- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
សារនៃមហាសន្និបាតផ្ញើជូនមនុស្សទាំងអស់
នៅពេលបើកមហាសន្និបាត
ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦២
យើងជាអភិបាលព្រះសហគមន៍កាតូលិកទាំងប៉ុន្មាន សូមគោរពជូនមកប្រជាជាតិនានា។ យើងសូមសម្ដែងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមនុស្សទាំងអស់ សូមឱ្យមនុស្សទាំងអស់បានប្រកបដោយសេចក្ដីសុខសាន្ត ដែលព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅនាំមកក្នុងពិភពលោកយើង និងបានផ្ញើឱ្យព្រះសហគមន៍របស់ព្រះអង្គ។
យើងជួបជុំគ្នាតាមសេចក្ដីអញ្ជើញរបស់លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានទី២៣ និងយើងព្យាយាមអធិដ្ឋានរួមគ្នា ដោយមាននាងម៉ារីជាមាតាព្រះយេស៊ូរួមជាមួយផងដែរ។ យើងនៅទីនេះក្នុងឋានៈជាអ្នកបន្តមុខងារពីក្រុមគ្រីស្តទូតមក ដោយមានអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាជាប្រធាន។
សូមពន្លឺនៃព្រះភ័ក្ត្រព្រះគ្រីស្តចាំងឡើង
ពេលយើងប្រជុំគ្នានៅទីនេះ យើងរិះគិតក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ រករបៀបកែសម្រួលខ្លួនយើងផ្ទាល់ឱ្យបានជាថ្មី “ឱ្យកាន់តែស្មោះភក្ដីតាមដំណឹងល្អរបស់ព្រះគ្រីស្ត”។ យើងនឹងខិតខំយកចិត្តទុកដាក់រៀបរាប់សេចក្ដីពិតទាំងស្រុងរបស់ព្រះជាម្ចាស់យ៉ាងសុទ្ធសាធ ដោយមិនលាក់លៀមអ្វីឡើយ ជូនមនុស្សនាបច្ចុប្បន្នកាល ដើម្បីឱ្យគេអាចយល់យ៉ាងច្បាស់ និងភ្ជាប់ចិត្តនឹងសេចក្ដីពិតនេះដោយចិត្តស្មោះ។
ក្នុងឋានៈយើងជាគង្វាល យើងមានបំណងប្រាថ្នាចង់តបឆ្លើយនឹងតម្រូវការរបស់អស់អ្នកដែលស្វែងរកព្រះជាម្ចាស់ “ដោយសង្ឃឹមថា នឹងរកឃើញទាំងស្ទាបស្ទង់។ តាមពិតព្រះអង្គមិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ”។
ហេតុនេះហើយ បានជាយើងសុខចិត្តប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះគ្រីស្តដែលបានបូជាព្រះជន្ម ដើម្បីនាំព្រះសហគមន៍មួយដ៏ឥតស្លាកស្នាម ឥតជ្រីវជ្រួញ ឥតសៅហ្មងថ្វាយព្រះអង្គផ្ទាល់ “គឺយើងខិតខំអស់ពីសមត្ថភាពកែសម្រួលព្រះសហគមន៍នេះ ឱ្យបានជាថ្មីខាងព្រះវិញ្ញាណទាំងអ្នកដឹកនាំទាំងសមាជិក ដើម្បីឱ្យព្រះសហគមន៍បង្ហាញមុខរបស់ព្រះគ្រីស្តដែលអាចទាក់ទាញចិត្តមនុស្សលោកបាន គឺបង្ហាញព្រះភ័ក្ត្ររបស់ព្រះគ្រីស្តដែលភ្លឺក្នុងចិត្តយើង ដើម្បីឱ្យចំណេះអំពីសិរីរុងរឿងនៃព្រះជាម្ចាស់ចាំងពន្លឺឡើង”។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង
យើងជឿថា ព្រះបិតាស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង ទើបព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គមកសង្គ្រោះមនុស្សលោក គឺរំដោះយើងឱ្យបានរួចពីបាបកម្ម និងរួចពីធ្វើទាសករនៃបាបកម្មនោះទៀតផង។ ព្រះបុត្រាបាន “សម្រុះសម្រួលមនុស្សយើងឱ្យបានជានាជាមួយព្រះបិតា និងតែងតាំងសេចក្ដីសុខសាន្តដោយបានបូជាព្រះជន្ម”។ ហេតុនេះហើយ បានជាយើងពិតជាបុត្រធីតារបស់ព្រះជា ម្ចាស់មែន គឺមិនគ្រាន់តែមានឈ្មោះថា ជាបុត្រធីតាប៉ុណ្ណោះទេ តែយើងពិតជាបុត្រធីតារបស់ព្រះអង្គប្រាកដមែន។ ព្រះគ្រីស្តបានចាត់ព្រះវិញ្ញាណក្នុងនាមព្រះបិតាឱ្យយាងមក ដើម្បីឱ្យយើងអាចរស់នៅបានដោយមានព្រះជន្មផ្ទាល់របស់ព្រះអង្គ ទាំងស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់បងប្អូន ហើយរួបរួមទាំងអស់គ្នាក្នុងអង្គព្រះគ្រីស្ត។
ទោះបីយើងផ្ញើជីវិតលើព្រះគ្រីស្តក្ដី ក៏យើងយកចិត្តទុកដាក់នឹងបន្ទុករបស់ខ្លួននៅលើផែនដីនេះដែរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ជំរុញយើងឱ្យបម្រើបងប្អូនទាំងស្រុង ដោយយកតម្រាប់តាមព្រះបរមគ្រូដ៏ជាទីសក្ការៈរបស់យើង ដែលព្រះអង្គយាងមក “មិនមែនដើម្បីឱ្យគេបម្រើព្រះអង្គទេ តែដើម្បីបម្រើគេវិញ”។ ហេតុនេះហើយ បានជាព្រះអង្គតែងតាំងសហគមន៍ មិនមែនដើម្បីធ្វើជាម្ចាស់មនុស្សលោកទេ តែដើម្បីបម្រើគេវិញ។ “ព្រះគ្រីស្តបានបូជាព្រះជន្មសម្រាប់យើង ហេតុនេះហើយ យើងក៏ត្រូវបូជាជីវិតសម្រាប់ បងប្អូនយើងដែរ”។
យើងមានសេចក្ដីសង្ឃឹមថា ការរិះគិតរបស់មហាសន្និបាតនេះមុខជានឹងជួយឱ្យជំនឿចាំងពន្លឺកាន់តែភ្លឺត្រចះត្រចង់ឡើង និងជួយកែសម្រួលជីវិតខាងព្រះវិញ្ញាណឱ្យបានជាថ្មីដែរ។ ដូច្នេះ ការរិះគិតរបស់មហាសន្និបាតយើងនេះមុខជានឹងធ្វើឱ្យសេចក្តីដែលវិទ្យាសាស្រ្តបានរកឃើញថ្មីៗ និងការចម្រើនឡើងនៃបច្ចេកទេស ហើយការផ្សព្វផ្សាយវប្បធម៌ស្ទុះឡើង និងបង្កើតផលដ៏ល្អប្រសើរ ព្រោះការទាំងបីនោះសុទ្ធតែជាទ្រព្យដែលមានតម្លៃដ៏ថ្លៃថ្នូររបស់មនុស្សជាតិ។
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង
យើងមកប្រជុំគ្នានៅទីនេះ ទាំងនាំយកបញ្ហាមនុស្សលោកមករិះគិត គឺទុក្ខវេទនាទាំងខាងជីវភាពទាំងខាងវិញ្ញាណទុក្ខលំបាក និងសេចក្ដីប៉ងប្រាថ្នានៃប្រជាជាតិនានា ពីគ្រប់មជ្ឈដ្ឋាននៃផែនដីដែលព្រះជាម្ចាស់បានផ្ញើទុកមកយើង។ យើងក៏យកចិត្តទុកដាក់នឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់មនុស្សលោកទៀតផង យើងសូមសម្តែងសេចក្ដីស្រឡាញ់ និងសេចក្ដីទុកចិត្តចំពោះមនុស្សទាបជាងគេ ចំពោះអ្នកក្រីក្រជាងគេ និងចំពោះអ្នកទន់ខ្សោយជាងគេ។ ពេលព្រះគ្រីស្តទតឃើញបណ្តាជនទាំងឡាយឃ្លានអាហារ មានជំងឺគ្រប់យ៉ាង វង្វេងមិនស្គាល់ផ្លូវ ព្រះអង្គរំជួលព្រះហឫទ័យអាណិតមេត្តាគេយ៉ាងណា យើងក៏រំជួលចិត្តអាណិតមេត្តាមនុស្សលោកនាបច្ចុប្បន្នយ៉ាងនោះដែរ។ យើងរួមសាមគ្គីជាមួយអស់អ្នកដែលមិនអាចទៅដល់ការអភិវឌ្ឍន៍ ដែលមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ ព្រោះគ្មាននរណាបានជួយយ៉ាងគ្រប់គ្រាន់ដល់គេនៅឡើយទេ។
ហេតុនេះហើយ បានជានៅក្នុងមហាសន្និបាតនេះ យើងនឹងលើកបញ្ហាលោកីយ៍ទាំងនោះមករិះគិតយ៉ាងយូរ គឺជាបញ្ហាទាក់ទិននឹងតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស និងទាក់ទិននឹងសហគមន៍ដ៏ពិតប្រាកដនៃប្រជាជាតិនានា។ “ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង” “ប្រសិនបើនរណាម្នាក់ឃើញបងប្អូនខ្វះខាតតែមិនអើពើនឹងគេទេ តើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នកនោះដូចម្តេចកើត?”។
