ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

មហាសន្និបាតដ៏វិសុទ្ធបំផុត
SACROSANCTUM CONCILIUM

ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់​លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសសេចក្តីនេះ ដើម្បីគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពីពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់

បុព្វកថា

១- មហាសន្និបាតដ៏វិសុទ្ធបំផុត មានគោលដៅដូចតទៅ៖

  • ជួយឱ្យជីវិតតាមព្រះវិញ្ញាណ​របស់គ្រីស្តបរិស័ទរីក​ចម្រើនឡើងៗជាលំដាប់ជារៀងរាល់ថ្ងៃ។
  • ជួយកែសម្រួលអ្វីៗដែលព្រះសហគមន៍បានចាត់ចែងជាយូរមកហើយ ដែលអាចប្រែប្រួល បានសមស្រប​តាមតម្រូវការនាសម័យយើងនេះ។
  • គាំទ្រអ្វីៗទាំងប៉ុន្មានដែលអាចជួយឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ​រួបរួមគ្នាជាធ្លុងតែមួយ។
  • ពង្រឹងអ្វីៗទាំងប៉ុន្មានដែលអាចណែនាំមនុស្សលោកទាំងអស់ឱ្យមកជ្រកកោនក្រោមម្លប់នៃព្រះសហគមន៍។

ដោយមានគោលដៅទាំងនោះ មហាសន្និបាតយល់ឃើញថា មានភារកិច្ចពិសេស គឺយកចិត្តទុកដាក់​កែ​សម្រួល និងជួយពង្រីកពង្រឹងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។

២- ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត

ដោយសារពិធីគោរពប្រណិប័តន៍ ជាពិសេស ដោយសារសក្ការបូជាអរព្រះគុណ “ព្រះជាម្ចាស់រំដោះយើង”។ ពិធី​ទាំង​នោះ ក៏ជួយយ៉ាងខ្ពង់ខ្ពស់បំផុតឱ្យគ្រីស្តបរិស័ទប្រកាសជំនឿតាមការរស់នៅរបស់ខ្លួន និងសម្តែង​ឱ្យអ្នក​ដទៃ​ស្គាល់​គម្រោងការ​ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ព្រមទាំងស្គាល់លក្ខណៈដ៏ពិតប្រាកដរបស់ព្រះសហគមន៍ទៀតផង។ មាន​តែ​ព្រះសហគមន៍ទេដែលមានលក្ខណៈលោកីយ៍ផង ហើយនៅពេលតែមួយនោះ មានលក្ខណៈរបស់ព្រះជាម្ចាស់ផង។ មនុស្សអាចមើល​ឃើញព្រះសហគមន៍បានផង ហើយមានអ្វីៗដ៏ប្រសើរជាងដែលមនុស្សមើល​មិន​ឃើញ​ផង​ដែរ។ ព្រះសហគមន៍ខ្នះខ្នែងប្រព្រឹត្តសកម្មភាពផង ហើយនៅស្ងៀមស្មឹងស្មាធិ៍ផង ព្រះសហគមន៍រស់នៅ​ក្នុង​លោក​នេះ តែក៏នៅដូចជាជនបរទេសនៅក្នុងលោកនេះដែរ។ ប៉ុន្តែ ព្រះសហគមន៍រស់នៅ​តាម​បែបធ្វើឱ្យអ្វីៗ​ក្នុងខ្លួនដែល​មាន​លក្ខណៈ​លោកីយ៍ តម្រង់ទៅរកអ្វីៗដែលមានលក្ខណៈជាព្រះជាម្ចាស់ ហើយចុះចូល​នឹង​លក្ខណៈ​នោះដែរ​ ឱ្យអ្វីៗ​ដែល​មើលឃើញបានតម្រង់ ហើយចុះចូលនឹងអ្វីៗដែលមើលមិន​ឃើញ ឱ្យអ្វីៗដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាពតម្រង់ ហើយ​ចុះ​ចូល​នឹងការស្មឹងស្មាធិ៍ ឱ្យអ្វីៗក្នុងលោកនេះតម្រង់ ហើយចុះ​ចូល​នឹង​អ្វីៗ​ដែលជាប់នឹងលោក​ខាងមុខ​ដែល​យើងស្វែងរកនោះ (ហប ១៣,១៤)។ ហេតុនេះហើយ​ បានជា​ពិធីគោរព​ប្រណិប័តន៍ព្រះជាម្ចាស់​សាងអស់​អ្នក​នៅ​ខាងក្នុងព្រះសហគមន៍​ជារៀង​រាល់ថ្ងៃ ឱ្យទៅជាព្រះវិហារដ៏វិសុទ្ធ ដោយ​រួម​ក្នុងអង្គព្រះ​អម្ចាស់ ទៅជា​ព្រះដំណាក់​របស់​ព្រះ​ជាម្ចាស់ក្នុងព្រះវិញ្ញាណ (អភ ២,២១-២២) រហូតដល់មាន​ទំហំ​សមរម្យ​នឹង​ព្រះគ្រីស្តដែលបំពេញ​អ្វីៗ​ទាំង​អស់ (អភ ៤,១៤)។ ពិធីគោរពប្រណិប័តន៍ពង្រឹងកម្លាំងចិត្តរបស់គេយ៉ាង​អស្ចារ្យ​ ដើម្បីឱ្យគេអាច​ប្រកាស​ព្រះគ្រីស្ត​បាន។ ពិធីគោរពប្រណិប័តន៍ក៏បង្ហាញព្រះសហគមន៍ឱ្យអ្នកនៅខាង​ក្រៅ​ឃើញ​ដូចជាទង់មួយ ជាសញ្ញា​ដែល​ព្រះ​ជាម្ចាស់​លើកឡើងនៅចំពោះមុខប្រជាជាតិទាំងឡាយ (អស ១១,១២)។ បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ដែលខ្ចាត់​ខ្ចាយ​ក៏មក​រួប​រួមគ្នាជាអង្គ​តែ​មួយ (យហ ១១,៥២) ក្រោមទង់សញ្ញានោះ ទម្រាំដ​ល់​ពេល​មានហ្វូង​ចៀម​តែ​មួយ និង​មានគង្វាលតែ​មួយ​ផងដែរ (យហ ១០,១៦)។

៣- ធម្មនុញ្ញ និងរបៀបរបបពិធី

ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធ​យល់ឃើញ​ថា ត្រូវរម្លឹកអំពីគោលការណ៍ខាងក្រោមនេះ និងត្រូវតែង​តាំងសេចក្តីណែនាំឱ្យអនុវត្តតាម ដើម្បីជួយលើកស្ទួយ និងកែសម្រួលពិធីគោរពប្រណិប័តន៍។

ក្នុងចំណោមគោលការណ៍ និងសេចកី្ដណែនាំទាំងនោះ មានគោលការណ៍ និងសេចក្តីណែនាំខ្លះៗដែលព្រះសហគមន៍​កាន់តាម​របៀប​របប​ពិធី​នៃព្រះសហគមន៍ក្រុងរ៉ូម និងព្រះសហគមន៍កាន់តាមរបៀបរបបពិធីផ្សេងៗ អាច (នឹង​ត្រូវ) អនុវត្ត​តាម​ទាំងអស់គ្នា។ ក៏ប៉ុន្តែ ត្រូវយល់ថា មានតែព្រះសហគមន៍កាន់តាមរ​បៀរបបពិធីនៃ​ព្រះ​សហគមន៍ក្រុង​រ៉ូម​ប៉ុណ្ណោះ​ទេ ដែលត្រូវអនុវត្តតាម​សេចក្តីណែនាំ​ចែងយ៉ាងជាក់ច្បាស់​ខាងក្រោម​នេះ លើកលែងតែ​ចំពោះ​សេចក្តី​ណែ​នាំណា​ដែលមាន​លក្ខណៈជាប់នឹងរបៀបរបបពិធីផ្សេងឯទៀត។

៤- មិនតែប៉ុណ្ណោះសោតមហាសន្និបាតដ៏វិសុទ្ធសូមប្រកាសថា

របៀបរបបពិធីផ្សេងៗដែលព្រះសហគមន៍ជា​ព្រះមាតា​ដ៏​វិសុទ្ធ​របស់យើង​តែងតែទទួលស្គាល់យ៉ាង​ត្រឹមត្រូវតាម​ច្បាប់ ​រួចហើយ សុទ្ធតែមានសិទ្ធិ និងមានតម្លៃ​ដ៏ថ្លៃ​ថ្នូរ​ស្មើ​គ្នា។ នៅពេលអនាគត ព្រះសហគមន៍ក៏មាន​បំណង​ចង់​រក្សា​ទុក និងជួយលើកស្ទួយរបៀបរបបពិធីទាំងនោះ​ឱ្យចម្រើន​ឡើង​គ្រប់បែបយ៉ាងទៀតផង។ មហាសន្និបាត​បញ្ជាក់ ដូច្នេះ ពិតជាត្រឹមត្រូវតាមការបញ្ជូនបន្តរបស់​ព្រះ​សហគមន៍​មែន។ មហាសន្និបាត​ក៏មានបំណងប្រាថ្នាថា នៅ​ត្រង់​កន្លែងណាដែលត្រូវការកែសម្រួលរបៀបរបបពិធី​បុណ្យ​នោះ​ត្រូវ​កែ​សម្រួល​ទាំងស្រុងដោយប្រុង​ប្រយ័ត្ន និង​ដោយ​គិតគូរដល់ការបញ្ជូនបន្តដ៏ត្រឹមត្រូវរបស់ព្រះ​សហគមន៍។ សូម​ជួយ​ឱ្យ​របៀបរបបពិធីទាំងនោះ​មាន​កម្លាំង​ថ្មី សម​ស្របតាមកាលៈទេសៈ និងតាមតម្រូវការនា​បច្ចុប្បន្នកាល។

ជំពូក ១
គោលការណ៍ទូទៅសម្រាប់កែសម្រួលពិធីគោរពប្រណិប័តន៍

១- លក្ខណៈនៃពិធីគោរពប្រណិប័តន៍ និងសារៈសំខាន់នៃពិធីទាំងនោះក្នុងការរស់នៅរបស់ព្រះសហគមន៍

៥- ព្រះគ្រីស្តសង្គ្រោះមនុស្សលោក

ព្រះជាម្ចាស់ “សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ទទួលការសង្រ្គោះ និងបានស្គាល់សេចក្តីពិតយ៉ាងច្បាស់“ (១ធម ២,៤)។ “នៅជំនាន់ដើម ព្រះអង្គមានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើន​លើក​ច្រើនសា ដោយប្រើរបៀប​ផ្សេងៗ​ជាច្រើន តាមរយៈពួកព្យាការី” (ហប ១,១)។ លុះដល់ពេលកំណត់ហើយ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាង​មក។ ព្រះបុត្រានេះជាព្រះបន្ទូលដែលប្រសូតជាមនុស្ស។ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់​ប្រេង​អភិសេកព្រះបន្ទូលដែល​ប្រសូត​ជា​មនុស្សនោះ ដើម្បីនាំដំណឹងល្អមកប្រាប់ជនក្រីក្រ ហើយថែទាំអ្នកដែលបាក់ទឹកចិត្ត (អស ៦១,១; លក ៤,១៨)។ “ព្រះគ្រីស្តហាក់ដូចជាគ្រូពេទ្យទាំងខាងរូបកាយផង ទាំងខាងវិញ្ញាណផង” ព្រះអង្គក៏ជាស្ពាន​មេត្រីរវាង​ព្រះ​ជាម្ចាស់ និងមនុស្សលោកដែរ (១ធម ២,៥)។ ដោយព្រះគ្រីស្តជាព្រះបន្ទូលដែលប្រសូតជាមនុស្ស មាន​សភាព​ជា​ព្រះ​ជា​ម្ចាស់ និងមានសភាពជាមនុស្សភ្ជាប់គ្នាក្នុងបុគ្គលតែមួយ ព្រះអង្គ​អាច​សង្រ្គោះមនុស្សយើងបាន។ ហេតុនេះ​ហើយ​ បាន​ជា​ក្នុង​អង្គ​ព្រះ​គ្រីស្ត “តម្លៃលោះដ៏​ពេញ​លក្ខណៈ​ដែលនាំឱ្យយើង​បាន​ស្រុះ​ស្រួល​ជានាជាមួយ​ព្រះ​បិតា និង​ការ​បម្រើ​របស់​ព្រះជាម្ចាស់យ៉ាងពេញលេញ ក៏ចូលមក​ដល់​យើងហើយ”

ព្រះគ្រីស្ត​ជាអម្ចាស់បានរំដោះមនុស្សលោកជាស្រេច និងលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់​យ៉ាង​ពេញ​លក្ខណៈ ដោយព្រះអង្គរងទុក្ខលំបាក ក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ និងយាង​ឡើង​ស្ថានលើ​យ៉ាង​រុង​រឿង។ នេះជាព្រឹត្តិការ​ណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុង​រឿងក្នុងបុណ្យចម្លង។ ដោយ​សារព្រឹត្តិការ​ណ៍ដ៏​អស្ចារ្យនេះ ព្រះអង្គ “បានកម្ទេច​បំផ្លាញអំណាចនៃសេចក្តីស្លាប់របស់​មនុស្ស​យើង ដោយទ្រង់​សោយ​ទិវង្គត ហើយទ្រង់​ក៏កែ​តម្រង់​ជីវិតឱ្យ​បាន​ជាថ្មីឡើងវិញ ដោយទ្រង់មានព្រះជន្មថ្មីដ៏រុង​រឿង​”“​ព្រះ​សហគមន៍​ទាំងមូលដែលជាអគ្គសញ្ញាដ៏ប្រសើរអស្ចារ្យ​យ៉ាងក្រៃលែង” ក៏កើតចេញមកពីមុខ​របួស​ត្រង់ចន្លោះ​ឆ្អឹងជំនីរ​របស់​ព្រះ​អង្គ​ដែល​ផ្ទុំលក់ឰដ៏ឈើឆ្កាង។ ស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះជាម្ចាស់​បាន​ប្រព្រឹត្តក្នុង​ចំណោម​ប្រជារាស្រ្ត​នៃ​សម្ពន្ធមេត្រីចាស់ ក៏សុទ្ធសឹងតែជាប្រផ្នូល​អំពីព្រឹត្តិការ​ណ៍ដ៏អស្ចារ្យ​នេះដែរ។

៦- ព្រះ​សហគមន៍​បន្ត​កិច្ច​សង្រ្គោះ​របស់​ព្រះ​គ្រីស្ត​ដោយធ្វើពិធីគោរពប្រណិប័តន៍

ព្រះបិតាចាត់ព្រះគ្រីស្តឱ្យយាងមកយ៉ាងណា ព្រះគ្រីស្តក៏ចាត់ក្រុមគ្រីស្តទូតរបស់ព្រះ​អង្គឱ្យទៅយ៉ាង​នោះ​ដែរ។ គ្រីស្តទូតទាំងនោះ​ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យប្រកាសដំណឹងល្អដល់សត្វលោកទាំងអស់ (មក ១៦,១៥) គឺជូនដំណឹងថា ដោយព្រះបុត្រារបស់ព្រះជាម្ចាស់សោយទិវង្គត​ និងមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គបាន​រំដោះ​យើងឱ្យរួចពីអំណាចរបស់មារសាតាំង (កក ២៦,១៨) និងបាន​រំដោះ​យើងឱ្យរួចពីសេចក្តីស្លាប់ ព្រមទាំងចម្លង​យើងចូលក្នុងព្រះរាជ្យ​នៃព្រះបិតារបស់ព្រះអង្គ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះគ្រីស្តចាត់​ក្រុមគ្រីស្តទូត​ឱ្យប្រព្រឹត្តតាម​កិច្ចសង្រ្គោះដែលអស់លោកប្រកាសនោះទៀតផង​ដោយអស់លោកថ្វាយសក្ការបូជាអរព្រះគុណ និងធ្វើ​អគ្គ​សញ្ញា​នានា ដែលជាស្នូល​នៃពិធីគោរពប្រណិប័តន៍ទាំងអស់។ ឧបមាថា ដោយអគ្គសញ្ញាជ្រមុជទឹក មនុស្សផ្សា​ភ្ជាប់​នឹង​ព្រឹត្តិការ​ណ៍ដ៏​អស្ចារ្យ​របស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងក្នុងបុណ្យចម្លង គឺគេ​ស្លាប់​រួម​ជាមួយព្រះអង្គ គេចូលក្នុងផ្នូររួមជាមួយព្រះអង្គ ហើយគេក៏មានជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គដែរ។ គេ​ទទួល​ព្រះ​វិញ្ញាណ​នៃបុត្រធីតា ដែលធ្វើឱ្យយើងបន្លឺសំឡេងឡើងថា “អប្បាប៉ាឪ” (រម ៨,១៥; អភ ២, ៦; កូឡ ៣,១; ២ធម ២,១១)។ គេក៏​ក្លាយទៅជាអ្នកថ្វាយបង្គំ​ដ៏ពិត​ប្រាកដដែលព្រះបិតាសព្វព្រះហឫទ័យ​ចង់​បាន (យហ ៤,២៣)។ យ៉ាង​ណាមិញ រៀងរាល់ពេលគេជួបជុំគ្នាបរិភោគ​ក្នុងពិធីជប់លៀង​របស់ព្រះអម្ចាស់ គេ​ប្រកាស​អំពីព្រះអម្ចាស់ សោយ​ទិវង្គត គឺប្រកាសរហូតដល់ព្រះ​អង្គយាងមក (១ករ ១១,២៦)។ ហេតុនេះ​ហើយ បាន​ជា​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ជា​ថ្ងៃ​ព្រះ​សហគមន៍​លេចចេញមកឱ្យពិភពលោកឃើញ “អស់អ្នក​ដែលទទួល​សេចក្តី​ដែល​លោក​សិលាប្រកាស ក៏បាន​ទទួល​ពិ​ធីជ្រមុជ​ទឹក”“សាវ័កទាំងប៉ុន្មាន​ព្យាយាម​ស្តាប់សេចក្តី​បង្រៀន​របស់ក្រុម​គ្រីស្តទូត រួមរស់ជាមួយ​គ្នា​ទុក​ជា​បងប្អូន ធ្វើ​ពិធីកាច់នំបុ័ង និងព្យាយាម​អធិដ្ឋាន…។ គេនាំគ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​ប្រជាជន​ទាំងមូល​គោរព​រាប់អាន​ពួកគេ​ទាំង​អស់​គ្នា” (កក ២,៤១-៤៧)។ តាំងពីពេល​នោះមក ព្រះសហគមន៍​តែងតែជួបជុំរួបរួម​គ្នា​លើក​តម្កើង​ព្រឹត្តិការ​ណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដែល​សោយទិវង្គត និង​មានព្រះជន្មថី្មដ៏រុង​រឿង​នៅ​ថ្ងៃ​បុណ្យចម្លងមិន​ដែលអាក់​ខាន​ឡើយ។ ព្រះ​សហគមន៍​ក៏​តែងអានសេចក្តី “ដែលមាន​ចែង​ទុកអំពីព្រះអង្គ​នៅក្នុងគម្ពីរទាំងមូល” (លក ២៤,២៧)។ ព្រះ​សហគមន៍​តែង​តែថ្វាយសក្ការបូជា​អរ​ព្រះគុណ ”ដែលធ្វើឱ្យជ័យ​ជម្នះដ៏ត្រចះ​ត្រចង់​របស់ព្រះ​គ្រីស្ត​លើសេចក្តីស្លាប់ មាន​វត្តមាន​ក្នុង​ចំណោម​ពួក​យើង”។ នៅពេលជាមួ​យគ្នានោះ ព្រះ​សហគមន៍ក៏អរព្រះគុណ “ព្រះ​ជាម្ចាស់​ចំពោះ​ព្រះ​អំណោយទាន​ដ៏​ប្រសើរ​បំផុតរបស់ព្រះអង្គដែលរកថ្លែងពុំបាន” (២ករ ៩,១៥) ក្នុង​អង្គ​ព្រះ​គ្រី​ស្តយេស៊ូ “ដើម្បីឱ្យ​យើង​លើកត​ម្កើង​សិរី​រុង​រឿង​របស់ព្រះអង្គ” (អភ ១,១២) តាម​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។

៧- វត្តមានរបស់ព្រះគ្រីស្តក្នុងពិធីគោរពប្រណិប័តន៍

ព្រះគ្រីស្តនៅតែមានវត្តមានក្នុងព្រះសហគមន៍ជានិច្ច ជាពិសេស នៅពេលព្រះសហគមន៍ធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ គឺព្រះអង្គបង្ហើយព្រះរាជកិច្ចដ៏ប្រសើរបំផុតនោះឱ្យបានជាស្ថាពរ។ ព្រះអង្គគង់នៅក្នុងសក្ការបូជានៃអភិបូជា គឺ​ក្នុង​រូបបូជាចារ្យជាអ្នកបំពេញមុខងារបម្រើ។ “ព្រះអង្គដែលថ្វាយខ្លួននៅ​ពេលនេះ ​ដោយ​សារមុខងារ​បម្រើរបស់​បូជាចារ្យ ក៏ជាព្រះអង្គដែលបានបូជាព្រះជន្មនៅឰដ៏ឈើឆ្កាងដែរ”។ ព្រះអង្គគង់នៅតាមកម្រិតដ៏ខ្ពង់ខ្ពស់បំផុតក្នុង​រូប​សញ្ញានំ និងស្រាដែល​ថ្វាយក្នុងអគ្គសញ្ញាអរព្រះគុណ។ ព្រះអង្គក៏​គង់​នៅ​តាម​អគ្គសញ្ញានានា​ដោយសារ​ឫទ្ធានុភាព​របស់ព្រះអង្គ។ ដូច្នេះ នៅពេលនរណាម្នាក់ធ្វើអគ្គសញ្ញាជ្រមុជ​ទឹកជូន​គេ គឺព្រះ​គ្រីស្តផ្ទាល់ជ្រមុជទឹកជូនគេ។ ព្រះ​អង្គ​គង់​នៅ​តាម​ព្រះបន្ទូលព្រះអង្គ ដ្បិតពេល​ណាគេអាន​ព្រះ​គម្ពីរនៅក្នុងព្រះសហគមន៍ ពេលនោះ គឺព្រះអង្គផ្ទាល់​មាន​ព្រះបន្ទូល។ ពេល​ព្រះ​សហគមន៍​ទូល​អង្វរ និងស្មូតទំនុកតម្កើង ព្រះអង្គក៏គង់នៅទីនោះដែរ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​សន្យាថា៖ “នៅទីណា​មាន​ពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ” (មថ ១៨,២០)។ ពិតមែនហើយ ព្រះគ្រីស្តរួបរួមជាមួយ​ព្រះសហគមន៍គ្រប់ពេលវេលា ដើម្បីបំពេញ​ព្រះរាជកិច្ច​ដ៏​ប្រសើរ​បំផុតនេះ គឺនាំ​ឱ្យ​មនុស្សលើកតម្កើងសិរីរុងរឿងរបស់​ព្រះជាម្ចាស់​យ៉ាងពេញលេញ ព្រម​ទាំង​ប្រោសឱ្យ​មនុស្សបាន​វិសុទ្ធផង។ ព្រះ​គ្រីស្ត​រួបរួមជាមួយនឹង​ព្រះសហគមន៍ ជាព្រះមហេសីដ៏​ជា​ទីស្រឡាញ់របស់ព្រះអង្គ ព្រះសហគមន៍​អង្វរ​ព្រះ​អម្ចាស់​របស់ខ្លួន ហើយគោរព​បម្រើថ្វាយបង្គំព្រះបិតាដែល​មានព្រះ​ជន្មគង់នៅជានិច្ច​និរន្ត៍ដោយសារ​ព្រះ​អង្គ។

ហេតុ​នេះ​ហើយ បានជាត្រូវចាត់ទុកយ៉ាងត្រឹមត្រូវថា ព្រះយេស៊ូគ្រីស្ត​ពិតជាបំពេញមុខងារ​ជា​បូជាចារ្យ ​ដោយ​សារ​ពិធី​គោរពប្រណិប័តន៍។ ដោយព្រះយេស៊ូគ្រីស្ត​បំពេញមុខងារជាបូជាចារ្យ​នោះ ព្រះអង្គ​ក៏សម្តែងថា ព្រះអង្គ​ប្រោស​ឱ្យ​មនុស្ស​បាន​វិសុទ្ធ តាមសញ្ញាសម្គាល់​ដែល​អាចមើលឃើញ ហើយព្រះអង្គប្រោសឱ្យគេ​បាន​វិសុទ្ធតាម​របៀប​ប្លែកៗពីគ្នា ស្របតាមសញ្ញានីមួយៗទាំងនោះ​ផង។ ដោយព្រះ​យេស៊ូ​គ្រីស្ត​បំពេញមុខងារ​ជា​បូជាចារ្យនោះ ព្រះ​កាយ​ដ៏អាថ៌កំបាំងរបស់ព្រះយេស៊ូគ្រីស្ត គឺទាំងព្រះសិរសា ទាំងសរីរាង្គ​នាំគ្នា​គោរព​បម្រើព្រះ​ជា​ម្ចាស់​យ៉ាង​សាធារណៈ និងយ៉ាងពេញលេញ។

ហេតុនេះហើយ បានជាគ្រប់ពិធីគោរពប្រណិប័តន៍​ជាព្រះរាជកិច្ចរបស់ព្រះគ្រីស្ត​ជា​បូជាចារ្យ​ផង និង​ជាកិច្ចរបស់​ព្រះសហគមន៍ជាព្រះកាយ​ព្រះ​អង្គ​ផង គឺជាកិច្ចសក្ការៈដ៏ប្រសើរ​ឧត្តុង្គឧត្តមបំផុត គ្មាន​កិច្ច​ដ៏សក្ការៈ​ណា​មួយ​ផ្សេង​ទៀត​ស័ក្តិសិទ្ធិដូច ឬមានកម្រិតដូចបានឡើយ។

៨- ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់នៅលោកនេះ និងពិធីគោរពប្រណិប័តន៍នៅលោកខាងមុខ

ពេលយើងចូលរួមធ្វើពិធីគោរពប្រណិប័តន៍ក្នុងលោកនេះ យើងក្រេបជញ្ជក់ជាមុន​នូវរស​ជាតិ​នៃ​ពិធីគោរព​ប្រណិប័តន៍​នៅបុរី​យេរូសាឡឹម​ដ៏វិសុទ្ធនៃលោកខាងមុខ​ដែរ។ យើងកំពុងតែជាបូជនីយេសក៍ក្នុងលោកនេះ​តម្រង់​ទៅ​បុរី​នោះ ជាបុរីព្រះ​គ្រីស្តគង់ខាងស្តាំព្រះបិតាក្នុងឋានៈជាអ្នកបម្រើវិហារដ៏សក្ការៈ និងជាព្រះពន្លាដ៏ពិតប្រាកដ (វវ ២១,២; កូឡ ៣,១; ហប ៨,២)។ យើងក៏​ច្រៀងបទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់រួមជាមួយ​កងកម្លាំង​នៃ​ស្ថាន​បរមសុខ​ដែរ។ ដោយនឹក​គោរពសន្តបុគ្គលទាំងឡាយ យើង​សង្ឃឹមថា​ នឹង​បានចូលរួមជាមួយដែរ។ យើង​ក៏​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង និងជាព្រះសង្រ្គោះរហូត​ដល់ពេលព្រះអង្គដែលជាជីវិតរបស់យើងសម្តែង​ព្រះ​អង្គមក។ នៅពេលនោះ យើងក៏នឹងលេចឡើងមករួមជាមួយព្រះអង្គប្រកបដោយសិរីរុងរឿងដែរ (ភីល ៣,២០; កូឡ ៣,៤)។

