- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
អំពីការអប់រំដ៏ចាំបាច់បែបគ្រីស្តសាសនា
GRAVISSIMUM EDUCATIONIS
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ ប្រកាសសេចក្ដីនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។
សេចក្តីប្រកាស
អំពីការអប់រំដ៏ចាំបាច់បែបគ្រីស្តសាសនា
បុព្វកថា
ការអប់រំមានសារៈសំខាន់យ៉ាងខ្លំាងជាទីបំផុតក្នុងការរស់នៅរបស់មនុស្ស ហើយក៏មានឥទ្ធិពលកាន់តែខ្លាំងឡើងៗទៅលើការអភិវឌ្ឍន៍នៃសង្គមទំនើបយើងដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតសកលយកចិត្តទុកដាក់រិះគិតអំពីការអប់រំនេះ។ តាមពិតសភាពការណ៍ជីវភាពនាបច្ចុប្បន្នកាលបណ្តាលឱ្យការអប់រំយុវជនយុវនារី និងការអប់រំអចិន្រៃ្តយ៍របស់មនុស្សពេញវ័យកាន់តែស្រួល និងមានលក្ខណៈកាន់តែជាបន្ទាន់ឡើងៗទៀតផង។ មនុស្សដឹងខ្លួនអំពីកិត្តិយសដ៏ថ្លៃថ្នូររបស់ខ្លួន និងអំពីសិទ្ធិទទួលខុសត្រូវលើខ្លួនឯងកាន់តែច្បាស់ឡើងៗដែរ គេមានបំណងចង់រួមចំណែកកាន់តែសកម្មជារៀងរាល់ថ្ងៃក្នុងការរស់នៅក្នុងសង្គម ហើយជាពិសេស ក្នុងការរស់នៅខាងសេដ្ឋកិច្ច និងខាងនយោបាយទៀតដែរ។ បចេ្ចកទេស និងការស្វែងរកតាមវិទ្យាសាស្រ្តចម្រើនឡើងយ៉ាងអស្ចារ្យ មានមធ្យោបាយថ្មីៗខាងទូរគមនាគមន៍ក្នុងសង្គម ផ្តល់ឱ្យមនុស្សដែលមានពេលទំនេរកាន់តែច្រើនឡើងៗអាចចូលទៅកាន់បេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌខាងវិញ្ញាណរបស់មនុស្សជាតិបាន។ ដោយក្រុមមនុស្ស និងក្រុមមនុស្ស ប្រជាជន និងប្រជាជនទាក់ទងគ្នាកាន់តែជិតស្និទ្ធឡើងៗ គេអាចជួយគ្នាទៅវិញទៅមកឱ្យចម្រើនឡើង។
ហេតុនេះហើយ បានជានៅគ្រប់ប្រទេស មនុស្សខិតខំលើកស្ទួយការអប់រំឱ្យកាន់តែច្រើនឡើងជាលំដាប់។ ឯកសារជាផ្លូវការទទួលស្គាល់សិទ្ធិជាគ្រឹះរបស់មនុស្សឱ្យទទួលការអប់រំ ជាពិសេស សិទ្ធិកុមរាកុមារីៗឱ្យទទួលការអប់រំ និងសិទ្ធិឪពុកម្តាយឱ្យអប់រំកូនរបស់ខ្លួនដែរ។ ដោយចំនួនកូនសិស្សចម្រើនឡើងយ៉ាងលឿនជាលំដាប់ គេសាងសង់សាលារៀនកាន់តែច្រើនឡើងៗនៅគ្រប់ទីកន្លែង។ សាលាទាំងនោះក៏កាន់តែប្រសើរឡើងៗដែរ។ គេបង្កើតស្ថាប័នអប់រំជាច្រើនទៀតផង។ គេពិសោធន៍ការអប់រំតាមរបៀបថ្មី គេអភិវឌ្ឍន៍វិធីអប់រំ និងវិធីបង្រៀន។ ទោះបីក្មេងៗ និងយុវជនយុវនារីមិនទាន់ទទួលការអប់រំបឋមទាំងអស់គ្នាក្ដី ហើយទោះបីមានយុវជនយុវនារីឯទៀតៗជាច្រើនខ្វះការអប់រំដ៏ពិតប្រាកដក្តី ក៏គេនៅតែខិតខំយ៉ាងល្អប្រសើរ ផ្តល់ផលល្អនៃការអប់រំជូនមនុស្សទាំងអស់ដែរ។ មានតែការអប់រំដ៏ពិតប្រាកដទេដែលធ្វើឱ្យសេចក្ដីពិត និងសេចក្ដីស្រឡាញ់ចម្រើនឡើងបាន។
ប៉ុន្តែ ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើងត្រូវយកចិត្តទុកដាក់ថែទាំជីវិតមនុស្សទាំងស្រុង សូម្បីតែកង្វល់ខាងលោកីយ៍របស់គេ ក៏ព្រះសហគមន៏ត្រូវយកចិត្តទុកដាក់ដែរ (ពន្លឺ ១៧) ព្រោះកង្វល់ទាំងនោះជាប់ពាក់ព័ន្ធនឹងទិសដៅនៃជីវិតមនុស្ស តាមព្រះជាម្ចាស់បានត្រាស់ហៅ។ ទិសដៅជីវិតមនុស្សហួសពីលោកីយ៍នេះ។ ធ្វើដូច្នេះ ទើបព្រះសហគមន៍អាចបំពេញបេសកកម្មប្រកាសអំពីគម្រោងការនៃការសង្គ្រោះឱ្យមនុស្សទាំងអស់បាន ព្រមទាំងប្រមូលអ្វីៗទាំងអស់ក្នុងអង្គព្រះគ្រីស្តដែរ។ ព្រះអម្ចាស់ដែលតែងតាំងព្រះសហគមន៍បានផ្ញើទុកបេសកកម្មនេះមកព្រះសហគមន៍។ ហេតុនេះហើយ បានជាព្រះសហគមន៍មានតួនាទីអភិវឌ្ឍន៍ការអប់រំឱ្យចម្រើនឡើង។ មហាសន្និបាតសូមប្រកាសគោលការណ៍ជាមូលដ្ឋានរបស់ការអប់រំបែបគ្រីស្តសាសនា ជាពិសេស អំពីអ្វីៗដែលទាក់ទិននឹងការសិក្សា។ ក្រោយពីមហាសន្និបាតចប់សព្វគ្រប់ហើយ ត្រូវបង្កើតគណៈកម្មាធិការមួយពិសេស ដើម្បីលាតត្រដាងគោលការណ៍ទាំងនោះយ៉ាងពិស្តារ។ ក្រុមអភិបាលនៅប្រទេសនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ទាំងនោះ ដោយគិតគូរដល់សភាពការណ៍នៅក្នុងប្រទេសរបស់អស់លោក។
១- សិទ្ធិជាទូទៅឱ្យទទួលការអប់រំ
មនុស្សគ្រប់ៗរូប ទោះជាជាតិណា មានអាយុ ឬមានលក្ខណៈបែបណាក៏ដោយ ក៏មានសិទ្ធិទទួលការអប់រំស្របតាមឧបនិស័យរបស់ខ្លួន ស្របតាមទេពកោសល្យ តាមភេទ តាមវប្បធម៌ និងតាមប្រពៃណីជាតិរបស់ខ្លួន។ សិទ្ធិនេះមិនអាចដកចេញបាន ព្រោះមកពីតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ។ ការអប់រំនេះក៏ត្រូវនាំឱ្យមនុស្សអាចផ្លាស់ប្តូរយោបល់ជាមួយប្រជាជាតិឯទៀតៗដូចបងប្អូន ដើម្បីជួយឱ្យមនុស្សរួបរួមគ្នាជាធ្លុងតែមួយយ៉ាងពិតប្រាកដ និងដើម្បីកសាងសន្តិភាពក្នុងពិភពលោកទៀតផង។