គម្រោងការពីរដ៏សំខាន់
ក្នុងសារផ្សព្វផ្សាយតាមវិទ្យុនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦២ លោកយ៉ូហានទី២៣ ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម បានគូសសង្កត់លើបញ្ហាពីរដែលមានដូចតទៅ៖
- មុនដំបូង លោកសូមលើកបញ្ហាសន្តិភាពរវាងប្រជាជននានាមករិះគិត។ តើនរណាមិនស្អប់សង្គ្រាម? តើនរណាមិនចង់បានសន្តិភាព? ព្រះសហគមន៍ចង់បានសន្តិភាពច្រើនជាងអ្នកឯទៀតៗទាំងអស់ ព្រោះព្រះសហគមន៍ជាមាតារបស់មនុស្សទាំងអស់។ តាមប្រសាសន៍ជាញឹកញាប់របស់លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូមនោះ ព្រះសហគមន៍នៅតែប្រកាសថា ខ្លួនស្រឡាញ់សន្តិភាព ប៉ងចង់បានសន្តិភាព ចង់រួមសហការយ៉ាងស្មោះជាមួយអស់លោកអ្នកដែលខិតខំកសាងសន្តិភាពដោយចិត្តទៀងត្រង់។ ព្រះសហគមន៍ខិតខំអស់ពីសមត្ថភាពធ្វើឱ្យប្រជាជាតិនានាទាក់ទងគ្នាទៅវិញទៅមក ឱ្យយល់ចិត្តគ្នាឱ្យរាប់រកគ្នាទៀតដែរ។ មហាសនិ្នបាតយើងនេះក៏ផ្តល់សក្ខីភាពដ៏រស់រវើក ដែលអាចមើលឃើញបានថា ខ្លួនជាសញ្ញាសម្គាល់អំពីមនុស្សដែលមានជាតិសាសន៍ប្លែកពីគ្នា ប្រជាជាតិ និងភាសាប្លែកពីគ្នា ពិតជាសហគមន៍ដែលស្រឡាញ់គ្នាដូចបងប្អូនបង្កើតមែន។ យើងសូមប្រកាសថា មនុស្សគ្រប់ៗគ្នាអាចរួបរួមគ្នាដូចជាបងប្អូនបង្កើតបានដោយគ្មានព្រំដែន និងគ្មានអរិយធម៌ណាមកបំបែកគេបានឡើយ។
- បន្ទាប់មក លោកយ៉ូហានទី២៣ ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូមរំឭកយើងអំពីបញ្ហាយុត្តិធម៌ក្នុងសង្គម។ សារលិខិតរបស់លោកក្រោមចំណងជើងថា៖ “ព្រះសហគមន៍ជាមាតា និងជាគ្រូ” បញ្ជាក់យ៉ាងជាក់ច្បាស់ថា មនុស្សលោកទំនើបត្រូវការព្រះសហគមន៍ជាងសម័យមុនៗទៅទៀត ដើម្បីបង្ហាញបញ្ជាក់អំពីភាពអយុត្តិធម៌ និងភាពមិនស្មើគ្នាដែលមនុស្សទ្រាំមិនបាន។ ព្រះសហគមន៍អាចជួយមនុស្សលោកឱ្យដឹងថា មានសេចក្តីខ្លះដែលជាតម្លៃដ៏ថ្លៃថ្នូរតាមលំដាប់លំដោយយ៉ាងពិតប្រាកដ ដែលអាចណែនាំការរស់នៅរបស់គេ។ ព្រះសហគមន៍អាចជួយមនុស្សឱ្យរស់នៅតាមលក្ខណៈរបស់ខ្លួន ជាមនុស្សកាន់តែប្រសើរឡើងៗ និងស្របតាមគោលការណ៍នៃដំណឹងល្អបាន។
ឫទ្ធានុភាពនៃព្រះវិញ្ញាណ
តាមពិត យើងគ្មានមធ្យោបាយខាងសេដ្ឋកិច្ចទេ ហើយយើងក៏គា្មនអំណាចខាងលោកីយ៍ដែរ តែយើងជឿសង្ឃឹមលើឫទ្ធានុភាពនៃព្រះវិញ្ញាណ ដែលព្រះអម្ចាស់យេស៊ូបានសន្យាប្រទានឱ្យព្រះសហគមន៍របស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងសូមអង្វរបងប្អូនដោយចិត្តសុភាពរាបសា អង្វរបងប្អូនដែលយើងបម្រើក្នុងឋានៈជាគង្វាល និងអង្វរបងប្អូនឯទៀតៗដែលផ្ញើជីវិតលើព្រះគ្រីស្ត ព្រមទាំងអង្វរមនុស្សទាំងអស់ដែលមានឆន្ទៈល្អ “ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះ និងនាំឱ្យស្គាល់សេចក្តីពិត” សូមបងប្អូនសុខចិត្តរួមជាមួយយើង ជួយកសាងពិភពលោកប្រកបដោយយុត្តិធម៌ សូមឱ្យមនុស្សស្រឡាញ់គ្នាទៅវិញទៅមកដូចជាបងប្អូនឱ្យកាន់តែខ្លាំងឡើងៗផង។ គម្រោងការរបស់ព្រះជាម្ចាស់ពិតជាមានដូច្នោះមែន គឺដោយសារមនុស្សស្រឡាញ់គ្នាទៅវិញទៅមកនោះ គឺព្រះអង្គគ្រងរាជ្យលើពិភពលោកយើង និងដូចជាប្រផ្នូលយ៉ាងឆ្ងាយអំពីលោកខាងមុខដែរ។
យើងរស់នៅក្នុងពិភពលោកដែលមិនទាន់មានសន្តិភាពដ៏ពិតប្រាកដ តាមសេចក្តីប៉ងប្រាថ្នារបស់យើងនៅឡើយ។ មនុស្សក៏ចេះតែតប់ប្រមល់ដោយយល់ឃើញថា មានបច្ចេកទេសចម្រើនយ៉ាងល្អប្រសើរមែន តែបើគ្មានធម្មវិន័យដ៏ខ្ពង់ខ្ពស់ណាមួយណែនាំទេ ការចម្រើននៃបច្ចេកទេសនោះ អាចបណ្តាលឱ្យមានគ្រោះកាចដ៏ធ្ងន់ធ្ងរបំផុត។ សូមពន្លឺនៃសេចក្ដីសង្ឃឹមដ៏ខ្លាំងក្លាចំពោះព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះតែមួយព្រះអង្គគត់ ភ្លឺឡើងក្នុងពិភពលោកយើងនេះកុំខានឡើយ។
សារនៃមហាសន្និបាតនៅថ្ងៃបញ្ចប់
ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៥
ពាក្យផ្តើម
អស់លោកអភិបាលជាបងប្អូនដ៏ជាទីគោរពសក្ការៈ ដល់ពេលអស់លោកត្រូវចាកចេញ និងបែកខ្ញែកទៅក្នុងពិភពលោកទាំងមូល។ បន្តិចទៀត អស់លោកចេញពីអង្គមហាសន្និបាតទៅជួបមនុស្សជាតិ និងប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ត។ យើងរួមគ្នាអស់បួនឆ្នាំមកហើយ យើងខិតខំរិះគិតកែសម្រួលព្រះសហគមន៍ឱ្យបានជាថ្មី។ អស់លោកក៏នឹងយកដំណឹងល្អអំពីព្រះសហគមន៍របស់ព្រះគ្រីស្តដែលកែសម្រួលជាថ្មីនោះទៅជូនដល់គេ។
ពេលនេះ ពិតជាពេលនៃប្រវត្តិសាស្រ្តដ៏មានអត្ថន័យខ្ពង់ខ្ពស់រកអ្វីមកប្រៀបផ្ទឹមមិនបាន។ អង្គប្រជុំសកលនេះពិតជាពេល និងជាកន្លែងដ៏អស្ចារ្យមែន គឺអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលបានជួបជុំគ្នា។ យើងនឹកអំពីអតីតកាល ព្រោះព្រះសហគមន៍របស់ព្រះគ្រីស្តរួបរួមគ្នានៅទីនេះ ដោយមានប្រពៃណីរបស់ខ្លួន មានប្រវត្តិសាស្រ្ត មានមហាសន្និបាតនានាពីសម័យមុនៗមក មានគ្រូបាធ្យាយ មានសន្តបុគ្គល។ល។ រួមគ្នានៅទីនេះ។ យើងនឹកគិតអំពីបច្ចុប្បន្នកាល ព្រោះយើងបែកចេញពីគ្នាទៅកាន់មនុស្សលោកយើងសព្វថ្ងៃ ដែលជួបការលំបាក ដែលកើតទុក្ខវេទនា ដែលជាប់នឹងអំពើបាប។ល។ តែមនុស្សលោកនេះក៏ចម្រើនឡើងយ៉ាងអស្ចារ្យ និងកាន់តាមគោលការណ៍របស់ខ្លួនដែលមានតម្លៃដ៏ថ្លៃថ្នូរ ហើយក៏មានគុណធម៌របស់ខ្លួនដែរ។ល។ យើងនឹកដល់អនាគតកាល ព្រោះប្រជាជននានាបន្លឺសំឡេងយ៉ាងខ្លាំង ទាមទារយុត្តិធម៌ ចង់បានសន្តិភាព ទោះបីគេដឹងខ្លួនក្ដី ឬមិនដឹងខ្លួនក្ដី ក៏គេនៅតែស្រេកឃ្លានចង់បានជីវិតដ៏ប្រសើរជាងពីមុន គឺគេច្បាស់ជាស្រេកឃ្លានចង់បានជីវិតដែលព្រះសហគមន៍របស់ព្រះគ្រីស្តអាច និងមានបំណងចង់ផ្តល់ឱ្យគេនោះ។
យើងហាក់ដូចជាឮសម្រែកយ៉ាងខ្លាំងនេះពីគ្រប់កន្លែងក្នុងពិភពលោកទាំងមូល តែជាសម្រែកមិនច្បាស់ គឺអស់អ្នកដែលសម្លឹងមើល មកមហាសន្និបាត សួរយើងទាំងខ្វល់ខ្វាយក្នុងចិត្តថា តើអស់លោកមានសេចក្តីមួយណាមកប្រាប់យើងឬក៏អត់? តើអស់លោកមានសេចក្តីមួយណាមកប្រាប់យើងជាអ្នកណែនាំប្រទេសឬក៏អត់? តើអស់លោកមានសេចក្តីមួយណាមកប្រាប់យើងជាបញ្ញវន្ត ជាពលករ ជាសិល្បករ។ល។ ឬក៏អត់? តើអស់លោកមានសេចក្តីមួយណាមកប្រាប់យើងជាស្ត្រី ឬក៏អត់? តើអស់លោកមានសេចក្តីមួយណាមកប្រាប់យើងជាយុវជនយុវនារី ជាអ្នកមានជំងឺ ជាអ្នកក្រីក្រឬក៏អត់?
