អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៩ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌បៃតង
ធម្មតា

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២​សម ១២,១-៧.១០-១៧

ព្រះអម្ចាស់ចាត់ព្យាការីណាថាន ឱ្យទៅគាល់ព្រះបាទដាវីឌ។ លោកណាថានចូលទៅគាល់ស្តេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។ សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។ រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់ទិញមក។ គាត់ចិញ្ជឹមវា ហើយ វាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាដូចជាកូនស្រីរបស់គាត់។ ថ្ងៃមួយ មានអ្នកដំណើរម្នាក់មកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ គាត់បែរជាទៅយក​កូនចៀមរបស់អ្នកក្រមកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។ ព្រះបាទដាវីឌខ្ញាល់នឹងសេដ្ឋីនោះ​យ៉ាងខ្លាំង ហើយមានរាជឱង្ការទៅកាន់លោកណាថានថា៖«យើងសូមស្បថក្នុង​​ព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា មនុស្សដែលប្រព្រឹត្ដដូច្នេះ ត្រូវតែ​ទទួលទោសដល់ជីវិត។ គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។

ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖«គឺព្រះករុណាហើយដែលប្រព្រឹត្តដូច្នេះ! ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «តាំងពីពេលនេះតទៅ​នៅក្នុងគ្រួសាររបស់អ្នក តែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបាន​មើងាយយើង ដោយយកប្រពន្ធរបស់អ៊ូរីជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងធ្វើឱ្យមានរឿងអពមង្គលកើតចេញពីក្នុង​គ្រួសាររបស់អ្នក យើងនឹងយកស្ត្រីស្នំ ទាំងប៉ុន្មានរបស់អ្នក ប្រគល់ឱ្យមនុស្សម្នាក់ដែលជាសាច់ឈាមរបស់អ្នក ហើយគេនឹងរួមដំណេកជាមួយស្រ្តីទាំងនោះ នៅកណ្តាល​វាលចំពោះមុខអ្នកផង។ អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើងវិញយើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញ នៅកណ្តាលវាល ឱ្យប្រជាជនអ៊ីស្រាអែល​ទាំងមូលឃើញ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើង​បានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។ ព្យាការីណាថាន​ទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឱ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គត​ទេ។ ប៉ុន្តែដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឱ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគត​ជាមិន​ខាន»។ បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ​។

ព្រះអម្ចាស់ធ្វើឱ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើត​ថ្វាយព្រះបាទដាវីឌនោះមានជំងឺ។ ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឱ្យកូននោះ ទាំង​តមអាហារ ហើយកាលទ្រង់យាងចូលក្រឡាបន្ទំ ទ្រង់ផ្ទំផ្ទាល់នឹងដី។ ពួកចាស់ទុំ​នៅក្នុងតំណាក់ទទូចសូមឱ្យស្តេចឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយ​ព្រះស្ងោយជាមួយពួកគេដែរ។

ទំនុកតម្កើងលេខ ៥១ (៥០),១២-១៧ បទពាក្យ ៧

១២.ឱព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣.សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤.សូមប្រោសឱ្យខ្ញុំអរសប្បាយព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយដោយប្រទានឱ្យធ្វើតាមផង
១៥.រូបខ្ញុំនឹងខំប្រៀនប្រដៅមនុស្សពាលកម្លៅមិនឱ្យហ្មង
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់របស់ព្រះអង្គជាដរាប
១៦.ឱព្រះជាម្ចាស់ព្រះសង្រ្គោះសូមជួយរំដោះខ្ញុំពីស្លាប់
ខ្ញុំនឹងទន្ទេញប្រកាសប្រាប់សុចរិតគួរគាប់នៃព្រះអង្គ
១៧.ឱព្រះអម្ចាស់​កុំស្ទាក់ស្ទើរជួយខ្ញុំបន្លឺសំឡេងផង
ខ្ញុំនឹងប្រកាសឱ្យរំពងពាក្យលើកតម្កើងទ្រង់ឥតភ្លេច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះសូរសៀងរបស់ព្រះអម្ចាស់បង្រ្កាបខ្យល់ និងសមុទ្រ ព្រះអង្គគ្រងរាជ្យលើមហាសមុទ្រផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,៣៥-៤១

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាអស់មួយថ្ងៃទៅកាន់បណ្តាជន។ លុះដល់​ល្ងាច ព្រះអង្គមាន្រះបន្ទូលទៅក្រុមសាវ័កថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»​។ ក្រុមសាវ័កក៏ចេញពីបណ្តាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយ​មានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្តាលឱ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ​ ព្រះអង្គផ្ទំលក់លើខ្នើយនៅកន្សៃងទូក។ ក្រុមសាវ័កដាស់ព្រះអង្គថា៖ «លោកគ្រូ! យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង ហើយមាន​ព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់​ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាកំសាកដូច្នេះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿ​ទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិទៅមកថា៖ «តើ​លោកនេះជានរណា បានជាខ្យល់ព្យុះនិងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ?»។

313 Views

Theme: Overlay by Kaira