ការអប់រំដ៏ពិតប្រាកដ មានគោលដៅអប់រំបុគ្គលម្នាក់ៗ ដោយនឹកដល់ទិសដៅដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្លួន និងនឹកដល់ប្រយោជន៍ក្រុមផ្សេងៗដែលអ្នកនោះជាសមាជិក។ នៅពេលគេពេញវ័យហើយ គេនឹងបំពេញសកម្មភាពរបស់ខ្លួនបម្រើក្រុមទាំងនោះ។
ហេតុនេះ ត្រូវអប់រំក្មេងៗ និងយុវជនយុវនារីដោយគិតគូរដល់ចិត្តសាស្រ្ត ដល់គរុកោសល្យ និងដល់របៀបបង្រៀនដែលតែងតែចម្រើនឡើងតាមលំដាប់លំដោយ គឺត្រូវជួយក្មេងៗ និងយុវជនយុវនារីឱ្យពង្រីកសម្បទាទាំងខាងរូបកាយ ទាំងខាងសីលធម៌ ទាំងខាងប្រាជ្ញាយ៉ាងសុខដុមរមនា និងណែនាំឱ្យគេយល់កាន់តែច្បាស់អំពីការទទួលខុសត្រូវ។ ត្រូវខិតខំបង្ហាត់គេដោយឥតឈប់ឈរឱ្យណែនាំការរស់នៅផ្ទាល់ខ្លួនយ៉ាងល្អប្រសើរ និងឱ្យគេមានសេរីភាពដ៏ពិតប្រាកដ ទាំងពុះពារឧបសគ្គទាំងអស់ដោយចិត្តក្លាហាន និងចិត្តទូលាយ។
សូមអប់រំក្មេងៗនិងយុវជនយុវនារីអំពីរឿងភេទ ដោយគិតដល់តម្លៃដ៏ប្រសើរល្អរបស់ភេទ និងដោយប្រុងប្រយ័ត្នស្របតាមតែវ័យរបស់គេដែលចម្រើនតាមលំដាប់។ លើសពីនេះទៅទៀត ត្រូវអប់រំគេឱ្យចេះរស់នៅក្នុងសង្គម គឺឱ្យគេស្គាល់យ៉ាងសមរម្យនូវបច្ចេកទេសដ៏ចាំបាច់នៃការរស់នៅក្នុងសង្គម។ ធ្វើដូច្នេះ គេអាចចូលរួមយ៉ាងសកម្មក្នុងក្រុមនានាដែលជាផ្នែកនៃសហគមន៍មនុស្សលោក។ គេក៏ចេះសន្ទនាជាមួយអ្នកដទៃ និងសុខចិត្តសហការ ដើម្បីជាប្រយោជន៍រួមដោយចិត្តរីករាយ។
មហាសន្និបាតក៏ប្រកាសតាមរបៀបដដែលថា ក្មេងៗ និងយុវជនយុវនារីមានសិទ្ធិឱ្យមានគេដាស់តឿន ឱ្យចេះថ្លឹងថ្លែងយ៉ាងត្រឹមត្រូវអំពីតម្លៃដ៏ថ្លៃថ្នូរខាងសីលធម៌ ដោយមានមនសិការទៀងត្រង់ ព្រមទាំងឱ្យសុខចិត្តអនុវត្តតាមដោយចិត្តស្មោះ និងដោយខ្លួនឯង។ ក្មេងៗ និងយុវជនយុវនារីមានសិទ្ធិស្គាល់ ហើយស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗទៀតផង។ ហេតុនេះហើយ បានជាមហាសន្និបាតទទូចសូមឱ្យអស់លោកអ្នកដែលគ្រប់គ្រងប្រជាជននានា និងអស់លោកអ្នកដែលណែនាំការអប់រំ សូមកុំឱ្យយុវជនយុវនារីបាត់បង់សិទ្ធិដ៏សក្ការៈនេះជាដាច់ខាត។ មហាសន្និបាតក៏ដាស់តឿនបុត្រធីតានៃព្រះសហគមន៍ ឱ្យជួយក្នុងគ្រប់វិស័យនៃការអប់រំដោយចិត្តទូលាយ ជាពិសេស ដើម្បីផ្សព្វផ្សាយយ៉ាងឆាប់រហ័សនូវលទ្ធផលដ៏ល្អនៃការអប់រំ និងនៃការបង្រៀនយ៉ាងសមរម្យដល់មនុស្សទាំងអស់ក្នុងពិភពលោកទាំងមូល។
២- ការអប់រំបែបគ្រីស្តសាសនា
គ្រីស្តបរិស័ទទាំងអស់មានសិទ្ធិទទួលការអប់រំបែបគ្រីស្តសាសនា ព្រោះគេជាសត្វលោកថ្មី គេបានកើតជាថ្មីដោយទឹក និងដោយព្រះវិញ្ញាណ គេមានឈ្មោះជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយគេពិតជាបុត្រធីតាព្រះអង្គមែន។ ការអប់រំបែបគ្រីស្តសាសនាមិនគ្រាន់តែមានគោលដៅផ្តល់ឱ្យក្មេង និងយុវជនយុវនារីជាបុគ្គលពេញវ័យដូចមានចែងខាងលើទេ តែចំពោះអ្នកដែលទទួលអគ្គញ្ញាជ្រមុជទឹក ការអប់រំបែបគ្រីស្តសាសនាមានគោលដៅណែនាំឱ្យគេទទួលចំណេះបន្តិចម្តងៗអំពីគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ និងឱ្យគេដឹងខ្លួនកាន់តែច្បាស់ជារៀងរាល់ថ្ងៃ អំពីជំនឿជាព្រះអំណោយទានដែលគេបានទទួលនោះ។ ការអប់រំបែបគ្រីស្តសាសនាមានគោលដៅឱ្យគេបង្ហាត់ខ្លួន ឱ្យក្រាបប្រណិប័តន៍ព្រះជាម្ចាស់ជាព្រះបិតា តាមព្រះវិញ្ញាណ និងសេចក្ដីពិត (យហ ៤,២៣) ជាពិសេស ដោយគេចូលក្នុងពិធីបុណ្យនានា។ មានគោលដៅឱ្យគេប្រែចិត្តគំនិតដើម្បីណែនាំការរស់នៅដោយផ្ទាល់ខ្លួនស្របតាមឋានៈរបស់ខ្លួនជាមនុស្សថ្មី ដោយសេចក្តីសុចរិត និងបែបវិសុទ្ធមកពីសេចក្តីពិត (អភ ៤,២២-២៤)។ ធ្វើដូច្នេះ គេទៅជាមនុស្សដ៏ពេញលក្ខណៈ នោះពេញវ័យឡើងទៅដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់ (អភ ៤,១៣)។ គេក៏អាចរួមកម្លាំងធ្វើឱ្យព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តចម្រើនឡើងបាន។ លើសពីនេះទៅទៀត គេដឹងខ្លួនអំពីឧបនិស័្សយរបស់ខ្លួនតាមព្រះជាម្ចាស់ត្រាស់ហៅគេ។ គេធ្លាប់ផ្តល់សក្ខីភាពអំពីសេចក្ដីសង្ឃឹមដែលស្ថិតនៅក្នុងគេ (១សល ៣,១៥) គេក៏ជួយប្រែពិភពលោកតាមព្រះហឫទ័យព្រះគ្រីស្តដែរ។ ក្នុងការប្រែនេះ គេយកអ្វីៗដែលមានតម្លៃធម្មតាបញ្ចូលក្នុងទស្សនៈអំពីមនុស្សទាំងស្រុង ដែលព្រះគ្រីស្តបានរំដោះ គេក៏អាចរួមកម្លាំងដើម្បីជាប្រយោជន៍ដល់សង្គមទាំងមូល (ពន្លឺ ៣៦)។ ហេតុនេះហើយ បានជាមហាសន្និបាតរម្លឹកអស់គង្វាលអំពីភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន គឺប្រើគ្រប់មធ្យោបាយឱ្យគ្រីស្តបរិស័ទទាំងអស់ ជាពិសេស យុវជនយុវនារីដែលជាទីសង្ឃឹមនៃព្រះសហគមន៍ (អភិបាល ១២-១៤) ទទួលការអប់រំបែបគ្រីស្តសាសនានោះ។