៩- ព្រះសហគមន៍មានសកម្មភាពឯទៀតៗជាច្រើន ក្រៅពីពិធីគោរពប្រណិប័តន៍

ពិធីគោរពប្រណិប័តន៍ពុំមែនជាសកម្មភាពទាំងមូលរបស់ព្រះសហគមន៍ទេ ដ្បិតមុនមនុស្ស​អាចចូលរួមក្នុង​ពិធី​ទាំង​នោះបាន លុះត្រាតែព្រះជាម្ចាស់ត្រាស់ហៅគេឱ្យមានជំនឿ និងឱ្យគេប្រែចិត្តគំនិត។ “គេអង្វរព្រះ​ជាម្ចាស់​ដូច​ម្តេចកើត បើគេមិនជឿ? ឱ្យគេជឿលើព្រះអង្គដូចម្តេចកើត បើគេមិនដែលឮព្រះអង្គមានព្រះ​បន្ទូល? ឱ្យគេឮដូច​ម្តេច​កើត បើគ្មាននរណាប្រកាស? ឱ្យមានអ្នកប្រកាសដូចម្តេចកើត បើគ្មាន​នរ​ណាចាត់​ឱ្យ​ទៅប្រកាសផងនោះ?” (រម ១០,១៤-១៥)។

ហេតុនេះហើយ បានជាព្រះសហគមន៍ប្រកាសដំណឹងល្អស្តីអំពីការសង្រ្គោះដល់អស់អ្នកដែល​គ្មាន​ជំនឿលើ​ព្រះគ្រីស្ត ដើម្បីឱ្យមនុស្សទាំងអស់ស្គាល់ព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដតែមួយអង្គគត់​ និងស្គាល់ព្រះយេស៊ូគ្រីស្តដែល​ព្រះជាម្ចាស់ចាត់ឱ្យយាងមកដែរ។ ដូច្នេះ គេប្រែចិត្តគំនិតទាំងនឹកស្តាយដោយបាន​ប្រព្រឹត្តអំពើបាបទៀតផង។ ចំពោះ​គ្រីស្តបរិស័ទដែលមានជំនឿវិញ ព្រះសហគមន៍ត្រូវតែប្រកាស​ជំនឿដល់គេជា​និច្ច និងនាំឱ្យគេនឹកស្តាយដោយ​បាន​ប្រព្រឹត្តអំពើបាប​ដែរ (យហ ១៧,៣; លក ២៤,២៧; កក ២,៣៨)។ ព្រះសហគមន៍ក៏ត្រូវ​អប់រំគេឱ្យ​ទទួល​អគ្គសញ្ញា ត្រូវបង្ហាត់បង្រៀនគេឱ្យប្រតិបត្តិ​តាម​សេចក្តីទាំងប៉ុន្មានដែលព្រះគ្រីស្តបានបង្គាប់ (មថ ២៨,២០) និង​ដាស់​តឿនគេឱ្យប្រព្រឹត្តកិច្ចការដ៏សប្បុរស​គ្រប់យ៉ាង ឱ្យគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងធ្វើកិច្ចការជាគ្រីស្តទូតទៀត​ផង។ គ្រីស្តបរិស័ទធ្វើកិច្ចការ​ទាំង​នោះដើម្បីបង្ហាញ​បញ្ជាក់ថា ទោះគេមិនកើតមកពីលោកីយ៍នេះក្តី គេក៏នៅតែ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ហើយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៅចំពោះមុខមនុស្សលោកផងដែរ។

១០- ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ជាកំពូល និង​ជា​ប្រភព​នៃជីវិត​របស់​ព្រះ​សហគមន៍

ប៉ុន្តែ សកម្មភាពគ្រប់យ៉ាងរបស់ព្រះសហគមន៍ពិតជាតម្រង់ឆ្ពោះទៅកាន់ពិធីគោរពប្រណិប័តន៍ទុកជាកំពូល។ ពិធី​គោរពប្រណិប័តន៍​ក៏​ជាប្រភពនៃឫទ្ធានុភាពទាំងស្រុងរបស់ព្រះសហគមន៍ដែរ។ អស់អ្នកដែលខិតខំបំពេញ​កិច្ចការ​ជា​គ្រីស្តទូត មានគោល​ដៅណែនាំ​ឱ្យមនុស្សទាំងអស់​ទៅជាបុត្រធីតារបស់​ព្រះជាម្ចាស់ ដោយ​ផ្ញើជីវិតលើ​ព្រះគ្រីស្ត និង​ដោយ​ទទួល​អគ្គ សញ្ញាជ្រមុជទឹកទៀតផង។ បន្ទាប់មក ឱ្យគេជួបជុំគ្នា និងលើកតម្កើងព្រះជាម្ចាស់​ក្នុង​ព្រះ​សហគមន៍ និង​ឱ្យ​ចូលរួម​ក្នុងសក្ការបូជានៃអភិបូជា ព្រមទាំងឱ្យបរិភោគរួមក្នុងពិធី​ជប់លៀង​របស់​ព្រះ​អម្ចាស់។ ម្យ៉ាង​ទៀត ពិធីគោរពប្រណិប័តន៍ក៏ជំរុញគ្រីស្តបរិស័ទដែល​ទទួល​ទាន​នៃ “អគ្គសញ្ញា​នៃ​បុណ្យ​ចម្លង” យ៉ាងឆ្អែត​ស្កប់​ស្កល់ឱ្យរួប​រួម​គ្នាជា “ធ្លុងតែមួយ”។ ក្នុងពិធីគោរពប្រណិប័តន៍ ព្រះសហគមន៍អង្វរ​ព្រះអង្គ “សូមឱ្យ​គ្រីស្តបរិស័ទ​កាន់​តាម​អ្វីៗ​ដែល​គេ​បាន​យល់ឃើញ​ដោយសារ​ជំនឿ” តាមការរស់នៅរបស់ខ្លួន។ ក្នុងអភិបូជា ព្រះ​សហគមន៍​ចង​សម្ពន្ធ​មេត្រី​របស់​ព្រះ​អម្ចាស់​ជាមួយមនុស្ស​លោក​សាជាថ្មី។ សម្ពន្ធមេត្រីថ្មីនេះក៏ទាក់ទាញ​ចិត្ត​គ្រីស្តបរិស័ទ​ ហើយ​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្ត​ក៏ជំរុញចិត្តគេទៀតផងដែរ។ ហេតុនេះហើយបានជាព្រះ​ហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ហូរ​ចេញ​មកពីពិធីគោរពប្រណិប័តន៍ ជាពិសេស ពីអគ្គសញ្ញាអរព្រះគុណ ដែលហាក់បីដូចជា ហូរ​ចេញ​ពីប្រភព​តែមួយមក​ក្នុង​យើង។ យើងក៏អាចទទួលព្រះហឫទ័យប្រណីសន្តោសនេះយ៉ាងស័ក្តសិទ្ធបំផុត ដែល​ប្រោស​ឱ្យមនុស្សយើងបាន​វិសុទ្ធក្នុងអង្គព្រះគ្រីស្តដែរ។ សកម្មភាពឯទៀតៗទាំងប៉ុន្មាន​របស់​ព្រះ​សហគមន៍មាន​គោល​ដៅតែមួយ គឺលើក​តម្កើង​សិរីរុង​រឿងរបស់ព្រះជាម្ចាស់។

១១- ចិត្តគំនិតអ្នកចូលរួមក្នុងពិធីគោរពប្រណិប័តន៍

បើគ្រីស្តបរិស័ទចង់ទទួលព្រះហឫទ័យប្រណីសន្តោសនេះតាមរបៀបដែលមានប្រសិទ្ធភាព និងយ៉ាងពេញ​លេញ គេត្រូវ​ចូល​រួម​ក្នុង​ពិធីគោរពប្រណិប័តន៍ដោយមានអារម្មណ៍ល្អ គឺមានចិត្តទៀងត្រង់ មានចិត្តគំនិត​ស្របតាម​ពាក្យ​ដែល​គេ​ពោល។ គេ​ត្រូវ​រួម​សហការ​ជាមួយ​ព្រះ​ជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណី​សន្តោស។ បើមិន​ដូច្នេះ​ទេ ព្រះ​ហឫទ័យ​ប្រណី​សន្តោស​ដែលគេទទួលនោះ គឺអសារឥតការឡើយ (២ករ ៦,១)។ ហេតុនេះហើយ បាន​ជា​អស់អ្នក​ណែនាំព្រះ​ស​ហគមន៍​ត្រូវ​យក​ចិត្តទុកដាក់ធ្វើឱ្យ​គ្រីស្តបរិស័ទ​ចូលរួមក្នុងពិធី​បុណ្យដោយយល់​អត្ថន័យ គឺយល់​អត្ថន័យ​នៃពិធីចូល​រួម​យ៉ាង​សកម្ម​ និង​តាម​របៀប​ដែលអាច​បង្កើត​ផលបានទៀតផង មិនត្រូវគិតគូរ​ឱ្យ​គ្រាន់តែ​គោរពតាមច្បាប់ ឬគ្រាន់​តែ​ធ្វើពិធី​យ៉ាង​ត្រឹម​ត្រូវ​តាមវិន័យប៉ុណ្ណោះទេ។

១២- ពិធីគោរពប្រណិប័តន៍ និងពិធីគោរពតាមប្រពៃណី

ការរស់នៅតាមព្រះវិញ្ញាណ មិនអាស្រ័យតែលើការចូលរួមក្នុងពិធីគោរពប្រណិប័តន៍ប៉ុណ្ណោះទេ។ ទោះជា​ព្រះជា​ម្ចាស់​ត្រាស់ហៅគ្រីស្តបរិស័ទឱ្យអធិដ្ឋានរួមជាមួយអ្នកឯទៀតៗក្តី ក៏គេត្រូវចូលទៅក្នុងបន្ទប់របស់ខ្លួន​ ហើយ​ទូល​ទៅ​ព្រះ​បិតានៅទីស្ងាត់កំបាំង (មថ ៦,៦)។ លើសពីនេះទៅទៀត គេត្រូវអធិដ្ឋានឥត​ឈប់​ឈរ​តាម​គ្រីស្តទូត​ប៉ូល​ប្រៀន​ប្រដៅ (១ថស ៥,១៧)។ គ្រីស្តទូតប៉ូលដដែលបង្រៀន​យើង​ថា យើងត្រូវផ្ទុកសេចក្តីស្លាប់របស់​ព្រះ​យេ​ស៊ូ​ក្នុង​រូប​កាយ​យើងដែលរមែងតែងតែស្លាប់ ដើម្បីឱ្យ​ព្រះ​ជន្មរបស់​ព្រះយេស៊ូលេចចេញមកឱ្យគេឃើញ​នៅក្នុង​រូប​កាយ​យើង​ដែរ (២ករ ៤,១០-១១)។ ហេតុ​នេះ​ហើយ បាន​ជាក្នុងសក្ការបូជានៃអភិបូជា យើងតែងអង្វរព្រះ​អម្ចាស់​ថា ដោយ​ព្រះអង្គ​សព្វព្រះហឫទ័យទទួល​យញ្ញ​បូជា​ខាងវិញ្ញាណនោះទុកជាតង្វាយ សូមព្រះអង្គ​លើកយើង “ទុកជា​តង្វាយ​ដែល​ស្ថិត​នៅអស់​កល្បជានិច្ចថ្វាយព្រះអង្គ”

១៣- គួរទូន្មានយ៉ាងខ្លាំងឱ្យគ្រីស្តបរិស័ទធ្វើពិធីតាមប្រណី

លុះត្រាតែពិធីទាំងនោះស្របតាម​ច្បាប់ និង​តាម​សេចក្តី​ណែ​នាំ​របស់ព្រះសហគមន៍ ជាពិសេស​ ប្រសិន​បើ​គេ​នាំ​គ្នា​ធ្វើពិធីទាំងនោះ ស្របតាម​បទ​បញ្ជារបស់​សន្ត​អាសនៈ។

ត្រូវចាត់ទុកថា ពិធីតាមប្រពៃណីរបស់ព្រះសហគមន៍ភូមិភាគនីមួយៗមានតម្លៃថ្លៃថ្នូរពិសេស នៅពេល​ណា​ប្រជាជន​នាំគ្នាធ្វើតាមបទបញ្ជារបស់លោកអភិបាល ឬតាមទំនៀមទម្លាប់ ​ឬតាមក្បួនពិធីដែលបាន​ទទួលការ​អនុម័ត​ត្រឹម​ត្រូវ​តាម​ច្បាប់។

ប៉ុន្តែ ត្រូវចាត់ចែងពិធីតាមប្រពៃណីទាំងនោះ ដោយគិតគួរដល់ពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំ​ឆ្នាំ ដើម្បី​ឱ្យ​ពិធី​តាមប្រពៃណីទាំងនោះសមស្របតាមពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំ ដែលហាក់ដូចជាពិធីតាមប្រពៃណី​ទាំង​នោះ​ហូរចេញ​មក​ពី​ពិធី​តាមរដូវប្រចាំឆ្នាំ ព្រមទាំងណែនាំប្រជាជនឱ្យចូលរួមក្នុងពិធីប្រចាំឆ្នាំទៀតផង ពីព្រោះ​តាម​លក្ខណៈ​នៃពិធី គឺពិធី​គោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំ ប្រសើរជាងពិធីគោរពតាមប្រពៃណីទាំងនោះ។

២- ត្រូវអប់រំគ្រីស្តបរិស័ទខាងពិធីគោរពប្រណិប័តន៍ និងឱ្យចូលរួមយ៉ាងសកម្ម

១៤- ព្រះសហគមន៍ជាមាតា

មានបំណងប្រាថ្នាចង់ណែនាំគ្រីស្តបរិស័ទទាំងអស់ ឱ្យចូលរួមក្នុងពិធី​គោរពប្រណិប័តន៍​យ៉ាងពេញ​លេញ ដោយ​យល់​អត្ថន័យ និងចូលរួមយ៉ាងសកម្មទៀតផង។ របៀបចូលរួមក្នុងពិធីបែបនេះ ពិតជា​ស្រប​តាម​លក្ខណៈ​ផ្ទាល់​នៃ​ពិធីគោរពប្រណិប័តន៍ ហើយគ្រីស្តបរិស័ទ​ទាំង​អស់​ក៏មានសិទិ្ធ និងមានភារកិច្ចចូល​រួមក្នុង​ពិធី​តាម​បែប​នេះ​ដែរ ព្រោះគ្រីស្ត​បរិស័ទដែលទទួលអគ្គសញ្ញាជ្រមុជទឹកជា “ពូជសាសន៍​មួយ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើ​ស ជា​ក្រុម​បូជាចារ្យ​របស់ព្រះមហាក្សត្រ ជាជាតិសាសន៍​ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែល​ព្រះ​ជាម្ចាស់បាន​យកមក​ធ្វើជា​កម្មសិទ្ធិផ្ទាល់​របស់ព្រះអង្គ” (១សល ២,៩; ២,៤-៥)។

ពេលកែ​សម្រួល និងលើកស្ទួយពិធីគោរពប្រណិប័តន៍ ត្រូវខិតខំឱ្យអស់ពីសមត្ថភាពតាមគោលដៅតែមួយ គឺ​ណែនាំ​ឱ្យ​ប្រជាជន​ទាំង​មូលចូលរួមយ៉ាងពេញលេញ និងយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ។ ពិធី​គោរព​ប្រណិប័តន៍ពិត​ជា​ប្រភពទីមួយ និង​ដ៏ចាំ​បាច់​ដែលខានមិនបាន ដើម្បីឱ្យគ្រីស្តបរិស័ទមានចិត្តគំនិតជា​គ្រីស្ត​បរិស័ទ​សុទ្ធ​សាធ។ ហេតុនេះ​ហើយ ​បាន​ជា​អស់លោកគង្វាលព្រះសហគមន៍ត្រូវខិតខំខ្នះ​ខ្នែង​ក្នុង​គ្រប់កិច្ចការ​ណែនាំ​របស់ខ្លួន អប់រំប្រជាជន​គ្រីស្តបរិស័ទ​ឱ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យបែបនេះ ដោយប្រើ​វិធី​គរុកោសល្យ​តាម​សេចក្តី​ត្រូវ​ការ។

ប៉ុន្តែ ប្រសិនបើគោលគំនិត និងកម្លាំងនៃពិធីគោរពប្រណិប័តន៍​មិនជ្រួតជ្រាបចិត្តអស់​លោកគង្វាល​យ៉ាងជ្រៅ​ទេ ហើយប្រសិនបើអស់លោកមិនបានទទួលសមត្ថភាពអាចបង្រៀនអ្នកដទៃជាមុនសិននោះ មហាសន្និបាតគ្មាន​សង្ឃឹម​ថា នឹងទៅដល់​គោលដៅរបស់ខ្លួនបានឡើយ។ ហេតុនេះហើយ ត្រូវគិតគូរអំពីការអប់រំក្រុម​គង្វាល អំពី​ពិធី​គោរព​ប្រណិប័តន៍​ជាមុន​សិ​ន។ ការនេះពិតជាចំបាច់បំផុត។

អាស្រ័យហេតុនេះហើយ បាន​ជា​មហា​សន្និបាត​ដ៏វិសុទ្ធបាន​សម្រេច​សេចក្តីដូចតទៅ៖

១៥- ត្រូវអប់រំសាស្រ្តាចារ្យខាងពិធីគោរពប្រណិប័តន៍

សាស្រ្តាចារ្យដែលបង្រៀនអំពីពិធីគោរពប្រណិប័តន៍នៅក្នុងទេវវិទ្យាល័យ នៅក្នុងគេហដ្ឋានអប់រំបព្វជិត​បព្វជិតា និង​នៅ​ក្នុង​មហាវិទ្យាល័យខាងទេវវិទ្យា ​ត្រូវទទួលការហ្វឹកហ្វឺនអប់រំនៅ​គ្រឹះស្ថានដែលមានគោល​ដៅ​បង្រៀន​អំពីពិធី​គោរព​ប្រណិប័តន៍។

១៦- ការអប់រំក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង

ត្រូវរាប់បញ្ចូលការបង្រៀនអំពីពិធីគោរពប្រណិប័តន៍ក្នុងចំណោមមុខវិជ្ជាដ៏សំខាន់ៗ និងដែលត្រូវការជាចាំ​បាច់​ដែល​ត្រូវតែរៀននៅក្នុងទេវវិទ្យាល័យ និងនៅក្នុងគេហដ្ឋានអប់រំបព្វជិតបព្វជិតា។ នៅមហាវិទ្យាល័យខាង​ទេវ​វិទ្យាវិញ ត្រូវ​រាប់បញ្ចូលការបង្រៀនអំពីពិធីគោរពប្រណិប័តន៍ក្នុងចំណោមមុខវិជ្ជាដ៏សំខាន់ជាងគេ។ ត្រូវបង្រៀនអំពី​ពិធី​គោរព​ប្រណិប័តន៍ ដោយនឹកគិត​ដល់​ទេវវិទ្យា និងដល់ប្រវត្តិវិទ្យា ព្រមទាំង​ដល់វិជ្ជានៃជីវិតតាមព្រះវិញ្ញាណ​ ដល់​វិជ្ជា​ណែ​នាំ​គ្រីស្តបរិស័ទ និងដល់ច្បាប់​វិន័យ​ទៀតផង។ ម្យ៉ាងទៀត សាស្រ្តាចារ្យដែលបង្រៀនមុខវិជ្ជាផ្សេងៗ​ ជា​ពិសេស​ សាស្រ្តាចារ្យ​បង្រៀន​ទេវវិទ្យា​លទ្ធិ​មូល​ដ្ឋាន បង្រៀនព្រះគម្ពីរ បង្រៀនវិជ្ជានៃជីវិតតាមព្រះវិញ្ញាណ​ វិជ្ជាណែ​នាំ​គ្រីស្តបរិស័ទក៏ត្រូវយកចិត្ត​ទុក​ដាក់គូស​សង្កត់​លើ​គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងលើប្រវត្តិសាស្រ្តនៃ​ការ​សង្គ្រោះ តាមតែមុខវិជ្ជារបស់​ខ្លួន​អនុញ្ញាត​ឱ្យ ទើបនិសិ្សតអាចយល់ឃើញយ៉ាង​ច្បាស់ថា មុខវិជ្ជាទាំង​នោះ​ពាក់ព័ន្ធ​ជាមួយពិធី​គោរពប្រណិប័តន៍ ព្រម​ទាំង​យល់​ឃើញ​ថា ការអប់រំរបស់បូជាចារ្យស៊ីគ្នាពីខាងក្នុងទៀតផង។

១៧- ចំពោះអស់អ្នកដែលនឹងទទួល​អគ្គសញ្ញាតែងតាំង

នៅពេលខាងមុខ ហើយកំពុងតែរៀននៅទេវវិទ្យាល័យ និង​នៅ​ក្នុង​គេហដ្ឋានអប់រំបព្វជិត​បព្វជិតា ត្រូវយកពិធី​គោរព​ប្រណិប័តន៍មកអប់រំខ្លួនឱ្យមានជីវិតខាងព្រះវិញ្ញាណ គឺត្រូវ​ណែ​នាំ​គេ​យ៉ាង​ប្រសើរ​ឱ្យ​យល់​អត្ថន័យ​ពិធីដ៏​សក្ការៈ និងឱ្យផ្ចង់ចិត្តយ៉ាងខ្លាំងនឹងពិធីទាំងនោះ។ ត្រូវធ្វើពិធី​លើក​តម្តើង​ព្រឹត្តិការណ៍​ដ៏វិសុទ្ធ ពោលគឺ ថ្វាយអភិបូជា និង​ប្រព្រឹត្តកិច្ចគោរព​ប្រណិប័តន៍​ផ្សេងទៀតផង ដោយមាន​ពិធី​គោរព​ប្រណិប័តន៍​ជ្រួតជ្រាបចិត្តគេផងដែរ។ គេក៏​ត្រូវ​រៀន​ឱ្យចេះ​គោរព​ក្បួនវិន័យនៃពិ​ធីគោរពប្រណិប័តន៍ដែរ។ ធ្វើ​ដូច្នេះ​ ទើប​ការរស់នៅ​ក្នុង​ទេ​វវិទ្យាល័យ និង​នៅក្នុង​គេហដ្ឋាន​អប់រំ​បព្វជិតបព្វជិតានឹង​ជ្រួត​ជ្រាប​ដោយ​គោល​គំនិតនៃ​ពិធី​គោរព​ប្រណិប័តន៍​ជា​ពុំខាន។

១៨- ត្រូវជួយលោកគង្វាល

ទាំងភូមិភាគ ទាំងបព្វជិតដែលកំពុងបម្រើព្រះសហគមន៍ ដោយ​ប្រើ​ជំនួយទាំងប៉ុន្មាន​ដែល​អស់​លោកត្រូវការ ដើម្បី​យល់​អត្ថន័យពីពិធីដែលអស់លោក​ធ្វើឱ្យកាន់​តែ​ច្បាស់ នៅពេល​អស់​លោកបំពេញមុខងារ​ដ៏​សក្ការៈផ្សេងៗ។ ត្រូវ​ជួយ​អស់លោកឱ្យរស់​នៅ​តាមពិធីគោរពប្រណិប័តន៍ និងឱ្យអស់​លោក​អាច​ចែក​រំលែកបទ​ពិសោធន៍​នោះជាមួយ​នឹង​គ្រីស្តបរិស័ទដែលព្រះ​សហគមន៍ផ្ញើទុកមកឱ្យអស់លោក។

១៩- ការអប់រំគ្រីស្តបរិស័ទអំពីពិធីគោរពប្រណិប័តន៍

អស់លោកគង្វាលព្រះសហគមន៍ ត្រូវខិតខំខ្នះខ្នែងដោយចិត្តអត់ធ្មត់ បន្តការអប់រំគ្រីស្តបរិស័ទ​អំពី​ពិធី​គោរព​ប្រណិប័តន៍ និងណែនាំ​ឱ្យគេចូលរួមក្នុងពិធីទាំងអស់យ៉ាងសកម្ម ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណផង។ ត្រូវ​អប់រំ​គេ​ស្របតាមអាយុ តាម​សភាពការណ៍ជីវភាព និងតាមកម្រិតវប្បធម៌សាសនារបស់គេទៀតដែរ។ ធ្វើដូច្នេះ ទើបអស់​លោក​ដែល​ណែនាំព្រះសហគមន៍ មុខជានឹងសម្រេចភារកិច្ចមួយដ៏សំខាន់របស់ខ្លួន ជាអ្នកចាត់ចែងអំពី​គម្រោងការ​ដ៏​អស្ចារ្យរបស់ព្រះ​ជា​ម្ចាស់យ៉ាងស្មោះត្រង់។ ក្នុងករណីនេះ អស់លោកមិនត្រូវណែ​នាំ​ហ្វូងចៀមរបស់​ខ្លួន​ដោយ​គ្រាន់​តែ​ប្រើ​ពាក្យសម្តីប៉ុណ្ណោះទេ តែខ្លួនផ្ទាល់ត្រូវធ្វើជាគំរូដល់គេថែមទៀតផង។

២០- មធ្យោបាយផ្សព្វផ្សាយពិធីគោរពប្រណិប័តន៍

ត្រូវផ្សព្វផ្សាយពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ ជាពិសេសអភិបូជា តាមវិទ្យុនិងតាមទូរទស្សន៍ តាម​របៀប​ដ៏​ថ្លៃថ្នូរ​មិន​អធិកអធម​ពេក ស្ថិតក្រោមការណែនាំនិងធានារ៉ាប់រងរបស់អ្នកស្ទាត់ជំនាញម្នាក់ ដែលលោក​អភិបា​ល​ចាត់​ចែង​ឱ្យ​បំពេញមុខងារនេះ។

៣- ការកែសម្រួលពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ

២១- ព្រះសហគមន៍ជាព្រះមាតា

គួរឱ្យគោរព​មានបំណងយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងកែសម្រួលពិធីគោរព​ប្រណិប័តន៍​ទូទៅ​ឱ្យ​ប្រែជាថ្មី ដើម្បីឱ្យប្រជារាស្រ្តគ្រីស្តបរិស័ទអាចទទួលព្រះអំណោយទាន​យ៉ាងច្រើន​ពីព្រះហឫទ័យប្រណីសន្តោស​របស់​ព្រះជាម្ចាស់ ដោយសារ​ពិធីគោរពប្រណិប័តន៍ដ៏​សក្ការៈទាំងនោះ។ ក្នុងពិធីគោរពប្រណិប័តន៍មានផ្នែកមួយ​ដែល​កែ​សម្រួលមិន​បាន គឺអ្វីៗ​ដែលព្រះជាម្ចាស់បានតែងតាំង។ មានផ្នែកផ្សេងៗទៀត​ដែលអាចប្រែប្រួលតាម​ដំណើរ​នៃ​ប្រវត្តិ​សាស្រ្ត​បាន។ ប្រសិន​បើមានសេចក្ដីខ្លះចូលលាយឡំក្នុង​ពិធី​បុណ្យ​ដោយចៃដន្យ ជាសេចក្តី​ដែលមិន​សូវ​ស៊ីនឹង​លក្ខណៈ​នៃ​ពិធី​បុណ្យ ឬមិនសូវសមស្របនឹងសម័យបច្ចុប្បន្ន ក៏សេចក្ដីទាំងនោះអាចកែសម្រួលបាន ហើយ​ក៏ត្រូវ​តែកែ​សម្រួល​ទៀត​ផង។

ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានជាថ្មីដោយចាត់ចែងអត្ថបទ និងពិធី​នានាតាមរបៀប​ដែល​បង្ហាញ​អត្ថន័យ​យ៉ាង​ច្បាស់​ថា ពិធីទាំងនោះជាសញ្ញាសម្គាល់អំពីព្រះហឫទ័យប្រណីសន្តោសដ៏វិសុទ្ធរបស់​ព្រះ​ជា​ម្ចាស់។ ដោយ​កែ​សម្រួល​ពិធីគោរពប្រណិប័តន៍​ឱ្យបាន​ជាថ្មី​ដូច្នេះ ទើបប្រជាជន​គ្រីស្តបរិស័ទងាយ​ស្រួលយល់​អត្ថន័យ​ឱ្យ​កាន់​តែ​ច្បាស់។ ប្រសិន​បើអាច​ធ្វើបាន ប្រជាជន​ក៏អាច​ចូល​រួមក្នុងពិធី​ទាំងនោះយ៉ាងពេញ​លេញ និងយ៉ាងសកម្ម ព្រម​ទាំង​រួម​គ្នា​ជា​ស​ហគមន៍​ទៀត​ផង។ ហេតុនេះហើយ បានជា​មហាសន្និបាត​ដ៏វិសុទ្ធបានតែងតាំង​សេចក្តីណែ​នាំ​ទូទៅដូច​ត​ទៅ៖

