ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ព្រះបន្ទូលព្រះជាម្ចាស់
DEI VERBUM

ខ្ញុំប៉ូលជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសធម្មនុញ្ញនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពី​ព្រះ​ជា​ម្ចាស់​សម្តែង​ព្រះអង្គឱ្យ​មនុស្ស​លោក​ស្គាល់

១- បុព្វកថា

ពេលមហា​សន្និ​បាត​ដ៏​វិសុទ្ធ ស្តាប់ព្រះ​បន្ទូលរបស់​ព្រះ​ជា​ម្ចាស់ដោយគោរព និងប្រកាស​ព្រះបន្ទូល​នេះ​ដោយ​អង់អាច អស់​លោក​អភិបាលរួម​ចិត្ត​គំនិត​ជាមួយ​សន្តៈយ៉ូហាន​ដែល​មានប្រសា​សន៍ថា៖ “យើង​សូម​ជូន​ដំណឹង​មក​បងប្អូន​អំពី​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​បែរ​ទៅ​រក​ព្រះ​បិតាបានលេច​មក​ឱ្យ​យើង​ឃើញហើយ។ យើង​សូម​ជូន​ដំណឹង​អំពី​ព្រះ​បន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​មក​បង​ប្អូន ដើម្បី​ឱ្យ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង។ រីឯ​យើង​វិញ​ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះ​បិតា និង​ជា​មួយ​ព្រះ​យេ​ស៊ូ​គ្រីស្ត​ ជា​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​ដែរ” (១យហ ១,២-៣)។ ហេតុ​នេះ​ហើយ បាន​ជា​យើងសូម​អនុវត្តតាម​មហា​សន្និ​បាតត្រែនតូ និងមហាសន្និបាត វ៉ាទី​កង់​ទី១ ដែលមាន​បំ​ណង​ពន្យល់​ពី​លទ្ធិ​ដ៏​ពិត​ប្រាកដ អំពី​ព្រះ​ជា​ម្ចាស់​សម្តែងព្រះអង្គ និង​អំពី​ព្រះសហគមន៍​បញ្ជូន​បន្ត​សេចក្តីដែលព្រះអង្គបានសម្តែងឱ្យមនុស្សលោកស្គាល់នោះ។ ដូច្នេះ ពិភពលោក​ទាំង​មូល ឮ​ពាក្យ​ប្រកាស​ដំណឹង​ស្តី​ពី​ការ​សង្រោ្គះ និងជឿ​ដំណឹងនេះ។ ដោយគេមានជំនឿ គេក៏បាន​សេចក្តី​សង្ឃឹមដោយគេមានសេចក្តីសង្ឃឹម​ គេ​ក៏មាន​ចិត្ត​ស្រឡាញ់​ផង​ដែរ។

ជំពូក ១
ព្រះ​ជាម្ចាស់​សម្តែង​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក​ស្គាល់

២- អំ​ពី​លក្ខណៈព្រះ​ជា​ម្ចាស់​សម្តែង​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក​ស្គាល់

ព្រះ​ជា​ម្ចាស់​ប្រកប​ដោយព្រះហឫទ័យ​សប្បុរស និងដោយព្រះប្រាជ្ញាញាណ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ព្រះអង្គ​ផ្ទាល់ និង​សម្តែង​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក​ស្គាល់ (អភ ១,៩)។ តាម​គម្រោង​នេះ មនុស្ស​លោក​អាច​ចូល​ទៅ​កាន់​ព្រះ​បិតា​បាន​ដោយ​សារ​ព្រះ​គ្រីស្ត ជា​ព្រះ​បន្ទូល​ប្រសូត​ជា​មនុស្ស និងដោយ​រួម​ជា​មួយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធផង មនុស្ស​ក៏​រួម​ចំណែក​ក្នុង​សភាព​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ដែរ (អភ ២,១៨; ២សល ១,៤)។ ព្រះ​ជា​ម្ចាស់​ដែលមនុស្សមើល​មិន​ឃើញ (កូឡ ១,១៥; ១ធម ១,១៧) សម្តែង​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក​ស្គាល់ គឺព្រះអង្គប្រកបដោយព្រះ​ហឫទ័យស្រឡាញ់​ដ៏ទូ​លំ​ទូលាយ ទ្រង់មាន​ព្រះ​បន្ទូល​មក​រក​មនុស្សដូចជា​មក​រក​មិត្ត​សម្លាញ់ (សរ ៣៣,១១; យហ ១៥,១៤-១៥) ព្រះអង្គ​សន្ទនា​ជាមួយ​ពួក​គេ (បារ ៣,៣៨) អញ្ជើញ​គេ ឱ្យរួមរស់ជាមួយ និងប្រោសរំលែក​ព្រះ​ជន្ម​ផ្ទាល់​របស់​ព្រះ​អង្គឱ្យ​គេ។ ព្រះអង្គសម្តែង​ព្រះអង្គដោយ​សារ​ព្រឹត្តិ​ការណ៍ និង​ព្រះ​បន្ទូល​ដែល​ភ្ជាប់​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ ហេតុ​នេះ ស្នា​ព្រះ​ហស្ត​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រព្រឹត្ត​តាមប្រវត្តិ​នៃ​ការ​សង្រោ្គះបានបញ្ជាក់​ និង​ពង្រឹងទាំង​លទ្ធិ ទាំង​អត្ថន័យ​ដែល​ព្រះ​បន្ទូល​ថ្លែង។ រីឯ​ព្រះ​បន្ទូល​វិញ ក៏​ប្រ​កាសអំពី​ស្នា​ព្រះ​ហស្ត​ទាំង​នោះ និង​បកស្រាយគម្រោងការ​ដ៏អស្ចារ្យ ដែលកប់​ទុក​ក្នុង​ស្នា​ព្រះ​ហស្ត​ទាំង​នោះ​ដែរ។ របៀបព្រះ​ជាម្ចាស់​សម្តែង​ព្រះ​អង្គ​នេះ គឺបង្ហាញសេចក្តី​ពិត​ដ៏​ជ្រាល​ជ្រៅ​អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ការ​សង្រោ្គះ​របស់​មនុស្ស។ សេចក្តី​ពិត​ចាំងពន្លឺ​ក្នុង​អង្គព្រះ​គ្រីស្ត​សម្រាប់​យើង គឺ​ព្រះ​គ្រីស្ត​ជា​ស្ពាន​មេត្រី​ផង និង​បំពេញ​សេចក្តី​ទាំង​អស់​ដែល​ព្រះ​ជា​ម្ចាស់​សម្តែងឱ្យ​បាន​ពេញលក្ខណៈ។

៣- ការ​រៀប​ចំ​មាគ៌ាជូន​ដំណឹង​ល្អ

ព្រះ​ជា​ម្ចាស់​ប្រតិស្ឋាន (យហ ១,៣) និង​ថែ​រក្សា​អ្វីៗ​ទាំង​អស់ឱ្យ​បាន​គង់​វង្ស​ដោយ​សារ​ព្រះ​បន្ទូល។ ព្រះ​អង្គ​មិនឈប់ឈរប្រទាន​សក្ខីភាព​អំពី​ព្រះ​អង្គតាមរយៈសត្វ​លោក​ទាំង​អស់ ​ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋាន​មក​នោះ (រម ១,១៩-២០)។ ព្រះ​អង្គ​ក៏សព្វ​ព្រះ​ហឫទ័យ បើក​មាគ៌ានៃ​ការ​សង្រោ្គះ​ដ៏​ប្រសើរ​ជាង ទើបទ្រង់​បាន​សម្តែង​ព្រះ​អង្គ​ផ្ទាល់តាំង​ពីដើម​ដំបូង​បង្អស់​ឱ្យ​ឪពុក​ម្តាយ​ដើម​ស្គាល់។ បន្ទាប់​ពី​ឪពុក​ម្តាយ​ដើម​បានប្រព្រឹត្ត​អំពើបាប ព្រះ​អង្គ​ប្រោស​ឱ្យ​គេ​ងើប​ឡើង​វិញ ដោយ​មាន​ព្រះ​បន្ទូល​សន្យា​ថា នឹង​រំដោះ​គេ ដើម្បី​ឱ្យ​គេ​មាន​សេចក្តី​សង្ឃឹមថា​ នឹង​ទទួល​ការ​សង្រោ្គះ (កណ ៣,១៥)។ ព្រះ​អង្គ​នៅតែថែ​ទាំ​មនុស្ស​ជាតិ​ដោយឥត​ឈប់​ឈរ ដើម្បី​ប្រោស​ប្រទាន​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ដែល​ស្វែង​រក​ការ​សង្រ្គោះនេះ ដោយព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ (រម ២,៦-៧)។ ព្រះអង្គ​ត្រាស់​ហៅ​លោក​អប្រាហាំតាម​ពេល​កំណត់ ដើម្បីបង្កើត​ប្រជាជន​មួយ​ដ៏​ធំដោយសារលោក (កណ ១២,២)។ បន្ទាប់ពី​អស់​បុព្វ​បុរស ព្រះអង្គ​អប់រំ​ប្រជាជន​នេះដោយ​សារ​លោក​ម៉ូសេ ​និង​អស់​លោក​ព្យាការី​ទាំង​ឡាយ ដើម្បី​ឱ្យ​ប្រជាជនទទួល​ស្គាល់​ថា ព្រះអង្គពិត​ជា​ព្រះ​ជា​ម្ចាស់​តែ​មួយ​ព្រះ​អង្គ​គត់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ និង​ជា​ព្រះ​ដ៏​ពិតប្រាកដ ជាព្រះ​បិតា​ដែល​ផ្គត់​ផ្គង់មនុស្សលោក ហើយជា​ចៅ​ក្រម​ដ៏​សុចរិត។ ព្រះអង្គ​ក៏​អប់រំ​ប្រជាជន​នោះឱ្យទន្ទឹង​រង់​ចាំ​ព្រះ​សង្គ្រោះ តាម​ព្រះ​បន្ទូល​សន្យា ទាំងរៀប​ចំមាគ៌ាតាម​របៀបនេះ ជូនដំណឹង​ល្អ​តាម​ដំណើរ​សតវត្សរ៍នានា។