៣- អ្នកទទួលខុសត្រូវលើការអប់រំ
ឪពុកម្តាយមានភារកិច្ចដ៏ធ្ងន់ធ្ងរបំផុតអប់រំកូនរបស់គាត់ ព្រោះគាត់បានផ្តល់ជីវិតឱ្យកូន។ ហេតុនេះ ត្រូវទទួលស្គាល់ឪពុកម្តាយទុកជាអ្នកអប់រំមុនគេ ហើយសំខាន់ជាងគេ។ ឪពុកម្តាយមានមុខងារអប់រំកូនយ៉ាងសំខាន់បំផុត ប្រសិនបើគាត់មិនអប់រំកូនទេ ស្ទើរតែគ្មាននរណាអាចអប់រំជំនួសបាន។ ឪពុកម្តាយមានភារកិច្ចបង្កើតបរិយាកាសក្នុងក្រុមគ្រួសារ ដែលជួយការអប់រំរួមរបស់កូនៗ ទាំងក្នុងឋានៈជាបុគ្គលម្នាក់ៗ ទាំងក្នុងឋានៈជាសមាជិកនៃសង្គមដោយមានសេចក្តីស្រឡាញ់ និងគោរពព្រះជាម្ចាស់ និងមនុស្សណែនាំ។ ហេតុនេះ ក្រុមគ្រួសារជាសាលារៀនទីមួយដែលអប់រំព្រហ្មវិហារធម៌ដែលគ្រប់សង្គមត្រូវការ។ ប៉ុន្តែ ក្រុមគ្រួសារគ្រីស្តបរិស័ទបានទទួលព្រះអំណោយទាន និងកាតព្វកិច្ចជាច្រើននៅពេលគេទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍។ ក្នុងក្រុមគ្រួសារនោះ កូនៗតាំងពីអាយុខ្ចីជាងគេត្រូវទទួលការអប់រំបង្ហាត់ខ្លួនឱ្យស្គាល់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គ ព្រមទាំងឱ្យស្រឡាញ់អ្នកដទៃស្របតាមជំនឿដែលគេបានទទួលនៅពេលទទួលអគ្គសញ្ញាជ្រមុជទឹក។ ក្នុងក្រុមគ្រួសារ កូនៗធ្វើបទពិសោធន៍ដើមដំបូងអំពីព្រះសហគមន៍ និងអំពីការរស់នៅក្នុងសង្គមដែលមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ។ ដោយក្រុមគ្រួសារ កូនៗចូលរួមក្នុងសហគមន៍មនុស្ស និងក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់បន្តិចម្តងៗ។ ហេតុនេះ សូមអ្នកជាឪពុក ជាម្តាយយល់ដឹងយ៉ាងជាក់ច្បាស់ថា ក្រុមគ្រួសារជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមានសារៈសំខាន់ជាខ្លាំង ដើម្បីឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់រស់នៅ និងចម្រើនឡើង (ពន្លឺ ១១ និង ៣៥)។
បន្ទុកអប់រំកូនៗ មុនដំបូងជាភារកិច្ចរបស់ក្រុមគ្រួសារ ប៉ុន្តែ ត្រូវសង្គមទាំងមូលជួយផងដែរ។ ឪពុកម្តាយមានសិទ្ធិ ហើយអ្នកអប់រំកូន គឺជាអ្នកដែលឪពុកម្តាយផ្ញើបន្ទុកអប់រំរបស់ខ្លួនមួយចំណែកក៏មានសិទ្ធិដែរ។ ក៏ប៉ុន្តែ សង្គមដែលមានតួនាទីចាត់ចែងអ្វីៗតាមតម្រូវការរួម ដើម្បីជាប្រយោជន៍រួមតាមលោកីយ៍ក៏ត្រូវទទួលខុសត្រូវ និងមានសិទ្ធិយ៉ាងច្បាស់លើការអប់រំកូនដែរ។ ក្នុងចំណោមបន្ទុកទាំងនោះ សង្គមមានភារកិច្ចលើកស្ទួយការអប់រំយុវជនយុវនារីតាមរបៀបជាច្រើន។ សង្គមធានារ៉ាប់រងភារកិច្ច និងសិទ្ធិឪពុកម្តាយ និងរបស់អ្នកឯទៀតៗដែលចូលរួមក្នុងការអប់រំ។ សង្គមក៏ជួយអ្នកទាំងនោះតាមគោលដៅនោះ។ តាមគោលការណ៍ «អ្នកធំជួយជំនួសអ្នកតូចតែនៅពេលគេធ្វើមិនកើត» ប្រសិនបើឪពុកម្តាយមិនបំពេញមុខងាររបស់ខ្លួន ឬប្រសិនបើក្រុមឯទៀតៗមិនជួយទេនោះ គឺសង្គមត្រូវធានារ៉ាប់រងការអប់រំជំនួស ទាំងគិតគូរអំពីបំណងប្រាថ្នាឪពុកម្តាយដែរ។ លើសពីនេះទៅទៀត សង្គមត្រូវសាងសង់សាលារៀន និងស្ថាប័នអប់រំផ្ទាល់តាមតែប្រយោជន៍រួមទាមទារឱ្យសងនោះ។
ព្រះសហគមន៍ក៏ជាប់ទាក់ទិនយ៉ាងពិសេសនឹងបន្ទុកអប់រំទាំងនោះ ព្រោះថា ព្រះសហគមន៍ក៏ជាសង្គមម្យ៉ាងដែរ ហេតុនេះត្រូវទទួលស្គាល់ថា ព្រះសហគមន៍មានសមត្ថភាពក្នុងវិស័យអប់រំនោះ។ ជាពិសេស ព្រះសហគមន៍មានបន្ទុកប្រកាសអំពីមាគ៌ាឆ្ពោះទៅកាន់ការសង្គ្រោះដល់មនុស្សលោក ហើយមានបន្ទុកចែកចាយព្រះជន្មរបស់ព្រះគ្រីស្តឱ្យអ្នកផ្ញើជីវិតលើព្រះអង្គ ព្រមទាំងយកចិត្តទុកដាក់ឥតឈប់ឈរ ជួយឱ្យគេទៅដល់ជីវិតក្នុងអង្គព្រះគ្រីស្តនោះបានពេញលក្ខណៈ។ ហេតុនេះហើយ បានជាព្រះសហគមន៍ក្នុងឋានៈជាមាតាមានភារកិច្ចធានារា៉ប់រងការអប់រំបុត្រធីតារបស់ខ្លួន ដែលណែនាំការរស់នៅរបស់គេដោយឱ្យមានគោលគំនិតរបស់ព្រះគ្រីស្តជ្រួតជ្រាបក្នុងចិត្តគំនិតគេ។ នៅពេលជាមួយគ្នានេះ ព្រះសហគមន៍ក៏សុខចិត្តរួមសហការជាមួយមនុស្សទាំងអស់ លើកស្ទួយតម្លៃដ៏ថ្លៃថ្នូររបស់បុគ្គលម្នាក់ៗឱ្យបានពេញលក្ខណៈ ហើយរកប្រយាជន៍សង្គមនៅលើផែនដីនេះ ព្រមទាំងកសាងពិភពលោកដែលកាន់តែប្រកបដោយលក្ខណៈជាមនុស្សជាលំដាប់។
