ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

តម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស
DIGNITATIS HUMANAE

ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្ដីនេះដើម្បីឱ្យគេនឹក​ចងចាំរហូតតរៀងទៅ។

ពិធីអត្ថាធិប្បាយសេចក្តីប្រកាស
អំពីសេរីភាពខាងសាសនា
ទាំងបុគ្គលម្នាក់ៗ ទាំងសហគមន៍នានា
មានសេរីភាពខាងសាសនានៅក្នុងសង្គម និងតាមច្បាប់រដ្ឋ​​​

១- មនុស្សសម័យឥឡូវ

មនុស្សសម័យឥឡូវយល់អំពីកិត្តិយសដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗកាន់តែច្បាស់ឡើងៗ ហើយក៏មានចំនួន​​​មនុស្ស​​​​​​កាន់​​​​​​តែច្រើនឡើងៗ ដែល​​​​ទាម​ទារឱ្យម្នាក់ៗមានសមត្ថភាពប្រតិបត្តិស្របតាមជម្រើសរបស់ខ្លួនផ្ទាល់ ​និងទទួល​​​ខុស​​​ត្រូវ​​​​លើជម្រើសនោះ ដោយ​​​​​​មាន​​​​​​សេរីភាពពេញលេញដែរ។ ​គេមិនចង់ឱ្យនរណាបង្ខំទេ តែចង់ឱ្យមនសិការ​របស់​​​ខ្លួន​​​​​​ណែនាំ​​​គេឱ្យបំពេញភារកិច្ចរបស់​​​ខ្លួនតែម្តង។ គេក៏សូមឱ្យមានច្បាប់ដែលកំណត់​ព្រំដែន​រដ្ឋអំណាច ​​​កុំឱ្យ​​​រដ្ឋ​​​អំណាច​​​​​​​​​នេះហាមយ៉ាងតឹង​​​តែង​​​​​​ពេក មិនឱ្យបុគ្គលម្នាក់ៗ និងសមាគមនានា​​​ប្រើសេរីភាពដ៏ពេញលេញ​​​របស់ខ្លួន​​​ក្នុង​​​​​​​​​វិស័យ​​​​​​មួយចំនួន។ មនុស្ស​​​ទាមទារ​​​សេរីភាពក្នុងសង្គម ជា​ពិសេស ចំពោះ​អ្វីៗដែលពាក់ព័ន្ធនឹងវិញ្ញាណ មាន​​​សេរីភាព​​​​​​​​​ប្រតិបត្តិ​​​តាម​​​សាសនាក្នុង​សង្គមជាដើម។

មហាសន្និបាតវ៉ាទីកង់យើងនេះ យកចិត្តទុកដាក់ទទួលស្គាល់សេចក្ដីប៉ងប្រាថ្នាទាំងនោះ ទាំងពិនិត្យ​ពិច័យ​ការ​​​បញ្ជូន​​​​បន្ត​​​​​​​ដ៏សក្ការៈ និងពិនិត្យពិច័យលទ្ធិដ៏វិសុទ្ធរបស់ព្រះសហគមន៍។ ការបញ្ជូន​​​​បន្ត​​​​​​​ និងលទ្ធិនោះជាប្រភព​​​សម្រាប់​​​បង្រៀន​សេចក្តីថ្មីដែល​​​ត្រូវ​​​តាម​​​​​​សេចក្តីចាស់ជានិច្ច។ មហាសន្និបាតមានគោល​បំណងប្រកាសថា សេចក្ដីប៉ង​​​ប្រាថ្នា​​​ទាំងនោះ​​​ត្រូវ​​​តាម​​​សេចក្ដីពិត ​​​និងតាមយុត្តិធម៌ដែរ។

ហេតុនេះហើយ ​បានជាមុនដំបូងមហាសន្និបាតប្រកាសថា ​ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន​​​សម្តែងឱ្យ​​​មនុស្ស​​​​​​ជាតិ​ស្គាល់មាគ៌ាដែលណែនាំឱ្យគេអាចទទួលការសង្រោ្គះក្នុងអង្គព្រះគ្រីស្តបាន ​និងអាចទៅដល់សុភមង្គល​​​បានដោយបម្រើ​​​ព្រះ​អង្គ។ យើងជឿថា សាសនាដ៏ពិតប្រាកដតែមួយគត់នេះស្ថិតនៅក្នុងព្រះ​​​សហគមន៍​​​កាតូលិក​​​ ដែលកាន់តាមជំនឿរបស់ក្រុមគ្រីស្តទូតជាគ្រឹះ។ ព្រះយេស៊ូបានផ្ញើ​បន្ទុកឱ្យក្រុមគ្រីស្តទូតផ្សព្វផ្សាយសាសនានេះ​​​ឱ្យមនុស្ស​​​លោក​​​ទាំងអស់ស្គាល់ ដោយមានព្រះបន្ទូល​ប្រាប់គេថា៖ «ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឱ្យ​ធ្វើជា​​​សាវ័ក‌ ហើយធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យ​គេ​មានទំនាក់ទំនងជាមួយព្រះ​បិតា ព្រះ​បុត្រា និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ។ ត្រូវ​បង្រៀន​គេ​ឱ្យ​ប្រតិ​បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា» (មថ ២៨,១៩-២០)។ ម៉្យាងទៀត​ មនុស្សទាំង​​​អស់ត្រូវតែស្វែងរកសេចក្ដី​ពិត ជាពិសេស សេចក្ដីពិតអំពីព្រះជាម្ចាស់ និងអំពីព្រះសហគមន៍របស់ព្រះអង្គ។ ​លុះមនុស្សស្គាល់​សេចក្ដីពិតនេះ​រួចហើយ គេត្រូវតែទទួល និងកាន់សាសនានេះដោយចិត្តស្មោះ។

តាមរបៀបដដែលមហាសន្និបាតដ៏វិសុទ្ធប្រ​​​កាសថា មនុស្សត្រូវបំពេញការងារទាំងពីរនោះ តាម​​​មនសិការ​​​​​​​​​របស់ខ្លួន តែសេចក្ដីពិតបង្ខំចិត្តគេ ដោយសារតែកម្លាំងនៃសេចក្ដីពិតនេះផ្ទាល់ ​ដែលចូលជ្រាបក្នុង​​​វិញ្ញាណ​​​បែប​​​ទន់ភ្លន់ផ្អែមល្អែម។ មនុស្សទាមទារ​សិទ្ធិ​សេរីភាព​ខាង​សាសនានេះ ដើម្បីឱ្យគេអាចបំពេញ​ការងារ​​​របស់ខ្លួន​​​បាន គឺឱ្យគេអាចគោរពបម្រើព្រះជាម្ចាស់ ដោយ​សង្គមស៊ីវិលមិនបង្ខំគេ​​​តាមបែបណាឡើយ។ ដូច្នេះ​ សិទ្ធិសេរីភាព​​​នេះ មិនទាស់នឹងលទ្ធិជំនឿកាតូលិក​តាំងពីដើមរៀងមក ស្តីអំពីភារកិច្ចខាងវិញ្ញាណរបស់មនុស្ស និងរបស់សហគមន៍​​​​នានាចំពោះសាសនាដ៏ពិតប្រាកដ និងចំពោះ​ព្រះ​សហគមន៍តែមួយគត់របស់ព្រះគ្រីស្ត។ លើសពីនេះទៅទៀត ដោយរិះគិតវែកញែកអំពីសេរីភាពខាងសាសនានេះ មហាសន្និបាតដ៏វិសុទ្ធ​មានបំណងចង់លាតត្រដាង​លទ្ធិ​របស់​​អភិបាលព្រះសហគមន៍ក្រុងរ៉ូមថ្មីៗនានា អំពីសិទ្ធិបុគ្គលម្នាក់ៗដែលគ្មាននរណាអាចរំលោភបាន និងអំពីរបៀបរៀបរយនៃសង្គមតាមច្បាប់ គឺអំពីនិតិរដ្ឋ។

១- លទ្ធិទូទៅអំពីសេរីភាពខាងសាសនា

២- គ្រឹះនៃសេរីភាពខាងសាសនា

មហាសន្និបាតវ៉ាទីកង់ប្រកាសថា ​បុគ្គលម្នាក់ៗមានសិទ្ធិសេរីភាពខាងសាសនា។ ​សិទ្ធិសេរីភាពនេះមានន័យថា គ្មានបុគ្គលមួយណា ឬក្រុម​ផ្សេងៗ​ក្នុង​សង្គម ឬអំណាចរបស់មនុស្សលោកណាមានសិទ្ធិ​​​គាបសង្កត់មនុស្ស​​​ទាំង​​​​​​អស់​​​ ទោះជាតាម​របៀបណាក៏ដោយ។ ហេតុនេះ អំពីរឿងសាសនាមិនត្រូវបង្ខំនរណា​ម្នាក់ឱ្យប្រព្រឹត្តផ្ទុយ​​​នឹង​​​មន​​​សិការ​​​​​​របស់​​​ខ្លួន ហើយក៏មិនត្រូវឃាត់គេមិនឱ្យប្រព្រឹត្តតាមមនសិការ​របស់ខ្លួនបានដែរ ទាំងនៅកន្លែង​​​ឯកជន ទាំង​​​​​​នៅ​​​កន្លែង​​​​​​សាធារណៈក្ដី ទាំងម្នាក់ឯង ទាំងរួម​ជា​មួយអ្នកដទៃក្ដី។ ប៉ុន្តែ​​​ គេត្រូវប្រព្រឹត្តតាមព្រំដែនដ៏​​​ត្រឹម​​​ត្រូវ។ មហា​​​សន្និបាត​​​ប្រកាសទៀតថា សិទ្ធិសេរីភាពខាងសាសនាចាក់គ្រឹះនៅលើ​កិត្តិយស​ដ៏ថ្លៃថ្នូររបស់មនុស្ស​​​ម្នាក់ៗ​​​ តាម​​​តែ​​​ព្រះ​​​បន្ទូលរបស់ព្រះជាម្ចាស់ ​និងប្រាជ្ញារបស់មនុស្សបានសម្តែងឱ្យ​ស្គាល់​នោះ។ ត្រូវទទួលស្គាល់​​​សិទ្ធិ​​​សេរីភាព​​​ខាង​​​សាសនា​​​របស់បុគ្គលម្នាក់ៗតាមក្បួនច្បាប់ ដើម្បីឱ្យទៅជាសិទ្ធិក្នុងសង្គមទៀតដែរ។

