អ្នកស្រីម៉ូនិក (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្ត អំប្រាស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនិកថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ កូនមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនិកទទួលមរណភាពនៅក្រុងអូស្ទីយ៉ាសោយ មានសន្តអូគូស្តាំងជួយលួងលោម។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គតែងតែលើកទឹកចិត្តអ្នកដែលយំសោកសង្រេង! ព្រះអង្គទទួលពាក្យអង្វររបស់សន្តីម៉ូនីកាដោយអនុគ្រោះ ពេលគាត់អង្វរសូមឱ្យអូគូស្តាំងជាកូនប្រែចិត្តគំនិត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យនឹកស្តាយដោយប្រព្រឹត្តអំពើអាក្រក់ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំផង។
សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ២៦,១-៤.១៣-១៦
ស្វាមីមានភរិយាចិត្តល្អពិតជាមានសុភមង្គល និងមានអាយុវែងមួយទ្វេជាពីរ។ ភរិយាក្លាហាន តែងតែធ្វើឱ្យស្វាមីមានអំណរសប្បាយ និងស្គាល់តែសេចក្តីសុខអស់មួយជីវិត។ ស្វាមីដែលមានភរិយាចិត្តល្អពិតជាមានសំណាង ព្រោះជាអំណោយទានដែលព្រះអម្ចាស់ប្រទានឱ្យអ្នកគោរពកោតខ្លាចព្រះអង្គ។ ទោះបីជាគេក្រក្តី មានក្តី ក៏គេនៅតែមានចិត្តសប្បាយ មានទឹកមុខរីករាយគ្រប់ពេលវេលា។ សម្រស់របស់ភរិយាធ្វើឱ្យស្វាមីមានអំណរ រីឯស្រ្តីប៉ិនប្រសប់ រមែងធ្វើឱ្យប្តីបានចម្រុងចម្រើន។ ភរិយាមិនចេះមាត់ក ជាអំណោយទានរបស់ព្រះអម្ចាស់ រីឯភរិយាដែលបានទទួលការអប់រំល្អ ក៏មានតម្លៃលើសលប់រកអ្វីមកប្រៀបផ្ទឹមស្មើពុំបានទ្បើយ។ ភរិយាចេះអៀនខ្មាស ជាសម្រស់ដ៏ល្អលើសលប់បំផុត។ ភរិយាមានកិរិយាមារយាទបរិសុទ្ធ មានតម្លៃលើសអ្វីៗទាំងអស់។ នៅក្នុងផ្ទះដែលតុបតែងយ៉ាងស្អាត សម្ផស្សរបស់ភរិយាគ្រប់លក្ខណ៍ ប្រៀបបីដូចជាព្រះអាទិត្យរះទ្បើងលើមេឃដ៏ខ្ពស់។
ទំនុកតម្កើងលេខ ១៣១(១៣០), ១-៣ បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត |
| | អ្នកតូចអ្នកទាប | ។ |
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប |
| មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព |
| | របស់ខ្ញុំឡើយ | ។ |
| ២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ |
| | នឹងអ្វីទាំងអស់ | ។ |
| ៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ |
| | កប្បកល្បជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១១-១៧
ព្រះយេស៊ូនាំក្រុមសាវ័កចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ឱ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឱ្យជាផង។ ដល់ថ្ងៃជិតលិច សាវ័កទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឱ្យបណ្ដាជនចេញទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឱ្យគេបរិភោគទៅ»។ ពួកសាវ័កទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។ នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឱ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ពួកសាវ័កក៏ធ្វើតាម គឺប្រាប់គេឱ្យអង្គុយចុះទាំងអស់គ្នា។ ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យសាវ័ក ដើម្បីឱ្យគេចែកបណ្ដាជនបរិភោគ។ គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។
600 Views
Post Views:
612