៤- ព្រះ​គ្រីស្តបំពេញការ​សម្តែង​ព្រះ​ជាម្ចាស់

“នៅ​ជំនាន់​ដើម ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់​បុព្វបុរស​យើងជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើនតាមរយៈអស់លោក​ព្យា​ការី។ នៅ​គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះ​បន្ទូល​មក​យើងតាមរយៈព្រះ​បុត្រា” (ហប ១,១-២)។ ព្រះអង្គ​ចាត់​ព្រះ​បុត្រា​ជា​ព្រះ​បន្ទូលដែល​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច ហើយ​ដែល​បំភ្លឺ​មនុស្ស​គ្រប់ៗគ្នា ដើម្បីឱ្យ​ព្រះ​បុត្រា​គង់​នៅ​ជា​មួយ​មនុស្សលោក និង​សម្តែង​ការ​អាថ៌​កំបាំង​របស់​ព្រះ​ជា​ម្ចាស់ឱ្យ​គេ​ស្គាល់ (យហ ១,១-១៨)។ ហេតុ​នេះ ព្រះ​យេ​ស៊ូ​គ្រីស្ត​ជា “ព្រះ​បន្ទូល​ប្រសូតជា​មនុស្ស” “ជា​មនុស្សដែលព្រះបិតាចាត់ឱ្យមករកមនុស្សលោក” “ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់‌” (យហ ៣,៣៤) ទ្រង់​បង្ហើយ​កិច្ចសង្រោ្គះ​ដែល​ព្រះ​បិតា​បាន​ផ្ញើ​ឱ្យ​ព្រះ​អង្គ​ប្រព្រឹត្ត (យហ ៥,៣៦; ១៧,៤)។ ហេតុ​នេះ អ្នក​ដែល​ឃើញ​ព្រះ​គ្រីស្ត ក៏​ឃើញ​ព្រះ​បិតា​ដែរ (យហ ១៤,៩)។ ពេលព្រះយេស៊ូ​រស់​នៅ​ជា​មួយ​មនុស្ស​លោក ទ្រង់​បង្ហាញ​ព្រះ​អង្គ​ផ្ទាល់​តាមព្រះ​បន្ទូល ​និង​តាមកិច្ច​ការ តាម ទី​សម្គាល់​ និង​តាមការអស្ចារ្យ ហើយជាពិសេស ដោយទ្រង់​សោយ​ទិវង្គត ហើយ​ក្រោកឡើងពីចំណោមមនុស្សស្លាប់ និងមាន​ព្រះ​ជន្ម​ថ្មីដ៏​រុង​រឿង។ នៅ​ទី​បញ្ចប់ ទ្រង់​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត។ ដោយព្រះ​គ្រីស្តប្រព្រឹត្តការទាំងនោះ ព្រះអង្គ​បង្ហើយ និង​បង្រ្គប់​សេចក្តីដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែងអំពីព្រះអង្គផ្ទាល់ ព្រះគ្រីស្តក៏​បញ្ជាក់ពីការសម្តែង​ព្រះ​ជា​ម្ចាស់​នេះដែរ។ ព្រះគ្រីស្ត​ក្នុង​ឋានៈជា​ព្រះ​ជាម្ចាស់​បញ្ជាក់ទៀតថា ព្រះ​ជា​ម្ចាស់​ផ្ទាល់​គង់​នៅ​ជា​មួយ​យើង ដើម្បី​ដក​យើងឱ្យរួចផុតពី​ភាព​ងងឹត​នៃអំពើបាប និង​នៃ​សេចក្តី​ស្លាប់ ព្រម ទាំង​ទ្រង់ប្រោស​ឱ្យ​យើង​ក្រោកឡើង និងទទួល​ព្រះ​ជន្មដែលស្ថិតនៅអស់​កល្ប​ជានិច្ច។

ការ​ចាត់​ចែង​ការសង្រ្គោះដោយ​សារ​ព្រះ​គ្រីស្តបែបនេះ ពិតជា​សម្ពន្ធ​មេត្រី​ថ្មីចុងក្រោយបំផុតដែលមិន​ត្រូវ​កន្លង​ផុត​ទៅ​ទេ។ មនុស្សយើង​ក៏​មិន​ត្រូវ​រង់​ចាំ​ព្រះ​ជា​ម្ចាស់សម្តែង​ព្រះ​អង្គ​សារ​ជា​ថ្មីជា​សា​ធារណៈ​ទៀត​ដែរ រហូត​ដល់ពេល​ព្រះ​យេស៊ូ​គ្រីស្ត​ជា​អម្ចាស់​នៃ​យើង​នឹងសម្តែងព្រះ​អង្គយ៉ាង​រុងរឿង (១ធម ៦,១៤ និង ទក ២,១៣)។

៥- ត្រូវ​ទទួល​សេចក្តីដែលព្រះជាម្ចាស់​សម្តែង​នេះដោយផ្ញើជីវិតលើព្រះអង្គ​

មនុស្ស​យើង​ត្រូវ​តែ “គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ដោយផ្ញើជីវិតលើព្រះអង្គ” ដែល​សម្តែង​ព្រះ​អង្គ (រម ១៦,២៦; រម ១,៥; ២ករ ១០,៥-៦)។ ដោយ​សារ​ជំនឿ មនុស្សផ្ញើ​ជីវិត​ទាំង​ស្រុង និងដោយសេរីទៅ​លើ​ព្រះ​ជា​ម្ចាស់ គឺគេ “យកប្រាជ្ញា​ និង​បំណង​ទាំង​ស្រុង​របស់​ខ្លួនមក​គោរព​ប្រណិប័តន៍ព្រះ​ជា​ម្ចាស់​ដែល​សម្តែង​ព្រះ​អង្គ”។ អ្នក​ជឿ​ក៏​សម្រេច​ចិត្ត​ទទួល​សេចក្តី​ដែល​ព្រះ​អង្គ​សម្តែង​នោះថែម​ទៀត​ផង។ ព្រះ​ជា​ម្ចាស់​ត្រូវ​តែ​ប្រណី​សន្តោសគេ ជួយ​បំភ្លឺ​ចិត្តមនុស្ស​ជា​មុនសិន ទើប​គេអាចផ្ញើជីវិតលើព្រះអង្គបាន ព្រមទាំងដឹងថា ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​គេ​ពី​ខាង​ក្នុង គឺ​ព្រះ​វិញ្ញាណប្រោសឱ្យគេរំភើបចិត្ត និងប្រែ​ចិត្ត​គេទៅ​រក​ព្រះ​ជាម្ចាស់ ព្រះវិញ្ញាណក៏បើក​ភ្នែក​នៃ​វិញ្ញាណ​របស់គេ និង​ប្រទាន​ឱ្យ “អស់​អ្នក​ជឿ​មានចិត្តកក់ក្តៅដោយ​យល់ស្រប និងសុខ​ចិត្ត​ជឿ​សេចក្តី​ពិត“។ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធនៅ​តែប្រោសឱ្យ​ជំនឿ​នេះបានកាន់​តែ​ប្រសើរ​ឡើងៗ ដោយព្រះអង្គប្រទាន​ព្រះ​អំណោយទាន​ផ្សេងៗ ដើម្បី​ឱ្យ​គេ​យល់​កាន់​តែ​ជ្រៅនូវ​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែង​មក​នោះ។

៦- ប្រាជ្ញា​មនុស្ស​អាច​ស្គាល់​សេចក្តីខ្លះអំពីព្រះ​ជា​ម្ចាស់​បាន

ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ព្រះអង្គ និង​ចែក​រំលែក​ព្រះ​ជន្ម​ព្រះ​អង្គព្រម​ទាំង​បង្ហាញ និង​ប្រកាស​ក្រិត្យ​វិន័យ​ដែល​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច ស្តី​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ដែល​ចង់​សង្រោ្គះ​មនុស្ស​លោក គឺ “ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ចែករំលែក​សម្បត្តិ​របស់​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក ជាសម្បត្តិ​ហួស​ពី​សមត្ថភាព​នៃ​ប្រាជ្ញា​របស់​មនុស្សអាចគិតយល់បាន”

មហា​សន្និ​បាត​ដ៏​វិសុទ្ធប្រកាស​ថា “ដោយ​សារ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​មាន​សមត្ថភាព​អាច​ស្គាល់​ព្រះ​ជា​ម្ចាស់​យ៉ាង​ជាក់ច្បាស់ តាម​រយៈ​សត្វ​លោក​ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋាន​មក ព្រោះ​ព្រះអង្គ​ជា​ដើម​កំណើត និង​ជា​ចុង​បំផុត​នៃ​អ្វីៗទាំង​អស់” (រម ១,២០)។ ប៉ុន្តែ មហា​សន្និបាត​បង្រៀនទៀត​ថា “ទោះបីជាមនុស្ស​មាន​សមត្ថភាព​អាច​ស្គាល់ សេច​ក្តី​ខ្លះអំពីព្រះជាម្ចាស់តាម​ប្រាជ្ញា​របស់​ខ្លួន​បានក្តី ក៏ប៉ុន្តែក្នុង​សភាព​ការណ៍​បច្ចុប្បន្ន​នៃ​មនុស្ស​ជាតិ ព្រះ​អង្គ​បានសម្តែង​សេចក្តី​ទាំង​នោះ ដើម្បី​ឱ្យ​មនុស្សលោក​ស្គាល់យ៉ាង​ស្រួល យ៉ាង​ជាក់​ច្បាស់ ដោយ​មិន​វង្វេង​ត្រង់ណាឡើយ”

ជំពូក ២
ការ​បញ្ជូន​បន្តសេចក្ដី​​ដែល​ព្រះជាម្ចាស់​បាន​សម្ដែង​​ឱ្យ​មនុស្ស​លោក​ស្គាល់

៧- ក្រុម​គ្រីស្ត​ទូត និង​អ្នក​បន្ត​មុខ​ងារ​របស់​អស់​លោកជា​អ្នក​ប្រកាស​ដំណឹង​ល្អ

ព្រះ​ជា​ម្ចាស់​បាន​សម្ដែង​ព្រះ​អង្គដើម្បី​សង្គ្រោះ​មនុស្ស​គ្រប់ជាតិសាសន៍។ ដោយ​ព្រះជាម្ចាស់មានព្រះហឫ​ទ័យសប្បុរស​យ៉ាង​ខ្លាំង ព្រះ​អង្គ​ក៏​ចាត់​ចែង​ឱ្យ​សេចក្តី​ដែល​ព្រះ​អង្គ​បាន​សម្តែងនោះស្ថិតនៅ​គង់​វង្សឥត​ប្រែ​ប្រួល និង​ត្រូវឱ្យ​គេ​បញ្ជូន​បន្ត​ទៅ​មនុស្ស​នៅ​គ្រប់​ជំនាន់ ក្រោយ​ត​ទៅទៀត។ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ​គ្រីស្ត​ជា​អម្ចាស់ដែល​បង្គ្រប់​សេចក្តីគ្រប់​បែប​យ៉ាង ដែលព្រះ​ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​សម្តែងនោះ (២ករ ១,៣០; ៣,១៦-៤,៦) ទ្រង់​ក៏​បានប្រកាសដំណឹង​ល្អ​ដោយ​ផ្ទាល់ព្រះ​ឱស្ឋ និងធ្វើឱ្យដំណឹងល្អនេះ​កើតជារូបរាង ដោយព្រះអង្គ​ផ្ទាល់ ជា​ដំណឹង​ល្អ​ដែល​អស់​លោកព្យាការី​បាន​សន្យា​ទុក​កាលពី​មុន​មក​នោះ។ បន្ទាប់​មក ព្រះ​គ្រីស្ត​បញ្ជា​ឱ្យក្រុមគ្រីស្ត​ទូត​ប្រកាស​ដំណឹង​ល្អ​នេះ​ឱ្យមនុស្ស​ទាំង​អស់ ទុក​ជា​ប្រភព​នៃ​សេចក្តី​ពិត​គ្រប់​យ៉ាង ដែល​អាចសង្រោ្គះគេបាន និង​ទុក​ជា​ក្បួន​នៃ​សីលធម៌គ្រប់យ៉ាងដែរ ដោយ​ប្រទាន​ព្រះ​អំណោយ​ទាន​ផ្សេងៗទៀត​ផង។ អស់លោកប្រព្រឹត្តតាម​ព្រះ​បញ្ជា​នេះយ៉ាង​ស្មោះ គឺម្យ៉ាងក្រុមគ្រីស្តទូតបញ្ជូនបន្ត​សេចក្តីដែលគេ​បាន​រៀន​ដោយ​ស្តាប់​ព្រះបន្ទូល​ព្រះ​គ្រីស្ត​ផ្ទាល់ ដោយ​រស់នៅជាមួយព្រះអង្គ និងដោយឃើញកិច្ចការដែលព្រះអង្គប្រព្រឹត្ត ព្រមទាំងបញ្ជូនបន្ត​សេចក្តីដែល​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​អស់​លោក​ឱ្យ​ដឹងទៀតផង។ អស់លោក​បញ្ជូន​បន្ត​សេចក្តី​ទាំង​នោះដោយ​ប្រកាស​ដំណឹង​ល្អ ដោយធ្វើ​ជាគំរូ​ល្អ​ដល់​គេ​ ឬ​ដោយ​ចាត់ចែង​ស្ថាប័នផ្សេងៗទៀតផង។ ម្យ៉ាងវិញទៀត ក្រុមគ្រីស្ត​ទូត ​ឬ​អ្នក​ដែលរស់​នៅ​ជា​មួយ​ក្រុមគ្រីស្តទូត បាន​កត់​ត្រា​ទុក​ជា​លាយលក្ខណ៍​អក្សរនូវសារស្តី​អំពី​ការ​សង្រោ្គះ​ ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធដដែល​នេះបំភ្លឺ​ចិត្តគំនិតគេឱ្យ​សរសេរផង។