ដោយមនុស្សទាំងអស់​​​មាន​​​កិត្តិយស​​​ដ៏ថ្លៃថ្នូរ ម្នាក់ៗសុទ្ធតែជាបុគ្គលប្រកបដោយប្រាជ្ញា​ និងឆន្ទៈ​សេរី ហើយ​​​ក៏​​​អាច​​​ទទួលខុសត្រូវដោយខ្លួនឯងបានដែរ។​​​ ហេតុនេះ តាមលក្ខណៈរបស់ខ្លួនជាមនុស្ស បុគ្គលម្នាក់ៗមាន​​​​ភារកិច្ច​​​​​​ខា​​​ង​​​វិញ្ញាណ គឺត្រូវស្វែង​​​រក​​​សេចក្ដីពិត ជាពិសេសស្វែង​​​រក​​​សេចក្ដីពិតដែលពាក់ព័ន្ធនឹងសាសនា។ ពេល​​​គេ​ស្គាល់​សេចក្ដី​​​ពិត គេក៏ត្រូវតែភ្ជាប់ចិត្តនឹងសេចក្ដីពិត​​នោះ ហើយ​​​ក៏ត្រូវចាត់ចែងការរស់នៅរបស់ខ្លួន​​​តាម​​​សេចក្ដី​​​​​​ពិត​​​​​​​​​នោះទាមទារ​​​ឱ្យ​​​គេ​ប្រព្រឹត្តទៀតផង។ ប៉ុន្តែ មនុស្ស​អាច​​​បំពេញ​​​ភារកិច្ចនេះតាមលក្ខណៈរបស់ខ្លួន​​​ជា​​​មនុស្ស​​​បាន លុះត្រាតែ​​​គេ​​​មាន​​​សេរីភាពខាងចិត្តគំនិត និងរួចផុតពីការគាបសង្កត់គ្រប់យ៉ាងពីខាងក្រៅខ្លួនដែរ។ ហេតុនេះ​​​ហើយ បានជា​​​សិទ្ធិសេរីភាពខាងសាសនាមិនសំអាងទៅលើ​ការ​ចូលចិត្តរបស់បុគ្គល​ផ្ទាល់ទេ តែសំអាង​​​ទៅលើ​​​​លក្ខណៈ​​​​​​​​​​ដ៏ថ្លៃថ្នូររបស់មនុស្សតែម្តង។ ហេតុនេះ ​សិទ្ធិសេរីភាពស្ថិតនៅក្នុងមនុស្សទាំងអស់​​​ដែលទាមទារឱ្យមនុស្ស​​​រួច​​​ផុតពីការគាបសង្កត់គ្រប់​​​បែប​​​យ៉ាង។ សិទ្ធិសេរីភាពនោះស្ថិតនៅក្នុងគេ ទោះបីគេមិន​អនុវត្តតាម​ភារកិច្ចសែ្វង​​​រក​​​​​​សេ​​​ចក្ដីពិត និងមិនភ្ជាប់ចិត្ត​​​នឹង​​សេចក្តី​​​ពិតនោះក៏ដោយ។ ប្រសិនបើ​មានរបៀបរៀបរយ​ដ៏ត្រឹម​​​ត្រូវ​​​ក្នុង​​​​​​សង្គម គ្មាន​​​នរ​​​ណាអាចរារាំងសិទ្ធិសេរីភាព​​​នោះបាន​​​ឡើយ។

៣- សិទ្ធិសេរីភាពខាងសាសនា និងទំនាក់ទំនងរបស់មនុស្សនឹងព្រះជាម្ចាស់

ប្រសិនបើយើងយល់ឃើញថា ធម៌របស់ព្រះជាម្ចាស់ពិតជាក្បួនវិន័យដ៏ខ្ពង់ខ្ពស់បំផុត ​ដែល​ណែនាំការ​​​រស់​​​នៅរបស់មនុស្សលោក សេចក្ដីទាំងនេះក៏រឹតតែច្បាស់ទៅទៀត ព្រោះធម្មវិន័យរបស់ព្រះអង្គនេះ ​ជាធម៌ដែល​​​នៅ​​​ស្ថិត​​​ស្ថេរ​​​​​អស់​​​កល្ប​​​ជានិច្ច ជាធម៌ពិតប្រាកដដែលទ្រទ្រង់សត្វលោកទាំងឡាយ ហើយក៏ជាធម៌សកលទៀតផង។ ព្រះ​​​​​​ជាម្ចាស់​ចាត់ចែង ណែ​នាំ និងគ្រប់គ្រងពិភពលោកទាំងមូល និងប្រវត្តិសាស្រ្តរបស់សហគមន៍​មនុស្សក៏​​​ដោយ​​​សារធម៌នោះដែរ​​​ ស្រប​​​តាម​គម្រោងការ​ប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះហឫទ័យមេត្តាករុណារបស់​ព្រះ​​​អង្គ​​​។ ​​​​​ព្រះជាម្ចាស់​​​ប្រោស​​​​​​​​​ឱ្យមនុស្ស​ទទួលចំណែកក្នុងការទ្រទ្រង់អ្វីៗទាំងអស់តាមធម៌នេះ ជាធម៌របស់​​​ព្រះអង្គ​​​ផ្ទាល់។ ហេតុនេះ បាន​​​ជា​​​​​​មនុស្ស​​​​​​​​​​អាចទៅដល់សេចក្ដី​​​ពិត​​​​​​កាន់តែច្បាស់ឡើងៗ ជាសេចក្តីពិតដែល​​​មិនប្រែ​​​ប្រួល​​​​​ឡើយ។​​​ ​ព្រះអង្គ​​​ដែល​​​ថែរក្សា​​​ណែ​​​នាំ​​​មនុស្ស​​​លោកដោយព្រះហឫទ័យ​ស្រឡាញ់ ចាត់ចែងដូច្នេះ។ ហេតុនេះហើយ បានជាមនុស្សម្នាក់ៗ​មាន​​​ភារកិច្ច​ ហើយក៏មានសិទ្ធិនឹង​​​ស្វែងរក​​​សេចក្ដី​​​ពិ​​​តខាងសាសនាដែរ ដើម្បីឱ្យគេ​អាចវិនិច្ឆ័យ​តាមមនសិការ​​​ទៀង​​​ត្រង់ និង​​​ពិត​​​ប្រាកដដោយប្រុងប្រយ័ត្ន ដោយប្រើ​មធ្យោបាយ​យ៉ាងសមគួរ។

ប៉ុន្តែ មនុស្សត្រូវស្វែងរកសេចក្ដីពិត ស្របតាមតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ និងស្របតាម​លក្ខណៈ​របស់​​​ខ្លួន​​​​​​​ជា​​​អ្នក​រស់នៅក្នុងសង្គមដែរ គឺថា ឱ្យគេស្វែងរកសេចក្ដីពិតដោយសេរី ដោយទទួល​ការ​បង្រៀន និងការអប់រំដោយ​​​ចែក​យោបល់ និងដោយនិយាយសន្ទនា​ជាមួយអ្នកដទៃ​។ មួយក្រុមរៀបរាប់​ដល់ក្រុម​ឯទៀត​ៗអំពីសេចក្ដីពិត​​​ដែល​​​គេ​​​បាន​​​រក​ឃើញរួចហើយ ឬដែលគេស្មាន​ថា បានរក​ឃើញហើយនោះ ដើម្បីជួយគ្នាទៅវិញទៅ​មក​ក្នុង​​​ការ​​​ស្វែងរក​​​សេចក្ដី​​​ពិ​​​តនោះ។ ពេលគេ​​​រក​​​ឃើញសេចក្ដីពិត​រួចហើយ គេត្រូវភ្ជាប់ចិត្តនឹងសេចក្ដីពិតនោះ​យ៉ាងមាំដោយ​​​ខ្លួនឯង​​​ផ្ទាល់។

ដោយសារមនសិការ​របស់​ខ្លួន មនុស្សដឹង ហើយទទួលស្គាល់សេចក្តីដែលធម្មវិន័យរបស់ព្រះ​​​ជាម្ចាស់បាន​​​បញ្ជា​​​​​​។ គេ​ក៏ត្រូវស្តាប់តាមមនសិការនេះយ៉ាងស្មោះ ក្នុងគ្រប់កិច្ចការដែលខ្លួនប្រព្រឹត្ត ដើម្បីឈានទៅដល់​ទិស​​​ដៅ​​​នៃ​​​​ជីវិត​របស់ខ្លួន គឺឈានទៅព្រះជាម្ចាស់តែម្តង។ ហេតុនេះហើយ មិនត្រូវបង្ខំមនុស្ស​​​ឱ្យប្រព្រឹត្ត​​​ខុសនឹង​​​មនសិការ​​​រ​​​បស់​​​ខ្លួន​​​ឡើយ។ ប៉ុន្តែ ក៏មិនត្រូវឃាត់ឃាំងបង្ខំគេមិនឱ្យប្រព្រឹត្តតាម​មនសិការ​របស់ខ្លួននោះដែរ ជាពិសេស អំពីរឿង​​​សាសនា។ ​តាមលក្ខណៈសាសនា អ្នកកាន់សាសនាតែង​តែប្រព្រឹត្ត​​កិច្ច​ការនៅក្នុងចិត្តគំនិតជាដើម ជាកិច្ចការ​​​ដែល​​​ខ្លួន​​​​​​​​​ប្រាថ្នា​​​​​​ចង់​​​​​​ប្រព្រឹត្ត​​​​​​ដោយសេរី ​ជាកិច្ចការដែលណែនាំគេឱ្យតម្រង់ខ្លួនបែរ​ទៅរក​ព្រះជាម្ចាស់។ អំណាចមនុស្សលោក​​​សុទ្ធ​​​សាធ មិន​​​អាច​​​បង្ខំឱ្យធ្វើ ឬឃាត់មិនឱ្យ​ធ្វើអ្វីខាងសាសនាបានឡើយ។ ប៉ុន្តែ ​ដោយមនុស្ស​​​មានលក្ខណៈ​​​ជាអ្នក​​​រស់​​​នៅក្នុង​​​សង្គម គេត្រូវបង្ហាញកិច្ចការខាងសាសនាដែលខ្លួនប្រព្រឹត្តនៅខាងក្នុង​ចិត្តគំនិតទាំងនោះ ឱ្យអ្នកដទៃ​​​មើល​ឃើញ​​​​​​​​​នៅខាង​ក្រៅ​ដែរ។ ​តាមលក្ខណៈជាអ្នករស់នៅក្នុងសង្គមដដែលនេះ មនុស្សមានសិទ្ធិអាច​ផ្លាស់ប្តូរ​​​យោបល់​​​​​​ជាមួយអ្នក​​​ដទៃអំពី​​​សាសនា​​​បាន និងឱ្យប្រកាស​សាសនារបស់ខ្លួនតាមរបៀបជាសហគមន៍ផងដែរ។

ហេតុនេះហើយ បានជាអ្នកណា ឬរដ្ឋអំណាច​ណា​​​ដែលបដិសេធមិនព្រមឱ្យមនុស្សកាន់សាសនារបស់​ខ្លួន​ដោយ​​​​​​​​​​​​​​​សេរី​នៅក្នុងសង្គម អ្នកនោះ ឬរដ្ឋអំណាចនោះប្រមាថ​​​​​​មើល​​ងាយ​លក្ខណៈរបស់​​​មនុស្ស និងមើលងាយ​​​របៀប​​​​រៀប​​​រយ​​​ដែល​​​ព្រះ​​​ជា​​​ម្ចាស់​​​បានតែងតាំងសម្រាប់មនុស្សលោកទាំងអស់។ ប៉ុន្តែ អ្នកកាន់សាសនាត្រូវតែរក្សា​ទុក​​​សណ្តាប់ធ្នាប់សាធារណៈដ៏​​​ត្រឹម​​ត្រូវ។