យើងមានបំណងចង់តបឆ្លើយនឹងពាក្យអង្វរទាំងនោះ ហេតុដូច្នេះហើយ មហាសន្និបាតខិតខំរិះគិតអស់រយៈពេលបួនឆ្នាំមកហើយ ដើម្បីជាប្រយោជន៍ដល់ក្រុមទាំងនោះ។ មហាសន្និបាតបានតែង “ធម្មនុញ្ញអំពីព្រះសហគមន៍ក្នុងពិភពលោកនាបច្ចុប្បន្ន” ជាឯកសារដែលយើងបានប្រកាសផ្សព្វផ្សាយពីមិ្សលមិញ ដោយអង្គប្រជុំទះដៃអបអរសាទរទាំងរំភើបចិត្តផង។
យើងបាននឹកស្មឹងស្មាធិ៍អំពីព្រះគ្រីស្ត និងអំពីព្រះសហគមន៍របស់ព្រះអង្គយ៉ាងយូរ។ ពីការស្មឹងស្មាធិ៍នោះ មានចេញសារដើមដំបូងនៅពេលនេះ។ សារនេះនាំដំណឹងអំពីសន្តិភាព និងអំពីការសង្រ្គោះសម្រាប់មនុស្សច្រើនឥតគណនាដែលកំពុងតែរង់ចាំ។ មុនបែកចេញពីគ្នា មហាសន្និបាតចង់បំពេញមុខងាររបស់ខ្លួនជាព្យាការី ដោយប្រកាសសារខ្លីៗតាមភាសាសាមញ្ញដែលមនុស្សទាំងអស់ស្រួលស្តាប់ អំពីដំណឹងល្អដែលមហាសន្និបាតសូមជូនដល់មនុស្សលោក។ មានតំណាងដ៏ប្រសើរនៃមហាសន្និបាតនឹងប្រកាសក្នុងនាមយើងចំពោះមនុស្សជាតិទាំងមូល។
សារគោរពជូនចំពោះអស់លោកអ្នកណែនាំប្រទេស
នៅក្នុងពេលដ៏មហាឱឡារិកនេះ យើងសូមគោរពជូនទាំងមានសេចក្ដីសង្ឃឹមមកអស់លោកអ្នក ដែលកាន់វាសនារបស់មនុស្សលោកនៅលើផែនដីនេះ គឺអស់លោកអ្នកដែលកាន់អំណាចលោកីយ៍។ យើងជាអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតសកលលើកទី២១ នៃព្រះសហគមន៍កាតូលិក នៅពេលហៀបនឹងបែកខ្ញែងគ្នា ក្រោយពីបានខិតខំរិះគិតអស់បួនឆ្នាំមកហើយ។ យើងសូមគោរពជូនសារនេះ ដោយដឹងខ្លួនយ៉ាងច្បាស់អំពីបេសកកម្មរបស់យើងចំពោះមនុស្សជាតិ។
យើងសូមប្រកាសយ៉ាងជាក់ច្បាស់ថា យើងគោរពអំណាច និងភាពជាម្ចាស់ការរបស់អស់លោកអ្នក។ យើងក៏គោរពមុខងារដ៏ប្រសើររបស់អស់លោកអ្នកដែរ យើងទទួលស្គាល់ច្បាប់ដ៏ត្រឹមត្រូវរបស់អស់លោកអ្នក។
យើងរាប់អស់លោកអ្នកដែលបង្កើតច្បាប់ និងអស់លោកអ្នកដែលអនុវត្តតាមច្បាប់ទាំងនោះទុកថា មានតម្លៃផងដែរ។ ក៏ប៉ុន្តែ យើងសូមជម្រាបជូនអស់លោកអ្នកនូវសេចក្តីមួយដ៏សក្ការៈបំផុតដែលមានដូចតទៅ៖ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ដ៏ប្រសើរឧត្តម។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ជាដើម និងជាទិសដៅចុងបំផុតនៃជីវិតមនុស្សលោក។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ជាប្រភពនៃអំណាចរបស់អស់លោកអ្នក និងជាមូលដ្ឋានគ្រឹះនៃច្បាប់របស់អស់លោកអ្នកដែរ។
អស់លោកអ្នកមានភារកិច្ចលើកស្ទួយឱ្យមានរបៀបរៀបរយ និងសន្តិភាពក្នុងចំណោមមនុស្សនៅលើផែនដី។ ប៉ុន្តែ សូមកុំភ្លេចថា មានតែព្រះជាម្ចាស់មួយព្រះអង្គទេជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅ និងជាព្រះដ៏ពិតប្រាកដ។ មានតែព្រះគ្រីស្តមួយព្រះអង្គទេយាងមកប្រាប់ និងបង្រៀនយើងឱ្យដឹងថា យើងទាំងអស់គ្នាសុទ្ធតែជាបងប្អូនគ្នា។ ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់តាំងពីអស់កល្បជានិច្ច គឺព្រះគ្រីស្តនេះហើយដែលអាចបង្កើតរបៀបរៀបរយ និងកសាងសន្តិភាពនៅលើផែនដីបាន ដ្បិតព្រះអង្គណែនាំប្រវត្តិសាស្រ្តរបស់មនុស្សលោក។ មានតែព្រះគ្រីស្តមួយព្រះអង្គទេដែលអាចទាក់ទាញចិត្តមនុស្សឱ្យលះបង់កិលេសតណ្ហា គឺចិត្តលោភលន់ កំហឹង និងអវិជ្ជាដែលបណ្តាលឱ្យកើតសង្គ្រាម និងកើតទុក្ខ។ ព្រះអង្គយកនំប៉័ងរបស់មនុស្សជាតិមកប្រសិទ្ធិពរ គឺព្រះអង្គប្រោសឱ្យការងារ និងទុក្ខលំបាករបស់មនុស្សលោកបានវិសុទ្ធ ព្រះអង្គក៏ប្រទានអំណរឱ្យមនុស្សលោក ជាអំណរដែលអស់លោកអ្នកមិនអាចផ្តល់ឱ្យគេបានទេ។ នៅពេលគេកើតទុក្ខ ព្រះអង្គលើកទឹកចិត្តគេតាមរបៀបអស់លោកអ្នកមិនអាចសម្រាលទុក្ខគេបានឡើយ។
ក្នុងប្រទេសរបស់អស់លោកអ្នកដែលស្ថិតនៅក្នុងលោកនេះដែលតែងតែកន្លងទៅ ព្រះគ្រីស្តកំពុងសាងសង់ព្រះសហគមន៍តាមរបៀបដ៏អាថ៌កំបាំង គឺព្រះសហគមន៍ជាបុរីខាងព្រះវិញ្ញាណដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ អស់រយៈពេលជិតពីរពាន់ឆ្នាំមកហើយ ព្រះ សហគមន៍មានបទពិសោធន៍ផ្សេងៗជាច្រើន ក្នុងការទាក់ទងជាមួយអស់លោកអ្នកជាអ្នកកាន់អំណាចនៅលើផែនដី។ សព្វថ្ងៃ តើព្រះ សហគមន៍សូមអ្វីពីសំណាក់អស់លោកអ្នក? ក្នុងឯកសារមួយដ៏សំខាន់នៃមហាសន្និបាតនេះ ព្រះសហគមន៍សូមសេរីភាពពីសំណាក់អស់លោកអ្នក គឺសេរីភាពខាងជំនឿ ជាសេរីភាពប្រកាសជំនឿរបស់ខ្លួន សេរីភាពស្រឡាញ់ និងបម្រើព្រះរបស់ខ្លួន សេរីភាពក្នុងការរស់នៅ និងសេរីភាពប្រកាសសាររបស់ខ្លួនដែលផ្តល់ជីវិតដល់មនុស្សលោក។ សូមកុំខ្លាចព្រះសហគមន៍ឱ្យសោះ ព្រះសហគមន៍ក៏ដូចព្រះបរមគ្រូរបស់ខ្លួនដែរ គឺព្រះអង្គមានសកម្មភាពដ៏អាថ៌កំបាំងម៉្យាង ព្រះអង្គមិនប៉ះពាល់លុកលុយលើបុព្វសិទ្ធិរបស់អស់លោកអ្នកទេ តែព្រះអង្គព្យាបាលមនុស្សទាំងស្រុងឱ្យបានរួចពីអ្វីៗដែលមិនទៀងទាត់ ព្រះអង្គប្រែទ្រង់ទ្រាយមនុស្ស ហើយផ្តល់សេចក្ដីសង្ឃឹម សេចក្ដីពិត និងសោភ័ណភាពយ៉ាងពេញបរិបូណ៌ឱ្យមនុស្សលោកផងដែរ។
