អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី៣១ ខែធ្នូ

សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ឬសន្ដស៊ីលវេស្ទឺ ទី​១ ជាសម្ដេចប៉ាប

អត្ថបទទី
សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ២,១៨-២១

ម្នាលកូនចៅទាំងឡាយ! ពេលនេះជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថា មានមេប្រឆាំងព្រះគ្រីស្តម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រីស្តជាច្រើននាក់មកដល់មែន ជាហេតុនាំឱ្យយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។ អ្នកទាំងនោះ បានចេញពីចំណោមពួកយើង តែពួកគេមិនមែនជាគ្នាយើងទេ! បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្តែ គេចាកចេញពីយើងដូច្នេះ បង្ហាញឱ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។ រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធបានចាត់ប្រេងមកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតនោះទេ គឺខ្ញុំសរសេរមក ព្រោះអ្នករាល់គ្នាស្គាល់សេចក្តីពិតរួចហើយ ហើយគ្មានពាក្យកុហកកើតពីសេចក្តីពិតទាល់តែសោះ។

ទំនុកតម្កើងលេខ ៩៦ (៩៥) ,១-៣.១១-១៣ បទព្រហ្មគីតិ

១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២.ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លៃថ្លា ។
៣.ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ ។
១១.សូមឱ្យអស់ផ្ទៃមេឃផែនដីស្រែកកុំសំចៃ
សមុទ្រមានទឹកប្រៃនិងអ្វីៗមានសង្ឃឹម ។
១២.ចូរឱ្យស្រែចម្ការអ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរាំលោតទន្ទ្រាំមុខព្រះម្ចាស់ ។
១៣.ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុត្តិធម៌ណាស់
កាត់ក្តីប្រជាច្បាស់គ្មានក្រឡះដោយទៀងត្រង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,៤.១២

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលប្រសូតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងខ្ញុំ។
អស់អ្នកដែលទទួលព្រះបន្ទូលនឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយសារព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,១-១៨

កាលពីដើមដំបូងបង្អស់ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់កាលពីដើម ដំបូងបង្អស់។ អ្វីៗសព្វសារពើ សុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភព នៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ពន្លឺភ្លឺក្នុងសេចក្តីងងឹត តែសេចក្តីងងឹតពុំបានទទួលពន្លឺទេ។ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។ លោកមកធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឱ្យគេអាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សទេ គឺកើតពីព្រះជាម្ចាស់វិញ។

ព្រះបន្ទូលកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញ សិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត។ លោកយ៉ូហាន បានផ្តល់សក្ខីភាពអំពីព្រះអង្គដោយប្រកាសថា៖គឺលោកនេះហើយ ដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ យើងទាំងអស់គ្នាទទួលព្រះហឫទ័យប្រណីសន្តោសមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះជាម្ចាស់ប្រទានធម្មវិន័យដោយសារលោកម៉ូសេ តែទ្រង់បានសម្តែងព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត ដោយសារព្រះយេស៊ូគ្រីស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ទេ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលនាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។

524 Views

Theme: Overlay by Kaira