ក. សេចក្តីណែនាំទូទៅ

២២- អំពីអ្នកទទួលខុសត្រូវពិធីគោរពប្រណិប័តន៍

  1. ការសម្រេចសេចក្តីអំពីពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ អាស្រ័យតែលើអំណាចនៃព្រះសហគមន៍ប៉ុណ្ណោះ គឺថា មាន​តែសន្តអាសនៈប៉ុណ្ណោះអាចសម្រេចបាន ហើយក៏អាស្រ័យលើលោកអភិបាល​សម្រេចតាម​ក្បួន​ច្បាប់​បាន​កំណត់​ទុក។
  2. ក្រុមអភិបាលតែងតាំងយ៉ាងត្រឹមត្រូវតាមច្បាប់ ដែលមានសមត្ថកិច្ចក្នុងតំបន់មួយ​ក៏មានអំណាច​អាច​សម្រេច​សេចក្តីអំពីពិធីគោរពប្រណិប័តន៍បាន តាមកម្រិតអំណាចក្រុមអភិបាល​ទាំងនោះ​កំណត់តាម​ច្បាប់​រួច​ហើយ។
  3. ហេតុនេះហើយ បានជាគ្មាននរណាផ្សេងទៀត សូម្បីតែបូជាចារ្យ (អាចារ្យ) ក្តី មានសិទ្ធិបន្ថែមបន្ថយអ្វី ឬ​ផ្លាស់ប្តូរអ្វីក្នុងពិធីគោរពប្រណិប័តន៍ដោយខ្លួនឯងបានសោះ។

២៣- ការបញ្ជូនបន្ត និងការអភិវឌ្ឍន៍ពិធីគោរពប្រណិប័តន៍

មុននឹងកែសម្រួលផ្នែកនីមួយៗដែលត្រូវការកែសម្រួលនោះ ត្រូវស្រាវជ្រាវយ៉ាងហ្មត់ចត់តាមទេវវិទ្យា​ តាមប្រវត្តិសាស្រ្ត និង​តាមកិច្ចការណែនាំគ្រីស្តបរិស័ទជាមុនសិន​ ដើម្បីរក្សាទុកការបញ្ជូនបន្តដ៏ត្រឹម​ត្រូវនៃ​ព្រះ​សហគមន៍​ផង និង​ដើម្បីឱ្យពិធីគោរពប្រណិប័តន៍អាចអភិវឌ្ឍន៍ឱ្យចម្រើនឡើងផងដែរ។ លើសពីនេះទៅទៀត ក៏ត្រូវគិតគូរដល់​ក្បួន​វិន័យ​ទូទៅអំពីរចនា​សម្ពន្ធ និងអំពីគោលដៅនៃពិធីគោរពប្រណិប័តន៍ ព្រមទាំងគិតគូរដល់បទពិសោធន៍​អំពី​ការ​កែ​សម្រួល​ពិធីគោរពប្រណិប័តន៍តាំងពីប៉ុន្មានឆ្នាំកន្លងមក ហើយក៏ត្រូវ​នឹកដល់សេចកី្តអនុញ្ញាតតាមតំបន់​ផ្សេងៗ​ទៀត​ផង។ មិន​តែប៉ុណ្ណោះ ត្រូវកែសម្រួលពិធី​ឱ្យបានជាថ្មី លុះត្រាតែមានប្រយោជន៍ដល់​ព្រះ​សហគមន៍​យ៉ាង​ពិត​ប្រាកដ និង​យ៉ាង​ជាក់​ច្បាស់ ហើយក៏ត្រូវ​ធានាអះអាងយ៉ាងច្បាស់ថា របៀប​ធ្វើ​ពិធីបែបថ្មីៗនោះហូរចេញមក​ពីរបៀបពិធី​ដែល​ធ្លាប់​ធ្វើ​ពីមុនមក ហាក់ដូច​ជា​កើត​ចេញពីពិធីចាស់នោះវិញ។ ប្រសិនបើអាចធ្វើបាន ត្រូវជៀសវាងកុំឱ្យមានពិធីប្លែកៗពីគ្នា​ខ្លាំង​ពេក​ក្នុងតំបន់ដែលនៅក្បែរគ្នា។

២៤- ព្រះគម្ពីរ និងពិធីគោរពប្រណិប័តន៍

ព្រះគម្ពីរមានសារៈសំខាន់យ៉ាងខ្លាំងជាទីបំផុតក្នុងពិធីគោរពប្រណិប័តន៍ ព្រោះអត្ថបទដែលបានប្រកាសក្នុង​ពិធី​ទាំងនោះ និងដែលគេពន្យល់តាមពិធីអត្ថាធិប្បាយ ព្រមទាំងទំនុកតម្កើងដែលគេស្មូតសុទ្ធតែដកស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​មក។ ពាក្យ​អធិដ្ឋានផ្សេងៗ ពាក្យអង្វរនានា និង​បទចម្រៀងក្នុងពិធីគោរពប្រណិប័តន៍ក៏សុទ្ធ​សឹង​តែយោង​គំនិត និង​កម្លាំងពីព្រះគម្ពីរដែរ។ កាយវិការ និងនិមិត្តរូបផ្សេងៗក៏ទទួលអត្ថន័យ​ពីព្រះគម្ពីរ​ថែម​ទៀត​ផង។ ហេតុនេះ​ហើយ បាន​ជា​ត្រូវតែ​លើកស្ទួយឱ្យគ្រីស្តបរិស័ទ​ក្រេបជញ្ជក់ឱជារសដ៏ឆ្ងាញ់នៃព្រះគម្ពីរដែលមានជីវិតរស់រវើក តាម​ការ​បញ្ជូន​បន្ត​គួរ​ឱ្យ​គោរពនៃរបៀបរបប​ពិធី​នៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសផ្តល់សក្ខីភាពស្រាប់។ បើធ្វើដូច្នេះ ទើប​ការ​កែ​សម្រួល​ពិធី​គោរពប្រណិប័តន៍ដ៏សក្ការៈបាន​ជាថ្មី នឹង​ចម្រើនឡើង ហើយសមស្រប​តាម​សម័យ ព្រម​ទាំង​ទទួលជ័យជម្នះ​ពុំ​ខាន។

២៥- ត្រូវកែសម្រួល​ក្បួនពិធីគោរពប្រណិប័តន៍

ត្រូវកែសម្រួល​សៀវភៅក្បួនពិធីគោរពប្រណិប័តន៍យ៉ាងប្រញាប់បំផុត ដោយសូមអ្នកជំនាញការជួយផង និងដោយ​សួរ​យោបល់របស់អស់លោកអភិបាលតាមតំបន់ផ្សេងៗក្នុងពិភពលោកទាំងមូល។

ខ. សេចក្តីណែនាំមកពីលក្ខណៈពិធីជាកិច្ចការរួមរបស់ប្រជាជន

២៦- ពិធីគោរពប្រណិប័តន៍

មិនមែនជាកិច្ចឯកជនរបស់គ្រីស្តបរិស័ទម្នាក់ៗទេ តែពិតជាកិច្ចលើក​តម្កើងរួម​របស់ព្រះ​សហគមន៍ដែលជា “អគ្គសញ្ញា​សម្តែង​អំពី​ការរួបរួមគ្នាជាធ្លុងតែមួយ” ពោលគឺ ជាប្រជារាស្រ្តដ៏វិសុទ្ធ​ដែល​ជួបជុំគ្នា និង​ដែលមាន​របៀប​រៀប​រយតាមលំដាប់លំដោយ ក្រោមការណែនាំរបស់ក្រុមអភិបាល។

ហេតុនេះហើយ បានជាពិធីគោរពប្រណិប័តន៍ទាក់ទិននឹងព្រះកាយនៃព្រះសហគមន៍ទាំងមូល​ និងសម្តែង​ព្រះ​កាយ​នេះ​ឱ្យគេ​ឃើញ ហើយក៏មានឥទ្ធិពលលើព្រះកាយនោះទៀតផងដែរ។ ប៉ុន្តែ ពិធីគោរពប្រណិប័តន៍​ទាំង​នោះ​មាន​ទំនាក់​ទំនង​នឹង​សរីរាង្គ​នីមួយៗតាមរបៀបផ្សេងៗពីគ្នា គឺតាមការតែងតាំងផ្សេងៗ តាមមុខងារ​ផ្សេងៗ និង​តាម​របៀប​គេ​ចូល​រួមក្នុងពិធីទាំងនោះទៀតផង។

២៧- ពិធីរួម

តាមលក្ខណៈពិសេសនៃពិធីនីមួយៗ ពេលណាពិធីនានាអាចប្រព្រឹត្តទៅដោយ​រួមគ្នាបាន ដោយមានគ្រីស្តបរិស័ទ​ចូលរួមជារឿ​យៗ និងយ៉ាងសកម្មផង ប្រសិនបើអាចធ្វើបានត្រូវគូសបញ្ជាក់ថា ការធ្វើពិធីរួម​ប្រសើរ​ជាង​ធ្វើ​ពិធី​ម្នាក់ឯង ដែលហាក់ដូចជាពិធីផ្ទាល់ខ្លួនតែម្តង។ សេចក្តីណែនាំនេះបានការ ជាពិសេស សំដៅ​ទៅ​លើអភិបូជា និង​លើ​អគ្គសញ្ញាផ្សេងៗជូន​គ្រីស្តបរិស័ទ។ តាមពិត អភិបូជានៅតែមានលក្ខណៈជាពិធីសាធារណៈ និង​មាន​លក្ខណៈ​ជា​ពិធី​រួមរបស់សង្គមជានិច្ច។

២៨- តម្លៃដ៏ថ្លៃថ្នូរនៃពិធីលើកតម្តើង

ពេលធ្វើពិធីលើកតម្តើងផ្សេងៗ ទាំងលោកដែលមានមុខងារបម្រើ ​ទាំងគ្រីស្តបរិស័ទ​ក៏ម្នាក់ៗ​ត្រូវតែ​ប្រព្រឹត្តតាម​តួនាទី​រៀងៗខ្លួន គឺត្រូវបំពេញតួនាទីនេះទាំងមូល ហើយបំពេញតែតួនាទីរបស់ខ្លួនប៉ុណ្ណោះ ស្រប​តាម​លក្ខណៈពិធី​នោះ និងស្របតាមសេចក្តីណែនាំពិធីគោរពប្រណិប័តន៍ទៀតផងដែរ។

២៩- អ្នកបម្រើអាសនៈ

អ្នកប្រកាសអត្ថបទគម្ពីរ អ្នកណែនាំកម្មវិធី និងអស់សមាជិកក្រុមអ្នកចច្រៀង គឺសុទ្ធតែបំពេញមុខងារប​ម្រើពិធី​គោរព​ប្រណិប័តន៍​យ៉ាងពិតប្រាកដមែន។ ហេតុនេះហើយ បានជាគេត្រូវ​បំពេញ​បន្ទុកនោះដោយ​ចិត្ត​ស្រឡាញ់​យ៉ាង​ស្មោះ និងតាមរបៀបរៀបរយសមស្របតាមមុខងារដ៏ប្រសើរឧត្តមនេះ និងសម​ស្របតាម​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​ទាមទារយ៉ាងត្រឹមត្រូវឱ្យគេបម្រើនោះ។

ហេតុនេះហើយ ត្រូវអប់រំអ្នកទាំងនោះឱ្យជ្រួតជ្រាបនូវគោលគំនិតនៃពិធីគោរពប្រណិប័តន៍ តាមតែ​ម្នាក់ៗ​អាច​ទទួល​បាន ហើយត្រូវហ្វឹកហ្វឺនគេឱ្យបំពេញតួនាទីរបស់ខ្លួនយ៉ាងត្រឹមត្រូវ និងតាមរបៀប​រៀបរយទៀតផង។

៣០- គ្រីស្តបរិស័ទត្រូវចូលរួមពិធីគោរពប្រណិប័តន៍យ៉ាងសកម្ម

ត្រូវលើកស្ទួយឱ្យប្រជាជនបន្លឺសំឡេងអបអរសាទរ តបឆ្លើយនឹងបូជាចារ្យ ស្មូតទំនុកតម្កើង អានពាក្យ​បន្ទរនៃ​ទំនុក​តម្កើង និងច្រៀងបទផ្សេងៗ ព្រមទាំងធ្វើកាយវិការ និង​មានឥរិយាបថខ្លះ ដើម្បីឱ្យគេចូលរួម​ក្នុងពិធី​គោរព​ប្រណិប័តន៍​យ៉ាងសកម្ម។ ក្នុងពេលធ្វើពិធី ត្រូវទុកឱ្យមានពេលស្ងៀ​មស្ងាត់ខ្លះសម្រាប់អធិដ្ឋាន។

៣១- នៅពេលកែសម្រួលសៀវភៅ

ជាក្បួនពិធីគោរពប្រណិប័តន៍​ត្រូវយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន​ឱ្យចែងជា​ពណ៌​ក្រហម អំពីអ្វីៗដែលគ្រីស្ត​បរិស័ទ​ត្រូវធ្វើ។

៣២- ពិធីគោរពប្រណិប័តន៍ និងឋានៈវណ្ណៈក្នុងសង្គម

ក្នុងពិធីគោរពប្រណិប័តន៍ មិនត្រូវរើសអើងនរណាឱ្យសោះ។ ក្រៅពីបន្ទុកផ្សេងៗក្នុងពិធីគោរពប្រណិប័តន៍ និង​ពី​មុខងារជាបូជាចារ្យ ហើយក្រៅពីរដ្ឋអំណាចដែលត្រូវគោរពស្របតាមច្បាប់នៃពិធីគោរពប្រណិប័តន៍​មិនត្រូវរើស​មុខ​នរណាឡើយ។ ទោះជា​បុគ្គល​ម្នាក់ៗក្តី ជាអ្នកមានឋានៈវណ្ណៈខ្ពស់យ៉ាងណាក្តី នៅក្នុងពិធីនានាក្តី​ ឬនៅ​ក្នុង​ពិធី​លើក​កិត្តិយសខាង​ក្រៅពីពិធី​បុណ្យ​ក្តីក៏មិនត្រូវរើសអើងនរណាឡើយ។

គ. សេចក្តីណែនាំមកពីលក្ខណៈគរុកោសល្យ និងលក្ខណៈណែនាំនៃពិធីគោរពប្រណិប័តន៍

៣៣- ទោះបីពិធីគោរពប្រណិប័តន៍

មានគោលដៅលើកតម្កើងសិរីរុងរឿងរបស់ព្រះដ៏ឧត្តុងឧត្តមបំផុត​ជាគោលដៅដ៏​សំខាន់​ជាង​គេក្តី ក៏ពិធី​គោរព​ប្រណិប័តន៍​មានប្រយោជន៍ជាខ្លាំងសម្រាប់បង្រៀនប្រជាជន​គ្រីស្តបរិស័ទ​តាម​គរុកោសល្យ​ដែរ។ ក្នុង​ពិធីគោរព​ប្រណិប័តន៍​នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ប្រជារាស្រ្តព្រះអង្គ ព្រះគ្រីស្ត​ក៏​នៅ​តែប្រកាសដំណឹងល្អដែរ។ រីឯ​ប្រជាជនក៏ឆ្លើយតបដោយបទចម្រៀង និងដោយពោលពាក្យអង្វរទៀតផង។

លើស​ពី​នេះ​ទៅទៀត លោកបូជាចារ្យដែលជាប្រធានអង្គប្រជុំក្នុងឋានៈជាតំណាងព្រះគ្រីស្ត ពោល​ពាក្យ​ថ្វាយ​ព្រះបិតាក្នុង​នាម​ប្រជាជនដ៏វិសុទ្ធទាំងមូល​ និងក្នុងនាម​អស់អ្នកដែលចូលរួមផង។ ក្នុងពិធី​នានា ព្រះគ្រីស្ត ឬព្រះ​សហគមន៍​បានជ្រើសរើសវត្ថុ​និងកាយវិការ​ដែល​មើល​ឃើញ ធ្វើជាសញ្ញា​សម្គាល់​អំពីអ្វីៗដ៏ពិតបា្រកដពាក់ព័ន្ធនឹង​ព្រះ​ជាម្ចាស់​ដែលមើលមិនឃើញ។ ហេតុ​នេះ​ហើយ ​បានជាពេល​មានអាន “អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុក​សម្រាប់​អប់រំយើង” (រម ១៥,៤) ហើយពេល​ព្រះសហគមន៍​អធិដ្ឋាន ឬច្រៀង ឬធ្វើកិច្ចការផ្សេងៗ សុទ្ធតែជាកិច្ច​ចិញ្ចឹម​ជំនឿ​អ្នក​ចូល​រួម និងលើកចិត្ត​គេ​ថ្វាយ​ព្រះ​ជាម្ចាស់​ដែរ។ គេគោរព​ថ្វាយបង្គំព្រះអង្គតាមព្រះវិញ្ញាណ ហើយ​ទទួល​ព្រះ​អំណោយ​ទានតាមព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះអង្គឱ្យបរិបូរណ៌ទៀតផង។

ហេតុនេះហើយ បានជានៅពេលកែសម្រួលពិធីគោរពប្រណិប័តន៍ ត្រូវតែអនុម័តតាមសេចក្តី​ណែនាំដូចត​ទៅ៖

៣៤- ពិធីនីមួយៗត្រូវភ្ជាប់នឹងពិធីឯទៀតៗយ៉ាងសមរម្យ

ត្រូវឱ្យពិធីនីមួយៗបានថ្លៃថ្នូរ តែងាយស្រួលយល់ដោយពិធីនោះខ្លី និងសម្តែងអត្ថន័យយ៉ាងច្បាស់។ ត្រូវ​ជៀស​វាងកុំឱ្យច្រំដែលៗឥតបានការ។ ពិធីទាំងនោះត្រូវស្របតាមសមត្ថភាព​គ្រីស្តបរិស័ទ​អាច​ស្តាប់បា​ន។ ជាទូទៅ មិន​ត្រូវការឱ្យនរណាពន្យល់ពិធីយ៉ាងច្រើន ដើម្បីឱ្យគេអាចយល់អត្ថន័យ គឺត្រូវឱ្យគេអាចយល់ដោយខ្លួនឯង​តែ​ម្តង។

៣៥- ព្រះគម្ពីរ ពិធីអត្ថាធិប្បាយព្រះគម្ពីរ និងការអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍

ក្នុងគោលបំណងឱ្យឃើញច្បាស់ថា ព្រះគម្ពីរ និងពិធីភ្ជាប់ជាមួយគ្នាយ៉ាងស្អិតរមួតក្នុងពិធីគោរពប្រណិប័តន៍​ត្រូវ៖

  1. ក្នុងពិធីលើកតម្កើងដ៏សក្ការៈផ្សេងៗ ត្រូវកែសម្រួលឱ្យប្រកាសអត្ថបទព្រះគម្ពីរច្រើនជាងពីមុន គឺអត្ថបទ​ខុស​ប្លែកៗពីគ្នាជាងពីមុន ហើយសមស្របនឹងពិធីគោរពប្រណិប័តន៍ដែលកំពុងតែធ្វើនោះ។
  2. ពិធីអត្ថាធិប្បាយព្រះគម្ពីរ ពិតជាផ្នែកមួយនៃពិធីគោរពប្រណិប័តន៍។ ហេតុនេះ ប្រសិនបើពិធី​គោរព​ប្រណិប័តន៍​អនុញ្ញាត​ឱ្យមានពិធីអត្ថាធិប្បាយ​ព្រះគម្ពីរ ត្រូវកំណត់ពេល​ឱ្យបានសម​នឹង​ធ្វើ​ពិធី​អត្ថាធិប្បាយ​នោះកត់ទុកក្នុង​ក្បួន​ពិធី។ ត្រូវបំពេញ​មុខងារអត្ថាធិប្បាយព្រះគម្ពីរនេះដោយចិត្តស្មោះយ៉ាងខ្លាំង​ជាទី​បំផុត និងយ៉ាងត្រឹមត្រូវ។ អ្នក​ធ្វើ​ពិធីអត្ថាធិប្បាយ​ព្រះ​គម្ពីរត្រូវយោងសេចក្តី​ពី​ព្រះ​គម្ពីរ និងពីពិធីគោរព​ប្រណិប័តន៍​ទុកជាប្រភព ព្រោះ​ក្នុង​ពិធី​គោរព​ប្រណិប័តន៍ មានប្រកាស​អំពីស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យទាំង​ប៉ុន្មានដែលព្រះជាម្ចាស់បានប្រព្រឹត្តតាម​ប្រវត្តិសា្រស្ត​នៃ​ការ​សង្គ្រោះ គឺជាគម្រោងការដ៏​អស្ចារ្យរបស់ព្រះ​គ្រីស្ត​តែម្តង។ គម្រោងការនេះស្ថិតនៅជា​និច្ច ហើយ​ក៏នៅ​តែ​មាន​សកម្មភាព​ក្នុង​កណ្តាល​ចំណោម​យើង​ដែរ ជាពិសេស នៅពេលយើងធ្វើពិធីគោរពប្រណិប័តន៍នានា។
  3. លើសពីនេះទៅទៀត ត្រូវប្រើរបៀបគ្រប់យ៉ាងដើម្បីអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍។ ប្រសិនបើត្រូវ​ការ ត្រូវរៀប​ចំ​ពាក្យ​លំនាំខ្លីៗឱ្យអានក្នុងពិធី។ បូជាចារ្យ ឬអ្នកមានសមត្ថកិច្ចផ្សេងទៀតត្រូវអានពាក្យ​លំនាំ​នោះ ​នៅ​ពេល​ដ៏សមរម្យ តាមសេចក្តីដែលគេរៀបចំទុកជាមុន ឬដោយពោលពាក្យស្រដៀង​នឹង​សេចក្តី​នោះ។
  4. ត្រូវយកចិត្តទុកដាក់ធ្វើពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ នៅយប់មុនបុណ្យដ៏ឱឡារិកនានា នៅ​ថ្ងៃ​ខ្លះ​ក្នុង​រដូវអបអរសាទរព្រះគ្រីស្តយាងមក និងក្នុងរដូវអប់រំពិសេស ព្រមទាំងនៅថ្ងៃអាទិត្យ និង​នៅ​ថ្ងៃ​បុណ្យ។ ជា​ពិសេស នៅភូមិ​គ្មាន​បូជាចារ្យ​ក៏ត្រូវយកចិត្តទុកដាក់​ធ្វើពិធីលើកតម្កើង​ព្រះបន្ទូលព្រះជាម្ចាស់​ដែរ។ ក្នុង​ករណី​នេះ ឧបដ្ឋាកម្នាក់ ឬ​គ្រីស្តបរិស័ទម្នាក់ផ្សេងទៀត​ជាតំណាងរបស់លោកអភិបាល អាច​ណែនាំ​ពិធី​លើក​តម្កើង​ព្រះបន្ទូល​នោះ​បាន។

៣៦- ភាសាក្នុងពិធីគោរពប្រណិប័តន៍

  1. ត្រូវតែប្រើភាសាឡាតាំង ក្នុងព្រះសហគមន៍ទាំងប៉ុន្មានដែលកាន់តាមរបៀបរបបពិធីឡាតាំង​លើកលែង​តែ​មាន​ច្បាប់​ពិសេសដោយឡែក។
  2. ក៏ប៉ុន្តែ ភាសារបស់ប្រជាជនរស់នៅក្នុងតំបន់ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជននោះ​ ជាពិសេស នៅពេលថ្វាយអភិបូជា ឬនៅពេលធ្វើអគ្គសញ្ញា​នានា​ជូនគេ ឬនៅក្នុងផ្នែកផ្សេងៗទៀត​នៃពិធី​គោរព​ប្រណិប័តន៍។ ហេតុ​នេះ គួរអនុញ្ញាតឱ្យប្រើភាសាប្រជាជនតាមតំបន់ ជាពិសេស សម្រាប់ប្រកាស​អត្ថបទ​ព្រះគម្ពីរ​ និងពោល​ពាក្យ​ណែនាំនៅ​ពេល​ពោលពាក្យអង្វរមួយចំនួន និងនៅបទចម្រៀងផ្សេងៗ​តាម​សេចក្តីណែនាំ​ទាំងប៉ុន្មាន​ដែល​មាន​ចែង​ទុកក្នុង​ជំពូក​ខាងក្រោយសម្រាប់ករណីនីមួយៗ។
  3. ប្រសិនបើបានអនុវត្តតាមសេចក្តីណែនាំទាំងនោះរួចហើយ ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុង​តំបន់​មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ខាងលើនេះ (ក្រោយពីបានរិះគិតពិចារណាជាមួយ​ក្រុម​អភិបាល​នៃ​តំបន់ជិតខាង​ដែល និយាយភាសាតែមួយដូចគ្នា) ក៏អាចសម្រេចអំពីការប្រើភាសា និងអំពី​របៀប​ប្រើ​ភាសា​នោះ។ ក្រុមអភិបាលត្រូវសូមឱ្យ​អាសនៈរបស់គ្រីស្តទូតសិលាទទួលស្គាល់ គឺអនុញ្ញាតឱ្យប្រើ។
  4. ពេលបកប្រែពីភាសាឡាតាំង មកជាភាសាប្រចាំតំបន់រួចហើយ មុននឹងត្រូវប្រើប្រាស់ក្នុង​ពិធីគោរព​ប្រណិប័តន៍ ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់ ត្រូវអនុម័តឱ្យប្រើតាមសេចក្តីដែលមាន​បញ្ជាក់​នៅ​ខាង​លើ​នេះ។

ឃ. សេចក្តីណែនាំ​ដើម្បីកែសម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានស្របតាមបុគ្គលិកលក្ខណៈ និង​តាម​សភាពការណ៍​ប្រជាជាតិនានា

៣៧- ព្រះសហគមន៍

គ្មានបំណងចង់បង្ខំយ៉ាងតឹងរ៉ឹងឱ្យមានរបៀបតែមួយដដែលទេ ក្នុងវិស័យណាដែលគ្មាន​ពាក់ព័ន្ធ និងជំនឿ ឬមិន​ពាក់ព័ន្ធនឹងប្រយោជន៍រួមនៃព្រះសហគមន៍ទាំងមូល ទោះបីក្នុងវិស័យនៃពិធី​គោរពប្រណិប័តន៍ក្តី ក៏​ព្រះ​សហគមន៍មិន​ចង់​បង្ខំដែរ។ ផ្ទុយទៅវិញ ព្រះសហគមន៍គោរព និងលើកស្ទួយព្រះ​អំណោយ​ទាន​ និង​ទេពកោសល្យនៃ​ប្រជាជាតិ​នានា ព្រមទាំងមានបំណងចង់ឱ្យព្រះ​អំណោយ​ទាន និង​ទេពកោសល្យ​ទាំងនេះចម្រើន​ឡើងទៀ​តផង។ ព្រះ​សហគមន៍​ពេញចិត្តនឹងអ្វីៗទាំងអស់ក្នុងរបៀបរស់នៅរបស់ប្រជាជាតិ​ទាំង​ឡាយ លើកលែងតែ​អ្វីៗ​ដែលភ្ជាប់នឹងជំនឿ​អកុសល ឬអ្វីៗដែលវង្វេង​ឆ្ងាយ​ពីសេចក្តីពិត។ ប្រសិនជាអាចធ្វើបាន ព្រះសហគមន៍ក៏ជួយ​រក្សាទុកអ្វីៗទាំងនោះឱ្យ​ស្ថិត​នៅគង់វង្សឥតខ្ចោះ។ លើសពីនេះទៅទៀត ជួនកាលព្រះសហគមន៍​ទទួលអ្វីៗទាំង​នោះឱ្យចូលក្នុងពិធីគោរព​ប្រណិប័តន៍​ដែរ លុះត្រាតែអ្វីទាំង​នោះស្រប​តាម​គោលការណ៍នៃគំនិតពិធីគោរព​ប្រណិប័ត​ន៍​នោះ។