៤- ព្រះសហគមន៍មានមធ្យោបាយផ្សេងៗដើម្បីអប់រំតាមគ្រីស្តសាសនា
ក្នុងកិច្ចការបំពេញបន្ទុកអប់រំរបស់ខ្លួន ព្រះសហគមន៍ខិតខំប្រើប្រាស់គ្រប់មធ្យោបាយដ៏សមគួរតាមតម្រូវការ ជាពិសេស យកចិត្តទុកដាក់ប្រើមធ្យោបាយរបស់ខ្លួនផ្ទាល់។ មធ្យោបាយទីមួយ គឺអប់រំជំនឿ (អភិបាល ១៣ និង១៤) ដែលបំភ្លឺ និងពង្រឹងជំនឿ ចិញ្ចឹមជីវិតតាមគោលគំនិតរបស់ព្រះគ្រីស្ត ហើយណែនាំគេឱ្យចូលរួមយ៉ាងសកម្ម និងដោយដឹងខ្លួនក្នុងគម្រោងការដ៏អស្ចារ្យនៃពីធីបុណ្យ (ពិធី ១៤) ព្រមទាំងដាស់តឿនគេឱ្យបំពេញកិច្ចការជាគ្រីស្តទូតទៀតផង។ ក៏ប៉ុន្តែ ព្រះសហគមន៍ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងនឹងមធ្យោបាយអប់រំឯទៀតៗ មានមធ្យោបាយទំនាក់ទំនងក្នុងសង្គមជាដើម (ទរ ១៣ និង ១៤) មានអង្គការផ្សេងៗដែលមានគោលដៅអភិវឌ្ឍន៍ទាំងកាយ ទាំងវិញ្ញាណ មានចលនាយុវជនយុវនារី ហើយជាពិសេស មានសាលារៀនទៀតផង។ មធ្យោបាយអប់រំទាំងនោះជាបេតិកភ័ណ្ឌរួមនៃមនុស្សជាតិ ដែលអាចជួយអប់រំវិញ្ញាណ និងចិត្តមនុស្ស។ ព្រះសហគមន៍ក៏ខិតខំយកគោលគំនិតរបស់ខ្លួនមកជ្រួតជ្រាបមធ្យោបាយអប់រំទាំងនោះ និងលើកយកឱ្យមានកម្រិតខ្ពស់។
៥- សារៈសំខាន់នៃសាលារៀន
សាលារៀនមានសារៈសំខាន់យ៉ាងពិសេស ក្នុងចំណោមមធ្យោបាយអប់រំឯទៀតៗទាំងអស់។ តាមបេសកកម្មរបស់ខ្លួន សាលារៀនជាកន្លែងព្យាយាមអភិវឌ្ឍន៍សម្បទាខាងប្រាជ្ញា។ នៅពេលជាមួយគ្នានេះ សាលារៀនជួយបង្ហាត់កូនសិស្សឱ្យចេះវិនិច្ឆ័យថ្លឹងថ្លែងតម្លៃនៃអ្វីទាំងអស់ និងណែនាំគេឱ្យចូលក្នុងបេតិកភ័ណ្ឌវប្បធម៌ជាកេរមរតកពីដូនតាមក។ សាលារៀនលើកស្ទួយឱ្យកូនសិស្សយល់អំពីអ្វីៗដែលជាតម្លៃប្រចាំការរស់នៅ ព្រមទាំងរៀបចំគេឱ្យមានអាជីវកម្មនៅពេលក្រោយ។ សាលារៀនជួយបង្កើតឱ្យកូនសិស្សដែលមានចរិតលក្ខណៈ និងឋានៈវណ្ណ:ប្លែកពីគ្នាក្នុងសង្គមរួបរួមជាមិត្តភ័ក្តិ និងណែនាំគេឱ្យយល់ចិត្តគំនិតគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត សាលារៀនហាក់ដូចជាមណ្ឌលមួយ គឺក្រុមគ្រួសារនានា លោកគ្រូអ្នកគ្រូ ក្រុមផ្សេងៗដែលកើតមកដើម្បីអភិវឌ្ឍន៍ជីវិតវប្បធម៌ ជីវិតប្រជាពលរដ្ឋ និងជីវិតសាសនា សង្គមស៊ីវិល និងសហគមន៍មនុស្សទាំងមូល អាចជួបជុំគ្នាដើម្បីចែកចាយខុសត្រូវក្នុងការចាត់ចែង និងការចម្រើននៃសាលារៀននោះ។
អស់អ្នកដែលអប់រំកូនសិស្សតាមសាលារៀន គឺជួយមាតាបិតាឱ្យបំពេញភារកិច្ចរបស់ខ្លួន និងជាតំណាងសហគមន៍មនុស្ស ពិតជាបំពេញមុខងារដ៏ប្រសើរ ប៉ុន្តែ ជាមុខងារដ៏ធ្ងន់ធ្ងរ តាមព្រះជាម្ចាស់ត្រាស់ហៅឱ្យបំពេញនោះ។ អ្នកបំពេញមុខងារនេះ ត្រូវមានគុណសម្បត្តិពិសេសខាងផ្លូវចិត្ត និងខាងផ្លូវវិញ្ញាណ ត្រូវទទួលការអប់រំដោយយកចិត្តទុកដាក់ជាទីបំផុត និងត្រូវមានសម្បទាឱ្យផ្លាស់ប្រែជាថ្មីដោយឥតឈប់ឈរ និងសម្រាប់ខ្លួនតាមតម្រូវការជានិច្ច។
៦- ភារកិច្ច និងសិទ្ធិមាតាបិតា
មាតាបិតាមានភារកិច្ច និងសិទ្ធិអប់រំកូនរបស់ខ្លួន ជាសិទ្ធិដើមដំបូងមុនគេដែលដកចេញពីគាត់មិនបានជាដាច់ខាត។ ហេតុនេះហើយ បានមាតាបិតាមានសេរីភាពយ៉ាងពិតប្រាកដក្នុងការជ្រើសរើសសាលារៀនសម្រាប់កូនរៀន។ រដ្ឋអំណាចមានតួនាទីការពារ និងរក្សាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ហេតុនេះ រដ្ឋអំណាចត្រូវទទួលខុសត្រូវលើយុត្តិធម៌ដោយចែកចាយធនធានសាធារណៈតាមរបៀបដែលមាតាបិតាមានសិទ្ធិសេរីភាពដ៏ពិតប្រាកដក្នុងជម្រើសសាលារៀនសម្រាប់កូនតាមមនសិការរបស់ខ្លួន។
