សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ

សម្រាប់រដូវអប់រំពិសេស ២០១៤
LENT 2014

ប្រែសម្រួលដោយលោកបូជាចារ្យ ហ្រ្វង់ស្វ័រ ប៉ុងសូដ៍

***

“ព្រះអម្ចាស់យេស៊ូគ្រីស្តបានបន្ទាបព្រះអង្គមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ” (តាម ២ករ ៨,៩)។

បងប្អូនជាទីស្រឡាញ់!

ក្នុងឱកាសរដូវអប់រំពិសេស ខ្ញុំសូមជូនយោបល់ខ្លះៗដែលអាចជួយណែនាំបងប្អូនតាមផ្លូវរៀងៗខ្លួន និងតាមផ្លូវរួម ឱ្យប្រែចិត្តគំនិត។ ខ្ញុំសូមយកពាក្យរបស់គ្រីស្តទូតប៉ូលមករិះគិត គឺថា៖ “បងប្អូនស្គាល់ព្រះហឫទ័យប្រោសប្រណីដ៏ធំទូលំទូលាយរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តស្រាប់ហើយ គឺព្រះអង្គដែលមានសម្បត្តិសួគ៌ជាច្រើន ទ្រង់បានបន្ទាប់ព្រះអង្គមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ” (២ករ ៨,៩)។ គ្រីស្តទូតប៉ូលមានប្រសាសន៍មកគ្រីស្ដបរិស័ទក្រុងកូរិនថូស ដើម្បីលើកទឹកចិត្តគេឱ្យមានសទ្ធាជ្រះថ្លា ធ្វើទានជូនគ្រីស្តបរិស័ទក្រុងយេរូសាឡឹមដែលខ្វះខាត។ តើប្រសាសន៍របស់គ្រីស្តទូតប៉ូលនេះមានអត្ថន័យយ៉ាងណាសម្រាប់យើងនាបច្ចុប្បន្នកាល? តើលោកដាស់តឿនឱ្យយើងដាក់ខ្លួនជាអ្នកក្រយ៉ាងណា? តើយើងរស់នៅបែបជាអ្នកប្រព្រឹត្តតាមដំណឹងល្អ មានអត្ថន័យយ៉ាងណាដែរ?

១. ព្រះហឫទ័យប្រោសប្រណីរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត

ពាក្យទាំងនោះសម្តែងអំពីរបៀបព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សលោក។ ព្រះជាម្ចាស់មិនសម្តែងព្រះអង្គដោយប្រើអំណាច ឬទ្រព្យសម្បត្តិហូរហៀរនៃលោកីយ៍នេះទេ តែព្រះអង្គប្រើភាពទន់ខ្សោយ និងភាពក្រីក្រវិញ។ “ព្រះអង្គដែលមានសម្បត្តិសួគ៌ជាច្រើន ទ្រង់បានបន្ទាបព្រះអង្គមកជាអ្នកក្រ ព្រោះតែបងប្អូន”។ ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានឫទ្ធានុភាព និងសិរីរុងរឿងស្មើនឹងព្រះបិតាបាន បន្ទាបព្រះអង្គមកជាអ្នកក្រ។ ព្រះអង្គយាងមករស់នៅរួមជាមួយយើង មកនៅក្បែរយើង ទ្រង់បានលះបង់អ្វីៗទាំងអស់ ដូចជាលះបង់ឋានៈព្រះអង្គចោល ដើម្បីឱ្យបានដូចយើងបេះបិទក្នុងគ្រប់វិស័យ។ ព្រះជាម្ចាស់ប្រសូតជាមនុស្ស ពិតជាគម្រោងការដ៏អាថ៌កំបាំងអស្ចារ្យមកពីព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់ គឺព្រះហឫទ័យស្រឡាញ់ នោះមានន័យថា ព្រះអង្គប្រោសប្រណី អាណិត មេត្តាយ៉ាងធំទូលំទូលាយ ទ្រង់មានព្រះរាជបំណងយាងមករស់នៅក្បែរយើង ព្រះអង្គមិនរួញរានឹងប្រគល់ព្រះអង្គផ្ទាល់ឱ្យមនុស្សយើង និងបូជាព្រះជន្មដើម្បីជាប្រយោជន៍ដល់សត្វលោកដ៏ជាទីស្រឡាញ់ទាំងប៉ុន្មាន ដែលព្រះអង្គបានប្រតិស្ឋានមក។ អ្នកមានចិត្តមេត្តាករុណា និងមានចិត្តស្រឡាញ់ តែងតែចែករំលែកវាសនានឹងរបស់ដែលខ្លួនស្រឡាញ់នោះក្នុងគ្រប់វិស័យ។

