វីដេអូក្នុងគម្ពីរសម្ពន្ធមេត្រីចាស់
វីដេអូអំពីព្រះជន្មព្រះយេស៊ូ
វីដេអូអំពីព្រះសហគមន៍ និងអគ្គសញ្ញា
វីដេអូក្នុងរដូវពិធីបុណ្យ

រឿងលោកអប្រាហាំ-លោកយ៉ូសែប
Abraham – Joseph

៧. ព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាហាំ

៧. ព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាហាំ (កណ ១២,១-៧; ១៥,១-៦; ១៦,១; ១៧,២-៦.៨)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្តាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក។ យើង​នឹង​ឱ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឱ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។ យើង​នឹង​ឱ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ​ណាដែល​ឱ្យ​ពរ​អ្នកយើង​ក៏​នឹង​ដាក់​បណ្ដាសា​ដល់​ជន​ទាំង‌ឡាយ​ណាដែល​ដាក់​បណ្ដាសា​អ្នក​ដែរក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែន‌ដីនឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក»។

នៅ​ពេល​លោក​អប្រាម​ចាក​ចេញ​ពី​ស្រុក​ហារ៉ន​ទៅ​នោះ លោក​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ លោក​បាន​នាំ​លោក​ស្រី​សារ៉ាយ​ជា​ភរិយា និង​លោក​ឡុត​ជា​ក្មួយ ទៅ​ជា​មួយ។ លោក​ក៏​យក​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​លោក​ទិញ​បាន នៅ​ស្រុក​ហារ៉ន​ទៅ​ជា​មួយ​ដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ ព្រះ‌អម្ចាស់​បាន​យាង​មក​ឱ្យ​លោក​អប្រាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ឱ្យ​ពូជ‌ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អប្រាម​បាន​សង់​អាសនៈ​មួយ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដែល​បាន​យាង​មក​ឱ្យ​លោក​ឃើញ។ ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក លោក​អប្រាម​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អប្រាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការ‌ពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។

លោក​អប្រាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​ប្រទាន​អ្វី​មក​ទូល‌បង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូល‌បង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ ព្រះ‌អង្គ​ពុំ​បាន​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូល‌បង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូល‌បង្គំ»។  ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។  លោក​អប្រាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះ‌អង្គ​ប្រោស​លោក​ឱ្យ​សុចរិត*។

លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អប្រាម ពុំ​បាន​បង្កើត​កូន​ជូន​លោក​ទេ។ គាត់​មានស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​នាង​ហាការ។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាមថា «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​ឱ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ជា​អនេក»។ លោក​អប្រាម​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀតថា៖  «យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​ដូច​ត​ទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន  គេ​លែង​ហៅ​អ្នក​ថា​“អប្រាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រា‌ហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឱ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឱ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។

៨. លោកអប្រាហាំទទួលភ្ញៀវបីនាក់

៨. លោកអប្រាហាំទទួលភ្ញៀវបីនាក់ (កណ ១៨,១-១៦)

ព្រះ‌អម្ចាស់​បាន​យាង​មក​ឱ្យ​លោក​អប្រា‌ហាំ​ឃើញ នៅ​ដើម​ជ្រៃមួយ។ ពេល​នោះ ថ្ងៃ​ពេញ​កម្ដៅ​ហើយ លោក​អប្រា‌ហាំ​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​លោក លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ភ្លាមនោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួបបុរសបីនាក់នោះ ក្រាប​ដល់​ដី ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ប្របាទ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ សូម​ឱ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ  ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​មួយ​ដុំ​មក​ជូន​លោក​ពិសា ដើម្បី​ឱ្យ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។លោក​អប្រា‌ហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀប‌ចំ​ធ្វើ​នំ​ឱ្យ​បាន​រួស‌រាន់​ទៅ»។ បន្ទាប់​មក លោក​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​ឱ្យ​ក្មេង​បម្រើ​ម្នាក់​យក​ទៅ​សម្លាប់ ធ្វើ​ម្ហូប​ជា​បន្ទាន់។ លោក​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ​ដែល​គេ​បាន​រៀប‌ចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​លោក​ផ្ទាល់​ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​លោក​ថា៖ «នាង​សារ៉ា​ភរិយា​របស់​លោក​នៅ​ឯ​ណា?»។ លោក​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរុំ​​ឯ‌ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្តាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។ លោក​អប្រា‌ហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តម្រេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រា‌ហាំ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?” តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ព្រះ‌អម្ចាស់​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