ចូរបណ្តោយឱ្យព្រះគ្រីស្តបំពេញសកម្មភាពដែលជម្រះសង្គម កុំបដិសេធព្រះអង្គ។ ប្រសិនបើអស់លោកអ្នកមិនព្រមទទួលព្រះអង្គ អស់លោកអ្នកដូចជាឆ្កាងព្រះអង្គម្តងទៀត។ ប្រសិនបើអស់លោកអ្នកឆ្កាងព្រះអង្គម្តងទៀតនោះ អស់លោកអ្នកមុខជាប្រមាថព្រះជាម្ចាស់ពុំខាន ដ្បិតព្រះអង្គពិតជាព្រះបុត្រារបស់ព្រះបិតាមែន។ ប្រសិនបើអស់លោកអ្នកឆ្កាងព្រះអង្គម្តងទៀតនោះ ក៏ដូចជាអស់លោកអ្នកធ្វើអត្តឃាតកម្មដែរ ព្រោះព្រះអង្គពិតជាបុត្រមនុស្ស។ ចូរបណ្តោយឱ្យយើងជាអ្នកបម្រើដ៏សុភាពរាបសារបស់ព្រះអង្គ អាចផ្សព្វផ្សាយនូវដំណឹងល្អស្តីអំពីសន្តិភាពដោយគ្មានអ្វីរារាំងឡើយ ដូចយើងបានរិះគិតក្នុងមហាសន្និបាតនេះ។ ប្រជាជនរបស់អស់លោកអ្នកមុខជានឹងទទួលផលប្រយោជន៍មុនគេពុំខានពីព្រះសហគមន៍ ដ្បិតព្រះសហគមន៍តែងតែអប់រំប្រជាពលរដ្ឋជូនអស់លោកអ្នក គឺឱ្យគេមានចិត្តស្មោះត្រង់នឹងរដ្ឋអំណាចឱ្យស្រឡាញ់សន្តិភាពក្នុងសង្គម និងឱ្យស្រឡាញ់ការចម្រើនឡើងនៃប្រទេស។
នៅថ្ងៃបង្ហើយមហាសន្និបាតសកលទី២១ ជាថ្ងៃដ៏មហាឱឡារិកនេះ ព្រះសហគមន៍សូមយកសេចក្ដីស្រឡាញ់ ការបម្រើកម្លាំងខាងវិញ្ញាណ និងខាងសីលធម៌មកជូនអស់លោកអ្នកតាមរយៈយើង។ ព្រះសហគមន៍សូមគោរពជូនសារនៃការសង្គ្រោះ និងសូមគោរពជូនពរដល់អស់លោកអ្នក។ ព្រះសហគមន៍ជូនពរដោយមានចិត្តរីករាយ និងចិត្តស្មោះត្រង់យ៉ាងណា សូមអស់លោកអ្នកទទួលពរដោយចិត្តរីករាយ និងដោយចិត្តស្មោះយ៉ាងនោះដែរ។ សូមយកសារ និងពរទាំងនោះទៅចែកចាយដល់ប្រជាជនរបស់អស់លោកអ្នកឱ្យយើងផង។
សារគោរពជូនចំពោះបញ្ញវន្ត និងអ្នកវិទ្យាសាស្រ្ត
ព្រះសហគមន៍សូមគោរពជម្រាបយ៉ាងពិសេសដល់អស់លោកអ្នកដែលស្វែងរកសេចក្ដីពិត គឺអស់លោកអ្នកជាបញ្ញវន្ត ជាអ្នករិះគិតយ៉ាងជ្រាលជ្រៅ និងជាអ្នកវិទ្យាសាស្រ្ត ជាអ្នកស្វែងរក និងសិក្សាអំពីមនុស្ស រុករកឱ្យស្គាល់កន្លែងថ្មីក្នុងពិភពលោកជាអ្នកស្វែងរកខាងប្រវត្តិសាស្រ្ត។ល។ អស់លោកអ្នកពិតជាអ្នកធ្វើបូជនីយយេសចរទៅរកពន្លឺ។ ព្រះសហគមន៍ក៏សូមគោរពអស់លោកអ្នកដែល ឈប់តាមផ្លូវ លែងស្វែងរកពន្លឺ ព្រោះអស់លោកអ្នកអស់កម្លាំងពេក ឬខកចិត្តព្រោះបានស្វែងរកដោយឥតបានផលតាមបំណងប្រាថ្នា។ ហេតុអី្វព្រះសហគមន៍សូមគោរពជម្រាបមកអស់លោកអ្នកយ៉ាងពិសេសដូច្នេះ? ព្រះសហគមន៍ជម្រាបមកយ៉ាងពិសេសដូច្នេះ ដ្បិតយើងទាំងអស់គ្នាជាអភិបាល ដែលជួបជុំគ្នាក្នុងមហាសន្និបាតនេះក៏ខិតខំស្តាប់សេចក្ដីពិតដែរ។ អស់រយៈបួនឆ្នាំហើយ យើងបានខិតខំស្វែងរកអត្ថន័យឱ្យបានកាន់តែជ្រៅទៅដោយប្រុងប្រយ័ត្ន ជាសារនៃសេចក្តីពិតដែលព្រះគ្រីស្តបានផ្ញើទុកមកព្រះសហគមន៍។ យើងក៏ខិតខំស្តាប់តាមព្រះវិញ្ញាណនៃសេចក្ដីពិតបំភ្លឺយើងដោយចិត្តស្មោះឡើងៗទៀតដែរ។
ហេតុនេះហើយ បានជាយើងត្រូវតែនិយាយជាមួយបងប្អូនដោយមិនអាក់ខានឡើយ។ ផ្លូវរបស់បងប្អូន ក៏ជាផ្លូវរបស់យើងដែរ ផ្លូវរបស់បងប្អូនមិនដែលប្លែកពីផ្លូវរបស់យើងទេ។ យើងក៏ជាមិត្តសម្លាញ់របស់បងប្អូនដែលស្វែងរកតាមឧបនិស្ស័យរបស់បងប្អូនរៀងៗខ្លួន យើងក៏រួមសាមគ្គីជាមួយបងប្អូនដែលតែងនឿយហត់ យើងក៏ស្ងើចសរសើរបងប្អូន នៅពេលបងប្អូនមានជ័យជម្នះដោយរកឃើញអ្វីមួយថ្មី។ ពេលបងប្អូនធ្លាក់ទឹកចិត្ត ឬបរាជ័យ យើងក៏លើកទឹកចិត្តបងប្អូន និងសម្រាលទុក្ខបងប្អូនដែរ។
យើងមានសារគោរពជូនបងប្អូនដូចតទៅ៖ ចូរស្វែងរកបន្តទៅទៀតទៅ កុំអស់សង្ឃឹមពេលអ្នករកមិនឃើញសេចក្ដីពិតភ្លាមៗតាមបំណង! ចូរចងចាំប្រសាសន៍របស់សន្តៈអូហ្គូស្តាំង ជាមិត្តសម្លាញ់ដ៏ប្រសើររបស់បងប្អូនថា៖ “យើងនាំគ្នាខិតខំស្វែងរកដោយមានបំណងចង់រកឱ្យឃើញ។ បើយើងរកឃើញហើយ យើងនាំគ្នាស្វែងរកតទៅទៀត”។ អស់អ្នកដែលបានរកឃើញសេចក្ដីពិតហើយ តែងតែស្វែងរកសេចក្ដីពិតនេះតទៅទៀត ពិតជាមានសុភមង្គលហើយ។ គេខិតខំយល់សេចក្តីពិតនេះឱ្យកាន់តែជ្រៅទៅៗ និងរកពន្យល់តាមរបៀបថ្មីមកចែកចាយដល់អ្នកដទៃទៀត។ អស់អ្នកដែលស្វែងរកសេចក្តីពិត តែមិនទាន់ឃើញ ប៉ុន្តែ នៅតែដើររកដោយចិត្តស្មោះ ពិតជាមានសុភមង្គលហើយ! សូមស្វែងរកពន្លឺសម្រាប់បំភ្លឺថ្ងៃស្អែក ដោយយកពន្លឺថ្ងៃនេះមកបំភ្លឺ រហូតតទៅដល់ពន្លឺដ៏ពេញលក្ខណៈលេចឡើង។
