន ឬសមាគមសម្រាប់​តំបន់មួយ​​​ទាំង​​​មូល​​​។ តែ​​​ត្រូវ​អនុលោម​តាម​ច្បាប់រដ្ឋ និងតាមក្បួនច្បាប់ព្រះសហគមន៍ជានិច្ចផង។ ក្រោម​ការត្រួតត្រារបស់ក្រុមអភិបាល អង្គការទាំងនេះមាន​តួនាទី​ធានារ៉ាប់រងសុខភាពក្រុមលោកគង្វាលយ៉ាងគួរសមគ្រប់គ្រាន់ ធានារ៉ាប់​រង​​​ផ្គត់ផ្គង់​​​អស់លោកគង្វាលពិការ ឬដែលមិនអាចធ្វើការបាន ឬចាស់ជរាដែរ។ បូជាចារ្យត្រូវជួយគាំទ្រអង្គការដែល​​​កើតមករួចហើយទាំងនោះ ដោយមានចិត្តគំនិតរួមសាមគ្គីជា​​មួយបូជាចារ្យឯទៀតៗ​ជាបងប្អូន ដោយរួមទុក្ខជា​​​មួយ​​​គេផង (ភីល ៤,១៤)។ ទន្ទឹមនឹងនេះ អស់​លោក​មុខជានឹងត្រូវយល់ឃើញថា ខ្លួនបាន​​រួចពីការខ្វល់ខ្វាយដល់អនាគត ជាហេតុនាំឱ្យអស់លោក​អាច​រស់នៅក្នុងឋានៈជាជនក្រីក្រយ៉ាងខ្លាំងជាងពីមុនតាម​របៀបដំណឹងល្អ ព្រមទាំង​​​អាចបូជាកម្លាំងកាយ​កម្លាំង​ចិត្ត​ចំពោះកិច្ចសង្គ្រោះរបស់មនុស្សលោក។ អ្នកដែលត្រូវ​ទទួល​ខុស​ត្រូវ ក៏ត្រូវតែខិតខំធ្វើឱ្យ​អង្គការ​ជាតិនានាមានចំណងទាក់ទងជាមួយគ្នា។ ដូច្នេះ អង្គការ​ជាតិនានា​ទាំងនោះនៅកាន់តែស្ថិតស្ថេរ​មាំ​មួន​​​​ឡើង និងរីកសុះសាយឱ្យគេស្គាល់ទៀតផង។

ពាក្យបញ្ចប់ និងពាក្យដាស់តឿន

២២- មហាសន្និបាតដ៏វិសុទ្ធនេះតែងតែនឹកគិតអំពីអំណរសប្បាយ​របស់លោកបូជាចារ្យក្នុងការរស់​នៅរបស់​ខ្លួន ក៏ប៉ុន្តែ មហាសន្និបាតពុំអាចធ្វើព្រងើយកន្តើយថា អស់លោកគង្វាលក៏តែងតែជួបប្រទះ​​​ការលំបាកនានា​​​តាម​​​សភាពការណ៍​​​នៃការរស់នៅនាសម័យនេះផងដែរ។ មហាសន្និបាតក៏ជ្រាបថា សភាពការណ៍សេដ្ឋកិច្ច និង​​​សង្គម​​​ប្រែ​​​ប្រួល សូម្បីតែសីលធម៌មនុស្សលោកក៏ប្រែប្រួលដែរ។ មនុស្សលោក​ផ្លាស់ប្តូរទស្សនៈចំពោះអ្វីដែល​គេចាត់ទុក​​​ថា​​​ មានតម្លៃ​តាម​លំដាប់លំដោយ។ ហេតុនេះហើយ បានជាអ្នកបំពេញមុខងារបម្រើព្រះសហគមន៍ ហើយជួនកាល​គ្រីស្តបរិស័ទ​​​ឯទៀតៗមានអារម្មណ៍ ហាក់ដូចជាខ្លួនជាជនបរទេស​ក្នុងលោកនេះ។ គេតប់ប្រមល់ស្វែងរកវិធី និង​​​ពាក្យ​​​​​​សម្តីសមគួរដែលបណ្តោយឱ្យខ្លួនអាចទាក់ទងជាមួយមនុស្សឯទៀតៗ។ ដោយមានឧបសគ្គ​ថ្មីៗ​ប្រឆាំងនឹង​​​ជំនឿ ដោយ​​​អស់លោកយល់ឃើញ​ថា កិច្ចរបស់ខ្លួនហាក់​ដូចជាគ្មានបានផល ដោយលោកគង្វាលរស់នៅ​​​ឯកោយ៉ាង​​​សែន​​​​​​ជូរចត់​​​សុទ្ធតែជាមូលហេតុអាចបណ្តាលឱ្យអស់លោកធ្លាក់ទឹកចិត្តបាន។

