- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
ពាក្យណែនាំរបស់អ្នកបកប្រែ
តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៦២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៦៥ អភិបាលព្រះសហគមន៍កាតូលិកទូទាំងសាកលលោក៣៥០០នាក់ បានជួបជុំគ្នាជាមហាសន្និបាតសាកលលើកទី២១ តាមទំនៀមទម្លាប់ព្រះសហគមន៍ពីបុរាណ។
អស់លោកមានគោលបំណងរិះគិតអំពីរបៀបសម្ដែងលទ្ធិនៃជំនឿគ្រីស្តសាសនាឱ្យបានស្របតាមសម័យទំនើប។ អស់លោកចែង និងប្រកាសឯកសារ១៧ច្បាប់ ដែលបញ្ជាក់លទ្ធិនៃជំនឿរបស់ព្រះសហគមន៍កាតូលិកយើងជាផ្លូវការនៅសតវត្សទី២០។ ឯកសារទាំងនោះចែងជាភាសាឡាតាំង ហើយមានសារៈសំខាន់ណាស់តែពិបាកស្ដាប់បន្តិច។ អស់លោកអភិបាលបានជ្រើសរើសពាក្យនីមួយៗដោយប្រយ័ត្នប្រយែង គឺរកពាក្យណាដែលចំនឹងអត្ថន័យនៃជំនឿ។ ពេលយើងបកប្រែមកជាភាសាខ្មែរយើងក៏មានគោលបំណងដូចអស់លោកដែរ គឺយើងខិតខំរកពាក្យដែលចំនឹងអត្ថន័យដើម។ ជួនកាលយើងយកពាក្យដែលគ្រីស្តបរិស័ទខ្មែរយើងមិនធ្លាប់ប្រើតែពាក្យដែលយើងប្រើនោះចំនឹងអត្ថន័យជាង។ បងប្អូនអ្នកអានត្រូវចាត់ពាក្យថ្មីទាំងនោះ ទុកជាជំនួយសម្រាប់ឱ្យបងប្អូនរិះគិតអំពីអត្ថន័យដ៏ជ្រៅនៃជំនឿរបស់យើង។ យើងគ្រាន់តែផ្ដល់យោបល់ជូនបងប្អូនប៉ុណ្ណោះ មិនមែនបង្ខំបងប្អូនឱ្យប្រើពាក្យទាំងនោះទេ។
១. Creare, Creator, Creatio៖ ក្នុងគមី្ពរភាសាហេប្រឺមានពាក្យពិសេសមួយគឺ (បារ៉ា) សំដៅលើព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ដែលប្រទានឱ្យអ្វីៗទាំងអស់កើតឡើង ដោយព្រះអង្គគ្រាន់តែមានព្រះបន្ទូលប្រកបដោយព្រះប្រាជ្ញាញាណប៉ុណ្ណោះ។ មានពាក្យផ្សេងសំដៅទៅលើឪពុកម្ដាយដែលបន្តជីវិតឱ្យកូន។ ហេតុនេះហើយ បានជាយើងសន្មតប្រែពាក្យ Creare ថា៖ “ប្រតិស្ឋាន” ដែលមានន័យថា៖ “ចាត់ចែងរៀបចំដោយប្រាជ្ញា”។
- Creator៖ យើងសន្មតប្រែពាក្យនេះថា៖ “ព្រះអាទិករ” ដែលមានអត្ថន័យថា៖ “អ្នកផ្ដើមធ្វើមុន អ្នកកសាងលោក”។
- Creatio៖ យើងសន្មតប្រែពាក្យនេះថា៖ “សត្វលោកទាំងឡាយ” ឬអ្វីៗដែលព្រះជាម្ចាស់ប្រតិស្ឋានមក។