ប៉ុន្តែ ក្រុម​គ្រីស្ត​ទូត​បានតែង​តាំង​អភិបាល​ឱ្យ​បន្ត​មុខ​ងារ​ពី​អស់​លោក ដើម្បី​រក្សា​ទុក​ដំណឹង​ល្អ​នេះឱ្យ​នៅ​គង់​វង្ស​ជានិច្ចមិន​ប្រែ​ប្រួលឡើយ និង​ឱ្យ​មានជីវិតរស់​រវើក​ក្នុង​ព្រះ​សហគមន៍។ ក្រុម​គ្រីស្ត​ទូតបាន “ផ្ញើមុខងារ​បង្រៀនរបស់ខ្លួនឱ្យអភិបាលទាំងនោះ “។ ហេតុនេះ ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធ​នេះ និង​ព្រះ​គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​ទាំង​ពីរប្រៀប​ដូច​ជា​កញ្ចក់​មួយសម្រាប់​ឱ្យ​ព្រះ​សហគមន៍ឆ្លុះ​មើល​ព្រះ​ជា​ម្ចាស់ ទាំងស្មឹងស្មាធិ៍នៅ​ពេល​ធ្វើ​ដំណើរ​នៅនា​លោកនេះ គឺព្រះសហគមន៍ទទួលអ្វីៗទាំងអស់ពីព្រះអង្គ ទម្រំាព្រះអង្គប្រោសឱ្យឃើញ ព្រះ​ភ័ក្រ្ត​ផ្ទាល់​របស់​ព្រះ​អង្គ ព្រះអង្គមានភាពយ៉ាងណា ព្រះសហគមន៍នឹងឃើញយ៉ាងនោះដែរ (១យហ ៣,២)។

៨- ការ​បញ្ជូន​បន្តដ៏វិសុទ្ធ

ហេតុ​នេះ​ហើយ​ បាន​ជាសេចក្តីដែលក្រុមគ្រីស្តទូតបានប្រកាសមានកត់ត្រាទុកយ៉ាង​ពិសេស​ក្នុង​ព្រះ​គម្ពីរ ដោយព្រះ​វិញ្ញាណបំភ្លឺ​អ្នកនិពន្ធ ហើយត្រូវ​រក្សា​ទុក​តៗគ្នាកុំឱ្យដាច់ នៅគង់រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក។ ក្រុមគ្រីស្ត​ទូត​បាន​បញ្ជូន​បន្តនូវ​សេចក្តី​ដែល​អស់​លោក​បាន​ទទួលដោយផ្ទាល់ ហើយដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​រក្សា​ទុក​សេចក្តី ​ដែល​គេ​ទទួលយកដោយ​ស្តាប់ ឬដោយ​ទទួល​ជា​លាយ​លក្ខណ៍​អក្សរ (២ថស ២,១៥)។ អស់​លោក​ដាស់​តឿន​គ្រីស្ត​បរិស័ទឱ្យ​តយុទ្ធ​ដើម្បី​ជំនឿដែល​គេ​បាន​ទទួល​ម្តង​ជា​ស្រេច (យដ ៣)។ រីឯ​សេចក្តី​ដែល​គ្រីស្ត​បរិស័ទ​ទទួល​ពី​ក្រុម​គ្រីស្ត​ទូត​បញ្ជូនបន្តមក មាន​អ្វីៗទាំង​ប៉ុន្មានដែលអាច​ជួយ​ណែ​នាំ​ប្រជារាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ឱ្យ​រស់​នៅ​យ៉ាង​វិសុទ្ធ និង​ដែលអាចជួយ​ពង្រីក​ជំនឿ​របស់​គេ។ ដូច្នេះ ដោយ​ព្រះសហ​គមន៍បង្រៀន​លទ្ធិដោយ​រស់​នៅ​តាម​ជំនឿ និង​ដោយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់ ព្រះ​សហគមន៍​បញ្ជូន​បន្ត​លក្ខណៈសម្បត្តិរបស់ខ្លួន និងអ្វីៗដែលខ្លួនជឿឱ្យ​មនុស្ស​គ្រប់ជំនាន់តទៅទៀតផង។

ការ​បញ្ជូន​បន្តមក​ពី​ក្រុម​គ្រីស្ត​ទូត​នោះក៏នៅតែ​មាន​បន្ត​ក្នុង​ព្រះ​សហគមន៍សព្វថ្ងៃ ក្រោមការឧបត្ថម្ភ​នៃ​ព្រះវិញ្ញាណដ៏​វិសុទ្ធដែរ គឺគ្រីស្ត​បរិស័ទ​យល់​អ្វីទាំងអស់ និងយល់​ព្រះ​បន្ទូល​កាន់​តែ​ច្បាស់​ឡើងៗ ដោយ​អ្នកជឿ​យក​ព្រះ​បន្ទូលនេះមកស្មឹង​ស្មាធិ៍ សិក្សា នឹក​សញ្ជឹង​ក្នុង​ចិត្តទៀតផង (លក ២,១៩.៥១)។ ម្យ៉ាងគេ​យល់​អំពី​សម្បត្តិ​សួគ៌​កាន់តែ​ច្បាស់ក្នុងជម្រៅ​ចិត្តគេ។ ម្យ៉ាងទៀតគេស្តាប់សេចក្តីអស់ លោកអភិបាលដែល​បន្ត​មុខងារ​ពី​ក្រុម​គ្រីស្ត​ទូតមកតែងតែប្រកាស ព្រោះអស់លោកពិតជាបានទទួលព្រះអំណោយទាននៃសេចក្តីពិត។ ដូច្នេះ ទោះបីសត​វត្ស​រ៍ចេះ​តែ​កន្លង​ផុត​ទៅក្តី ក៏ព្រះសហគមន៍​ខិត​ខំ​ស្វែង​រក​សេចក្តីពិត​ដ៏​ពេញ​លេញ​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច រហូត​ដល់​ពេល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គកើតជារូបរាងក្នុងព្រះសហគមន៍ជា​ស្ថាពរ។

ការ​ប្រៀន​ប្រដៅ​របស់​គ្រូ​បាធ្យាយ​ដ៏វិសុទ្ធ ផ្តល់សក្ខីភាព​បញ្ជាក់​ថា ការ​បញ្ជូន​បន្តនេះធ្វើ​ឱ្យ​ព្រះ​សហគមន៍​មាន​ជីវិតរស់​រវើក។ ការ​បញ្ជូន​បន្តនេះមានតម្លៃ​ដ៏​ថ្លៃ​ថ្នូរ គឺមាន​ឥទ្ធិពល​ក្នុង​ការ​ប្រតិបតិ្ត និង​ក្នុង​ការ​រស់​នៅ​របស់​ព្រះ​សហគមន៍ដែល​ជឿ និងអធិដ្ឋាន។ ការ​បញ្ជូនបន្ត​ដដែល​នេះនាំ​ឱ្យព្រះ​សហគមន៍​ស្គាល់​បញ្ជី​កណ្ឌនៃ​ព្រះ​គម្ពីរ​ទាំង​អស់។ ការ​បញ្ជូន​បន្តដដែល​នេះ ធ្វើ​ឱ្យ​គ្រីស្ត​បរិស័ទ​ក្នុង​ព្រះ​សហគមន៍យល់​អំពី​អត្ថន័យ​នៃ​ព្រះ​គម្ពីរ និង​ធ្វើ​ឱ្យ​គម្ពីរ​នេះ​បង្កើតផលតទៅជានិច្ច។ ដូច្នេះ ព្រះ​ជាម្ចាស់​ដែល​មាន​ព្រះ​បន្ទូល​កាល​ពី​ដើម​មក នៅ​តែ​សន្ទនា​ជាមួយ​មហេសី​នៃ​ព្រះ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​ជា​និច្ចនិរន្តរ៍។ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធធ្វើ​ឱ្យ​សូរសៀងនៃដំណឹង​ល្អ​មាន​ជីវិត​លាន់​ឮ​ក្នុង​ព្រះ​សហគមន៍ ហើយក៏លាន់​ឮ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដោយ​សារ​ព្រះ​សហគមន៍ដែរ។ ព្រះ​វិញ្ញាណ​ក៏​ណែ​នាំ​អ្នក​ជឿ​ទាំង​ប៉ុន្មានឱ្យ​ស្គាល់​សេចក្តី​ពិត​គ្រប់ជំពូក និងប្រោសឱ្យតម្លៃដ៏ថ្លៃថ្នូរនៃ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ត ស្ថិត​នៅ​ក្នុងគេ​យ៉ាង​បរិបូណ៍ (កូឡ ៣,១៦)។

៩- ការ​បញ្ជូនបន្ត និង​ព្រះ​គម្ពីរពាក់ព័ន្ធគ្នាទៅវិញទៅមក

ការ​បញ្ជូន​បន្តដ៏​វិសុទ្ធ និង​ព្រះ​គម្ពីរជាប់​ពាក់ព័ន្ធ​គ្នា និង​មាន​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា។ ការ​បញ្ជូនបន្ត​ និង​ព្រះ​គម្ពីរផុស​ចេញ​មក​ពី​ប្រភព​តែ​មួយ ពោលគឺ ពីព្រះ​ជា​ម្ចាស់។ គម្ពីរ និងការបញ្ជូនបន្តក៏ហាក់​ដូច​ជា​រួម​ជា​ធ្លុងតែ​មួយ និង​មាន​ទិសដៅ​តែ​មួយ​ដែរ។ ព្រះគម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែលកត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរ ដោយព្រះ​វិញ្ញាណ​បំ​ភ្លឺចិត្តគំនិតអ្នកនិពន្ធ។ រីឯ​ការ​បញ្ជូន​បន្តដ៏​វិសុទ្ធវិញ ក៏​នាំ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ដែល​ព្រះគ្រីស្ត​ជា​អម្ចាស់​ និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធបាន​ផ្ញើ​ទុក​ឱ្យ​ក្រុម​គ្រីស្ត​ទូត រួច​បញ្ជូន​បន្ត​គ្រប់​សេចក្តី​ទាំងអស់​ដល់​អ្នក​បន្ត​មុខងារ​ពីអស់​លោក។ ពេលអស់លោកដែលបន្តមុខងារ​របស់​គ្រីស្ត​ទូត​ទាំង​ឡាយ នោះប្រកាសព្រះបន្ទូល​អស់​លោ​ក​រក្សា​ទុកបក​ស្រាយ និងផ្សព្វ​ផ្សាយ​ព្រះ​បន្ទូល​នោះយ៉ាងស្មោះ ដោយ​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិតបំភ្លឺ​ចិត្តគំ​និត​គេ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​សហគមន៍មានជំនឿ​យ៉ាង​ជាក់​ច្បាស់​ទៅ​លើ​សេចក្តី​ទាំង​ប៉ុន្មាន​ ដែល​ព្រះ​ជា​ម្ចាស់​បានសម្តែងមកនោះ ពុំ​មែនដោយ​សំអាង​តែ​លើ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ ហេតុ​នេះ ត្រូវ​ទទួល​ស្គាល់ ​និងលើកតម្កើងការ​បញ្ជូនបន្ត និង​ព្រះ​គម្ពីរដោយ​ចិត្ត​ស្រឡាញ់​ និងគោរព​ស្មើគ្នា។

១០- ការ​បញ្ជូនបន្ត​ព្រះ​គម្ពីរ និងការណែ​នាំព្រះសហគមន៍

ការ​បញ្ជូន​បន្តដ៏​វិសុទ្ធ ​និង​ព្រះ​គម្ពីរ ជាបញ្ញើ​ដ៏​សក្ការៈតែមួយនៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ដែលផ្ញើ​ទុក​ឱ្យ​ព្រះសហគមន៍។ បើ​ប្រជាជន​ដ៏​វិសុទ្ធ​ទាំង​មូលរួបរួម​ជា​មួយ​អស់គង្វាលរបស់​ខ្លួន ភ្ជាប់​ចិត្ត​ទៅនឹង​បញ្ញើ​នេះ គេមុខជានឹង​នៅ​តែព្យា​យាម​ជានិច្ច ស្តាប់​ការ​ប្រៀន​ប្រដៅ​របស់​ក្រុម​គ្រីស្ត​ទូតរួប​រួម​គ្នា​ទុក​ជា​បង​ប្អូនធ្វើ​ពិធី​កាច់​នំប៉័ង និង​អធិ​ដ្ឋា​ន (កក ២,៤២)។ ហេតុ​នេះ​ហើយ បាន​ជាអស់គង្វាល និង​អស់អ្នក​ជឿរួម​គ្នា​ជាចិត្ត​គំនិត​តែ​មួយ​យ៉ាង​ស្អិត​រមួតក្នុង​កិច្ច​រក្សាជំនឿ​ដែលគេបានទទួល ក្នុងកិច្ចប្រតិបត្តិតាមជំនឿ និងក្នុងការ​ប្រកាស​ជំនឿ​ដែល​គេ​ទទួល​តមក។

