លោកយ៉ូហានបានផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តអស់មួយជិវិត។ លោករៀបចំផ្លូវថ្វាយព្រះអង្គ ហើយសុខចិត្តដាក់ខ្លួនដើម្បីឱ្យគេស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ លោកជាព្យាការីមួយរូបដែលមិនចង់គាប់ចិត្តមនុស្សលោកទេ គឺមានបំណងឱ្យមនុស្សលោកប្រែចិត្តគំនិតវិញ ទាំងប្រកាសព្រះបន្ទូល ទាំងធ្វើអំពើល្អជាគំរូផង។ អ្នកដែលមិនព្រមទទួលសេចក្តីពិតនាំគ្នាស្អប់លោក ហើយរួមគ្នាប្រហារជីវិតលោក។ ឈាមរបស់លោកផ្តល់សក្ខីភាពខ្លាំងជាងសម្តីរបស់លោកទៅទៀត។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យឱ្យសន្តយ៉ូហាននាំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ ទាំងនៅពេលលោកកើតមក ទាំងនៅពេលលោកទទួលមរណភាព។ លោកបានបូជាជីវិតដើម្បីសេចក្តីពិត និងយុត្តិធម៌។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំមានចិត្តក្លាហាន ហ៊ានប្រថុយជីវិតក្នុងការបម្រើព្រះបន្ទូលព្រះអង្គផង។
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូ ១ករ ១,១-៩
ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅឱ្យធ្វើជាគ្រីស្ដទូតរបស់ព្រះគ្រីស្ដយេស៊ូ ខ្ញុំ និងលោកសូស្ដែន សូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធព្រមទាំងប្រោសប្រទានឱ្យវិសុទ្ធ ក្នុងអង្គព្រះគ្រីស្ដយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន!។ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រីស្ដយេស៊ូ។ ដោយរួមជាមួយព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។ សក្ខីភាពរបស់ព្រះគ្រីស្ដបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ ព្រះអង្គនឹងធ្វើឱ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើងយាងមកដល់។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅបងប្អូនឱ្យរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),១-៦.១៥-.១៧ បទព្រហ្មគីតិ
| ១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
| ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ |
| | ជារៀងដរាប | ។ |
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប |
| | រហូតតទៅ | ។ |
| ៣ | ព្រះម្ចាស់ឧត្តម | ប្រសើរសក្តិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ |
| | រកអ្វីផ្ទឹមគ្មាន | ។ |
| ៤ | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រះហស្តព្រះអង្គ | ការអស្ចារ្យផង |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
| ៥ | ខ្ញុំរាប់ខ្ញុំរៀប | ពីអនុភាព | បារមីមានឫទ្ធិ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត |
| | គ្រប់ស្នាព្រះហស្ត | ។ |
| ៦ | គេនឹងថ្លាថ្លែង | អានុភាពស្ញប់ស្ញែង | បារមីខ្ពង់ខ្ពស់ |
| ខ្ញុំក៏ថ្លាថ្លែង | កិច្ចការទាំងអស់ | ជាស្នាព្រះហស្ត |
| | ទ្រង់ធ្វើហូរហែ | ។ |
| ១៥ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | ចាំមិនហ៊ានខាន |
| ដោយចិត្តសង្ឃឹម | ពួកគេនឹងបាន | អាហារគ្រប់ប្រាណ |
| | តាមពេលកំណត់ | ។ |
| ១៦ | ទ្រង់មានព្រះទ័យ | ទូលាយពេកក្រៃ | ពេញដោយប្រាកដ |
| ព្រះអង្គប្រទាន | ដល់អ្នកក្រខ្សត់ | បានឆ្អែតគ្រប់មាត់ |
| | តាមចិត្តប្រាថ្នា | ។ |
| ១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
| ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា |
| | ទ្រង់បានប្រព្រឹត្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,១៧-២៩
ព្រះបាទហេរ៉ូដបានបញ្ជាឱ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយព្រះអង្គជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖«ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ ព្រះនាងហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត និងជាអ្នកដ៏វិសុទ្ធ។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ស្ដេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឱ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖«បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឱ្យនាង»។ បន្ទាប់មកស្ដេចស្បថនឹងនាងថា៖«អ្វីៗដែលនាងសុំពីយើង យើងនឹងឱ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖«ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖«ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្ដេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ស្ដេចបញ្ជាទាហានម្នាក់ឱ្យទៅយកក្បាលលោកយ៉ូហានមកភ្លាម។ ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយមកប្រគល់ឱ្យយនាង ហើយនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរស់នៅដោយទៀងត្រង់ ដូចសន្តៈយ៉ូហានបាទីស្តតាំងពីពេលលោកប្រកាសព្រះបន្ទូលក្នុងវាលរហោស្ថាន រហូតដល់ពេលបូជាជិវិតថ្វាយព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យហ៊ានធ្វើសាក្សីថ្វាយព្រះអង្គគ្រប់ពេលវេលាផង។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ព្រះអង្គប្រកបដោយតេជានុភាពសព្វប្រការ ហើយមានព្រះជន្មអស់កល្បជានិច្ច! យើងខ្ញុំសូមសរសើរតម្កើង និងអរព្រះគុណព្រះអង្គ! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាលើកតម្កើងស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានសម្រេចសម្រាប់សន្តយ៉ូហានបាទីស្ត ជាអ្នកដ៏ប្រសើរជាងគេក្នុងចំណោមមនុស្សទាំងឡាយ គឺលោកត្រេកអរក្នុងផ្ទៃម្តាយនៅពេលព្រះសង្គ្រោះយាងមកដល់។ ពេលលោកកើតមក លោកនាំអំណរសប្បាយយ៉ាងខ្លាំងដល់មនុស្សលោក។ ក្នុងចំណោមព្យាការីទាំងឡាយ មានតែលោកទេ ដែលបង្ហាញព្រះគ្រីស្តជាកូនចៀមរបស់ព្រះជាម្ចាស់។ ដោយលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះយេស៊ូក្នុងទន្លេយ័រដាន់ ទឹកទាំងឡាយ អាចធ្វើពិធីជ្រមុជទឹកបាន។ ជាទីបញ្ចប់ លោកធ្វើសាក្សីថ្វាយព្រះគ្រីស្តយ៉ាងល្អបំផុតដោយលោកបូជាជីវិតថ្វាយព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!…”
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណ និងស្ញើចសរសើរព្រះអង្គ ដែលបានប្រទានអគ្គសញ្ញាឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តប្រព្រឹត្តតាមជំនឿរបស់ខ្លួនដោយមិនខ្លាចនរណា ដូចសន្តយ៉ូហានបាទិស្តផង។
432 Views
Post Views:
436