លើសពីនេះទៅទៀត តាមលក្ខណៈកិច្ចការខាងសាសនា កិច្ច​ការទាំងនោះហួសពីលោកីយ៍នេះ ដែល​តែងតែ​​​កន្លង​​​​​​ផុត​​​ទៅតាមកាលៈទេសៈ។ ពេលមនុស្សប្រព្រឹត្តកិច្ចការទាំងនោះ ​ទោះម្នាក់​​​ឯ​​​ងក្ដី ឬយ៉ាង​សាធារណៈក្ដី គេក៏​​​សម្រេចចិត្តដោយខ្លួនឯង តម្រង់​​​ខ្លួន​​​បែរ​​​ទៅរ​​​កព្រះជាម្ចាស់។ រីឯរដ្ឋអំណាចវិញ ​មានទិសដៅគិតគូរដល់​ប្រយោជន៍រួមក្នុងលោកនេះ។ ហេតុនេះហើយ បានជា​រដ្ឋ​អំណាច​ពិតជាត្រូវទទួលស្គាល់ការរស់នៅរបស់​​​ប្រជា​​​ពលរដ្ឋ​​​​​​​ខាង​​​ផ្លូវសាសនា និងត្រូវគាំទ្រការរស់នៅខាង​សាសនានោះទៀតផងដែរ។ ប៉ុន្តែ ប្រសិនបើ​​​រដ្ឋអំណាច​​​លួចយកសិទ្ធិណែនាំ​ ឬឃាត់មនុស្សមិនឱ្យប្រព្រឹត្ត​កិច្ចការខាង​សាសនា យើងត្រូវនិយាយថា រដ្ឋអំណាចប្រព្រឹត្តហួសពី​​​ព្រំដែន​​​​​​របស់ខ្លួនហើយ។

៤- សេរីភាពក្រុមអ្នកកាន់សាសនាផ្សេងៗ

បុគ្គលម្នាក់ៗមានសេរីភាព និងឯកសិទ្ធិមិនឱ្យគេបង្ខិតបង្ខំក្នុងរឿងសាសនា។ ក៏ប៉ុន្តែ​​​ ត្រូវទទួលស្គាល់​សិទ្ធិសេរីភាព និងឯកសិទ្ធិនោះនៅពេលមនុស្សរួមគ្នា​ប្រព្រឹត្តកិច្ចការខាងសាសនាដែរ។ ដោយលក្ខណៈរបស់​មនុស្ស​​​ជាអ្នករស់នៅ​ក្នុងសង្គម ហើយដោយលក្ខណៈសាសនាផ្ទាល់ជាកិច្ចការខាងសង្គមដែរ ត្រូវតែមាន​ក្រុម​​​របស់អ្នក​​​កាន់​​​​​​សាសនា​​​ផ្សេងៗដែរ។

ក្រុមទាំងនោះមានឯកសិទ្ធិមិនត្រូវឱ្យគេបង្ខិតបង្ខំ គឺមានសិទ្ធិអាចចាត់ចែងខ្លួន​​​ឯងតាមវិន័យ​​​របស់គេផ្ទាល់ ​ឱ្យ​​​គោរព​​​ថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់ជាសាធារណៈ ឱ្យជួយសមាជិករបស់ខ្លួនប្រព្រឹត្តតាមសាសនានោះ ​ព្រមទាំង​​​ឱ្យ​​​អប់រំ​​​ និង​​​​​​បង្រៀនគេ។ ក្រុមទាំងនោះក៏មានសិទ្ធិលើកស្ទួយស្ថាប័នសម្រាប់ឱ្យសមាជិកគេសហការគ្នា តម្រែ​​​តម្រង់​​​​​​ការ​​​រស់​​​នៅរបស់ខ្លួនតាមគោល​​​ការណ៍ខាងសាសនារបស់គេទៀតផង។ ប៉ុន្តែ ក្រុមកាន់សាសនាទាំងនោះ មិន​ត្រូវ​​​រំលោភ​​​សេចក្ដីទាម​​​ទារដ៏ត្រឹមត្រូវ ដែលណែនាំឱ្យមានសណ្ឋាប់ធ្នាប់សាធារណៈក្នុងសង្គមឡើយ។

ក្រុមអ្នកកាន់សាសនាទាំងនោះក៏មានសិទ្ធិជ្រើសរើសអ្នកបំពេញមុខងារបម្រើក្រុមរបស់គេ ​មាន​​​សិទ្ធិ​​​អប់រំ​​​អ្នក​​​​​​ទាំង​​​នោះ មានសិទ្ធិចាត់ចែងគេឱ្យបំពេញមុខងារផ្សេងៗ និងផ្លាស់ប្តូរកន្លែងអ្នកទាំងនោះធ្វើការ។ អ្នកទាំងនោះ​​​ក៏​​​មាន​​​សិទ្ធិ​ទាក់ទង​​​ជាមួយមេដឹកនាំ ​ឬជាមួយសហគមន៍​សាសនានៅក្រៅប្រទេស និងមានសិទ្ធិសាងសង់​​​គេហដ្ឋាន​​​​​​​​​សាសនា ព្រមទាំងមាន​សិទ្ធិ​​​កាន់​​​កាប់​​កម្មសិទ្ធិ និងត្រួតត្រាទ្រព្យសម្បត្តិដែលគេត្រូវការទៀតដែរ។ ក្នុង​​​ករណី​​​ទាំង​​​​នោះ រដ្ឋអំណាចគ្មាន​សិទ្ធិ​ឃាត់ក្រុម​​​អ្នកកាន់សាសនា ដោយបញ្ចេញច្បាប់ ឬដោយប្រើវិធីតាម​​​រដ្ឋការ​​​ណា​​​ឡើយ។

ក្រុមអ្នកកាន់សាសនាទាំងនោះក៏មានសិទ្ធិបង្រៀន ឬសម្តែងជំនឿរបស់គេជាសាធារណៈ ​ដោយប្រើសម្លេង ឬ​​​ដោយ​​​ចែកសំណេរជាលាយលក្ខណ៍អក្សរ។ រដ្ឋអំណាចគ្មានសិទ្ធិឃាត់គេឡើយ។ ប៉ុន្តែ នៅពេលក្រុមអ្នកកាន់​សាសនា​​​ទាំងនោះផ្សព្វផ្សាយជំនឿរបស់ខ្លួនជាសាធារណៈ ឬនៅពេលគេនាំប្រជាជនឱ្យ​​ប្រតិបត្តិតាមសាសនា​​​របស់​​​ខ្លួន ក្រុម​​​​​​អ្នកកាន់សាសនាទាំងនោះត្រូវប្រយ័ត្នជានិច្ច កុំបង្ខំប្រជាជន ឬបញ្ចុះបញ្ចូល​គេ​បែបមិន​​សមរម្យ ឬ​​​ដោយប្រើ​​​វិធី​​​មិន​​​សូវ​​​ស្មោះត្រង់នោះឡើយ ជាពិសេស ពេលក្រុមអ្នកកាន់សាសនាទាំងនោះ​​​ផ្សព្វ​​​ផ្សាយ​​​​ជំនឿ​ដល់​​​អ្នក​​​ដែល​​​មាន​​​វប្បធម៌​​​ទាប និងដល់អ្នកក្រីក្រ។ ត្រូវយល់ថា អ្នកផ្សព្វផ្សាយជំនឿតាមរបៀបនេះ គឺប្រព្រឹត្តកិច្ចការហួសពី​​​សិទ្ធិ​​​សេរីភាព​​​របស់ខ្លួន ហើយក៏​​​បំពានសិទ្ធិសេរីភាពរបស់អ្នកដទៃទៀតផង។

លើសពីនេះទៅទៀត តាមសិទ្ធិសេរីភាពខាងសាសនា មិនត្រូវ​​​ឃាត់ក្រុមអ្នកកាន់សាសនានានាមិនឱ្យបង្ហាញដោយសេរី នូវអានុភាពពិសេសនៃលទ្ធិជំនឿ​​​របស់​​​គេ ក្នុងកិច្ចចាត់ចែងសង្គមឱ្យមានរបៀបរៀបរយ និង​​​​​​អាច​​​ធ្វើឱ្យ​​​សកម្មភាព​​​ទាំង​​​​មូលរបស់មនុស្សលោក​មាន​ជីវិតរស់រវើកដែរ។ ដោយមនុស្សមានលក្ខណៈជាអ្នក​​​រស់នៅ​​​ក្នុង​​​សង្គម និងដោយមានលក្ខណៈផ្ទាល់របស់សាសនា ​មនុស្សដែលមានមនោសញ្ចេតនាស្រឡាញ់សាសនា ​ក៏មាន​​​សិទ្ធិជួបជុំគ្នាដោយសេរី ​និងតែងតាំងសមាគមអប់រំ តែងតាំងសមាគមវប្បធម៌ សមាគមមេត្តាករុណា និង​​​សមាគម​​​សង្គមកិច្ច​​​ទៀតផង។

៥- សេរីភាពសាសនា និងក្រុមគ្រួសារ

ក្រុមគ្រួសារនីមួយៗ ក្នុងឋានៈជាសង្គមតូចមួយដែលមានសិទ្ធិផ្ទាល់ ជាគ្រឹះនៃសង្គមមុនគេ ​ក៏មាន​​​សិទ្ធិ​​​ចាត់​​​​​​ចែងការរស់នៅរបស់ខ្លួនខាងសាសនា ក្រោមការដឹកនាំរបស់ឪពុកម្តាយ។ ​មាតាបិតាមាន​​​សិទ្ធិសម្រេច​​​អប់រំ​​​កូនៗ​​​តាមជំនឿរបស់ខ្លួន។ ​ហេតុនេះហើយ បានជារដ្ឋអំណាចត្រូវទទួលស្គាល់សិទ្ធិរបស់​គាត់ឱ្យជ្រើសរើស​​​សាលា​​​រៀន ឬមធ្យោបាយអប់រំផ្សេងៗទៀតដោយមានសេរីភាពពេញទី។ រដ្ឋអំណាចមិនត្រូវយក​សេរីភាព​​​ក្នុងការ​​​ជ្រើស​​​​រើសនេះ ធ្វើជា​​​លេស ដើម្បីដាក់បន្ទុកចំៗដោយអយុត្តិធម៌ ឬដោយបញ្ឆិតបញ្ឆៀងលើ​មាតាបិតា។ ប្រសិនបើមានគេបង្ខំឱ្យ​កូន​ៗ​​រៀន​​​មេរៀនដែលទាស់នឹងជំនឿរបស់ឪពុកម្តាយ ឬប្រសិនបើមាន​គេ​បង្ខំឱ្យអប់រំកូនដោយ​គ្មាន​​​ការ​​​អប់រំអំពី​​​សាសនា​​​ទាល់តែសោះ​ ពេលនោះគេពិតជារំលោភ​សិទ្ធិរបស់​ឪពុកម្តាយមែន។

៦- ត្រូវមានទំនួលខុសត្រូវលើសិទ្ធិសេរីភាពខាងសាសនា

ប្រយោជន៍រួមមានន័យថា គ្រប់សភាពការណ៍ជីវភាពក្នុងសង្គមដែលណែនាំឱ្យម្នាក់ៗអាចទៅជាមនុស្ស​​​ពេញ​​​​លក្ខណៈ​យ៉ាងស្រួល និងយ៉ាងពេញលេញ។ ជាបឋម ប្រយោជន៍រួមមានន័យ​ថា ការរក្សាទុកនូវសិទ្ធិ និងភារកិច្ច​​​របស់បុគ្គលម្នាក់ៗ។ ទាំងប្រជាពលរដ្ឋ ទាំងក្រុមក្នុងសង្គម ទាំងរដ្ឋអំណាច ទាំងព្រះសហគមន៍ ​និង​​​សហគមន៍​​​សាសនា​​​​​​ឯ​​​ទៀតៗត្រូវយកចិត្តទុកដាក់រក្សាទុកសេរីភាពខាងសាសនា តាមរបៀបរៀងៗខ្លួន ​ស្រេចតែ​​​ភារកិច្ច​​​របស់ខ្លួន​​​ចំពោះ​​​ប្រយោជន៍រួមនោះ។