ប៉ុន្តែសូមកុំភ្លេចថា បញ្ញវន្តជាអ្នករិះគិត ពិតជាបំពេញកិច្ចការមួយដ៏ប្រសើរបំផុត ហើយក៏ត្រូវដឹងច្បាស់ថា ការរិះគិត គឺជាភារកិច្ចមួយដ៏សំខាន់ជាងគេដែរ។ អ្នកបិទភ្នែកដោយមិនព្រមឃើញពន្លឺ ពិតជាជនអព្វមង្គលមែន។ អ្នករិះគិតពិតជាទទួលខុសត្រូវយ៉ាងទម្ងន់ ម៉្យាងដែរ អស់អ្នកប្រើឧបាយកលផ្សេងៗជាច្រើនបណ្តាលឱ្យអ្នកដទៃធ្លាក់ទឹកចិត្ត ពិតជានាំឱ្យគេអួតបំប៉ោង បញ្ឆោតគេ ហើយក៏បង្ខូចចិត្តគំនិតគេទៀត។ អស់អ្នកស្វែងរកខាងវិទ្យាសាស្រ្តត្រូវកាន់តាមគោលការណ៍តែមួយថា គឺត្រូវខិតខំរិះគិតឱ្យបានត្រឹមត្រូវជានិច្ច។ ហេតុនេះហើយ បានជាយើងគ្មានបំណងចង់ឱ្យបងប្អូនវិលវល់ក្នុងចិត្តទេ យើងក៏មិនចង់ឱ្យបងប្អូនស្រវាំងភ្នែកដោយសារពន្លឺរបស់យើងចាំងទៅលើនោះឡើយ។ យើងគ្រាន់តែសូមជូនពន្លឺនៃចង្កៀងដ៏អាថ៌កំបាំងរបស់យើងមកបងប្អូន គឺជូនពន្លឺនៃជំនឿរបស់យើងតែប៉ុណ្ណោះ។ យើងជាសាវ័កដ៏សុភាពរាបសារបស់ព្រះបរមគ្រូជាអម្ចាស់ដ៏ខ្ពង់ខ្ពស់នៃការរិះគិត ព្រះអង្គបានផ្ញើពន្លឺនេះមកយើង។ ព្រះអង្គជាមនុស្សតែម្នាក់គត់ដែលមានប្រសាសន៍ថា៖ “ខ្ញុំជាពន្លឺបំភ្លឺមនុស្សលោក ខ្ញុំជាមាគ៌ា ខ្ញុំជាសេចក្ដីពិត និងជាជីវិត”។
ប្រសាសន៍នេះពិតជាមានប្រយោជន៍សម្រាប់បងប្អូន។ តាំងពីដើមរៀងមក មនុស្សមិនដែលមានលទ្ធភាពធ្វើឱ្យវិទ្យាសាស្រ្តដ៏ពិតប្រាកដ និងជំនឿដ៏ពិតប្រាកដ អាចទាក់ទងគ្នាដូចសព្វថ្ងៃនេះបាន។ វិទ្យាសាស្រ្ត និងជំនឿបម្រើសេចក្ដីពិតតែមួយគត់។ កុំឃាត់ឃាំងមិនឱ្យវិទ្យាសាស្រ្ត និងជំនឿជួបជុំគ្នាឡើយ! ចូរទុកចិត្តលើជំនឿជាមិត្តសម្លាញ់យ៉ាងជិតស្និទ្ធិនៃប្រាជ្ញារបស់មនុស្ស! ចូរយកជំនឿធ្វើជាពន្លឺរបស់ខ្លួន ដើម្បីឱ្យបានយល់សេចក្ដីពិតទាំងមូល។ យើងជាអភិបាលនៃពិភពលោកទាំងមូលដែលមកជួបជុំគ្នាជាមហាសន្និបាតនៅក្រុងរ៉ូមនេះមុននឹងបែកខ្ញែងពីគ្នា យើងសូមជូនពរដល់បងប្អូន សូមលើកទឹកចិត្តបងប្អូន សូមឱ្យបងប្អូនមានសេចក្ដីសង្ឃឹមជានិច្ចផង។
សារគោរពជូនចំពោះសិល្បករ
សូមគោរពជូនមកបងប្អូនទាំងអស់ជាសិល្បករ។ បងប្អូនចូលចិត្តសោភ័ណភាពជាខ្លាំង ហើយតែងតែបម្រើសោភ័ណភាពនោះផង។ បងប្អូនជាកវី ជាអ្នកនិពន្ធ ជាវិចិត្រករ ជាស្ថាបត្យករ ជាដូរ្យតន្ត្រីករ ជាអ្នកលេងល្ខោន ជាអ្នកផលិតខ្សែភាពយន្ត។ល។ មហាសន្និបាតនៃព្រះសហគមន៍ក៏ជម្រាបជូនមកបងប្អូនតាមរយៈយើងថា ប្រសិនបើបងប្អូនស្រឡាញ់សិល្បៈដ៏ពិតប្រាកដ នោះបងប្អូនពិតជាមិត្តសម្លាញ់របស់យើងមែន។
តាំងពីយូរយារណាស់មកហើយ ព្រះសហគមន៍ចងសម្ពន្ធមេត្រីជាមួយបងប្អូន។ បងប្អូនបានស្ថាបនា និងតែងលម្អវិហាររបស់យើង។ បងប្អូនបានលើកតម្កើងសេចក្ដីបញ្ជាក់នៃលទ្ធិជំនឿរបស់យើង ធ្វើឱ្យពិធីគោរពប្រណិប័តន៍របស់យើងកាន់តែប្រសើរឡើងៗ។ បងប្អូនបានជួយព្រះសហគមន៍ឱ្យបកស្រាយអត្ថន័យព្រះបន្ទូលដែលមកពីព្រះជាម្ចាស់តាមរូបគំនូរ និងតាមរូបភាព បងប្អូនក៏នាំឱ្យមនុស្សលោកអាចស្គាល់ពិភពដែលភ្នែកមនុស្សមើលមិនឃើញទៀតដែរ។
សព្វថ្ងៃ ក៏ដូចកាលពីមុនដែរ ព្រះសហគមន៍ត្រូវការបងប្អូន ហើយក៏បែរមុខមករកបងប្អូន។ ព្រះសហគមន៍ជម្រាបជូនមកបងប្អូនតាមរយៈយើងថា កុំបណ្តោយឱ្យសម្ព័ន្ធមេត្រីរបស់យើងដាច់ឡើយ ព្រោះសម័្ពន្ធមេត្រីនេះបានបង្កើតលទ្ធផលដ៏ប្រសើរលើសអ្វីៗទាំងអស់រួចមកហើយ។ កុំបដិសេធយកទេពកោសល្យរបស់ខ្លួនមកបម្រើសេចក្ដីពិតរបស់ព្រះជាម្ចាស់ឡើយ។ កុំបិទចិត្តគំនិតមិនឱ្យខ្យល់នៃព្រះវិញ្ញាណដ៏វិសុទ្ធចូលឡើយ។
ពិភពលោកយើងនេះត្រូវការសោភ័ណភាពកុំឱ្យខ្លួនធ្លាក់ទឹកចិត្តអស់សង្ឃឹម។ សោភ័ណភាពក៏ដូចសេចក្ដីពិតដែរ គឺផ្តល់ឱ្យមនុស្សមានចិត្តសប្បាយរីករាយ។ សោភ័ណភាពពិតជាផលដ៏ប្រសើរដែលមិនចេះចាស់ជរា និងបណ្តោយឱ្យមនុស្សគ្រប់ជំនាន់អាចទាក់ទងគ្នាបាន និងអាចរួបរួមគ្នាស្ងើចសរសើរទៀតផង។ កិច្ចការទាំងនោះពិតជាស្នាដៃរបស់បងប្អូនមែន។
សូមបងប្អូនបង្កើតស្នាដៃស្អាតបរិសុទ្ធជានិច្ច កុំចង់រកតែផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ។ សូមបងប្អូននឹកចងចាំជានិច្ចថា បងប្អូនពិតជារក្សាសោភ័ណភាពក្នុងពិភពលោកនេះ។ សូមឱ្យគំនិតនេះជួយរំដោះបងប្អូនឱ្យមានសេរីភាពយ៉ាងពេញលេញ កុំផ្ចង់ចិត្តនឹងចំណូលចិត្តដែលតែងតែប្រែប្រួល និងគ្មានតម្លៃដ៏ពិតប្រាកដឡើយ។ សូមបងប្អូនរំដោះខ្លួនឱ្យរួចពីបំណងប្រាថ្នាលោកីយ៍ដែលសម្តែង សេចក្តីយ៉ាងចម្លែកអស្ចារ្យពេក និងមិនសមរម្យ។
សូមបងប្អូនបានសមតាមឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនជានិច្ច និងនៅគ្រប់ទីកន្លែង។ ធ្វើដូច្នេះ បងប្អូនក៏សមរម្យទៅជាបុត្រធីតារបស់ព្រះសហគមន៍ ដែលគោរពជូនសាររបស់ខ្លួន ជាសារសម្តែងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ សម្តែងការសង្គ្រោះ និងព្រះហឫទ័យប្រណីសន្តាសរបស់ព្រះជាម្ចាស់មកបងប្អូន។ នៅថ្ងៃនេះ ព្រះសហគមន៍ក៏ប្រទានពរមកបងប្អូនតាមរយៈយើងដែរ។
សារគោរពជូនចំពោះស្រ្តីទាំងឡាយ
ឥឡូវនេះ យើងសូមជម្រាបមកស្រ្តីទាំងឡាយ គឺស្រ្តីគ្រប់ឋានៈ វណ្ណៈ ស្ត្រីនៅលីវ ឬស្ត្រីមានគ្រួសារ ស្រ្តីមានកូន និងស្រ្តីមេម៉ាយ។ សូមជម្រាបមកស្ត្រីព្រហ្មចារីដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ និងស្រ្តីដែលរស់នៅម្នាក់ឯងដែរ។ ចំនួននាង គឺពាក់កណ្តាលនៃមហាគ្រួសាររបស់មនុស្សជាតិហើយ!
