អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៦ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តធីមូថេ និងសន្តទីតុស ជាអភិបាល

លោកធីម៉ូថេ និងលោកទីតុស ជាសហការីរបស់គ្រីស្តទូតប៉ូល។ លោកធីម៉ូថេ​កើត​នៅ​ក្រុង​លីស្ត្រា​ ឪពុកជាតិក្រិក ម្តាយជាតិយូដា។ លោកបំពេញមុខងារជាអភិបាលនៅក្រុងអេភេសូ ។

លោកទីតុសជាជនជាតិក្រិក មានចិត្តនឹងនរ អាចបំពេញមុខងារដ៏លំបាក។ លោក​ណែ​នាំ​ព្រះ​សហគមន៍ក្រុងកូរិនថូសឱ្យមានរបៀបរៀបរយ និងចាត់ចែងព្រះសហគមន៍នៅកោះក្រែត។

គ្រីស្តទូតប៉ូលសរសេរលិខិតទៅលោកទាំងពីរ។ លិខិតទាំងនោះមានសារៈសំ​ខាន់​សម្រាប់​ដាស់​តឿនអ្នកបំពេញមុខងារជាអភិបាល និងបូជាចារ្យគ្រប់សម័យ។

សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ធម ១,១-៨

ខ្ញុំប៉ូល ជា​គ្រីស្តទូត​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យារបស់ព្រះជាម្ចាស់។ មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រីស្ត‌យេស៊ូជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស មេត្តា‌ករុណា និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។

ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស ដោយ​មន‌សិការ​បរិសុទ្ធ ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​តែង‌តែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។ ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់‌តឿន​អ្នក​ថា ចូរ​ធ្វើ​ឱ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឱ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឱ្យ​ខ្លាច​ទេ គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យយើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

ឬសូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស ទត ១,១-៥

ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាទូតរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះជាម្ចាស់ចាត់ខ្ញុំឱ្យនាំ​អស់អ្នក​ដែល​ព្រះអង្គបានជ្រើសរើសឱ្យមានជំនឿ និងស្គាល់ច្បាស់នូវ​សេចក្តីពិតដែលជាគ្រឹះនៃការគោរព​ប្រណិប័តន៍​ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថា នឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុន​កាល​សម័យទាំងអស់ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយ​ប្រគល់​ព្រះបន្ទូលនេះមកឱ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។ មកដល់ ទីតុស  ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា ។

សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះនៃយើងប្រណីសន្តោស និងប្រទាន​សេចក្តីសុខសាន្តដល់ប្អូន។

ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៧-៣០ បទកាកគតិ

៤.​​​​​យើងចងសម្ព័ន្ធមេត្រីបន្ទាន់ចុះខសន្យាជ្រើសលោកដាវីឌ
ហើយតែងតាំងជាបម្រើការពារឥតមានប្រែប្រួល
៥.យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូលតាំងរាជ្យឱ្យអ្នក
នៅបានសុខស្រួលគ្មានអ្វីប្រែប្រួលអង្វែងដរាប
២៧.ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំដែលបានសង្រ្គោះ
រំដោះរូបខ្ញុំបានឡើងឧត្តម​ខ្ពង់ខ្ពស់សង្ហា
២៨.រី​ឯយើងវិញយើងនឹងបំពេញដាវីឌស្ងួនភ្ងារតាំងជាបុត្រច្បង
របស់យើងណាស្តេចធំអស្ចារ្យនៅលើផែនដី
២៩.យើងនឹងបញ្ចេញឥតមានទោម្នេញដោយចិត្តប្រណីនឹងរក្សាទុក
សម្ពន្ធមេត្រីចងជាប់មិនស្រាយមិនគេចប្រែប្រួ
៣០.យើងនឹងតែងតាំងត្រកូលពូជពង្សឱ្យរស់សុខស្រួលស្ថិតស្ថេរអស់កល្ប
ដាវីឌតែមួយល្បីល្បាញរញ្ជួយដូចមេឃខៀវខ្ចី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,២៦

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “អ្នកណាចង់បម្រើខ្ញុំ អ្នកនោះ​ត្រូវម​កតាម​ខ្ញុំ។ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,១-២០

ព្រះយេស៊ូចាប់ផ្តើមបង្រៀនបណ្តាជននៅតាមឆ្នេរសមុទ្រម្តងទៀត។ មានបណ្តាជនច្រើនកុះករ នាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង ឯបណ្តាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាមកបង្រៀនគេ អំពីសេចក្តីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ ​«ចូរស្តាប់! អ្នកសាបព្រោះ ចេញទៅព្រោះស្រូវពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់​ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្តៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ ព្រោះប្ញសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដី មានបន្លា បន្លាក៏ដុះឡើង រួមរឹតស្រូវ មិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជ​ឯទៀតៗធ្លាក់ទៅលើដីមានជីវជាតិល្អ គ្រាប់ពូជនោះក៏ដុះឡើង ហើយលូតលាស់បង្កើត​ផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជា​មួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលឮពាក្យនេះ សូម​យកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែល​នៅជាមួយព្រះអង្គ និងសវ័កទាំងដប់ពីរនាក់ ទូលសួរព្រះអង្គអំពីពាក្យប្រាស្នាទាំង​នោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្តី​ទាំងអស់ជាពាក្យប្រស្នាវិញ។ ដូច្នេះទោះបី គេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្តាប់​ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឱ្យគេ»។ ព្រះ​យេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្តេចនឹងឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!»។ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល។ អ្នកខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្តាប់ព្រះបន្ទូល​ហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេភ្លាម។ អ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្តាប់ព្រះបន្ទូលហើយ​គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូល ចាក់ប្ញសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែ​ព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកខ្លះទទួលគ្រាប់ពូជនៅលើដី ដែល​មានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតនៅក្នុងលោក ចិត្ត​លោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូល មិនឱ្យ​បង្កើតផលបានឡើយ។ រី​ឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្តាប់ព្រះបន្ទូលហើយគេក៏ទទួលយក ហើយបង្កបង្កើតផល អ្នកខ្លះបានមួយជា​សាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។

576 Views

Theme: Overlay by Kaira