៣៨- ត្រូវសុខចិត្តឱ្យមានសេចក្តីប្លែកៗពីគ្នាយ៉ាងត្រឹមត្រូវ

ក្នុងពិធីគោរពប្រណិប័តន៍នានា​ និងត្រូវសុខចិត្តកែសម្រួលពិធី​នានាស្រប​តាម​អង្គ​ប្រជុំប្លែកៗពីគ្នា និងតាម​តំបន់​នីមួយៗ ហើយតាមប្រជាជាតិ ជាពិសេស នៅ​ដែន​ដី​ដែល​មនុស្ស​ភាគ​ច្រើនមិន​ស្គាល់​ព្រះ​គ្រីស្ត។ សូម្បីតែនៅ​ពេល​កែ​សម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍ក្តី ក៏ត្រូវសុខចិត្ត​ទទួល​សេចក្តី​ប្លែកៗ​ពីគ្នា​ដូច្នេះ​ដែរ។ ប៉ុន្តែ​ ត្រូវ​រក្សាទុក​ខ្លឹមសារ​នៃ​របៀបរបបពិធីរបស់ព្រះសហគមន៍​ក្រុង​រ៉ូម​ឱ្យនៅ​ស្ថិត​ស្ថេរ​គង់វង្ស។ ត្រូវនឹក​ចង​ចាំគោលការណ៍នេះ​ជានិច្ច នៅពេលកែសម្រួលរចនាសម្ពន្ធនៃពិធីគោរពប្រណិប័តន៍ និង​នៅ​ពេល​ចែង​សេចក្តី​ណែនាំ​ក្នុងក្បួនពិធីផង។

៣៩- តាមព្រំដែនដែលមានបញ្ជាក់ក្នុងសៀភៅជាក្បួនបោះពុម្ពទុកជាគំរូ

ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងនៅមាត្រា ២២,២ មានសិទ្ធិ និងភារកិច្ច​បញ្ជាក់​ការ​កែសម្រួល​ជាពិសេស អំពី​ការធ្វើ​អគ្គសញ្ញា​ជូនគ្រីស្តបរិស័ទ អំពីការធ្វើអនុសញ្ញា អំពីការធ្វើក្បួនហែ​យ៉ាង​ឱឡារិក អំពីការប្រើភាសា​ក្នុង​ពិធី​គោរព​ប្រណិប័តន៍ អំពីភ្លេងដ៏​សក្ការៈ និងអំពីសិល្បៈ។ ប៉ុន្តែ អស់លោកត្រូវគោរព​ស្រប​តាម​សេចក្តីណែនាំជា​គ្រឹះ​​ដែល​មាន​ចែង​ទុក​ក្នុង​ធម្មនុញ្ញ​នេះ។

៤០- ក៏ប៉ុន្តែនៅកន្លែងផ្សេងៗ

និងតាមសភាពការណ៍ផ្សេងៗជាច្រើន ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍យ៉ាង​ខ្លាំងជាង និងជា​បន្ទាន់ ជា​មូល​ហេតុដែលបង្កើតឧបសគ្គរឹតតែពិបាកដោះស្រាយទៅទៀត មានដូចតទៅ៖

  • ក. ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ក្នុងករណីនេះ ត្រូវ​យក​ចិត្ត​ទុកដាក់រិះគិតពិចារណា​ដោយប្រយ័ត្នប្រយែងអំពីអ្វីក្នុងប្រពៃណី និងក្នុងបុគ្គលិកលក្ខណៈរបស់ជាតិ​នីមួយៗ ដែល​អស់​លោកអាចទទួលឱ្យចូលក្នុងពិធីគោរពបម្រើព្រះជាម្ចាស់បានតាមតម្រូវការ។ ត្រូវផ្ញើ​សេចក្តី​កែសម្រួលដែល​អស់​លោក​យល់​ឃើញ​ថា មានប្រយោជន៍ហើយនោះ ទៅសួរយោបល់​របស់​អាសនៈ​គ្រីស្តទូត​សិលា។ ក្រោយពី​សន្ត​អាសនៈនេះ​បានយល់ព្រម សូម​បញ្ចូល​ក្នុងពិធីគោរព​ប្រណិប័តន៍។
  • ខ. ប៉ុន្តែ អាសនៈគ្រីស្តទូតសិលាត្រូវផ្តល់លទ្ធភាព​ឱ្យក្រុមអភិបាល​ ដែលមាន​សមត្ថកិច្ច​ក្នុង​តំបន់​អនុញ្ញាត​ឱ្យ​គេ​ល្បង​លមើលជាមុនសិនក្នុងអង្គប្រជុំខ្លះ​ ដែលអាចល្បងលមើលយ៉ាងសមរម្យបានក្នុង​រយៈ​ពេល​កំណត់​មួយ​ប្រសិន​បើត្រូវ​ការ ។ ធ្វើដូច្នេះ ទើបអស់លោកកែសម្រួលពិធី​គោរពប្រណិប័តន៍បាន ដោយ​ថ្លឹងថ្លែង​តាមតម្រូវការ។
  • គ. តាមធម្មតាច្បាប់វិន័យខាងពិធីគោរពប្រណិប័តន៍ បង្កើតឧបសគ្គជាច្រើន ក្នុងករណីកែសម្រួលឱ្យបាន​ស្រប​តាម​ជាតិ​នា​នា ជាពិសេស នៅដែនដីដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ ហេតុនេះ​ ត្រូវមាន​អ្នក​ជំនាញ​ការអំពី​ការ​កែ​សម្រួល នោះមកជួយចែងច្បាប់ទាំងនោះផង។

៤- ការពង្រីក និងពង្រឹងការរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងភូមិភាគ និងក្នុងព្រះសហគមន៍តាមភូមិនីមួយៗ

៤១- ការរស់នៅក្នុងភូមិភាគតាមពិធីគោរពប្រណិប័តន៍

ត្រូវចាត់លោកអភិបាលទុកជាមហាបូជាចារ្យនៃហ្វូងចៀមរបស់លោក។ ក្នុងភូមិភាគ គ្រីស្តបរិស័ទ​ក៏រួមរស់​ក្នុង​អង្គ​ព្រះគ្រីស្ត អាស្រ័យលើលោក​តាមផ្នែកខ្លះៗផងដែរ។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ត្រូវចាត់ទុកការ​រស់នៅតាម​ពិធី​គោរពប្រណិប័តន៍ក្នុងភូមិភាគ​រួម​ជាមួយ​លោក​អភិបាល ជាការដ៏ប្រសើរបំផុត ជាពិសេស នៅវិសាលវិហារ។ គ្រីស្តបរិស័ទត្រូវជឿជាក់ថា​ ព្រះ​សហគមន៍​សម្តែង​ខ្លួន​យ៉ាងច្បាស់ នៅពេលប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ចូលរួមយ៉ាងពេញ​លេញ និងយ៉ាង​សកម្ម​ក្នុង​ពិធីគោរពប្រណិប័តន៍នានា ជាពិសេស ក្នុងអភិបូជាតែមួយដូចគ្នា ក្នុងការអធិដ្ឋានតែមួយ​ដូចគ្នា នៅក្បែរ​តុសក្ការៈ​តែមួយគត់ ដោយ​មាន​លោកអភិបាល​ធ្វើជាអធិបតី ហើយមានក្រុមបូជាចារ្យ និងអ្នកបំពេញ​មុខងារ​បម្រើ​ទាំង​អស់​រួមគ្នានៅជុំវិញផងដែរ។

៤២- ការរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងព្រះសហគមន៍តាមភូមិនីមួយៗ

លោកអភិបាលមិនអាចធ្វើជាអធិបតីលើព្រះសហគមន៍របស់លោកគ្រប់ពេលវេលា​ និងនៅ​គ្រប់កន្លែងដោយ​ផ្ទាល់​ខ្លួនបានទេ ហេតុនេះ លោកត្រូវតែងតាំងក្រុមគ្រីស្តបរិស័ទ។ ក្នុងចំណោមក្រុមទាំងនោះ ព្រះសហគមន៍​តាម​ភូមិជាក្រុមសំខាន់ជាងគេ ចាត់ចែងក្រោមការណែនាំរបស់លោកគង្វាលម្នាក់ ជាតំណាង​លោកអភិបាល។ ព្រះ​សហគមន៍​តា​មភូមិទាំងនោះ ក៏ជារូបតំណាងម៉្យាងអំពីព្រះ​សហគមន៍​តែងតាំង​ក្នុងពិភព​លោក​ទាំង​មូល​ ដែល​មនុស្ស​អាច​មើល​ឃើញ​បាន។

ហេតុនេះហើយ បានជាត្រូវជួយលើកស្ទួយ​ចិត្តគំនិតគ្រីស្តបរិស័ទ និង​អស់លោកដែលទទួលអគ្គសញ្ញា​តែង​តាំង​ឱ្យប្រតិបត្តិនិងឱ្យ​រស់​នៅ​តាមពិ​ធីគោរពប្រណិប័តន៍ក្នុងព្រះសហគមន៍តាមភូមិ ព្រម​ទាំងឱ្យគេមានទំនាក់​ទំនង​ជាមួយ​លោក​អភិបាល​ផង។ ត្រូវ​ខិត​ខំឱ្យព្រះសហគមន៍ក្នុងភូមិនីមួយៗនឹកគិតថា គេពិតជាសហគមន៍​មួយដែល​រួប​រួម​គ្នាជាធ្លុង​តែ​មួយ ជាពិសេស​ នៅ​ពេលគេថ្វាយអភិបូជារួមគ្នានៅថ្ងៃអាទិត្យ។

៥-ត្រូវពង្រីក និងពង្រឹងការណែនាំគ្រីស្តបរិស័ទខាងពិធីគោរពប្រណិប័តន៍

៤៣- ព្រះវិញ្ញាណជំរុញព្រះសហគមន៍ឱ្យកែសម្រួលពិធីគោរពប្រណិប័តន៍

ត្រូវរាប់យ៉ាងត្រឹមត្រូវថា ព្រះ​ជាម្ចាស់​ដែលថែរក្សាមនុស្សលោក ព្រះអង្គចាត់ចែងឱ្យព្រះសហគមន៍ខំខ្នះ​ខ្នែង​លើក​ស្ទួយ​ និង​កែ​ស​ម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានជាថ្មីនោះទុកជា​សញ្ញា​សម្គាល់​បញ្ជាក់អំពីសកម្មភាព​របស់​ព្រះអង្គ​នា​បច្ចុប្បន្នកាល​មែន​ គឺហាក់ដូចជាព្រះ​វិ​ញ្ញាណដ៏វិសុទ្ធយាងមកឆ្លងកាត់ព្រះសហគមន៍របស់ព្រះអង្គ។ ព្រះ​វិញ្ញាណ​ប្រទានឱ្យព្រះ​សហគមន៍មានជីវិត​រស់រវើក។ លើសពីនេះទៅទៀត ព្រះអង្គប្រោសឱ្យមនុស្សទូទៅស​ព្វថ្ងៃ​យល់​ឃើញ​អំពីសាសនាផ្សេងៗ និង​គោរពសាសនាតាមរបៀតាមបប្លែកពីមុន។

ហេតុនេះ ដើម្បីលើកស្ទួយពង្រីក និងពង្រឹងការ​ណែនាំខាងពិធីគោរពប្រណិប័តន៍ឱ្យកាន់តែប្រសើរឡើង មហា​សន្និបាត​ដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖

៤៤- គណៈកម្មាធិការជាតិអំពីពិធីគោរពប្រណិប័តន៍

ក្រុមលោកអភិបាលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ត្រូវតែងតាំងគណៈកម្មាធិការ​ពិធីគោរពប្រណិប័តន៍មួយ ដែលមានអ្នកជំនាញការខាងវិជ្ជាពិធីគោរពប្រណិប័តន៍ ខាងភ្លេងដ៏សក្ការៈ ខាង​សិល្បៈ​ដ៏សក្ការៈ​ និងខាង​ការណែនាំ។ ប្រសិនបើអាចធ្វើបាន ត្រូវមានគ្រឹះស្ថានអប់រំខាងពិធីគោរពប្រណិប័តន៍​ជួយ​គណៈ​កម្មាធិការ​នោះ។ ក្នុង​ចំណោម​សមាជិកគ្រឹះស្ថានអប់រំខាងពិធីគោរពប្រណិប័តន៍ ប្រសិនបើអស់​លោក​យល់​ឃើញ​ថា​ មាន​ប្រយោជន៍ អស់លោកអាច​ទទួល​គ្រីស្តបរិស័ទធម្មតាដែលមាន​ចំណេះចេះដឹង​យ៉ាង​ប្រសើរ​អំពី​ពិធី​គោរព​ប្រណិប័តន៍។ គណៈកម្មាធិការ​នោះ​ទទួលខុសត្រូវ​លើ​ការណែនាំពិធីគោរពប្រណិប័តន៍តាម​តំបន់របស់​ខ្លួន ក្រោម​ការ​ណែ​នាំរបស់ក្រុមលោក​អភិបាល​មានសមត្ថកិច្ចក្នុង​តំបន់ ដូចមានចែងខាងលើ។ គ្រប់ពេលដែលក្រុម​អភិបាល​ត្រូវ​ស្នើ​សួរយោបល់អាសនៈរបស់គ្រីស្តទូតសិលាអំពីការកែ​សម្រួល​ពិធីមួយ គណៈកម្មាធិការនោះ​ក៏ជួយ​លើក​ស្ទួយ​ឱ្យគេ​ស្រាវ​ជ្រាវ និង​ឱ្យ​គេសាកល្បងលមើល​ពិធី​តាម​តម្រូវ​ការ។

៤៥- គណៈកម្មាធិការពិធីគោរពប្រណិប័តន៍ភូមិភាគ

តាមរបៀបដដែល ភូមិភាគនីមួយៗត្រូវមានគណៈកម្មាធិការពិធីគោរពប្រណិប័តន៍​ក្រោមការណែនាំ​របស់​លោក​អភិបាល ដើម្បីលើកស្ទួយពង្រីក និងពង្រឹងសកម្មភាពខាងពិធីគោរពប្រណិប័តន៍។ ជួនកាល គួរឱ្យភូមិភាគ​ច្រើន​តែង​តាំង​គណៈ​កម្មាធិ​កា​រ​តែមួយ ឲដែល​សហការជាមួយគ្នា ហើយលើកស្ទួយពិធីគោរពប្រណិប័តន៍ផង។

៤៦- គណៈកម្មាធិការផ្សេងៗ

ក្រៅពីគណៈកម្មាធិការពិធីគោរពប្រណិប័តន៍ ប្រសិនបើអាចធ្វើបាន ភូមិភាគនីមួយៗក៏ត្រូវតែងតាំងគណៈ​កម្មាធិការភ្លេងដ៏សក្ការៈ និងគណៈកម្មាធិការសិល្បៈដ៏សក្ការៈដែរ។

គណៈកម្មាធិការទាំងបីនោះត្រូវធ្វើការដោយ​រួមកម្លាំង​គ្នា​ជា​ចំាបាច់។ ជួនកាល ត្រូវឱ្យគណៈកម្មាធិការ​ទាំងបី​នោះ ចូល​រួមគ្នាជាគណៈកម្មាធិការតែ​មួយ​គត់។

ជំពូក ២
ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃអគ្គសញ្ញាអរព្រះគុណ

៤៧-អភិបូជា និងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង

នៅពិធីជប់លៀងចុងក្រោយ គឺនៅពេលយប់ដែលគេបញ្ចូលព្រះយេស៊ូជាព្រះសង្រ្គោះរបស់យើង ​ព្រះអង្គ​តែង​តាំង​សក្ការបូជាអរព្រះគុណ គឺសក្ការបូជានៃ​ព្រះកាយ និងព្រះលោហិតព្រះអង្គ ដើម្បី​បន្ត​សក្ការ​បូជា​របស់​ព្រះ​អង្គ​ឰដ៏​ឈើ​ឆ្កាង​ត​រៀង​ទៅ រហូតដល់ព្រះអង្គយាង​មក។ ព្រះអង្គផ្ញើទុកឱ្យព្រះសហគមន៍ជាព្រះ​មហេសី​ដ៏ជា​ទី​ស្រឡាញ់នឹក​រឭកអំពីព្រះ​អង្គ​សោយទិវង្គត និងមានព្រះ​ជន្ម​ថ្មី​ដ៏រុង​រឿង គឺព្រះអង្គផ្ញើទុកនូវ​អគ្គសញ្ញា​នៃ​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ជាសញ្ញាសម្គាល់​អំពីព្រះ​សហគមន៍​រួ​បរួម​គ្នាជាធ្លុងតែមួយ ជាចំណងនៃ​សេចក្តី​ស្រឡាញ់ និងជា​ពិធី​ជប់​លៀងនៃបុណ្យ​ចម្លង។ ក្នុងពិធីជប់លៀងនៃបុណ្យចម្លងនោះ គ្រីស្តបរិស័ទយើងបរិភោគ​ព្រះ​គ្រីស្ត​ទុក​ជា​អាហារ​ យើង​ទទួលព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់​យ៉ាងពេញ​បរិបូរណ៌ ហើយ​ក៏​ទទួល​ព្រះ​អំណោយទាន​ដើមដំបូង​ដែល​បញ្ចាំ​ចិត្ត​យើងឱ្យ​ដឹង​ថា យើងមុខជានឹងទទួល​សិរីរុង​រឿងនៅពេល​អនាគត​ជា​ពុំខាន។

៤៨- គ្រីស្តបរិស័ទត្រូវចូលរួមក្នុងអភិបូជាយ៉ាងសកម្ម

ហេតុនេះហើយ បានជាព្រះសហគមន៍យកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឱ្យចូលរួមលើកតម្កើងគម្រោងការដ៏​អស្ចារ្យ​នៃជំនឿនេះ ពោលគឺ ថ្វាយអភិបូជា ឱ្យយល់យ៉ាងច្បាស់​ទាំងពិធី ទាំងពាក្យអធិដ្ឋានផ្សេងៗ ដើម្បី​រួម​យ៉ាង​សកម្ម​ក្នុងកិច្ចដ៏សក្ការៈនេះ​ដោយ​ដឹងខ្លួន និងដោយចិត្តស្រឡាញ់។ គ្រីស្តបរិស័ទមិនត្រូវចូលអភិបូជាទុកជា​ទស្សនិកជន​ដែល​នៅ​ខាងក្រៅ ហើយដែលស្ងៀមស្ងាត់ប៉ុណោ្ណះទេ។ ព្រះសហគមន៍ត្រូវយកចិត្ត​ទុកដាក់អប់រំ​គ្រីស្ត​បរិស័ទ​អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឱ្យគេទទួលទានអាហារពីតុនៃព្រះកាយ​ព្រះអម្ចាស់ ហើយនាំគ្នា​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ទៀតផង។ មិនគ្រាន់តែលោកបូជាចារ្យថ្វាយយញ្ញដ៏និមល​នេះប៉ុណ្ណោះទេ តែ​គ្រីស្តបរិស័ទ​ទាំង​អស់​រួម​ជាមួយ​លោកថ្វាយយញ្ញ​នោះដែរ។ ដូច្នេះ គេក៏រៀនថ្វាយខ្លួនពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​ទៀត រហូត​ដល់​គេ​រួប​រួម​ជាមួយ​ព្រះ​ជា​ម្ចាស់ ​និងរួបរួម​ជាមួយ​គ្នាដោយសារព្រះ​គ្រីស្ត​ជា​ស្ពានមេត្រី ដើម្បីឱ្យ​ព្រះ​ជា​ម្ចាស់​បំពេញ​អ្វីៗ​ទាំងអស់ ក្នុង​មនុស្សទាំងអស់ជាស្ថាពរនៅពេល​ចុង​ក្រោយ​បំផុត។

៤៩- ហេតុនេះហើយបានជា​មហាសនិ្នបាតដ៏វិសុទ្ធ

មានបំណងឱ្យសក្ការបូជានៃអភិបូជាបានស័ក្តិសិទ្ធ​យ៉ាង​ពេញ​លេញ ជាពិសេស នៅពេលប្រជាជន​គ្រីស្តបរិស័ទ​ចូលរួមថ្វាយ​អភិបូជា​នៅថ្ងៃ​អាទិត្យ និងនៅថ្ងៃ​បុណ្យ​ដែល​គេត្រូវចូល​ជាកំហិត ទើបមហាសនិ្នបាត​បាន​សម្រេច​សេចក្តី​ដូច​តទៅ ៖

៥០- ត្រូវកែសម្រួលក្បួនធម្មតានៃពិធីអភិបូជា

ត្រូវកែសម្រួលក្បួនពិធីអភិបូជា ដើម្បី​ឱ្យគ្រីស្តបរិស័ទយល់ឃើញកាន់តែច្បាស់ថា ផ្នែក​នីមួយ​ៗ​ក្នុង​អភិបូជា មាន​តួនាទីពិសេសផ្ទាល់ និងភ្ជាប់គ្នាទៅវិញទៅមកផង។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទងាយស្រួលចូលរួម​បាន​ដោយ​គោរព និងយ៉ាងសកម្ម។

ទោះបីត្រូវរក្សាទុកខ្លឹមសារនៃពិធីនីមួយៗយ៉ាងជាក់លាក់ក្តី ក៏ត្រូវកែសម្រួលពិធីទាំងនោះឱ្យងាយយល់ កុំ
ឱ្យ​ស្មុគស្មាញឡើយ។ ត្រូវលុបចោលអ្វីៗដែលមានចែងពីរដង ឬដែលបន្ថែមតាមដំណើរនៃ​ប្រវត្តិសាស្រ្ត ហើយ​ដែល​មិន​សូវមានប្រយោជន៍ប៉ុន្មានទេ។ ត្រូវ​យក​សេចក្តីខ្លះ​ដែលបាត់បង់តាមប្រវត្តិសា្រស្ត​ឱ្យមានឡើងវិញ តាម​សេចក្តី​ណែ​នាំបុរាណរបស់គ្រូបាធ្យាយ​ដ៏វិសុទ្ធ លុះត្រាតែ​សេចក្តីនោះមានប្រយោជន៍ និងសមរម្យ​ផង។

៥១- ត្រូវអានអត្ថបទព្រះគម្ពីរច្រើនជាងពីមុន

ត្រូវយកព្រះគម្ពីរជាទ្រព្យដ៏ថ្លៃថ្នូរមកជូនគ្រីស្តបរិស័ទ​ទទួលទានពីតុនៃ​ព្រះ​បន្ទូល​ឱ្យបាន​ច្រើន​ជាង​ពី​មុន។ សូម​ប្រកាសផ្នែកដ៏សំខាន់ៗក្នុងព្រះគម្ពីរឱ្យគ្រីស្តបរិស័ទស្តាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែល​ត្រូវកំណត់ទុក​មក។

៥២- ពិធីអត្ថាធិប្បាយព្រះគម្ពីរ

មហាសន្និបាតដាស់តឿនយ៉ាងខ្លាំងឱ្យមានពិធីអត្ថាធិប្បាយព្រះគម្ពីរ ដែលជាផ្នែកមួយដ៏ពិតប្រាកដក្នុង​អភិបូជា។ អ្នកអធិប្បាយ ត្រូវពន្យល់អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជំនឿ​ និងបង្ហាញសេចក្តីណែនាំសម្រាប់ការ​រស់នៅ​ក្នុង​ឋានៈ​ជា​គ្រីស្តបរិស័ទ។ ត្រូវយោងសេចក្តីពីព្រះគម្ពីរតាមរដូវនានានៃពិធីគោរពប្រណិប័តន៍ក្នុងមួយឆ្នាំ។ លើសពី​នេះ​ទៅ​ទៀត ប្រសិនបើ​មានប្រជាជន​ចូលរួម​ថ្វាយអភិបូជានៅថ្ងៃអាទិត្យ ឬនៅថ្ងៃបុណ្យដែល​គេត្រូវចូល​ជា​កំហិត មិន​ត្រូវ​ចោល​ពិធី​អត្ថាធិប្បាយព្រះគម្ពីរជាដាច់ខាត លើកលែងតែមានមូលហេតុមួយដ៏ធ្ងន់ធ្ងរ។

៥៣- ពាក្យអង្វរសកល

ត្រូវឱ្យមាន “ពាក្យអង្វរសកល”“ពាក្យអង្វររបស់គ្រីស្តបរិស័ទ” ឡើងវិញ ដូចកាលពីដើម ក្រោយពីពិ​ធី​ប្រកាស​ដំណឹងល្អ និងពិធីអត្ថាធិប្បាយព្រះគម្ពីរ ជាពិសេស នៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យដែល​ខានមិនបាន។ សូម​ឱ្យ​ប្រជាជនចូលរួមអង្វរព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធ សម្រាប់អស់លោក​អ្នក​ដែល​កាន់រដ្ឋអំណាច សម្រាប់​អស់អ្នកដែលគ្រោះកាចគ្របសង្កត់សង្កិន សម្រាប់មនុស្សទាំងអស់​ និងសូមឱ្យ​មនុស្យលោកទាំងមូលទទួលការ​សង្រ្គោះ (១ធម ២,១-២)។

៥៤- ភាសាឡាតាំង និងភាសាប្រជាជន

ពេលថ្វាយអភិបូជាដោយមានប្រជាជនចូលរួម ត្រូវប្រើភាសាប្រជាជនដែលរស់នៅតាមតំបន់នោះ ជាពិសេស សម​នឹងប្រើភាសាប្រជាជនសម្រាប់ប្រកាសអត្ថបទព្រះគម្ពីរ និងសម្រាប់ “ពាក្យអង្វរសកល”​ ព្រមទាំងនៅក្នុងផ្នែកដែល​ទាក់​ទិន​នឹងប្រជាជន ស្របតាមសភាពការណ៍នៃកន្លែងនីមួយៗ ហើយក៏ស្រប​តាម​មាត្រា ៣៦ នៃធម្មនុញ្ញនេះដែរ។ ក៏ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ឱ្យគ្រីស្តបរិស័ទអាចរួមគ្នាឆ្លើយតបបូជាចារ្យ និងច្រៀងផ្នែកទាំងប៉ុន្មានដែលទាក់​ទិន​នឹងគេ ជាភាសាឡាតាំងបានផង។ នៅកន្លែងណាក្រុមអភិបាលយល់ឃើញថា គួរប្រើភាសាប្រជាជនរស់​នៅ​ក្នុង​តំបន់​ឱ្យបានច្រើនជាងនេះ ត្រូវធ្វើតាមបទបញ្ជានៅមាត្រា ៤០ នៃធម្មនុញ្ញនេះ។

៥៥- ពិធីរួបរួមជាមួយព្រះយេស៊ូដែលបូជាព្រះជន្មតាមរូបសញ្ញាទាំងពីរ

មហាសន្និបាតផ្តែផ្តាំដាស់តឿនយ៉ាងខ្លាំង ឱ្យគ្រីស្តបរិស័ទ​ចូលរួមអភិបូជាតាមរបៀបដ៏ល្អប្រសើរជាងគេ គឺឱ្យ​ទទួល​ព្រះកាយនិងព្រះលោហិតព្រះអម្ចាស់ ដោយទទួលនំបុ័ងប្រសិទ្ធិក្នុងអភិបូជានោះក្រោយពីបូជាចារ្យ​បាន​ទទួល។