គ្រប់រដ្ឋអំណាចមានភារកិច្ចចម្បងការពារ និងលើកស្ទួយសិទ្ធិមនុស្សដែលមិនអាចរំលោភបាន។ ហេតុ​​​នេះហើយ បានជារដ្ឋអំណាចត្រូវបង្កើតច្បាប់ដ៏ត្រឹមត្រូវ និងតែងតាំងមធ្យោបាយផ្សេងៗទៀតសមស្របតាម​សភាពការណ៍ ដើម្បីទទួលស្គាល់សិទ្ធិសេរីភាពខាងសាសនា​​​របស់ប្រជាពលរដ្ឋទាំងអស់យ៉ាងស័ក្ដិសិទ្ធ និងដើម្បី​​​បង្កើត​​​​​​​​​​​​សភាពការណ៍ដែលផ្តល់ឱ្យការរស់​​​នៅ​​​តាម​​​​​​សាសនា អាចលូតលាស់ចម្រើនឡើងបានដែរ។ ដូច្នេះ ប្រជាពល​​​រដ្ឋ​​​អាចប្រើសិទ្ធិរបស់​​​ខ្លួនបានយ៉ាង​​​​​​ពេញលេញ ​ហើយក៏អាចបំពេញភារកិច្ចរបស់ខ្លួនខាងសាសនាដែរ។ ម៉្លោះ​​​ហើយ សង្គម​​​មុខជានឹងទទួ​​​លផលនៃ​​​យុត្តិធម៌ និងសន្តិភាពដែលកើតមកពីមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងចំពោះ​​​ព្រះ​​​ហឫទ័យដ៏វិសុទ្ធ​​​របស់ព្រះ​​​អង្គ​​​ផង។

ប្រសិនបើប្រជាជនរស់នៅតាមសភាពការណ៍ដោយឡែក រដ្ឋអំណាចទទួលស្គាល់​សហគមន៍​សាសនាតែ​មួយ​​​យ៉ាង​ពិសេសតាមច្បាប់ នៅពេលជាមួយគ្នានេះ រដ្ឋអំណាចក៏ត្រូវ​ទទួល​ស្គាល់ និងគោរព​សិទ្ធិ​សេរីភាពខាង​​​សាសនា​​​​​​របស់ប្រជាពលរដ្ឋទាំងអស់ និងរបស់គ្រប់សហគមន៍សាសនាផងដែរ។

មិនតែប៉ុណ្ណោះសោត រដ្ឋអំណាចត្រូវយកចិត្តទុកដាក់ឱ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាតាមច្បាប់។ ​សិទ្ធិ​​​ស្មើគ្នា​​​នេះពាក់ព័ន្ធមកពីប្រយោជន៍រួមរបស់សង្គម។ រដ្ឋអំណាចត្រូវប្រយ័ត្នមិនឱ្យគេរំលោភសិទ្ធិស្មើគ្នានេះ ​ដោយ​​​មូលហេតុសាសនា​​​​​​ជាដាច់ខាត​​​ ទោះបីយ៉ាងច្បាស់ក្តី ឬយ៉ាងលាក់កំបាំងក្ដី កុំឱ្យរើសមុខ​​​ប្រជាពលរដ្ឋណាឡើយ​​​។ ហេតុ​​​នេះ​​​ហើយ បានជារដ្ឋអំណាចគ្មានសិទ្ធិប្រើកម្លាំង ឬគំរាមកំហែង ​ឬប្រើមធ្យោបាយផ្សេងៗទៀត ​ដើម្បីបង្ខំ​​​ប្រជាពលរដ្ឋឱ្យកាន់សាសនាណាមួយ ឬហាមមិនឱ្យកាន់សាសនាណាមួយជាដាច់ខាត។ កុំឃាត់មនុស្សម្នាក់មិន​​​ឱ្យចូលសាសនាណា​​​មួយ ឬចោលសហគមន៍សាសនាណាមួយឱ្យសោះ។ អ្នក​ប្រើកម្លាំង​​​ដើម្បីបំផ្លាញសា​​​សនា​​​ណា​​​មួយ ឬរារាំង​ដំណើរ​នៃសាសនាណាមួយ ក្នុងមនុស្ស​ជាតិទាំងមូល​​​ក្ដី​​​ ក្នុងតំបន់ណាមួយក្ដី ឬក្នុង​​​ក្រុម​​​ណា​​​មួយ​​​ក្តី​​​ តាមរបៀបណាក៏ដោយ ក៏អ្នកនោះ​​​​​​ច្បាស់ជាប្រព្រឹត្តប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងសិទ្ធិដ៏​​​សក្ការៈ​​​របស់មនុស្សម្នាក់ៗ និង​​​របស់ក្រុ​​​ម​​​គ្រួសារ​​​ប្រជាជាតិទាំងមូលយ៉ាងប្រាកដមែន។

៧- សេរីភាពសាសនាមានព្រំដែន

មនុស្សតែងតែប្រើសិទ្ធិសេរីភាពខាងសាសនានៅក្នុងសង្គម។ ហេតុនេះហើយ បានជាត្រូវប្រើសិទ្ធិសេរី​​​ភាព​​​​​​ខាង​​​សាសនានោះ ​តាមសេចក្តីណែនាំខ្លះដែលកំណត់ព្រំដែនសិទ្ធសេរីភាពនោះ។ មនុស្សត្រូវប្រើសិទ្ធិសេរីភាព​​​គ្រប់​​​យ៉ាង ដោយអនុវត្តតាមគោលការណ៍ខាងសីលធម៌មួយ​​​ គឺថា មនុស្សម្នាក់ៗ និងសង្គមត្រូវ​​​ទទួល​​​ការខុស​​​ត្រូវ​​​។ ​វិន័យសីលធម៌បញ្ជាឱ្យមនុស្សគ្រប់ៗរូប និងគ្រប់​ក្រុមក្នុង​សង្គមប្រើសិទ្ធិរបស់ខ្លួន ​ដោយនឹកគិតដល់​សិទ្ធិ​របស់​​​អ្នក​​​ដទៃ និងដោយនឹកគិតដល់ភារកិច្ចរបស់ខ្លួន​ចំពោះអ្នកដទៃ ​និងចំពោះប្រយោជន៍រួមរបស់មនុស្សទាំងអស់។ ត្រូវ​​​ប្រព្រឹត្តចំពោះមនុស្សទាំងអស់តាម​យុត្តិធម៌ និងតាមមនុស្សធម៌ទៀតផង។

លើសពីនេះទៅទៀត សង្គមស៊ីវិលមានសិទ្ធិការពារខ្លួនមិនឱ្យរងគ្រោះដោយមានគេ​​​យកសេរីភាព​​​ខាង​​​​សាសនា​​​​​​​​​​​​​​​​​​ធ្វើជា​​​​​​លេស​​​មកបំពានលើសិទ្ធិសង្គម។ រដ្ឋអំណាចមានភារកិច្ចការពារសង្គមមុនគេបង្អស់​ តែរដ្ឋអំណាច​​​មិនត្រូវ​​​ការរពារសិទ្ធិសង្គមនោះដោយប្រើអំណាចតាមចិត្ត ឬដោយយោគយល់បែបអយុត្តិធម៌ដល់ក្រុមមួយនោះទេ តែត្រូវ​ប្រើ​ក្បួន​​​​​​ច្បាប់ស្របតាមសីលធម៌ដ៏ពិតប្រាកដ ​ទើបរដ្ឋអំណាចអាចរក្សាការពារសិទ្ធិរបស់ប្រជាពលរដ្ឋ​​​ទាំងអស់​​​យ៉ាង​​​ស័ក្តិ​​​សិទ្ធ​​​ ហើយក៏ធ្វើឱ្យសិទ្ធិប្រជាពលរដ្ឋទាំងអស់ចុះសម្រុងគ្នាដោយសន្តិវិធីទៀតផង។ រដ្ឋអំណាចក៏ត្រូវ​​​យកចិត្ត​​​​​​ទុក​​​ដាក់យ៉ាងខ្លាំង​​​​ស្វែងរកសន្តិសុខ​​​សាធារណៈយ៉ាងត្រឹមត្រូវ ដែលមានន័យថា ​ប្រជាពលរដ្ឋ​​​រស់នៅ​​​រួម​​​គ្នា ដោយ​​​យក​​​យុត្តិធម៌ដ៏ពិតប្រាកដមកធ្វើជាមូលដ្ឋាន និងយក​សីលធម៌សាជារណៈមកការពារប្រជាពលរដ្ឋ​ទៀត​​​ដែរ​​​។ សេចក្ដី​​​ទាំង​​​នោះ ជាគ្រឹះមួយនៃប្រយោជន៍រួម ហើយក៏ជាផ្នែកមួយនៃសណ្តាប់ធ្នាប់សាធារណៈដែរ។ សរុប​​​សេចក្ដី​​​​​​មក ​ត្រូវ​​​អនុវត្តតាមក្បួនច្បាប់ទូទៅដែលផ្តល់សេរីភាពពេញទីក្នុងសង្គម គឺ​តាមក្បួនច្បាប់​​​នេះ ត្រូវ​​​ទទួល​​​​​​ស្គាល់​​​សេរីភាព​​​របស់​​​​​​​​​បុគ្គលម្នាក់ៗជាអតិបរមា។ ត្រូវដាក់ព្រំដែនដល់​សេរីភាពនោះ តាមតម្រូវការ ហើយ​​​តាម​​​កម្រិត​​​នៃ​​​​​​តម្រូវការនោះ។