សេចក្តីស្រឡាញ់ធ្វើឱ្យខ្លួនបានដូចអ្នកដែលយើងស្រឡាញ់ នាំឱ្យយើងស្មើគ្នា និងបំបាត់អ្វីៗដែលនាំឱ្យបាក់បែកគ្នា។ ទោះបើយើងនៅឆ្ងាយពីគេក្តី ក៏យើងនៅតែក្បែរគេដែរ។ ព្រះជាម្ចាស់បានប្រព្រឹត្តដូច្នេះចំពោះយើង គឺព្រះយេស៊ូតែងធ្វើអាជីវកម្មចិញ្ចឹមជីវិតដោយព្រះអង្គផ្ទាល់ គឺដោយដៃជាមនុស្ស ព្រះអង្គបានរិះគិតតាមប្រាជ្ញាជាមនុស្សយើង ទ្រង់បានធ្វើកិច្ចការទាំងអស់ដោយប្រើឆន្ទៈជាមនុស្សដូចយើង ព្រះអង្គបានស្រឡាញ់គេដោយចិត្តជាមនុស្ស។ ព្រះអង្គប្រសូតពីនាងព្រហ្មចារិនីម៉ារី ហើយទៅជាមនុស្សដូចយើងរស់នៅក្នុងចំណោមមនុស្ស ដូចមនុស្សយើងបេះបិទ លើកលែងតែមិនបានប្រព្រឹត្តអំពើបាបប៉ុណ្ណោះ។

ព្រះយេស៊ូបានបន្ទាប់ព្រះអង្គមកជាអ្នកក្រ មិនមែនមកពីព្រះអង្គចូលចិត្តភាពក្រីក្រទេ តែតាមគ្រីស្តទូតប៉ូលមានប្រសាសន៍ គឺដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ សេចក្តីនេះមិនគ្រាន់តែជារបៀបសរសេរ ឬជាការប្រើពាក្យសម្តីលេងប៉ុណ្ណោះទេ តែបង្ហាញអំពីសំយោគនៃតក្កវិទ្យារបស់ព្រះជាម្ចាស់ គឺជាឧទាហរណ៍មួយអំពីរបៀបព្រះជាម្ចាស់តែងប្រព្រឹត្ត ជាតក្កវិទ្យានៃព្រះហឫទ័យស្រឡាញ់ តក្កវិទ្យារបស់ព្រះអង្គដែលប្រសូតជាមនុស្ស និងដែលសោយទិវង្គតនៅលើឈើឆ្កាង។ ព្រះជាម្ចាស់មិនសង្គ្រោះយើងដូចជាធ្វើអ្វីមួយ ដែលធ្លាក់ពីលើមេឃមកទេ ឬដូចអ្នកដែលយកអ្វីៗដែលនៅសេសសល់មកចែកជាទានតាមមនុស្សធម៌ដែរ។ ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តពុំមែនដូច្នេះទេ។ នៅពេលព្រះយេស៊ូយាងចុះក្នុងទឹកទន្លេយ័រដាន់ ហើយសុំលោកយ៉ូហានធ្វើពីធីជ្រមុជទឹក ព្រះអង្គមិនធ្វើដូច្នេះព្រោះព្រះអង្គជាប់បាបទេ ឬព្រោះព្រះអង្គត្រូវការ ប្រែចិត្តគំនិតដែរ តែព្រះអង្គទទួលពិធីជ្រមុជទឹកដើម្បីរួមជាមួយប្រជាជន គឺជាមួយអ្នកបាបដែលត្រូវការព្រះជាម្ចាស់លើកលែងទោសឱ្យ។ ព្រះអង្គចង់នៅជាមួយយើងជាអ្នកបាប និងផ្ទុកទម្ងន់នៃពើបាបរបស់យើងផង។ នេះជាមាគ៌ាដែលព្រះអង្គបានជ្រើសរើសយកមកសម្រាលទុក្ខរបស់យើង ដើម្បីឱ្យយើងរួមរស់ជាមួយព្រះបិតា និងដើម្បីរំដោះយើងឱ្យបានរួចពីភាពកម្សត់ទុគ៌តរបស់យើង។