ព្រះ​ជាម្ចាស់បាន​ផ្ញើ​បន្ទុក​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​យ៉ាង​ពិត​ប្រាកដ ទោះ​បី​ជា​ព្រះ​បន្ទូលកត់​ត្រា​ទុក​ជាលាយ​លក្ខណ៍​អក្សរ​ក្តី ឬបញ្ជូន​បន្តមក​ក្តី ឱ្យការណែ​នាំដែលមាន​ជីវិតក្នុង​ព្រះ​សហគមន៍អាច​បក​ស្រាយ​បាន។ មានតែការណែនាំនោះប៉ុណ្ណោះដែលមានអំណាចបកស្រាយ​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រីស្ត។ ប៉ុន្តែ ការណែ​នាំ​នេះគ្មានអំណាចលើស​ពីព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទេ តែបម្រើ​ព្រះ​បន្ទូល​ទៅ​វិញ។ ការណែនាំក៏​បង្រៀន​តែ​សេចក្តីដែល​គេបាន​ទទួល​ត​មក ហើយស្តាប់​ព្រះ​បន្ទូល​នេះ​ដោយ​ចិត្ត​ស្រឡាញ់ តាម​បញ្ជា​របស់ព្រះជា​ម្ចាស់ និងដោយ​មានព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​ឧបត្ថម្ភ​ផង។ ការណែនាំថែរក្សា​ព្រះ​បន្ទូល​យ៉ាង​ល្អ​បំផុត និងពន្យល់​ព្រះ បន្ទូលយ៉ាង​ត្រឹម​ត្រូវ ហើយស្រង់យកពី​បញ្ញើនៃជំនឿតែ​មួយ​នេះនូវ​អ្វីៗ​ទាំង​ប៉ុន្មាន ដែលក្រុមណែនាំជូនឱ្យគ្រីស្ត​បរិស័ទ​ជឿទុក​ជា​សេចក្តី​ដែលព្រះ​ជាម្ចាស់​បាន​សម្តែង​ឱ្យ​មនុស្ស​លោកស្គាល់។

ដូច្នេះ យើង​ឃើញ​ជាក់ច្បាស់​ថា ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធ និងព្រះ​គម្ពីរ ហើយនិង​ការ​ណែ​នាំ​ព្រះ​សហគមន៍​ជាប់​ពាក់ព័ន្ធ​គ្នា និង​រួម​គ្នាតាម​ព្រះ​ជាម្ចាស់​ចាត់​ចែង​យ៉ាងឈ្លាសវៃ។ ក្នុង​កត្តាទាំង​បី​នេះ គ្មាន​អ្វីណាមួយ​ដែល​អាច​ស្ថិត​ស្ថេរដោយ​ឯក​ឯង​បាន​ទេ គឺ​អ្វីទាំង​បី​នោះ​រួម​គ្នា​យ៉ាង​សកម្ម ដើម្បីសង្រោ្គះ​មនុស្ស​លោកតាម​របៀប​រៀងៗ​ខ្លួន ក្រោម​ការឧបត្ថម្ភ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ​ព្រះ​អង្គ។

ជំពូក ៣
ព្រះ​ជាម្ចាស់​បំភ្លឺ​អ្នក​និពន្ធ​ព្រះ​គម្ពីរ និង​ការ​បក​ស្រាយព្រះគម្ពីរ

១១- ព្រះ​គម្ពីរ​មក​ពី​ព្រះ​វិញ្ញាណ​បំ​ភ្លឺចិត្តគំនិតអ្នកនិពន្ធ

ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​បាន​បំ​ភ្លឺ​ចិត្តគំនិតអ្នកនិពន្ធឱ្យ​កត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរ នូវ​សេចក្តី​ពិតដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែងមក ហើយ​ដែល​មាន​រៀប​រាប់​ក្នុង​កណ្ឌទាំងប៉ុន្មាននៃ​ព្រះ​គម្ពីរ។ ព្រះ​សហគមន៍​កាតូលិកជា​មាតា​របស់យើង សំអាង​ទៅ​លើ​ជំនឿ​របស់​ក្រុម​គ្រីស្ត​ទូតជាគ្រឹះ ហើយចាត់​គ្រប់​ផ្នែកនៃ​កណ្ឌ​ទាំង​ប៉ុន្មានក្នុងគម្ពីរ​សម្ពន្ធ​មេត្រីចាស់​ក្តី សម្ពន្ធ​មេត្រី​ថ្មីក្តី ទុកជា​សក្ការៈ​ និងទុកជាសាសនបញ្ញត្តិរបស់ខ្លួន ព្រោះ​ព្រះ​វិញ្ញាណ​បំភ្លឺ​ចិត្ត​គំនិត​អ្នក​និពន្ធឱ្យសរសេរ (យហ ២០,៣១; ២ធម ៣,១៦; ២សល ១,១៩-២១) គឺព្រះជា ម្ចាស់បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ហើយព្រះ​សហគមន៍​ក៏​បាន​ទទួល​កណ្ឌ​គម្ពីរ​ទាំង​នោះ​ដោយ​យល់​ដូច្នោះ​ដែរ។ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​មនុស្សខ្លះ ដើម្បី​និពន្ធ​កណ្ឌ​ព្រះ​គម្ពីរ​ទាំង​នោះ គឺព្រះ​អង្គ​ឱ្យអ្នកទាំងនោះប្រើ​ចំណេះប្រាជ្ញា ទេពកោសល្យ និង​បច្ចេកទេស​របស់​ខ្លួនយ៉ាងពិតប្រាកដ ហើយ​ទ្រង់​មាន​សកម្មភាព​ក្នុង​អ្នក​ទាំង​នោះ និង​ដោយ​សារ​អ្នក​ទាំង​នោះ ព្រះអង្គឱ្យ​គេ​កត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរនូវ​សេចក្តី​ទាំងប៉ុន្មាន ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យឱ្យគេ​សរសេរ គឺសរសេរតែសេចក្តីណាដែលព្រះអង្គសព្វព្រះ ហឫទ័យប៉ុណ្ណោះ។ ដូច្នេះ គេ​ជា​អ្នក​និពន្ធ​យ៉ាងពិត​ប្រាកដ (ហប ១,១ និង ៤,៧; ២សម ២៣,២; មថ ១,២២)។

ហេតុនេះហើយ បានជាត្រូវ​រាប់​សេចក្តី​ទាំង​អស់​ដែល​អ្នក​និពន្ធ និង​អ្នក​តំណាលរឿង​និទាន​បាន​កត់​ត្រា​នោះទុក​ជា​សេចក្តីដែល​ព្រះ​វិញ្ញាណ​បាន​បញ្ជាក់ ព្រោះព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ។ យើងក៏​ត្រូវ​តែ​ប្រកាស​ថា ក្នុង​កណ្ឌ​គម្ពីរ​មាន​បង្រៀន​យ៉ាង​ប្រាកដប្រជា យ៉ាង​ត្រឹម​ត្រូវ ដោយ​គ្មាន​កំហុសនូវ​សេចក្តីពិត​ដែល​ព្រះ​ជាម្ចាស់សព្វ​ព្រះហឫទ័យ ឱ្យ​គេ​កត់​ត្រាទុក​ជា​លាយ​លក្ខណ៍​អក្សរក្នុងព្រះគម្ពីរសម្រាប់​សង្រោ្គះ​យើង។ ហេតុ​នេះ “គ្រប់​អត្ថបទ​គម្ពីរសុទ្ធ​តែ​ព្រះ​ជា​ម្ចាស់​ប្រទាន​ព្រះវិ​ញ្ញាណ​មក​បំភ្លឺ​ឱ្យ​និពន្ធ និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវកែ​តម្រង់ និង​អប់រំ​ឱ្យ​រស់​នៅ​តាម​សេចក្តី​សុចរិត ក្នុងគោលបំណងឱ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មាន​សមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក” (២ធម ៣,១៦-១៧)។

១២- របៀប​បក​ស្រាយ​ព្រះ​គម្ពីរ

ក្នុង​ព្រះ​គម្ពីរ​ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​ព្រះ​បន្ទូល​តាម​រយៈមនុស្ស និងបានប្រើពាក្យសម្តីរបស់មនុស្ស។ ហេតុនេះ អ្នក​បក​ស្រាយព្រះ​គម្ពីរ​ត្រូវ​ស្វែង​រក​ដោយ​ពិនិត្យ​ពិច័យ នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ទាំង​នោះ​មាន​បំណង​និយាយ​ប្រាប់ និង​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សម្តែងតាម​រយៈ​ពាក្យ​របស់​គេ។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​នឹង​ដឹងច្បាស់​នូវ​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​ផ្ទាល់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ឱ្យ​យើង​ស្គាល់នោះ។

ក្នុង​គោល​បំណង​ចង់​ស្គាល់​គំនិត​របស់​អ្នក​និពន្ធ អ្នក​បក​ស្រាយ​ត្រូវ​ចាប់​អារម្មណ៍​នឹង​ប្រការ​ផ្សេងៗ មាន “របៀប​និពន្ធ”“រចនាបទអក្សរសិល្ប” ជា​ដើម។ អស់​លោក​បង្ហាញ​សេចក្តី​ពិត​តាម​របៀប​ផ្សេងៗ​ពី​គ្នាក្នុងអត្ថបទ​រៀប​រាប់​អំពី​ប្រវត្តិសាស្ត្រក្នុងសេចក្តី​ប្រកាស​របស់​ព្យា​ការី ក្នុង​ពាក្យ​កាព្យ ឬ​ក្នុង​អត្ថបទ​និពន្ធ​តាម​របៀប​ផ្សេងៗ​ទៀត។ ហេតុ​នេះ​ហើយ អ្នក​បកស្រាយ​ត្រូវ​ស្វះស្វែង​រក​សេចក្តី​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់ និង​បាន​ប្រាប់ហើយតាម​កាលៈទេសៈ តាម​សភាព​ការណ៍​នៃសម័យ​របស់​គាត់រស់នៅ តាម​អារ្យធម៌ និង​តាម​វប្បធម៌​របស់​គាត់ ព្រម​ទាំង​តាម​របៀបនិពន្ធដែល​អ្នក​ស្រុក​ធ្លាប់​ប្រើ​នៅជំនាន់​នោះ។ អ្នក​បក​ស្រាយ​ត្រូវ​យល់​យ៉ាង​ច្បាស់​អំពី​របៀប​ដែលអ្នក​ស្រុក​តែងគិត​គូរ​ជា​ទូទៅ​អំពី​ជីវិត អំពីរបៀប​ដែល​គេ​ធ្លាប់​និយាយ ឬ​ការតំណាល​និទានរឿង​ក្នុង​សម័យ​អ្នក​និពន្ធ​នោះ ព្រម​ទាំង​អំពី​របៀប​ដែល​មនុស្ស​រស់​នៅតាម​កន្លែង​ផ្សេងៗ នៅ​សម័យ​នោះធ្លាប់​ប្រើ​ក្នុង​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​អាច​រក​ឃើញ​នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ដ៏សក្ការៈមានបំណងចង់ប្រាប់ ដោយ​ចែង​កណ្ឌជា​លាយ​លក្ខណ៍​អក្សរ។

