ធម្មទេសនាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

បុណ្យចម្លង ២០១៦
Easter 2016

ប្រែសម្រួលដោយលោក កាន់ ប៊ុយ

***

លោកសិលា ស្ទុះរត់ទៅកាន់ផ្នូរ (លក ២៤,១២)។ តើគាត់គិតអ្វី និងមានចិត្តបែបណាក្នុងពេលគាត់កំពុងរត់? ក្នុងគម្ពីរដំណឹងល្អប្រាប់យើងថា លោកសិលាជាសាវ័កម្នាក់ក្នុងចំណោម១១នាក់ ដែលមិនបានជឿលើសក្ខីភាពរបស់ស្រ្តីៗដែលរៀបរាប់ប្រាប់ពួកគេអំពីព្រឹត្តិការណ៍នៃបុណ្យចម្លង​។ ម្យ៉ាងទៀត ពួកគេពុំជឿ ហើយយល់ថា ស្រ្តីទាំងនោះនិយាយរឿងផ្តេសផ្តាស (២៤,១១)។ លោកសិលានៅមានចិត្តសង្ស័យ អមដោយគំនិតអវិជ្ជមានជាច្រើន ដូចជាការកើតទុក្ខចំពោះមរណៈភាពរបស់គ្រូដ៏ជាទីស្រឡាញ់ ថែមទាំងខកចិត្តដោយបានក្បត់បីដងក្នុងពេលព្រះយេស៊ូរងទុក្ខលំបាក។ ប៉ុន្តែ មានរឿងមួយសំខាន់គឺ នៅពេលលោកសិលាបានឮ ហើយមិនជឿស្ត្រីទាំងនោះ តែគាត់ ស្ទុះក្រោកឡើង (២៤,១២)។ គាត់មិននៅអង្គុយសង្កុក់រិៈគិត មិននៅស្ងៀមក្នុងផ្ទះដូចអ្នកឯទៀតៗ។ គាត់មិនអើពើពីបរិកាសអាប់អួរនារយៈពេលប៉ុន្មានថ្ងៃនោះ ហើយក៏មិនខ្វល់ពីភាពសង្ស័យរបស់ខ្លួន។ គាត់មិនបណ្តោយឱ្យវិប្បដិសារី ភាពភ័យខ្លាច និងពាក្យប៉ប៉ោច់បប៉ោចឥតបានការមករាំងស្ទះដំណើរ។​ គាត់ស្វែងរកព្រះយេស៊ូដោយខ្លួនឯងផ្ទាល់។ គាត់ចាប់អារម្មណ៍ពីមាគ៌ាដែលនាំទៅជួបព្រះអង្គ និងមានទំនុកចិត្តដូចកាលពីដើម។ គាត់ស្ទុះក្រោកឡើង ហើយរត់ទៅកាន់ផ្នូរជាកន្លែងដែលនាំឱ្យគាត់ត្រឡប់មកវិញទាំង ងឿងឆ្ងល់ (២៤,១២)។ សេចក្តីនេះជាការចាប់ផ្តើមនៃ “ជីវិតដ៏រុងរឿង” របស់លោកសិលា។ ដួងចិត្តរបស់គាត់បានរស់ឡើងវិញ។ គាត់មិនបណ្តោយឱ្យទុក្ខសោក និងភាពងងឹកគ្របដណ្តប់។ គាត់ទទួលយកសម្លេងនៃសេចក្តីសង្ឃឹម និងពន្លឺរបស់ព្រះជាម្ចាស់ចូលក្នុងដួងចិត្តរបស់គាត់ដោយមិនចេះរលត់ឡើយ។ រីឯស្ត្រីៗវិញ ពួកនាងបានចាកចេញតាំងពីព្រលឹម ដើម្បីធ្វើកិច្ចការសប្បុរសដោយយកគ្រឿងក្រអូបទៅកាន់ផ្នូរ ពួកនាងក៏ទទួលបានបទពិសោធដូចគ្នា។ នាងទាំងនោះ ភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ ប៉ុន្តែ ពួកនាងស្លន់ស្លោរក្នុងពេលដែលឮទេវទូតសួរថា ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? (២៤,៥)។