២. Credere, Fides, Fideles, Doctrina: យើងបានសន្មតប្រែពាក្យ Credere ថា៖ “ផ្ញើជីវិតលើព្រះគ្រីស្ត” ជាអត្ថន័យសមនឹងពាក្យដើម។ ពាក្យ “ជឿ” “ជំនឿ” ដែលគ្រីស្តបរិស័ទតែងប្រើតាំងពីដើមរៀងមកមានអត្ថន័យទូលំទូលាយពេកមិនសូវច្បាស់ នាំឱ្យពុទ្ធបរិស័ទយល់ឃើញថា គ្រីស្តបរិស័ទយើងជាមនុស្សល្ងង់ ជឿដោយមិនរិះគិតពិចារណា។
- Fides៖ យើងសន្មតប្រែពាក្យនេះថា៖ “ជំនឿ”។
- Fideles៖ យើងសន្មតប្រែពាក្យនេះថា៖ “គ្រីស្តបរិស័ទ” គឺអ្នកផ្ញើជីវិតលើព្រះគ្រីស្ត។
- Doctrina៖ យើងសន្មតប្រែពាក្យនេះថា៖ “លទិ្ធ” លទ្ធិនៃជំនឿ លទ្ធិនៃគ្រីស្តសាសនា។
៣. Laïcus៖ ក្នុងភាសាក្រិកជាភាសាដើមពាក្យ Laïcos សំដៅទៅលើសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ តាំងពីយូរយារមកហើយ គ្រីស្តបរិស័ទខ្មែរតែងតែបកប្រែពាក្យនេះថា៖ “គ្រហស្ថ” ដែលសំដៅទៅលើពុទ្ធបរិស័ទដែលមិនបួសជាព្រះសង្ឃ។ តែពាក្យនេះនាំឱ្យច្រឡំ និងស្មានថា ក្នុងព្រះសហគមន៍មានគ្រីស្តបរិស័ទខ្លះឋានៈទាបជាងលោកគង្វាល ឬទាបជាងបព្វជិត បព្វជិតាដែលជាអ្នកបុណ្យ។ តាមជំនឿនៃគ្រីស្តសាសនាវិញ គ្រីស្តបរិស័ទទាំងអស់ជាបងប្អូនដែលមានឋានៈស្មើគ្នាទាំងអស់ជា “ក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ” (១សល ២,៨)។ តែក្នុងព្រះសហគមន៍មានគ្រីស្តបរិស័ទខ្លះទទួលមុខងារបម្រើព្រះសហគមន៍ (១ករ ១២,៥)។ អ្នកបំពេញមុខងារបម្រើទាំងនោះមិនមែនជាគ្រីស្តបរិស័ទដ៏ប្រសើរជាងគេ ឬមានឋានៈខ្ពស់ជាងគ្រីស្តបរិស័ទឯទៀតៗទេ។ តាមព្រះសហគមន៍ ដែលកាន់តាមរបៀបរបបពិធីផ្សេងៗបូជាចារ្យមានគ្រួសារ។ រីឯបព្វជិតបព្វជិតាជាគ្រីស្តបរិស័ទដែលរស់នៅតាមរបៀបប្លែកពីគេ ដោយថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់ទុកជាសញ្ញាសម្គាល់អំពីព្រះរាជ្យ តែគ្មានឋានៈប្រសើរជាងគ្រីស្តបរិស័ទឯទៀតៗទេ។ ហេតុនេះហើយ បានជាយើងសន្មតប្រើពាក្យ Laïcus នេះថា៖ “គ្រីស្តបរិស័ទធម្មតា”។
៤. Liturgia៖ តាមភាសាដើមពាក្យនេះ សំដៅទៅលើកិច្ចការរួមរបស់ប្រជាជនដែលគោរពព្រះរបស់ខ្លួន។ តាំងពីដើមរៀងមកគ្រីស្តបរិស័ទខ្មែរតែងបកប្រែថា៖ “ពិធីបុណ្យ”។ ប៉ុន្តែយើងជាគ្រីស្តបរិស័ទត្រូវដឹងថា យើងមិនពឹងលើកុសលផលបុណ្យ ឬលើផលអានិសង្សនៃបុណ្យទេ តែយើងផ្ញើជីវិតទាំងស្រុងលើព្រះយេស៊ូជាអម្ចាស់ និងជាព្រះសង្គ្រោះ។ ហេតុនេះហើយ បានជាយើងសន្មតប្រែពាក្យនេះថា៖ “ពិធីគោរពប្រណិប័តន៍” ដែលមិននាំឱ្យនរណាច្រឡំឡើយ។
- Cultum៖ យើងសន្មតប្រែពាក្យនេះថា៖ “ការ ឬពិធីគោរពបម្រើព្រះជាម្ចាស់”។
- Rituum, ceremonia៖ យើងសន្មតប្រែពាក្យនេះថា៖ “ពិធី”។
- Orientale Ritum៖ ក្នុងព្រះសហគមន៍កាតូលិកយើងមានក្រុមគ្រីស្តបរិស័ទតែងតែគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមពិធីប្លែកពីគ្នា គឺមានរបៀបគោរពប្រណិប័តន៍តាមព្រះសហគមន៍ក្រុងរ៉ូម មានរបៀបគោរពប្រណិប័តន៍តាមព្រះសហគមន៍ក្រិក កូប្ទ ស្លាវ៉ុង។ល។ និង ។ល។ យើងសន្មតប្រែពាក្យនេះថា៖ “របៀបរបបពិធី”។
- Divinum Officium៖ យើងសន្មតប្រែពាក្យនេះថា៖ “ពិធីលើកតម្តើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់”។
- Rituale៖ យើងសន្មតប្រែពាក្យនេះថា៖ “ក្បួនពិធី” “សៀវភៅក្បួនពិធី”។
- Predicatio៖ យើងសន្មតប្រែពាក្យនេះថា៖ “ពិធីអត្ថាធិប្បាយគម្ពីរ” ព្រោះពាក្យ “ធម្មទេសនា” ដែលយើងធ្លាប់ប្រើនោះសំដៅតែលើការពន្យល់ធម៌ប៉ុណ្ណោះ រីឯអ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរយកចិត្តទុកដាក់បកស្រាយបន្ទូល ធ្វើជាពន្លឺបំភ្លឺការរស់នៅរបស់គ្រីស្តបរិស័ទ។ ក្នុងឯកសារ “ពិធីគោរពប្រណិប័តន៍” អស់លោកចែងថា ការអត្ថាធិប្បាយគម្ពីរពិតជាពិធីមួយក្នុងអភិបូជា (ពិធី ៥២)។
៥. Magisterium, Traditio៖ យើងសន្មតប្រែពាក្យ Magisterium នេះថា៖ “ការបង្រៀន” (មិនគ្រាន់តែអភិបាលព្រះសហគមន៍ក្រុងរ៉ូមប៉ុណ្ណោះ)។ Traditio៖ “ការបញ្ជូនបន្ត”។
៦. Mysterium៖ អត្ថន័យដើម គឺគម្រោងការដ៏លាក់កំបាំង ដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់ ដោយសារព្រះគ្រីស្ត (អភ ៣, ៣-៤) តែឥឡូវលែងលាក់បាំងហើយ។ ហេតុនេះហើយបានជាយើងសន្មតប្រែពាក្យនេះថា៖ “គម្រោងការដ៏អស្ចារ្យ”។ ជួនកាលយើងប្រែថា៖ “ព្រឹត្តិការណ៍” គឺសំដៅទៅលើហេតុការណ៍ ដែលកើតក្នុងប្រវត្តិជីវិតព្រះយេស៊ូ (កំណើត ការសោយទិវង្គត។ល។)។ ជួនកាលយើងប្រែថា៖ “ការអាថ៌កំបាំង”។
៧. Ministerium, Munus, officium៖ យើងសន្មតប្រែពាក្យទាំងបីនេះថា៖ “មុខងារបម្រើបន្ទុកការងារ”។
