ថ្ងៃទី២៦ ខែឧសភា
បុណ្យរម្លឹក
សន្តហ្វីលីព នេរី ជាបូជាចារ្យ

ពណ៌ស

លោកភីលីព នេរី (១៥១៥-១៥៩៥) ចូលចិត្តកំប្លែង និងតែងនិយាយថា៖ “នាំឱ្យគេសប្បាយរីករាយ​ ជាផ្លូវល្អជាងគេ ដើម្បីណែនាំឱ្យគេគោរពប្រណិប័តន៍ព្រះជាម្ចាស់”។ ដោយលោកមានចិត្តសប្បាយ ចេះតែធ្វើសកម្មភាបផ្សេងៗដែលគ្មាននណានឹកគិចជាមុន យុវជនស្រឡាញ់លោកយ៉ាងខ្លាំង។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលយកចិត្តទុកដាក់បង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកក្រីក្រ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ៤,៤-៩

បងប្អូនជាទីស្រឡាញ់!
ចូរ​បង‌ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ចូរ​សម្ដែង​ឱ្យ​មនុស្ស‌​ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង‌ប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់ឱ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង‌ប្អូន ដោយ​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង‌ប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​យេស៊ូ​មិន​ខាន។ ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ! សូម​បង‌ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឱ្យ​ស្រឡាញ់ គួរ​ឱ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឱ្យ​កោត​សរសើរ។ សេចក្ដី​ដែល​បង‌ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង‌ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង‌ប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​នឹង​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

ទំនុកតម្កើងលេខ ១១២(១១១),១-៩ បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះជនដែលមានចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វជនប្រុសស្រី
ជនណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរករស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច
អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភីល ៤,៧

អាលេលូយ៉ា! អាលេលូយ៉ា!
សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង‌ប្អូនដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​យេស៊ូ​មិន​ខាន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦

ទូល‌បង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឱ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរឱ្យ​អស់​អ្នក​ជឿ​លើ​ទូល‌បង្គំ តាម‌រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ សូម​ឱ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​យ៉ាង​ណា សូមឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឱ្យមនុស្ស​លោក​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យ​មក​មែន។រីឯ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ទូល‌បង្គំ​បាន​ប្រគល់​ទៅ​ឱ្យ​គេ​ហើយ ដើម្បី​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ គឺ​ឱ្យ​ទូល‌បង្គំ​នៅ​ក្នុង​គេ ព្រះ‌អង្គ​នៅ​ក្នុង​ទូល‌បង្គំ ដើម្បី​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំឱ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ​ដែរ។ ឱ​ព្រះ‌បិតា​អើយ! ទូល‌បង្គំ​ចង់ឱ្យអស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ បាន​នៅ​ជា​មួយ​ទូល‌បង្គំ ឯ​កន្លែង​ដែល​ទូល‌បង្គំ​នៅ​នោះ​ដែរ ដើម្បី​ឱ្យ​គេ​ឃើញ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ។ ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ស្គាល់​ព្រះ‌អង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំឱ្យ​មក​មែន។ ទូល‌បង្គំ​បាន​សម្ដែង​ព្រះ‌នាម​ព្រះ‌អង្គ​ឱ្យ​គេ​ស្គាល់ ហើយ​ទូល‌បង្គំ​នឹង​សម្ដែង​ឱ្យគេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឱ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូល‌បង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

544 Views

Theme: Overlay by Kaira