ដោយព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ​ឱ្យ​ចែង​ជា​លាយ​លក្ខណ៍​អក្សរត្រូវអាន និងបកស្រាយព្រះ​គម្ពីរ​ក្រោម​ពន្លឺនៃព្រះវិញ្ញាណដែរ។ ត្រូវ​ចាប់​អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្តីទាំងអស់​ដែលមាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ហើយដែលសម្តែងសេចក្តីពិតដដែលដូចគ្នាដែរ។ ត្រូវចាប់អារម្មណ៍​អំពីការបញ្ជូនបន្ត​ដ៏រស់រវើកនៃ​ព្រះសហគមន៍​ទាំងមូល និង​អំពី​លក្ខណៈ​ប្រៀប​ធៀប​នៃ​ជំនឿ​ផង។ ធ្វើ​ដូច្នេះ ទើប​អ្នក​បក​ស្រាយរក​អត្ថន័យ​ដ៏​ពិត​ប្រាកដ​នៃ​ព្រះ​គម្ពីរ​ឃើញ។ អ្នក​វិភាគគម្ពីរមានភារកិច្ចខិត​ខំ​ពិនិត្យពិច័យ និង​ពន្យល់អត្ថ ន័យ​នៃ​ព្រះ​គម្ពីរ​ឱ្យ​កាន់​តែ​ជ្រៅ​ទៅៗតាម​គោល​ការណ៍ទាំង​នោះ ដើម្បី​ឱ្យ​ព្រះ​សហគមន៍​មាន​យោបល់​កាន់​តែ​ល្អ​ប្រសើរ​ឡើងៗ។ ដោយ​ការ​សិក្សា​របស់​ខ្លួន អ្នកវិភាគទាំងនោះដូច​ជា​រៀប​ចំ​ផ្លូវ​ឱ្យ​ព្រះសហគមន៍អាចកំណត់អត្ថន័យ​ឱ្យកាន់តែច្បាស់​ឡើង​បាន។ អ្វីៗ​ទាំង​អស់​ដែល​មាន​ទាក់​ទិន​នឹង​របៀប​បក​ស្រាយ​ព្រះ​គម្ពីរ គឺស្ថិត​នៅ​លើ​ព្រះ​សហគមន៍ដែល​ត្រូវ​រិះគិត​ពិចារណា​ដោះស្រាយ ព្រោះព្រះសហគមន៍ទទួល​មុខងារបម្រើពី​ព្រះ​ជា​ម្ចាស់មក និងក្នុងនាមព្រះអង្គ ពោល​គឺ​រក្សា​ទុក និង​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់។

១៣- ព្រះ​ជាម្ចាស់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា

ហេតុនេះ ទោះ​បី​យើងត្រូវតែគោរពសេចក្តី​ពិត និង​លក្ខណៈ​ដ៏​វិសុទ្ធ​របស់​ព្រះ​ជា​ម្ចាស់​ជានិច្ចក្តី ក៏ក្នុង​ព្រះ​គម្ពីរ ព្រះអង្គសម្តែង​ព្រះ​ហឫទ័យ​មេត្តា​ករុណា​យ៉ាង​អស្ចារ្យ​នៃ​ព្រះ​ប្រាជ្ញា​ញាណដែល​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច “ដើម្បី​ឱ្យ​យើង​ស្គាល់​ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ដែលរក​ថ្លែង​ពុំបាន និង​ដឹង​ថា​ ព្រះ​អង្គមាន​ព្រះ​បន្ទូលស្រប​តាម​របៀប​មនុស្ស​យើង​និយាយ ព្រោះ​ព្រះ​អង្គ​ណែនាំ និងថែទាំមនុស្សជាតិយើង​ជា​មុន”

ជំពូក ៤
គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់

១៤- ប្រវត្តិ​សាស្ត្រនៃ​ការ​សង្រោ្គះ​ក្នុង​កណ្ឌគម្ពីរ​នៃសម្ពន្ធ​មេត្រី​ចាស់

ព្រះ​ជាម្ចាស់ប្រកបដោយព្រះ​ហឫទ័យ​ស្រឡាញ់​អាណិត​មនុស្ស​លោក​ហួស​ប្រមាណ ព្រះអង្គគ្រោងទុក និង​រៀប​ចំការសង្គ្រោះគេ ទើបព្រះអង្គជ្រើស​រើស​ប្រ​ជា​ជន​មួយ ដើម្បី​ផ្ញើ​ព្រះ​បន្ទូល​សន្យា​តាមការចាត់​ចែងយ៉ាង​ពិសេស​របស់ព្រះអង្គ។ បន្ទាប់​ពី​ព្រះជាម្ចាស់ចង​សម្ពន្ធ​មេត្រី​ជាមួយ​លោក​អាប្រាហាំ (កណ ១៥,១៨) និង​ជា​មួយ​ប្រជាជនអ៊ីស្រាអែលដោយសារ​លោក​ម៉ូសេ​មក (សរ ២៤,៨) ព្រះ​អង្គក៏សម្តែង​ព្រះ​អង្គ​ដោយមាន​ព្រះ​បន្ទូល និង​ដោយ​ប្រព្រឹត្តកិច្ចការផ្សេងៗឱ្យ​ប្រ​ជា​ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស​នោះដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​ជា​ម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ដ៏​ពិត​ប្រាកដ និងដែលមាន​ព្រះជន្ម​គង់​នៅ។ ដូច្នេះប្រជាជនអ៊ីស្រា​អែលមាន​បទពិសោធន៍​អំពី “មាគ៌ា របស់​ព្រះ​ជាម្ចាស់ដែលយាងមក​រកមនុស្ស​លោក។ ដោយ​ព្រះ​ជា​ម្ចាស់មាន​ព្រះ​បន្ទូលផ្ទាល់​ព្រះអង្គ តាម​រយៈ​អស់​លោកព្យាការី ប្រជាជន​អ៊ីស្រាអែល ក៏យល់មាគ៌ាទាំងនោះកាន់​តែ​ច្បាស់​ឡើងៗ និង​កាន់​តែ​ជ្រៅ​ទៅៗ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​ផ្តល់​សក្ខីភាព​ពី​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ចំណោម​ប្រជាជាតិ​នានា (ទំន ២១,២៨-២៩; ៩៥,១-៣; អស ២,១-៤; យរ ៣,១៧)។ ការ​ចាត់​ចែង​ការ​សង្រោ្គះ ដែលព្រះ​អង្គ​ប្រទាន​ដំណឹង​ជា​មុន និង​ដែលអ្នក​និពន្ធ​ព្រះគម្ពីរ​បាន​និទាន​តំ​ណា​លហើយ​ពន្យល់​នោះ លេចចេញមក​ក្នុងកណ្ឌ​ទាំងប៉ុន្មាននៃ​គម្ពីរសម្ពន្ធ​មេត្រីចាស់ ទុកជាព្រះ​បន្ទូល​ដ៏ពិតប្រាកដរបស់​ព្រះជា​ម្ចាស់។ ហេតុ​នេះ​ហើយ បាន​ជាកណ្ឌ​គម្ពីរនៃ​សម្ពន្ធ​មេត្រី​ចាស់ ដែល​ព្រះ​ជា​ម្ចាស់​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ​ឱ្យ​ចែង​នោះ នៅតែមាន​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​មិន​អាច​សាបសូន្យ​បាន​ឡើយ “ដ្បិត​អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺចែងទុកសម្រាប់​អប់​រំ​យើង ដើម្បី​ឱ្យយើង​មាន​សេចក្តី​សង្ឃឹម ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឱ្យ​យើង​ចេះ​ស៊ូទ្រាំ” (រម ១៥,៤)។

១៥- គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់​មានសារ​សំខាន់​សម្រាប់​គ្រីស្ត​បរិស័ទ

ព្រះ​ជា​ម្ចាស់​ចាត់​ចែង​សម្ពន្ធ​មេត្រី​ចាស់ ជាពិសេស សម្រាប់​រៀប​ចំ​ផ្លូវ​ថ្វាយ​ព្រះ​គ្រីស្តជា​ព្រះ​សង្រោ្គះ​នៃ​ពិភព​លោក​យាង​មក និងរៀបចំ​ព្រះ​រាជ្យ​របស់​ព្រះ​គ្រីស្ត ព្រះអង្គក៏ប្រទាន​ដំណឹង​ជា​មុនតាម​របៀបព្យាការីអំពី​ព្រះ​គ្រីស្ត​យាង​មកនោះ (លក ២៤,៤៤; យហ ៥,៣៩; ១សល ១,១០) ព្រម​ទាំងផ្តល់និមិត្តសញ្ញាផ្សេងៗជាប្រផ្នូល​អំពី​ព្រះ​គ្រីស្តថែមទៀតផង (១ករ ១០,១១)។ ព្រះជាម្ចាស់ឈ្វេងយល់​ដល់​សភាព​ការណ៍​មនុស្ស​លោកមុន​ព្រះ​គ្រីស្ត​សង្រោ្គះគេ។ ដូច្នេះ កណ្ឌ​គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​ចាស់សម្តែងឱ្យ​មនុស្ស​ទាំង​អស់បាន​ស្គាល់​ព្រះ​ជា​ម្ចាស់ និង​ស្គាល់​សភាពរបស់​ខ្លួន​ជា​មនុស្ស ព្រម​ទាំង​ស្គាល់​របៀបព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​លោក ដោយ​ព្រះ​ហឫទ័យ​សុច​រិត និង​មេត្តា​ករុណា។ ទោះ​បី​ក្នុង​កណ្ឌ​គម្ពីរ​ទាំង​នោះមាន​ចែង​សេចក្តី​មិន​ពេញ​លក្ខណៈដែល​ត្រូវ​បាត់​ទៅ​ក្តី ក៏​កណ្ឌ​ទាំង​នោះ​បង្ហាញ​គរុកោសល្យដ៏ពិតប្រាកដរបស់​ព្រះ​ជា​ម្ចាស់ដែល​អប់រំ​មនុស្ស​លោក។ ហេតុ​នេះ​ហើយ បាន​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ទទួល​កណ្ឌ​គម្ពីរ​ទាំង​នោះ​ដោយ​គោរពប្រណិប័តន៍ ព្រោះ​ក្នុង​គម្ពីរ​ទាំង​នោះ​មាន​ចែង​គំនិត​យ៉ាង​ច្បាស់​អំពី​ព្រះ​អម្ចាស់ មាន​បង្រៀនលទ្ធិ​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ព្រះ​អង្គ មាន​ចែង​អំពី​ប្រាជ្ញា​ញាណ​ពោរ​ពេញ​ដោយ​សប្បុរសធម៌​ចំពោះ​ការ​រស់​នៅ​របស់​មនុស្ស​យើង មាន​ចែង​ពាក្យ​អធិដ្ឋាន​មួយ​ចំនួន​ដ៏​មានតម្លៃដ៏ប្រ​សើរ​បំផុត។ មិនតែ​ប៉ុណ្ណោះ​សោត ក្នុង​ក័ណ្ឌគម្ពីរ​ទាំង​នោះមាន​បង្កប់​ទុក​នូវ​គម្រោង​ការដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ​របស់​យើង​ផង។

