ថ្ងៃអាទិត្យ អាទិត្យទី០២
រដូវអប់រំពិសេស
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យទី ២ ក្នុងរដូវអប់រំពិសេស
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកពីលោកអប្រាហាំ ជាបុព្វបុរសរបស់យើងខាងជំនឿ ព្រះជាម្ចាស់ត្រាស់ហៅយើងខ្ញុំដូចទ្រង់ត្រាស់ហៅលោកពីដើម។ ដោយព្រះអង្គមានព្រះបន្ទូលសន្យាមកលោកអប្រាហាំ ទ្រង់ក៏មានព្រះបន្ទូលសន្យាមកយើងផ្ទាល់ដែរ។ យើងក៏ត្រូវផ្ញើជីវិតទាំងស្រុងលើព្រះអង្គដែលយើងស្រឡាញ់លើសអ្វីៗទាំងអស់!
ថ្ងៃអាទិត្យនេះ យើងក៏នាំគ្នារំឭកអំពីព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ មុនពេលព្រះអង្គសោយទិវង្គតយ៉ាងសែនអាម៉ាស់។ ជំនឿធ្វើឱ្យយើងយល់អត្ថន័យអាថ៌កំបាំងនៃជីវិតរបស់ខ្លួន ជាពិសេសឱ្យយល់អំពីទុក្ខវេទនារបស់មនុស្ស។ យើងទទួលស្គាល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់មនុស្សគ្រប់ជាតិសាសន៍ ទាំងអ្នកមាន ទាំងអ្នកក្រ ដែលសុទ្ធតែជារូបតំណាងរបស់ព្រះជាម្ចាស់ក្នុងពិភពលោកនេះ។ យើងក៏យកចិត្តទុកដាក់បំបាត់មូលហេតុទាំងឡាយដែលបង្អាប់កិត្តិយសរបស់មនុស្សដែរ។
ពាក្យអង្វរពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យធ្វើជាព្រះបន្ទូលរបស់ព្រះអង្គក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំតាមរយៈអ្នកដទៃ និងតាមរយៈព្រឹត្តិការណ៍នានាប្រចាំជីវិតយើងខ្ញុំ។ សូមពង្រឹងជំនឿយើងខ្ញុំ ឱ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះគ្រីស្តដែលមានព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៥,៥-១២.១៧-១៨
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំក្នុងសុបិននិម្មិត រួចព្រះអង្គនាំលោកចេញទៅក្រៅជំរំ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍! តើអ្នកអាចរាប់អស់បានឬទេ? ផ្កាយនៅលើមេឃមានចំនួនច្រើនយ៉ាងណាពូជពង្សអ្នកក៏នឹងមានចំនួនច្រើនយ៉ាងនោះដែរ»។ លោកអប្រាហាំជឿលើព្រះអម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ។ រួចព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងនេះជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអួរនៅស្រុកកាល់ដេមក ដើម្បីប្រគល់ស្រុកនេះឱ្យអ្នកធ្វើជាកម្មសិទ្ធិ»។ លោកអប្រាហាំឆ្លើយតបថា៖ «បពិត្រព្រះជាម្ចាស់! តើធ្វើម្តេចខ្ញុំដឹងថា ខ្ញុំពិតជានឹងបានស្រុកនេះធ្វើជាកម្មសិទ្ធិមែន?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់មួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងកូនព្រាបមួយមកឱ្យយើង»។ លោកអប្រាហាំក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកមិនបានពុះសត្វស្លាបទេ។ ពេលនោះ មានត្មាតមកឆក់សាច់សត្វទាំងនោះ តែលោកអប្រាហាំដេញវា។ នៅពេលថ្ងៃជិតលិច លោកអប្រាហាំលង់លក់ដូចត្រូវសណ្តំ ហើយព្រឺខ្លាចជាខ្លាំងដោយមានភាពងងឹតមកគ្របដណ្តប់ពីលើគាត់។ លុះដល់ថ្ងៃលិចផុតទៅ មេឃងងឹតសូន្យសុងស្រាប់តែមានគប់ភ្លើងមួយហុយផ្សែងឡើង និងចន្លុះមួយកំពុងឆេះកាត់តាមចន្លោះដុំសាច់សត្វដែលពុះជាពីរនោះ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សអ្នក»។
ទំនុកតម្កើងលេខ ២៧ (២៦),១.៧-៩.១៣-១៤ បទពាក្យ ៧
១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
៧ | ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ | ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង | |
អាណិតឆ្លើយតបកុំឆ្មៃឆ្មើង | មកខ្ញុំវិញផងកុំកន្តើយ | ។ | |
៨ | ខ្ញុំនឹកទៅដល់ព្រះបន្ទូល | ព្រះអង្គថ្លែងពោលទុកមកហើយ | |
ចូរស្វែងរកយើងនឹងបានស្បើយ | ខ្ញុំមិនព្រងើយស្វែងរកភក្ត្រ | ។ | |
៩ | សូមទ្រង់អាណិតដល់រូបខ្ញុំ | កុំពួនសំងំនៅលួចលាក់ | |
កុំព្រះពិរោធកុំអន់អាក់ | កុំបណ្តេញអ្នកបម្រើចោល | ។ | |