តាមការយល់ឃើញរបស់ក្រុមអភិបាល ត្រូវអនុញ្ញាតឱ្យអ្នកទទួលអគ្គសញ្ញាតែងតាំង និងបព្វជិតបព្វជិតា ព្រម​ទាំង​គ្រីស្តបរិស័ទ​ធម្មតាអាច​រួប​រួម​ជា​មួយ​ព្រះ​យេស៊ូដែលបូជាព្រះជន្ម តាមរូបសញ្ញាទាំងពីរ គឺទទួល​ព្រះ​កាយ​ និង​ព្រះលោហិត។ (តែត្រូវរក្សាទុកគោលលទ្ធិដែល​មហាសន្និបាត​ត្រែនតូតែង​តាំង​រួចហើយ)។ អាសនៈ​គ្រីស្តទូត​សិលា​នឹង​បញ្ជាក់​តាម​ក្រោយ នូវពេលគេអាចទទួលព្រះកាយតាមរូបសញ្ញាទាំងពីរដូច្នេះបាន។ ឧបមាថា អស់​លោក​គង្វាល​ថ្មី ក្នុង​អភិបូជា​តែង​តាំងខ្លួនជាបូជាចារ្យ បព្វជិត​បព្វជិតា​ក្នុងអភិបូជាថ្វាយនៅថ្ងៃ​ធ្វើពិធីសច្ចាប្រណិធាន ព្រម​ទាំង​ពន្លក​ថ្មី​ក្នុង​អភិបូជា​ត​ពី​ពេល​គេ​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ល។ អាច​ទទួលព្រះកាយតាមរូបសញ្ញា​ទាំងពីរ​ដូច្នេះ​បាន។

៥៦- ផ្នែកអភិបូជាទាំងពីរស៊ីចង្វាក់គ្នា

ពិធីលើកតម្កើងព្រះបន្ទូល និងពិធីអរព្រះគុណរួមគ្នាជាអភិបូជា។ ផ្នែកទាំងពីរភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត រហូត​ទៅជាកិច្ចគោរពបម្រើតែមួយគត់។ ហេតុនេះហើយ មហាសន្និបាត​ដ៏វិសុទ្ធក្រើនដាស់​តឿន​យ៉ាងខ្លាំង ឱ្យអស់​គង្វាល​ប​ង្រៀនគ្រីស្តបរិស័ទនៅពេលអប់រំជំនឿ ឱ្យចូល​រួម​ក្នុង​ពិធីអភិបូជាទាំងមូល ជាពិសេស នៅថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​ដែលត្រូវចូលជាកំហិត។

៥៧- លោកបូជាចារ្យថ្វាយអភិបូជារួម

១- ពេលក្រុមលោកបូជាចារ្យរួមគ្នាថ្វាយអភិបូជា អស់លោកបង្ហាញយ៉ាងប្រសើរថា អស់លោករួមគ្នា​ក្នុង​មុខងារ ជា​បូជាចារ្យតែមួយរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ។ ក្នុងព្រះសហគមន៍ទាំងនៅបស្ចិមប្រទេស ទាំង​នៅ​បូព៌ា​ប្រទេស ក្រុមបូជាចារ្យនៅតែរួមគ្នាថ្វាយអភិបូជារហូតមកដល់​សព្វថ្ងៃ។ ហេតុនេះហើយ បាន​ជា​មហាសន្និបាត​យល់ព្រម​ពង្រីក​សេចក្តីអនុញ្ញាត​ឱ្យក្រុមលោក​គង្វាល រួមថ្វាយអភិបូជាក្នុងករណី​ដូចត​ទៅ៖

ក.១- នៅថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ទាំងនៅពេលថ្វាយអភិបូជាប្រសិទ្ធពរលើប្រេង ទាំងនៅអភិបូជា​ពេល​ល្ងាច។
ក.២- ពេលមហាសន្និបាត ឬប្រជុំក្រុមអភិបាល ឬសន្និបាតរួមគ្នាថ្វាយអភិបូជា។
ក.៣- ពេលថ្វាយអភិបូជាប្រសិទ្ធិពរដល់លោកជាមេក្រុមគ្រួសារបព្វជិត។

ខ. លើសពីនេះទៅទៀត តាមសេចក្តីអនុញ្ញាតរបស់លោកអភិបាល​ដែលមានភារកិច្ចថ្លឹងថ្លែងអំពី​ប្រយោជន៍​ថ្វាយ​អភិបូជារួមគឺ៖

ខ.១- ពេលថ្វាយអភិបូជាក្នុងអារាមបព្វជិតបព្វជិតា។ ប្រសិនមានបូជាចារ្យច្រើន​ក្នុងភូមិ​មួយ ហើយ​ប្រសិនបើគ្រីស្តបរិស័ទមិន ត្រូវការឱ្យបូជាចារ្យ​ម្នាក់ថ្វាយ​អភិបូជាដោយឡែក បូជាចារ្យ​ទាំងអស់ត្រូវថ្វាយ​អភិបូជា​រួមក្នុង​ព្រះ​វិហារ។
ខ.២- ពេលប្រជុំគ្រប់យ៉ាងរបស់លោកបូជាចារ្យ ទោះជាបូជាចារ្យភូមិភាគក្តី ឬបូជាចារ្យ​បព្វជិតក្តី។

២-ក. លោកអភិបាលមានភារកិច្ចផ្តល់សេចក្តីណែនាំសម្រាប់ថ្វាយអភិបូជារួមក្នុងភូមិភាគរបស់លោក។

ខ. ត្រូវរក្សាទុកឱ្យបូជាចារ្យម្នាក់ៗមានសិទ្ធិថ្វាយអភិបូជានៅម្នាក់ឯងជានិច្ច​ ប៉ុន្តែ បូជាចារ្យមិន​ត្រូវ​ថា្វយ​អភិបូជា​ម្នាក់​ឯងដូច្នេះ នៅពេលក្រុមលោកគង្វាលកំពុងរួមគ្នា​ថ្វាយ​អភិបូជា​នៅ​ព្រះវិហារ​ដដែល ឬ​នៅថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ជាថ្ងៃ​រម្លឹក​អំពីព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក។

៥៨- ត្រូវតែងតាំងក្បួនពិធីមួយថ្មី

សម្រាប់ថ្វាយអភិបូជារួម ហើយត្រូវបញ្ចូលក្បួនពិធីនោះក្នុងក្បួនពិធីរបស់អភិបាល​ និងរបស់ព្រះសហគមន៍​ក្រុងរ៉ូម​ទៀតផង។

ជំពូក ៣
អគ្គសញ្ញាឯទៀតៗ និងអនុសញ្ញា

៥៩- លក្ខណៈអគ្គសញ្ញានានា

អគ្គសញ្ញាមានគោលដៅនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ និងកសាងព្រះកាយព្រះគ្រីស្ត​ព្រមទាំងគោរព​បម្រើព្រះ​ជាម្ចាស់។ ប៉ុន្តែ ដោយអគ្គសញ្ញាមានលក្ខណៈជាសញ្ញាសម្គាល់ អគ្គសញ្ញានានាក៏ជួយអប់រំ​ជំនឿ​ដែរ។ មានតែ​អ្នក​ផ្ញើ​ជីវិត​លើព្រះគ្រីស្តទេ ដែលអាចទទួលអគ្គសញ្ញាបាន។ ពេលធ្វើអគ្គសញ្ញាដោយមាននិយាយ​ពាក្យ​ និង​ប្រើវត្ថុ​ផ្សេងៗ អគ្គសញ្ញា​ក៏បំប៉ន និង​ពង្រឹង​ជំនឿ ព្រមទាំងបង្ហាញបញ្ជាក់ជំ​នឿរបស់អ្នកទទួលថែមទៀត។ ហេតុនេះ​ហើយ​ បាន​ជាយើងធ្លាប់​ហៅ​អគ្គសញ្ញា​ថា “អគ្គញ្ញានៃជំនឿ”។ ព្រះជាម្ចាស់ប្រណីសន្តោសអ្នកជឿ ដោយសារ​អគ្គសញ្ញា​មែន ប៉ុន្តែ ពិធី​ធ្វើ​អគ្គ​សញ្ញា​ជូន​គ្រីស្តបរិស័ទ ក៏អាចជួយឱ្យគេរៀបចំខ្លួនទទួលព្រះ​អំណោយ​ទាន​តាម​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះអង្គ តាមរបៀបដែលអាចបង្កើតផល។ អគ្គសញ្ញានាំឱ្យគេគោរពបម្រើព្រះជាម្ចាស់ ព្រមទាំង​ឱ្យ​ប្រតិបត្តិ​តាម​សេចក្តីស្រឡាញ់។

ដូច្នេះ ត្រូវឱ្យគ្រីស្តបរិស័ទយល់អត្ថន័យ​នៃសញ្ញាសម្គាល់ដែល​មាន​ប្រើ​ក្នុង​អគ្គសញ្ញានានាដោយងាយ។ ការ​យល់​អត្ថន័យដូច្នេះ ពិត​ជាមាន​សារៈ​សំខាន់ខ្លាំងណាស់។ គេក៏ត្រូវព្យាយាមទទួល​អគ្គសញ្ញា​ទាំងនោះដែរ ព្រោះ​អគ្គ​សញ្ញា​បំប៉នគេឱ្យ​រស់​នៅតាមរបៀប​ជាគ្រីស្តបរិស័ទ។

៦០- អនុសញ្ញា

ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធតែងតាំងអនុសញ្ញាផ្សេងៗ។ អនុសញ្ញាជាសញ្ញាសម្គាល់ដ៏សក្ការៈ ស្រដៀង​នឹង​អគ្គសញ្ញា សម្តែងអំពីផលខ្លះ ជាពិសេស ផលខាងព្រះវិញ្ញាណដែលគ្រីស្តបរិស័ទទទួល​ដោយ​ពាក្យ​អង្វរ​របស់​ព្រះ​សហគមន៍។ ដោយអនុសញ្ញា​ទាំងនោះ មនុស្ស​មានចិត្តចង់ទទួលផលដ៏ប្រសើរនៃអគ្គសញ្ញា ហើយ​ក៏បាន​វិសុទ្ធ​តាម​សភាពការណ៍ផ្សេងៗប្រចាំការរស់នៅរបស់គេ។

៦១- តម្លៃដ៏ថ្លៃថ្នូរនៃពិធីគោរពប្រណិប័តន៍ និងទំនាក់ទំនងនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង

អគ្គសញ្ញា​ និង​អនុសញ្ញានានា នាំឱ្យ​ស្ទើ​រតែ​គ្រប់ព្រឹត្តិការណ៍ប្រចាំការរស់នៅរបស់គ្រីស្តបរិស័ទ ដែល​ស្វែងរក​ព្រះ​ជាម្ចាស់ដោយចិត្តទៀងត្រង់បានវិសុទ្ធ​ ដោយព្រះហឫទ័យប្រណីសន្តោសដែលហូរចេញមកពីព្រះគ្រីស្ត ​ដែល​រង​ទុក្ខ​លំបាក សោយទិវង្គត និងមានព្រះជន្មថ្មីដ៏​រុងរឿង។ គឺព្រះគ្រីស្តនេះហើយដែលប្រោសឱ្យអគ្គសញ្ញា និងអនុសញ្ញា​ទាំង​ប៉ុន្មាន​មានអនុភាព។ វត្ថុ​ស្ទើតែទាំងអស់​ដែល​មនុស្ស​ប្រើប្រាស់យ៉ាងត្រឹមត្រូវ (ក្នុងអគ្គសញ្ញា​ និង​អនុសញ្ញា) ក៏​អាច​តម្រង់ទៅ​រក​គោលដៅតែមួយ គឺធ្វើឱ្យមនុស្ស​បានវិសុទ្ធ និងលើកតម្កើង​សិរីរុង​រឿងរបស់ព្រះជាម្ចាស់។

៦២- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញានានា

តាមដំណើរនៃប្រវត្តិសាស្រ្តតរៀងមក មានកត្តាខ្លះក្នុងពិធីធ្វើអគ្គសញ្ញា និងអនុសញ្ញាបណ្តាលឱ្យគ្រីស្តបរិស័ទ​នៅ​សម័យ​ឥឡូវ មិនសូវយល់លក្ខណៈ និងគោលដៅនៃអគ្គសញ្ញា ឬអនុសញ្ញាទាំងនោះទេ។ ហេតុនេះហើយ​ បានជាត្រូវ​កែសម្រួលសេចក្តីខ្លះៗ ដើម្បីឱ្យបានសមស្របតាមតម្រូវការនៃសម័យឥឡូវ។ ដើម្បីកែ​សម្រួលពិធី​ទាំងនោះ មហា​សន្និបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖

៦៣- ភាសា

ពេលធ្វើអគ្គសញ្ញា និងអនុសញ្ញា​ជូនគេ ភាសារបស់ប្រជាជនតាមតំបន់អាចជួយ​គេ​យ៉ាង​ខ្លាំង ហេតុ​នេះ​ហើយ​ បាន​ជា​ត្រូវប្រើភាសាប្រជាជនឱ្យបានច្រើន តាមសេចក្តីណែនាំដូចតទៅ៖

ក. ពេលធ្វើអគ្គសញ្ញា និងអនុសញ្ញាជូនគេ គេអាចប្រើភាសាប្រជាជនក្នុងតំបន់បាន ស្របតាម​សេចក្តី​ណែនាំចែងនៅមាត្រា ៣៦

ខ. ក្រុមអភិបាលជាអំណាចដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងនៅមាត្រា ២២,២ នៃ​ធម្មនុញ្ញ​នេះ ត្រូវ​បង្កើត​ក្បួនពិធីដោយឡែកយ៉ាងឆាប់ៗ​ស្របតាមតម្រូវការ​នៃ​តំបន់នីមួយៗ ហើយក៏ត្រូវចាត់ចែង​អំពី​ភាសា​ដែរ។ ពេល​ប​ង្កើតក្បួនពិធីទាំងនោះ ត្រូវស្របតាមសៀវភៅក្បួនពិធីក្រុងរ៉ូមបោះពុម្ពជាថ្មី។ ក្រោយ​ពី​អាសនៈ​គ្រីស្តទូត​សិលាកែសម្រួលក្បួនពិធីទាំងនោះរួចហើយ ទើបអាចប្រើក្នុងតំបន់រៀងៗខ្លួន។ ពេល​និពន្ធ​ក្បួន​ពិធី​ទាំង​នោះ ឬក្បួន​ផ្សេងៗ​ទៀតដោយឡែក ត្រូវចម្លងសេចក្តីណែនាំដែលមានកត់ត្រាទុកនៅ​ក្នុង​សៀវភៅ​ក្បួន​ពិធី​ក្រុង​រ៉ូម ដាក់​នៅ​ខាង​មុខ​ពិធី​នីមួយៗ ជាសេចក្តីណែនាំទាក់ទងនឹងការណែនាំគ្រីស្តបរិស័ទ និងទាក់​ទងនឹង​របៀប​ធ្វើ​ពិធី​នីមួយៗ ហើយ​ដែលមាន​សារៈ​សំខាន់​ពិសេស​ដោយ​នឹក​គិតដល់សង្គមដែរ។

៦៤- ការអប់រំមនុស្សពេញវ័យដែលស្តាប់ព្រះបន្ទូលលាន់ឮឡើង

ត្រូវចាត់ចែងការអប់រំជំនឿមនុស្សពេញវ័យដែលស្តាប់ព្រះបន្ទូលលាន់ឮឡើង​ឱ្យមានដំណាក់កាលជាច្រើន ប្លែកៗ​ពីគ្នា ទើបពេល​អ្នកទទួលការអប់រំយ៉ាងសមរម្យបានវិសុទ្ធ គឺដោយសារពិធី​ដែល​គេប្រព្រឹត្តតាមដំណាក់​កាល​ទាំង​នោះ។ ត្រូវប្រព្រឹត្តតាមរបៀបនេះតាមការយល់ឃើញរបស់លោកអភិបាលភូមិភាគ។

៦៥- ក្នុងប្រទេសដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត

ប្រជាជន​តែង​តែ​ធ្វើពិធីបញ្ចូលក្នុង​សាសនារបស់គេ​តាម​ប្រពៃណី​ផ្ទាល់ខ្លួន។ មហាសនិ្នបាតអនុញ្ញាតឱ្យយក​សេចក្តី​ខ្លះៗ​ដក​ស្រង់​ពីពិធីតាមប្រពៃណីរបស់គេ មកដាក់​ចូល​ក្នុងក្បួនពិធី​បញ្ចូលក្នុង​គ្រីស្ត​សាសនា តាម​ប្រពៃណី​ព្រះសហគមន៍យើង។ យើងត្រូវ​សម្រួល​សេចក្តី​ទាំងនោះ​ឱ្យ​បាន​ស្រប​តាមពិធី​គ្រីស្តសាសនា ត្រូវតាម​សេចក្តីចែង​ក្នុង​មា្រតា​លេខ ៣៧-៤០ នៃ​ធម្មនុញ្ញយើងនេះ។

៦៦- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាជ្រមុជទឹក

ត្រូវកែសម្រួលក្បួនពិធីទាំងពីរនៃអគ្គសញ្ញាជ្រមុជទឹកជូនមនុស្សពេញវ័យគឺ មួយជាក្បួនពិធីធម្មតា និងមួយទៀត​ជា​ក្បួនពិធីយ៉ាងឱឡារិក ជាក្បួនដែលគិតគូរដល់ការអប់រំជំនឿរបស់មនុស្សពេញវ័យដែល​កែសម្រួលជា​ថ្មី​ឡើង​វិញ​រួចហើយ។ ត្រូវបញ្ចូលក្នុងសៀវភៅក្បួនពិធីនៃ​ព្រះ​សហគមន៍​ក្រុង​រ៉ូម នូវអភិបូជាដែលហៅថា ”អភិបូជាក្នុង​ពេល​ធ្វើ​អគ្គសញ្ញាជ្រមុជទឹក”

៦៧- ត្រូវកែសម្រួលពិធីអគ្គសញ្ញាជ្រមុជទឹកជូនទារក

ឱ្យបានសមស្របតាមសភាពការណ៍ដ៏ពិតប្រាកដរបស់ទារក។ ម៉្យាងទៀត ក្នុងពិធីនេះត្រូវបញ្ជាក់ឱ្យបាន​ច្បាស់​អំពីតួនាទីឪពុកម្តាយបង្កើត​ និងតួនាទីរបស់ឪពុកម្តាយធម៌។

៦៨- ត្រូវកែសម្រួលពិធីអគ្គសញ្ញាជ្រមុជទឹក

ក្នុងករណីមានមនុស្សជាច្រើនទទួលអគ្គសញ្ញានោះ​ស្របតាម​ការយល់ឃើញរបស់លោកអភិបាល​នៃភូមិ​ភាគ។ ម៉្យាងទៀត ត្រូវបង្កើតក្បួនពិធីមួយទៀតយ៉ាងខ្លី​ដែលគេអាចប្រើបានគ្រប់គ្នា ជាពិសេស អ្នកអប់រំជំនឿនៅ​ដែនដី​មនុស្ស​ភាគច្រើន​មិន​ស្គាល់ព្រះគ្រីស្ត និងជាទូទៅនៅករណីខ្លាចអ្នកនោះស្លាប់ ហើយ​គ្មាន​បូជាចារ្យ ឬ​ឧបដ្ឋាក​នៅ​ពេល​នោះ។

៦៩- ត្រូវចែង​ក្បួន​ពិធីមួយថ្មីជំនួសពិធីហៅថា

ការបំពេញពិធីអគ្គសញ្ញាជ្រមុជទឹ​កយ៉ាងខ្លីបំផុតជូនទារក ដោយ​បញ្ជាក់យ៉ាងច្បាស់ និងសមរម្យថា ទោះបី​ទារក​នោះ​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក​តាមពិធីដ៏ខ្លីក្តី ក៏ព្រះ​សហគមន៍បាន​ទទួល​ទា​រកនេះទុកជាសមាជិករួចហើយ។

ត្រូវចែងក្បួនពិធីមួយថ្មីទៀតសម្រាប់អស់អ្នកដែលបាន​ទទួ​ល​អគ្គសញ្ញា​ជ្រមុជ​ទឹក ដែលយកជាការបាន​តាម​និកាយ​ផ្សេងៗ ហើយដែលប្រែចិត្តគំនិតមករក​សាសនា​កាតូលិកយើង ដើម្បី​បង្ហាញ​បញ្ជាក់ថា​ ព្រះសហគមន៍​ទទួល​គេ​ឱ្យរួបរួមជាមួយដែរ។

៧០- ក្រៅពីរដូវបុណ្យចម្លង

គេអាចប្រសិទ្ធពរលើទឹក នៅពេលធ្វើពិធី​អគ្គសញ្ញាជ្រមុជទឹកជូនគេនោះ តាមរូបមន្ត​មួយ​យ៉ាង​ខ្លីដែលត្រូវ​ទទួល​សេចក្តីអនុញ្ញាតជាមុនសិន។

៧១- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបថ្ងាស

ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបថ្ងាស ក្នុងគោលបំណងបង្ហាញបញ្ជាក់យ៉ាងច្បាស់ថា អគ្គសញ្ញាលាប​ថ្ងាស​ភ្ជាប់​យ៉ាងស្អិតល្មួតជាមួយនឹងការបញ្ចូលមនុស្សពេញវ័យក្នុងគ្រីស្តសាសនាទាំងស្រុង។ គួរឱ្យកែសម្រួលពាក្យ​សន្យា​មុន​ទទួលអគ្គសញ្ញាជ្រមុជទឹក។

ប្រសិនបើគួរឱ្យធ្វើ លោកអភិបាលអាចធ្វើអគ្គសញ្ញាលាបថ្ងាសជូននៅពេល​ថ្វាយអភិបូជា។ ប្រសិនបើមាន​ធ្វើ​អគ្គសញ្ញាលាបថ្ងាសជូនគេ ក្រៅពីពេលថ្វាយអភិបូជា​ត្រូវចែងពាក្យ​ពន្យល់មុន​ពេល​ចាប់​ផ្តើមធ្វើ​ពិធី និង​ចាត់​ពាក្យ​នេះទុកជាអារម្ភកថា។

៧២- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលើកលែងទោស

ត្រូវកែសម្រួលពិធី និងរូបមន្តនៃអគ្គសញ្ញាលើកលែងទោស ដើម្បបញ្ជាក់យ៉ាងច្បាស់​អំពីលក្ខណៈ និងអំពី​លទ្ធផល​នៃអគ្គសញ្ញាលើកលែងទោសនោះ។

៧៣- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបប្រេងអ្នកជំងឺ

គួរហៅ “អគ្គសញ្ញាលាបប្រេងព្រះបង្ហើយ” ថា “អគ្គសញ្ញាលាបប្រេងអ្នកជំងឺ” ​វិញទើបប្រសើរជាង ព្រោះអគ្គ​សញ្ញានោះមិនមែនជាអគ្គសញ្ញាជូនតែអ្នកដែលហៀបនឹងបាត់បង់ជីវិតប៉ុណ្ណោះទេ។ ពេលគ្រីស្តបរិស័ទ​ម្នាក់​មានវ័យ​ចំណាស់ ឬចាប់ផ្តើមមានជំងឺជាទម្ងន់ គឺពេលនោះហើយ​ជាពេលសមរម្យទទួលអគ្គសញ្ញាលាប​ប្រេង​អ្នក​ជំងឺ។

៧៤- ក្រៅពីក្បួនពិធីអគ្គសញ្ញាលាបប្រេងអ្នកជំងឺ

និងពិធីទទួលព្រះកាយពេលហៀបលាចាកលោកនេះដែលជាពិធី​ដោយឡែក​ពីគ្នា ត្រូវចែងក្បួនពិធីមួយ​ទៀតដែល​មាន​ពិធីតៗគ្នា គឺអគ្គសញ្ញាលាប​ប្រេង ក្រោយពីបាន​ទទួល​អគ្គ​សញ្ញា​លើកលែងទោស ហើយមុននឹង​ទទួល​ព្រះកាយ​នៅពេលហៀបនឹងលាចាកលោកនេះ។

៧៥- ត្រូវកំណត់ចំនួនកន្លែងលាបប្រេងលើរូបកាយអ្នកជំងឺ

ស្របតាមសភាពការណ៍អ្នកជំងឺ។ ត្រូវកែសម្រួល​ពាក្យ​អង្វរក្នុងអគ្គសញ្ញា​លាបប្រេងអ្នកជំងឺ ឱ្យស្របតាម​សភាពកាណ៍រ​បស់អ្នកជំងឺនោះដែរ។

៧៦- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាតែងតាំង

ក្នុងអគ្គសញ្ញាតែងតាំងត្រូវកែសម្រួលទាំងពិធី ទាំងសេចក្តីដែលលោកអភិបាល​សូត្រ។ ពេលលោក​ថ្លែង​ពាក្យ​ណែនាំខាង​ដើមអគ្គសញ្ញាតែងតាំងនីមួយៗ ​ឬខាង​ដើមពិធីប្រសិទ្ធិឱ្យទៅជាបូជាចារ្យ លោក​អភិបាល​អាច​និយាយ​ភាសា​តំបន់បាន។

ក្នុងពិធីប្រសិទ្ធិឱ្យទៅជាអភិបាល អស់អភិបាលដែលចូលរួមក្នុងពិធីនោះ មានសិទ្ធិដាក់​ដៃតែងតាំ​ងអភិបាល​ថ្មី​នោះ។

៧៧- ត្រូវកែសម្រួលពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍

ត្រូវកែសម្រួលពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលមានកត់ត្រាទុកក្នុងក្បួនពិធីព្រះសហគមន៍ក្រុងរ៉ូម និង​ត្រូវ​បន្ថែមសេចក្តីខ្លះ ដើម្បីបង្ហាញបញ្ជាក់អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តាមអគ្គសញ្ញានេះ​ និង​ត្រូវ​សង្កត់​លើភារកិច្ចរបស់គូស្វាមីភរិយា។

“ប្រសិនបើនៅតំបន់ខ្លះ ព្រះសហគមន៍យកទំនៀមទម្លាប់ និងពិធីផ្សេងៗ​ដែលគួរឱ្យសរសើរមកប្រើក្នុង​អគ្គសញ្ញា​អាពាហ៍ពិពាហ៍ មហាសន្និបាតដ៏វិសុទ្ធប្រាថ្នាបានចង់យ៉ាងខ្លាំងឱ្យរក្សាទុកទំនៀមទម្លាប់​ និងពិធីនោះទាំង​ស្រុង” (មហា​សន្និបាតត្រែនតូ)។

ម្យ៉ាងទៀត ក្រុមអភិបាលជាអំណាចមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ​នៃ​ធម្មនុញ្ញ​នេះ មានសិទ្ធិបង្កើតពិធីដែលសមស្របតាមប្រពៃណីស្រុក និងប្រជាជន​ដូចមានចែង​ក្នុងមាត្រា ៦៣។ ក៏​ប៉ុន្តែ ត្រូវឱ្យបូជាចារ្យដែលធ្វើអធិបតីក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍​សុំ ហើយត្រូវទទួលពាក្យ​យល់​ព្រម​របស់​សាមីខ្លួន​ទាំង​ពីរ​នាក់ យកគ្នាជាគូស្វាមីភិរិយាជាកំហិត។

៧៨- តាមធម្មតា

ត្រូវធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្នុងពេលថ្វាយអភិបូជា​ក្រោយពីបានប្រកា​សគម្ពីរ​ដំណឹង​ល្អ ហើយ​មុន​ពាក្យ​អង្វរ​សកល។ ត្រូវកែសម្រួលពាក្យអង្វរសូមព្រះអង្គប្រទានពរដល់ភរិយាថ្មោងថ្មី ដើម្បីគូសសង្កត់ថា គូស្វាមីភរិយា​មាន​ភារកិច្ចស្មើគ្នា នឹងត្រូវស្មោះត្រង់ភក្តីទៅវិញទៅមក។ ពាក្យអង្វរនេះអាចសូត្រជាភាសា​ស្រុក​នោះ​បាន។

ប៉ុន្តែ ប្រសិនបើមានធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្រៅពីអភិបូជា​ត្រូវប្រកាសអត្ថបទដកស្រង់ពីលិខិត និងពី​គម្ពីរ​ដំណឹង​ល្អនៅខាងដើមពិធី ហើយត្រូវប្រទានពរលើគូស្វាមីភរិយាជានិច្ចកុំអាក់ខានឡើយ។

