
លោកធីម៉ូថេ និងលោកទីតុសជាសហការីរបស់គ្រីស្តទូតប៉ូល។ លោកធីម៉ូថេកើតនៅក្រុងលីស្ត្រា ឪពុកជាតិក្រិក ម្តាយជាតិយូដា។ លោកបំពេញមុខងារជាអភិបាលនៅក្រុងអេភេសូ។
លោកទីតុសជាជនជាតិក្រិក មានចិត្តនឹងនរ អាចបំពេញមុខងារដ៏លំបាក។ លោកណែនាំព្រះសហគមន៍ក្រុងកូរិនថូសឱ្យមានរបៀបរៀបរយ និងចាត់ចែងព្រះសហគមន៍នៅកោះក្រែត។ គ្រីស្តទូតប៉ូលសរសេរលិខិតទៅលោកទាំងពីរ។ លិខិតទាំងនោះមានសារៈសំខាន់សម្រាប់ដាស់តឿនអ្នកបំពេញមុខងារជាអភិបាល និងបូជាចារ្យគ្រប់សម័យ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានឱ្យសន្តទីតុស និងសន្តធីម៉ូថេមានព្រហ្មវិហារធម៌ដ៏ប្រសើរ ដូចគ្រីស្តទូតឯទៀតៗ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រតិបត្តិតាមសេចក្តីសុចរិត គោរពប្រណិប័តន៍ព្រះអង្គក្នុងពិភពលោកនេះ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់នឹងព្រះសហគមន៍ព្រះអង្គផង ។
សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ១,១-៨
ខ្ញុំប៉ូល ជាគ្រីស្តទូតរបស់ព្រះគ្រីស្តយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិតដែលយើងមានក្នុងអង្គព្រះគ្រីស្តយេស៊ូ ស្របតាមព្រះបន្ទូលសន្យាមកដល់ធីម៉ូថេជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរសដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឱ្យខ្ញុំបានពោរពេញដោយអំណរ។ ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និងអ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំសុំរំឭកដាស់តឿនអ្នកថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលអ្នកបានទទួលដោយខ្ញុំដាក់ដៃលើនោះមានសកម្មភាពឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
ឬសូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស ទត ១,១-៥
ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះជាម្ចាស់ចាត់ខ្ញុំឱ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឱ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិតដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ ព្រះអង្គបានសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឱ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះនៃយើងប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំបានទុកអ្នកឱ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឱ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យនៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ។
ទំនុកតម្កើងលេខ ៩៦(៩៥),១-៣.៧-៨.១០ បទព្រហ្មគីតិ
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ | |
៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ | |
៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីឫទ្ធា | ។ | |
៨ | លើកតម្កើងសិរី | រុងរឿងជ័យព្រះនាមា | |
យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា | ។ | |
១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ | |
ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | ||
ពេញដោយយុត្តិធម៌ | រាស្រ្តអបអរពន់ពេកក្រៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,២៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “អ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ។ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ ” ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-៩
ក្រោយមក ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឱ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្តដល់មនុស្សក្នុងផ្ទះនេះ” ។ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថាៈ “ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ”។