១៦- គម្ពីរ​នៃ​សម្ពន្ធ​មេត្រី​ទាំង​ពីរ​រួម​គ្នា​ជាធ្លុង​តែ​មួយ

ព្រះ​ជា​ម្ចាស់​បាន​បំភ្លឺ​ចិត្តគំនិតអស់អ្នក​និពន្ធ​កណ្ឌទាំងអស់នៃគម្ពីរ​សម្ពន្ធ​មេត្រី​ទាំង​ពីរ ព្រះអង្គក៏ជាអ្នកនិពន្ធព្រះគម្ពីរទាំងមូលដែរ។ ព្រះអង្គក៏ចាត់​ចែង​គម្ពីរ​ទាំង​ពីរ​នោះតាម​ព្រះ​ប្រាជ្ញា​ញាណ គឺបង្កប់​ទុក​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ក្នុង​គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់ ហើយ​គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់ក៏​ទទួលអត្ថន័យ​យ៉ាងពេញលេញដោយសារគម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ដែរ។ ទោះ​បី​ព្រះ​គ្រីស្ត​ចង​សម្ពន្ធ​មេត្រី​ថ្មី​ដោយ​សារ​ព្រះ​លោហិត​របស់​ព្រះ​អង្គក្តី (លក ២២,២០; ១ករ ១១,២៥) ក៏ព្រះ​អង្គលើកយក​សេចក្តី​ទាំង​ប៉ុន្មានដែល​មាន​បង្កប់ទុក​ក្នុង​កណ្ឌគម្ពីរ​សម្ពន្ធ​មេត្រី​ចាស់បញ្ចូលក្នុងព្រះបន្ទូលប្រកាសដំណឹងល្អ។ កណ្ឌ​គម្ពីរ​សម្ពន្ធមេត្រី​ចាស់​ទទួល និង​បង្ហាញ​អត្ថន័យ​យ៉ាង​ពេញ​លេញក្នុង​គម្ពីរ​សម្ពន្ធមេត្រី​ថ្មី (មថ ៥,១៧; លក ២៤,២៧; រម ១៦,២៥-២៦; ១ករ ៣,១៤,១៤-១៦) ហើយក៏ជួយ​បំភ្លឺ និង​ពន្យល់​កណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ទៀត​ផង។

ជំពូក ៥
គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី

១៧- ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​មាន​តម្លៃ​ដ៏ថ្លៃបំផុត

ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ពិតជា​ឫទ្ធានុភាព​របស់ព្រះអង្គ សម្រាប់​សង្រោ្គះ​អស់​អ្នក​ផ្ញើជីវិតលើព្រះ​អង្គ (រម ១,១៦)។ ព្រះបន្ធូលនេះមាន​ចែង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ហើយ​បង្ហាញ​ឫទ្ធានុភាព​យ៉ាង​ពិសេស​ក្នុង​គម្ពីរនេះ។ ដល់​ពេល​កំណត់ គឺនៅគ្រា​ចុង​ក្រោយ​បង្អស់ (កាឡ ៤,៤) ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ប្រសូត​ជា​មនុស្ស ហើយ​តាំង​ទី​លំ​នៅ​ក្នុង​ចំណោម​ពួក​យើងពោរពេញដោយព្រះ​ហឫទ័យ​ប្រណី​សន្តោស និង​ដោយសេចក្តី​ពិត (យហ ១,១៤)។ ព្រះ​គ្រីស្តតែង​តាំង​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ផែន​ដី។ ព្រះ​អង្គសម្តែង​ទាំង​ព្រះ​បិតា ទាំង​ព្រះ​អង្គ​ផ្ទាល់ដោយប្រព្រឹត្តព្រះ​រាជ​កិច្ចនានា និង​ដោយ​មាន​ព្រះ​បន្ទូល។ ដោយ​ព្រះអង្គសោយ​ទិវង្គត មាន​ព្រះ​ជន្ម​ថ្មី យាង​ឡើង​ស្ថាន​បរមសុខ​យ៉ាង​រុង​រឿង ព្រមទាំង​ចាត់​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ឱ្យ​យាង​មក គឺព្រះអង្គបង្ហើយ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ។ ដោយ​គេ​លើក​ព្រះ​គ្រីស្ត​ពី​ដី​ឡើង (យហ ១២,៣២) ព្រះអង្គទាញ​មនុស្ស​ទាំង​អស់​ទៅ​ឯព្រះ​អង្គ។ មាន​តែ​ព្រះ​អង្គ​ទេដែល​មាន​ព្រះ​បន្ទូល​ផ្តល់​ជីវិត​អស់​កល្ប​ជា​និច្ច (យហ ៦,៦៨)។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ពុំ​បាន​សម្តែង​គម្រោង​ការ​ដ៏​អស្ចារ្យ​នេះ​មក​មនុស្ស​ជំនាន់​មុនៗ ដូច​ព្រះអង្គ​បាន​សម្តែង​នៅ​ពេល​នេះឱ្យ​ក្រុម​គ្រីស្ត​ទូត និង​ព្យា​ការី​របស់​ព្រះ​អង្គ​ស្គាល់ដោយ​សារ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធនោះទេ (អភ ៣,៤-៦) ហេតុនេះ អស់លោកត្រូវ​ប្រកាស​ដំណឹង​ល្អ ដាស់​តឿន​មនុស្ស​ឱ្យ​ផ្ញើជីវិតលើ​ព្រះ​យេស៊ូ​ជាព្រះគ្រីស្ត និងជាព្រះអម្ចាស់ ព្រមទាំង​អស់លោក​ត្រូវប្រមែប្រមូល​ព្រះ​សហគមន៍​ព្រះ​អង្គផង។ កណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មីផ្តល់​សក្ខីភាពអំពី​ព្រឹត្តការណ៍​ទាំងនេះ ជា​សក្ខីភាព​អចិន្ត្រៃយ៍​មក​ពី​ព្រះ​ជាម្ចាស់។

១៨- កណ្ឌ​គម្ពីរ​ដំណឹង​ល្អហូរ​ចេញ​មក​ពី​ក្រុម​គ្រីស្ត​ទូត

មនុស្សណាក៏ទទួល​ស្គាល់​ថា ក្នុង​ចំណោម​កណ្ឌ​គម្ពីរ​ទាំង​អស់ សូម្បីតែ​ក្នុង​ចំណោម​កណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី គឺកណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ជាកណ្ឌដ៏ប្រសើរ​ជាងគេបំផុត ព្រោះ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ជា​សក្ខីភាព​ពិសេសអំពី​ជីវ​ប្រវត្តិ និង​អំពីសេចក្តី​ប្រៀន​ប្រដៅ​របស់ព្រះ​បន្ទូល​ដែលប្រសូតជា​មនុស្ស និងជាព្រះសង្រោ្គះ​នៃ​យើង។

ជានិច្ចកាល និង​នៅ​គ្រប់​ទី​កន្លែង ព្រះ​សហគមន៍​បាន​ចាត់​ទុក ហើយនៅ​តែ​ចាត់​ទុក​ថា កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​នេះហូរ​ចេញពី​ក្រុម​គ្រីស្ត​ទូតមក។ សេចក្តីដែលក្រុម​គ្រីស្ត​ទូត​បាន​ប្រកាស​តាម​ព្រះបញ្ជា​របស់​ព្រះ​គ្រីស្ត អស់​លោក​ផ្ទាល់ និងអ្នករស់នៅជាមួយបាន​កត់​ត្រា​ទុកជាលាយ​លក្ខណ៍​អក្សរក្នុងសំណេរដែលជាគ្រឹះនៃជំនឿ ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺចិត្តគំនិតអស់លោក ហើយបញ្ជូនបន្ត​មក​យើង គឺគម្ពីរ​ដំណឹង​ល្អ​ទាំង​បួន ពោល​គឺ គម្ពីរ​ដំណឹង​ល្អ​តាម​លោក​ម៉ាថាយ តាមលោកម៉ាកុស តាមលោក​លូកា និងតាមលោក​យ៉ូហាន។

១៩- គម្ពីរ​ដំណឹង​ល្អមាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ

ព្រះ​សហគមន៍ដ៏វិសុទ្ធ​ជា​មាតា​របស់​យើងបាន​ចាត់​ទុក ហើយ​នៅ​តែ​ចាត់​ទុក​យ៉ាង​រឹង​មាំមិន​ដែលងាក​រេ​ថា គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​នោះ បញ្ជូនបន្ត​យ៉ាង​ពិត​ប្រាកដនូវ​កិច្ចការទាំង​ប៉ុន្មានដែល​ព្រះ​យេ​ស៊ូ​ជា​ព្រះ​បុត្រា​របស់​ព្រះ​ជា​ម្ចាស់​បានប្រព្រឹត្ត និង​សេចក្តីទាំងប៉ុន្មានដែលព្រះអង្គបាន​បង្រៀន​នៅពេលព្រះអង្គរស់នៅក្នុងចំណោមមនុស្សលោក ដើម្បី​សង្រោ្គះ​មនុស្ស​លោក​អស់​កល្ប​ជា​និច្ច រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​អង្គ​ឡើង​ស្ថាន​បរមសុខ (កក ១,១-២)។ ព្រះ​សហគមន៍​ប្រកាសបញ្ជាក់​ដោយមិនងាករេថា កិច្ចការក្នុងកណ្ឌ​គម្ពីរ​ទាំង​បួន​នោះ​ពិត​ជាកើតតាមប្រវត្តិ​សាស្ត្រ​មែន។ ក្រោយ​ពេល​ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​អម្ចាស់យេស៊ូ​ឡើង​ស្ថាន​បរម​សុខ ក្រុម​គ្រីស្ត​ទូត​ក៏បាន​បញ្ជូន​បន្តសេចក្តីដែល​ព្រះអង្គមាន​ព្រះ​បន្ទូល​នោះ និងអំពីកិច្ចការទាំងប៉ុន្មាន​ដែលព្រះអង្គ​បាន​ប្រព្រឹត្តឱ្យ​អ្នក​ដទៃ​ស្តាប់។ អស់លោកយល់អត្ថន័យបាន​ជ្រៅ​ជាង​ពី​មុន ព្រោះព្រឹត្តិការណ៍​ដ៏​រុង​រឿង​របស់​ព្រះ​គ្រីស្តបាន​សម្តែង​ឱ្យ​អស់លោកយល់អត្ថន័យនេះ ដោយមាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត​បំភ្លឺ​ចិត្ត​គំនិត​អស់​លោក​ដែរ (យហ ១៤,២៦; ១៦,១៣)។ ហេតុនេះ អ្នក​និពន្ធ​ដ៏​សក្ការៈកត់ត្រាទុក​កណ្ឌ​គម្ពីរ​ទាំង​បួន​នោះដោយជ្រើសរើស​ឯកសារ​ខ្លះក្នុង​ចំណោម​ឯកសារជាច្រើន ដែល​អស់លោកបាន​ទទួលតៗ​ពី​គេដោយស្តាប់ឮគេ​រៀបរាប់​ក្តី ឬជាឯកសារ​ចែង​ជា​លាយលក្ខណ៍​អក្សរ​រួច​ជាស្រេចមកហើយក្តី។ គេ​ក៏​សង្ខេប​ឯកសារ​ខ្លះៗទៀត ឬ​ពន្យល់​ឯកសារខ្លះស្រប​តាម​សភាព​ការណ៍​នៃ​ព្រះ​សហគមន៍​នា​នា។ គេ​ចែងគម្ពីរ​ដូច​ជា​ធម្ម​ទេសនាម៉្យាង ដើម្បី​ចែក​ចាយ​ជានិច្ចនូវសេចក្តី​ដ៏​ពិត​ប្រាកដ និង​ត្រឹម​ត្រូវអំពី​ព្រះ​យេស៊ូ។ ទោះ​បី​អ្នក​និពន្ធ​បាន​ចែង​កណ្ឌ​ទាំង​បួន​នោះតាម​សេចក្តី​ដែល​គេ​ចងចាំ​ដោយផ្ទាល់​ក្តី តាមអនុស្សាវរីយ៍​របស់គេក្តី ឬតាមសក្ខីភាព​របស់ “អស់អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​តាំង​ពី​ដំបូង​មក និង​ដែល​ទៅ​ជា​អ្នក​បម្រើ​ព្រះ​បន្ទូលក្តី ក៏​អស់​លោក​និពន្ធ​កណ្ឌ​ទាំង​បួននោះដោយ​មាន​បំណង​ឱ្យ​យើង​ដឹង​ថា ការ​ប្រៀន​ប្រដៅ​ដែល​យើង​បាន​ទទួល​នោះ ជា​សេចក្តី​ត្រឹម​ត្រូវ​ពិត​មែន” (លក ១,២-៤)។