៧៩- ត្រូវកែសម្រួលអនុសញ្ញា

ត្រូវកែសម្រួលអនុសញ្ញា ដោយកាន់តាមគោលការណ៍ដ៏សំខាន់ដូចតទៅ គឺត្រូវមានបំ​ណងចង់ជួយ​គ្រីស្ត​បរិស័ទឱ្យ​យល់អត្ថន័យ និងចូលរួមយ៉ាងសកម្មដោយងាយស្រួល ទាំងយកចិត្តទុក​ដាក់នឹងតម្រូវកា​រនា​បច្ចុប្បន្ន។ ពេល​កែ​សម្រួល​អនុសញ្ញា គេក៏អាចបន្ថែមអនុសញ្ញាថ្មីទៀតតាមតម្រូវការ ស្របតាម​សេចក្តី​ណែនាំដែល​មាន​ចែង​ក្នុងមាត្រា ៦៣ ដែរ។

ត្រូវទុកពរដែលមានតែអភិបាលអាចប្រទានបានតែមួយចំនួនតូច។

ត្រូវព្រាងទុកឱ្យគ្រីស្តបរិស័ទធម្មតាដែលមានលក្ខណៈសមរម្យ អាចធ្វើអនុសញ្ញាខ្លះបាន ក្នុងកាលៈទេសៈ​ដែល​លោកអភិបាលយល់ឃើញថា គួរឱ្យធ្វើនោះ។

៨០- ពិធីសច្ចាប្រណិធាន

ត្រូវកែសម្រួលពិធីញែកស្រ្តីព្រហ្មចារីយ៍ថ្វាយព្រះជាម្ចាស់ ដែលមានកត់ត្រាទុកក្នុងក្បួនពិធីអភិបា​លព្រះ​សហគមន៍​ក្រុងរ៉ូម។

ម្យ៉ាងទៀត ត្រូវបង្កើតពិធីមួយ គឺបព្វជិតាប្រកាសពាក្យសច្ចាប្រណិធាន និងប្រកាសពាក្យស​ន្យា​សាជាថ្មី ដើម្បី​ឱ្យ​ពិធីទាំងនោះស៊ីសង្វាក់គ្នា មិនស្មុគស្មាញ ហើយថ្លៃថ្នូរទៀតផង។ អស់អ្នកដែលធ្វើពិធី​សច្ចាប្រណិធាន​ ឬធ្វើ​ពិធី​ប្រកាស​ពាក្យសន្យាសាជាថ្មី្ម ក្នុងពេលថ្វាយអភិបូជាត្រូវអនុវត្តតាមពិធីថ្មីនោះ​ លើកលែងតែមាន​ច្បាប់វិន័យ​ផ្សេង​ដោយ​ឡែក។ បើបព្វជិតាធ្វើពិធីសច្ចាប្រណិធានក្នុងពេលថ្វាយអភិបូជាទើបប្រសើរជាង។

៨១- ត្រូវកែសម្រួលពិធីបញ្ចុះសព

ត្រូវឱ្យពិធីបញ្ចុះសពបញ្ជាក់យ៉ាងច្បាស់ថា គ្រីស្តបរិស័ទដែលចែកស្ថាន​រួចហើយ បាន​ចូលរួមជាមួយព្រះ​យេស៊ូ​ដែល​សោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ ពិធី​ទាំងនោះ សូម្បីតែពណ៌អាវអ្នកធ្វើពិធីគោរពប្រណិប័តន៍ ក៏​ត្រូវ​សម​ស្រប​តាមសភាពការណ៍ និងតាមប្រពៃណី​ប្រជាជនរស់​នៅតាមតំបន់ផ្សេង​ៗ​ដែរ។

៨២- ត្រូវកែសម្រួល

ពិធីបញ្ចុះសពទារក ហើយត្រូវបង្កើតឱ្យមានអភិបូជាពិសេសសម្រាប់ឱកាសនេះដែរ។

ជំពូក ៤
ពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់

៨៣- ពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់ជាកិច្ចរបស់ព្រះគ្រីស្ត និងជាកិច្ចរបស់ព្រះសហគមន៍

ព្រះគ្រីស្តយេស៊ូជាមហាបូជាចារ្យនៃសម្ព័ន្ធមេត្រីថ្មីដែលស្ថិតនៅគង់វង្សអស់កល្បជានិច្ច។ ពេលព្រះអង្គ​ប្រសូត​ជា​មនុស្ស ព្រះអង្គក៏យកបទដែលមានច្រៀងអស់កល្បជានិច្ចនៅលោកខាងមុខមកឱ្យយើង​ច្រៀង​ នៅ​ពេល​យើង​នៅ​និរទេសក្នុងលោកនេះ។ ព្រះគ្រីស្តប្រោសឱ្យសហគមន៍​របស់មនុស្សលោកទាំងអស់រួមជាមួយព្រះ​អង្គ ច្រៀង​បទ​លើកតម្កើងនេះថ្វាយព្រះជាម្ចាស់។

ព្រះគ្រីស្តយេស៊ូនៅតែបន្តបំពេញមុខងារជាមហាបូជាចារ្យនេះ​ដោយសារព្រះសហគមន៍ គឺ​មិន​គ្រាន់​តែ​ដោយ​ព្រះសហគមន៍ថ្វាយអភិបូជាប៉ុណ្ណោះទេ តែដោយរបៀបផ្សេងៗទៀត​ ជាពិសេស​ ដោយព្រះសហគមន៍ធ្វើ​ពិធី​លើក​តម្កើង​ព្រះជា​ម្ចាស់តាមពេលកំណត់។ ព្រះសហគមន៍លើកតម្កើងសិរីរុងរឿងព្រះអម្ចាស់​ឥតឈប់ឈរ ហើយ​អង្វរ​ព្រះអង្គ សូមសង្គ្រោះមនុស្សលោកទាំងមូលទៀតផង។

៨៤- តាមការបញ្ជូនបន្តរបស់គ្រីស្តបរិស័ទតាំងពីបរមបុរាណមក

មានតែងតាំងពិធីលើកតម្កើងព្រះជាម្ចាស់តាម​ពេល​កំណត់ ដើម្បីឱ្យ​មនុស្ស​លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ទាំង​យប់​ទាំងថ្ងៃ និងញែក​គ្រប់ពេលវេលាឱ្យ​បានវិសុទ្ធ​ថ្វាយ​ព្រះអង្គផង។ ពេល​អស់លោកបូជាចារ្យ ឬអ្នក​ផ្សេងៗ​ទៀតដែលព្រះ​សហគមន៍​ចាត់ចែង​ទុកជា​តំណាង​ឱ្យបំពេញ​កិច្ចការនេះ នាំគ្នាលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់​តាម​បទដ៏ប្រសើរនេះ ស្របតាមវិន័យដ៏ត្រឹមត្រូវ​ ឬនៅ​ពេល​គ្រីស្តបរិស័ទរួមអធិដ្ឋាន​ជាមួយបូជាចារ្យតាមរបៀប​ព្រះសហគមន៍យល់ស្រប​នោះ គឺនៅពេលនោះពិតជាព្រះ​សហគមន៍​ជាព្រះមហេសីបន្លឺសូរសំឡេងឡើង​និយាយ​សន្ទនា​ជាមួយព្រះគ្រីស្ត​ជា​ព្រះ​ស្វាមីមែន ឬ​បើ​ពោល​ឱ្យបានល្អជាងនេះទៅទៀត គឺ​ព្រះគ្រីស្តរួមជាមួយ​ព្រះកាយ​ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះបិតា។

៨៥- ហេតុនេះហើយបានជាអស់អ្នកដែលបំពេញកិច្ចនេះ

ក៏បំពេញការងារដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសហគមន៍​ហើយនៅ​ពេលជាមួយគ្នានោះ ក៏ទទួល​កិត្តិយសដ៏​ខ្ពង់ខ្ពស់​បំផុតរួមជាមួយព្រះមហេសីរបស់ព្រះគ្រីស្ត។ ពេល​គេ​បំពេញ​កិច្ចលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ គេ​ឈរនៅ​ខាងមុខបល័្លង្ករបស់ព្រះអង្គក្នុងនាមព្រះ​សហគមន៍ជា​ព្រះ​មាតា។

៨៦- ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់មានប្រយោជន៍ខាងការណែនាំគ្រីស្តបរិស័ទ

បូជាចារ្យទាំងប៉ុន្មានដែលកំពុងបំពេញមុខងារបម្រើជាគង្វាល ត្រូវតែយកចិត្តទុកដាក់លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់​តាមពេលកំណត់នោះ ដោយយល់កាន់តែច្បាស់ថា ខ្លួនត្រូវអនុវត្ត​តាម​ដំបូន្មាន​របស់គ្រីស្ត​ទូត​ប៉ូលដែល​មានប្រសាសន៍ថា “ចូរអធិដ្ឋានឥតឈប់ឈរ” (១ថស ៥,១៧)។ មានតែព្រះ​អម្ចាស់​យេស៊ូ​មួយ​ព្រះអង្គទេ ដែល​អាច​ប្រោសឱ្យកិច្ចអស់លោកប្រព្រឹត្តជារៀងរាល់ថ្ងៃបានស័ក្តិសិទ្ធ​ និងអាចចម្រើនឡើងបាន គឺ​ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា “បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតបានឡើយ” (យហ ១៥,៥)។ ហេតុនេះហើយ​ បានជា​នៅ​ពេល​ក្រុមគ្រីស្តទូតតែងតាំងឧបដ្ឋាក អស់​លោក​មាន​ប្រសាសន៍ថា “រីឯយើង​វិញ យើងនឹងគិតតែពីអធិដ្ឋាន ហើយ​បម្រើព្រះបន្ទូល” (កក ៦,៤)។

៨៧- មហាសន្និបាតដ៏វិសុទ្ធ

នៅតែបន្តការកែសម្រួលដែលអាសនៈគ្រីស្តទូតសិលាចាប់ផ្តើមដោយជោគជ័យ។ មហា​សន្និបាតមានបំណង​ចង់​ឱ្យ​អស់​លោកបូជាចារ្យក្តី សមាជិកផ្សេងៗទៀតរបស់ព្រះសហគមន៍ក្តី លើក​តម្កើង​សិរីរុងរឿងព្រះជាម្ចាស់​តាម​ពេល​កំណត់ឱ្យកាន់តែប្រសើរ និងកាន់តែពេញលក្ខណៈឡើង​ក្នុង​សភាពការណ៍​នា​សម័យឥឡូវ។ ហេតុនេះហើយ បាន​ជា​មហាសន្និបាតសម្រេចក្រឹត្យស្តីអំពីពិធីលើកតម្កើង​សិរីរុងរឿងព្រះ​ជាម្ចាស់​តាមពេលកំណត់ ស្របតាមក្បួន​ពិធី​គោរព​ប្រណិប័តន៍ព្រះសហគមន៍ក្រុងរ៉ូម ដូចខាងក្រោមនេះ៖

៨៨- ត្រូវកែសម្រួលលំដាប់លំដោយ​នៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់

ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ មានគោលដៅលើកពេលវេលាពេញមួយថ្ងៃថ្វាយ​ព្រះ​ជាម្ចាស់​ឱ្យបានវិសុទ្ធ។ ហេតុនេះ ប្រសិនបើអាចធ្វើបាន ត្រូវកែសម្រួលដំណើរនៃពិធីលើក​តម្កើង​សិរីរុងរឿង​ព្រះ​ជាម្ចាស់នេះ ដើម្បីឱ្យ​ពេល​កំណត់​នេះបានត្រូវចំនឹងពេល​វេលា​ដ៏ពិត​ប្រាកដប្រចាំថ្ងៃ។ ម្យ៉ាងទៀត ត្រូវយកចិត្តទុក​ដាក់​អំពី​សភាពការណ៍នៃជីវភាពរបស់មនុស្ស​នា​បច្ចុប្បន្នកាល ជាពិសេស អំពីសភាពការណ៍របស់អស់អ្នកដែល​បំពេញ​កិច្ច​ការជាគ្រីស្តទូត។

៨៩- ហេតុដូច្នេះហើយ បានជាត្រូវកែសម្រួលពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមសេចក្តីណែនាំដូចតទៅ៖

  • ក. តាមប្រពៃណីដ៏ជាទីគោរពនៃព្រះសហគមន៍សកល ពិធីលើកតម្កើងនៅពេលព្រឹក និងពិធី​លើក​តម្កើង​នៅ​ពេលល្ងាច ជាស្នូលដ៏សំខាន់ជាងគេនៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រៀងរាល់ថ្ងៃ។ ហេតុនេះ ត្រូវ​ចាត់​ពិធី​ទាំង​ពីរ​នោះទុកជាពេលកំណត់ដ៏ប្រសើរជាងគេ ហើយត្រូវធ្វើពិធីទាំងពីរស្របតាម​គោលការណ៍​នេះ​ទៀត​ផង។
  • ខ. ត្រូវចាត់ចែងពិធីលើកតម្កើងនៅពេលយប់ ដើម្បីឱ្យបានសមនឹងពេលចុងក្រោយប្រចាំថ្ងៃ។
  • គ. ចំពោះពិធីលើកតម្កើងដែលហៅថា ”ពិធីលើកតម្កើងនៅកណ្តាលយប់” ទោះបីនៅក្នុងអារាម ពិធី​នេះ​ត្រូវ​រក្សា​ទុក​លក្ខណៈ​ជាពិធីលើកតម្កើងរួមនៅពេលយប់ ក៏ត្រូវកែ​សម្រួល​ពិធីនោះដើម្បី​ឱ្យ​គេអាចសូត្រនៅ​ពេល​ណា​ក៏បាន។ ត្រូវសូត្រទំនុកតម្កើងចំនួនតិចជាងពីមុន តែត្រូវអាន​អត្ថបទ​ផ្សេងៗឱ្យ​បាន​វែង​ជាង​ពី​មុន​វិញ។
  • ឃ. ត្រូវលុបបំបាត់ “ពិធីលើកតម្កើងដើមដំបូងនៅព្រឹកព្រលឹម” ចោល។
  • ង. ប្រសិនបើមានធ្វើពិធី​លើកតម្កើងរួមគ្នាក្នុងអារាម ទោះបី “ពិធី​លើក​តម្កើងនៅម៉ោងប្រាំបួនព្រឹក” “ពិធី​លើក​តម្កើង​នៅ​ថ្ងៃត្រង់” “ពិធី​លើកតម្កើងនៅម៉ោងបីរសៀល” មិនសូវសំខាន់ក្តីក៏ត្រូវតែធ្វើក្នុងអារាមដែរ។ តែ​ប្រសិន​បើ​មាន​ធ្វើពិធី​ទាំងបីនោះ​ក្រៅពីអារាមវិញ មានសិទ្ធិជ្រើសរើសពិធីលើកតម្កើង​តែ​មួយបាន គឺ​ពិធី​ណាស្របតាម​ពេល​វេលាប្រចាំថ្ងៃដែលអាចធ្វើបាន។

៩០- ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ពិតជាប្រភពនៃការគោរពថ្វាយបង្គំព្រះជាម្ចាស់

ដោយពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ជាពិធីលើកតម្កើងជាសាធារណៈរបស់ព្រះសហ​គមន៍ ពិធី​នោះ​ក៏ពិតជាប្រភពនៃការគោរពថ្វាយបង្គំព្រះជាម្ចាស់ និងពិតជាអាហារ​ចិញ្ចឹម​ពាក្យអធិដ្ឋានផ្ទាល់ខ្លួន។ ហេតុនេះ​ហើយ សូមក្រើនដាស់តឿនក្នុងព្រះ​នាម​ព្រះអម្ចាស់ អស់​លោកបូជាចារ្យ និងអស់អ្នកដែលចូលរួម​ក្នុង​ពិធី​លើក​តម្កើងសិរីរុងរឿងព្រះជាម្ចាស់​តាមពេល​កំណត់​ថា នៅពេល​ធ្វើ​ពិធីនោះ សូមមានចិត្តគំនិត​ស្រប​តាម​សំឡេង​អស់​លោក​អ្នកវិញ។ សូម​អស់​លោក​អ្នកខិតខំរៀន​ឱ្យ​មានចំណេះ​កាន់តែ​ជ្រៅអំពីពិធីគោរពប្រណិប័តន៍ និង​អំពីព្រះ​គម្ពីរ ជា​ពិសេស​ ស្គាល់​អត្ថន័យទំនុកតម្កើង ទើប​អស់​លោក​អ្នក​អាចមានចិត្ត​គំនិត​ស្រប​តាម​សំឡេងអស់​លោក​អ្នក​បាន។

ពេល​កែសម្រួលពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ឱ្យបានជាថ្មីនោះ ត្រូវ​សម្រួល​ទ្រព្យដ៏​មាន​តម្លៃគួរឱ្យគោ​រពនៃក្បួនពិធីនៃព្រះសហគមន៍ក្រុងរ៉ូមតាំងពីយូរយារមក ដើម្បីឱ្យអស់លាកអ្នកដែល​ទទួល​ទ្រព្យ​ដ៏​មានតម្លៃយ៉ាងខ្ពង់ខ្ពស់នេះទុកជាបញ្ញើ ងាយស្រួលស្តាប់ ហើយយោងប្រយោជន៍កាន់តែច្រើនឡើងៗ។

៩១- អំពីទំនុកតម្កើង

មិនត្រូវចែកទំនុកតម្កើងទាំងអស់ឱ្យសូត្រក្នុងរយៈពេលតែមួយអាទិត្យប៉ុណ្ណោះទេ តែត្រូវចែកទំនុកតម្កើងទាំងអស់​ឱ្យសូត្រក្នុង​រយៈពេលវែងជាងនោះទៅទៀត។ ធ្វើដូច្នេះ ទើបអស់លោក​អ្នកអាចសូត្រតាមពេលកំណត់​ តាមសេចក្តីចែងក្នុងមាត្រា ៨៩ យ៉ាងពិតប្រាកដបាន។

ត្រូវបង្ហើយការកែស​ម្រួលកណ្ឌគម្ពីរទំ​នុកតម្កើង​ដែល​ចាប់ផ្តើមឱ្យបានរួចឆាប់ៗ ដោយ​គោរព​ទាំង​អក្សរ​សាស្ត្រ​ភាសា​ឡាតាំងនៃគ្រីស្តសាសនា ទាំងរបៀបប្រើទំនុកតម្កើងក្នុងពិធីគោរពប្រណិប័តន៍ ព្រម​ទាំងតាមការ​បញ្ជូន​បន្ត​ទាំង​មូល​នៃព្រះសហគមន៍ដែលកាន់តាមប្រពៃណីឡាតាំង។

៩២- ការចាត់ចែងអត្ថបទដែលត្រូវអាន

ចំពោះអត្ថបទដែលត្រូវអាន ត្រូវអនុវត្តតាមសេចក្តីណែនាំដូចតទៅ៖

  • ក. ត្រូវចាត់ចែងអានអត្ថបទព្រះគម្ពីរ ដើម្បីឱ្យគេអាចចូលយ៉ាងងាយទៅកាន់​ទ្រព្យដ៏ថ្លៃថ្នូរនៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ឱ្យបានបរិបូរណ៌ជាងពីមុន។
  • ខ. ត្រូវជ្រើសរើសយកអត្ថបទដកស្រង់ចេញពីក្រុមគ្រូបាធ្យាយនៃព្រះសហគមន៍ និងពីក្រុមអស់លោកអ្នក​បណ្ឌិត ព្រមទាំងពីអ្នកនិពន្ធផ្សេងៗរបស់ព្រះសហគមន៍ តាមរបៀបល្អជាងពីមុន។
  • គ. ត្រូវកែសម្រួលអត្ថបទស្តីអំពីរឿងមរណសាក្សី​ និងជីវប្រវតិ្តនៃសន្តបុគ្គលឱ្យបានស្របតាម​ប្រវត្តិសា្រស្តដ៏​ពិត​ប្រាកដ។

៩៣- ត្រូវកែសម្រួលបទលើកតម្កើង

ប្រសិនបើយល់ឃើញថា គួរឱ្យកែសម្រួលបទលើកតម្កើងឱ្យបានស្របតាមរបៀប​ដើម​វិញដោយ​ចោល ​ឬប្រែសម្រួល​សេចក្តីទាំងប៉ុន្មានដែលមានលក្ខណៈជារឿងព្រេង ឬដែលមិន​សូវស៊ីសង្វាក់នឹងការ​គោរព​ថ្វាយបង្គំតាម​គ្រីស្ត​សាសនា។ ត្រូវទទួលយកបទលើកតម្កើងផ្សេងៗទៀត ដកស្រង់ពីទ្រព្យដ៏​ថ្លៃ​ថ្នូរ​នៃ​បទ​លើកតម្កើងនានាតាម​តម្រូវការ។

៩៤- ពេលវេលាធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់

ត្រូវធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ចំពេលវេលាដែលមានចែងក្នុងក្បួនពិធី ឬជិត​ពេល​កំណត់នោះ។ ធ្វើដូច្នេះ ទើបពេលវេលាប្រចាំថ្ងៃបានវិសុទ្ធយ៉ាងពិតប្រាកដ ហើយអ្នកធ្វើពិធីក៏​បាន​ផល​ខាង​ព្រះ​វិញ្ញាណ​ដែរ។

៩៥- អំពីភារកិច្ចធ្វើពិធីលើកតម្កើងសិរីរុរឿងព្រះជាម្ចាស់តាមពេលកំណត់

ក្រុមបព្វជិតបព្វជិតាដែលមានកាតព្វកិច្ចរួមគ្នាធ្វើពិធីផ្សេងៗក្នុងអារាម ក្រៅពីថ្វាយអភិបូជារួមក្នុងអារាម​ ក៏មាន​កាតព្វកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ជារៀងរាល់ថ្ងៃនៅអារាមគឺ៖

  • ក. ក្រុមលោកដែលមានឋានៈកិត្តិយសក្នុងវិហារមួយ ក្រុមលោកសង្ឃ និងដូនជីកាតូលិក បព្វជិត​បព្វជិតា​ដែល​មាន​កាតព្វកិច្ចរួ​មគ្នាធ្វើពិធីផ្សេងៗក្នុងអារាម តាមក្បួនច្បាប់ទូទៅរបស់ព្រះសហគមន៍ ឬ​តាម​ធម្មនុញ្ញ​របស់​ក្រុម​គ្រួសារ​របស់គេ ត្រូវធ្វើគ្រប់ផ្នែកទាំងអស់នៃពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់តាម​ពេល​កំណត់​ជា​កំហិត។
  • ខ. ក្រុមប្រឹក្សានៃវិសាលវិហារ ឬក្រុមបូជាចារ្យក្នុងវិហារខ្លះ ត្រូវធ្វើតែផ្នែកខ្លះនៃពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់​តាមពេល​កំណត់ គឺផ្នែកណាដែលត្រូវធ្វើស្របតាមក្បួនច្បាប់ទូទៅ ឬស្របតាមក្បួនច្បាប់​របស់​ក្រុមអស់​លោក​ដោយ​ឡែក។
  • គ. អស់លោកអ្នកជាសមាជិកក្រុមគ្រួសារខាងលើនេះ ទោះបីគេទទួលអគ្គសញ្ញាតែងតាំងក្តី ឬបានធ្វើពិធី​សច្ចា​ប្រណិធាន​យ៉ាងឱឡារិកក្តី លើកលែងតែបងប្អូនជាអ្នកបម្រើក្នុងអារាម ​ប្រសិនបើគេមិនធ្វើពិធី​លើក​តម្កើង​សិរីរុងរឿងព្រះជាម្ចាស់​តាមពេល​កំណត់រួមគ្នាក្នុងអារាមទេ ក៏ត្រូវសូត្រម្នាក់ឯងតាម​ម៉ោងពិធី​ទាំង​នោះ​ដែរ។

៩៦- អស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំងរួចហើយ

តែគ្មានកាតព្វកិច្ចធ្វើពិធីលើកតម្កើង​សិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់រួមក្នុងអារាមទេ ក៏មានកាតព្វកិច្ច​ធ្វើ​ពិធី​លើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់​ទាំងមូល ជា​រៀង​រាល់ថ្ងៃជាកំហិតដោយរួមគ្នា ឬនៅម្នាក់ឯង ត្រូវ​ស្រប​តាមសេចក្តីណែនាំចែងក្នុងមាត្រា ៨៩។

៩៧- ប្រសិនគេអាក់ខានធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់​តាមពេលកំណត់

ត្រូវបញ្ជាក់កិច្ចការ​ដែល​គេ​ត្រូវ​ធ្វើ​ជំនួស​ ហើយត្រូវកត់ត្រាទុកជាសេចក្តីណែ​នាំក្នុងក្បួនពិធី។ ក្នុងករណីពិសេស ហើយ​ប្រសិនបើមានមូលហេតុត្រឹមត្រូវ អស់លោកអភិបាលអាច​អនុញ្ញាត​ឱ្យអស់អ្នកដែល​នៅ​ក្រោម​អំណាចរបស់​លោករួចពីកាតព្វកិច្ច​របស់គេ គឺអនុញ្ញាតឱ្យធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះ​ជា​ម្ចាស់​តែ​មួយ​ផ្នែក ឬអនុញ្ញាតមិនឱ្យ​ធ្វើ​គ្រប់ផ្នែកក៏បានដែរ។ លោកក៏អាចបញ្ជាក់កិច្ចកាដែលគេ​ត្រូវធ្វើ​ជំនួស។

៩៨- ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៅគ្រឹះស្ថានបព្វជិតបព្វជិតា

សមាជិកគ្រឹះស្ថានបព្វជិតបព្វជិតាណាក៏ដោយ ដែលមានគោលដៅរស់នៅតាមរបៀប​ដ៏ពេញ​លក្ខណៈ​ល្អឥត​ខ្ចោះ ហើយដែលមានកាតព្វកិច្ចធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់តាមពេល​កំណត់​ផ្នែកខ្លះៗ ស្រប​តាម​ធម្មនុញ្ញ​របស់​គ្រឹះស្ថានទាំងនោះ ពិតជាបំពេញពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះ​សហគមន៍​ហើយ។

ប្រសិនបើគេធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់យ៉ាងខ្លីតាមធម្មនុញ្ញរបស់គេ គេក៏បំពេញពិធីលើក​តម្កើង​សិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហគមន៍ពិតមែនដែរ លុះត្រាតែពិធី​ដ៏ខ្លីនោះមានចាត់​ចែង​តាម​របៀប​ពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់តាមពេលកំណត់​ និងបានទទួលសេចក្តីអនុញ្ញាតយ៉ាងត្រឹមត្រូវ។

៩៩- ពិធីសូត្ររួម

ពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់តាមពេលកំណត់ ជាសូរសំឡេងរបស់ព្រះសហគមន៍ ​គឺជាសូរសំឡេងរបស់​ព្រះ​កាយ​ដ៏​អាថ៌​កំបាំងរបស់ព្រះគ្រីស្ត​ទាំងមូល ដែលលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់ជា​សាធារណៈ។ ហេតុនេះ​ហើយ​ បាន​ជាមហាសន្និបាតផ្តែផ្តាំដាស់តឿនអស់លោកដែលបានទទួល​អគ្គសញ្ញា​តែងតាំង ហើយដែលគ្មានកាតព្វកិច្ច​ធ្វើពិធីរួមក្នុងអារាមទេ ជាពិសេស ផ្តែផ្តាំឱ្យលោកគង្វាលដែលរួមរស់ជាមួយគ្នា ឬដែលជួបជុំគ្នាម្តង​ម្កាល​ថា ត្រូវធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់​តាមពេលកំណត់ យ៉ាង​ហោចណាស់មួយផ្នែកដែរ។

អស់អ្នកដែលធ្វើពិធីលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់តាមពេលកំណត់ ទោះបីរួមគ្នានៅអារាមក្តី សូត្ររួម​គ្នា​កន្លែងផ្សេងក្តី ក៏ត្រូវបំពេញភារកិច្ចដែលព្រះសហគមន៍ផ្ញើទុកឱ្យអស់លោកឱ្យបានល្អប្រសើរឥតខ្ចោះ​ តាម​តែគេ​អាច​ធ្វើ​បាន​ដោយគោរពថ្វាយបង្គំនៅខាងក្នុងចិត្តផង និងដោយធ្វើពិធីយ៉ាង​ល្អប្រសើរនៅ​ខាងក្រៅ​ផង​ដែរ។