រដ្ឋអំណាចក៏មានតួនាទីប្រុងប្រយ័ត្នឱ្យប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពអាចទទួលចំណែកយ៉ាងពិតប្រាកដនៃផលដ៏ល្អនៃវប្បធម៌ និងរៀបចំខ្លួនតាមសេចក្តីត្រូវការឱ្យបំពេញភារកិច្ច និងប្រើសិទ្ធិរបស់ខ្លួនជាប្រជាពលរដ្ឋ។ ហេតុនេះ រដ្ឋអំណាចត្រូវធានារ៉ាប់រងសិទ្ធិរបស់ក្មេងៗឱ្យទទួលការអប់រំតាមសាលារៀនយ៉ាងសមស្របតាមតម្រូវការ។ រដ្ឋអំណាចក៏ត្រូវប្រុងប្រយ័ត្នឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពគ្រប់គ្រាន់ ហើយក៏ត្រូវប្រុងប្រយ័ត្នឱ្យសាលាមានកម្រិតសិក្សាល្មម ព្រមទាំងឱ្យកូនសិស្សមានសុខភាពល្អ។ ជាទូទៅ រដ្ឋអំណាចមានភារកិច្ចអភិវឌ្ឍន៍រចនាសម្ពន្ធនៃការសិក្សាទាំងមូល ដោយមិនបំភ្លេចគោលការណ៍ «អ្នកធំធ្វើការជំនួសអ្នកតូច តែនៅពេលដែលអ្នកតូចធ្វើមិនកើតប៉ុណ្ណោះ»។ ហេតុនេះត្រូវហាមមិនឱ្យនរណា ឬអង្គការណាមួយត្រួតលើរចនាសម្ពន្ធសិក្សាផ្តាច់មុខឡើយ។ អង្គការណា ឬក្រុមណាដែលត្រួតលើការសិក្សាផ្តាច់មុខបែបនោះ ពិតជាប្រឆាំងនឹងសិទ្ធិទាំងឡាយដែលបុគ្គលម្នាក់ៗមានតាំងពីកើតមក ហើយក៏រារាំងមិនឱ្យវប្បធម៌ចម្រើន និងត្រូវផ្សព្វផ្សាយបាន។ ការត្រួតផ្តាច់មុខបែបនេះរារាំងប្រជាពលរដ្ឋមិនឱ្យរស់នៅដោយសេចក្តីសុខសាន្ត និងជំទាស់នឹងរបៀបរស់នៅតាមបែបប្លែកៗពីគ្នា ដូចតែងតែមានក្នុងសង្គមជាច្រើននាបច្ចុប្បន្នកាល។
ហេតុនេះហើយ បានជាមហាសន្និបាតដាស់តឿនគ្រីស្តបរិស័ទ ឱ្យស្ម័គ្រចិត្តជួយតាមដាននិងគាំទ្រអ្វីៗដែលពាក់ព័ន្ធនឹងកិច្ចការក្នុងសាលារៀន មានការស្វែងរកវិធីគរុកោសល្យថ្មី និងមានការចាត់ចែងការសិក្សាឱ្យបានប្រសើរជាងពីមុន ហើយមានការហ្វឹកហ្វឺនលោកគ្រូអ្នកគ្រូដែលអាចអប់រំយុវជនយុវនារីជាដើម ជាពិសេស មានការអប់រំសីលធម៌ដែលគ្រូត្រូវអប់រំនោះ។ គេអាចជួយយ៉ាងពិសេសបាន ដោយចូលរួមក្នុងសមាគមមាតាបិតាទ្រទ្រង់សាលា។
៧- ការអប់រំសីលធម៌ និងខាងសាសនានៅសាលារៀន
ព្រះសហគមន៍ដឹងខ្លួនអំពីភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន នឹងព្យាយាមយកចិត្តទុកដាក់អប់រំបុត្រធីតាទាំងអស់ផ្នែកខាងសីលធម៌ និងខាងសាសនា។ ហេតុនេះហើយ បានជាព្រះសហគមន៍ត្រូវតែមានវត្តមានដោយចិត្តស្រឡាញ់នៅក្បែរក្មេងៗជាច្រើនអនេក ដែលមិនទទួលការអប់រំក្នុងសាលារៀនកាតូលិក និងជួយគេយ៉ាងពិសេស។ ព្រះសហគមន៍មានវត្តមានបែបនេះដោយលោកគ្រូអ្នកគ្រូ និងនាយកសាលារៀនផ្តល់សក្ខីភាព និងដោយមិត្តភ័ក្តិរបស់ក្មេងៗទាំងនោះបំពេញកិច្ចការជាគ្រីស្តទូត។ ព្រះសហគមន៍មានវត្តមានយ៉ាងពិសេសដោយសារបូជាចារ្យ និងគ្រីស្តបរិស័ទធម្មតាដែលបញ្ជូនបន្តលទ្ធិអំពីការសង្រោ្គះដល់ក្មេងទាំងនោះ ដោយប្រើវិធីសមស្របតាមអាយុក្មេងៗ និងស្របតាមសភាពការណ៍ ហើយដែលជួយគេខាងផ្លូវវិញ្ញាណ ដោយបង្កើតកិច្ចផ្សេងៗស្របតាមកាលៈទេសៈ និងទីកន្លែង។
ប៉ុន្តែ ព្រះសហគមន៍រម្លឹកមាតាបិតាអំពីភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន ដែលត្រូវឱ្យកូនៗអាចទទួលជំនួយខាងវិញ្ញាណទាំងនោះ និងឱ្យកូនៗអាចចម្រើនឡើងបានក្នុងការអប់រំតាមឋានៈរបស់ខ្លួនជាគ្រីស្តបរិស័ទ ដូចគេចម្រើនឡើងក្នុងការសិក្សាខាងផ្លូវលោកីយ៍។ ជួនកាលត្រូវទាមទារជំនួយទាំងនោះ។ ហេតុនេះហើយ បានជាព្រះសហគមន៍សរសើររដ្ឋអំណាច និងសង្គលស៊ីវិលទាំងប៉ុន្មានដែលយល់ដល់លក្ខណៈសង្គមទំនើបដែលមានរបៀបរស់នៅប្លែកពីគ្នាជាច្រើន ហើយដែលជួយក្រុមគ្រួសារឱ្យផ្តល់ការអប់រំដល់កូនៗស្របតាមគោលការណ៍របស់មាតាបិតាត្រង់សីលធម៌ និងសាសនាក្នុងគ្រប់សាលារៀន។
៨- សាលារៀនកាតូលិក
ព្រះសហគមន៍សម្តែងវត្តមានរបស់ខ្លួនក្នុងវិស័យអប់រំយ៉ាងពិសេស ដោយសារសាលារៀនកាតូលិក។ សាលារៀនកាតូលិកក៏ដូចសាលារៀនឯទៀតៗទាំងអស់ មានទិសដៅអប់រំយុវជនឱ្យស្គាល់វប្បធម៌ និងអប់រំឱ្យគេមានលក្ខណៈជាមនុស្សសុទ្ធសាធ។ លក្ខណៈពិសេសរបស់សាលារៀនកាតូលិក គឺបង្កើតបរិយាកាសប្រកបដោយសេរីភាព និងដោយសេចក្ដីស្រឡាញ់ស្របតាមគោលគំនិតនៃដំណឹងល្អជូនសហគមន៍សិក្សា។ សាលារៀនកាតូលិកក៏មានទិសដៅមួយទៀត គឺជួយធ្វើឱ្យបុគ្គលិកលក្ខណៈរបស់កូនជំទង់រីកចម្រើនឡើង ទាំងជួយឱ្យជីវិតថ្មីដែលគេមានតាំងពីពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក ដុះឡើងកាន់តែខ្លាំងឡើងៗ។ សាលារៀនកាតូលិកក៏មានទិសដៅតម្រង់វប្បធម៌ទាំងមូលរបស់មនុស្សលោកទៅតាមការប្រកាសដំណឹងល្អអំពីការសង្គ្រោះ។ ដូច្នេះ ពន្លឺនៃជំនឿមុខជានឹងបំភ្លឺចំណេះចេះដឹងរបស់កូនសិស្សអំពីពិភពលោក និងអំពីជីវិត ហើយអំពីមនុស្សទៀតផង។ សាលារៀនកាតូលិកក៏ទទួលស្គាល់ការចម្រើនរបស់មនុស្សលោកសម័យទំនើបយ៉ាងសមរម្យ ហើយអប់រំកូនសិស្សឱ្យខិតខំធ្វើការប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់លោកនេះដែរ។ នៅពេលជាមួយគ្នានោះ សាលារៀនកាតូលិករៀបចំកូនសិស្សឱ្យព្រះជាម្ចាស់លាតសន្ធឹងព្រះរាជ្យរបស់ព្រះអង្គ។ ដោយគេបង្ហាត់ខ្លួនឱ្យរស់នៅតាមរបៀបជាគំរូ និងធ្វើកិច្ចការជាគ្រីស្តទូត គេដូចជាមេម្សៅនៃការសង្គ្រោះសម្រាប់មនុស្សជាតិ។