៩. លោអប្រាហាំថ្វាយកូន

៩. លោអប្រាហាំថ្វាយកូន (កណ ២២,១-១៣.១៥.១៧)

បន្ទាប់ពីអ៊ីសាកកើតយូរបន្តិចក្រោយមក ព្រះ‌ជាម្ចាស់​ក៏​ល្បង‌ល​មើល​ចិត្ត​របស់​លោក​អប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អប្រា‌ហាំ!»។

លោកអប្រាហាំ៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់»។

ព្រះ‌ជាម្ចាស់៖ «ចូរ​យក​អ៊ីសាក​ កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។

លោក​អប្រា‌ហាំ​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសាក​ជា​កូន​មក​ជា​មួយ។ លោក​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​តង្វាយ​ដែរ រួច​ហើយ​លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រាប់​លោក។ លុះ​ដល់​ថ្ងៃ​ទី​បី លោក​អប្រា‌ហាំ​ងើប​មុខ​ឡើងឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។  លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។

លោក​អប្រា‌ហាំ​យក​អុស​សម្រាប់​ធ្វើ​យញ្ញ‌បូជា​មក​ឱ្យ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក ទាំង​កូន ដើរ​ទៅ​ជា​មួយ​គ្នា។ ពេល​នោះ អ៊ីសាក​ហៅ​លោក​អប្រា‌ហាំ​ជា​ឪពុក​ថា៖ «ពុក!»។

អប្រាហាំ៖ «មាន​ការ​អី​កូន!»។

អ៊ីសាក៖ «យើង​មាន​ភ្លើង មាន​អុស​ហើយ ចុះ​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ឯ​ណា?»។

អាប្រាហាំ៖ «កូន​អើយ ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ផ្គត់‌ផ្គង់​ចៀម​សម្រាប់ធ្វើ​យញ្ញ‌បូជា»។

បន្ទាប់​មក ទាំង​ឪពុក ទាំង​កូន ក៏​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា។  លុះ​មក​ដល់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ប្រាប់ លោក​អប្រា‌ហាំ​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​លោក​ចង​អ៊ីសាកជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស​នៅ​លើ​អាសនៈ​នោះ។ បន្ទាប់​មក លោក​អប្រា‌ហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារក​កូន​ធ្វើ​យញ្ញ‌បូជា។

ពេល​នោះ ស្រាប់​តែ​ទេវទូត​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អប្រា‌ហាំ អប្រា‌ហាំ​អើយ!»។

អប្រាហាំ៖ «ក្រាប​ទូល!»។

​ទេវទូត៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឱ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ​មក​យើង​ឡើយ»។

លោក​អប្រា‌ហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រា‌ហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញ‌បូជា​ជំនួស​កូន​ប្រុស​របស់​លោក។ ទេវទូត​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រា‌ហាំ​ពី​លើ​មេឃ​ម្តង​ទៀត​ថា យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឱ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

១០. លោកយ៉ាកុបសុបិននិមិត្ត

១០. លោកយ៉ាកុបសុបិននិមិត្ត (កណ ២៨,១-២២)

លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ហារ៉ន ជាស្រុកដែលលោកត្រូវរៀបការ។ ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សម្រាន្ត​លក់​នៅ​ទី​នោះ​ទៅ។ លោក​សុបិន​ឃើញ​មាន​ជណ្ដើរ​មួយ​បញ្ឈរ​លើ​ផែន‌ដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ទេវទូត*​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្ដើរ​នោះ។ ពេល​នោះ ព្រះ‌អម្ចាស់​គង់​នៅ​ក្បែរ​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អប្រា‌ហាំ ជីតា​អ្នក ហើយ​ក៏​ជា​ព្រះ​របស់​អ៊ីសាក​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី​ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​បាន​ទទួល​ពរ ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ‌រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។

លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។ លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឱ្យ​ស្ញែង​ខ្លាច​ណាស់! គឺ​ពិត​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ទ្វារ​នៃ​ស្ថាន​បរម‌សុខ!»។ លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ។  លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល»។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។  លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែ‌រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក‌បំពាក់ ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទុក​ជា​ព្រះ​របស់​ខ្ញុំ​មែន។ ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់!