នារីទាំងឡាយដឹងច្បាស់ថា ព្រះសហគមន៍មានកិត្តិយសដោយបានលើកតម្កើង និងរំដោះនារីហើយ។ តាមប្រវត្តិសាស្រ្តដ៏យូរអង្វែង មក ព្រះសហគមន៍តែងតែប្រកាសថា ទោះបីបុរស និងស្រ្តីមានចរិតលក្ខណៈ និងទេពកោសល្យប្លែកពីគ្នាក៏ដោយ ក៏ស្រ្តីមានតម្លៃស្មើនឹងបុរសយ៉ាងពិតប្រាកដ។ ប៉ុន្តែ ដល់ពេល គឺឥឡូវនេះហើយ ដែលឧបនិស្ស័យរបស់ស្រ្តីកើតជារូបរាងយ៉ាងពេញលក្ខណៈ។ ស្រ្តីមានឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គមស្រ្តីៗ មានកិត្តិយសដូចពន្លឺសាយភាយឡើង និងមានអំណាចដែលមិនធ្លាប់មានកាលពីសម័យមុនៗនៅឡើយ។
សព្វថ្ងៃ មនុស្សជាតិប្រែប្រួលយ៉ាងខ្លាំង។ ហេតុនេះហើយ បានជាស្ត្រីដែលមានគោលគំនិតនៃដំណឹងល្អជ្រួតជ្រាបក្នុងចិត្តគំនិត បានជួយមនុស្សជាតិយ៉ាងសម្បើមកុំឱ្យមនុស្សជាតិធ្លាក់ដុនដាប។ បងប្អូនជាស្រ្តីៗអើយ! អ្នកនៅតែមានភារកិច្ចរក្សាក្រុមគ្រួសារជានិច្ច គឺអ្នកស្រឡាញ់ប្រភពនៃជីវិត និងតែងតែស្រឡាញ់ទារក។ អ្នកមានវត្តមាននៅពេលជីវិតចាប់ផ្តើមឡើងយ៉ាងអស្ចារ្យ។ ពេលមនុស្សទទួលមរណភាព ក៏អ្នកចេះលួងលោមគេដែរ។ ប្រសិនបើយើងមិនប្រយ័ត្ន បចេ្ចកទេសរបស់យើងអាចបណ្តាលឱ្យជីវិតមនុស្សបាត់លក្ខណៈជាមនុស្ស។ ចូរអ្នករំឭកមនុស្សលោកឱ្យគោរពតម្លៃនៃជីវិត ជាពិសេស យើងអង្វរបងប្អូន សូមរក្សាការពាររអនាគតនៃពូជមនុស្សយើងឱ្យនៅគង់វង្ស។ សូមឃាត់ដៃរបស់អស់អ្នកដែលចង់បំផ្លាញអរិយធម៌របស់មនុស្សជាតិនៅគ្រាដែលគេបាត់ស្មារតី។
ស្រ្តីៗដែលមានគ្រួសារ និងមានកូន អ្នកជាអ្នកអប់រំមនុស្សជាតិមុនគេបង្អស់ ក្នុងទីលាក់កំបាំងនៃក្រុមគ្រួសារ។ ចូរបញ្ជូនបន្តប្រពៃណីដូនតាឱ្យកូនប្រុស កូនស្រីយល់ដឹង។ នៅពេលជាមួយគ្នានោះ អ្នកនឹងអប់រំកូនៗ គឺរៀបចំកូនៗឱ្យប្រឈមមុខនឹងអនាគតដែលគ្មាននរណាដឹងជាមុន។ ចូរនឹកចងចាំជានិច្ចថា ម្តាយតែងភ្ជាប់នឹងអនាគតរបស់កូនដែលនាងប្រហែលនឹងមើលមិនឃើញឡើយ។
ចំពោះស្រ្តីៗនៅលីវចូរដឹងថា អ្នកអាចបំពេញឧបនិស្ស័យរបស់ខ្លួនបាន គឺបម្រើអ្នកដទៃដោយចិត្តទូលាយ។ សង្គមហៅរកអ្នកពីគ្រប់មជ្ឈដ្ឋាន ប្រសិនបើគ្មានស្រ្តីណានៅលីវមកជួយទេ មានក្រុមគ្រួសារខ្លះមិនអាចរស់នៅបានឡើយ។
ជាពិសេស ស្ត្រីៗព្រហ្មចារីដែលញែកខ្លួនថ្វាយព្រះជាម្ចាស់ សូមអ្នករក្សាភាពបរិសុទ្ធ ជាអ្នកមិនរកប្រយោជន៍ផ្ទាល់ខ្លួន និងជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងពិភពយើងនេះ ដែលមានមនុស្សជាច្រើនរាប់ទុកការត្រេកត្រអាល ភ្លើតភ្លើនតាមកាមគុណថោកទាបទុកជាផ្លូវធម្មតារបស់មនុស្សលោក ព្រះយេស៊ូបានប្រោសប្រទានឱ្យសេចក្តីស្រឡាញ់របស់គូស្វាមីភរិយាមានតម្លៃពេញលក្ខណៈ ព្រះអង្គក៏បានលើកតម្កើងការលះបង់ស្នេហាតាមលោកីយ៍ដែរ លុះត្រាអ្នកលះបង់សេចក្ដីស្នេហានោះតម្រង់ខ្លួនទៅរកសេចក្ដីស្រឡាញ់ដ៏អនន្ត និងនាំឱ្យបម្រើអ្នកដទៃទាំងអស់។
ចំពោះស្រ្តីៗកំពុងរងទុក្ខលំបាក សូមអ្នកក្រោកឈរត្រង់ឡើងនៅក្បែរឈើឆ្កាង ដូចនាងម៉ារីដែរ។ តាមប្រវត្តិសាស្រ្ត ពួកនាងជាច្រើនបានប្រគល់ឱ្យបុរសៗមានកម្លាំងអាចតស៊ូវាយតយុទ្ធរហូតដល់ទីបំផុត គឺរហូតដល់បូជាជីវិតក៏មាន។ ចូរជួយបុរសៗម្តងទៀតឱ្យមានចិត្តក្លាហាន ហ៊ានធ្វើការយ៉ាងអស្ចារ្យ ព្រមទាំងឱ្យគេមានចិត្តអត់ធ្មត់ខន្តីដោយដឹងជានិច្ចថា អ្នកចង់ធ្វើកិច្ចការដ៏ធំអស្ចារ្យ ត្រូវចាប់ផ្តើមដោយធ្វើការតូចៗយ៉ាងសុភាពរាបសាឡើងទៅ។ បងប្អូនជាស្រ្តីៗអើយ! បងប្អូនចេះធ្វើឱ្យសេចក្ដីពិតបានស្រួលស្តាប់ ថ្នាក់ថ្នម លួងលោមចិត្តគេ។ សូមអ្នកជាប់ចិត្តនឹងចង់ធ្វើឱ្យគោលគំនិតនៃមហាសន្និបាតជ្រួតជ្រាបក្នុងស្ថាប័ន ក្នុងសាលារៀន ក្នុងក្រុមគ្រួសារ ក្នុងការរស់នៅរបស់មនុស្សជារៀងរាល់ថ្ងៃ។
បងប្អូនជាស្ត្រីៗនៃភិភពលោកទំាងមូលអើយ! ទាំងគ្រីស្តបរិស័ទក្ដី មិនមែនគ្រីស្តបរិស័ទក្តី ព្រះជាម្ចាស់បានផ្ញើជីវិតទុកឱ្យនាងហើយ។ ក្នុងគ្រាដ៏សែនធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តយើងនេះ នាងមានភារកិច្ចសង្រ្គោះសន្តិភាពនៃពិភពលោកហើយ!។
សារគោរពជូនចំពោះពលករទាំងឡាយ
យើងជាអភិបាលនៃព្រះសហគមន៍កាតូលិកពីទ្វីបទាំងប្រាំ បានរិះគិតរួមជាមួយគ្នាក្នុងមហាសន្និបាតនេះ។ ក្នុងចំណោមប្រធានបទទាំងប៉ុន្មាន យើងបានរិះគិតអំពីបញ្ហាដ៏ធ្ងន់ធ្ងរដែលចោទឡើងលើមនសិការមនុស្សជាតិ គឺបានរិះគិតអំពីបញ្ហាសភាពការណ៍សេដ្ឋកិច្ច និងសង្គមក្នុងពិភពលោកសព្វថ្ងៃ អំពីបញ្ហាប្រជាជាតិត្រូវរស់នៅជាមួយគ្នាដោយសុខសន្តិភាព ព្រមទាំងអំពីបញ្ហាសាស្រ្តាវុធ បញ្ហាសង្គ្រាម និងសន្តិភាព។ យើងដឹងច្បាស់ថា ដំណោះស្រាយបញ្ហាទាំងនោះមុខជានឹងមានឥទ្ធិពលយ៉ាងខ្លាំង លើការរស់នៅធម្មតារបស់ពលករ ពលការិនីក្នុងពិភពលោកទាំងមូលពុំខាន។ ហេតុនេះហើយ បានជានៅពេលបញ្ចប់ការពិគ្រោះគ្នានេះ យើងសូមផ្ញើសារនេះ សម្តែងសេចក្តីទុកចិត្ត និងសេចក្ដីស្រឡាញ់របស់យើងមកបងប្អូនជាពលករទាំងឡាយ។ សូមបងប្អូនពលករបានប្រកបដោយសុខសន្តិភាព។
កូនដ៏ជាទីស្រឡាញ់! មុនដំបូង សូមបងប្អូនដឹងឱ្យបានច្បាស់ថា ព្រះសហគមន៍ស្គាល់ទុក្ខវេទនា ការតយុទ្ធ និងសេចក្ដីសង្ឃឹមរបស់ប្អូនៗ។ ព្រះសហគមន៍ក៏ចូលចិត្តយ៉ាងខ្លាំងនូវគុណធម៌ ដែលផ្តល់ឱ្យជីវិតបងប្អូនមានតម្លៃដ៏ថ្លៃថ្នូរ គឺបងប្អូនមានសេចក្ដីក្លាហាន ចិត្តលះបង់សម្រាប់អ្នកដទៃ មនសិការក្នុងអាជីវកម្ម ចិត្តស្រឡាញ់យុត្តិធម៌។ ព្រះសហគមន៍ក៏ទទួលស្គាល់យ៉ាងច្បាស់នូវជំនួយដ៏ធំមហិ មារបស់ប្អូនចំពោះសង្គមទាំងមូល គឺប្អូនម្នាក់ៗតាមកន្លែងរៀងៗខ្លួន ទោះបីមនុស្សទូទៅមិនសូវស្គាល់ការងាររបស់បងប្អូនក្តី ជាការងារថោកទាបដែលគេតែងមើលងាយទៀតផង ក៏បងប្អូនតែងតែបម្រើសង្គមទាំងមូលយ៉ាងល្អប្រសើរដែរ។ ព្រះសហគមន៍ដឹងគុណ ហើយសូមអរគុណបងប្អូនតាមរយៈយើង។
