អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី០៥ ខែ
កុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្តីអាហ្កាថ ជាព្រហ្មចារិនី
និងជាមរណសាក្សី

នាងអាហ្កាថ កើតនៅកោះស៊ីលីស (ខាងត្បូងប្រទេសអ៊ីតាលី )។ នៅឆ្នាំ ២៥១ ព្រះ​ចៅ​អធិរា​ជ​ រ៉ូមុំាងឌែស បៀតបៀនគ្រីស្តបរិស័ទ។ មានគ្រីស្តបរិស័ទជាច្រើន ជាពិសេស​អ្នក​រាជ​ការបាន​លះ​បង់​ជំនឿ បដិសេធន៍មិនទទួលស្គាល់ព្រះគ្រីស្ត។ រីឯយុវជនយុវនារីជាច្រើនវិញ មានចិត្តក្លាហាន ហ៊ាន​បូជា​ជីវិត​ព្រោះតែជំនឿរបស់ខ្លួន។ នាងអាហ្កាថ ជាស្រីក្រមុំម្នាក់ក្នុងចំណោមយុវជនយុវនារីទាំងនោះ។

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ៣,៤-១៣

ថ្ងៃមួយ ព្រះបាទសាឡូម៉ូនយាងទៅកាបូន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះរាជាថ្វាយសត្វមួយពាន់ ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅកាបូន ព្រះអម្ចាស់បានសម្តែងព្រះអង្គឱ្យទ្រង់ឃើញក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះ​បន្ទូលថា៖​«បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឱ្យ!»។ ព្រះបាទសាឡូម៉ូនទូលថា៖«ព្រះអង្គបានសម្តែងព្រះហប្ញទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្តីភាព សុចរិតនិងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហប្ញទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឱ្យទ្រង់មានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។ បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំឱ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេកមិនទាន់ចេះគ្រប់គ្រង់ស្រុកនៅឡើយ។ ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើស​រើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ហេតុនេះ សូមព្រះអង្គប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្រ្តរបស់ព្រះអង្គ ហើយឱ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្រ្តដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។

ព្រះអម្ចាស់សព្វព្រះហប្ញទ័យនឹងសំណូមពររបស់ ព្រះបាទសាឡូម៉ូនណាស់ ព្រះអង្គក៏មានព្រះបន្ទូលថា៖«អ្នកមិនបានទូលសូមឱ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ​ឬឱ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមឱ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្រ្តដោយយុត្តិធម៌។ ដូច្នេះ យើងនឹងធ្វើតាម សំណូម​ពរ​របស់អ្នក គឺយើងឱ្យអ្នកមានប្រាជ្ញា នឹងការយល់ដឹងដែលគ្មាននរណារម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។ លើសពីនេះ យើងក៏ផ្តល់ឱ្យអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិ ភាពថ្កុំថ្កើងរុង​រឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្តេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ»។

ទំនុកតម្កើងលេខ ១១៩ (១១៨),៩,១៤ បទពាក្យ ៧

តើពួកយុវជនធ្វើយ៉ាងណាឱ្យមានកិរិយាល្អត្រឹមត្រូវ
គឺប្រតិបត្តិត្រង់តាមផ្លូវមាគ៌ាតទៅនៃព្រះអង្គ
១០ទូលបង្គំខំស្វែងមិនមានឈប់ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកឱ្យខ្ញុំនៅត្រមង់កុំឱ្យវង្វេងពីវិន័យ
១១ទូលបង្គំតាំងចិត្តថែរក្សាបន្ទូលសន្យាដ៏ប្រពៃ
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វីឱ្យទាស់ព្រះទ័យទ្រង់ឡើយណា
១២បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំខ្ញុំលើកហត្ថា
តម្កើងព្រះអង្គសូមមេត្តាបង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ទូលបង្គំតែងតែពោលឥតឈប់រៀបរាប់សព្វគ្រប់នូវសេចក្តី
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃសម្រេចព្រះទ័យផ្តល់ជាទាន
១៤ទូលបង្គំត្រេកអរជាអនេកដោយបានពឹងផ្អែកដំបូន្មាន
ប្រៀបដូចជាខ្ញុំទទួលបានសម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាដក! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៣០-៣៤

ក្រុមសាវ័កដែលព្រះយេស៊ូចាត់ឱ្យទៅ វិលត្រឡប់មកគាល់ព្រះអង្គវិញ​ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្តីទាំងអស់ដែលគេបានបង្រៀន។ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឱ្យព្រះយេស៊ូ និងក្រុមសាវ័ករក​ពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរនាំគ្នា​មកកន្លែងស្ងាត់ដាច់ឡែកពីបណ្តាជន សម្រាក់បន្តិចសិន»។ ព្រះយេស៊ូក៏យាងចុះទូកជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ប៉ុន្តែ មានមនុស្សជាច្រើន​បានឃើញព្រះយេស៊ូ និងក្រុមសាវ័កចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គនិងសាវ័ក​​ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។​ កាលព្រះយេស៊ូយាងឡើងពីទូកមកទ្រង់​ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគេពន់​ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្តីផ្សេងៗជាច្រើន។





















303 Views

Theme: Overlay by Kaira