១១. កូនលោកយ៉ាកុបទាំង១២នាក់

១១. កូនលោកយ៉ាកុបទាំង១២នាក់ (កណ ៣៧, ១-១១)

លោកយ៉ាកុបមានកូន១២នាក់។ លោក​យ៉ាកុប​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ លោក​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឱ្យ​យ៉ូសែប​ពាក់។ ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​ឡើយ។

យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។ គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្តាប់​សុបិន​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទៀត​ផង»។ បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។

ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្តង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្តង​ទៀត​ដូច​ត​ទៅ គឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ»។  គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្តាយ បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។ បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យ៉ូសែប​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។

១២. យ៉ូសែបនៅក្នុងអណ្តូង

១២. យ៉ូសែបនៅក្នុងអណ្តូង (កណ ៣៧,១២-៣៦)

នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​បាន​នាំ​គ្នា​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក នៅ​ស៊ីគែម។  លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ លោក​យ៉ាកុប​ក៏​ចាត់​យ៉ូសែប ពី​ជ្រលង​ភ្នំ​ហេប្រូន​ឱ្យ​ទៅ​ស៊ីគែម។​ យ៉ូសែប​ក៏​តាម​រក​បងៗ។

កាល​គេ​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ! យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្ដូង​ណា​មួយ រួច​ពោល​ថា​មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា សុបិន​របស់​វា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។ ពេល​លោក​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យ៉ូសែប​ឱ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី។ កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្ដូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។

ពេល​យ៉ូសែប​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។ គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្ដូង។ អណ្ដូង​នោះ​រីង គ្មាន​ទឹក​ទេ។ បន្ទាប់​មក គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន​ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម​ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស យក​ទៅ​ស្រុក​អេស៊ីប។ លោក​យូដា​ពោល​ទៅ​កាន់​បង‌ប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។  មក៍ យើង​លក់​វា​ឱ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្តាប់​តាម​ពាក្យ​គាត់។ បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌីយ៉ាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​ឱ្យ​ជន​ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន​ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។ បន្ទាប់មក ពួកបងៗ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យ៉ូសែប​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។ បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ​ទៅ​ឪពុក ទាំង​ផ្តាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។ លោក​យ៉ាកុប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។ កូន​ចៅ​របស់​លោក​យ៉ាកុបទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឱ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។ រីឯ​យ៉ូសែប​វិញ ជន​ជាតិ​ម៉ាឌីយ៉ាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឱ្យ​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្តេច។

១៣. លោកយ៉ូសែបនៅប្រទេសអេស៊ីប

១៣. លោកយ៉ូសែបនៅប្រទេសអេស៊ីប (កណ ៤០-៤១)

នៅប្រទេសអេស៊ីប លោកយ៉ូសែបបានរង់ការចោទប្រកាន់យ៉ាងអយុត្តិធម៌។ គេឃុំឃាំងលោក រួមជាមួយ​មន្ត្រី​ពីរ​រូបទៀតរបស់ស្តេចផារ៉ោន។ ព្រឹកមួយ លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូត‌ស្រងាត់  លោក​ក៏សួរទៅគេ​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្តេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។ គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។ លោកយ៉ូសែបពន្យល់ពួកគេអំពីអត្ថន័យនៃសុបិនរបស់ពួកគេ។ ហើយអ្វីៗដែលគាត់បានប្រាប់ពួកគេពិតជាកើតឡើងដូច្នេះមែន។