២០- កណ្ឌ​ឯទៀតៗ​នៃ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី

ក្នុង​ក្បួន​បញ្ជី​នៃ​កណ្ឌ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ក្រៅ​ពី​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន ក៏​មាន​លិខិត​របស់​គ្រីស្ត​ទូត​ប៉ូល និងសំណេរឯទៀតៗ​ដែល​ក្រុម​គ្រីស្ត​ទូត​បាន​និពន្ធ ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធបំភ្លឺចិត្តគំនិតអស់លោកឱ្យនិពន្ធដែរ។ តាម​ព្រះ​ជា​ម្ចាស់គ្រោងទុកដោយ​ព្រះ​ប្រាជ្ញា​ញាណ កណ្ឌ​ទាំង​នេះបញ្ជាក់​សេចក្តី​ដែល​ទាក់​ទិន​នឹង​ព្រះ​គ្រីស្ត​ជា​អម្ចាស់​នៃ​យើង គឺ​លាត​ត្រដាងលទ្ធិ​ដ៏​ពិត​ប្រាកដ​របស់ព្រះអង្គកាន់​តែ​ច្បាស់ នាំ​ឱ្យមនុស្ស​លោក​ស្គាល់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ត ដែល​មាន​ឫទ្ធានុភាព​អាច​សង្រោ្គះ​គេបាន។ កណ្ឌ​ទាំង​នោះរៀប​រាប់​អំពី​ដើម​កំណើត​ និង​ការ​ពង្រីក​យ៉ាង​អស្ចារ្យនៃ​ព្រះសហគមន៍ ហើយជូន​ដំណឹង​ជា​មុន​អំពីព្រះ​សហគមន៍​ដ៏ពេញលក្ខណៈយ៉ាង​រុង​រឿង​នៅពេលចុងក្រោយបំផុត។

ព្រះ​អម្ចាស់​យេស៊ូ​ជួយ​គាំ​ទ្រ​ក្រុម​គ្រីស្ត​ទូតរបស់ព្រះអង្គ (មថ ២៨,២០) តាមព្រះ​បន្ទូល​សន្យា ហើយ​ចាត់​ព្រះ​វិញ្ញាណដែលជួយការពារយាង​មក​ណែ​នាំ​ឱ្យ​គេស្គាល់​សេចក្តី​ពិត​គ្រប់​ជំពូក (យហ ១៦,១៣)។

ជំពូក ៦
ព្រះ​គម្ពីរ​ក្នុង​ជីវិតរបស់ព្រះ​សហគមន៍

២១- ព្រះ​គម្ពីរ​មាន​សារ​សំខាន់​សម្រាប់​ព្រះ​សហគមន៍

តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​តែងតែ​គោរពប្រណិប័តន៍ព្រះ​គម្ពីរ​ជា​និច្ច ដូច​ព្រះ​សហគមន៍​ធ្លាប់​គោរពប្រណិប័តន៍​ព្រះ​កាយ​ផ្ទាល់​របស់​ព្រះ​អម្ចាស់​ដែរ។ ជាពិសេស ​ក្នុង​ពិធី​គោរពប្រណិប័តន៍ព្រះ​សហគមន៍​នៅ​តែ​យកអាហារ​ដែលផ្តល់ជីវិត ពី​តុ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ជាតុ​នៃ​ព្រះ​កាយ​ព្រះ​គ្រីស្តផងដែរ ទៅ​ជូន​គ្រីស្ត​បរិស័ទ​ជានិច្ច។ តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​បាន​ចាត់​ទុក ហើយ​នៅ​តែ​ចាត់​ទុកព្រះ​គម្ពីរ​ជា​ក្បួន​ដ៏ខ្ពង់ខ្ពស់តែ​មួយ​នៃ​ជំនឿរបស់​ខ្លួន រួម​ជា​មួយការ​បញ្ជូន​បន្តដ៏វិសុទ្ធផងដែរ។ ព្រះ​ជា​ម្ចាស់​បាន​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ​គម្ពីរ ដែល​បាន​កត់​ត្រាទុកសេចក្តី​ជា​លាយ​លក្ខណ៍​អក្សរ​ម្តង​ជា​ស្រេច។ ហេតុ​នេះហើយ បានជាព្រះ​គម្ពីរ​ចែង​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ផ្ទាល់ដោយ​មិន​ប្រែ​ប្រួល ហើយ​ធ្វើ​ឱ្យ​ព្រះ​សូរ​សៀង​របស់​ព្រះ​វិញ្ញាណ​លាន់​ឮ​ឡើង ដោយសារ​ពាក្យ​សម្តី​របស់​អស់លោកព្យាការី និងរបស់ក្រុម​គ្រីស្ត​ទូត។ ហេតុ​នេះ ធម្ម​ទេសនានៃព្រះសហគមន៍ និងគ្រីស្ត​សាសនា​ផ្ទាល់ត្រូវ​យក​ព្រះ​គម្ពីរធ្វើ​ជា​អាហារ និងជាក្បួនមា​ត្រា។ ក្នុងព្រះ​គម្ពីរ ព្រះ​បិតា​ដ៏ខ្ពង់ខ្ពស់​បំផុតយាង​មក​ជួប​បុត្រ​ធីតាដោយ​ព្រះហឫទ័យមេត្តា​ករុណា និង​យាង​មក​សន្ទនា​ជាមួយ​គេ។ ឫទ្ធានុ​ភាព​ និង​ព្រះចេស្តា​បង្កប់​ទុក​ក្នុង​ព្រះ​គម្ពីរ​យ៉ាង​ជ្រាលជ្រៅបំផុតរហូត​ដល់​ព្រះ​សហគមន៍អាចយកព្រះគម្ពីរធ្វើ​ជា​ទីពំ​នឹង​ដ៏​រឹង​មាំ និង​ធ្វើជា​កម្លាំងរបស់ខ្លួន ធ្វើជា​កម្លាំ​ងនៃ​ជំនឿ​របស់បុត្រធីតានៃព្រះសហគមន៍ ជា​អាហារ​ខាងវិញ្ញាណរបស់​គេ និងធ្វើជា​ប្រភព​ដ៏​ថ្លៃ​ថ្លា​ដែល​មិន​ចេះ​រីង​ស្ងួតនៃ​ជីវិត​តាម​វិញ្ញាណរបស់គេទៀត​ដែរ។ ​ហេតុ​នេះ​ហើយ​ បាន​ជាពាក្យ​ដែល​ចែង​ថា “ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់មាន​ជីវិត និងមានមហិទ្ធិឬទ្ធិ” (ហប ៤,១២) “ព្រះ​បន្ទូល​អាច​កសាង​ព្រះ​សហគមន៍ និង​ផ្តល់​ចំណែក​មត៌ករួម​ជា​មួយ​អស់អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រោស​ឱ្យ​បាន​វិសុទ្ធ” (កក ២០,៣២; ១ថស ២,១៣) ពិត​ជា​សំដៅ​ទៅ​លើ​ព្រះ​គម្ពីរ​ប្រាកដ​មែន។

២២- ត្រូវតែ​បក​ប្រែគម្ពីរតាមរបៀបផ្សេងៗជាចំាបាច់

ត្រូវ​ឱ្យ​គ្រីស្ត​បរិស័ទ​អាច​ឈាន​ទៅ​កាន់​ព្រះ​គម្ពីរ​យ៉ាង​ស្រួល​បំផុត។ ហេតុ​នេះ​ហើយ​ បាន​ជា​តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​បាន​ទទួល​គម្ពីរសម្ពន្ធមេត្រីចាស់​ដែលប្រែ​ជា​ភាសា​ក្រិក​ពី​បុរាណ​ហៅ​ថា “គម្ពីរចិតសិប” (LXX ) ទុក​ជាគម្ពីររបស់ខ្លួន។ ព្រះ​សហគមន៍​នៅ​តែ​គោរព​គម្ពីរដែលប្រែ​តាមរបៀបផ្សេងៗទៀត ជា​ភាសា​បូព៌ា ឬ​ជាភាសា​ឡា​តាំង ជាពិសេស គម្ពីរ​ប្រែ​ជា​ភាសា​ឡា​តាំង​ហៅ​ថា “របស់ប្រជាជនសាមញ្ញ​ទូទៅ” (Vulgate)។ ប៉ុន្តែ ត្រូវ​ធ្វើយ៉ាង​ណា​ឱ្យ​មនុស្ស​នៅ​គ្រប់​សម័យមានសមត្ថភាពអានព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់បាន។ ហេតុ​នេះ ព្រះ​សហគមន៍ជា​មាតា​ដែលតែងតែថែរក្សាកូន យក​ចិត្ត​ទុក​ដាក់​ឱ្យ​មានគេបក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេងៗ​យ៉ាង​សមរម្យ និង​ត្រឹម​ត្រូវដោយយកឯកសារដើមមកបកប្រែផង។ ប្រសិនបើមានតម្រូវការ បង​ប្អូន​គ្រីស្ត​បរិស័ទ​និកាយ​ផ្សេងៗ​សហ​ការ​បក​ប្រែ​គម្ពីរអន្តរនិកាយឱ្យគ្រីស្ត​បរិស័ទ​ទាំង​អស់​អាច​ប្រើ​បាន លុះ​ត្រា​តែ​អស់លោក​ជា​អ្នក​មាន​សមត្ថ​កិច្ច​ក្នុង​ព្រះ​សហ​គមន៍​អនុញ្ញាត។

២៣- ទេវ​វិទូ​កាតូលិក​មាន​ភារ​កិច្ច​ជា​គ្រីស្ត​ទូត

ព្រះសហគមន៍ជាព្រះ​មហេសី​នៃ​ព្រះ​បន្ទូល​ប្រសូត​ជា​មនុស្ស។ ព្រះវិញ្ញាណដ៏​វិសុទ្ធអប់រំ​ព្រះសហគមន៍ឱ្យ​ខិតខំស្វះ​ស្វែង​រក ឱ្យ​យល់​ព្រះ​គម្ពីរ​កាន់​តែ​ជ្រៅទៅៗជារៀង​រាល់​ថ្ងៃ ដើម្បី​ជូនព្រះ​បន្ទូលរបស់ព្រះជាម្ចាស់ជា​អាហារ​ដល់បុត្រធីតា​របស់ខ្លួន​ជា​និច្ច​និរន្តរ៍។ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ​សហគមន៍ក៏គាំ​ទ្រ​ការ​សិក្សាអំពីសេចក្តី​ប្រៀន​ប្រដៅ​របស់​គ្រូ​បា​ធ្យាយ​ដ៏វិសុទ្ធដែរ ទាំង​គ្រូ​បា​ធ្យាយ​នៅ​បូព៌ា​ប្រទេស ទាំង​គ្រូបា​ធ្យាយ​នៅ​បស្ចិម​ប្រទេស ព្រម​ទាំង​គាំ​ទ្រ​ការ​សិក្សា​ក្បួន​នៃ​ពិធី​គោរពប្រណិប័តន៍ទាំង​ឡាយ។ ត្រូវ​ឱ្យ​អ្នក​វិភាគ​គម្ពីរ និង​អស់​ទេវ​វិទូ​កាតូលិករួម​កម្លាំង​គ្នា ខិត​ខំ​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិតល្អ​ន់ ដោយប្រើ​គ្រប់វិធីស្របតាម​សេចក្តី​ត្រូវ​ការ និងក្រោម​ការ​ណែ​នាំ​របស់​អស់​លោក​មាន​បន្ទុក​បង្រៀនព្រះ​សហគមន៍ផង។ គេក៏ត្រូវយកចិត្តទុកដាក់បក​ស្រាយ​ព្រះ​គម្ពីរ ដើម្បី​ឱ្យ​អ្នក​បម្រើ​ព្រះ​បន្ទូល ភាគ​ច្រើនអាច​យក​ព្រះបន្ទូលធ្វើជាអាហារ​មក​ជូន​ជា​ប្រយោជន៍​ដល់​ប្រជា​រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ គឺ​ព្រះបន្ទូលដែល​បំភ្លឺ​ចិត្ត​គំនិតមនុស្ស ពង្រឹង​បំណង​ប្រាថ្នា និង​ធ្វើ​ឱ្យ​មនុស្ស​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​ស្មោះ។ មហាសន្និបាតដ៏វិសុទ្ធសូម​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំងដល់អស់​បុត្រ​ធីតា​នៃ​ព្រះ​សហគមន៍ ដែល​យក​ចិត្ត​ទុក​ដាក់​សិក្សា និង​ពិនិត្យ​ពិច័យព្រះ​គម្ពីរ សូមបន្ត​កិច្ចការ​ដែល​ខ្លួន​ចាប់​ផ្តើម​នោះរហូត​ដល់​ទី​បញ្ចប់ ដោយមានចិត្ត​អង់​អាច​ថ្មី​ជា​រៀង​រាល់​ថ្ងៃ និង​ចិត្ត​ក្លៀវ​ក្លា​យ៉ាងខ្លាំងស្រប​តាម​គោលគំនិត​នៃ​ព្រះ​សហគមន៍។

