អាទិត្យទី០៣ នៃបុណ្យចម្លង
ថ្ងៃចន្ទ
ពណ៌ស
បុណ្យរម្លឹក

សន្តអាថាណាស ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកអាថាណាស (២៩៥-៣៧៥) កើតនៅក្រុងអាឡិចសង់ឌ្រី។ កាលលោកនៅពីក្មេង ព្រះចៅឌីយ៉ូក្លេស៊ីយ៉ាំង បៀតបៀនធ្វើទុក្ខបុកម្នេញព្រះសហគមន៍។ កាលអាយុប្រហែល ៣០ឆ្នាំ លោកមានមុខងារជាស្មៀនរបស់លោកអភិបាលក្រុងអលិចសង់ឌ្រី​។​ ពេលនោះ បូជាចារ្យម្នាក់ឈ្មោះ អរីយូ៉ស តែងប្រៀនប្រដៅថា ព្រះយេស៊ូគ្រាន់តែជាមនុស្សប៉ុណ្ណោះ ពុំមែនជាព្រះជាម្ចាស់ទេ។ នៅឆ្នាំ ៣២៥ អភិបាលព្រះសហគមន៍ទាំងអស់ ជួបជុំគ្នាជាមហាសន្និបាតសកលនៅក្រុងនីសេ ដើម្បីជំទាស់នឹងសេចក្តីប្រៀនប្រដៅរបស់លោក អរីយូ៉សនោះ។ លោកអាថាណាសទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអេឡិចសង់ឌ្រីនៅឆ្នាំ ៣២៨។ គ្រីស្តបរិស័ទដែលកាន់តាមលោកអរីយូ៉សជំទាស់នឹងលោកអថាណាសអស់រយៈពេល ៤៥ឆ្នាំ រហូតទៅប្តឹងព្រះចៅអធិរាជ ដែលទ្រង់និរទេសលោកប្រាំដង។ ទោះបីគេធ្វើបាបលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាសជំនឿដ៏ពិតប្រាកដអំពីព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយដែលកើតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ លោកយកចិត្តទុកដាក់នឹងការរស់នៅជាបព្វជិត និងជាឥសី ហើយបានសរសេរជីវប្រវត្តិរបស់សន្តអន់ទន ជាមិត្តសម្លាញ់របស់លោក។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៦,៨-១៥

ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកស្ទេផានណាស់ ហើយព្រះអង្គ​ប្រទាន​ឫទ្ធានុភាពឱ្យលោក​សម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗ ក្នុងចំណោម​ប្រជាជន។ មានអ្នកខ្លះជាសមាជិក​ធម្មសាលា​ដែលគេ​ហៅថា​ “ធម្ម​សា​លា​ពួកអ្នកងារមានសេរីភាព” និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុក​អាឡិច​សង់ឌ្រី​ និងអ្នក​ខ្លះ​ទៀត​ពីចំ​ណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ី នាំគ្នា​ជជែកជាមួយលោកស្ទេផាន ប៉ុន្តែគេពុំអាចជជែកឈ្នះលោក​ស្ទេ​ផាន​ឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញា មកពីព្រះវិញ្ញាណ។ ដូច្នេះ អ្នកទាំងនោះនាំគ្នាសូកមនុស្សខ្លះឱ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះពោល​ពាក្យប្រមាថលោកម៉ូសេ និងប្រ​មាថ​ព្រះជាម្ចាស់»។ គេបានបំបះបំបោរប្រជា​ជន បំបះបំបោរពួកព្រឹទ្ធាចារ្យ និងពួកធម្មាចារ្យ រួចមក​ចាប់​​លោកស្ទេ​ផា​ន​​បញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់។ គេនាំសាក្សីក្លែងក្លាយ​មកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះ​វិហារ ប្រឆាំងនឹងធម្មវិន័យ​ឥតឈប់​ឈរសោះ។​ យើងខ្ញុំបានឮគា​ត់និយាយថា ឈ្មោះ​យេស៊ូ​​ជាអ្នក​ស្រុកណា​សា​រ៉ែតនោះ នឹងរុះព្រះវិហារចោល ព្រមទាំងប្តូរប្រពៃណីដែលលោកម៉ូសេបាន​ទុកឱ្យយើងខ្ញុំថែមទៀតផង»។ អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់​លោក​មាន​​ទ្រង់ទ្រាយដូចមុខរបស់ទេវទូត។