ក្នុងសភាពការណ៍យើងរស់នៅសព្វថ្ងៃ សាលារៀនកាតូលិកមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះសាលារៀនកាតូលិកទាំងនោះអាចជួយឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បំពេញបេសកកម្មរបស់ខ្លួនឱ្យបានសម្រេច ព្រមទាំងអាចជួយឱ្យព្រះសហគមន៍និយាយសន្ទនាជាមួយសហគមន៍មនុស្សលោក ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងពីរ។ ហេតុនេះហើយ បានជាមហាសន្និបាតប្រកាសម្តងទៀតថា ព្រះសហគមន៍មានសិទ្ធិតែងតាំង និងណែនាំសាលារៀនគ្រប់យ៉ាង និងគ្រប់កម្រិតដូចក្រុមអ្នកបង្រៀនព្រះសហគមន៍ធ្លាប់ប្រកាសបញ្ជាក់ក្នុងឯកសារជាច្រើនរួចហើយ។ មហាសន្និបាតរម្លឹកថា សិទ្ធិនេះជាប់ពាក់ព័ន្ធជាមួយសិទ្ធិសេរីភាពនៃមនសិការរបស់មនុស្ស និងធានារ៉ាប់រងសិទ្ធិមាតាបិតា ព្រមទាំងពាក់ព័ន្ធជាមួយការចម្រើននៃវប្បធម៌ដែរ។
ប៉ុន្តែ សូមអស់លោកគ្រូអ្នកគ្រូកុំភ្លេចថា សាលារៀនកាតូលិកអាចបំពេញតួនាទីតាមគោលដៅ និងតាមគម្រោងការរបស់ខ្លួនបានអាស្រ័យតែលើលោកគ្រូអ្នកគ្រូតែម្តង។ ហេតុនេះ សូមយកចិត្តទុកដាក់ហ្វឹកហ្វឺនលោកគ្រូអ្នកគ្រូយ៉ាងពិសេស ឱ្យមានចំណេះចេះដឹងទាំងខាងផ្លូវលោក ទាំងខាងផ្លូវសាសនា ដោយមានសញ្ញាប័ត្រតាមសមគួរ ព្រមទាំងឱ្យគេចេះបង្រៀនតាមគរុកោសល្យស្របតាមអ្វីដែលមានរកឃើញថ្មីៗនោះ។ សូមលោកគ្រូអ្នកគ្រូរួបរួមគ្នា និងរួបរួមជាមួយសិស្សានុសិស្សរបស់ខ្លួនដោយចំណងនៃសេចក្ដីស្រឡាញ់។ សូមឱ្យគំនិតជាគ្រីស្តទូតជ្រួតជ្រាបក្នុងចិត្តគំនិតលោកគ្រូអ្នកគ្រូ ដើម្បីឱ្យគេផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តជាព្រះបរមគ្រូដោយការរស់នៅ និងដោយការបង្រៀនរបស់ខ្លួន។ សូមអស់លោកអ្នករួមសហការគ្នា ជាពិសេស សហការជាមួយមាតាបិតារបស់សិស្ស។ ពេលលោកគ្រូអ្នកគ្រូអប់រំកូនៗដោយរួមជាមួយមាតាបិតា សូមចាប់អារម្មណ៍អំពីភេទកូនសិស្ស អំពីព្រះជាម្ចាស់ដែលថែរក្សាណែនាំមនុស្សលោក គឺព្រះអង្គបានត្រាស់ហៅបុរស និងស្រ្តីឱ្យបំពេញមុខងារប្លែកៗពីគ្នាក្នុងក្រុមគ្រួសារ និងក្នុងសង្គម។ សូមលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ណែនាំកូនសិស្សឱ្យចេះសម្រេចសេចក្ដី និងប្រព្រឹត្តកិច្ចការដោយខ្លួនឯងផង។ ពេលកូនសិស្សចប់ការសិក្សារួចហើយ លោកគ្រូអ្នកគ្រូក៏ត្រូវនៅទាក់ទងជាមួយគេដោយផ្តល់ពាក្យទូន្មាន និងដោយសេចក្ដីស្រឡាញ់។ លោកគ្រូអ្នកគ្រូក៏ត្រូវជួយគេដោយបង្កើតសមាគមពិសេស ដែលមានគំនិតជ្រួតជ្រាបដោយវិញ្ញាណដ៏ពិតប្រាកដរបស់ព្រះសហគមន៍ទៀតផង។ មហាសន្និបាតប្រកាសថា ប្រសិនបើលោកគ្រូអ្នកគ្រូយល់ឃើញអំពីមុខងារបង្រៀនរបស់ខ្លួនតាមបែបនេះ មុខងារជាលោកគ្រូអ្នកគ្រូពិតជាបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងជាក់ច្បាស់មែន ជាមុខងារដ៏ចំាបាច់បំផុត និងស្របតាមសម័យឥឡូវ។ អ្នកបង្រៀនកូនៗពិតជាបម្រើសង្គមយ៉ាងពិតប្រាកដមែន។ មហាសន្និបាតសូមរម្លឹកមាតាបិតាកាតូលិកថា គាត់មានភារកិច្ចផ្ញើកូនៗឱ្យសាលារៀនកាតូលិក ប្រសិនបើគាត់អាចធ្វើបាននៅកន្លែងគាត់។ គាត់ក៏មានភារកិច្ចទ្រទ្រង់សាលារៀនកាតូលិកទាំងនោះ តាមធនធានរបស់ខ្លួន ព្រមទាំងសហការជាមួយសាលារៀនទាំងនោះ ដើម្បីជាប្រយោជន៍ដល់កូនៗទៀតផង។
៩- មានសាលារៀនកាតូលិកប្លែកៗពីគ្នា
សូមឱ្យសាលារៀនទាំងប៉ុន្មានដែលនៅក្រោមឱវាទនៃព្រះសហគមន៍តាមបែបណាក៏ដោយ ខិតខំតោងទៅកាន់ឧត្តមគតិនេះ ទោះបីមានសភាពកាណ៍ប្លែកៗពីគ្នាតាមកាលៈទេសៈ និងតាមកន្លែងយ៉ាងណាក៏ដោយ។ ព្រះសហគមន៍ស្រឡាញ់យ៉ាងខ្លាំងសាលារៀនទាំងប៉ុន្មានដែលទទួលកូនសិស្សដែលមិនមែនជាកាតូលិក ជាពិសេស នៅតំបន់មនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។
ពេលតែងតាំងនិងចាត់ចែងសាលារៀនកាតូលិក ត្រូវគិតគូរដល់តម្រូវការនៃការវិវឌ្ឍន៍នាសម័យរបស់យើងនេះ។ ដូច្នេះ ទោះបីត្រូវនៅចាប់អារម្មណ៍នឹងសាលាបឋមសិក្សា និងវិទ្យាល័យដែលជាមូលដ្ឋាននៃការអប់រំក្ដី ក៏ត្រូវយកចិត្តទុកដាក់នឹងការសិក្សាតាមសភាពការណ៍បច្ចុប្បន្នទាមទារ ឧបមាថា ត្រូវការសាលាបច្ចេកទេស និងសាលាបណ្តុះបណ្តាលអាជីវកម្ម ត្រូវការគ្រឹះស្ថានសម្រាប់បង្រៀនអក្សរដល់មនុស្សពេញវ័យ គ្រឹះស្ថានពិសេសសម្រាប់ទទួលក្មេងៗអនាថាក្រៅសង្គម ត្រូវការសាលាអប់រំគ្រូដែលបង្រៀនគ្រូឱ្យចេះបង្រៀនសាសនា ឬអប់រំតាមរបៀបផ្សេងទៀត។ល។
