វីដេអូក្នុងគម្ពីរសម្ពន្ធមេត្រីចាស់
វីដេអូអំពីព្រះជន្មព្រះយេស៊ូ
វីដេអូអំពីព្រះសហគមន៍ និងអគ្គសញ្ញា
វីដេអូក្នុងរដូវពិធីបុណ្យ

កំណើតពិភពលោក-លោកណូអេ
Genesis – Noah

១. ការបង្តើតពិភពលោក

១. ការបង្តើតពិភពលោក (កណ ១,១-២,៦)

កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។

នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង‌មាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ហៅ​លំហ​ដ៏​រឹង‌មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឱ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឱ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះ‌អង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែន‌ដី​តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។​ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស សម្រាប់​បំភ្លឺ​ផែន‌ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​បាន​បង្កើតព្រះអាទិត្យដើម្បីបំភ្លឺ​នៅ​ពេល​ថ្ងៃ និងព្រះចន្ទដើម្បីបំភ្លឺ​នៅ​ពេល​យប់។ ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង‌ឡាយដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​រស់‌រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា‌បក្សី​ហើរ​ពី​លើ​ផែន‌ដី នៅ​ក្នុង​លំហ​អាកាស»។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឱ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស‌ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឱ្យ​បក្សា‌បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែន‌ដី​ដែរ»។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​ឱ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ លើ​សត្វ​ស្រុក និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​គេ​ឱ្យ​មាន​លក្ខណៈ ដូច​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។

ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឱ្យ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឱ្យ​បាន​កើន​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែន‌ដី ហើយ​ត្រួត‌ត្រា​ផែន‌ដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន ដែល​លូន​វារ​នៅ​លើ​ដី»។

ព្រះ‌ជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ព្រះ‌អង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែន‌ដី​ចប់​សព្វ​គ្រប់​ហើយ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​ក៏​ឈប់​សម្រាក។ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​ថ្ងៃ​ទី​ប្រាំ​ពីរ។​

២. លោកអាដាំ និងនាងអេវ៉ា

២. លោកអាដាំ និងនាងអេវ៉ា (កណ ២,៧-៩.១៥.១៨-២៤)

ព្រះជាអម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។ ពេលនោះពុំទាន់មានគុម្ពោតព្រៃ ឬស្មៅនៅឡើយទេ ត្បិត​ព្រះ​ជាម្ចាស់មិន​ទាន់​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់។ ហើយក៏ពុំទាន់មានមនុស្សធ្វើការនៅលើដីដែរ។ ពេលនោះព្រះ‌ជា‌អម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស គឺលោកអាដាំ រួច​ព្រះ‌អង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះគាត់​ គាត់ក៏​មាន​ជីវិត​រស់​ឡើង។

ព្រះ‌ជា‌អម្ចាស់​បាន​បង្កើតសួន​​អេដែន ដោយព្រះអង្គបាន​ធ្វើ​ឱ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឱ្យ​ទាក់‌ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្តល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឱ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ដែរ។ ហើយមានទន្លេ​ខ្វាត់ខ្វែង​ដើម្បី​​ស្រោចស្រពលើ​សួនច្បារដែរ។

ព្រះ‌ជា‌អម្ចាស់​បាន​យក​លោកអាដាំ​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឱ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ស្រួល​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឱ្យ​ជួយ និង​បាន​ជា​គ្នា។»  ព្រះ‌ជា‌អម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា‌បក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះ‌អង្គ​នាំ​ឱ្យ​អាដាំ​ដាក់​ឈ្មោះ​ឱ្យ​វា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​ឱ្យ។ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។ ដូច្នេះ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឱ្យ​អាដាំ​ដេក​លង់‌លក់​បាត់​ស្មារតី។ ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។ ព្រះ‌ជា‌អម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ព្រះ‌អង្គ​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ព្រះ‌អង្គ​នាំ​នាង​មក​ជួប​គាត់។ បុរស​ក៏​ពោល​ឡើង​ថា៖

«លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ
ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញត្រូវ​ហៅ​នាង​ថា
“ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។

ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។

៣. មនុស្សចាញ់ការល្បួង

៣. មនុស្សចាញ់ការល្បួង (កណ ៣,១-១២.១៧-២៤)

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់ ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។  ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។  ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។

ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឱ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឱ្យ​ប្តី​ដែល​នៅ​ជា​មួយ ហើយ​ប្តី​ក៏​បរិភោគ​ដែរ។ ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទ‌បាំង​កាយ។

អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជា‌អម្ចាស់ ដែល​យាង​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឱ្យ​ព្រះ‌ជា‌អម្ចាស់​ទត​ឃើញ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?»  គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ទូល‌បង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូល‌បង្គំ​ភ័យ​ណាស់ ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ពួន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឱ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​ប្រទាន​ឱ្យ​មក​នៅ​ជា​មួយ​ទូល‌បង្គំ​នោះ បាន​ឱ្យ​ផ្លែ​ឈើ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​ទទួល​ទាន​ដែរ»។ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ ម្តេចក៏នាងធ្វើដូច្នេះ? ស្ត្រីឆ្លើយថា៖ ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំច្បាស់ក៏ទទួលទានផ្លែឈើនោះទៅ”។ ព្រះជាម្ចាស់ក៏បានដាក់បណ្តាសារសព្វពស់នោះ។ អាដាំ​ដាក់​ឈ្មោះ​ឱ្យ​ប្រពន្ធ​ថា “អេវ៉ា” (មានន័យថា ជីវិត) ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។  ព្រះ‌ជា‌អម្ចាស់​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀក‌បំពាក់​ឱ្យ​លោក​អដាំ និង​ភរិយា​របស់​គាត់។ ព្រះ‌ជា‌អម្ចាស់​ក៏​បណ្តេញលោក​អាដាំ និងនាងអេវ៉ា​ចេញ​ពី​សួន​ឧទ្យាន​អេដែន។ ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​រួច​ហើយ ព្រះ‌អង្គ​ដាក់ពួកទេវទូត​នៅ​មុខ​សួន ដើម្បី​ការ‌ពារ​ផ្លូវ មិន​ឱ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ​ដែល​ផ្តល់​ជីវិត​នោះ​ឡើយ។

៤. មនុស្សសាងប្រាសាទបាបិល

៤. មនុស្សសាងប្រាសាទបាបិល (កណ ១១,១-៩)

នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។  ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយនៅតំបន់មេសូប៉ូតាមី។ គេ​ក៏​តាំង​ទី​លំ‌នៅ​ទី​នោះ។  គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។ បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឱ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ឡើយ»។

ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទី‌ក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជាជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រា‌រាំង​ពួក​គេ​ឡើយ។ ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឱ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឱ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះ‌អង្គ​ធ្វើ​ឱ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល។

៥. លោកណូអេ

៥. លោកណូអេ (កណ ៦,៩-២០; ៧,១៧-២៣; ៨,៨-១៣)

លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ ខណៈពេលដែលមនុស្ស​លោក​នៅ​លើ​ផែន‌ដី​ប្រែ​ជា​អាក្រក់​ខិល‌ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ទៀត​ផង។ ព្រះ‌ជាម្ចាស់​ទត​​មើលមនុស្ស ​ ​ព្រះអង្គមានអារម្មណ៍ស្តាយជាខ្លាំងដែលបានដាក់មនុស្សនៅលើផែនដី។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឱ្យ​ផែន‌ដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឱ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែន‌ដី។

ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។ អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្តា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​ឱ្យ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។ ទឹក​ជំនន់​ធំ​បាន​លិច​ផែន‌ដី អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង កម្ពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ធ្វើ​ឱ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​អស់។ មនុស្ស សត្វ​លោក​ទាំង‌ឡាយនៅ​លើ​ផែន‌ដី​ក៏​វិនាស​សូន្យ​អស់​ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។  ប្រហែលជិតមួយឆ្នាំកន្លងផុតទៅ លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។  ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល​នៅ​ឡើយ។ លោក​នៅ​រង់‌ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឱ្យ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។ នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែន‌ដី​ហើយ។  លោក​នៅ​រង់‌ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឱ្យ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។

៦. សម្ពន្ធមេត្រីលោកណូអេ

៦. សម្ពន្ធមេត្រីលោកណូអេ (កណ ៩,៨-១៥)

បន្ទាប់ពីទឹកជំនន់អស់រយៈពេល៤០ថ្ងៃ ហើយនៅពេលទឹកស្រក់ទៅអស់ ដីស្ងួតវិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេថា “ចូរនាំគ្នាចេញពីទូកមក” ! ព្រះអង្គក៏មានព្រះ‌បន្ទូលមកកាន់លោកណូអេថា និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖ «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែន‌ដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ  គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែន‌ដី។ ពេល​ណា​យើង​ប្រមូល​ពពក​ឱ្យ​មូល​ផ្តុំ​គ្នា​ពី​លើ​ផែន‌ដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។ ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។

2,376 Views

Theme: Overlay by Kaira