៨. Pontifex Summus៖ ពាក្យនេះបញ្ចាក់អំពីឋានន្តរសក្ដិរបស់ព្រះចៅអធិរាជក្រុងរ៉ូម ដែលមានន័យថា៖ “មហាបូជាចារ្យ” បម្រើព្រះទាំងប៉ុន្មានរបស់ប្រជាជនក្រុងរ៉ូម។ មហាសន្និបាតចែងពាក្យ Pontifex Summus ច្រើនជាងគេ។ ជួនកាលមានចែង Romanus Episcopus គឺ “អភិបាលព្រះសហគមន៍ក្រុងរ៉ូម” (ពន្លឺ ២២)។ មានចែងពាក្យ Papa (គឺ “លោកតា”) តែពីរឬបីដងទេ។ ក្នុងឯកសារទាំងនោះមានចែងអំពីអំណាចរបស់លោកដែលជា “មេដឹកនាំ” (Caput) ជា “ប្រធាន” (Praesidium) របស់ក្រុមអភិបាល គឺមានបញ្ជាក់អំពីទំនាក់ទំនងរបស់លោកជាមួយនឹងអភិបាលឯទៀតៗ ក្នុងឋានៈលោកជាអ្នកបន្តមុខងារពីគ្រីស្តទូតសិលាមក រីឯអភិបាលឯទៀតៗ បន្តមុខងារពីក្រុមគ្រីស្តទូតវិញ។ ហេតុនេះហើយ បានជាយើងសន្មតប្រែពាក្យទាំងពីរនោះ ដោយពាក្យតែមួយគឺ៖ “អភិបាលព្រះសហគមន៍ក្រុងរ៉ូម”។ នៅខាងដើមឯកសារទាំងប៉ុន្មាន លោកប៉ូលទី៦ សរសេរថា “ខ្ញុំប៉ូលជាអភិបាល”។ នៅខាងក្រោមឯកសារនីមួយៗ លោកសរសេរថា៖ “ខ្ញុំប៉ូលអភិបាលព្រះសហគមន៍កាតូលិក រួមជាមួយអភិបាលឯទៀតៗ”។ តាំងពីដើមរៀងមកគ្រីស្តបរិស័ទខ្មែរយើងតែងប្រើពាក្យ “សម្តេចប៉ាប” ដោយមានបំណងប្រៀបធៀបអភិបាលព្រះសហគមន៍ក្រុងរ៉ូម ទៅនឹងសម្ដេចសង្ឃ តែគំនិតនេះខុសនឹងព្រះបន្ទូលផ្ដែផ្ដាំរបស់ព្រះយេស៊ូ។
៩. Presbyter, Sacerdos៖ ក្នុងភាសាដើម (ហេប្រឺ-ក្រិក-ឡាតាំង) មានចែងពាក្យ Cohen, Iereus, Sacerdos។ តាំងពីឆ្នាំ១៩៧០ គ្រីស្តបរិស័ទខ្មែរតែងបកប្រែពាក្យនេះថា៖ “បូជាចារ្យ” ជាពាក្យចំនឹងអត្ថន័យដើម គឺសំដៅទៅលើអ្នកដែលបូជាយញ្ញដុតថ្វាយព្រះជាម្ចាស់តាមរបៀបគម្ពីរសម្ពន្ធមេត្រីចាស់។ ពាក្យនេះក៏ចំនឹងព្រះយេស៊ូជាមហាបូជាចារ្យរបស់យើង (ហប ៧,១១-២៨) ហើយក៏ចំនឹងគ្រីស្តបរិស័ទ ដែលយកអ្វីទាំងអស់ក្នុងលោកនេះមកថ្វាយព្រះបិតា (១សល ២,៨)។
ក្នុងភាសាដើមទាំងបីនោះ ក៏មានពាក្យមួយទៀតគឺ Zichn-Presbyteros-Presbyter។ តាំងពីឆ្នាំ១៩៧០ គ្រីស្តបរិស័ទខ្មែរតែងតែបកប្រែពាក្យនេះថា៖ “បូជាចារ្យ” ដដែលនោះ តែរបៀបបកប្រែនេះខុសនឹងអត្ថន័យដើម។ ក្នុងគម្ពីរអន្តរនិកាយយើងបកប្រែថា៖ “ព្រឹទ្ធាចារ្យ” ដែលចំនឹងអត្ថន័យដើម។ ប៉ុន្តែ តាំងពីពេលរដ្ឋាភិបាលបង្កើតព្រឹទ្ធសភាមក យើងមិនអាចប្រើពាក្យនេះបានទេ។