ហេតុនេះហើយ បានជាមហាសន្និបាតអញ្ជើញយ៉ាងក្លៀវក្លាអស់គង្វាល និងគ្រីស្តបរិស័ទទាំងអស់មិនឱ្យសំចៃកម្លាំងក្នុងការជួយសាលារៀនកាតូលិកឱ្យបំពេញបន្ទុករបស់ខ្លួនកាន់តែស្មោះជារៀងរាល់ថ្ងៃ គឺមុនដំបូងឱ្យតបឆ្លើយនឹងសេចក្ដីត្រូវការរបស់អស់អ្នកដែលគ្មានធនធាន ឬជនដែលគ្មាននរណារាប់រក គ្មានក្រុមគ្រួសារទ្រទ្រង់ ឬដែលមិនស្គាល់ជំនឿយើង។
១០- មហាវិទ្យាល័យ និងសកលវិទ្យាល័យកាតូលិក
ព្រះសហគមន៍យកចិត្តទុកដាក់យ៉ាងពិសេសលើឧត្តមសិក្សា ជាពិសេស លើសកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ព្រះសហគមន៍មានបំណងចាត់ចែងសកលវិទ្យាល័យដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួនតាមរបៀបស្របតាមប្រាជ្ញា គឺត្រូវធ្វើការតាមមុខវិជ្ជានីមួយៗ ស្របតាមគោលការណ៍និងតាមកម្មវិធីពិសេសនៃមុខវិជ្ជានោះ ដោយមានសេរីភាពពេញទី ជាលក្ខណៈផ្ទាល់នៃការស្រាវជ្រាវតាមវិទ្យាសាស្រ្ត។ ធ្វើដូច្នេះ ទើបគេអាចមានចំណេះនៃវិទ្យានោះកាន់តែជ្រៅទៅៗ និងគ្រប់គ្រងវិជ្ជានោះបានផង។ ត្រូវសិក្សាយ៉ាងហ្មត់ចត់នូវបញ្ហាថ្មីៗ និងការស្រាវជ្រាវថ្មីៗដែលកើតមកពីការចម្រើនរបស់មនុស្សលោកទំនើប។ ត្រូវយល់កាន់តែច្បាស់អំពីរបៀបជំនឿ និងប្រាជ្ញារួមភ្ជាប់ជាមួយគ្នា ដើម្បីតម្រង់ទៅកាន់សេចក្ដីពិតតែមួយ។ ធ្វើដូច្នេះ ទើបអ្នកប្រាជ្ញដើរតាមមាគ៌ារបស់គ្រូបាធ្យាយនៃព្រះសហគមន៍កាលពីមុន ជាពិសេសរបស់សន្តថូម៉ាស នៅអាគីណូ។ ដូច្នេះ គោលគំនិតតាមគ្រីស្តសាសនាហាក់ដូចជាមានវត្តមានជាសាធារណៈ ដែលនៅស្ថិតស្ថេរ និងសកលទៀតក្នុងការខិតខំរបស់អ្នកប្រាជ្ញ ដែលឈានទៅកាន់វប្បធម៌កម្រិតខ្ពង់ខ្ពស់បំផុត។ ត្រូវអប់រំនិស្សិតនៅគ្រឹះស្ថានទាំងនោះឱ្យស្ទាត់ជំនាញ ដោយចំណេះចេះដឹងរបស់ខ្លួន និងឱ្យប្រុងខ្លួនទទួលបន្ទុកដ៏ធ្ងន់ជាងគេក្នុងសង្គម ព្រមទាំងឱ្យទៅជាសាក្សីអំពីជំនឿក្នុងពិភពលោកនេះផងដែរ។
ក្នុងសកលវិទ្យាល័យ ដែលគ្មានមហាវិទ្យាល័យបង្រៀនទេវវិទ្យា ត្រូវឱ្យមានគ្រឹះស្ថាន ឬអាសនៈបង្រៀនទេវវិទ្យា សម្របតាមសេចក្ដីត្រូវការរបស់និស្សិតជាគ្រីស្តបរិស័ទធម្មតា។ វិទ្យាសាស្រ្តតែងតែចម្រើនឡើងដោយការស្រាវជ្រាវឯកទេស ដែលមានឥទ្ធិពលយ៉ាងខ្លាំងតាមវិទ្យាសាស្រ្ត។ ហេតុនេះ សូមឱ្យសាកលវិទ្យាល័យកាតូលិកជួយយ៉ាងទូលំទូលាយដល់គ្រឹះស្ថាន ដែលមានគោលដៅទីមួយលើកស្ទួយការស្រាវជ្រាវតាមវិទ្យាសាស្រ្ត។
មហាសន្និបាតផ្តែផ្តាំយ៉ាងខ្លាំងឱ្យពង្រីកសកលវិទ្យាល័យ និងវិទ្យាល័យកាតូលិកដែលត្រូវចាត់ចែងយ៉ាងសមរម្យនៅគ្រប់កន្លែងក្នុងពិភពលោកទាំងមូល។ សូមឱ្យសកលវិទ្យាល័យនិងវិទ្យាល័យកាតូលិកមានឈ្មោះល្បី មិនមែនមកពីមានចំនួនច្រើនទេ តែដោយការបង្រៀនក្នុងសកលវិទ្យាល័យ និងវិទ្យាល័យកាតូលិកទាំងនោះមានគុណភាពល្អវិញ។ សូមជួយនិសិ្សតដែលមានប្រាជ្ញាអាចមានលទ្ធភាពរៀនខ្ពង់ខ្ពស់បាន ទោះបីគេក្រីក្រក៏ដោយ ជាពិសេស ប្រសិនបើនិស្សិតទាំងនោះកើតមកនៅប្រជាជាតិកំពុងអភិវឌ្ឍន៍។
ដោយអនាគតព្រះសហគមន៍ និងអនាគតសង្គមជាប់យ៉ាងស្អិតល្មួតនឹងការចម្រើនរបស់យុវជនយុវនារីដែលរៀនខាងឧត្តមសិក្សា អស់លោកអភិបាលនៃព្រះសហគមន៍មិនគ្រាន់តែត្រូវយកចិត្តទុកដាក់ដោយឥតសំចៃនូវការរស់នៅតាមព្រះវិញ្ញាណរបស់និស្សិតនៃសកលវិទ្យាល័យកាតូលិកប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ដល់ការអប់រំកូនចៅទាំងអស់ខាងផ្លូវព្រះវិញ្ញាណដែរ។ ហេតុនេះហើយ បានជាអស់លោកអភិបាលត្រូវពិគ្រោះគ្នា បង្កើតគ្រឹះស្ថាននិស្សិត ឬមណ្ឌលសកលវិទ្យាល័យកាតូលិក នៅក្បែរសកលវិទ្យាល័យដែលមិនមែនជាកាតូលិក។ នៅកន្លែងទាំងនោះត្រូវមានបូជាចារ្យ បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតា ដែលគេបានជ្រើសរើសយ៉ាងពិសេស និងដែលបានទទួលការអប់រំ ដើម្បីជួយយុវជនយុវនារីជានិស្សិត ទាំងខាងការសិក្សា ទាំងខាងជីវិតតាមព្រះវិញ្ញាណ។ ប្រសិនបើយុវជនយុវនារីដែលមានប្រាជ្ញាឆ្លាតវាងវៃជាងគេ ក្នុងសកលវិទ្យាល័យកាតូលិក ឬក្នុងសកលវិទ្យាល័យឯទៀតៗមានទេពកោសល្យអាចបង្រៀន និងអាចស្រាវជ្រាវបានត្រូវជួយគេយ៉ាងពិសេស។ ត្រូវដាស់តឿនគេឱ្យទៅជាសាស្រ្តាចារ្យទៀតផង។
