សន្តអូគូស្តាំង ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកអូគូស្តាំង (៣៥៤-៤៣០) ជាសាស្ត្រាចារ្យជាតិរ៉ូម៉ាំងម្នាក់ដែលរស់នៅអាហ្វ្រិក។ លោកមានកិរិយាមារយាទខិលខូច។ សន្តីមូនិក ជាម្តាយ តែងតែអង្វរព្រះជាម្ចាស់ទាំងទឹកភ្នែកជាយូរឆ្នាំសូមឱ្យកូនប្រែចិត្តគំនិត។ ក្រោយពេលលោកប្រែចិត្តគំនិតហើយ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង។ សន្តអំប្រ័សជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ធ្វើអគ្គសញ្ញាជ្រមុជទឹកជួនលោក។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងអីប៉ូន (ក្រុងអាណាបា នៅប្រទេសស៊េរីសព្វថ្ងៃ)។ លោកយកចិត្តទុកដាក់ជួយការពារលទ្ធិជំនឿដ៏ពិតប្រាកដពីគ្រីស្តបរិស័ទដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយ។ លោកនិពន្ធសៀវភៅជាច្រើន ជាពិសេសសេចក្តីអត្ថាធិប្បាយគម្ពីរ។ ក្នុងសៀវភៅមួយមានចំណងជើងថា “ការប្រកាសធម៌មេត្តាករុណា” លោករ៉ាយរ៉ាប់ប្រវត្តិរបស់ខ្លួនក្នុងគោលបំណង លើកតម្កើងព្រះជាម្ចាស់ដែលបានណែនាំគាត់តាំងពីតូចមក។ ក្នុងសៀវភៅមួយទៀតដែលមានចំណងជើងថា “ទីក្រុងរបស់ព្រះជាម្ចាស់” លោករិះគិតពិចារណាអំពីប្រវត្តិសាស្ត្រមនុស្សលោក ទាំងបញ្ជាក់មុខងារព្រះសហគមន៍ក្នងប្រវត្តិសាស្ត្រនេះ។ លោកសរសេរជាសេចក្តីសង្ខេបនៃពាក្យទូន្មានរបស់លោកដូចតទៅ៖ “ឱ្យតែអ្នកមានចិត្តស្រឡាញ់ អ្វីៗក៏អ្នកធ្វើបានតាមចិត្ត”។ សន្តអូគូស្តាំងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងព្រះសហគមន៍។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសប្រទានឲ្យសន្ត អូគូស្តាំងមានចិត្តចង់ស្វែងរកព្រះអង្គយ៉ាងខ្លាំងបំផុត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្វែងរកព្រះអង្គដូចលោកដែរ សូមឱ្យយើងខ្ញុំស្រេកឃ្លានតែព្រះអង្គ គឺព្រះអង្គដែលជាប្រភពនៃប្រាជ្ញាដ៏ពិតប្រាកដ និងជាប្រភពនៃសេចក្តីស្រឡាញ់អស់កល្បជានិច្ចផង។
សូមថ្លែងលិខិតទី១របស់លោកយ៉ូហាន ១យហ ៤,៧-១៦
កូនចៅជាទីស្រឡាញ់អើយ! យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ព្រះជាម្ចាស់បានសម្ដែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្ម លោះយើងឱ្យរួចពីបាបផង។ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយព្រះអង្គបានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
ទំនុកតម្កើងលេខ ៨៩(៨៨),២-៥.២១-២២.២៥.២៧ បទកាកគតិ
| ២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
| បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ |
| | អង្វែងតទៅ | ។ |
| ៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
| របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ |
| | ដូចផ្ទៃមេឃា | ។ |
| ៤ | យើងចងសម្ពន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា |
| ជ្រើសលោកដាវីឌ | ហើយតែងតាំងជា | បម្រើការពារ |
| | ឥតមានប្រែប្រួល | ។ |
| ៥ | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល |
| តាំងរាជ្យឱ្យអ្នក | នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល |
| | អង្វែងដរាប | ។ |
| ២១ | យើងឃើញដាវីឌ | ជាអ្នកប្រណិប័តន៍ | ឥតមានឆ្មៃឆ្មើង |
| យើងក៏ចាក់ប្រេង | អភិសេកគេឡើង | ជាស្តេចថ្កុំថ្កើង |
| | គ្រងរាជ្យរហូត | ។ |
| ២២ | ហើយយើងនឹងជួយ | ជ្រែងជាជំនួយ | មិនឱ្យរបូត |
| ទាំងផ្តល់កម្លាំង | រៀងរៀបមិនស្ងួត | ពូកែរហូត |
| | អំណាចពេញប្រៀប | ។ |
| ២៥ | យើងនឹងបញ្ចេញ | ហឫទ័យពោរពេញ | ករុណាអាណិត |
| ចំពោះរូបគេ | នឹងបាននែបនិត្យ | ថ្កើងរុងរឿងពិត |
| | ដោយសារនាមយើង | ។ |
| ២៧ | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ |
| ដែលបានសង្គ្រោះ | រំដោះរូបខ្ញុំ | បានឡើងឧត្តម |
| | ខ្ពង់ខ្ពស់សង្ហារ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,៩ខ.១០ខ
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមាន“ព្រះបិតា”តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ អ្នករាល់គ្នាមានតែព្រះគ្រីស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,៨-១២
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឱ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “ព្រះបិតា” ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន “ព្រះបិតា”តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “មគ្គទេសក៍”ឡើយ ដ្បិតមានតែព្រះគ្រីស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃគោរពសន្តអូគូស្តាំង យើងខ្ញុំសូមថ្វាយសក្ការបូជាដែលរំឭកការសង្គ្រោះរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ ដោយមានចិត្តថ្លើមតែមួយផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ ព្រះកាយពិតជាប្រភពនៃជិវិតថ្មីរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅតាមឋានៈរបស់ខ្លួន ជាព្រះកាយរបស់ព្រះគ្រីស្តក្នុងលោកនេះផង។
727 Views
Post Views:
748