ថ្ងៃទី២៩ ខែមេសា
សន្តីកាតារីន ជាព្រហ្មចារិនី​
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ក្រុងស៊ីយែន

ពណ៌ស

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសសន្តីកាតារីណាឱ្យស្រឡាញ់ព្រះអង្គយ៉ាងខ្លាំងបំផុតដោយនាងនឹកសញ្ជឹងគិតអំពីព្រះយេស៊ូរងទុក្ខលំបាក។ ព្រះអង្គក៏បានត្រាស់ហៅនាងឱ្យបម្រើព្រះសហគមន៍ផងដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ និងគ្រីស្តបរិស័ទទាំងអស់ឱ្យរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង ហើយដែលសោយរាជ្យជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

បុណ្យរម្លឹក

នាងកាតារីន (១៣៤៧-១៣៨០) កើតនៅទីក្រុងស៊ីយែណា (ប្រទេសអ៊ីតាលី)។ កាលអាយុ ២០ឆ្នាំ នាងបានប្រមូលក្រុមគ្រីស្តបរិស័ទដែលមានចិត្តអធិដ្ឋាន និងតមអាហារដូចនាង។ ទោះបីនាងនៅក្មេងហើយមិនចេះអក្សរក៏ដោយ ក៏នាងខិតខំអង្វរសម្តេចប៉ាបដែលស្នាក់នៅក្រុងអាវីញ៉ុង (ប្រទេសបារាំង) ឱ្យវិលត្រឡប់មករស់នៅក្រុងរ៉ូមវិញ។ នាងមានប្រាជ្ញាឈ្លាសវៃ និងស្រឡាញ់ព្រះគ្រីស្តយ៉ាងខ្លាំង។ មានគេសរសេរសេចក្តីដែលនាងសូត្រ ហើយនិពន្ធសៀវភៅដែលមានសារៈសំខាន់ជាទីបំផុត។

អត្ថបទទី១ សូមថ្លែងលិខិតទី១របស់សន្ដយ៉ូហាន ១យហ ១,៥-២,២

ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រីស្ត ហើយ​យក​មក​ជម្រាប​ជូន​បង‌ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ តែ​យើង​បែរ​ជា​រស់​ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។ ប៉ុន្តែប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះ‌អង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ជម្រះ​យើង​ឱ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។
ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។ ប៉ុន្តែបើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​សុចរិត ព្រះ‌អង្គ​នឹង​អត់‌ទោស​យើង​ឱ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើងឱ្យបាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះ‌ជាម្ចាស់​កុហក​ទៅ​វិញ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។
ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្មដើម្បី​លោះ​យើង​ឱ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។

ទំនុកតម្កើងលេខ ១៤៨, ១-២.១១-១៤ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុតបញ្ចេញពាក្យពិតថ្កើងព្រះអង្គ
ឱ! ពួកទេវទូតទាំងអស់អើយចូរសរសើរហើយតម្កើងផង
ទាំងពួកទេវតាកុំរេរង់សរសើរព្រះអង្គព្រះនៃអ្នក
១១អស់ស្តេចទាំងឡាយលើផែនដីប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ
១២យុវជននារីចាស់ជរាកូនក្មេងនាំគ្នាលើកសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍មិនអាចរកអ្វីប្រៀបស្មើបាន
១៣ចូរកោតសរសើរនាមព្រះម្ចាស់ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កានពាសពេញទីស្ថានមេឃនិងដី
១៤ព្រះអង្គបានប្រោសអស់ប្រជារាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃមិនឱ្យមានអ្វីមករំខាន
អស់អ្នកដែលជឿងលើព្រះអង្គគឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបានខ្ពស់មុខសុខសាន្តតទៅអើយ

អបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៤,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរស! ព្រះអង្គប្រទានឱ្យយើងមានម្ហូបអាហារយ៉ាងបរិបូណ៌ និងមានអំណរសប្បាយ​ផង! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០, ៣៨-៤២

កាល​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សាវ័ក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​ព្រះ‌អង្គ​ឱ្យ​ស្នាក់​ក្នុង​ផ្ទះ​នាង។ នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អម្ចាស់ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ច‌ការ​រវល់​ជា​ច្រើនដើម្បី​បម្រើ​ព្រះ‌អង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​ឱ្យ​ខ្ញុំ​ម្ចាស់​បម្រើ​ព្រះ‌អង្គ​តែ​ម្នាក់​ឯង តើ​ព្រះ‌អង្គ​មិន​អើ‌ពើ​ទេ​ឬ? សូម​ព្រះ‌អង្គ​ប្រាប់​ឱ្យ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​មាន​កង្វល់ ហើយ​រវល់​នឹង​កិច្ច‌ការ​ច្រើន​ណាស់ ប៉ុន្តែមាន​កិច្ច‌ការ​តែ​មួយ​គត់​ដែល​ចាំ‌បាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនេះ ដើម្បីលើកតម្កើងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តលះបង់អ្វីៗទាំងអស់ដើរតាមព្រះគ្រីស្តដែលសោយទិវង្គត គឺព្រះគ្រីស្តដែលមានព្រះជន្មគង់​នៅជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានអាហារដែលចុះពីស្ថានបរមសុខឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅតាមឋានៈជាបុត្រធីតារបស់ព្រះអង្គផង។

474 Views

Theme: Overlay by Kaira