ប៉ុន្មានឆ្នាំកន្លងមក ព្រះសហគមន៍នៅតែគិតគូរអំពីបញ្ហាទាំងអស់របស់ពលករ ពលការិនីក្នុងពិភពលោកទាំងមូល ជាបញ្ហាកាន់តែស្មុគ្រស្មាញឡើងៗ។ ក្នុងចំណោមបងប្អូន មានអ្នកខ្លះបានចាប់អារម្មណ៍នឹងសារលិខិតនៃអភិបាលព្រះសហគមន៍ក្រុងរ៉ូម។ បងប្អូនទាំងនោះបញ្ជាក់ថា ចិត្តគំនិតរបស់ពលករ ពលការិនីត្រូវនឹងចិត្តគំនិតអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ខាងវិញ្ញាណរបស់មនុស្សលោក។ លោកយ៉ូហានទី២៣ បានសរសេរសារលិខិតដែលមានតម្លៃរកអ្វីមកប្រៀបធៀបពុំបាន មកបន្ថែមក្នុងបេតិកភ័ណ្ឌនៃព្រះសហគមន៍។ លោកបានរកផ្លូវឱ្យបងប្អូនចាប់អារម្មណ៍។ លោកសម្តែងយ៉ាងត្រចះត្រចង់នូវសេចក្ដីស្រឡាញ់របស់ព្រះសហគមន៍ទាំងមូល ចំពោះបងប្អូនជាពលករ ពលការិនី។ លោកក៏បានសម្តែងសេចក្តីស្រឡាញ់របស់ព្រះសហគមន៍ចំពោះសេចក្ដីពិត យុត្តិធម៌ សេរីភាព សេចក្ដីស្រឡាញ់ ជាគ្រឹះសម្រាប់សាងសង់សន្តិភាពក្នុងពិភពលោក។ យើងក៏ចង់ទៅជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះសហគមន៍ចំពោះ បងប្អូនជាពលករ ពលការិនីដែរ ហើយសូមប្រកាសដោយស្មោះអស់ពីចិត្តថា ព្រះសហគមន៍ជាមិត្តសម្លាញ់របស់បងប្អូន។ ចូរជឿទុកចិត្តលើព្រះសហគមន៍ចុះ! នៅសម័យបុរាណគួរឱ្យស្តាយណាស់ យើងពលករពលការិនី និងព្រះសហគមន៍ស្តាប់គ្នាមិនបាន បណ្តាល ឱ្យមិនទុកចិត្តគ្នាទៅវិញទៅមកទេ។ វណ្ណៈកម្មករ និងព្រះសហគមន៍បានរងទុក្ខទាំងសងខាង។ ឥឡូវដល់ពេលសម្រុះសម្រួលគ្នាវិញ ហើយព្រះសហគមន៍នៃមហាសន្និបាតអញ្ជើញបងប្អូនឱ្យលើកតម្កើងការសម្រុះសម្រួលនេះ ដោយគ្មានគំនិតវៀចវេរឡើយ។
ព្រះសហគមន៍ខិតខំស្គាល់បងប្អូនឱ្យកាន់តែច្បាស់ឡើងៗ។ ប៉ុន្តែ បងប្អូនក៏ត្រូវខិតខំយល់អំពីមុខងារព្រះសហគមន៍សម្រាប់បងប្អូនជាប្រជាពលករដែរ។ បងប្អូនពិតជាអ្នកដ៏សំខាន់ជាងគេ ក្នុងកិច្ចបង្កើតការប្រែប្រួលដ៏អស្ចារ្យនៃពិភពលោកនាបច្ចុប្បន្នកាលយើងនេះ។ បងប្អូនជ្រាបច្បាស់ថា ប្រសិនបើគ្មានខ្យល់ដ៏ខ្លាំងពូកែនៃព្រះវិញ្ញាណផ្តល់ជីវិតរស់រវើកទេនោះ ការប្រែប្រួល និងសមិទ្ធផលទាំងនោះ មុខជានឹងបណ្តាលឱ្យអន្តរាយដល់មនុស្សជាតិជាពុំខាន មិននាំសុភមង្គលឡើយ។ ការស្អប់គ្នាមិនអាចសង្គ្រោះមនុល្សលោកបានទេ! អាហារខាងលោកីយ៍តែមួយមុខ ក៏មិនអាចធ្វើឱ្យមនុស្សស្កប់ចិត្តបានឡើយ។
ហេតុនេះ សូមបងប្អូនទទួលសាររបស់ព្រះសហគមន៍ដោយអនុគ្រោះ។ ចូរទទួលជំនឿដែលព្រះសហគមន៍សូមជូនមកបងប្អូនទុកជាពន្លឺសម្រាប់បំភ្លឺផ្លូវជីវិតរបស់បងប្អូន។ ជំនឿនេះពិតជាជំនឿរបស់អ្នកបន្តមុខងារពីគ្រីស្តទូតសិលាមក ជាជំនឿរបស់អភិបាលពីរពាន់នាក់ដែលប្រជុំគ្នាជាមហាសន្និបាត និងជាជំនឿរបស់ប្រជាជនគ្រីស្តបរិស័ទទាំងមូល សូមឱ្យជំនឿនេះបំភ្លឺចិត្តគំនិតបងប្អូន សូមឱ្យជំនឿនេះណែនាំបងប្អូន។ សូមឱ្យជំនឿនេះណែនាំបងប្អូនឱ្យស្គាល់ព្រះយេស៊ូគ្រីស្ត ជាមិត្តសំឡាញ់រួមការងាររបស់បងប្អូន ជាព្រះបរមគ្រូ និងជាព្រះសង្គ្រោះមនុស្សជាតិទាំងមូល។
សារគោរពជូនចំពោះជនក្រីក្រ អ្នកជំងឺ និងអស់អ្នកដែលកើតទុក្ខលំបាក
មហាសន្និបាតសូមគោរពជូនសារយ៉ាងពិសេស មកអស់បងប្អូនដែលកើតទុក្ខ និងឈឺចុកចាប់គ្រប់យ៉ាង។ មហាសន្និបាតឃើញបងប្អូនសម្លឹងមកយើង ទាំងអង្វរ ទាំងភ្នែកស្រវាំងដោយគ្រុនក្ដៅ ឬដោយអស់កម្លាំង ហើយសួរថា ហេតុអ្វីមនុស្សកើតទុក្ខដូច្នេះ? បងប្អូនតប់ប្រមល់ក្នុងចិត្ត ហើយសួរទៀតថា តើនរណា នៅពេលណាមានគេមកសម្រាលទុក្ខនេះពីយើងបាន? តែគ្មានឮចម្លើយសោះ។ បងប្អូនដ៏ជាទីស្រឡាញ់ ក្នុងឋានៈយើងជាឪពុក និងជាគង្វាល យើងព្រួយបារម្ភជាខ្លាំងដោយឮស្នូរសម្រែក និងស្នូរត្អូញត្អែរបស់បងប្អូន។ យើងរឹតតែព្រួយចិត្តដោយនឹកឃើញថា យើងគ្មានសមត្ថភាពអាចផ្តល់សុខភាពដល់រូបកាយបងប្អូន ឬធ្វើឱ្យបងប្អូនបានធូរស្រាល។ មានតែគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាកយីកា និងអស់អ្នកដែលខិតខំជួយព្យាបាលជំងឺទេ ដែលអាចសម្រាលទុក្ខក្នុងរូបកាយបងប្អូនបាន។
ប៉ុន្តែ យើងមានថ្នាំដ៏ប្រសើរជាង និងដែលមានតម្លៃថ្លៃជាងផ្តល់មកបងប្អូន គឺជំនឿដែលជាសេចក្ដីពិតតែមួយអាចតបឆ្លើយនឹងការអាថ៌កំបាំងនៃទុក្ខលំបាក។ ជំនឿនេះ ក៏អាចសម្រាលទុក្ខបងប្អូនដោយមិនភាន់ច្រឡំឡើយ។ ចូរផ្ញើជីវិតលើព្រះគ្រីស្ត ជាមនុស្សដែលរងទុក្ខលំបាក ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលត្រូវគេឆ្កាង ព្រោះតែអំពើបាបរបស់យើង និងដើម្បីសង្គ្រោះយើង។
ព្រះគ្រីស្តមិនបានលប់បំបាត់ទុក្ខទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យបកស្រាយអត្ថន័យយ៉ាងពិស្តានៃទុក្ខដែរ តែព្រះអង្គបានផ្ទុកទុក្ខលំបាករបស់មនុស្សលោកលើព្រះអង្គ។ ដូច្នេះគ្រប់គ្រាន់ហើយ ដើម្បីឱ្យយើងយល់អំពីតម្លៃដ៏ថ្លៃថ្នូរនៃទុក្ខលំបាក។
បងប្អូនកំពុងរងទុក្ខអើយ! បងប្អូនដូចជាលីឈើឆ្កាងដ៏ធ្ងន់ធ្ងរដែរ។ បងប្អូនជាអ្នកក្រីក្រ និងជាអ្នកដែលគ្មាននរណារាប់រកបងប្អូនដែលកំពុងយំសោក បងប្អូនដែលត្រូវគេបៀតបៀនធ្វើបាបព្រោះតែសេចក្តីសុចរិត បងប្អូនដែលគ្មាននរណានិយាយរក បងប្អូនដែលកំពុងរងទុក្ខតែគ្មាននរណាដឹងឮ ចូរមានចិត្តក្លាហានឡើង! ព្រះជាម្ចាស់ស្រឡាញ់បងប្អូនលើសគេទាំងអស់ ព្រះអង្គប្រទានសេចក្ដីសង្ឃឹម សុភមង្គល និងជីវិតព្រះអង្គឱ្យគ្រងរាជ្យលើបងប្អូនហើយ! បងប្អូនពិតជាបងប្អូនរបស់ព្រះគ្រីស្តដែលកំពុងតែរងទុក្ខមែន! ប្រសិនបើបងប្អូនសុខចិត្ត បងប្អូនក៏អាចសង្គ្រោះមនុស្សលោកបានរួមជាមួយព្រះអង្គដែរ។
