អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា

ពណ៌បៃតង

អត្ថបទទី១សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១,៤-៥.១៧-១៩

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងស្គាល់អ្នក តាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់ យើងតាំងពីមុនពេលអ្នកកើតដែរ យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា។ ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មានដែលយើងនឹងបង្គាប់ឱ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឱ្យអ្នករឹតតែតក់ស្លុតថែមទៀត។ ថ្ងៃនេះ យើងពង្រឹងអ្នកឱ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឱ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេចស្រុកយូដា និងនាម៉ឺនសព្វមុខមន្រ្ដី ក្រុមបូជា ចារ្យ ហើយអ្នកស្រុកនេះ។ ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងលេខ ៧១ (៧០),៥-៨.១៧-១៩ បទពាក្យ ៧

៥.បពិត្រព្រះជាអម្ចាស់អើយទូលបង្គំនេះហើយផ្ញើជីវិត
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
៦.ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែច្នៃខ្ញុំឥតឈប់
៧.មនុស្សម្នាជាច្រើនចេះតែនឹកឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ជីវិតខ្ញុំស្ងប់រៀងរហូត
៨.ទូលបង្គំតែងពោលពាក្យសរសើរព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូតព្រះតែមួយគត់ទាំងយប់ថ្ងៃ
១៧.បពិត្រព្រះជាម្ចាស់ខ្ញុំអើយទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្រានេះម្ដងចិត្ដនៅចាំចងតែព្រះអង្គ
១៨.ឱ!ព្រះជាម្ចាស់ថ្លៃខ្ញុំអើយសក់សទៅហើយធ្មេញបាក់ផង
ខ្ញុំចាស់ជរាគ្រានេះម្ដងសូមកុំបោះបង់ខ្ញុំចោលឡើយ
ដើម្បីឱ្យខ្ញុំអាចប្រកាសពីស្នាព្រះហស្ដព្រះម្ចាស់ថ្លៃ
ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យឫទ្ធាបារមីព្រះជាម្ចាស់
១៩.បពិត្រជាម្ចាស់ខ្ញុំអើយហឫទ័យល្វឹងល្វើយសុចរិតណាស់
ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ឱព្រះជាម្ចាស់គ្មានអ្នកដូច

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,៣១-១៣-១៣ (ឬអានយ៉ាងខ្លី ១៣,៤-១៣)

បងប្អូនជាទីស្រឡាញ់
ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្ដែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។ ទោះបីខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ ទោះបីខ្ញុំទទួល​ព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំង​ទាំង​​អស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើ​ឱ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំ គ្មានសេចក្ដី​ស្រ​ឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ ទោះបីខ្ញុំយកទ្រព្យសម្បត្តិ​របស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្ដឱ្យគេយករូបកាយខ្ញុំ​ទៅ​ដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍​អ្វីដល់ខ្ញុំដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមអានតាំងពីកន្លែងនេះទៅ

អ្នកមានចិត្ដស្រឡាញ់ តែងតែអត់ធ្មត់ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់ មិនវាយឫកខ្ពស់ មិនអួតបំប៉ោងឡើយ។ អ្នកមានចិត្ដស្រឡាញ់ មិនប្រព្រឹត្ដអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្ដស្រឡាញ់ អត់ឱន ឱ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។

សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯអ្វីដែលយើងស្គាល់ពីព្រះជាម្ចាស់ក៏នឹងអស់ខ្លឹមសារទៅដែរ។ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ លុះដល់ពេលយើងដឹងសព្វ គ្រប់អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ កាលពីក្មេងខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ដែលជាលក្ខណៈរបស់ក្មេងចោល។ សព្វថ្ងៃនេះ យើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់។ នៅពេលខាងមុខ ទើបយើងនឹងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ ពេលខាងមុខ ទើបខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ ដែរ។ ឥឡូវនេះមានសេចក្ដីបីយ៉ាងគឺ​ ជំនឿ សេចក្ដីសង្ឈឹម សេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៦៧,៣

អលេលូយ៉ា! អាលេលូយ៉ា!
មនុស្សគ្រប់ជាតិសាសន៍នឹងទទួលស្គាល់ ការសង្គ្រោះនៃព្រះរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,២១-៣០

ព្រះយេស៊ូយាងចូលក្នុងធម្មសាលានៅក្រុងណាសារ៉ែត។ ក្រោយពីព្រះអង្គអានគម្ពីរព្យាការីអេសាយរួចហើយ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលថា៖«ហេតុការណ៍ដែលមាន ចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អម្បាញ់មិញបានកើតជារូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូលស្ដីអំពីការប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖«អ្នកនេះ មិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា” គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឱ្យជាសិនទៅ!” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង!។ ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា យើងឮគេនិយាយអំពីកិច្ចការទាំងអស់ដែលអ្នកធ្វើនៅក្រុងកាផានុម ចូរធ្វើការដដែលនៅទីនេះ ជាស្រុកកំណើតរបស់អ្នកឱ្យយើងឃើញផង!។

ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំង អស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឱ្យមានទុរ្ភឹក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្រ្ដីមេម៉ាយជាច្រើន។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលី ឱ្យទៅជួយស្រ្ដីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោក ឱ្យទៅជួយស្រ្ដីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ នៅជំនាន់ ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មានអ្នកណាម្នាក់ បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។

កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំនាំ ឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ប៉ុន្ដែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។

341 Views

Theme: Overlay by Kaira