ថ្ងៃទី២៩ ខែមេសា
សន្តីកាតារីន ជាព្រហ្មចារិនី
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ក្រុងស៊ីយែន
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសសន្តីកាតារីណាឱ្យស្រឡាញ់ព្រះអង្គយ៉ាងខ្លាំងបំផុតដោយនាងនឹកសញ្ជឹងគិតអំពីព្រះយេស៊ូរងទុក្ខលំបាក។ ព្រះអង្គក៏បានត្រាស់ហៅនាងឱ្យបម្រើព្រះសហគមន៍ផងដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ និងគ្រីស្តបរិស័ទទាំងអស់ឱ្យរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង ហើយដែលសោយរាជ្យជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
បុណ្យរម្លឹក
នាងកាតារីន (១៣៤៧-១៣៨០) កើតនៅទីក្រុងស៊ីយែណា (ប្រទេសអ៊ីតាលី)។ កាលអាយុ ២០ឆ្នាំ នាងបានប្រមូលក្រុមគ្រីស្តបរិស័ទដែលមានចិត្តអធិដ្ឋាន និងតមអាហារដូចនាង។ ទោះបីនាងនៅក្មេងហើយមិនចេះអក្សរក៏ដោយ ក៏នាងខិតខំអង្វរសម្តេចប៉ាបដែលស្នាក់នៅក្រុងអាវីញ៉ុង (ប្រទេសបារាំង) ឱ្យវិលត្រឡប់មករស់នៅក្រុងរ៉ូមវិញ។ នាងមានប្រាជ្ញាឈ្លាសវៃ និងស្រឡាញ់ព្រះគ្រីស្តយ៉ាងខ្លាំង។ មានគេសរសេរសេចក្តីដែលនាងសូត្រ ហើយនិពន្ធសៀវភៅដែលមានសារៈសំខាន់ជាទីបំផុត។
អត្ថបទទី១ សូមថ្លែងលិខិតទី១របស់សន្ដយ៉ូហាន ១យហ ១,៥-២,២
ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រីស្ត ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។ ប៉ុន្តែប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឱ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ប៉ុន្តែបើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត ព្រះអង្គនឹងអត់ទោសយើងឱ្យរួចពីបាប ព្រមទាំងជម្រះយើងឱ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
ទំនុកតម្កើងលេខ ១៤៨, ១-២.១១-១៤ បទពាក្យ ៧
១ | ចូរលើកតម្កើងព្រះអម្ចាស់ | ទ្រង់គឺជាព្រះដ៏វិសុទ្ធ | |
អ្នកដែលនៅស្ថានខ្ពស់បំផុត | បញ្ចេញពាក្យពិតថ្កើងព្រះអង្គ | ។ | |
២ | ឱ! ពួកទេវទូតទាំងអស់អើយ | ចូរសរសើរហើយតម្កើងផង | |
ទាំងពួកទេវតាកុំរេរង់ | សរសើរព្រះអង្គព្រះនៃអ្នក | ។ | |
១១ | អស់ស្តេចទាំងឡាយលើផែនដី | ប្រជាប្រុសស្រីគ្រប់ទាំងអស់ | |
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ | នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ | ។ | |
១២ | យុវជននារីចាស់ជរា | កូនក្មេងនាំគ្នាលើកសិរី | |
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ | មិនអាចរកអ្វីប្រៀបស្មើបាន | ។ | |
១៣ | ចូរកោតសរសើរនាមព្រះម្ចាស់ | ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន | |
ព្រះនាមព្រះអង្គល្អថ្កើងថ្កាន | ពាសពេញទីស្ថានមេឃនិងដី | ។ | |
១៤ | ព្រះអង្គបានប្រោសអស់ប្រជា | រាស្រ្តទាំងអស់គ្នាមានសេរី | |
កម្លាំងមាំមួនខ្លាំងពេកក្រៃ | មិនឱ្យមានអ្វីមករំខាន | ។ | |
អស់អ្នកដែលជឿងលើព្រះអង្គ | គឺជារាស្រ្តទ្រង់ដ៏ចំណាន | ||
អ៊ីស្រាអែលអើយអ្នកនឹងបាន | ខ្ពស់មុខសុខសាន្តតទៅអើយ | ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៤,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរស! ព្រះអង្គប្រទានឱ្យយើងមានម្ហូបអាហារយ៉ាងបរិបូណ៌ និងមានអំណរសប្បាយផង! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០, ៣៨-៤២
កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្តែមានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនេះ ដើម្បីលើកតម្កើងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តលះបង់អ្វីៗទាំងអស់ដើរតាមព្រះគ្រីស្តដែលសោយទិវង្គត គឺព្រះគ្រីស្តដែលមានព្រះជន្មគង់នៅជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
សូមអរព្រះគុណ
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានអាហារដែលចុះពីស្ថានបរមសុខឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅតាមឋានៈជាបុត្រធីតារបស់ព្រះអង្គផង។