២៤- ព្រះ​គម្ពីរ និង​ទេវ​វិទ្យា

ទេវវិទ្យា​ដ៏វិសុទ្ធសម្អាង​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចែង​ជា​លាយ​លក្ខណ៍​អក្សរ ដែល​មិន​អាច​បំបែក​ពី​ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធបាន ទុកជា​សម្អាង​លើ​គ្រឹះ​ដែល​នៅ​ស្ថិត​ស្ថេរ​រហូត​មក។ ទេវ​វិទ្យា​ពង្រឹង​ខ្លួន​ឯងកាន់​តែ​ថ្មី​ឡើងៗក៏ដោយ​សារ​ព្រះ​គម្ពីរដែរ គឺនៅ​ពេលទេវវិទូ​ពិនិត្យ​ពិច័យ​នូវសេចក្តី​ពិត​ទាំង​មូល ដែលលាក់​ទុក​ក្នុង​គម្រោង​ដ៏អស្ចារ្យ​របស់​ព្រះ​គ្រីស្តដោយយកជំនឿធ្វើជាពន្លឺ។ ក្នុង​ព្រះ​គម្ពីរ​មាន​កត់​ត្រាទុក​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់។ ដោយ​ព្រះអង្គ​បាន​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ ព្រះ​គម្ពីរពិត​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អង្គមែន។ សូម​ចាត់​ទុកការ​សិក្សា​ព្រះគម្ពីរ​ជា​ដួង​ព្រ​លឹងនៃ​ទេវ​វិទ្យា។ សូម​ឱ្យ​អស់អ្នក​បម្រើ​ព្រះ​បន្ទូល គឺ​អ្នក​ធ្វើ​ពិធីអត្ថា​ធិប្បាយក្នុងឋានៈជាគង្វាល អ្នកអប់រំជំនឿ អ្នក​បង្រៀន​គ្រីស្ត​បរិស័ទ​គ្រប់​យ៉ាង ជាពិសេស អ្នក​ធ្វើ​ពិធីអត្ថា​ធិប្បាយ​ក្នុង​ពិធីគោរព​ប្រណិប័តន៍​នានា ជាកិច្ចដែលប្រសើរជាងគេ យក​ព្រះបន្ទូលដែលកត់ត្រាទុកក្នុងព្រះគម្ពីរធ្វើជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា និង​មាន​កម្លាំង​ដ៏វិសុទ្ធផង។

២៥- ការ​ផ្តាំ​ឱ្យ​អាន​ព្រះ​គម្ពីរ

ហេតុ​នេះ​ហើយ បាន​ជា​អស់​អ្នក​ដែល​បំពេញ​មុខងារ​មួយ​ក្នុង​ព្រះ​សហគមន៍ មាន​អស់បូជា​ចារ្យ​របស់​ព្រះ​គ្រីស្ត​ជា​ដើម ព្រម​ទាំង​អស់​លោកឧបដ្ឋាក និង​អ្នកអប់រំ​ជំនឿ​ដែល​ធ្លាប់​បម្រើ​ព្រះ​បន្ទូលយ៉ាងត្រឹមត្រូវ ត្រូវភ្ជាប់​ចិត្ត​នឹង​ព្រះ​គម្ពីរ​ព្យាយាម​អាន និង​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ជ្រាល​ជ្រៅ ស្វែង​រក​អត្ថន័យ​តាមព្រះ​វិញ្ញាណ ក្រែងលោ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា “អ្នក​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ តែបបូរមាត់ខាងក្រៅប៉ុណ្ណោះ តែ​មិន​ស្តាប់​ព្រះ​បន្ទូល​នេះ​ខាង​ក្នុង​ចិត្តគេ​ទេ“។ ផ្ទុយទៅវិញ អស់លោកមានភារកិច្ចចែករំលែកព្រះបន្ទូលជា​ទ្រព្យសម្បត្តិដ៏មាន​តម្លៃ​ហួស​កម្រិត​ ជាពិសេស នៅពេល​ធ្វើ​ពិធី​គោរពប្រណិប័តន៍នានា។ មហា​សន្និបាតដ៏វិសុទ្ធក្រើនរំឭក​ដាស់​តឿន​គ្រីស្ត​បរិស័ទទាំងអស់​យ៉ាង​ខ្លាំង​ជា​ទី​បំផុត ជា​ពិសេស បព្វ​ជិតបព្វជិតាឱ្យ​រៀន “ចំណេះ​ដ៏​វិសេស​វិសាល​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ត” (ភីល ៣,៨) ដោយ​អានព្រះ​គម្ពីរ​ជា​ញឹក ដ្បិត “អ្នក​ដែល​មិន​ស្គាល់​ព្រះ​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ​គ្រីស្ត​ដែរ“។ ទោះនៅពេល​ធ្វើ​ពិធី​បុណ្យនា​នា​ដែលជ្រួតជ្រាប ដោយ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ក្តី ទោះបីអាន​គម្ពីរ​ម្នាក់ឯងដោយគោរពប្រណិប័តន៍ក្តី ទោះ​គេ​រៀន​តាម​សាលា ឬតាម​របៀប​ផ្សេង​ក្តី ដូច​មាន​ចាត់​ចែង​នៅ​គ្រប់​កន្លែង​សព្វ​ថ្ងៃ សូមឱ្យពួកគេចូល​ចិត្ត​អាន​គម្ពីរ​ដោយ​ផ្ទាល់ដែរ។ សូម​ចាត់​ចែងការសិក្សាគួរឱ្យសរសើរនេះ ដូចមាន​ផ្សព្វផ្សាយសព្វថ្ងៃនៅគ្រប់កន្លែង តាម​សេចក្តី​អនុញ្ញាត​ និង​តាម​ការ​គាំ​ទ្រ​របស់​អស់​លោក​អភិបាលជាគង្វាល​ព្រះ​សហគមន៍។ សូម​ឱ្យ​អ្នក​សិក្សាទាំង​នោះនឹក​ចង​ចាំ​ជា​និច្ចថា ត្រូវ​អាន​ព្រះ​គម្ពីរ​ទាំងអធិដ្ឋាន​ផង ទើប​មនុស្ស ​និង​ព្រះ​ជា​ម្ចាស់​អាច​សន្ទនា​ជាមួយ​គ្នា​បាន ដ្បិត “ពេល​ណា​យើង​អធិដ្ឋាន ពេល​នោះ​យើងនិយាយ​ទូល​ព្រះ​អង្គ ហើយ​ពេលយើង​អាន​ព្រះ​បន្ទូល យើង​ស្តាប់​ព្រះ​អង្គ​វិញ“។

អស់​លោក​អភិបាល “ដែល​ទទួល​បញ្ញើនៃ​លទ្ធិ​មកពីក្រុម​គ្រីស្ត​ទូត ” មាន​ភារកិច្ចបង្រៀន​គ្រីស្ត​បរិស័ទ​ក្នុង​ភូមិ​ភាគរបស់​ខ្លួន​យ៉ាង​សម​គួរ ឱ្យ​គេចេះ​ប្រើ​កណ្ឌ​ព្រះ​គម្ពីរយ៉ាងត្រឹមត្រូវ ជាពិសេស​ គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី មាន​គម្ពីរ​ដំណឹងល្អ​ជា​ដើម។ សូម​ចាត់​ឱ្យ​មាន​គេ​បក​ប្រែ​គម្ពីរ​ទាំង​នោះ។ សូម​ដាក់​កំណត់អត្ថាធិប្បាយតាម​សេចក្តី​ត្រូវ​ការឱ្យ​បាន​គ្រប់​គ្រាន់ពិតប្រាកដមែន ដើម្បី​ឱ្យ​បុត្រ​ធីតា​នៃ​ព្រះ​សហ គមន៍មាន​លទ្ធភាព​អាន​ព្រះ​គម្ពីរ​ដោយ​មិន​ខ្លាច​វង្វេង និងទទួល​ផល​ប្រយោជន៍​បាន ព្រម​ទាំង​ឱ្យ​ព្រះ​បន្ទូល​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​គំនិត​របស់​គេ​ផង។

មិន​តែ​ប៉ុណ្ណោះ​សោត សូម​បោះ​ពុម្ព​គម្ពីរ​សម្រាប់​អ្នក​ដែល​មិន​កាន់​គ្រីស្ត​សាសនា​យើង​ទៀតផង ដោយ​ដាក់​កំណត់អត្ថាធិប្បាយតាមសេចក្តី​ត្រូវ​ការ ស្រប​តាម​សភាព​ការណ៍​របស់អ្នកអាន។ ទោះយ៉ាងណាក៏ដោយ សូម​អស់គង្វាលដែលមាន​ភារ​កិច្ច​ណែនាំ និងគ្រីស្ត​បរិស័ទទាំងឡាយ ទោះជាបព្វជិតបព្វជិតា ឬគ្រីស្តបរិស័ទ​ធម្មតា​ក៏ដោយ ត្រូវយកចិត្តទុកដាក់​ផ្សព្វ​ផ្សាយគម្ពីរដោយ​រិះ​គិត​ពិចារណាផង។

២៦- សេចក្តី​បញ្ចប់

ហេតុ​នេះ “សូម​ឱ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់បង្ហើយ​កិច្ចការ​របស់​ខ្លួន និង​បាន​រុង​រឿង” (២ថស ៣,១) ដោយ​គេអាន និង​សិក្សា​ព្រះ​គម្ពីរ។ សូម​ឱ្យ​កំណប់​ដ៏​ថ្លៃ​ថ្លា​នៃសេចក្តីដែល​ព្រះជាម្ចាស់បានសម្តែងមក និងផ្ញើ​ឱ្យ​ព្រះ​សហគមន៍​នោះបំពេញ​បំណងចិត្ត​របស់​មនុស្ស​ឱ្យ​កាន់​តែ​ច្រើន​ឡើងៗ។ ព្រះ​សហគមន៍​ទទួល​ជីវិត​កាន់​តែ​ច្រើន​ឡើងៗដោយព្យាយាមថ្វាយអភិបូជា​យ៉ាង​ណា យើង​សង្ឃឹម​ថា គ្រីស្ត​បរិស័ទ​ក៏​នឹងមានជីវិត​តាមវិញ្ញាណ​ចម្រើន​ឡើង​ជាថ្មី ដោយ​ព្យា​យាម​គោរព​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​យ៉ាង​នោះ​ដែរ ព្រោះ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ “ស្ថិត​នៅ​អស់​កល្បជា​និច្ច” (តាម អស ៤០,៨; ១​សល ១,២៣-២៥)។

អស់​លោក​អភិបាល​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ធម្មនុញ្ញគោលលទ្ធិទាំង​មូលខាងលើ​នេះ ព្រម​ទាំង​គោល​ការណ៍​នីមួយៗ​នៃធម្មនុញ្ញនេះ​ផងដែរ។ រីឯ​យើង​វិញ គឺ​ស្រប​តាម​អំណាចជា​គ្រីស្ត​ទូត​ដែល​ព្រះ​គ្រីស្ត​បាន​ប្រ​គល់ឱ្យ រួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​ចូល​រួម​ជា​មួយ​ផង យើង​ក៏​យល់​ព្រម​ ហើយសម្រេចចេញ​ជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ​ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ចនិរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម ព្រះ​វិហារ​សន្តសិលា ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៥
ខ្ញុំប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា របស់​លោក​អភិបាល)

670 Views

Theme: Overlay by Kaira