គួរឱ្យចាប់អារម្មណ៍ថា គ្រីស្តទូតប៉ូលមិនមានប្រសាសន៍ថា ព្រះអង្គរំដោះយើងដោយសម្បត្តិសួគ៌ជាច្រើន របស់ព្រះអង្គទេ តែដោយភាពក្រីក្ររបស់ព្រះអង្គវិញ។ គ្រីស្តទូតប៉ូលស្គាល់ច្បាស់នូវ សម្បត្តិសួគ៌ របស់ព្រះគ្រីស្ត ដែលគ្មាននរណាអាចយល់បាន គឺព្រះអង្គត្រូវទទួលអ្វីៗទាំងអស់ទុកជាមត៌ក។ តើព្រះយេស៊ូរំដោះយើង និងប្រោសឱ្យយើងទៅជាអ្នកមាន ដោយសារភាពក្រីក្រយ៉ាងណា? ភាពក្រីក្ររបស់ព្រះយេស៊ូ គឺជារបៀបព្រះអង្គស្រឡាញ់យើង និងរបៀបដែលព្រះអង្គស្ថិតនៅក្បែរយើង ដូចអ្នកស្រុកសាម៉ារីមានចិត្តសប្បុរសមកក្បែរជនរងគ្រោះ ដែលត្រូវពួកចោរវាយដំឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកចោលនៅស្តូកស្តឹងបាត់ស្មារតី មិនដឹងខ្លួនតាមផ្លូវ។ មានតែព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តទេ មានតែព្រះហឫទ័យមេត្តាករុណា មានតែព្រះហឫទ័យថ្នាក់ថ្នម និងព្រះហឫទ័យចែករំលែកអ្វីៗទាំងអស់ប៉ុណ្ណោះទេ ដែលប្រោសឱ្យយើងបានសេរីភាពដ៏ពិតប្រាកដ និងទទួលការសង្គ្រោះ ហើយបានសេចក្តីសុខសាន្តយ៉ាងពេញលេញ។ ភាពក្រីក្ររបស់ព្រះអង្គ មានន័យថាព្រះអង្គប្រសូតជាមនុស្ស ទៅជាមនុស្សទន់ខ្សោយដូចយើង ផ្ទុកអំពើបាបរបស់យើង ទាំងចែកចាយព្រះហឫទ័យមេត្តាករុណាហួសពីការស្មានរបស់ព្រះជាម្ចាស់មកយើង ព្រះអង្គបានប្រោសឱ្យយើងទៅជាអ្នកមាន។

ភាពក្រីក្ររបស់ព្រះគ្រីស្ត ពិតជា សម្បត្តិសួគ៌ជាច្រើន ជាងគេបំផុត។ ព្រះយេស៊ូមាន សម្បត្តិសួគ៌ ជាច្រើន ព្រោះព្រះអង្គផ្ញើជីវិតទៅលើព្រះបិតាដោយគ្មានសង្ស័យឡើយ ព្រះអង្គពឹងលើព្រះបិតាគ្រប់ពេលវេលា ទាំងស្វែងរកធ្វើតាមព្រះហឫទ័យព្រះបិតា និងស្វែងរកសិរីរុងរឿងរបស់ព្រះបិតាជានិច្ច។ ព្រះគ្រីស្តជាអ្នកមាន សម្បត្តិសួគ៌ជាច្រើន ដូចកូនម្នាក់ដែលដឹងថាឪពុកម្តាយស្រឡាញ់វា ហើយវាស្រឡាញ់ឪពុកម្តាយដែរ វាមិនដែលសង្ស័យថាឪពុកម្ដាយលែងស្រឡាញ់ថ្នាក់ថ្នមវាទេ។ សម្បត្តិសួគ៌របស់ព្រះគ្រីស្ត គឺឋានៈរបស់ព្រះអង្គជាព្រះបុត្រា។ ព្រះគ្រីស្តជាស្តេចក្រីក្រ មានបុព្វសិទ្ធិតែមួយដ៏ប្រសើរ គឺមានទំនាក់ទំនងជាមួយព្រះបិតា ពេលព្រះយេស៊ូសុំឱ្យសាវ័កយកនឹមរបស់ព្រះអង្គមកដាក់លើស្មា ទុកជានឹមស្រួល ព្រះអង្គអញ្ជើញយើងឱ្យទៅជាអ្នកមានដោយសារសម្បត្តិសួគ៌ជាច្រើន ដែលជាភាពក្រីក្រ។ ដោយសារ ភាពក្រីក្រ នេះ ដែលមាន សម្បត្តិសួគ៌ជាច្រើន ជា ភាពក្រីក្រ និង សម្បត្តិសួគ៌ជាច្រើន របស់ព្រះអង្គ ដែលយើងចែកចាយជាមួយព្រះអង្គ ដោយមានព្រះវិញ្ញាណរបស់ព្រះអង្គក្នុងខ្លួន ប្រោសឱ្យយើងទៅជាបុត្រធីតា និងជាបងប្អូន។ ព្រះអង្គអញ្ជើញយើងឱ្យទៅជាបុត្រធីតា រួមក្នុងអង្គព្រះបុត្រា និងឱ្យទៅជាបងប្អូនគ្នារួមក្នុងព្រះអង្គជារៀមច្បងប្រសូតមុនគេ។ យើងត្រូវព្រួយចិត្តតែម៉្យាង គឺព្រួយចិត្តដោយយើងមិនបានទៅជាសន្តបុគ្គល។ យើងក៏អាចនិយាយថា មានភាពកម្សត់ទុគ៌តតែមួយគត់ គឺមិនរស់នៅក្នុងឋានៈជាបុត្រធីតារបស់ព្រះបិតា និងមិនរស់នៅក្នុងឋានៈជាបងប្អូនក្នុងអង្គព្រះគ្រីស្តប៉ុណ្ណោះ។