ទំនុកតម្កើងលេខ ១១៩ (១១៨), ២៣-២៤.២៦-២៧.២៩-៣០ បទពាក្យ ៧

២៣ទោះមេដឹកនាំខំប្រឆាំងពុះពាររារាំងខ្ញុំក៏ដោយ
ខ្ញុំនៅសញ្ចឹងមិនកន្តើយក្រឹត្យព្រះអង្គហើយជាប់ជានិច្ច
២៤ខ្ញុំពេញចិត្តនឹងដំបូន្មានឥតមានស្រាកស្រាន្តឥតកែគេច
ដំបូន្មានទ្រង់ចាំងរំលេចនាំផ្លូវជីវិតខ្ញុំសុខសាន្ត
២៦ខ្ញុំបានរៀបរាប់ពីជីវិតដំណើររឿងពិតគ្រប់ប្រការ
ទ្រង់សណ្តាប់ហើយសូមមេត្តាឱ្យខ្ញុំនេះណាស្គាល់វិន័យ
២៧ទាំងប្រោសប្រទានឱ្យខ្ញុំយល់សព្វទាំងឫសគល់នូវអត្ថន័យ
បញ្ជាព្រះអង្គខ្ញុំរំពៃការអស្ចារ្យក្រៃទ្រង់ទាំងអស់
២៩សូមឱ្យខ្ញុំចៀសចាកចេញផុតឆ្ងាយពីពាក្យភូតភរឫស្យា
សូមជួយបង្ហាញក្តីករុណាវិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់
៣០ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ទៅលើព្រះអង្គឥតមានខ្វល់
ជឿដោយចិត្តស្មោះឥតសេសសល់តាមបង្គំគាល់ព្រះបញ្ជា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ១៤,១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់! ព្រះរាជ្យអាស្រ័យនៅលើសេចក្តីសុចរិត
សេចក្តីសុខសាន្ត និងអំណរ ដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,២២-២៩

ព្រះយេស៊ូបានឆ្លងសមុទ្រកាលីឡេ ទាំងយាងលើទឹក។ ថ្ងៃបន្ទាប់មកទៀត បណ្តាជនដែល​នៅត្រើយ​ខាង​នាយ​សមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថា ព្រះយេស៊ូ​ពុំបាន​យាង​ចុះទូក​ជាមួយ​ក្រុម​សាវ័ក​ទេ គឺមានតែក្រុមសាវ័កប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ប៉ុន្តែមាន​ទូក​ឯទៀតៗមកពីភូមិទីបេរីយ៉ាដចតនៅជិតកន្លែងដែលគេបានបរិភោគនំប័ុង ក្រោយ​ពីព្រះអម្ចាស់បានអរព្រះគុណ។ កាលបណ្តាជន​ពុំឃើញ​ព្រះយេស៊ូ​ និង​ក្រុមសាវ័កនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះ ឆ្លងទៅភូមិកា​ផានុម តាមរកព្រះអង្គ។ បណ្តាជនបានជួបព្រះអង្គនៅត្រើយម្ខាង។ គេទូលសួរ​ព្រះ​អង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះ​បន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នក​រាល់​គ្នា​ឱ្យដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់​គ្នា​បាន​បរិភោគ​អាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការដើម្បីឱ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឱ្យបាន​អា​ហារដែលស្ថិតស្ថេរនៅ និង​ផ្តល់​ជីវិតអស់​កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឱ្យអ្នករាល់គ្នា ដ្បិត​បុត្រ​មនុស្សនេះហើយដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គ​ថា៖ «តើឱ្យ​យើង​ខ្ញុំប្រព្រឹត្តដូចម្តេច ដើម្បីនឹងធ្វើកិច្ច​ការទាំងប៉ុន្មានរបស់ព្រះជាម្ចាស់?» ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា​៖ ​«កិច្ច​ការ​របស់​ព្រះជាម្ចាស់ គឺឱ្យអ្នករាល់គ្នាជឿលើអ្នកដែលព្រះអង្គបាន​ចាត់​ឱ្យ​មក»។

206 Views

Theme: Overlay by Kaira