ប៉ុន្តែ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ គឺមនុស្សលោកសព្វថ្ងៃនេះឯង។ ​ហេតុនេះ​​​ហើយ​​​ បាន​​​​​​ជាព្រះអង្គប្រទានព្រះ​បុត្រា​​​តែ​​​មួយ​​​​​​​របស់​ព្រះអង្គមកមនុស្សលោក (យហ ៣,១៦)។ ព្រះអង្គក៏​បាន​ផ្ញើ​​​មនុស្សលោកនេះ​​​​​​ឱ្យ​​​អស់លោកគង្វាល​ព្រះ​​​សហគមន៍ស្រឡាញ់ និងបម្រើ។ តាមពិត មនុស្សលោកនេះជំពាក់ជំពិន​នឹង​​​បាបជាច្រើនមែន តែក៏មានសមត្ថភាព​ដ៏ល្អ​ជាច្រើនហូរហៀរដែរ។ មនុស្ស​លោកនេះប្រគល់ថ្មដ៏មានជីវិត​ជូនព្រះ​​​សហគមន៍ (១សល ២,៥) ហើយថ្មដ៏មានជីវិត​ទាំងនោះ​ក៏ផ្គុំគ្នាឡើងកសាងជាព្រះដំណាក់របស់​ព្រះ​ជា​ម្ចាស់​​​ក្នុង​​​ព្រះ​​​​​​វិញ្ញាណ​​​ដែរ (អភ ២,២២)។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏ជំរុញ​ព្រះសហគមន៍ឱ្យបើកផ្លូវ​ថ្មី ដើម្បីទៅជួបមនុស្សលោក​​​សព្វថ្ងៃ​​​នេះ​​​ដែរ។ ព្រះវិញ្ញាណ ដ៏វិសុទ្ធ​​​ប្រទាន​គំនិត​ឱ្យ​ផ្លាស់​ប្តូររបៀបបំពេញមុខ​ងារបម្រើជាបូជាចារ្យ ហើយក៏នឹងគាំទ្រគំនិត​​​ទាំង​​​នោះផង។