ចំណែកឯយើងវិញក៏ដូចលោកសិលា និងស្រ្តីទាំងនោះដែរ។ យើងមិនអាចរកឃើញជីវិតដោយរស់នៅក្នុងសេចក្តីទុក្ខ និងគ្មានសេចក្តីសង្ឃឹម ហើយដាក់ឃុំឃាំងខ្លួនឯងបានឡើយ។ ផ្ទុយទៅវិញ យើងបើកគំរបផ្នូររបស់យើងម្នាក់​ៗដើម្បីឱ្យព្រះយេស៊ូយាងចូល និងផ្តល់ជីវិតដល់យើង។ ចូរផ្ទេរថ្មនៃគំនុំ និងអតីតកាលដែលជាឧបសគ្គធ្ងន់ធ្ងរនាំឱ្យយើងទន់ខ្សោយ និងបរាជ័យទៅព្រះអង្គទៅ។ ព្រះគ្រីស្តសព្វព្រះហឫទ័យយាងមកចាប់ទាញដៃយើងចេញពីសេចក្តីព្រួយបារម្ភរបស់យើង។ ក្នុងរាត្រីនេះ ព្រះអង្គបានរមៀលថ្មដំបូងចេញទៅឆ្ងាយពីយើង គឺថ្មដែលបណ្តាលឱ្យខ្វះសេចក្តីសង្ឃឹមដែលយើងដាក់ឃុំឃាំងខ្លួនឯង។ ចូរទុកឱ្យព្រះអម្ចាស់រំដោះយើងឱ្យមានសេរីភាពពីអង្គប់ដ៏សែនខ្លោចផ្សារនេះ ពោលជាគ្រីស្តបរិស័ទដែលគ្មានសេចក្តីសង្ឃឹម មិនរស់នៅតាមព្រះអម្ចាស់ដែលមានព្រះជន្មដ៏រុងរឿង និងរស់នៅដោយផ្តោតទៅលើតែបញ្ហាក្នុងជីវិត។ យើងឃើញ ហើយយើងនឹងនៅតែឃើញថា ឧបសគ្គនៅតែមានជាបន្តបន្ទាប់ទាំងខាងក្នុង និងព័ទ្ធជុំវិញខាងក្រៅជីវិត។ វានៅតែមានជារៀងរហូត។ ប៉ុន្តែ នៅក្នុងរាត្រីនេះ ត្រូវទុកឱ្យពន្លឺនៃព្រះជន្មដ៏រុងរឿងចែងចាំងលើឧបសគ្គទាំងអស់នេះ ពោលអាចនិយាយថា ត្រូវប្រកាសដំណឹងល្អលើបញ្ហាទាំងនេះ។ ប្រកាសដំណឹងល្អចំពោះបញ្ហា។ យើងមិនត្រូវបណ្តោយឱ្យភាពងងឹត និងសេចក្តីភ័យខ្លាចលុកលុយព្រលឹង និងដណ្តើមយកចិត្តរបស់យើងធ្វើជាកម្មសិទ្ធិបាននោះទេ។ ប៉ុន្តែ ចូរយើងស្តាប់ទេវទូតដែលពោលថា ព្រះអម្ចាស់ មិននៅទីនេះទេ ព្រះអង្គមានព្រះជន្មដ៏រុងរឿងហើយ (២៤,៦)។ នេះជាដំណឹងល្អដែលមានអំណរជាទីបំផុតរបស់យើង វាឋិតនៅជាមួយយើងជានិច្ច ហើយមិនធ្វើឱ្យយើងខកចិត្តឡើយ។ នេះហើយជាមូលដ្ឋានគ្រឹះនៃសេចក្តីសង្ឃឹមដែលមិនគ្រាន់តែជាពាក្យសុទិដ្ឋិនិយម ហើយក៏មិនមែនជាលក្ខណៈចិត្តសាស្រ្ត ឬគ្រាន់តែជាពាក្យលើកទឹកចិត្ត។ សេចក្តីសង្ឃឹមរបស់គ្រីស្តបរិស័ទគឺជាព្រះអំណោយទានដែលព្រះជាម្ចាស់សម្តែងចំពោះយើង ប្រសិនណាបើយើងយល់ព្រមបើកចិត្តទទួល។ សេចក្តីសង្ឃឹមនេះមិនធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកគង់ក្នុងដួងចិត្តយើង (រម ៥,៥)។ ព្រះវិញ្ញាណមិនធ្វើឱ្យអ្វីៗទាំងអស់សុទ្ធតែល្អ មិនលុបបំបាត់ការអាក្រក់ដោយយុទ្ធសិល្ប៍។ ប៉ុន្តែ ព្រះវិញ្ញាណប្រទានឫទ្ធានុភាពពិតប្រាកដដល់ជីវិត។ ជីវិតនេះមិនមែនមានន័យថាឥតឧបសគ្គ។ ផ្ទុយទៅវិញ វាជាជំនឿដែលព្រះជាម្ចាស់បានស្រឡាញ់យើង ហើយលើកលែងទោសឱ្យយើងតាមរយៈព្រះគ្រីស្តដែលទ្រង់បានយកឈ្នះអំពើបាប សេចក្តីស្លាប់ និងសេចក្តីភ័យខ្លាច។ ថ្ងៃនេះជាថ្ងៃប្រារព្ធសេចក្តីសង្ឃឹម និងជំនឿរបស់យើងដែលបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងដែលគ្មានអ្វីអាចមក​បំបែកបាន​ឡើយ (រម ៨,៣៩)។ ព្រះអម្ចាស់មានជីវិតរស់ឡើងវិញហើយ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងស្វែងរកព្រះអង្គក្នុងចំណោមមនុស្សរស់។ បន្ទាប់ពីបានជួបព្រះអង្គ ព្រះអង្គចាត់យើងម្នាក់ៗឱ្យទៅប្រកាសដំណឹងល្អអំពីបុណ្យចម្លងដើម្បីដាស់សេចក្តីសង្ឃឹមដែលនៅក្នុងចិត្តអ្នកសោកសៅឱ្យរស់ឡើង និងដើម្បីឱ្យពួកគេរកឃើញអត្ថន័យនៃជីវិត។ ការណ៍នេះពិតជាចាំបាច់ខ្លាំងណាស់នាពេលបច្ចុប្បន្ន។ យើងមិនត្រូវប្រកាសពីខ្លួនឯង តែត្រូវដាក់ខ្លួនជាអ្នកបម្រើដែលប្រកបដោយអំណរនៃសេចក្តីសង្ឃឹម។ ព្រះគ្រីស្តត្រាស់ហៅយើងឱ្យប្រកាសអំពីការរស់ឡើងវិញដោយចេញពីជីវិត និងចេញពីសេចក្តីស្រឡាញ់ផ្ទាល់។ បើមិនដូច្នោះទេ យើងគ្រាន់តែជារចនាសម្ពន្ធសកលមួយ និងគ្រាន់តែជាបទបញ្ជាល្អមើលដែលមានមនុស្សជាច្រើនដើរតាមតែប៉ុណ្ណោះ។ តែបែរជាមិនអាចផ្តល់សេចក្តីសង្ឃឹមដល់ពិភពលោកកំពុងតែស្រេកឃ្លាននេះ។ 