ព្រះអង្គសង្គ្រោះទូលបង្គំ | កុំទុករូបខ្ញុំនៅតែលតោល | ||
ឱ! ព្រះសង្គ្រោះដូចស្រមោល | កុំទុកខ្ញុំចោលដូច្នេះណា | ។ | |
១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភល ៣,១៧-៤,១
បងប្អូនជាទីស្រឡាញ់!
ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូដែលយើងបានដាក់ឱ្យបងប្អូនឃើញនោះ។ ខ្ញុំធ្លាប់ជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ត។ ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្តិ៍ខ្មាសធ្វើជាកិតិ្តយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្តដែលយាងមកពីស្ថាននោះ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិប្ញទ្ធិដែលធ្វើឱ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
បងប្អូនជាទីស្រឡាញ់! ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់! បងប្អូនជាអំណរសប្បាយ និងជាកិតិ្តយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់! ចូរស្ថិតនៅឱ្យបានខ្ជាប់ខ្ជួនរួមជាមួយព្រះអម្ចាស់ ដូច្នេះតរៀងទៅ!។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥
ប | សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ |
គ | មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ “អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!”។ |
ប | សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២៨-៣៦
ព្រះយេស៊ូនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ពេលកំពុងអធិដ្ឋាន ស្រាប់តែព្រះភក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌ស ត្រចះត្រចង់។ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីសន្ទនាជាមួយព្រះយេស៊ូ។ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។ លោកសិលា និងមិត្តភក្តិរបស់លោកសម្រាន្តលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ កាលលោកម៉ូសេ និងព្យាការីអេលីកំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់! យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ លោកសិលាមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ កាលលោកសិលាកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា ធ្វើឱ្យសាវ័កភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា ៖«អ្នកនេះជាបុត្រ ដែលយើងបានជ្រើសរើស ចូរស្តាប់ព្រះអង្គចុះ!»។ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សាវ័កឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! កាលពីដើមលោកអប្រាហាំបានយកកូនដ៏ជាទីស្រឡាញ់មកថ្វាយព្រះអង្គ។ យើងខ្ញុំសូមយកកាយ វាចា ចិត្ត រួមជាមួយនំស្រានេះមកថ្វាយ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! សូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ គឺព្រះបុត្រាហ្នឹងហើយ ដែលបញ្ចេញរស្មីពណ្ណរាយនៅលើភ្នំ ទ្រង់បង្ហាញសិរីរុងរឿងដែលទ្រង់នឹងបានទទួល ក្រោយពីបានសោយទិវង្គតយ៉ាងសែនអាម៉ាស់ ឱ្យសាវ័កឃើញជាមុន។ ទ្រង់ប្រព្រឹត្តដូច្នេះ ដើម្បីបំភ្លឺយើងខ្ញុំឱ្យជឿថា ទុក្ខលំបាករបស់យើងខ្ញុំ មុខតែនឹងប្រែទៅជាអំណរសប្បាយដ៏ពិតប្រាកដពុំខាន។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! “។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំស្គាល់គម្រោងការដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គ! ព្រះអង្គក៏បានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យយើងខ្ញុំចូលរួមជាមួយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់ឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គ និងរស់នៅឱ្យបានសមរម្យតាមឋានៈនោះផង។