សូមអស់លោកគង្វាលនឹកចងចាំថា ពេលអស់លោកបំពេញកិច្ចការរបស់ខ្លួននោះ អស់​លោក​ពុំដែល​នៅ​​​ម្នាក់​​​​ឯង​ទេ តែព្រះដ៏មានឫទ្ធា នុភាពសព្វប្រការគាំទ្រអស់លោកដែរ។ ​អស់លោកផ្ញើជីវិត​លើព្រះ​​គ្រីស្តដែលត្រាស់​​​ហៅ​​​អស់​​​​​​​លោកឱ្យទទួលចំណែកក្នុងមុខងាររបស់ព្រះអង្គជាមហាបូជាចារ្យ សូមព្រះអង្គជួយអស់​លោក​ឱ្យថ្វាយ​កម្លាំង​​​​​​កាយកម្លាំងចិត្ត​​​បំពេញ​​​មុខ​​​ងារ​របស់ខ្លួនដោយទុកចិត្តលើព្រះអង្គ​ទាំងស្រុង ដ្បិត​អស់​លោក​ដឹងថា ព្រះជាម្ចាស់​​​មានឫទ្ធានុភាពអាច​​​ប្រោសឱ្យ​​​សេចក្តី​​​​​​ស្រឡាញ់ចម្រើនឡើង​​ក្នុងចិត្តអស់​លោកបាន។ ម៉្យាងវិញ​ទៀត សូមអស់​​​លោក​​​កុំ​​​ភ្លេចថា អស់លោកមាន​បង​ប្អូន​ឯទៀតៗរួមក្នុងមុខងារជា​បូជាចារ្យដែរ ហើយមាន​គ្រីស្តបរិស័ទ​​​ក្នុង សកល​​​លោកទាំងមូលជាមិត្តសម្លាញ់​​​របស់ខ្លួន​​​ផង​​​។ អស់លោកគង្វាលរួមសហការគ្នា​បំពេញបំណងប្រាថ្នារបស់​​​ព្រះ​​​ជាម្ចាស់​ដែលសព្វព្រះ​ហឫទ័យ​សង្គ្រោះ​​​មនុស្ស​​​​​​​លោក គឺគម្រោងការដ៏អស្ចា្យរបស់ព្រះគ្រីស្តលាក់ទុកតាំងពីអស់កល្ប​​​ជានិច្ច​រាងមកក្នុងព្រះជាម្ចាស់ផ្ទាល់ (អភ​​​ ៣,៩)។ គម្រោងការដ៏អស្ចារ្យនេះកើតជារូបរៀងបន្តិចម្តងៗ ដោយ​អស់អ្នក​ដែលទទួលមុខងារ​​​បម្រើ​​​ផ្សេងៗ​​​ខិតខំ​រួមសហការ​គ្នាកសាងព្រះកាយរបស់ព្រះគ្រីស្តរហូត​ដល់កម្ពស់​របស់ព្រះ​គ្រីស្តដែលបំពេញអ្វីទាំងអស់។ តាម​​​ពិត​​​គម្រាងការនេះ “កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះ​ជាម្ចាស់”​ មែន (កូឡ ៣,៣)។ យើងអាចស្គាល់សេចក្តី​​​ទាំងនោះ​​​បានដោយ​សារ​​តែជំនឿប៉ុណ្ណោះ។​ ហេតុនេះ​ហើយ ​បានជាអ្នក​​​ដឹកនាំ​​​ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ត្រូវតែធ្វើដំណើរ​ដោយ​​​​មាន​​ជំនឿ ទាំងយកលោកអប្រាហាំជាមនុស្សស្មោះ​​​ត្រង់ធ្វើជាគំរូ​ គឺ “ដោយសារជំនឿ លោកអប្រាហាំស្តាប់​​​បង្គាប់​​​ព្រះ​​ជាម្ចាស់​​​​ដែល​ត្រាស់ហៅលោក ហើយចេញដំណើរទៅ​​​កាន់​​​ស្រុកមួយដែលលោកនឹងទទួលទុកជាម​​​រតក។ លោក​ចេញ​​​​ដំណើរទៅទាំងពុំដឹងថា លោកទៅទីណាផង” (ហប ១១,៨)។ តាមពិត អ្នកទទួលខុសត្រូវលើ​​​គម្រោងការ​​​ដ៏​​​អស្ចារ្យរបស់ព្រះជាម្ចាស់ ប្រៀបដូចជាមនុស្សម្នាក់ដែល​​ព្រោះ​គ្រាប់ពូជ​លើដី ហើយដែលព្រះអម្ចាស់​​​មានព្រះ​​​បន្ទូល​​​ថា៖ “ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែ​មានពន្លក​ដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់​​​ពូជ​​​នោះ​​​ដុះរបៀបណាឡើយ” (មក ៤,២៧)។ ម៉្យាងទៀត ព្រះយេស៊ូមាន​ព្រះបន្ទូលថា៖ “ចូរមានសង្ឃឹមឡើង! ខ្ញុំឈ្នះ​​​លោក​​​នេះហើយ!” (យហ ១៦,៣៣)។ ប៉ុន្តែ ពេល​​​ព្រះ​​​អង្គមាន​ព្រះបន្ទូលនេះ ទ្រង់ពុំបានសន្យាថា ព្រះសហគមន៍​​​របស់​​​ព្រះ​អង្គនឹងបាន​ជ័យជម្នះទាំង​ស្រុង​ក្នុង​លោកនេះ​​​ទេ។ មហាសន្និបាត​​ដ៏វិសុទ្ធនេះមានអំណរសប្បាយ​ដោយ​ឃើញ​​​ថា ផែនដីដែលបានទទួលគ្រាប់ពូជ​​​នៃដំណឹងល្អ ឥឡូវ​ កំពុង​តែបង្កើតផល​នៅកន្លែង​ជាច្រើន ក្រោមការ​​​ណែ​​​នាំរ​​​បស់ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ដែលគង់សណ្ឋិតនៅ​ពាសពេញ​ក្នុង​ពិភពលោកទាំង​មូល។ ព្រះវិញ្ញាណនេះក៏​​​បាន​​​ដាស់តឿនឱ្យបូជាចារ្យ និងគ្រីស្តបរិស័ទជាច្រើនមាន​ចិត្ត​គំនិត​ជាអ្នក​ចេញទៅប្រកាសដំណឹង​​​ល្អ​​​យ៉ាង​​​ពិត​​​ប្រាកដ​​​។ ហេតុនេះហើយ បានជាមហាសន្និបាត សូមថ្លែងអំណរ​គុណ​​យ៉ាង​ជ្រាលជ្រៅ ចំពោះលោកគង្វាលទាំង​​​អស់​​​ក្នុង​​​ពិភពលោកទាំងមូល។ “ព្រះជាម្ចាស់អាចធ្វើអ្វីៗ​ទាំងអស់​​​ហួសពីសេចក្តីសុំ និងហួសពីអ្វីៗដែលយើងនឹកគិតដល់ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញ​​​សកម្មភាព​នៅ​ក្នុង​​​យើង សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះ​​​អង្គ​​​ក្នុង​​​​​​ព្រះសហគមន៍ និងក្នុងព្រះគ្រីស្តយេស៊ូ” (អភ ៣,២០-២១)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹងក្រឹត្យក្រមទាំង​មូលនេះ ព្រម​ទាំង​គោល​ការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួម​ជា​មួយ​អស់លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម ហើយសម្រេចចេញជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

 ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

728 Views

Theme: Overlay by Kaira