២. សក្ខីភាពរបស់យើង

ប្រហែលយើងយល់ឃើញថា មានតែព្រះយេស៊ូប៉ុណ្ណោះទេ អាចរស់នៅតាមមាគ៌ានៃភាពក្រីក្រនោះ រីឯយើងវិញដែលដើរតាមក្រោយព្រះអង្គ យើងអាចសង្គ្រោះមនុស្សលោកបាន ដោយប្រើមធ្យោបាយរបស់មនុស្សលោកីយ៍ស្របតាមសភាពការណ៍នាបច្ចុប្បន្នកាល។ មិនមែនដូច្នេះទេ ព្រះជាម្ចាស់នៅតែសង្គ្រោះមនុស្ស និងពិភពលោកនៅគ្រប់សម័យ និងនៅគ្រប់ទីកន្លែង ក៏ដោយសារភាពក្រីក្ររបស់ព្រះគ្រីស្តដដែល គឺព្រះគ្រីស្តដែលដាក់ព្រះអង្គជាអ្នកក្រ ក្នុងអគ្គសញ្ញានានា ក្នុងព្រះបន្ទូល និងក្នុងព្រះសហគមន៍។ ព្រះសហគមន៍ជា ប្រជាជនអ្នកក្រីក្រ។ ប្រសិនបើយើងជាអ្នកមាន នោះ សម្បត្តិសួគ៌ របស់ព្រះជាម្ចាស់មិនអាចមកដល់យើងបានទេ។ ផ្ទុយទៅវិញ សម្បត្តិសួគ៌ របស់ព្រះអង្គអាចមកដល់យើងតាមរយៈភាពក្រីក្រ របស់យើងផ្ទាល់និងតាមរយៈ ភាពក្រីក្រ រួម ដោយមានព្រះវិញ្ញាណរបស់ព្រះគ្រីស្តប្រោសឱ្យភាពក្រីក្រ នេះបានជីវិតរស់រវើក។ ព្រះជាម្ចាស់ បានត្រាស់ហៅយើងជាគ្រីស្ដបរិស័ទឱ្យយកតម្រាប់តាមព្រះបរមគ្រូ គឺថាឱ្យយកចិត្តទុកដាក់នឹងបងប្អូនក្រីក្រ ឱ្យប៉ះពាល់ភាពក្រីក្ររបស់គេ ឱ្យផ្ទុកភាពក្រីក្រនេះលើខ្លួនយើង និងឱ្យប្រព្រឹត្តកិច្ចការជាក់ច្បាស់ដើម្បីសម្រាលភាព ក្រីក្ររបស់គេ ភាពកម្សត់ទុគ៌តខុសប្លែកពីភាពក្រីក្រ។ អ្នកកម្សត់ទុគ៌តគឺអ្នកក្រដែលគ្មានការទុកចិត្តលើខ្លួន គ្មានទីពឹង គ្មានសាមគ្គី និងគ្មានសេចក្តីសង្ឃឹម។ យើងអាចយល់ថា មានភាពកម្សត់ទុគ៌តបីយ៉ាងប្លែកពីគ្នា គឺ មួយភាពកម្សត់ទុគ៌តខ្វះសម្ភារៈ មួយទៀតភាពកម្សត់ទុគ៌តខ្វះសីលធម៌ ហើយមួយទៀតគឺភាពកម្សត់ទុគ៌តខាងវិញ្ញាណ។ តាមធម្មតា យើងតែងហៅអ្នកក្រីក្រថាជាជនកម្សត់ទុគ៌ត គឺសំដៅលើអស់អ្នកដែលរស់នៅតាមសភាពការណ៍ផ្ទុយនិងកិត្តិយសរបស់មនុស្ស អស់ជនណាដែលត្រូវគេរឹបអូសយកសិទ្ធិជាគ្រឹះចេញ និងដកហូត សម្បត្តិទ្រព្យដែលគេត្រូវការជាចាំបាច់ មានចំណីអាហារ ទឹក អនាម័យ ការងារធ្វើ សមត្ថភាពអាចចម្រើនឡើង តាមវប្បធម៌ជាដើម។ ព្រះសហគមន៍តែងជួយអ្នកដែលកម្សត់ទុគ៌តបែបនោះ គឺបម្រើគេ និងតបឆ្លើយនឹងសេចក្តីត្រូវការរបស់គេ ហើយព្យាបាលមុខរបួសទាំងនោះដែលបណ្តាលឱ្យមុខមនុស្សជាតិអាក្រក់មើល។ យើងសម្លឹងមើលព្រះភ័ក្ត្ររបស់ព្រះគ្រីស្តក្នុងរូបអ្នកក្រីក្រ និងអ្នកដែលគ្មាននរណារាប់រក ពេលយើងស្រឡាញ់អ្នកក្រីក្រ និងពេលយើងជួយគេ យើងស្រឡាញ់ និងបម្រើព្រះគ្រីស្ត។ ការប្តេជ្ញារបស់យើងជំរុញយើងឱ្យខិតខំបំបាត់អ្វីៗទាំងអស់ ដែលបង្អាប់កិត្តិយសរបស់មនុស្ស មានការប្រកាន់រើសអើង និងការបំពានគ្រប់យ៉ាងដែលធ្លាប់បណ្តាល ឱ្យកើតជនកម្សត់ទុគ៌តទាំងនោះ។ នៅពេលមនុស្សនាំគ្នាគោរពអំណាច គោរពការរស់នៅតាមសម្បូរណ៍បែប និងគោរពមាសប្រាក់ទុកព្រះរបស់គេ នៅពេលនោះគេស្វែងរកតែអំណាច តែរស់នៅសម្បូរណ៍បែប និងចង់បាន តែមាសប្រាក់ទេ គេមិនចង់ចែកចាយធនធានឱ្យមនុស្សម្នាយ៉ាងសមគួរទេ។ ហេតុនេះហើយបានជាមនុស្សត្រូវ ប្រែចិត្តគំនិតបែរទៅស្វែងរកយុត្តិធម៌ សមភាព ចេះប្រមាណ និងឱ្យចែកចាយធនធានទៀតផង។