ឯកសារនៃមហាសន្និបាតក្រោមចំណងជើងថា៖ “ពិធីគោរពប្រណិប័តន៍” មានប្រើតែពាក្យ Sacerdos ប៉ុណ្ណោះ។ ក្នុងឯកសារ “ការរស់នៅរបស់លោកគង្វាល” មានប្រើពាក្យ Sacerdos ប្រហែលម្ភៃដង ហើយពាក្យ Presbyter ច្រើនជាង។ ក្នុងឯកសារឯទៀតៗមានចែងពាក្យ Sacerdos និង Presbyter លាយឡំគ្នា។ ក្នុងឯកសារខ្លះមានចែងពាក្យ Pastor (គង្វាល) សំដៅទៅលើលោកអភិបាល ហើយជួនកាលទៅលើ Presbyter តែម្តង (ពិធី ៤២)។
ហេតុនេះបានជាយើងសន្មតបកប្រែពាក្យ Presbyter ថា៖ “លោកគង្វាល” តាម (កក ២០,៣៨) និងតាមទម្លាប់ប្រទេសខ្លះដែលនិយាយភាសាអង់គ្លេស។ លោកគង្វាលនេះ ជាសហការីរបស់លោកអភិបាលក្នុងឋានៈលោកជាគង្វាល ហើយទទួលចំណែកក្នុងមុខងារទាំងបីរបស់លោក គឺមុខងារបង្រៀនមុខងារនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ និងមុខងារគ្រប់គ្រងព្រះសហគមន៍។
Clergé: យើងបានបកប្រែ “ក្រុមបូជាចារ្យ” ឬ “ក្រុមគង្វាល” តាមកន្លែង។
១០. Resurrectio៖ ពាក្យនេះមានន័យថា៖ “ក្រោកឈរឡើង”។ ព្រះសហគមន៍យកពាក្យនេះ មកសំដៅទៅលើព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតមកលើលោកយេស៊ូ ក្រោយពីលោកស្លាប់ គឺព្រះជាម្ចាស់ប្រោសឱ្យលោកមានជីវិតវិញ ព្រះអង្គលើកលោកឡើងតែងតាំងជាព្រះគ្រីស្តនិងជាព្រះអម្ចាស់ ហើយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យព្រះយេស៊ូចាក់បង្ហូរលើក្រុមសាវ័ក។ តាមគម្ពីរដំណឹងល្អទាំងបួនកណ្ឌការណ៍ទាំងបីនោះ ជាព្រឹត្តិការណ៍តែមួយគត់។ តែលោកលូកាដែលចែងកណ្ឌកិច្ចការគ្រីស្តទូតបានបំបែកព្រឹត្តិការណ៍តែមួយនេះ ហាក់ដូចជាព្រឹត្តិការណ៍បីវិញ (កក ១,១-២) ក្នុងគោលបំណងលាតត្រដាងអត្ថន័យតាមថ្ងៃបុណ្យរបស់ជនជាតិយូដា។ ដូច្នេះយើងសន្មតបកប្រែពាក្យនេះថា៖ “ព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង” ឬ “មានព្រះជន្មថ្មី”។ យើងជៀសវាងពាក្យ “ឡើងវិញ” កុំនាំឱ្យមាននរណាច្រឡំដោយគិតថា ព្រះយេស៊ូមានព្រះជន្មដូចពីមុន ឬចាប់ជាតិឡើយ។
១១. Vocatio៖ ធម្មតាយើងបកប្រែពាក្យនេះថា៖ “ព្រះជាម្ចាស់ត្រាស់ហៅ” ជួនកាល “ទិសដៅកំណត់” ជួនកាល “ឧបនិស័យ”។
ការបកប្រែនេះ គ្រាន់តែជាការល្បងលមើលប៉ុណ្ណោះ។
អ្នកមានយោបល់ផ្សេងៗចង់កែសម្រួល
សូមផ្ញើសេចក្តីទាំងនោះទៅ fponchaud@gmail.com ។
ភ្នំពេញ, ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២
François PONCHAUD
សូមអរគុណ