៨- ការអប់រំមនុស្សឱ្យចេះប្រើសេរីភាព

សព្វថ្ងៃ ​មានកត្តាជាច្រើនកៀបសង្កត់មនុស្សរហូតដល់គេព្រួយបារម្ភថា គេលែងមានសេរីភាព​ក្នុងការវិនិច្ឆ័យ​​​​ដោយ​​​​ខ្លួនឯងបាន។ ម៉្យាងវិញ​​​ទៀត ​មានមនុស្សជាច្រើនមិនព្រមគោរពអ្នកកាន់អំណាច​​​ ឬច្បាប់​​​ឡើយ ដោយយក​​​សេរីភាព​​​ធ្វើជាលេស គេមិនព្រមស្តាប់តាមវិន័យនិងច្បាប់ដែលមនុស្សត្រូវការជាចាំចាច់សម្រាប់ការរស់នៅ​​​ក្នុង​​​សង្គម​។ ហេតុនេះ​​​ហើយ​​​ បានជាមហាសន្និបាតវ៉ាទីកង់នេះសូមផ្តែផ្តាំមនុស្សទាំងអស់ ជាពិសេស ផ្តែផ្តាំអស់អ្នក​ដែល​ទទួល​​​បេសកកម្ម​​​អ​​​ប់រំអ្នកដទៃ។ សូមដាស់តឿនអ្នកទាំងនោះឱ្យអប់រំមនុស្សឱ្យចេះស្តាប់បង្គាប់រដ្ឋ​អំណាច​ដ៏​ត្រឹម​ត្រូវ​​​តាម​​​ច្បាប់ ទាំង​​​ស្ថិតនៅក្រោម​អំណាចនៃសីលធម៌ផង និងឱ្យយកចិត្តទុកដាក់ស្វែងរកសេរីភាព​ដ៏ពិតប្រាកដផង។ សូម​​​​​​អប់រំមនុស្សឱ្យចេះវិនិច្ឆ័យដោយខ្លួនឯងអំពីអត្ថន័យនៃព្រឹត្តិការណ៍នានា តាមពន្លឺនៃសេចក្ដី​ពិត និងឱ្យប្រព្រឹត្ត​​​កិច្ចការ​​​​​​ដោយមានចិត្តគំនិតទទួលខុសត្រូវ ហើយឱ្យគេសង្វាតស្វែងរកអ្វីៗ​ដ៏ពិតប្រាកដ និង​ដ៏យុត្តិធម៌ ទាំងសុខ​ចិត្ត​​​សហការ​​​ជាមួយអ្នកដទៃដោយចិត្តរីករា​​​យទៀតផង។

សេរីភាពខាងសាសនាមានគោលដៅ និងជួយតម្រង់មនុស្សឱ្យបំពេញភារកិច្ចរបស់ខ្លួន​​​តាមការរស់នៅ​​​ក្នុង​​​សង្គម ដោយទទួលខុសត្រូវកាន់តែខ្លាំង​​​ឡើងៗក្នុងគ្រប់កិច្ចការដែលគេប្រព្រឹត្តនោះ។

២- សេរីភាពខាងសាសនាតាមពន្លឺនៃសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់

៩- លទ្ធិអំពីសិទ្ធិសេរីភាពខាងសាសនា​​ចាក់ឫសក្នុងសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្ស​លោក​ស្គាល់

​​​មហាសន្និបាតវ៉ាទីកង់ប្រកាសសេចក្ដីទាំងប៉ុន្មានអំពីសិទ្ធិសេរីភាពខាងសាសនា ​ចាក់គ្រឹះនៅលើកិត្តិយស​​​ដ៏ថ្លៃថ្នូរ​​​របស់មនុស្សម្នាក់ៗ។ បទពិសោធន៍របស់មនុស្សតាមដំណើរនៃប្រវត្តិសាស្រ្ត បានសម្តែង​សេចក្ដី​ទាមទារនៃ​​​កិត្តិយស​​​ដ៏ថ្លៃថ្នូររបស់មនុស្សម្នាក់ៗនោះ ឱ្យកាន់តែច្បាស់ឡើងៗជានិច្ច។ លើសពីនេះទៅទៀត ​លទ្ធិ​​​អំពី​​​សិទ្ធិ​​​សេរីភាពនេះចាក់ឫស​​​ក្នុង​​​សេចក្ដីពិតដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់ថែម​ទៀតផង ជាមូលហេតុ​​​នាំ​​​ឱ្យគ្រីស្តបរិស័ទកាន់តែស្មោះត្រង់នឹងសេរីភាពដ៏វិសុទ្ធនោះ។ ​ទោះបីព្រះជាម្ចាស់​មិន​សម្តែង​ឱ្យបានច្បាស់ថា គ្មាន​​​នរ​​​ណាខាងក្រៅមានសិទ្ធិបង្ខំមនុស្សក្នុងវិស័យ​សាសនាក្ដី ក៏ព្រះអង្គបាន​សម្តែងអំពីកិត្តិយស​ដ៏ថ្លៃថ្នូរ​របស់មនុស្ស​​​ម្នាក់ៗ​​​យ៉ាងទូលំទូលាយដែរ។ ព្រះគ្រីស្តក៏បានគោរព​សេរីភាព​របស់មនុស្សយ៉ាងខ្លំាង ​ក្នុងពេល​​​គេ​​​បំពេញ​​​ភារកិច្ច​​​របស់ខ្លួន គឺនៅពេលគេផ្ញើជីវិតលើព្រះបន្ទូលរស់របស់ព្រះជាម្ចាស់។ ព្រះអង្គក៏បង្ហាញឱ្យដឹងថា សាវ័ករបស់បរមគ្រូ​​​ដ៏អស្ចារ្យនេះ ត្រូវមានគំនិតបែបណាជ្រួតជ្រាប​ក្នុង​ចិត្តគេនៅគ្រប់​កិច្ចការដែលគេប្រព្រឹត្ត។ សេចក្ដីទាំងនេះ ពិតជា​​​បញ្ជាក់យ៉ាងច្បាស់នូវគោលការណ៍ទូទៅជា​មូលដ្ឋាននៃលទ្ធិដែលម​​​ហាសន្និបាត​​​​​​ប្រកាសអំពីសេរីភាពខាងសាសនា​​​នេះ។ មុនដំបូងបង្អស់ សេរីភាពខាង​សាសនា​ក្នុងសង្គម ស្របទាំងស្រុងនឹងសេរីភាពរបស់អ្នកដែលផ្ញើ​ជីវិត​លើ​ព្រះ​គ្រីស្ត។

១០- សេរីភាព និងការផ្ញើជីវិត​លើព្រះគ្រីស្ត

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំង​គ្រូបាធ្យាយតែងតែបង្រៀនឥតឈប់ឈរថា អ្នកតបឆ្លើយ​នឹង​ព្រះ​​​ជាម្ចាស់ គឺផ្ញើជីវិតលើព្រះអង្គត្រូវ​តែសម្រេចដោយបំណងប្រាថ្នារបស់ខ្លួនផ្ទាល់ ដោយគ្មាននរណាបង្ខំ។ នេះ​​​ពិត​​​ជា​​​​ប្រការ​​​មួយ​ដ៏សំខាន់ជាងគេក្នុងលទ្ធិកាតូលិកយើង។ ហេតុ​នេះហើយ បានជា​​​គ្មាននរណាម្នាក់ត្រូវ​​​គេបង្ខំ​​​ឱ្យ​​​ទទួល​​​ជំនឿ​​​​​​ទាំងទា​​​ស់ចិត្តបានឡើយ។ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ តាមលក្ខណៈនៃការផ្ញើជីវិតនោះត្រូវតែ​​​សម្រេច​​​ថា ខ្លួន​​​ជឿ​​​​​​ដោយ​បំណង​ប្រាថ្នា​​​​របស់ខ្លួនផ្ទាល់ ព្រោះព្រះយេស៊ូគ្រីស្តជាព្រះ​សង្រ្កោះបានរំដោះមនុស្ស ហើយព្រះអង្គ​ក៏ត្រាស់​​​ហៅ​​​​​​មនុស្ស​​​ឱ្យទៅជាបុត្រធីតារបស់ព្រះបិតាដែរ។ គេអាច​ផ្ចង់​ចិត្ត​នឹងព្រះជាម្ចាស់ដែលសម្តែងព្រះអង្គឱ្យគេស្គាល់​​​នោះ លុះ​​​ត្រាតែគេផ្ញើជីវិត​លើព្រះ​​អង្គ ដោយខ្លួនបានរិះគិត​ពិចារណា​ និងដោយខ្លួនបានសម្រេចដោយសេរី ទាំង​​​មាន​​​​​​ព្រះ​​​បិតា​​​ទាក់ទាញ​​​ចិត្តគេថែមទៀតផង។ សេចក្ដីនេះពិតជាស្របទាំងស្រុង​​តាមលក្ខណៈ​ផ្ទាល់នៃជំនឿ​មែន។ ហេតុ​​​​​​នេះ អំពីរឿងសាសនា គ្មានមនុស្សណា​មានសិទ្ធិបង្ខំអ្នកដទៃជាដាច់ខាត ទោះបីជាបង្ខំតាមបែប​ណាក៏​ដោយ​។ រដ្ឋដែល​គោរពសេរីភាព​សាសនា ពិតជាជួយបង្កើតបរិយាកាសបណ្តោយឱ្យមនុស្សអាចផ្ញើ​ជីវិត​លើព្រះគ្រីស្តបានដោយ​គ្មាន​អ្វី​​​រារាំង​គេ។ គេក៏អាចផ្ចង់ចិត្តនឹងជំនឿនោះដោយមាន​សេរីភាពពេញទី ​ព្រមទាំងអាចកាន់​​​តាមជំនឿនោះ​​​យ៉ាង​​​ក្លៀវក្លា ​ដោយប្រព្រឹត្តគ្រប់កិច្ចប្រចាំជីវិតតាមជំនឿនេះដែរ។