យើងក៏ត្រូវចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពកម្សត់ទុគ៌តខាងសីលធម៌ដែរ។ ភាពកម្សត់ទុគ៌តខាង សីលធម៌មានន័យថា បណ្តោយខ្លួនឱ្យជាទាសកររបស់លម្អៀងអាក្រក់និងតាមអំពើបាប។ មានក្រុមគ្រួសារជាច្រើននៅតែតប់ប្រមល់ ព្រោះមានសមាជិកខ្លះក្នុងក្រុមគ្រួសារ គឺមានយុវជនញៀននឹងស្រា ញៀននឹងថ្នាំញៀន នឹងល្បែងស៊ីសង និងញៀននឹងកាមគុណថោកទាប។ មានមនុស្សជាច្រើនលែងស្រឡាញ់ជីវិត គ្មានទិសដៅសម្រាប់អនាគត និងបាត់សេចក្តីសង្ឃឹម។ មានមនុស្សជាច្រើនត្រូវរស់នៅក្នុងភាពកម្សត់ទុគ៌តខាងសីលធម៌ ព្រោះតែសភាពការណ៍ក្នុងសង្គមអយុត្តិធម៌ ខ្វះការធ្វើ ជាហេតុបំបាត់កិត្តិយស គ្មានលទ្ធភាពបានអាហារមក ចិញ្ចឹមជីវិតក្រុមគ្រួសារ ឬឱ្យកូនមានសិទ្ធិរៀនសូត្រ ឬគ្មានសិទ្ធិព្យាបាលខ្លួន។ ក្នុងករណីទាំងនោះ យើងអាចហៅភាពកម្សត់ទុគ៌តខាងសីលធម៌ថាជាអំពើចាប់ផ្តើមធ្វើអត្តឃាតកម្ម ភាពកម្សត់ទុគ៌តសីលធម៌បណ្តាលឱ្យសេដ្ឋកិច្ចវិនាសអន្តរាយ ហើយក៏ភ្ជាប់នឹងភាពកម្សត់ទុគ៌តខាងវិញ្ញាណរបស់យើងដែរ គឺនៅពេលយើងដើរឆ្ងាយ ពីព្រះជាម្ចាស់ និងបដិសេធព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។ ប្រសិនបើយើងយល់ឃើញថា យើងមិនត្រូវ ការព្រះជាម្ចាស់ដែលលាតព្រះហស្តមករកយើងតាមរយៈព្រះគ្រីស្ត យើងស្មានថាបានគ្រប់គ្រាន់ដោយខ្លួនឯង នោះយើងមុខជាចូលទៅក្នុងផ្លូវទៅកាន់បរាជ័យពុំខាន។ មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលសង្គ្រោះយើងយ៉ាងពិតប្រាកដ។ ដំណឹងល្អពិតជាឱសថអាចព្យាបាលភាពកម្សត់ទុគ៌តខាងវិញ្ញាណបាន។ ព្រះជាម្ចាស់បានត្រាស់ហៅគ្រីស្ដបរិស័ទឱ្យនាំដំណឹង ដែលរំដោះយើងបែបនោះទៅគ្រប់ទីកន្លែង។ តាមដំណឹងល្អនេះ ព្រះអង្គអាចលើកលែងទោសបាន ព្រះអង្គមានឫទ្ធានុភាពខ្លាំងជាងសេចក្ដីអាក្រក់ ព្រះអង្គស្រឡាញ់យើងជានិច្ច ដោយមិនសូមអ្វីមកសងគុណព្រះអង្គទេ។ ព្រះអង្គប្រតិស្ឋានយើងដើម្បីឱ្យរួបរួមជាមួយព្រះអង្គ និងបានទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ ព្រះអម្ចាស់អញ្ជើញយើងឱ្យប្រកាសដំណឹងល្អស្តីអំពីព្រះហឫទ័យមេត្តាករុណា និងអំពីសេចក្តីសង្ឃឹមទាំងមានចិត្តរីករាយ។ អ្នកមានបទពពិសោធន៍អំពីអំណរក្នុងការផ្សព្វផ្សាយដំណឹងល្អ និងចែកចាយទ្រព្យសម្បត្តិដ៏មានតម្លៃដល់អ្នកដទៃ។ ព្រះអង្គបានផ្ញើទុកមកយើងនូវដំណឹងល្អនេះ ដើម្បីឱ្យយើងសម្រាលទុក្ខអ្នកដែលសោកសង្រេង។ យើងក៏ផ្តល់សេចក្តីសង្ឃឹមដល់បងប្អូនជាច្រើនទាំងបុរស ទាំងស្ត្រី ដែលរស់នៅក្នុងភាពងងឹតអន្ធការដែរ។ យើងត្រូវតែដើរតាមព្រះយេស៊ូ និងយកតម្រាប់តាមព្រះអង្គ ដែលយាងមករកអ្នកក្រីក្រ និងមករកអ្នកបាប ដូចគង្វាលដែលចេញទៅរកចៀមដែលវង្វេងដែរ គឺគាត់ចេញទៅដោយអស់ពីសេចក្ដីស្រឡាញ់របស់ខ្លួន។ យើងរួបរួមជាមួយព្រះអង្គ អាចបើកផ្លូវថ្មីដោយចិត្តក្លាហានទៅប្រកាសដំណឹងល្អ និងលើកស្ទួយតម្លៃរបស់មនុស្ស។

បងប្អូនជាទីស្រឡាញ់!