តើធ្វើដូចម្តេចដើម្បីយើងអាចចិញ្ចឹមសេចក្តីសង្ឃឹមរបស់យើង? ពិធីបុណ្យក្នុងរាត្រីនេះផ្តល់នូវមេរៀនមួយដ៏សំខាន់ដល់យើង។ ពិធីបុណ្យនេះបង្រៀនយើងឱ្យចងចាំ និងឱ្យនឹករឭកអំពីកិច្ចការរបស់ព្រះជាម្ចាស់។ អត្ថបទព្រះគម្ពីរទាំងនេះរៀបរាប់ឱ្យយើងស្គាល់អំពីភក្តីភាពរបស់ព្រះជាម្ចាស់ និងប្រវត្តិនៃសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រកបដោយជីវិតអាចនាំយើងឱ្យចូលរួមក្នុងប្រវត្តិនៃសេចក្តីស្រឡាញ់នេះ ថែមទាំងចិញ្ចឹមសេចក្តីសង្ឃឹម និងផ្តល់អំណរសារជាថ្មីដល់យើង។ អត្ថបទព្រះគម្ពីរដំណឹងល្អដែលយើងបានស្តាប់ឮក៏រំឭកយើងអំពីសេចក្តីទាំងអស់នេះដែរ។ ទេវទូតបានថ្លែងពីសេចក្តីសង្ឃឹមដល់ស្ត្រីៗទាំងនោះដោយពោលថា ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា (២៤,៦)។ ចូរនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូ នឹករឭកអំពីកិច្ចការដែលព្រះអង្គបានប្រព្រឹត្តនៅក្នុងជីវិតយើង។ ចូរកុំភ្លេចព្រះបន្ទូល និងកិច្ចការរបស់ព្រះអង្គ។ បើមិនដូច្នោះទេ យើងនឹងបាត់បង់សេចក្តីសង្ឃឹម ហើយយើងនឹងក្លាយទៅជាគ្រីស្តបរិស័ទដែលឥតសេចក្តីសង្ឃឹម។ ផ្ទុយទៅវិញ ត្រូវនឹករឭកអំពីព្រះអម្ចាស់ អំពីកិច្ចការដ៏អស្ចារ្យ និងអំពីព្រះបន្ទូលផ្តល់ជីវិតរបស់ព្រះអង្គដែលទាក់ទាញចិត្តយើង។ ចូរនឹកចាំសេចក្តីទាំងអស់នោះ ហើយធ្វើឱ្យវាទៅជារបស់យើង ដើម្បីក្លាយជាឆ្មាំនាព្រឹកព្រលឹមដែលចេះស្វែងរកសញ្ញាសម្គាល់នៃព្រះជន្មដ៏រុងរឿង។ បងប្អូនជាទីស្រឡាញ់ ព្រះគ្រីស្តមានព្រះជន្មដ៏រុងរឿងហើយ! យើងអាចបើកដួងចិត្តទទួលព្រះអំណោយទាននៃសេចក្តីសង្ឃឹម។ ចូរបើកដួងចិត្តរបស់យើងដើម្បីទទួលយកសេចក្តីសង្ឃឹម ហើយធ្វើដំណើរទៅមុខ។ សូមឱ្យការនឹករឭកនៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះអង្គក្លាយជាពន្លឺនាំផ្លូវយើងពោរពេញដោយការជឿជាក់ ដើម្បីចូលរួមក្នុងបុណ្យចម្លងដែលគ្មានទីបញ្ចប់។

នៅព្រះវិសាលវិហារសន្តសិលា
រាត្រីបុណ្យចម្លង ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០១៦

632 Views

Theme: Overlay by Kaira