ម៉្យាងទៀត ត្រូវស្មូតទំនុកតម្កើងក្នុងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់​នៅក្នុងអារាម ឬរួមគ្នានៅកន្លែង​ផ្សេងតាម​តែ​អាច​ធ្វើទៅបាន។

១០០- គ្រីស្តបរិស័ទត្រូវចូលរួមធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់

អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ចាត់ចែងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រួមគ្នាក្នុងព្រះវិហារ គឺពិធី​នៅ​ម៉ោង​សំខាន់ៗ ជាពិសេស ពិធីលើកតម្កើងពេលល្ងាចនៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យឱឡារិក។ មហា​សន្និបាត​ផ្តែផ្តាំឱ្យគ្រីស្តបរិស័ទធម្មតា ធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់​រួមជាមួយលោកគង្វាលក៏បាន ឬរួម​ជាមួយ​គ្នាក៏បាន ឬម្នាក់ឯងក៏បានដែរ។

១០១- ភាសា

  • ក. អស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំង​ពេលធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ត្រូវតែប្រើភាសា​ឡាតាំង ស្របតាមប្រពៃណីក្បួនពិធីជាភាសាឡាតាំងដ៏បរមបុរាណមក។ ក៏ប៉ុន្តែ​ លោក​អភិបាល​ភូមិភាគ​មានសិទ្ធិ​អាច​អនុញ្ញាតឱ្យសូត្រតាមក្បួនបកប្រែជាភាសាតំបន់ ស្របតាមសេចក្តីចែងក្នុងមាត្រា ៣៦។ លោក​អភិបាល​អនុញ្ញាត​ដូច្នេះ ដើម្បីកុំឱ្យលោកម្នាក់ៗដែលមិនចេះភាសាឡាតាំងជួប​ឧបសគ្គ​រារាំង​យ៉ាងធ្ងន់ធ្ងរ មិនអាចបំពេញភារកិច្ចធ្វើ​ពិធីលើក​តម្កើង​សិរី​រុង​រឿង​ព្រះ​ជាម្ចាស់​យ៉ាងល្អបាន។
  • ខ. ចំពោះបព្វជិតា និងសមាជិកគ្រឹះស្ថានដែលមានគោលដៅរស់នៅយ៉ាងល្អឥតខ្ចោះពេញលក្ខណៈទាំង​បុរស ទាំងស្ត្រី មេដឹកនាំដែលមានសមត្ថកិច្ចណែនាំគ្រឹះស្ថានទាំងនោះ មានសិទ្ធិអាចអនុញ្ញាតឱ្យសមាជិក​ក្រុម​ទាំង​នោះសូត្រជាភាសាក្នុងតំបន់បាន នៅពេលធ្វើពិធីលើកតម្កើង​សិរីរុងរឿង​ព្រះជា​ម្ចាស់តាមពេល​កំណត់ សូម្បីតែនៅ​ពេលធ្វើ​ពិធី​រួម​គ្នា​ក្នុងអារាមក៏បានដែរ លុះត្រាតែក្បួនពិធីបកប្រែដែលគេសូត្រនោះ​បាន​ទទួល​ការអនុម័ត។
  • គ. លោកណាដែលបានទទួលអគ្គសញ្ញាតែងតាំង ហើយដែលមានកាតព្វកិច្ចធ្វើពិធីលើកតម្កើង​សិរីរុង​រឿង​ព្រះជា​ម្ចាស់តាមពេលកំណត់ ​ប្រសិនបើលោកធ្វើពិធីនោះជាភាសាក្នុងតំបន់នោះរួមជាមួយក្រុមគ្រីស្តបរិស័ទ ឬ​ជាមួយក្រុម​ផ្សេងៗ​ដែលមានចែងនៅក្នុងលេខ ២ ខាងលើនេះ ក៏បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពិតមែន​ហើយ លុះត្រាតែក្បួន​ពិធី​បក​ប្រែដែលគេសូត្រនោះបានទទួលការអនុម័ត។

ជំពូក ៥
ពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ

១០២- អត្ថន័យពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ

ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា​ មានភារកិច្ចលើកតម្កើងកិច្ចសង្គ្រោះដែលព្រះគ្រីស្ត​ជា​ព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹក​រឭកដ៏សក្តារៈតាមថ្ងៃកំណត់តៗមកក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ។ រៀង​រាល់​ថ្ងៃអាទិត្យ នៅថ្ងៃដែលព្រះសហគមន៍ហៅថា “ថ្ងៃរបស់ព្រះអម្ចាស់” ព្រះសហគមន៍នឹក​រឭកដល់ព្រះអម្ចាស់មាន​ព្រះជន្មថ្មីដ៏រុងរឿង ដូចព្រះសហគមន៍ធ្លាប់លើកតម្កើង​មួយឆ្នាំ​ម្តងៗ ទាំង​នឹក​រឭកដល់ព្រះអង្គរង​ទុក្ខលំបាក​នៅ​ពេល​ជាមួយគ្នាផង ក្នុងឱកាសបុណ្យចម្លង ជាពិធីយ៉ាងឱឡារិកជាងគេបំផុត។

ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យ​ដែលព្រះ​គ្រីស្តបានសម្រេច គឺ​តាំង​ពី​ព្រះ​យេស៊ូប្រសូតជាមនុស្ស រហូតដល់ព្រះបិតាលើកព្រះអង្គឡើង និងរហូតដល់បុណ្យថ្ងៃទីហាសិប ហើយ​រហូត​ដល់​ថ្ងៃ​ព្រះ​អម្ចាស់យាងមកយ៉ាងរុងរឿង តាមសេចក្តីរង់ចាំដ៏សែនសុខសាន្តរបស់យើង។

ដោយលើកតម្កើងព្រឹត្តិ​ការណ៍​ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះយើ​ង​បែបនេះ ព្រះសហគមន៍​ក៏បើក​ទ្រព្យ​ដ៏​មាន​តម្លៃនៃអនុភាព និងនៃគុណបុណ្យព្រះអម្ចាស់របស់ខ្លួនឱ្យ​គ្រីស្តបរិស័ទ។ ធ្វើដូច្នេះ ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ​ហាក់​ដូចជាមានវត្តមានតាមពេលវេលាជាបន្តបន្ទាប់​ ហើយ​គ្រីស្តបរិស័ទអាចភ្ជាប់នឹង​ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ និង​បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ដែល​សង្គ្រោះគេ។

១០៣- ដោយព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មានរបស់ព្រះគ្រីស្ត

ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអម្ចាស់ ដោយមាន​សេចក្តី​ស្រឡាញ់​យ៉ាងពិសេសចំពោះ​ព្រះនាង ព្រោះព្រះនាងភ្ជាប់ជាមួយបុត្រ​របស់នាង​ក្នុង​កិច្ច​សង្រ្គោះ​របស់​បុត្រ​នោះ ដោយ​ចំណង​ដែលមិនអាចស្រាយ​បាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍​សរសើរ និង​លើកតម្កើងផលដ៏ប្រសើរជាង​គេ​បំផុត​របស់​ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ ម្យ៉ាងទៀត ពេល​ព្រះ​សហគមន៍​សម្លឹងមើល​ព្រះនាង ព្រះសហគមន៍​ក៏​នឹក​រំពឹង​គិត​ដោយ​អំណរហាក់ដូចជាសម្លឹង​មើល​ក្នុងរូបដ៏និមល​បំផុត​នោះនូវអ្វីៗ​ដែល​ខ្លួនប្រាថ្នាចង់បាន ហើយ​សង្ឃឹម​ថា នឹងបាន​ទាំង​ស្រុងដូចព្រះ​នាង​ដែរ។

១០៤- ព្រះសហគមន៍បញ្ចូលថ្ងៃនឹករឭកមរណសាក្សី និងសន្តបុគ្គលផ្សេងៗទៀត

ក្នុងចំណោមពិធី​គោរព​ប្រណិប័តន៍ប្រចាំឆ្នាំ។ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស​ជាច្រើនយ៉ាង​ ព្រះអង្គបានលើក​សន្ត​បុគ្គលទាំងនោះឱ្យបាន​ពេញ​លក្ខណៈ និងឱ្យបានទទួល​ការសង្រ្គោះអស់កល្ប​ជានិច្ច​រួច​ហើយ។ សន្តបុគ្គល​ទាំង​នោះ​នាំ​គា្ន​ច្រៀងបទលើក​តម្កើង​ដ៏ពេញលក្ខណៈថ្វាយព្រះជាម្ចាស់នៅស្ថានបរមសុខ ព្រម​ទាំង​ជួយ​អង្វរ​ព្រះអង្គឱ្យយើង។ ពេលព្រះ​សហគមន៍​ធ្វើពិធី​នឹក​ថ្ងៃខួប​នៃ​កំណើត​របស់សន្តបុគ្គល​នៅ​ស្ថាន​បរមសុខ​នោះ ព្រះសហគមន៍ក៏ប្រកាស​ព្រឹត្តិការណ៍​ដ៏អស្ចារ្យនៃបុណ្យចម្លង គឺសន្តបុគ្គលទាំងនោះរងទុក្ខលំបាករួម​ជាមួយ​ព្រះគ្រីស្ត គេក៏បានទ​ទួល​សិរីរុង​រឿង​រួម​ជា​មួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញសន្តបុគ្គលទុកជាគំរូ​ឱ្យ​គ្រីស្ត​បរិស័ទ​យកតម្រាប់តាម គឺ​គំរូ​ដែលទាក់​ទាញ​គ្រីស្តបរិស័ទទាំងអស់ទៅរកព្រះបិតាដោយសារព្រះគ្រីស្ត។ អំពើ​ល្អ​របស់​សន្តបុគ្គល​ទាំង​នោះ​នៅពេលគាត់រស់នៅ ក៏ធ្វើ​ឱ្យព្រះ​ជាម្ចាស់នឹងប្រទានពរដល់ព្រះសហគមន៍ទៀតផង។

១០៥- ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទ

តាមរដូវផ្សេងៗក្នុងអំឡុងពេលពេញមួយឆ្នាំ​ដោយ​នាំ​ឱ្យគេប្រព្រឹត្ត​តាម​វិន័យបញ្ជូន​បន្ត​ពីដើមមក គឺឱ្យគេធ្វើ​សកម្មភាពផ្សេងៗទាំងខាងវិញ្ញាណផង ទាំងខាងរូបកាយផង។ ព្រះសហគមន៍​បង្រៀន​គេនាំឱ្យគេអធិដ្ឋាន និងឱ្យ​គេ​ប្រែ​ចិត្ត​គំនិត ហើយប្រព្រឹត្តកិច្ចការតាមមេ​ត្តាករុណាទៀត​ផង។

ហេតុ​នេះ​ហើយ បាន​ជា​មហាសនិ្នបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចខាងក្រោមនេះ៖

១០៦- ត្រូវលើកតម្លៃនៃថ្ងៃអាទិត្យ

ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទី ៨​ ដែលយើងតែងហៅយ៉ាងត្រឹម​ត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង តាមក្រុម​គ្រីស្តទូតបានបញ្ជូនបន្តមក។ នៅ​ថ្ងៃអាទិត្យនោះ គ្រីស្តបរិស័ទត្រូវតែជួបជុំគ្នា។ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់​ និងចូលរួម​ថ្វាយ​ពិធី​អរព្រះគុណ គ្រីស្តបរិស័ទនាំគា្ននឹក​រឭកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក និងមានព្រះជន្មថ្មីដ៏រុងរឿង។ គ្រីស្តបរិស័ទក៏​អរ​ព្រះគុណព្រះបិតាដែល “បានប្រោសគេឱ្យកើតជាថ្មី ដោយប្រោសឱ្យព្រះយេស៊ូគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាប​សូន្យឡើយ” (១​សល ១,៣)។ ហេតុនេះហើយ បានជាថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃធ្វើពិធីគោរពថ្វាយបង្គំដ៏សំខាន់ជាងគេ។ ត្រូវ​ដាស់តឿនឱ្យគ្រីស្តបរិស័ទគោរព​ថ្ងៃរបស់​ព្រះ​អម្ចាស់ ដើម្បី​ឱ្យ​ទៅជាថ្ងៃប្រកប​ដោយ​អំណរសប្បាយ និងសម្រាកពីការងារ។ បុណ្យឯទៀតៗទាំងអស់គ្មាន​អាទិភាព​លើថ្ងៃអាទិត្យ​ទេ លើកលែងតែបុណ្យយ៉ាងឱឡារិកបំផុត ពីព្រោះថ្ងៃអាទិត្យពិតជាគ្រឹះ​ និងជា​ស្នូលនៃពិធី​គោរពប្រណិប័តន៍​ប្រចាំ​ឆ្នាំ​ទាំងមូល។

១០៧- ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ

ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ ដើម្បីរក្សាទុកលក្ខណៈដើម និង​ចិញ្ចឹម​ជំ​នឿ​របស់​គ្រីស្ត​បរិស័ទ ហើយណែនាំគេឱ្យ​គោរពថ្វាយបង្គំព្រះជាម្ចាស់ ដោយធ្វើពិធីលើកតម្កើង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​ព្រះ​គ្រីស្ត​ដែល​រំដោះមនុស្សលោក​ ជាពិសេស ដោយលើកតម្កើងព្រឹត្តិការណ៍ដ៏​អស្ចារ្យ​នៃបុណ្យចម្លង។ ត្រូវ​រក្សា​ទុក ឬកែ​សម្រួល​ទំនៀមទម្លាប់ និងវិន័យតាម​ការ​បញ្ជូនបន្តមក ដែលភ្ជាប់នឹងរដូវដ៏សក្ការៈ ទាំង​សម្របទៅតាម​សភាពការណ៍​នា​សម័យ​បច្ចុប្បន្ន។ ប្រសិនបើត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ ត្រូវ​កែ​សម្រួល​ស្របតាម​សភាពការណ៍តំបន់នីមួយៗ តាមសេចក្តីចែងក្នុងមាត្រា ៣៩ និង ៤០។

១០៨- ត្រូវតម្រង់ចិត្តគំនិតរបស់គ្រីស្តបរិស័ទ

ឱ្យចាប់អារម្មណ៍យ៉ាងពិសេសនឹងថ្ងៃបុណ្យដែលលើកតម្កើងព្រះអម្ចាស់ ព្រោះ​តាមរយៈថ្ងៃបុណ្យទាំងនោះ ព្រះ​សហគមន៍លើកតម្កើងគម្រោងការណ៍ដ៏អស្ចារ្យ​នៃការសង្រ្គោះរបស់យើង​ក្នុង​អំឡុង​ពេល​មួយឆ្នាំម្តង។ បន្ទាប់មក ត្រូវ​នាំគ្រីស្តបរិស័ទឱ្យចាប់អារម្មណ៍នឹងបុណ្យតាមរដូ​វធម្មតាប្រចាំឆ្នាំ ដែល​មាន​អាទិភាព​លើ​ពិធីនឹក​រឭក​ដល់​សន្ត​បុគ្គល។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទលើកតម្កើងគម្រោងការដ៏អស្ចារ្យ​នៃការ​សង្រ្គោះ​បាន​សព្វគ្រប់យ៉ាងសមរម្យ​ក្នុង​អំឡុង​ពេល​ពេញមួយឆ្នាំ។

១០៩- រដូវអប់រំពិសេស ឬរដូវសែសិបថ្ងៃ

រដូវអប់រំពិសេសមានលក្ខណៈពីរយ៉ាង ទីមួយគឺ ព្រះសហគមន៍​អញ្ជើញ​គ្រីស្តបរិស័ទកាន់​តែ​ខ្លាំងឡើងៗ​ឱ្យ​ស្តាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់ ​និងឱ្យព្យាយាមអធិដ្ឋាន ដោយគេនាំគា្ននឹករឭកពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក ឬ​អប់រំ​ចំណូល​ថ្មីឱ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក។ លក្ខណៈទីពីរគឺ ព្រះសហគមន៍​រៀបចំចិត្ត​គំនិត​គ្រីស្តបរិស័ទ​ឱ្យ​លើក​តម្កើងព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃបុណ្យ​ចម្លង។ ត្រូវយកចិត្តទុកដាក់​បង្ហាញលក្ខណៈទាំងពីរនោះ​ឱ្យបាន​ច្បាស់​ ទាំង​នៅ​ពេល​ធ្វើពិធី​គោរពប្រណិប័តន៍​ក្តី ទាំងនៅពេលអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍ក្តី។ ហេតុនេះហើយ៖

  • ក. ក្នុងពិធីនានានៃរដូវអប់រំពិសេសនោះ ត្រូវយកកត្តាទាក់ទងនឹងអគ្គសញ្ញាជ្រមុជទឹកមកប្រើឱ្យបានច្រើន។ ប្រសិនបើ​មានប្រយោជន៍ គួរយក​កត្តា​ខ្លះ​នៃពិធីអគ្គសញ្ញាជ្រមុជទឹកបញ្ជូនបន្តពីបុរាណ​មកឱ្យមាន​ឡើង​វិញ។
  • ខ. អំពីការប្រែចិត្តគំនិតក៏ត្រូវគិតតាមរបៀបដដែល។ ចំពោះការអប់រំជំនឿ ត្រូវណែនាំគ្រីស្តបរិស័ទ​ឱ្យ​នឹក​គិត​ថា អំពើ​បាបបណ្តាលឱ្យមានផលអាក្រក់ដល់សង្គម។ នៅពេលជាមួយគ្នានេះ ​ត្រូវនាំឱ្យគេ​នឹក​គិត​អំពី​លក្ខណៈ​ផ្ទាល់​នៃការ​ប្រែចិត្តគំនិត គឺត្រូវស្អប់អំពើបាប ព្រោះជាអំពើខុសនឹងព្រះហឫទ័យព្រះជាម្ចាស់។ សូម​កុំ​បំភ្លេចមុខនាទីរបស់​ព្រះ​សហគមន៍ក្នុងការប្រែចិត្តគំនិត។ ត្រូវគូសសង្កត់លើពាក្យអង្វរ​ព្រះជាម្ចាស់​ឱ្យ​អស់​អ្នក​បាប​ផងដែរ។

១១០- គ្រីស្តបរិស័ទប្រែចិត្តគំនិតក្នុងរដូវអប់រំពិសេសមានន័យថា

គេមិនគ្រាន់តែប្រែនៅខាងក្នុងចិត្ត​ ឬដោយម្នាក់ឯងប៉ុណ្ណោះទេ តែគេក៏ត្រូវប្រែចិត្តគំនិតនៅខាងក្រៅដែរ ​ហើយ​នៅ​ខាង​របៀបរស់នៅ​ក្នុងសង្គមទៀត។ អភិបាលដែល​កាន់​អំណាច​ក្នុងតំបន់នីមួ​យៗតាមសេចក្តីចែងនៅមាត្រា ២២ ត្រូវ​ជួយ​លើក​ស្ទួយ និងផ្តែផ្តំាឱ្យគ្រីស្តបរិស័ទ​ប្រែចិត្ត​គំនិតយ៉ាងប្រាកដតាមសមត្ថភាពនៃសម័យយើង និងតាម​សមត្ថភាព​នៅក្នុងតំបន់នីមួយៗ ព្រមទាំងតាមជីវភាព​គ្រីស្តបរិស័ទ។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវ​តម​អាហារ​ក្នុង​ឱកាស​បុណ្យចម្លង ចាត់ទុកជាកិច្ចដ៏សក្ការៈ គឺត្រូវតម​អាហារ​នៅ​ថ្ងៃ​សុក្រដែលព្រះអម្ចាស់រង​ទុក្ខ​លំបាក និង​សោយ​ទិវង្គត។ ត្រូវតមអាហារនៅគ្រប់ទីកន្លែងជា​កំហិត ហើយ​ប្រសិន​គួរ​ឱ្យ​ធ្វើបាន ក៏ត្រូវតមអាហារថ្ងៃសៅរ៍ពិសិដ្ឋដែរ ដើម្បី​ឱ្យ​គ្រីស្តបរិស័ទមានចិត្តខ្ពង់ខ្ពស់ និងមាន​សេរីភាព​ក្នុងចិត្ត និង​ទៅ​ដល់ថ្ងៃដែលព្រះអម្ចាស់​មានព្រះជន្មថ្មី​ដ៏​រុងរឿង​យ៉ាងសែនរីករាយ។

១១១- ថ្ងៃគោរពសន្តបុគ្គល

ព្រះសហគមន៍តែងតែគោរពសន្តបុគ្គល ហើយក៏គោរពធាតុដ៏ពិតប្រាកដ និងរូបរបស់គេថែមទៀតដែរ តាម​ការ​បញ្ចូន​បន្ត​ពីបុរាណមក។ ថ្ងៃនឹករឭកគោរពសន្តបុគ្គលជាឱកាសប្រកាសអំពីស្នាព្រះហស្ត​ដ៏អស្ចារ្យរបស់​ព្រះ​គ្រីស្ត ដែល​ព្រះអង្គ​បានប្រព្រឹត្តក្នុងអ្នកបម្រើរបស់ព្រះអង្គ​ ហើយក៏ជាឱកាសបង្ហាញគំរូ​ឱ្យគ្រីស្តបរិស័ទយក​តម្រាប់​ធ្វើ​តាម។

ព្រះសហគមន៍ភូមិភាគនីមួយៗ ឬព្រះសហគមន៍ក្នុងប្រទេសមួយ ឬក្រុមគ្រួសារបព្វជិតបព្វជិតាដោយឡែក ត្រូវចាត់ចែងថ្ងៃគោរពមួយចំនួនដោយខ្លួនឯង ដើម្បីកុំឱ្យថ្ងៃគោរពសន្តបុគ្គលមានអាទិភាព​លើថ្ងៃ​គោរពលើក​តម្កើង​ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មាននៃការសង្រ្គោះ។ ព្រះសហគមន៍សកលត្រូវនឹក​រឭកគោរពតែ​សន្តបុគ្គលណា​ដែល​មាន​សារៈសំខាន់សម្រាប់ព្រះសហគមន៍សកលប៉ុណ្ណោះ។

ជំពូក ៦
ភ្លេងដ៏សក្ការៈ

១១២- ភ្លេងដ៏សក្ការៈមានតម្លៃថ្លៃថ្នូរ

ព្រះសហគមន៍សកលមានប្រពៃណីដ៏យូរលង់អំពីភ្លេងដ៏សក្ការៈ ហើយបានប្រមូលបទភ្លេងជាច្រើន​ទុក​ជា​ទ្រព្យ​ដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត រកអ្វី​មក​ប្រៀបផ្ទឹមពុំបាន ជាទ្រព្យប្រសើរជាងសិល្បៈឯទៀតៗ​ទាំង​អស់។ ការណ៍នេះ​មក​ពីភ្លេងដ៏សក្ការៈ​ភ្ជាប់នឹងពាក្យសម្តី គឺជាផ្នែកដែលត្រូវការជាចាំបាច់ក្នុងពិធីគោរពប្រណិប័តន៍នានាដ៏ឱឡារិក ហើយ​ក៏​ពិត​ជា​ផ្នែក​មួយក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ។ ពិតមែនហើយ ក្នុងព្រះគម្ពីរមានលើក​តម្កើង​បទ​ចម្រៀង​ដ៏សក្ការៈ (អភ​ ៥,១៩; កូឡ ៣,១៦) គ្រូបាធ្យាយនៃព្រះសហគមន៍ និងអភិបាលព្រះសហគមន៍ក្រុង​រ៉ូម​ជា​ច្រើន​នាក់ក៏បានលើក​តម្កើង​បទចម្រៀងដ៏សក្ការៈដែរ។ នៅសម័យថ្មីៗ អភិបាលព្រះសហគមន៍​ក្រុងរ៉ូមបន្ត​ពី​សន្តៈ​ពីយ៉ូស​ទី ១០ ក៏បាន​ពន្យល់​បញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់ភ្លេងដ៏សក្ការៈក្នុងពីធីគោរព​បម្រើព្រះ​ជាម្ចាស់​ដែរ។

ហេតុនេះហើយ បានជាភ្លេងដ៏សក្ការៈ​កាន់តែ​រួម​ភ្ជាប់​នឹងកិច្ចនៃពិធីគោរពប្រណិប័តន៍យ៉ាងណា ភ្លេងក៏​កាន់​តែ​វិសុទ្ធ​យ៉ាងនោះដែរ គឺភ្លេងនាំឱ្យរំភើបចិត្តក្នុងពេលអធិដ្ឋាន បណ្តោយ​ឱ្យអ្នកចូលពិធីរួមគ្នាប្រមូលអារម្មណ៍ ឬ​ផ្តល់​ឱ្យ​ពិធី​ដ៏​សក្ការៈ​បានឧត្តុង្គឧត្តម។ ប៉ុន្តែព្រះសហគមន៍ទទួលស្គាល់សិល្បៈដ៏ពិត​ប្រាកដ​គ្រប់​យ៉ាង​ឯទៀតៗ លុះ​ត្រាតែ​សិល្បៈ​ទាំង​នោះមានគុណសម្បត្តិយ៉ាងសមរម្យ។ បើមានគុណ​សម្បត្តិដូច្នេះ​មែន ព្រះសហគមន៍ក៏បញ្ចូល​សិល្បៈ​ទាំង​នោះ​ក្នុងពិធី​បុណ្យដែរ។

ហេតុនេះហើយ ដោយគោរពតាមបទបញ្ជា និងតាមសេចក្តីណែនាំ​នៃការ​បញ្ជូន​បន្តមក ព្រមទាំង​ដោយ​គោរព​វិន័យ​ព្រះសហគមន៍ ហើយដោយយល់ឃើញថា ភ្លេងដ៏សក្ការៈ​មានគោល​ដៅ​លើកតម្កើងសិរី​រុង​រឿង​របស់ព្រះ​ជាម្ចាស់ និងជួយឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ មហាសន្និបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖

១១៣- ពិធីគោរពប្រណិប័តន៍យ៉ាងឱឡារិក

ពិធីគោរពប្រណិប័តន៍បានឱឡារិកឧត្តុង្គឧត្តមលុះត្រាតែមានបទចម្រៀង មានអភិបាល​ និង​លោកគង្វាល​ធ្វើ​ជា​អធិបតី និងមានគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មផង។ ចំពោះភាសាដែលត្រូវប្រើនោះ ត្រូវអនុវត្តតាមបទ​បញ្ជាក់​ចែង​នៅ​មាត្រា ៣៦។ ចំពោះអភិបូជា ត្រូវអនុវត្តតាមបទបញ្ជាចែងនៅមាត្រា ៥៤។ ចំពោះអគ្គសញ្ញានា​នា​ត្រូវ​អនុវត្ត​តាម​បទបញ្ជានៅមាត្រា ៦៣។ ចំពោះពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមពេលកំណត់ ត្រូវ​អនុវត្តតាម​បទ​បញ្ជាក់ចែងនៅមាត្រា ១០១ វិញ។

១១៤- ត្រូវរក្សាទុកទ្រព្យដ៏មានតម្លៃរបស់ភ្លេងដ៏សក្ការៈ

ទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងថែទាំភ្លេងនោះឱ្យចម្រើនឡើង។ ត្រូវព្យាយាមយកចិត្តទុកដាក់​ពង្រីក​ចំនួន​ក្រុម​អ្នក​ច្រៀង ជាពិសេស នៅវិសាលវិហារ។ ប៉ុន្តែ លោកអភិបាល និង​លោក​គង្វាលឯ​ទៀតៗត្រូវខ្នះខ្នែង និងប្រយ័ត្នថា ក្នុង​គ្រប់​ពិធី​គោរពប្រណិប័តន៍ដែលមានបទចម្រៀង ត្រូវឱ្យអង្គ​ប្រជុំ​របស់គ្រីស្តបរិស័ទ​ទាំង​មូលអាច​ចូលរួមយ៉ាង​សកម្ម​តាមផ្នែករបស់ខ្លួនផ្ទាល់ ស្របតាមសេចក្តីណែនាំ​ចែង​នៅមាត្រា ២៨ និង ៣០។