សូមឱ្យព្រះសហគមន៍ទាំងមូលប្រុងខ្លួនធ្វើជាសាក្សីអំពីដំណឹងល្អក្នុងរដូវអប់រំពិសេសនេះ ចំពោះអស់អ្នកដែលរស់នៅក្នុងភាពកម្សត់ទុគ៌តខាងសម្ភារៈ ខាងសីលធម៌ និងខាងវិញ្ញាណ។ យើងប្រកាសសារអំពីព្រះហឫទ័យស្រឡាញ់ អាណិត មេត្តាករុណារបស់ព្រះបិតា ព្រះអង្គប្រុងនឹងឱបមនុស្សគ្រប់ៗរូបក្នុងអង្គព្រះគ្រីស្ត។ យើងអាចប្រកាសដំណឹងល្អនេះបាន លុះត្រាតែយើងបានដូចព្រះគ្រីស្ត ដែលបានដាក់ព្រះអង្គមកធ្វើជាអ្នកក្រ ហើយដែលបានប្រោសឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ រដូវអប់រំពិសេស ពិតជារដូវមួយដ៏ល្អ អនុគ្រោះយើងឱ្យលះបង់អ្វីៗដែលយើងមិនត្រូវការ។ ក្នុងរដូវនេះគួរឱ្យរកអ្វីៗដែលយើងអាចតម អាចដកហូតពីខ្លួនបាន ដើម្បីជួយអ្នកដទៃ និងធ្វើឱ្យគេទៅជាអ្នកមាន ដោយភាពក្រីក្ររបស់យើង។ សូមកុំភ្លេចថា ភាពក្រីក្រដ៏ពិតប្រាកដមិនស្រួលទេ គឺពិបាក បណ្តាលឱ្យយើងចុកចាប់។ អ្នកលះបង់អ្វីៗដោយមិនប្រែចិត្តគំនិត មិនសូវបានល្អប៉ុន្មានទេ។ ខ្ញុំមិនទុកចិត្តនឹងអ្នកដែលធ្វើទានដល់គេ តែទាននោះមិនបណ្តាលឱ្យខ្លួនខាតទេ មិនបណ្តាលឱ្យគេឈឺចុកចាប់ម៉្យាងដែរ។

សូមព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យយើងទៅជាអ្នកក្រីក្រ និងជួយយើងធ្វើឱ្យមនុស្សជាច្រើនទៅជាអ្នកមាន សូមព្រះអង្គប្រោសឱ្យយើងខ្វះខាតអ្វីៗទាំងអស់ តែឱ្យមានទាំងអស់វិញ សូមព្រះអង្គគាំទ្រចិត្តប៉ងប្រាថ្នាល្អរបស់យើង និងពង្រឹងចិត្តឱ្យចាប់អារម្មណ៍ និងទទួលខុសត្រូវចំពោះមនុស្សកម្សត់ទុគ៌តទាំងប៉ុន្មានក្នុងលោកនេះ។ សូមព្រះអង្គប្រោសឱ្យយើងមានចិត្តមេត្តាករុណា និងកសាងមេត្តាករុណាទៀត។

ខ្ញុំសូមជូនពរដូច្នេះទាំងធានាថា ខ្ញុំអង្វរព្រះបិតាឱ្យបងប្អូន សូមឱ្យគ្រិស្ដបរិស័ទទាំងប៉ុន្មាន និងគ្រប់ព្រះសហគមន៍អាចដើរតាមផ្លូវនៃរដូវអប់រំពិសេស ទាំងទទួលផលប្រយោជន៍។ សូមបងប្អូនអង្វរព្រះអម្ចាស់ឱ្យខ្ញុំផង។ សូមព្រះអម្ចាស់ប្រទានពរឱ្យបងប្អូន ហើយសូមព្រះនាងព្រហ្មចារិនីម៉ារីថែរក្សាបងប្អូនផង។ អាម៉ែន។

វ៉ាទីកង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣

បុណ្យគោរពសន្តស្តេផាន ជាឧបដ្ឋាក និងជាមរណសាក្សី

1,484 Views

Theme: Overlay by Kaira