ពីរ​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ផារ៉ោន​មាន​សុបិន​មួយ​ដែល​គ្មាន​នរណា​អាច​បកស្រាយ​បាន។ មន្ត្រីម្នាក់ក្នុងចំណោមពីរនាក់ដែលបានជាប់ឃុំឃាំងជាមួយលោកយ៉ូសែបបាននឹកឃើញដល់លោក ហើយបានទូលដល់ស្តេច ស្តេចក៏បានបញ្ជារគេឱ្យហៅយ៉ូសែបមកឱ្យចូលគាល់ព្រះអង្គ។ ពេល​នោះ ព្រះ‌ចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។ ពេល​នោះ មាន​គោ​ញី​ធាត់ៗ​ល្អ​ប្រាំ​ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។ គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។ ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ បន្ទាប់​មក យើង​យល់​សុបិន​ម្តង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ ហើយ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឱ្យ​យើង​បាន​ឡើយ»។

លោក​យ៉ូសែប​ទូល​ព្រះ‌ចៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឱ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​កិច្ច‌ការ ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។ គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ​ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ៖ គឺ​ក្នុង​អំឡុង​ប្រាំ​ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល​នឹង​មាន​ភោគ‌ផល​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ ប្រាំ​ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​កើត​ទុរ្ភិក្ស។​

ឥឡូវ​នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​តែង‌តាំង​គាត់​ឱ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប។ សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឱ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។ មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ‌ប្រមូល​ស្បៀង​អាហារ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​សម្បូណ៌​ហូរ‌ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះ‌រាជ‌បញ្ជា​របស់​ព្រះ‌ករុណា​ផ្ទាល់។ ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឱ្យ​ប្រជាជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។ ព្រះ‌ចៅ​ផារ៉ោន​សព្វ​ព្រះ‌ហប្ញទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះ‌ចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។ យើង​សុំ​តែង‌តាំង​លោក​ឱ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។ ពេល​នោះ ព្រះ‌ចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះ‌អង្គ ពាក់​ឱ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឱ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឱ្យ​លោក​ថែម​ទៀត​ផង។

១៤. លោកយ៉ូសែបជួបជុំគ្រួសារ

១៤. លោកយ៉ូសែបជួបជុំគ្រួសារ (កណ ៤២-៤៦)

នៅស្រុកអេស៊ីប បានកើតមានហេតុការណ៍តាមសុបិន្តរបស់ស្តេចផារ៉ោន ដូចលោកយ៉ូសែបបានទស្សទាយទុកមែន។ ក្រោយកើតមានគ្រោះ​ទុរ្ភិក្ស​៧ឆ្នាំជាប់គ្នាៗមក នាំឱ្យកើតមានការអត់ឃ្លាន តាមស្រុកនានា។ ប៉ុន្តែ​នៅ​ក្នុង​ស្រុក​អេស៊ីបឯណោះវិញ​ មានស្បៀងបរិភោគយ៉ាងបរិបូរណ៍ ​ដោយសារយ៉ូសែបបានរៀបចំបម្រុងទុក។ នៅស្រុកកាណាន ជាកន្លែងដែលគ្រួសាររបស់យ៉ូសែបរស់នៅ ក៏​កើតមាន​ទុរ្ភិក្ស​យ៉ាងខ្លាំងដែរ។ លោកយ៉ាកុប​ជា​ឪពុក ដោយ​ឮ​ថា​មាន​ស្រូវអង្ករបរិបូណ៍​នៅ​ស្រុក​អេស៊ីប ក៏​ចាត់​កូន​ៗរបស់លោកឱ្យទៅ​ទី​នោះ។ លោកទុក​បេនយ៉ាមីន​ជា​មួយ​គាត់ ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា។

ពេលទៅដល់ស្រុកអេស៊ីប បងៗ​របស់​លោក​យ៉ូសែបនាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​លោក ឱន​មុខ​ចុះ​ដល់​ដី។ កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​ឱ្យ​គេ​ស្គាល់​វិញ​ទេ។ លោក​ថែមទាំងមាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។ ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។ យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ទាំង​អស់​ដប់‌ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ចូរ​យក​ស្បៀងអាហារ​ត្រឡប់​ទៅ​ស្រុកដែលកំពុង ស្រេក​ឃ្លាន​របស់ឯងសិនចុះ ប៉ុន្តែ​ត្រូវនាំយក​បេនយ៉ាមីន​មក​ឱ្យខ្ញុំ​។

ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ យើងនឹងទុកបងប្អូនឯងម្នាក់ឱ្យនៅទីនេះ ដើម្បីធ្វើជាចំណាត់ខ្មាំង។

គេ​ក៏​យល់​ស្រប​ធ្វើ​តាមសំណើររបស់លោកយ៉ូសែប ដោយនឹកឃើញអំពីហេតុ​ការណ៍ដែលគេធ្វើចំពោះលោកពីមុននោះផងដែរ។

លោក​យ៉ូសែប​បញ្ជា​អ្នក​បម្រើ​ឱ្យ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឱ្យ​ស្បៀង​សម្រាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។

ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុបជា​ឪពុកនៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។

ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។ កាល​បរិភោគ​ស្បៀងដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ កូនៗរបស់លោកយ៉ាកុបត្រូវត្រឡប់ទៅអេស៊ីបវិញដើម្បីរកស្បៀងអាហារបន្ថែម។ លោកយ៉ាកុបបានយល់ព្រមឱ្យបងៗយកបេនយ៉ាម៉ីនទៅជាមួយ។ លោកយ៉ូសែប​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ពេល​គាត់​ឃើញ​បេនយ៉ាមីន​មក​ដល់​ស្រុក​អេស៊ីប។ លោកអញ្ជើញពួកគេទាំងអស់ទៅផ្ទះរបស់លោកដើម្បីបរិភោគ។

បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​អ្នកបម្រើ ​ យក​ពែង​ប្រាក់​របស់​លោកទៅ​ក្នុង​បាវ​របស់បេនយ៉ាមីន រួម​ទាំង​ប្រាក់​ទិញ​ស្រូវ​នោះ​ផងដែរ។ អ្នកបម្រើនោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បង្គាប់។ លុះ​ភ្លឺ​ឡើង គេ​អនុញ្ញាត​ឱ្យ​កូនៗ​របស់​លោក​យ៉ាកុប​ដឹក​លា​ចាក​ចេញ​ទៅតាំង​ពី​ព្រលឹម។ ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទី‌ក្រុង​ទៅ​បាន​បន្តិច លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើលោក ឱ្យដេញ​តាមពីក្រោយពួកគេ ដោយចោទថាពួកគេបានលួចពែងប្រាក់របស់លោក។

អ្នកបម្រើរបស់​លោក​យ៉ូសែប  បាន​ឆែក‌ឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេនយ៉ា‌មីន។

លោក​យូដា និង​បង‌ប្អូន​របស់​គាត់ បានត្រឡប់ទៅ​​ផ្ទះ​របស់​លោក​យ៉ូសែបវិញ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា «ឃើញទេ ពែងប្រាក់របស់ខ្ញុំគឺនៅក្នុងបាវរបស់បេនយ៉ាមីន! "សូមទុកគាត់ឱ្យនៅធ្វើជាទាសកររបស់ខ្ញុំនៅទីនេះ ក្រៅពីនេះ សូមនាំគ្នាត្រឡប់ទៅស្រុកវិញចុះ។”​​

លោកយ៉ូដាដែលជាបងមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «​សូមលោក​ម្ចាស់​មេត្តាផង ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញមុខ​បេនយ៉ាមីន​។ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូនផង។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឱ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។ បន្ទាប់មក ដោយ​លោក​យ៉ូសែប​ពុំ​អាច​ទប់​ចិត្តបាន លោក​ចាប់​ផ្ដើម​យំ៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឱ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។ ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្តាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឱ្យ​មក​ទី​នេះ​មុន ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​បងៗ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​ឱ្យ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។

លោកយ៉ាកុប​បាន​​ចេញ​ដំណើរ​ទៅស្រុកអេស៊ីប ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ នៅតាមផ្លូវ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​លោកយ៉ាកុប ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ! យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​ឱ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ។ យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។

1,730 Views

Theme: Overlay by Kaira