នេះជាចំណេះរបស់គ្រីស្តបរិស័ទអំពីទុក្ខ ជាចំណេះតែមួយដែលអាចផ្តល់សេចក្ដីសុខសាន្តមកបងប្អូន។ ចូរដឹងជាក់ច្បាស់ថា បងប្អូនមិននៅម្នាក់ឯងទេ បងប្អូនក៏មិនរស់នៅដាច់ឡែកពីគេដែរ គេមិនលះបង់បងប្អូនចោលទេ កុំនិយាយថា បងប្អូនគ្មានប្រយាជន៍ឡើយ! ផ្ទុយទៅវិញ ព្រះគ្រីស្តហៅបងប្អូន បងប្អូនពិតជារូបតំណាងដែលមានជីវិតរស់រវើករបស់ព្រះអង្គ ហើយបណ្តោយឱ្យគេឃើញព្រះអង្គបានទៀតផង។ ក្នុងនាមព្រះគ្រីស្ត មហាសន្និបាតសូមគោរពជម្រាបដល់បងប្អូនដោយសេចក្ដីស្រឡាញ់។ មហាសន្និបាតក៏អរគុណ បងប្អូន និងបញ្ជាក់ថា ពិតជាស្រឡាញ់បងប្អូនមែន! ព្រះសហគមន៍ជួយគាំទ្របងប្អូន និងជូនពរដល់បងប្អូនទៀតផង។
សារគោរពជូនយុវជនយុវនារីទាំងឡាយ
នៅទីបញ្ចប់ មហាសន្និបាតសូមគោរពជូនសារចុងក្រោយនេះមកប្អូនៗ ក្មួយៗជាយុវជន យុវនារីក្នុងពិភពលោកទាំងមូល។ គឺប្អូនៗក្មួយៗនេះហើយនឹងទទួលចង្កៀងពន្លឺពីបងៗ ហើយនឹងរស់នៅក្នុងពិភពលោកនាសម័យដែលប្រែប្រួលយ៉ាងសម្បើមអស្ចារ្យយើងនេះ តាមប្រវត្តិសាស្រ្តមិនដែលមានប្រែប្រួលបែបនេះទេ។ ប្អូនៗ ក្មួយៗមុខជានឹងទទួលយកគំរូដ៏ល្អជាងគេពីសេចក្តីបង្រៀនរបស់ឪពុកម្តាយ និងរបស់គ្រូបាធ្យាយមកបង្កើតសង្គមនៅថ្ងៃអនាគតកាល។ ប្អូនៗ ក្មួយៗមុខជានឹងរួមសង្គ្រោះខ្លួនឯងក៏បាន ឬក៏រួមអន្តរាយជាមួយសង្គមនោះក៏បានដែរ។
អស់បួនឆ្នាំមកហើយ ព្រះសហគមន៍ខិតខំរិះគិត ដើម្បីកែទ្រង់ទ្រាយរបស់ខ្លួនឱ្យបានជាថ្មី ក្នុងគោលបំណងបានស្របតាមគម្រោងការរបស់ព្រះគ្រីស្តឱ្យកាន់តែច្បាស់ឡើងៗ គឺព្រះគ្រីស្តដែលបានតែងតាំងព្រះសហគមន៍។ ព្រះអង្គមានព្រះជន្មគង់នៅយ៉ាងអស្ចារ្យ និងនៅក្នុងយុវវ័យជានិច្ចនិរន្តរ៍។ ពេលបញ្ចប់ការរិះគិតអំពីការរស់នៅរបស់ខ្លួន ព្រះសហគមន៍បែរមករកប្អូនៗ ក្មួយៗជាយុវជន យុវនារី ដោយសារមហាសន្និបាតនេះ ព្រះសហគមន៍ទើបនឹងបានអុជចង្កៀងមួយ ជាពិសេស អុជចង្កៀងសម្រាប់ប្អូនៗ ក្មួយៗ គឺជាចង្កៀងផ្តល់ពន្លឺបំភ្លឺអនាគត ជាអនាគតរបស់ប្អូនៗ ក្មួយៗនេះហើយ!។
ព្រះសហគមន៍ប្រាថ្នាចង់ឱ្យសង្គមដែលប្អូនៗ ក្មួយៗនឹងសាងសង់នៅពេលអនាគតនោះគោរពតម្លៃដ៏ថ្លៃថ្នូរ សេរីភាព និងសិទ្ធិរបស់បុគ្គលគ្រប់ៗរូប។ បុគ្គលទាំងនោះ គឺប្អូនៗ ក្មួយៗនេះឯង!។
ព្រះសហគមន៍ប្រាថ្នាចង់ឱ្យសង្គមនាអនាគតកាលនោះ បណ្តោយឱ្យជំនឿអាចលេចចាំងពន្លឺឡើង គឺជំនឿដែលមានតម្លៃដ៏ថ្លៃថ្នូរជានិច្ច ទាំងនៅអតីតកាល ទាំងនៅអនាគតកាល។ សូមឱ្យជំនឿបំភ្លឺចិត្តគំនិតប្អូនៗ ក្មួយៗដោយសេរី និងផ្តល់សេចក្តីសុខសាន្តឱ្យប្អូនៗ ក្មួយៗផង។ ព្រះសហគមន៍សង្ឃឹមថា ប្អូនៗ ក្មួយៗមុខជានឹងទទួលកម្លាំងយ៉ាងខ្លាំង និងបានអំណរសប្បាយយ៉ាងក្រៃលែងបានដែរ។ បើដូច្នេះ ប្អូនៗ ក្មួយៗមិនចាញ់ការល្បួងដូចបងៗខ្លះ គឺប្អូនៗ ក្មួយៗមិនបណ្តោយខ្លួនតាមទស្សនវិជ្ជាដែលទាក់ទាញចិត្ត គឺទស្សនវិជ្ជានាំឱ្យគិតតែពីខ្លួនឯង ឱ្យគិតតែពីការភ្លើតភ្លើនសប្បាយតាមកាមគុណថោកទាប ឬទស្សនវិជ្ជាបណ្តាលឱ្យអស់សង្ឃឹម និងនាំឱ្យវាសនាខ្លួនសាបសូន្យ។ មានលទ្ធិមួយប្រកាសថា គ្មានព្រះទាល់តែសោះ។ លទ្ធិនេះជាអភូតហេតុកើតពីមនុស្សដែលណាយចិត្តនឹងជីវិត និងជាអភូតហេតុរបស់ពួកចាស់ជរា។ ព្រះសហគមន៍សង្ឃឹមថា នៅចំពោះលទ្ធិនោះ ប្អូនៗ ក្មួយៗមុខជានឹងចេះប្រកាសបញ្ជាក់ជំនឿរបស់ខ្លួនទៅលើជីវិត និងទៅលើអ្វីៗដែលផ្តល់ឱ្យជីវិតមានអត្ថន័យដ៏ថ្លៃថ្នូរ គឺជំនឿយ៉ាងជាក់ច្បាស់ថា មានព្រះបិតាប្រកបដោយព្រះហឫទ័យស្រឡាញ់ និងសុចរិត ព្រះអង្គមានព្រះជន្មគង់នៅពិតប្រាកដមែន។
យើងសូមដាស់តឿនប្អូនៗ ក្មួយៗក្នុងនាមព្រះបិតានេះ និងក្នុងនាមព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែរ សូមលាតត្រដាងចិត្តគំនិតប្អូនៗ ក្មួយៗតាមទំហំពិភពលោកទាំងមូល ចូរស្តាប់ពាក្យស្រែកហៅរបស់បងប្អូន។ សូមប្អូនៗ ក្មួយៗសម្រេចចិត្តយកថាមពលថ្មីរបស់ប្អូនៗ ក្មួយៗមកបម្រើគេដោយចិត្តក្លាហាន។ សូមប្រឆាំងនឹងអត្ថទត្ថបុគ្គលនិយមគ្រប់យ៉ាង។ កុំបណ្តោយខ្លួនតាមទោសៈ និងការស្អប់គ្នាដែលបណ្តាលឱ្យកើតសង្គ្រាម និងទុក្ខវេទនាគ្រប់យ៉ាង។ ចូរមានចិត្តទូលំទូលាយ បរិសុទ្ធ ចេះគោរពអ្នកដទៃ និងស្មោះត្រង់ជានិច្ច។ ចូរយកចិត្តទុកដាក់សាងសង់ពិភពលោកដ៏ល្អប្រសើរជាងពិភពរបស់បងៗ។
ព្រះសហគមន៍មើលប្អូនៗ ក្មួយៗទាំងទុកចិត្ត និងដោយសេចក្ដីស្រឡាញ់។ ព្រះហគមន៍មានអតីតកាលដ៏យូរអង្វែងដែលមានតម្លៃដ៏ថ្លៃថ្នូរ ហើយនៅតែរក្សាតម្លៃដ៏ថ្លៃថ្នូរនៃអតីតកាលនេះក្នុងខ្លួន។ ព្រះសហគមន៍ធ្វើដំណើរតាមកាលៈទេសៈ ទាំងនាំមនុស្សលោកឱ្យបានពេញលក្ខណៈជាមនុស្ស និងនាំគេទៅកាន់ទិសដៅចុងបំផុតនៃប្រវត្តិសាស្រ្ត និងនៃជីវិត។ ព្រះសហគមន៍ពិតជាយុវវ័យនៃពិភពលោកមែន។ ព្រះសហគមន៍មានអ្វីៗដែលផ្តល់កម្លាំង និងធ្វើឱ្យមនុស្សពេញចិត្តស្រឡាញ់យុវជន យុវនារី គឺព្រះសហគមន៍មានសមត្ថភាពអរសប្បាយដោយឃើញអ្វីៗដែលកើតឡើង មានសមត្ថភាពចែកចាយអ្វីៗដោយមិនទាមទារសុគុណពីគេ មានសមត្ថភាពកែខ្លួនឱ្យបានជាថ្មីជានិច្ច និងបន្តដំណើរទៅមុខ ដើម្បីឱ្យបានជ័យជម្នះជាថ្មីតទៅទៀត។ ចូរសម្លឹងមើលព្រះសហគមន៍មើល៍! ប្អូនៗក្មួយៗមុខជានឹងឃើញព្រះភ័ក្ត្រព្រះគ្រីស្តក្នុងព្រះសហគមន៍ពុំខាន។ ព្រះគ្រីស្តជាវិរបុរសដ៏ពិតប្រាកដមែន ព្រះអង្គប្រកបដោយចិត្តសុភាពរាបសា មានប្រាជ្ញាដ៏វាងវៃ ជាព្យាការីប្រកាសសេចក្ដីពិត និងសេចក្ដីស្រឡាញ់ ជាអ្នកធ្វើដំណើរជាមួយយុវជន យុវនារី និងជាមិត្តសម្លាញ់របស់ប្អូនៗ ក្មួយៗ។ ក្នុងនាមព្រះគ្រីស្តនេះហើយ យើងសូមជម្រាបមកប្អូនៗ ក្មួយៗ សូមដាស់តឿនប្អូនៗ ក្មួយៗ និងប្រទានពរឱ្យប្អូនៗ ក្មួយៗផងដែរ។