១១៥- ការអប់រំខាងភ្លេង

ក្នុង​ទេវវិទ្យា​ល័យ នៅគេហដ្ឋានអប់រំបព្វជិតបព្វជិតា ក្នុងគេហដ្ឋានសិក្សារបស់គេ​ និងក្នុងវិទ្យាស្ថានឯទៀតៗ ហើយ​នៅ​ក្នុងសាលារៀន​កាតូលិក ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងបង្ហាត់បង្រៀនភ្លេង ​ហើយ​បង្ហាត់ឱ្យចេះ​ប្រើ​ប្រាស់​ភ្លេងថែមទៀត។ លោកគ្រូអ្នកគ្រូដែលទទួលបន្ទុកបង្រៀនភ្លេងដ៏សក្ការៈនោះ ត្រូវទទួលការហ្វឹក​ហ្វឺនដោយ​យក​ចិត្តទុកដាក់ជាមុនសិន។

មហាសន្និបាតផ្តែផ្តាំឱ្យបង្កើតវិទ្យាស្ថានដ៏ខ្ពង់ខ្ពស់ បង្រៀនភ្លេងដ៏សក្ការៈ​នៅកន្លែងណាដែល​គួរបង្កើត​នោះ។

ត្រូវអប់រំអ្នកនិពន្ធបទភ្លេង និងអ្នកច្រៀង​ ជាពិសេស ក្មេងៗឱ្យគេស្គាល់ពិធី​គោរពប្រណិប័តន៍យ៉ាងត្រឹម​ត្រូវ​ពិត​ប្រាកដ។

១១៦- បទភ្លេងតាមសន្តៈគ្រេហ្គ័រ និងពហុសូរស័ព្ទ

ព្រះសហគមន៍ទទួលស្គាល់ថា បទភ្លេងតាមសន្តៈគ្រេហ្គ័រពិតជា​ភ្លេងពិសេសផ្ទាល់​នៃពិធីគោរពប្រណិប័តន៍​តាម​ក្បួន​ពិធីព្រះសហគមន៍ក្រុងរ៉ូម។ ហេតុនេះហើយ បានជាក្នុងពិធីគោរពប្រណិប័តន៍នានា បទភ្លេងតាម​សន្តៈ​គ្រេហ្គ័រមានអាទិភាព​លើ​បទ​ឯទៀតៗ​ទាំង​អស់ ទោះបីបទឯទៀតៗមានតម្លៃស្មើគ្នាក្តី។

ប៉ុន្តែ ត្រូវសុខចិត្តទទួលយកបទ​ភ្លេងដ៏​សក្ការៈ​បែ​ប​ផ្សេងៗទៀត ជាពិសេស បទពហុសូរស័ព្ទឱ្យប្រើ​ក្នុង​ពិធី​លើក​តម្កើងសិរីរុរឿងរបស់ព្រះជាម្ចាស់ លុះត្រាតែបទភ្លេង​ និង​បទពហុសូរស័ព្ទទាំង​នោះស៊ីចង្វាក់នឹងខ្លឹមសារ​នៃពិធី​គោរព​ប្រណិប័តន៍ ស្របតាម​មាត្រា ​៣០។

១១៧- ការបោះពុម្ពសៀភៅនៃបទភ្លេងតាមសន្តៈគ្រេហ្គ័រ

ត្រូវបង្ហើយការបោះពុម្ពសៀវភៅគំរូនៃបទភ្លេងតាមសន្តៈគ្រេហ្គ័រឱ្យបានរួចរាល់។ លើសពីនេះទៅទៀត ត្រូវកែ​សម្រួលសៀវភៅទាំងប៉ុន្មានបោះពុម្ពក្រោយពីសន្តៈពីយ៉ូសទី ១០ កែទម្រង់ក្បួនពិធីគោរពប្រណិប័តន៍ រួច​សូម​បោះពុម្ព​សាជា​ថ្មី។

គួរបោះពុម្ពសៀវភៅមួយផ្សេងទៀត មានបទភ្លេងដែលមានភាពងាយស្រួលជាង ឱ្យគេអាចប្រើនៅ​ព្រះវិហារ​តូចៗ​បាន។

១១៨- បទភ្លេងសាសនាជាប្រជាប្រិយ

គួរលើកស្ទួយបទភ្លេងសាសនាជាប្រជាប្រិយ ក្នុងពិធីគោរពប្រណិប័តន៍តាមប្រជាប្រពៃណី និង​ក្នុងពិធី​ដ៏​សក្ការៈ ហើយក្នុងពិធីគោរពប្រណិប័តន៍ថែមទៀត ស្របតាមសេចក្តីណែនាំ និងបទបញ្ជាក់។ ធ្វើដូច្នេះ ​ទើប​គ្រីស្ត​បរិស័ទ​អាចបន្លឺ​សំឡេងឡើងបាន។

១១៩- ភ្លេងដ៏សក្ការៈក្នុងដែនដីដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត

តាមតំបន់ខ្លះ ជាពិសេស នៅដែនដីដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត ជួនកាលប្រជាជនធ្លាប់​មានបទតាម​ប្រពៃណីភ្លេងផ្ទាល់របស់គេ។ ភ្លេងទាំងនោះក៏មានសារៈសំខាន់ក្នុងសាសនា​​ និងក្នុងសង្គមរបស់គេថែមទៀត។ ហេតុនេះហើយ ត្រូវយកចិត្តទុកដាក់គោរពភ្លេងរបស់គេទុកជាមានតម្លៃ និងយកមកប្រើនៅពេលអប់រំចិត្តគំនិត​គេ​ខាង​សាសនាផង និង​នៅពេលកែសម្រួលពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់​ផង ឱ្យបានសម្របទៅតាម​ទេព​កោសល្យ​ជាតិរបស់គេ ស្របតាមគោលគំនិតនៃមាត្រា ៣៩ និង ៤០។

ហេតុនេះ ពេលហ្វឹកហ្វឺនសាសនទូតអំពីភ្លេង ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឱ្យគេមាន​លទ្ធភាព​អាច​គាំទ្រ​ភ្លេង​ប្រជាប្រិយតាមប្រពៃណីប្រជាជនទាំងនោះ​ទាំងនៅសាលារៀន ទាំងនៅក្នុងពិធីគោរពប្រណិប័តន៍ ប្រសិនបើ​អាច​ធ្វើ​បាន។

១២០- អ័គ្ហ និងគ្រឿងតូរ្យតន្ត្រី

ព្រះសហគមន៍ដែលគោរពបម្រើព្រះជាម្ចាស់ តាមរបៀបរបប​ឡាតាំង​ត្រូវគោរពយ៉ាងខ្លាំងនូវអ័គ្ហ ដែលមាន​បំពង់​ទុក​ជា​គ្រឿងតូរ្យតន្រី្តមួយដ៏ប្រសើរជាងគេតាមប្រពៃណីព្រះសហគមន៍នោះ។ សូរសំឡេងអ័គ្ហនោះអាចជួយ​ឱ្យ​ពិធី​នានាបានរុងរឿងគួរឱ្យសរសើរ ហើយក៏អាចជួយតម្រង់ចិត្តគំនិតគ្រីស្តបរិស័ទយ៉ាងខ្លាំងទៅកាន់ព្រះជា​ម្ចាស់ និង​ទៅ​កាន់ស្ថាន​បរមសុខ។ មានសិទ្ធិអនុញ្ញាតឱ្យប្រើគ្រឿងតូរ្យតន្ត្រីឯទៀតៗក្នុងកិច្ច​គោរពបម្រើព្រះ​ជាម្ចាស់បាន តាម​តែ​គ្រឿង​តូរ្យតន្ត្រីទាំងនោះសមរម្យនឹងពិធី ហើយសមនឹងសេចក្តីថ្លៃថ្នូរនៃព្រះវិហារ។ នៅពេលក្រោយ គ្រឿង​តូរ្យតន្ត្រី​ទាំងនោះមុខជានឹង​ទៅជា​គ្រឿងដ៏សក្ការៈ និងអាចជួយកសាងចិត្តគំនិតគ្រីស្តបរិស័ទបានទៀត។ គ្រឿង​តូរ្យតន្ត្រីអាច​ប្រើ​បានតាមការយល់ឃើញ និងការ​អនុញ្ញាតរបស់លោកអភិបាលដែលមានអំណាចក្នុងតំបន់ស្រប​តាម​មាត្រា ២២​ ហើយ ៣៧ និង ៤០។

១២១- បេសកកម្មរបស់អ្នកនិពន្ធបទភ្លេង

អ្នកនិពន្ធបទភ្លេងប្រកបដោយគោលគំនិតជាគ្រីស្តបរិស័ទសុទ្ធសាធត្រូវយល់ឃើញថា ព្រះជាម្ចាស់ត្រាស់​ហៅគេឱ្យរក្សាភ្លេងដ៏សក្ការៈ និងធ្វើឱ្យទ្រព្យដ៏មានតម្លៃនៃភ្លេងដ៏សក្ការៈនោះចម្រើនឡើង។ អ្នកនិពន្ធទាំងនោះ​ត្រូវ​តែង​សាច់ភ្លេងដែលមានលក្ខណៈជាភ្លេងដ៏សក្ការៈយ៉ាងពិតប្រាកដ។ ត្រូវតែងសាច់ភ្លេងក្នុងគោលបំណងមិនគ្រាន់​តែ​ឱ្យក្រុមធំៗអាចច្រៀងបានប៉ុណ្ណោះទេ តែឱ្យក្រុមតូចៗក៏អាចច្រៀងបានដែរ និងជួយអង្គប្រជុំ​គ្រីស្តបរិស័ទ​ទាំង​មូលឱ្យចូលរួមច្រៀងយ៉ាងសកម្ម។

អត្ថន័យបទចម្រៀងត្រូវស្របតាមលទ្ធិកាតូលិក ហើយត្រូវចូលចិត្តជ្រើសរើសយកសេចក្តី​ចេញ​ពីព្រះគម្ពីរ ឬពី​ប្រភពនៃពិធីគោរពប្រណិប័តន៍ឯទៀតៗផង។

ជំពូក ៧
សិល្បៈដ៏សក្ការៈ និងសម្ភារៈប្រើប្រាស់ក្នុងកិច្ចគោរពបម្រើព្រះជាម្ចាស់

១២២- កិត្តិយសដ៏ថ្លៃថ្នូរនៃសិល្បៈសក្ការៈ

ក្នុងចំណោមសកម្មភាពដ៏ល្អប្រសើរជាងគេនៃប្រាជ្ញារបស់មនុស្សលោក​ត្រូវរាប់បញ្ចូលយ៉ាងត្រឹមត្រូវនូវវិចិត្រ សិល្បៈនានា ជាពិសេស សិល្បៈខាងសាសនា។ សិល្បៈដ៏សក្ការៈក៏ជាកំពូលនៃសិល្បៈខាងសាសនាទាំងនោះ។ លក្ខណៈ​ពិសេសនៃសិល្បៈដ៏សក្ការៈនេះ មានគោលដៅសម្តែងនូវសោភ័ណភាព​ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ តាម​ស្នាដៃរបស់សិល្បៈករ សិល្បការិនី។ សិល្បៈករ សិល្បការិនីដ៏សក្ការៈ​ទាំងនោះ បូជាកម្លាំងកាយកម្លាំងចិត្តលើកតម្កើង ​កោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ ដោយគេមានគោលបំណងតែមួយ គឺជួយតម្រង់ចិត្តគំនិត​របស់មនុស្សទៅ​រក​ព្រះ​ជា​ម្ចាស់តាមតែគេអាចធ្វើបាន។

ហេតុនេះហើយ បានជាព្រះ​សហគមន៍ជាព្រះមាតាដ៏ជាទី​គោរព បានរាប់អានវិចិត្រសិល្បៈជានិច្ច​ និងសូមឱ្យ​វិចិត្រ​សិល្បៈករសិល្បការិនីជួយបម្រើជា​និច្ច ជាពិសេស សូមឱ្យគេឆ្នៃសម្ភារៈទាំងប៉ុន្មាន​ដែលប្រើ​ប្រាស់នៅពេល​គោរព​បម្រើព្រះ​ជាម្ចាស់ឱ្យបានសមរម្យ ថ្លៃថ្នូរ និងល្អស្អាត ដើម្បីជាសញ្ញា និងជានិមិត្តរូបបង្ហាញ​អំពីអ្វីៗនៃលោក​ខាង​មុខ។ ព្រះសហគមន៍ក៏មិនដែលឈប់អប់រំហ្វឹកហ្វឺន​សិល្បករ​ សិល្បការិនីតាម​បច្ចេកទេសរបស់គេ។ លើសពី​នេះ​ទៅទៀត ព្រះសហគមន៍ក៏ចាត់ខ្លួនទុកជាអ្នកមាន​សិទិ្ធ​វិនិច្ឆ័យ​ស្នាដៃវិចិត្រសិល្បៈដោយ​បញ្ជាក់យ៉ាងច្បាស់ថា ក្នុង​ចំណោម​ស្នាដៃនៃវិចិត្រសិល្បៈទាំងនោះ ស្នាដៃណាសមស្របតាមជំនឿ និងសមស្របតាមការគោរពប្រណិប័តន៍ព្រះ​ជាម្ចាស់ ហើយសមស្របតាមច្បាប់វិន័យ​ប្រពៃណីនៃ​សាសនា​ ដែលអាចប្រើក្នុងពិធីគោរពបម្រើព្រះជាម្ចាស់បាន។

ព្រះ​សហគមន៍បានយកចិត្តទុកដាក់យ៉ាងពិសេស ឱ្យសម្ភារៈដ៏សក្ការៈបានសមរម្យ និងមានសោភ័ណភាព​ដើម្បី​ជួយ​លើក​ពិធីគោរពបម្រើព្រះ​ជាម្ចាស់បានរុងរឿងឧត្តុង្គឧត្តម។ ប៉ុន្តែ ព្រះសហគមន៍​ក៏ទទួល​ស្គាល់ថា ទាំង​គ្រឿង​ប្រឌិតសម្ភារៈ ទាំងសម្ភារៈ ទាំងរបៀបសម្អាតតុបតែង​ផ្ទះចេះតែផ្លាស់ប្តូរជានិច្ច តាមការ​អភិវឌ្ឍន៍​នៃ​បច្ចេកទេស​តាមសម័យ​នីមួយៗ។

ហេតុនេះហើយ បានជាអស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាត បានសម្រេចសេចក្តី​អំពី​រឿង​ទាំង​នោះដូចតទៅ៖

១២៣- អំពីរចនាបទសិល្បៈ

ព្រះសហគមន៍មិនដែលចាត់ទុករចនាបទសិល្បៈតែមួយ ជាសិល្បៈរបស់ព្រះសហគមន៍ផ្ទាល់ទេ​ ផ្ទុយទៅវិញ ព្រះសហគមន៍ទទួលស្គាល់របៀបផ្សេងៗនៃសិល្បៈតាមសម័យនីមួយៗ ត្រូវតាមទេពកោសល្យ​ និងតាមសភាពការណ៍​ប្រជាជននីមួយៗ ព្រមទាំងតាមតម្រូវការនៃរបៀបរបបពិធីគោរពប្រណិប័តន៍ផ្សេងៗទៀត។ ព្រះ​សហគមន៍រាប់ថា សិល្បករ សិល្បការិនីបានបង្កើតកំណប់សិល្បៈដ៏ថ្លៃថ្នូរតាមដំណើរនៃប្រវត្តិសាស្រ្តតរៀងមក ​ជា​ទ្រព្យ​ដ៏មានតម្លៃ​ដែលមនុស្សត្រូវរក្សាទុក ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត។ សូមឱ្យ​វិចិត្រសិល្បករ​ សិល្បការិនី​នា​សម័យ​យើង​នេះ​ ហើយវិចិត្រសិល្បករ សិល្បការិនីប្រជាជាតិ និងប្រជាជនទាំងឡាយមានសិទ្ធិ​សេរីភាព​អាច​ប្រើសិល្បៈ​របស់​ខ្លួនបានក្នុងព្រះសហគមន៍ដែរ។ ក៏ប៉ុន្តែ ត្រូវជួយតុបតែងព្រះវិហារ និងជួយ​ពិធីដ៏​សក្ការៈ​ទាំង​ឡាយដោយ​សេចក្តី​គោរព និងមានកិត្តិយស។ ធ្វើដូច្នេះ វិចិត្រសិល្បៈ​ប្រជាជាតិ និងប្រជាជន​ទាំង​ឡាយនៅ​សម័យ​ឥឡូវ ក៏មុខជាមាន​លទ្ធភាព​អាចចូលរួមសំឡេងក្នុងក្រុម​ដ៏​ប្រសើរ​ឧត្តុង្គឧត្តម ដែលលើកតម្កើង​សិរីរុរឿង​របស់​ព្រះជាម្ចាស់ រួមជាមួយ​សិល្បករ សិល្បការរីនីដែល​បាន​លើកតម្កើងជំនឿកាតូលិកតាមសតវត្សរ៍នានា​កន្លងមក។

១២៤- អស់លោកអភិបាលភូមិភាគ

ត្រូវយកចិត្តទុកដាក់គាំទ្រ និងលើកស្ទួយសិល្បៈឱ្យទៅជាសក្ការៈ​យ៉ាងប្រាកដប្រជា។ សូមអស់លោក​យល់​ដល់​សោភ័ណភាពដ៏ថ្លៃថ្នូរ ជាជាងនឹកដល់សេចក្តីអធិកអធមតាមអំនួតលោកីយ៍។ ចំពោះ​សម្លៀក​បំពាក់​សម្រាប់​ពិធី​គោរព​បម្រើ​ព្រះជាម្ចាស់ក៏ត្រូវគិតដូច្នេះដែរ។

អស់លោកអភិបាលត្រូវយកចិត្តទុកដាក់យកស្នាដៃសិល្បៈខ្លះចេញពីព្រះវិហារ និងពីកន្លែងដ៏សក្ការៈ​ឯទៀតៗ គឺ​ស្នាដៃសិល្បៈដែលផ្ទុយនឹងជំនឿ ផ្ទុយនឹងសីលធម៌ ផ្ទុយនឹងការគោរពថ្វាយបង្គំព្រះជាម្ចាស់​ ស្នាដៃសិល្បៈ​ដែល​ពិតជា​ប្រឆាំងនឹង​ចិត្តគំនិតនៃសាសនា ដោយមានរូបអបាយមុខដ៏ថោកទាប​ដោយ​ខ្វះ​ទេពកោសល្យ ឬជាស្នាដៃ​សិល្បៈ​ក្លែងក្លាយ ឬភូតភរកុហក។

ពេលសាងសងព្រះវិហារត្រូវ​យកចិត្ត​ទុកដាក់​យ៉ាងប្រាកដប្រជាឱ្យអគារទាំងនោះស្រួលនឹងធ្វើពិធី​គោរព​ប្រណិប័តន៍​នានា និងជួយឱ្យគ្រីស្តបរិស័ទងាយស្រួលចូលរួមយ៉ាងសកម្មក្នុងពិធីទាំងនោះផង។

១២៥- រូបភាពដ៏សក្ការៈ

ត្រូវរក្សាទុកទំនៀមទម្លាប់ដាក់រូបភាព និងរូបដិមាក្នុងព្រះវិហារជូនឱ្យគ្រីស្តបរិស័ទអាចគោរពបាន។ ប៉ុន្តែ ត្រូវ​តាំង​រូបភាពតែចំនួនតិចទេ និងត្រូវចាត់ចែងយ៉ាងសមរម្យកុំឱ្យប្រជាជនគ្រីស្តបរិស័ទនឹកឆ្ងល់​ និងបណ្តាលឱ្យគេភ័ន្ត​ច្រឡំ​គោរពរូបបដិមាតាមរបៀបមិនត្រឹមត្រូវ។

១២៦- អស់លោកអភិបាល

ត្រូវស្តាប់យោបល់គណៈកម្មាធិការសិល្បៈប្រចាំភូមិភាគ​ ដើម្បីជួយវិនិច្ឆ័យស្នាដៃសិល្បៈ។ ប្រសិនបើត្រូវការ អស់លោកក៏ត្រូវសួរយោបល់អ្នកជំនាញការពិសេស និងសួរយោបល់គណៈកម្មាធិការផ្សេងៗដែលមានចែង​ទុក​នៅ​មាត្រា ៤៤,៤៥ និង ៤៦ ។ លោកអភិបាលត្រូវយកចិត្តទុកដាក់កុំឱ្យគេលួចប្លន់ ឬបង្ខូចគ្រឿងដ៏សក្ការៈទាំងប៉ុន្មាន និង​ស្នាដៃសិល្បៈដែលមានតម្លៃ ពីព្រោះជាគ្រឿងតុបតែងសម្អាតព្រះដំណាក់របស់ព្រះជាម្ចាស់។

១២៧- ការអប់រំហ្វឹកហ្វឺនសិល្បករ សិល្បការិនី

លោកអភិបាលត្រូវយកចិត្តទុកដាក់ធ្វើឱ្យខ្លឹមសារនៃសិល្បៈដ៏សក្ការៈ​ និងខ្លឹមសារនៃពិធីគោរពប្រណិប័តន៍ជ្រួត​ជ្រាបចិត្ត​គំនិត​របស់សិល្បករ សិល្បការរិនី។ អស់លោកអភិបាលអាចធ្វើការនេះ​ដោយ​ខ្លួន​លោក​ផ្ទាល់ ឬ​តាម​រយៈ​បូជាចារ្យ​ (អាចារ្យ) ដែលមានទេពកោសល្យ មានសមត្ថភាព និងស្រឡាញ់សិល្បៈ។

លើសពីនេះទៅទៀត មហាសន្និបាតផ្តែផ្តាំឱ្យបង្កើតសាលារៀន និងវិទ្យាស្ថាន​សម្រាប់​ហ្វឹកហ្វឺន​សិល្បករ​ សិល្បការិនីអំពីសិល្បៈដ៏​សក្ការៈនៅកន្លែងដែលអស់លោកយល់ឃើញថា គួរឱ្យមាន។

សិល្បករ​ សិល្បការិនី​ទាំងប៉ុន្មានដែលមានទេពកោសល្យ ហើយដែលមានបំណងប្រាថ្នា​បម្រើសិរីរុងរឿងរបស់​ព្រះជាម្ចាស់ក្នុងព្រះសហគមន៍ដ៏វិសុទ្ធត្រូវនឹកចងចាំជានិច្ចថា គេត្រូវតែយកតម្រាប់​តាម​ព្រះរាជកិច្ចរបស់ព្រះ​ជា​ម្ចាស់​ដែល​ប្រតិស្ឋានពិភពលោក គឺគេបង្កើតស្នាដៃសម្រាប់គោរព​បម្រើព្រះជាម្ចាស់តាមព្រះ​សហគមន៍​កាតូលិក។ ស្នាដៃ​ទាំងនោះមានគោលដៅជួយកសាងគ្រីស្តបរិស័ទ​ឱ្យ​ចេះ​គោរពប្រណិប័តន៍ព្រះជាម្ចាស់ និងអប់រំជំនឿគេ។

១២៨- ត្រូវកែសម្រួលច្បាប់ស្តីអំពីសិល្បៈដ៏សក្ការៈ

ត្រូវកែសម្រួលមាត្រា និងលក្ខន្តិកៈនៃក្បួនច្បាប់ទូទៅរបស់ព្រះសហគមន៍ នៅពេលឆាប់ៗខាងមុខនេះ ​គឺនៅពេល​កែសម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍ស្របតាមមាត្រា ២៥ គឺត្រូវកែសម្រួលច្បាប់វិន័យអំពីអ្វីៗដែល​ទាក់ទិន​នឹង​ការ​គោរពបម្រើព្រះជាម្ចាស់ ជាពិសេស មានវិន័យច្បាប់អំពី៖

  • របៀបសាងសង់ព្រះវិហារយ៉ាង​សមរម្យ និងងាយស្រួលធ្វើពិធី
  • រូបភាព និងការកសាងតុសក្ការៈ
  • រូបភាពនៃព្រះពន្លាដាក់នំប្រសិទ្ធិក្នុងពិធីអរព្រះគុណឱ្យបានថ្កុំថ្កើង និងមានសុវត្តិភាព
  • កន្លែងអាងទឹកធ្វើអគ្គសញ្ញាជ្រមុជទឹកឱ្យងាយស្រួល និងថ្លៃថ្នូរ
  • កន្លែងដាក់រូបភាព និងរូបបដិមាឱ្យបានស​មរម្យ
  • ការរចនា និងតុបតែងព្រះវិហារ។

ត្រូវកែច្បាប់វិន័យណាដែលមិនសូវសមនឹងធម្មនុញ្ញស្តីអំពីការ​កែ​សម្រួលពិធីគោរពបម្រើព្រះជាម្ចាស់ជាទូទៅ ឬ​ត្រូវ​លុប​ចោល​តែម្តង។ រីឯ​ច្បាប់វិន័យ​ដែល​ជួយកែសម្រួលនេះត្រូវរក្សាទុក ឬត្រូវបង្កើតច្បាប់វិន័យថ្មីបន្ថែម។

ក្នុងករណីនេះ ​ជាពិសេស ក្នុងរឿងច្បាប់វិន័យស្តីអំពីរូបភាព និងវត្ថុធាតុដើមធ្វើគ្រឿងសង្ហារិម និងធ្វើ​សម្លៀក​បំពាក់​ដ៏​សក្ការៈ ក្រុមអភិបាលតាមតំបន់នីមួយៗ មានសិទ្ធិសេរីភាពកែសម្រួលស្របតាមតម្រូវការ និង​តាម​ទំនៀម​ទម្លាប់​តំបន់​​តាមសេចក្តីណែនាំក្នុងមាត្រា ២២។

១២៩- ការអប់រំអស់លោកដែលទទួលអគ្គសញ្ញាតែងតាំង

ពេលអស់លោកដែលនឹងទទួលអគ្គសញ្ញាតែងតាំងនៅពេលខាងមុខ ហើយកំពុងរៀនទស្សនវិជ្ជា និង​ទេវវិជ្ជា​ក៏​ត្រូវ​រៀនអំពី​ប្រវត្តិនិងអំពីការអភិវឌ្ឍន៍នៃសិល្បៈសក្ការៈដែរ។ គេក៏ត្រូវរៀនអំពីគោលការណ៍ណែ​នាំ​ដ៏ត្រឹម​ត្រូវ​សម្រាប់​បង្កើត​ស្នាដៃសិល្បៈ​នោះទៀតផង។ គេត្រូវចេះវាយតម្លៃនៃវិមានគួរឱ្យគោរពរបស់ព្រះ​សហគមន៍ និង​រក្សា​ទុក ព្រម​ទាំង​ឱ្យ​មានសមត្ថភាពអាចផ្តល់ពាក្យទូន្មានដល់សិល្បករ​ សិល្បការិនីដែល​កំពុងបង្កើតស្នា​ដៃ​របស់​ខ្លួន។

១៣០- គ្រឿងឥស្សរយសរបស់អភិបាល

មានតែអស់លោកដែលបានទទួលអគ្គសញ្ញាតែង​តាំងជាអភិបាល ឬអ្នកទទួលការគ្រប់គ្រងដោយ​ឡែកក្នុង​ព្រះសហគមន៍ប៉ុណ្ណោះ ដែលមានសិទ្ធិពាក់គ្រឿងឥស្សរយសជាអភិបាល។

អស់​លោក​អភិបាល​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ធម្មនុញ្ញទាំង​មូលខាងលើ​នេះ ព្រម​ទាំង​គោល​ការណ៍នីមួយៗ​នៃធម្មនុញ្ញគោលលទ្ធិនេះ​ផងដែរ។ រីឯ​យើង​វិញ​ គឺ​ស្រប​តាម​អំណាចជា​គ្រីស្ត​ទូត​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យរួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​ចូល​រួម​ជា​មួយ​ផងនោះ យើងក៏យល់ព្រម​សម្រេច​នឹង​ចេញ​ជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវផ្សព្វផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ១៩៦៣
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក។
(ហត្ថលេខា​របស់​លោក​អភិបាល)

568 Views

Theme: Overlay by Kaira