អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក
សន្ដយ៉ូហានបូស្កូ ជាបូជាចារ្យ
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១៥,១៣-១៤.៣០, ១៦,៥-១៣ក
ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្តេចអាប់សាឡុមហើយ!»។ ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់នៅក្រុងយេរូសាឡឹមថា៖«ចូរនាំគ្នារត់ចេញទៅ! ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះដោយមុខដាវ»។ ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ទ្រង់ទទូរព្រះសិរសាហើយយាងដោយព្រះបាទទទេ។ រីឯបណ្តាជនទាំអស់ដែលឡើងទៅជាមួយស្តេចក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។ ពេលព្រះបាទដាវីឌយាងទៅដល់ភូមិ បាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសាអ៊ូលចេញពីភូមិមក ហើយជេរប្រទេចផ្តាសាព្រះបាទដាវីឌ។ គាត់យកដុំថ្មចោលទៅលើព្រះបាទដាវីឌ និងនាម៉ឺនមន្រ្តី ទោះបីមានបណ្តាជន និងពលទាហាននៅអមសងខាងស្តេចក៏ដោយ។ គាត់ជេរប្រទេសផ្តាសាស្តេចថា៖ «ចេញទៅ! ចេញទៅ! អាឃាតករ! អាចោលម្សៀត!។ ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសាអ៊ូល ដែលឯងបានដណ្តើមយករាជ្យ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ដករាជ្យនេះពីឯង ប្រគល់ទៅឱ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតករ»។ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ទូលព្រះបាទដាវីឌថា៖«បពិត្រព្រះករុណា! ម្តេចក៏ទុកឱ្យអាឆ្កែងាប់នេះជេរប្រទេចផ្តាសាព្រះករុណាជាអម្ចាស់ដូច្នេះ? ទូលបង្គំសូមទៅកាត់កវា»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ! ចូរកុំលូកដៃក្នុងរឿងនេះ។ ប្រសិនបើព្រះអម្ចាស់បង្គាប់ ឱ្យគេដាក់បណ្តាសាយើង មិនត្រូវឱ្យនរណាម្នាក់ស្តីបន្ទោសគេឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអប៊ីសាយ និងមន្រ្តីទាំងអស់ថា៖«សូម្បីតែបុត្របង្កើត ដែលជាសាច់ឈាមរបស់យើង វារកសម្លាប់យើងទៅហើយ ចុះទម្រាំបើបេនយ៉ាមីនម្នាក់នេះវិញ ទុកឱ្យគេជេរប្រទេចផ្តាសាយើងទៅ ប្រសិនបើព្រះអម្ចាស់បង្គាប់ ឱ្យគេជេរដូច្នេះ។ ប្រហែលជាព្រះអម្ចាស់ទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឱ្យពាក្យបណ្តាសា នៅថ្ងៃនេះ ប្រែមកជាពាក្យជូនពរទៅវិញ»។ ព្រះបាទដាវីឌនិងពលទាហានបន្តដំណើរតាមផ្លូវទៅមុខ»។
ទំនុកតម្កើងលេខ ៣,២-៧ បទបន្ទោលកាក
២. | ឱ! ព្រះអម្ចាស់ | សត្រូវច្រើនណាស់ជិតជុំ | |
អ្នកប្រឆាំងខ្ញុំ | ក៏មកមូលផ្តុំច្រើនដែរ | ។ | |
៣. | អ្នកខ្លះពោលថា៖ | «អង្គម្ចាស់ក្សត្រាងាកបែរ | |
មិនសង្រ្គោះទេ | ទ្រង់ទុកឱ្យគេឯកា» | ។ | |
៤. | ឱ! ព្រះអម្ចាស់ | ទ្រង់វិសេសណាស់អស្ចារ្យ | |
ជាខែលការពារ | ដល់ខ្ញុំនេះណាពិតណាស់ | ។ | |
ព្រះអង្គប្រទាន | សិរីឱ្យមានត្រចះ | ||
ហើយព្រះអង្គប្រោស | ឱ្យខ្ញុំងើបមុខវិញបាន | ។ | |
៥. | ខ្ញុំហៅរកព្រះ | ជាម្ចាស់អស់ពីចិត្តប្រាណ | |
ព្រះអង្គក៏បាន | តបឆ្លើយពីភ្នំឥតសល់ | ។ | |
៦. | ខ្ញុំទំរេតខ្លួន | លង់លក់សមសួនស្កប់ស្កល់ | |
ភ្ញាក់ឡើងឥតខ្វល់ | ដ្បិតទ្រង់ផ្តល់ការគាំទ្រ | ។ | |
៧. | ទោះបីមានមនុស្ស | លើកគ្នាស្រីប្រុសឈូឆរ | |
ប្រឆាំងតបត | ក៏ខ្ញុំមិនភ័យខ្លាចដែរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លូកា ៧,១៦
អលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្តមម្នាក់ បានកើតឡើងនៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,១-២០
ព្រះយេស៊ូ និងសាវ័កទៅដល់ត្រើយម្ខាងក្នុងតំបន់កេរ៉ាសា។ កាលព្រះអង្គយាងឡើងពីទូកភ្លាម មានបុរសខ្មោចចូលម្នាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដងប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះបានជានិច្ច គ្មាននរណាអាចបង្រ្កាបគាត់បានឡើយ។ គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖«ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីដល់ទូលបង្គំ? ទូលបង្គំសូមអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី!»។ ខ្មោចនិយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖«នែ៎! ខ្មោចបិសាច! ចូរចេញពីអ្នកនេះទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅខ្មោចថា៖«ឯងឈ្មោះអ្វី?»។ ខ្មោចទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ វាទទូចអង្វរ សូមកុំឱ្យព្រះអង្គបណ្តេញពួកវាចេញពីស្រុកនោះ។ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ី នៅតាមចង្កេះភ្នំ។ ពួកខ្មោចអង្វរព្រះយេស៊ូថា៖«សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ព្រះយេស៊ូក៏យល់ព្រម ខ្មោចចេញពីបុរសនោះ ទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ ពួកអ្នកថែរក្សាហ្វូងជ្រូក យករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ។ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលមានខ្មោចកងទ័ពចូលកាលពីមុន អង្គុយមានសម្លៀកបំពាក់ ហើយដឹងស្មារតីនោះ គេក៏កោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកនាំគ្នារៀបរាប់ប្រាប់គេអំពីហេតុការណ៍ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ គេទូលអង្វរព្រះយេស៊ូ ឱ្យចាកចេញពីស្រុកភូមិរបស់គេ។ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលខ្មោចចូលពីមុន អង្វរសុំនៅជាមួយព្រះអង្គ។ ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានអាណិតអាសូរប្រោសដល់អ្នក»។ បុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់ឱ្យប្រជាជនក្នុងស្រុកដេកាប៉ូលដឹង អំពីការទាំងអស់ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលឮពាក្យគាត់ ក៏កោតស្ញប់ស្ញែងក្រៃលែង។