១១- មហាវិទ្យាល័យខាងទេវវិទ្យា
ព្រះសហគមន៍ពឹងលើសកម្មភាពនៃមហាវិទ្យាល័យបង្រៀនវិទ្យាសាស្រ្តដ៏សក្ការៈ។ ព្រះសហគមន៍តែងតែផ្ញើឱ្យមហាវិទ្យាល័យអប់រំនិស្សិតរបស់ខ្លួន គឺមិនគ្រាន់តែរៀបចំគេឱ្យទៅជាបូជាចារ្យប៉ុណ្ណោះទេ តែជាពិសេស ឱ្យគេអាចបង្រៀនតាមអាសនៈឧត្តមសិក្សានៃព្រះសហគមន៍ទៀតដែរ និងឱ្យស្រាវជ្រាវដោយខ្លួនឯងខាងវិទ្យាសាស្រ្ត ព្រមទាំងឱ្យបំពេញបន្ទុកក្នុងកិច្ចការជាគ្រីស្តទូតក្នុងចំណោមបញ្ញវ័ន្ត ជាបន្ទុកទាមទារឱ្យគេមានចំណេះយ៉ាងខ្ពស់។ មហាវិទ្យាល័យនៃទេវវិទ្យាមានតួនាទីសិក្សា តាមមុខវិទ្យាផ្សេងៗនៃវិទ្យាដ៏សក្ការៈ ដើម្បីឱ្យព្រះសហគមន៍យល់កាន់តែជ្រៅទៅៗ នូវសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងមក។ មហាវិទ្យាល័យមានតួនាទីបើកផ្លូវឱ្យមនុស្សលោកអាចចូលទៅកាន់បេតិកភ័ណ្ឌនៃប្រាជ្ញារបស់គ្រីស្តសាសនាជាមរតកពីដូនតាមក។ មហាវិទ្យាល័យក៏មានតួនាទីលើកស្ទួយការសន្ទនាជាមួយបងប្អូនដែលបែកចេញពីយើង និងជាមួយអ្នកដែលគ្មានជំនឿ ព្រមទាំងផ្តល់ចម្លើយយ៉ាងសមរម្យស្របតាមសំណួរដែលវិទ្យាសាស្រ្តចោទឡើង។
ហេតុនេះ មហាវិទ្យាល័យនៃព្រះសហគមន៍ ត្រូវកែសម្រួលធម្មនុញ្ញរបស់ខ្លួនតាមតម្រូវការ ហើយពង្រីកវិទ្យាដ៏សក្ការៈយ៉ាងខ្លាំង និងពង្រីកមុខវិទ្យាដែលភ្ជាប់នឹងវិទ្យាដ៏សក្ការៈទាំងនោះ។ មហាវិទ្យាល័យក៏ត្រូវប្រើវិធីទំនើបបំផុត មកអប់រំនិសិ្សតឱ្យចេះស្រាវជ្រាវសេចក្តីយ៉ាងជ្រៅ។
១២- ការរួមសហការក្នុងវិស័យសាលារៀន
សព្វថ្ងៃ នៅភូមិភាគនានា និងក្នុងប្រជាជាតិ ហើយនៅក្នុងសហប្រជាជាតិត្រូវសហការគ្នាកាន់តែសកម្មឡើងៗ។ ក្នុងវិស័យសិក្សាក៏ត្រូវសហការដែរ។ ហេតុនេះ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឱ្យសាលារៀនកាតូលិករួមសហការគ្នា និងពង្រឹងសហការជាមួយសាលារៀនឯទៀតៗដែរ តាមតែប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលទាមទារ។
ការសហការកាន់តែខ្លាំង និងការខិតខំធ្វើការរួមគ្នានេះមុខជានឹងផ្តល់លទ្ធផលកាន់តែច្រើនឡើង ជាពិសេស នៅគ្រឹះស្ថានកម្រិតឧត្តមសិក្សា។ សូមឱ្យមហាវិទ្យាល័យទាំងប៉ុន្មានក្នុងគ្រប់សកលវិទ្យាល័យ ជួយគ្នាទៅវិញទៅមក តាមតែឯកទេសនៃមុខវិជ្ជានីមួយៗអនុញ្ញាតឱ្យ។ លើសពីនេះទៅទៀត សកលវិទ្យាល័យទាំងប៉ុន្មានត្រូវព្រមព្រៀងគ្នាបង្រួមសកម្មភាពនានារបស់ខ្លួន និងរួមគ្នាចាត់ចែងប្រជុំអន្តរជាតិ ចែកចាយការស្រាវជ្រាវតាមវិស័យផ្សេងៗនៃវិទ្យាសាស្រ្ត ព្រមទាំងផ្តល់ដំណឹងទៅវិញទៅមកអំពីអ្វីៗដែលគេរកឃើញ ផ្លាស់ប្តូរសាស្ត្រាចារ្យមួយរយៈពេលទៅវិញទៅមក គឺពង្រីកអ្វីៗទាំងអស់ដែលអាចជួយឱ្យសហការកាន់តែខ្លាំងឡើងៗ។
ពាក្យបញ្ចប់
មហាសន្និបាតដាស់តឿនយុវជនយុវនារីយ៉ាងខ្លាំង សូមដឹងខ្លួនអំពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ការងារបង្រៀន។ ចូរប្រុងខ្លួនបំពេញការងារនេះដោយចិត្តក្លាហាន និងដោយចិត្តទូលាយ ជាពិសេស នៅតំបន់ដែលខ្វះគ្រូ ហើយដែលក្មេងៗមិនអាចរៀនបានទេ។
មហាសន្និបាតសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបូជាចារ្យ បព្វជិតបព្វជិតា គ្រីស្តបរិស័ទធម្មតា ដែលមានចិត្តលះបង់តាមដំណឹងល្អ និងយកចិត្តទុកដាក់បង្រៀនអប់រំគេនៅសាលារៀនគ្រប់ប្រភេទ និងគ្រប់កម្រិត។ ការបង្រៀនពិតជាកិច្ចការដ៏ប្រសើរជាងគេបំផុត។ មហាសន្និបាតក៏លើកទឹកចិត្តអ្នកទាំងនោះឱ្យបន្តបំពេញបន្ទុកនេះដោយចិត្តទូលាយ។ សូមខិតខំឱ្យបានប្រសើរជាងគេ ដោយមានបំណងឱ្យគោលគំនិតធ្វើឱ្យព្រះគ្រីស្តជ្រួតជ្រាបក្នុងចិត្តគំនិតកូនសិស្ស ដោយមានគរុកោសល្យល្អ និងដោយសិក្សាវិទ្យាសាស្រ្ត។ ដូច្នេះ គេមិនគ្រាន់តែជួយព្រះសហគមន៍ឱ្យប្រែជាថ្មីពីខាងក្នុងប៉ុណ្ណោះទេ តែគេពង្រឹង និងបម្រើវត្តមានដ៏សប្បុរសរបស់ព្រះសហគមន៍ក្នុងពិភពលោកនាបច្ចុប្បន្ននេះ ជាពិសេសក្នុងវិស័យវប្បធម៌។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងសេចក្តីប្រកាសទាំងមូលនេះ ហើយនឹងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឱ្យយើងក្នុងឋានៈជាគ្រីស្តទូត រួមជាមួយអស់លោកអភិបាលដោយមានព្រះវិញ្ញាណរួមជាមួយផងក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២៨ តុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)