១១​- របៀបព្រះគ្រីស្ត និងក្រុមគ្រីស្តទូតបានប្រព្រឹត្ត

ព្រះជាម្ចាស់ពិតជាត្រាស់ហៅមនុស្សឱ្យបម្រើព្រះអង្គតាមវិញ្ញាណ និងតាមសេចក្ដីពិត។ មនុស្សត្រូវតែតបឆ្លើយ​​​នឹង​ព្រះអង្គ​ដែលត្រាស់ហៅនោះតាមមនសិការរបស់ខ្លួន ព្រះអង្គមិនបង្ខំគេទេ។ ​ព្រះជាម្ចាស់គោរពកិត្តិយសដ៏ថ្លៃ​ថ្នូរ​​​​របស់មនុស្សម្នាក់​ៗ ដែលព្រះអង្គប្រតិស្ឋានមក។ មនុស្សក៏ត្រូវតែកាន់កិរិយាមារយាទតាមខ្លួនវិនិច្ឆ័យ និង​​​ដោយ​​​ប្រើ​សេរីភាពរបស់ខ្លួនដែរ។ សេចក្ដីនេះបានលេចមកឱ្យឃើញយ៉ាងច្បាស់ក្រៃលែងក្នុងព្រះគ្រីស្តយេស៊ូ គឺព្រះ​​​ជាម្ចាស់បានសម្តែង​ព្រះ​អង្គ​ផ្ទាល់យ៉ាងពេញ​លេញក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់ក៏បានបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យ​​​មនុស្ស​​​លោកស្គាល់​ក្នុង​អង្គព្រះគ្រីស្តដែរ។ ព្រះគ្រីស្ត​ពិតជា​ព្រះ​បរមគ្រូ និងជាព្រះអម្ចាស់របស់យើងមែន (យហ​ ១៣,​​​១៣) ​ព្រះអង្គស្លូត ហើយ​សុភាពទៀត (មថ ១១,២៩) ​ព្រះអង្គ​អញ្ជើញ និងទាក់ទាញចិត្តក្រុមសាវ័កទាំង​​​មាន​​​ព្រះហឫទ័យអត់ធ្មត់ខន្តីផង (មថ ១១,២៨-៣០; យហ ៦,៦៧-៦៨)។ ព្រះអង្គប្រព្រឹត្តការអស្ចារ្យទាំងប៉ុន្មាន​មកគាំទ្រ និងមកបញ្ជាក់អត្ថន័យ​នៃធម្មទេសនារបស់ព្រះអង្គ​​​ ដើម្បីលើកស្ទួយអ្នកស្តាប់ឱ្យមានជំនឿផ្ញើជីវិតលើព្រះអង្គ ​និង​​​ដើម្បីពង្រឹងជំនឿរបស់គេទៀតផង។ ព្រះអង្គ​សម្តែងការអស្ចារ្យមិនមែនដើម្បីបង្ខំគេឱ្យជឿទេ (មថ ៩,២៨-២៩; មក ៩,២៣-២៤; ៦,៥៦)។ ​​​​​​ពិតមែនហើយ ព្រះអង្គស្តីបន្ទោសអស់អ្នក​ស្តាប់ដែលមិនព្រមជឿ តែព្រះអង្គទុក​​​ឱ្យព្រះ​​​ជាម្ចាស់ដាក់ទណ្ឌកម្មគេ ​នៅថ្ងៃព្រះអង្គវិនិច្ឆ័យ​ទោស​មនុស្សលោក (មថ ១១,២០-២៤; រម ១២,១៩-២០; ២​​​ថស​​​​ ​​​១,៨)។ ពេលព្រះអង្គចាត់ក្រុមគ្រីស្តទូតឱ្យ​ចេញទៅប្រកាសដំណឹងល្អក្នុងពិភពលោក ព្រះអង្គមាន​​​ព្រះ​​​បន្ទូលទៅកាន់គេថា៖ «អ្នក​ណា​ជឿ​ ហើយ​ទទួល​​ពិធី​ជ្រមុជទឹក ព្រះ​ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ​ រីឯ​អ្នក​ដែល​មិន​ព្រម​​​ជឿនឹង​ត្រូវ​ទទួល​ទោស» (មក ១៦,១៦)។ ប៉ុន្តែ ព្រះអង្គទទួលស្គាល់​​ថា មារបានសាបព្រោះស្រងែលាយ​​​ជា​​​មួយ​​​​​​​​​ស្រូវពូជល្អ ហើយបញ្ជាឱ្យគេទុកស្រងែ ​និងស្រូវពូជល្អដុះឡើង​ជា​មួយ​គ្នារហូត​ដល់ពេលចម្រូត​​​នៅ​​​អវសានកាលនៃពិភពលោក (មថ ១៣,៣០.៤០)។ ព្រះអង្គក៏មិនសព្វ​ព្រះហឫទ័យឱ្យអ្នកស្រុក​យល់​ច្រឡំថា ព្រះអង្គជាព្រះគ្រីស្តតាមផ្លូវនយោបាយដែលបង្រ្កាប​មនុស្ស​លោកដោយប្រើ​កម្លាំង (មថ ៤,៨-១០; យហ​ ៦,​​​១៥) ព្រះអង្គសព្វព្រះហឫទ័យហៅព្រះអង្គផ្ទាល់ថា ជា​បុត្រមនុស្សដែល «មក​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ដើម្បី​ឱ្យគេ​បម្រើ​លោក​ឡើយ​‌ គឺលោក​មក​បម្រើ​គេ​វិញ​ ព្រមទាំង​បូជា​ជីវិត‌​ដើម្បី​រំដោះ​មនុស្ស​ទាំង​អស់​ផង» (មក ១០,៤៥)។ ព្រះ​​​អង្គបង្ហាញឱ្យគេដឹងថា ព្រះអង្គជាអ្នកបម្រើសុភាពរាបសាដ៏ពេញលក្ខណៈរបស់​ព្រះ​ជាម្ចាស់ (អស ៤២,១-៤) ដែល ​​​«មិន​​​កាច់ដើមត្រែងណាដែលទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើង​ណា​​ដែលហៀបនឹងរលត់នោះ​ដែរ » (មថ ១២,​​​២០)។ ព្រះអង្គទទួលស្គាល់សិទ្ធិនៃរដ្ឋអំណាច ហើយក៏បញ្ជាឱ្យគេបង់​ពន្ធ​ដាថ្វាយ​​​ព្រះចៅ​​​អធិរាជ​​​​​​​​​ដែរ​​​ទាំង​រម្លឹកគេថា ត្រូវគោរពសិទ្ធិរបស់ព្រះជាម្ចាស់ដែលប្រសើរជាងសិទ្ធិនៃរដ្ឋអំណាច​​​ដោយ​​​មាន​​​ព្រះ​​​​​​បន្ទូល​​​​​​ថា​​​​ «អ្វីៗ​ដែល​​​​ជា​​​​របស់​​​​ព្រះ​ចៅ​អធិ​រាជ​‌ ចូរ​ថ្វាយ​ទៅ​ព្រះ​ចៅ​អធិ​រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ជា​ម្ចាស់​ ចូរ​ថ្វាយ​ទៅ​ព្រះ​ជា​ម្ចាស់​វិញ​ដែរ» (មថ​ ២២,​​​២១)។ មិនតែប៉ុណ្ណោះ ពេលព្រះអង្គបង្ហើយកិច្ចរំដោះមនុស្សលោក​​​ដោយ​​​បូជាព្រះជន្មនៅលើឈើឆ្កាង ជាកិច្ចដែលសង្គ្រោះមនុស្សលោក និងផ្តល់ឱ្យមនុស្សលោកបានសេរីភាព​ដ៏ពិត​ប្រាកដ ព្រះអង្គក៏បង្ហើយសម្តែង​​​សេចក្តីដែល​​​​​ព្រះអង្គ​​​ត្រូវសម្តែងនោះដែរ។ ព្រះអង្គផ្តល់សក្ខីភាពអំពីសេចក្ដីពិត (យហ ១៨,៣៧) ប៉ុន្តែ ព្រះអង្គ​​​មិនសព្វ​​​ព្រះហឫទ័យយកកម្លាំងមកបង្ខំឱ្យអ្នក​ប្រកែកមិនព្រមទទួលសេចក្តីពិត​​​នោះ​​​ទេ។ អ្នកផ្ញើជីវិតលើព្រះអង្គមិនត្រូវប្រើ​​​អាវុធ​​​មកការពារ​រាជ​​​សម្បត្តិ​​​​​​របស់​​​ព្រះអង្គទេ តែព្រះអង្គគ្រងរាជ្យ​​​លើ​​​មនុស្សដែល​ស្តាប់សេចក្ដីពិត និងដែលផ្តល់​​​សក្ខីភាពអំពីសេចក្ដីពិត​​​នោះ។ ព្រះគ្រីស្តក៏លាតសន្ធឹងព្រះរាជ្យ​​​របស់​​​ព្រះ​​​អង្គ​​​ដោយ​​​ព្រះ​​​ហឫទ័យ​​​​ស្រឡាញ់ ដែលត្រូវគេលើកឡើងនៅ​​​លើឈើ​​​ឆ្កាង ហើយដែលទាក់ទាញ​ចិត្តមនុស្ស​​​ទាំង​​​អស់​​​វិញ​​​ (យហ ១២,៣២)។

ក្រុមគ្រីស្តទូតទទួលការអប់រំដោយព្រះគ្រីស្តមានព្រះបន្ទូល និងដោយព្រះអង្គធ្វើគំរូឱ្យគេមើល​​​ គេក៏​​​ដើរ​​​តាម​​​​មាគ៌ាដដែលនោះ។ នៅខាងដើមព្រះសហគមន៍ សាវ័កព្រះគ្រីស្តមិនបានបង្ខិតបង្ខំអ្នកស្រុក ហើយក៏មិនប្រើ​​​កល​​​ល្បិច​​​​​​​ដែល​មិនសមនឹងដំណឹងល្អ ដើម្បី​ណែនាំ​មនុស្សឱ្យប្រែចិត្តគំនិត និងប្រកាសថា គេផ្ញើជីវិតលើព្រះគ្រីស្តទុក​​​​​​ជា​​​​​​ព្រះ​​​អម្ចាស់ទេ តែជាពិសេសបំផុត គេយកឫទ្ធានុភាព​​​នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មកប្រើវិញ (១​ករ ២,៣-៥; ១ ​​​ថស​​​​​​​ ២,៣-៥)។ គេ​​​ប្រកាសអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលសង្គ្រោះមនុស្សលោក គឺព្រះអង្គ «ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ឱ្យ​មនុស្ស​ទាំងអស់​ទទួល​ការ​សង្គ្រោះ និង​ស្គាល់​សេចក្ដីពិត​យ៉ាង​ច្បាស់» (១ធម ២,៤)។ នៅពេល​​​ជា​​​មួយ​​​​​​គ្នានេះ ពួកគេតែងតែគោរពអ្នកទន់ខ្សោយ ទោះបីអ្នក​​​ទាំង​​​នោះ រស់នៅទាំងវង្វេងជំនឿក្ដី​។​ គេតែងតែ​​​បង្ហាញ​​​អំ​​​ពី​​​​របៀប «យើងម្នាក់ៗ​​​ត្រូវរៀប​​​រាប់​​​ទូល​​​ព្រះជាម្ចាស់​​​នូវអំពើ​​​ដែល​​​ខ្លួន​​​យើងម្នាក់ៗបានប្រព្រឹត្ត» (រម ១៤,១-២៣; ១ករ ៨,៩-១៣; ១០,២៣-៣៣)។ ហេតុ​នេះ​ហើយ ​បានជាម្នាក់ៗត្រូវតែស្តាប់តាម​​​មនសិការ​​​​​​រៀងៗខ្លួន។ ​ក្រុម​​​គ្រី​​​ស្តទូតក៏ដូចព្រះគ្រីស្តដែរ គឺអស់លោកតែងតែយក​ចិត្តទុកដាក់​ផ្តល់សក្ខីភាព​​​អំពី​​​សេចក្ដីពិត​​​របស់​​​ព្រះជា​​​ម្ចាស់​​​ជា​​និច្ច។​​​ អស់លោក​មាន​សេចក្ដី​ក្លាហាន «នាំគ្នា​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់​ដោយ​ចិត្ត​​​​អង់​អាច» (កក ៤,៣១; អភ ​៦,​១៩-​២០) នៅចំពោះប្រជាជន និងនៅចំពោះអ្នកដឹកនាំរបស់គេ។ អស់​​​លោក​​​មានជំនឿយ៉ាងរឹងប៉ឹង ដែល​​​ជំរុញ​​​​​​អស់លោកឱ្យ​ចាត់ដំណឹងល្អទុកជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះ​​​អស់​​​អ្នក​​​ជឿ (រម ១,១៦)។ អស់​​​​​​​​​លោក​​​លះ​បង់ «អាវុធខាងលោកីយ៍» ទាំងប៉ុន្មាន (២ករ ១០,៤; ១ថស ៥,៨-៩) យកតម្រាប់តាម​​​ព្រះ​​​គ្រីស្ត​​​ជា​​​​អ្នក​​​​ស្លូត​បូតសុភាពរាបសា ហើយនាំគ្នាប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយជឿ​​​ជាក់ថា ព្រះបន្ទូលនោះ​​​ពិត​​​ជា​​​ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ​ដែលអាចបំផ្លាញអំណាចនានាដែលជំទាស់នឹងព្រះអង្គ (អភ ៦,១១-១៧) ព្រមទាំង​​​អាច​​​ណែនាំមនុស្សឱ្យផ្ញើជីវិតលើព្រះគ្រីស្ត និងឱ្យបម្រើព្រះអង្គផង (២ករ ១០,៣-៥)។ ក្រុមគ្រីស្តទូតក៏ដូច​​​ព្រះ​​​បរម​​​គ្រូដែរ គឺបានទទួលស្គាល់រដ្ឋអំណាចតែងតាំងយ៉ាងត្រឹមត្រូវ៖ «មនុស្ស​គ្រប់ៗ​រូបត្រូវ​ស្តាប់​បង្គាប់​អាជ្ញាធរ…​​​អ្នក​​​ប្រឆាំង​​​នឹងអាជ្ញាធរ​ក៏ដូចជាប្រឆាំងនឹង​របៀបរៀបរយ​ដែល​ព្រះជាម្ចាស់​បាន​ចាត់ចែង​នោះដែរ‌‌​»​ (រម ១៣,១-២​; ១សល ​២,១៣-១៧)។ តែនៅពេលជា​មួយ​គ្នានោះ អស់លោកមិនខ្លាចជំទាស់​​​ប្រឆាំងនឹង​រដ្ឋអំណាច ដែល​​​ជំទាស់​​​នឹងព្រះហឫទ័យដ៏វិសុទ្ធរបស់ព្រះ​ជាម្ចាស់ ​ហើយថ្លែងថា៖ «យើងខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជា​ម្ចាស់ ជាជាង​ស្ដាប់​បង្គាប់​​​​​​​មនុស្ស» (កក​ ៥,២៩; ៤,១៩-២០)។ មានមរណសាក្សីជាច្រើនឥតគណនា និងមានអ្នកផ្ញើជីវិតលើព្រះ​​​គ្រីស្ត​​​ជា​​​ច្រើនបានដើរតាមមាគ៌ានេះនៅគ្រប់សម័យ និងនៅគ្រប់ទីកន្លែងផង។

