សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
កាលពីកុមារ លោកវ៉ាំងសង់ (១៥៨១-១៦៦០) ឃ្វាលសត្វ តែគាត់មានបំណងទៅជាបូជាចារ្យ។ លុះទទួលមុខងារជាបូជាចារ្យរួចហើយ លោកភ្ញាក់ស្មារតី ដោយទុក្ខវេទនាគ្រប់យ៉ាងនៃប្រជាជនក្រីក្រ។ ដូច្នេះ លោកបង្កើតក្រុមគ្រួសារបព្វជិតពីរ ក្នុងគោលបំណងជួយអ្នកក្រីក្រ និងនាំដំណឹងល្អជូនអ្នកស្រែ ព្រមទាំងណែនាំទេវវិទ្យាល័យសម្រាប់អប់រំយុវជនដែលចង់ទៅជាបូជាចារ្យ។ លោកឧស្សាហ៍អធិដ្ឋាន។ លោកតែងតែពោលថា៖ “ព្រះជាម្ចាស់នឹងប្រទានអ្វីៗទាំងអស់ដល់អ្នកអធិដ្ឋាន”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានឱ្យសន្តវ៉ាំងសង់មានចិត្តជាគ្រីស្តទូត ចង់ជួយអ្នកកំសត់ទូគ៌ត និងអប់រំបូជាចារ្យទៀតផង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់អ្នកតូចតាច និងជួយអ្នកក្រជាងយើងខ្ញុំឱ្យអស់ពីសម្ថតិភាពផង។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,២៦-៣១
បងប្អូនជាទីស្រឡាញ់!
សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលីលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឱ្យមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ។ ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឡើយ គឺព្រះអង្គហើយដែលបានប្រោសឱ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រីស្តយេស៊ូដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់សម្រាប់យើង។ ព្រះអង្គប្រទានឱ្យយើងសុចរិត វិសុទ្ធ និងលោះយើងឱ្យមានសេរីភាព។ ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។
ទំនុកតម្កើងលេខ ១១២ (១១១),១-៩ បទពាក្យ ៧
| ១ | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ |
| ២ | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ |
| ៣ | ក្នុងផ្ទះជនដែលមានចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ |
| ៤ | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ |
| ៥ | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
| ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ |
| ៦ | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
| ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ |
| ៧ | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនខ្លាចល្បិច | |
| មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ |
| ៨ | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
| ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត | ។ |
| ៩ | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
| ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៣៥-៣៨
បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឱ្យជាផង។ កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖«ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានឱ្យសន្តវ៉ាំងសង់រស់ស្របតាមសក្ការបូជាដែលលោកថ្វាយជារៀងរាល់ថ្ងៃ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការទាំងអស់ដោយរួមចិត្តគំនិតជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ ដូច្នេះ យើងខ្ញុំអាចទៅជាតង្វាយដែលគាប់ព្រះហឫទ័យព្រះបិតាផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃនឹងរឭកសន្តវ៉ាំងសង់។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យយកតម្រាប់ធ្វើតាមលោក គឺឱ្យយកចិត្តទុកដាក់នាំដំណឹងល្អដល់ជនក្រីក្រ ដោយបង្ហាញមេត្តាករុណាចំពោះគេផង។
572 Views
Post Views:
583