ថ្ងៃទី២៩ ខែធ្នូ
សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣

ឬសន្ដថូម៉ាស បេកេត
ជាអភិបាល និងជាមរណសាក្សី

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានសម្តែងព្រះហឫទ័យដ៏ទូលំទូលាយរបស់ព្រះអង្គ ដោយប្រោសប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យយាងមកធ្វើជាពន្លឺដ៏ពិតប្រាកដ និងបំបាត់ភាពងងឹតចេញពីពិភពលោកនេះ។ គ្មាននរណាម្នាក់អាចមើលព្រះអង្គឃើញបានឡើយ មានតែព្រះបុត្រាទេដែលបានបង្ហាញព្រះបិតាឱ្យយើងខ្ញុំ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ២,៣-១១

កូនចៅជាទីស្រឡាញ់! ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះយេស៊ូគ្រីស្តនោះ ទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា “ខ្ញុំស្គាល់ព្រះអង្គហើយ” តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេឡើយ។ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិត​នៅក្នុងព្រះអង្គ ដោយសេចក្តីនេះ គឺអ្នកណាអះអាងថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមមាគ៌ា ដូចព្រះយេស៊ូជាអម្ចាស់ធ្លាប់រស់នោះដែរ។ កូនចៅជាទីស្រឡាញ់អើយ! ខ្ញុំមិនសរសេរវិន័យថ្មីណាមួយ​មកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរវិន័យចាស់ ជាវិន័យដែលអ្នករាល់គ្នាបានទទួលតាំងពីដើមរៀងមក។ វិន័យចាស់នេះ ជាព្រះ​បន្ទូលដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។ ក៏ប៉ុន្តែ វិន័យដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ក៏ដូចជាវិន័យមួយថ្មីដែរ គឺពិតជាថ្មីចំពោះព្រះគ្រីស្ត និងចំពោះអ្នករាល់គ្នា ដ្បិតភាពងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។ អ្នកណាអះអាង​ថា ខ្លួនស្ថិតនៅក្នុងពន្លឺតែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងភាពងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឱ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។ រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងភាពងងឹត គេរស់ក្នុងភាពងងឹតទាំងពុំដឹងថា ខ្លួនកំពុងទៅណាផង ព្រោះភាពងងឹតបានធ្វើឱ្យភ្នែករបស់គេទៅជាខ្វាក់។

ទំនុកតម្កើងលេខ ៩៦ (៩៥), ១-៣.៥-៦ បទព្រហ្មគីតិ

១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២.ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លាថ្លៃ ។
៣.ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ ។
៥.ព្រះនៃសាសន៍ផ្សេងណាមិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ ។
៦.មានពន្លឺរស្មីចែងចាំក្រៃល្អពន់ពេក
ដំណាក់គន់គាប់ភ្នែកបារមីប្លែកថ្កើងត្រចង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៣២

អាលេលូយ៉ា! អាលេលូយ៉ា!
ពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិសាសន៍មកដល់​ហើយ! សិរីរុងរឿងរបស់ប្រជាជនអ៊ីស្រាអែលក៏មកដល់ដែរ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,២២-៣៥

កាលពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជម្រះកាយឱ្យបរិសុទ្ធ តាមធម្មវិន័យលោកម៉ូសេ មកដល់ អ្នកទាំងពីរនាំព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ដ្បិតក្នុងធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖”កូនប្រុសច្បងទាំងអស់ត្រូវទុកថ្វាយព្រះអម្ចាស់”។ អ្នកទាំងពីរថ្វាយយញ្ញបូជាតាមធម្មវិន័យរបស់ព្រះអម្ចាស់បានចែងទុកមក គឺគេថ្វាយលលកមួយគូ ឬព្រាបស្ទាវពីរ។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សសុចរិត។ គាត់គោរពកោតខ្លាចព្រះជាម្ចាស់ព្រមទាំងទន្ទឹងរង់ចាំព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែលផង។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតនៅលើគាត់ ហើយសម្តែងឱ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ទេ ដរាបណាគាត់មិនបានឃើញព្រះគ្រីស្តដែលព្រះអម្ចាស់ចាត់ឱ្យ មកនោះឡើយ។ ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់តាមធម្មវិន័យ លោកតាស៊ីម៉ូនក៏យកព្រះឱរស មកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖«បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ! ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាក លោកនេះទៅដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្រព្រះអង្គ»។
មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្តីដែលលោកតាស៊ីម៉ូននិយាយអំពីព្រះឱរសនោះណាស់។ លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖«ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះនឹងទៅជាទីសម្គាល់មួយ បង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះនឹងធ្វើឱ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង។ រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកធ្វើជាតង្វាយពិសេសរបស់យើងខ្ញុំ។ យើងខ្ញុំក៏សូមថ្វាយខ្លួនរួមជាមួយព្រះបុត្រាព្រះអង្គដែរ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យអាចទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ។ យើងខ្ញុំសូមអរព្រះគុណព្រះ​អង្គ សូមទ្រង់ព្រះមេត្តាណែនាំ និងគាំទ្រជីវិតយើងខ្ញុំជានិច្ច។ សូមឱ្យយើងខ្ញុំអាចទទួលស្គាល់ព្រះបុត្រាដែលគង់នៅជាមួយយើងខ្ញុំក្នុងលោកនេះ គឺព្រះអង្គដែលគង់នៅជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

294 Views

Theme: Overlay by Kaira