១២- ព្រះសហគមន៍យកតម្រាប់តាមព្រះគ្រីស្ត និងតាមក្រុមគ្រីស្តទូត

ហេតុនេះហើយ បានជា​ព្រះសហគមន៍ស្មោះត្រង់នឹងសេចក្ដីពិតនៃដំណឹងល្អ តែងតែដើរតាមមាគ៌ារបស់ព្រះគ្រីស្ត និងរបស់គ្រីស្តទូត ដោយទទួលស្គាល់គោលការណ៍នៃសេរីភាពខាងសាសនា ព្រោះសេរីភាពនោះ​ស្របតាមកិត្តិយសដ៏​ថ្លៃថ្នូរ​របស់មនុស្សម្នាក់ៗ ហើយក៏ស្របតាមសេចក្ដីដែលព្រះជាម្ចាស់​បាន​សម្តែងឱ្យមនុស្សលោកស្គាល់​​​នោះ​​​ដែរ។ ព្រះសហគមន៍ក៏លើកទឹកចិត្តមនុស្សឱ្យកាន់តាមសេរីភាពនោះ ព្រះសហគមន៍បានទទួលលទ្ធិនេះពីព្រះគ្រីស្ត និងពីក្រុមគ្រីស្តទូតមក ហើយបានរក្សាទុក និងបញ្ជូនបន្តតាម​ដំណើរនៃប្រវត្តិសាស្រ្ត។

តាមប្រវត្តិសាស្រ្តនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែលតែងតែធ្វើដំណើរក្នុង​ប្រវត្តិសាស្រ្តមនុស្ស​ជាតិដ៏មិនទៀងទាត់ ហើយតែងតែប្រែប្រួលនោះ ជួនកាល ព្រះសហគមន៍បានប្រព្រឹត្ត​តាម​​របៀបមិនសូវស្របនឹងដំណឹងល្អមែន ជួនកាលក៏ព្រះសហគមន៍បានប្រព្រឹត្តផ្ទុយនឹងគោលគំនិតនៃដំណឹងល្អ​ទៀតដែរ។ ក៏ប៉ុន្តែ ព្រះសហគមន៍នៅតែ​​​បង្រៀន​​​ជានិច្ចថា ​មនុស្សម្នាក់ផ្ញើជីវិតលើព្រះ​គ្រីស្តដោយ​មិនត្រូវបានគេបង្ខិតបង្ខំឡើយ។

ដូច្នេះ មេនៃដំណឹងល្អ ប្រែចិត្តគំនិតមនុស្ស ដូចមេធ្វើឱ្យម្សៅដោរឡើងដូច្នោះដែរ ហើយ​​​បាន​​​ជួយ​​​​​​​យ៉ាង​សន្ធឹកឱ្យ​មនុស្សទទួល​ស្គាល់កិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្សម្នាក់ៗ កាន់តែច្បាស់ឡើងៗ តាមដំណើរនៃ​ប្រវត្តិសាស្រ្ត។ យូរៗទៅ គោលគំនិតតាមដំណឹងល្អបាននាំឱ្យមនុស្សជឿជាក់ច្បាស់ថា គ្មាននរណាម្នាក់អាចបង្ខិត​​​បង្ខំ​​​មនុស្សអំពី​​​រឿង​​​​​​សាសនានៅក្នុងសង្គមបានជាដាច់ខាត។

១៣- សេរីភាពរបស់ព្រះសហគមន៍

ព្រះសហគមន៍ត្រូវមានសេរីភាពគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីយកចិត្តទុកដាក់ប្រព្រឹត្តកិច្ចការដែលនាំការ​​​សង្គ្រោះដល់​​​មនុស្សលោក។ សិទ្ធិសេរីភាពរបស់ព្រះសហគមន៍នេះ ច្បាស់ជាសិទ្ធិដ៏សំខាន់ជាងគេក្នុងចំណោម​​​សេចក្តី​​​ទាំង​​​ប៉ុន្មាន​​​​​​ដែលត្រូវរក្សាទុក និងការពារនៅគ្រប់ទីកន្លែងជានិច្ច​​​ ដោយគ្មាន​​​នរណា​​​អាចរំលោភបាន​​​ឡើយ​​​ ព្រោះ​​​សិទ្ធិ​​​សេរីភាពនោះ​​​​​​​​​ពាក់ព័ន្ធនឹង​​​ផលប្រយោជន៍របស់ព្រះសហគមន៍ ហើយលើសពីនេះទៅទៀត ក៏ពាក់​​​ព័ន្ធ​​​នឹង​​​ផល​​​​​​ប្រយោជន៍​​​សង្គម​​​នៅលើផែនដីនេះដែរ។ សេរីភាពនោះពិតជាសក្ការៈ ​ព្រោះព្រះបុត្រាតែមួយ​ព្រះអង្គ​គត់​​​របស់​​​ព្រះជាម្ចាស់បានប្រគល់សេរីភាពនោះ​ឱ្យព្រះសហគមន៍ ដែលព្រះអង្គបានរំដោះដោយ​សារ​​ព្រះ​លោហិត​​​ព្រះ​​​អង្គ​​​។ សេរីភាពនោះពិតជាលក្ខណៈផ្ទាល់របស់ព្រះសហគមន៍ ហេតុនេះហើយ បានជាអស់​​​អ្នក​​​ប្រឆាំងនឹងសេរីភាពនោះ ​ក៏​​​ប្រព្រឹត្តខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ សេរីភាពនៃព្រះសហគមន៍ពិត​ជា​​គោលការណ៍មូលដ្ឋាន ក្នុងទំនាក់​​​ទំនង​​​​​​រវាងព្រះសហគមន៍នឹង​រដ្ឋអំណាចនានា ហើយក្នុងទំនាក់ទំនងជា​មួយ​សង្គមទាំងមូលផង។

ព្រះសហគមន៍ទាមទារសេរីភាពក្នុងសង្គមមនុស្ស និងនៅចំពោះរដ្ឋអំណាចគ្រប់យ៉ាង គឺ​ក្នុងឋានៈខ្លួន​​​ជា​​​អំណាច​​​ខាងវិញ្ញាណដែលព្រះគ្រីស្តជាអម្ចាស់បានតែងតាំង ហើយដែលព្រះជាម្ចាស់ផ្ញើបន្ទុកឱ្យចេញទៅ​​​ប្រកាស​​​ដំណឹង​​​ល្អដល់សត្វលោកទាំងឡាយដែរ (មក ១៦,​១៥; មថ ២៨,១៨-២០)។ ព្រះសហគមន៍ក៏ទាម​​​ទារ​​​សេរីភាពនោះក្នុងឋានៈជាសមាគមរបស់មនុស្សដែល​មានសិទ្ធិរស់នៅក្នុងសង្គម​តាមបញ្ជានៃជំនឿគ្រីស្តសាសនា​​​ដែរ។ ហេតុនេះហើយ ប្រទេសណាដែល​ប្រកាស​ថា ខ្លួនគោរពសេរីភាពខាងសាសនា ឬមានច្បាប់បញ្ជាក់​​​អំពី​​​សេរីភាព​​​​​​នោះ មិនត្រូវគ្រាន់តែប្រកាសប៉ុណ្ណោះទេ​ តែត្រូវអនុវត្ត​យ៉ាងពិតប្រាកដ​ និង​​​យ៉ាង​​​ស្មោះ ឱ្យមានសេរីភាព​​​ខាង​​​​​​​​​សាសនា​​​​​​មែន។ នៅក្នុងប្រទេសទាំងនោះ ព្រះសហគមន៍​ពិត​ជាមាន​លក្ខន្តិកៈយ៉ាងមាំមួនតាម​​​ច្បាប់ ​​​និង​​​​យ៉ាង​​​ពិត​​​ប្រាកដ​ អាច​​​បំពេញបេសកកម្មដែលខ្លួន​ទទួលពីព្រះ​ជាម្ចាស់បានដោយ​​​គ្មាននរ​​​ណា​​​បង្ខិត​​​បង្ខំ​​​ឡើយ​​​។​ តាមដំណើរ​​​នៃ​​​​​​ប្រវត្តិសាស្រ្ត អ្នកកាន់អំណាចក្នុងព្រះ​សហគមន៍​​​​បាន​​​ទាម​​​​​​ទារកាន់​​​តែ​​​ខ្លាំង​​​ឡើងៗ​​​ឱ្យព្រះ​​​សហគមន៍​​​មា​​​នឯករាជ្យ​​​នេះ​​​ក្នុងសង្គម។ នៅពេលជាមួយគ្នានោះ អស់អ្នក​ផ្ញើជីវិត​លើព្រះ​​​គ្រីស្តដូចមនុស្សឯទៀតៗទាំងអស់ ក៏មាន​​​សិទ្ធិតាមច្បាប់ក្នុងសង្គម អាចរស់នៅតាម​មនសិការរបស់ខ្លួន ដោយ​​​គ្មាន​​​​នរណា​​​ឃាត់​​​បាន​​​ឡើយ។ ហេតុនេះ​​​ហើយ​​​​​​ បានជាសេរីភាពរបស់ព្រះសហគមន៍ និង​សេរីភាព​ខាង​សាសនា​​​​​​ស្រប​​​គ្នា។ ត្រូវទទួលស្គាល់សេរីភាព​​​សម្រាប់​​​មនុស្ស​​​​ទាំងអស់ និងសម្រាប់​គ្រប់​សហគមន៍​សាសនាដែរ ទុកជាសិទ្ធិមួយ​​​ដែល​​​ត្រូវមានច្បាប់កំណត់​​​បញ្ជាក់​​​ទៀត​​​ផង។

