អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៨ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌បៃតង
បុណ្យរម្លឹក

សន្តថូមាស់អគីណូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកថូម៉ាស(១២២៥- ១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦​ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូ ដែលទើបនឹងកើតឡើង។ ញាតិសន្តាន​របស់​លោក​មិន​ព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោក នាំចេញពីអារាមថែមទៀតផង។ ទោះ​ជា​យ៉ាង​នេះក៏​ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេស​អា​ល្លឺ​ម៉ង់​) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុង​រ៉ូម និងក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជា លោកអរីស្តូត និង​លោក​ប្លាតុងមករិះគិត។

លោកបានសរសេរសៀវភៅជាច្រើនក្បាល ដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២​សម ១១,១-១០.១៣-១៧

នៅគ្រាដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់​ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឱ្យចេញទៅច្បាំងនឹងជន​ជាតិអាំម៉ូន។ ពួកគេបានកំទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបា។ រីឯព្រះបាទ​ដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡឹម។ មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌ​តើនពីផ្ទំ ហើយទ្រង់យាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ទ្រង់ទត​ឃើញស្ត្រី​ម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ ស្តេចក៏ស៊ើបសួរពីស្រ្តី​នោះ គេ​ទូលថា៖«នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលីយ៉ាំ ហើយជា​ប្រ​ពន្ធ​របស់លោកអ៊ូរី ជាជនជាតិហេត»។ ព្រះបាទដាវីឌចាត់គេឱ្យទៅនាំនាងមក នាងមកឯ​ដំណាក់ស្តេច ហើយស្តេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ នាង​បាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឱ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មាន​គភ៌​ហើយ»។ ពេលនោះ ព្រះបាទដាវីឌចាត់គេឱ្យទៅប្រាប់លោកយ៉ូអាប់ថា «ចូរបញ្ជូន​អ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ លុះ​លោកអ៊ូរីមកដល់ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំង​សភាពការណ៍សឹក។ បន្ទាប់មក ទ្រង់មានរាជឱង្ការថា៖ «ចូរលោកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្តេចក៏ឱ្យគេយកអំណោយទៅជូនលោកតាមក្រោយ។ ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះ​ទេ គឺលោកទទួលទានដំណេកជាមួយពួកទាហាននៅខ្លោងទ្វារដំណាក់ស្តេច។ មានគេទូលព្រះបាទដាវីឌថា៖«លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ» ពេលនោះ ស្តេចសួរ​លោកអ៊ូរី​ថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុព្រមទាំងបង្អកស្រាលោកឱ្យស្រវឹង​ថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់លោកដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោក យ៉ូអាប់ តាមរយៈលោក​អ៊ូរី។ ក្នុងសំបុត្រនោះ ទ្រង់សរសេរថា៖«ចូរដាក់អ៊ូរីឱ្យនៅសមរភូមិមុខ ត្រង់កន្លែង​ដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ដោយទុកឱ្យគាត់នៅតែម្នាក់ឯង ដើម្បីឱ្យបច្ចាមិត្រប្រហារជីវិតគាត់»។ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថាមានសត្រូវខ្លាំងពូកែ។ កងទ័ពត្រូវចេញមកច្បាំងទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ​ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរីជាជនជាតិហេតក៏ស្លាប់ដែរ។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៧.១០-១១ បទពាក្យ ៧

៣.ឱព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហប្ញទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
៤.សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជម្រះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
៥.ទូលបង្គំដាក់ខ្លួនសុំទទួលឥតមានប្រែប្រួលសុំសារភាព
រូបទូលបង្គំបានសាងបាបដិតដល់នៅជាប់ក្នុងអារម្មណ៍
៦.ទូលបង្គំប្រព្រឹត្តអំពើទាស់ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ
ហើយបានប្រព្រឹត្តរឿងមិនសម​ក្បត់ព្រះឧត្តមធ្វើពាលា
ទោះជាព្រះអង្គដាក់ទុក្ខទោសទៅតាមកំហុសខ្ញុំយ៉ាងណា
ទ្រង់នៅសុចរិតបរិសុទ្ធថ្លាទោះជាម្តេចម្តាទ្រង់គ្មានខុស
៧.ខ្ញុំមានកំហុសពីកំណើតតាំងតែពីកើតមកឯណោះ
បាបខ្ញុំជាប់ប្រាណមិនចេះអស់មកទល់ពេលនេះមិនរសាយ
១០.សូមប្រាប់ឱ្យទូលបង្គំដឹងថាព្រះអង្គហ្នឹងអត់ទោសពៃរ៍
នោះខ្ញុំនឹងមានអំណរក្រៃចិត្តសោករីងរៃប្រែរីករាយ
១១.ព្រះម្ចាស់អើយសូមកុំទតមកបាបច្រើនគរគោកខ្ញុំនោះឡើយ
សូមលុបកំហុសដែលមានហើយឱ្យបានធូរស្បើយល្អបំផុត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២៦-៣៤

ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី​ ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រប់ពូជនោះដុះរបៀប​ណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមាពន្លកលេចឡើង​បន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវច្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូច​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យ​របស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង។ កាល​គេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ​គ្រាប់ពូជនោះក៏ដុះឡើង ធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ អាចឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។

ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាច​​យល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅ​ដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។

233 Views

Theme: Overlay by Kaira