១៤- មុខងាររបស់ព្រះសហគមន៍

ព្រះសហគមន៍ត្រូវធ្វើតាមព្រះបញ្ជារបស់ព្រះយេស៊ូថា «ចូរ​ចេញ​ទៅ​បង្រៀនមនុស្ស​គ្រប់​ជាតិ​សាសន៍ឱ្យ​ធ្វើ​ជា​​​​សាវ័ក»‌​ (មថ ២៨,១៩-២០) គឺព្រះសហគមន៍មិនត្រូវខ្លាចការនឿយហត់ ហើយត្រូវ​ខិតខំ​ធ្វើ​ឱ្យ «ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​បន្ត​ដំណើរ​យ៉ាង​ឆាប់​រហ័ស​តទៅ​ទៀត និង​ទទួលសិរីរុងរឿង​» (២ថស ៣,១)។

ហេតុនេះហើយ បានជាព្រះសហគមន៍ដាស់តឿនយ៉ាងជាក់ច្បាស់ដល់បុត្រធីតាថា «ចូរ​ទូល​សូម​ព្រះ​​​​​​​ជា​ម្ចាស់‌​ អធិដ្ឋាន និង​អង្វរ​ព្រះអង្គ​ ទាំង​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំងអស់​ផង…  នេះ​ហើយ​ជា​ការ​ល្អ​ និង​គាប់​ព្រះ​​​ហឫទ័យព្រះ​​​ជា​​​ម្ចាស់​​​ជាព្រះសង្គ្រោះរបស់​យើង​‌ ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ឱ្យ​មនុស្ស​ទាំងអស់​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់» (១​ធម ២,១-៤)។

ក៏ប៉ុន្តែ អស់អ្នកផ្ញើជីវិតលើព្រះគ្រីស្ត ត្រូវយកចិត្តទុក​​​ដាក់​​​​​​អប់រំមនសិការរបស់ខ្លួនដោយគិតគូរយ៉ាង​ខ្លាំង​អំពីលទ្ធិដ៏វិសុទ្ធ និងដ៏ពិត​ប្រាកដរបស់ព្រះសហគមន៍ដែរ។ ព្រះសហគមន៍ នេះពិតជាគ្រូបង្រៀនសេចក្ដី​ពិតតាមព្រះ​​​ហឫទ័យ​​​ព្រះ​គ្រីស្ត​ចាត់ចែង ដូច្នេះ ព្រះសហគមន៍ក៏មានទទួលបន្ទុកបង្ហាញ និងបង្រៀន​យ៉ាងត្រឹមត្រូវនូវ​​​សេចក្ដី​​​ពិត​​​ គឺព្រះគ្រីស្តតែម្តង។ ​​​នៅពេលជាមួយគ្នានេះ ព្រះសហគមន៍មានអំណាចប្រកាស ​និងគាំទ្រគោលការណ៍នានា​​​នៃ​​​សីលធម៌​ដែលហូរពី​លក្ខណៈ​ផ្ទាល់របស់មនុស្ស។ លើសពីនេះទៅទៀត គ្រីស្តបរិស័ទត្រូវចេញទៅជួបអស់អ្នកនៅ​ខាង​​​ក្រៅ ទាំងប្រើប្រាជ្ញារបស់ខ្លួន «ដោយរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមាន​សេចក្ដី​ស្រឡាញ់ឥត​​​ពុតត្បុត និង​​​ប្រកាស​សេចក្ដី​ពិត» (២ករ ៦,៦-៧) ខិតខំទៅផ្សព្វផ្សាយពន្លឺនៃជីវិតដោយ​ចិត្តអង់អាចមោះមុត (កក ៤,២៩) និងដោយចិត្តក្លាហានក្នុងឋានៈជាគ្រីស្តទូតរហូតដល់ហ៊ាន​បូជាជីវិតថែមទៀតផង។

សាវ័កម្នាក់ៗមានភារកិច្ចដ៏ធ្ងន់ចំពោះព្រះគ្រីស្តជាព្រះបរមគ្រូរបស់ខ្លួន ​គឺត្រូវស្គាល់សេចក្ដីពិតឱ្យកាន់​​​តែ​​​ច្បាស់ឡើងៗជានិច្ច ជាសេចក្ដីពិតដែលគេបានទទួលពីព្រះអង្គ និងប្រកាសសេចក្ដីពិតនោះយ៉ាងស្មោះ​ ព្រមទាំង​ការ​​​ពារ​​​ដោយស្វាហាប់ ដោយមិនព្រមប្រើមធ្យោបាយណាផ្ទុយនឹងគោលគំនិតនៃដំណឹងល្អឡើយ។​ ប៉ុន្តែ ​ព្រះ​​​ហឫទ័យ​ស្រឡាញ់របស់ព្រះគ្រីស្តជំរុញឱ្យសាវ័កប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ ដោយប្រុង​ប្រយ័ត្ន ដោយចិត្តអត់ធ្មត់​​​ចំពោះ​អស់​​​​​​អ្នកដែលវង្វេង ឬអ្នកមិនស្គាល់ជំនឿ។ គ្រីស្តបរិស័ទក៏ត្រូវយកចិត្ត​ទុក​ដាក់គិតគូរអំពី​​​ភារកិច្ច​​​របស់​​​ខ្លួន​​​ចំពោះ​​​ព្រះ​​​គ្រីស្ត ជាព្រះបន្ទូលដែលផ្តល់ជីវិត និងជាកម្រិតនៃព្រះហឫទ័យ​ប្រណីសន្តោសដែល​​​ព្រះជាម្ចាស់​​​បានចែក​​​ប្រទានដល់​​​មនុស្យ​​​លោក ដោយសារព្រះគ្រីស្ត គឺព្រះអង្គ​អញ្ជើញ​មនុស្សឱ្យទទួល និងឱ្យប្រកាសជំនឿ​​​ដោយ​​​សម្រេចចិត្ត​​​ខ្លួន​​​ឯង​​​ទាំង​​​ស្រុង។

១៥- ពាក្យបញ្ចប់

សព្វថ្ងៃ ច្បាស់ណាស់ មនុស្សតែងតែប៉ងប្រាថ្នាកាន់តាមសាសនារបស់ខ្លួនដោយសេរី ទាំងម្នាក់ឯង ទាំងរួម​ជាមួយអ្នកដទៃជាសាធារណៈដែរ។ លើសពីនេះទៅទៀត រដ្ឋធម្មនុញ្ញស្ទើតែគ្រប់ប្រទេសទាំងអស់​​​តែង​​​ប្រកាស​​​ថា​​​ សេរីភាពខាងសាសនាជាសិទ្ធិក្នុងសង្គម។ ឯកសារអន្តរជាតិក៏ទទួលស្គាល់សេរីភាពខាងសាសនា​​​នេះ​​​ដែរ​​​។ ប៉ុន្តែ មាន​​​របបនយោបាយខ្លះ ទោះបីរដ្ឋធម្មនុញ្ញរបស់គេទទួលស្គាល់សេរីភាពខាងសាសនាក្ដី ក៏​នៅតែខិតខំបង្វែរ​​​ប្រជាពលរដ្ឋមិនឱ្យកាន់សាសនា ហើយបង្កើតឧបសគ្គជាច្រើនបណ្តាលឱ្យសហគមន៍សាសនាពិបាក​រស់នៅ ហើយក៏រស់នៅ​​​មិនទៀងទាត់​​​ទៀតផង។

មហាសន្និបាតដ៏វិសុទ្ធមានអំណរសប្បាយដោយឃើញសញ្ញាសម្គាល់ដ៏ល្អក្នុងសម័យឥឡូវ ប៉ុន្តែ ក៏បន្ទោស​ជាសាធារណៈទាំងទុក្ខព្រួយថា រដ្ឋអំណាចខ្លះមិនគោរពសេរីភាពសាសនាទេ។ មហាសន្និបាត​​​ក្រើនដាស់តឿន​​​គ្រីស្តបរិស័ទ​​​​​​​​​កាតូលិក និងអង្វរមនុស្សទាំងអស់យ៉ាងខ្លាំង​ សូម​​​ពិនិត្យ​​​ពិច័យឱ្យ​​​មែន​​​ទែន​​​​​​អំពីសេរីភាព​​​ខាងសាសនា​​​ដែលជាការមួយដ៏ចំាបាច់​ ជាពិសេស ក្នុងសភាពការណ៍បច្ចុប្បន្ន​នៃមហាគ្រួសាររបស់មនុស្សជាតិ។

ប្រជាជននានាសព្វថ្ងៃជាក់ច្បាស់ថា មានបំណង​​​រួបរួមគ្នាកាន់ខ្លាំងឡើងៗ​​​ជានិច្ច។ ​ប្រជាជាតិដែល​​​មាន​​​វប្បធម៌​ និងកាន់សាសនាប្លែកៗពីគ្នា ក៏មានទំនាក់ទំនងជាមួយគ្នា​​​កាន់តែជិតស្និទ្ធដែរ។ ម្នាក់ៗដឹងខ្លួនកាន់តែច្បាស់​ឡើងៗអំពី​​​ការទទួល​​​ខុសត្រូវរបស់ខ្លួនផ្ទាល់។ ហេតុនេះហើយ បានជានៅគ្រប់កន្លែងត្រូវឱ្យមានក្បួនច្បាប់​​​ធានា​​​សេរីភាព​​​ខាងសាសនាជាចាំបាច់ ​និងយ៉ាងស័ក្ដិសិទ្ធទៀតផង។ រដ្ឋអំណាចត្រូវគោរពភារកិច្ច និងសិទ្ធិដ៏ខ្ពង់​ខ្ពស់បំផុត​​​របស់​​​មនុស្សឱ្យកាន់សាសនារបស់ខ្លួនក្នុងសង្គម​ដោយសេរី។ ធ្វើដូច្នេះ ទើប​ទំនាក់ទំនង​​​ប្រកប​​​ដោយ​​​សេចក្ដី​​​សុខ​​​សាន្ត និងដោយសន្តិភាពកើតមានឡើងក្នុងមនុស្សជាតិឱ្យកាន់តែស្ថិតស្ថេររឹងប៉ឹងទៅៗ។

សូមព្រះជាម្ចាស់ ជាព្រះបិតា ​ប្រោសប្រទានឱ្យក្រុមគ្រួ​​​សារ​​​មនុស្ស​​​លោក​​​រស់​​​នៅ​​​ក្នុង​​​សង្គម​​​ដែល​​​ធានា​​​សិទ្ធិ​​​​​​សេរីភាពខាងសាសនា។ ដូច្នេះ មនុស្សជាតិអាចឈានទៅដល់សេរីភាព​ដ៏ប្រសើរ​​​ខ្ពង់​​​​​​​​​ខ្ពស់​​​បំផុត​​​នៃលោក​​​ខាង​​​មុខ ដែល​​​ស្ថិត​​​ស្ថេរអស់កល្បជានិច្ច ដោយព្រះគ្រីស្តប្រោសប្រណី និងដោយអានុភាពនៃ​​​ព្រះ​​​វិញ្ញាណ​​​ជួយ​​​ផង គឺជា​​​ «សេរីភាព​​​ប្រកប​​​ដោយ​​​សិរីរុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់» (រម ៨,២១)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​សេចក្តីប្រកាសទាំង​​មូលនេះ ព្រម​ទាំង​គោល​ការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម ហើយសម្រេចចេញជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

1,119 Views

Theme: Overlay by Kaira