អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៥ ខែ
មករា
ពណ៌ស
បុណ្យប្រារព្ធ

សន្តប៉ូលជាគ្រីស្តទូត ប្រែចិត្តគំនិត
ជឿលើព្រះយេស៊ូ

ប្រហែលនៅ គ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរី​រុង​រឿងរបស់​ព្រះ​អង្គ​​ឱ្យលោក​សូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចង​គ្រីស្ត​បរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះគ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺ​ព្រះអង្គជាព្រះ​សង្គ្រោះ​ទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួម​មនុស្ស​គ្រប់​ជាតិ​សាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួម​មនុស្ស​ទាំង​​អស់​ឱ្យទៅជាធ្លុងតែមួយដែរ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២២,៣-១៦

លោកប៉ូលមានប្រសាសន៍ដោះសារខ្លួននៅចំពោះជនជាតិយូដាថា៖ “ខ្ញុំជាជនជាតិយូដា កើត​នៅ​ក្រុង​តា​សុសក្នុងស្រុក ស៊ីលីស៊ី។ ប៉ុន្តែ ខ្ញុំមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយបានទទួលការអប់រំតា​ម​ធម្មវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹង ពីសំណាក់លោកកាម៉ាលីអែល។ ខ្ញុំខ្នះខ្នែងបម្រើ​ព្រះ​ជាម្ចាស់​ដូច​បង​ប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលកាន់តាមមាគ៌ារបស់ព្រះអម្ចាស់ រហូត​ដល់​សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង ដូចមានលោកមហាបូជាចារ្យ និង​ក្រុម​ព្រឹទ្ធា​ចារ្យជាសាក្សីស្រាប់។ ខ្ញុំទទួលលិខិតពីលោកទាំងនោះ យកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំ​នៅ​ទី​នោះ ដើម្បីចាប់ចងពួកអ្នកដែលកាន់តាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម ។

ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស ប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយ​ដ៏ភ្លឺ​ត្រ​ចះ​ត្រ​ចង់ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា ៖”សាអ៊ូល! សាអ៊ូល! ហេតុ​ដូ​ច​​​​ម្តេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ ?” ។ ខ្ញុំសួរវិញថា ៖”លោកម្ចាស់អើយ! តើលោកជានរណា?“។ សម្លេ​ង​​នោះ​ឆ្លើយមកខ្ញុំថា៖ “ខ្ញុំជាយេស៊ូ ជាអ្នកស្រុកណាសារ៉ែតដែលអ្នកកំពុងតែបៀតបៀន”។ រីឯអស់​អ្នក​ដែល​ធ្វើ​ដំណើរជាមួយខ្ញុំក៏ឃើញពន្លឺនោះដែរ តែមិនឮព្រះសូរសៀងទេ។ ខ្ញុំក៏សួរថា៖ “ព្រះអម្ចាស់អើយ! តើទូល​បង្គំ​ត្រូវ​ធ្វើដូចម្តេច?” ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ​គេ​នឹង​ប្រាប់អ្នកអំពី កិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បង្គាប់ឱ្យអ្នកធ្វើ”។ ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះ​តែ​ពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ នៅក្រុងនោះ​មានបុរស​ម្នាក់​ឈ្មោះ​ អាណាញ៉ាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ត្រឹមត្រូវតាមធម្មវិន័យ ហើយជនជាតិយូដា​នៅក្រុង​ដា​ម៉ាស​គោរពរាប់អានគាត់គ្រប់ៗគ្នា។ គាត់មកឈរជិតខ្ញុំ ហើយពោលថា៖ “បងសាអ៊ូល! សូមឱ្យបង​មើល​ឃើ​ញ​វិញចុះ”។ រំពេចនោះ ភ្នែកខ្ញុំភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។ គាត់មានប្រសាសន៍ថា៖ ព្រះនៃ​បុព្វ​បុរស​របស់យើងបានជ្រើសរើសបង ដើម្បីឱ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ  ឱ្យបងបានឃើញ​ព្រះដ៏​សុច​រិត ​និងឱ្យបងឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្តង ដ្បិតបងនឹងធ្វើជាសាក្សី​របស់​ព្រះអង្គ​នៅមុខ​មនុស្ស​ទាំង​អស់​ អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្តីដែលបងបានឮ។ ដូច្នេះ តើបង​នៅ​បង្អែរ​បង្អង់​ដល់​កាល​ណាទៀត? សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វរព្រះនាមព្រះអង្គទៅ ដើម្បីឱ្យព្រះ​អង្គ​លាង​បាប​ឱ្យ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩, ១-២២

នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាមកំហែង និង​សម្លាប់​សាវ័ក​របស់​ព្រះ‌អម្ចាស់​ជា‌និច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្តី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។ គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សាអ៊ូល​អើយ សាអ៊ូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។ លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន​។ ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថាត្រូវ​ធ្វើ​អ្វី​ខ្លះ»។ រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។ លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។ ក្នុង‌រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។ នៅ​ក្រុង​ដាម៉ាស មាន​សាវ័ក​មួយ​រូប ឈ្មោះ​អាណា‌ញ៉ាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ញ៉ាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តារសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណា‌ញ៉ាស​ចូល​មក​ដាក់​ដៃលើ​គាត់ ដើម្បី​ឱ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។ លោក​អាណា‌ញ៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់  ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឱ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស‌រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឱ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល ឱ្យ​ស្គាល់​ឈ្មោះ​ខ្ញុំ។ ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឱ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។ លោក​អាណា‌ញ៉ាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឱ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និងឱ្យ​បង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ»។ រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក។បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។ លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សាវ័ក ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។ លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​ភ្លាម​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។ អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ ងឿង‌ឆ្ងល់​ណាស់ គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូ នៅ​ក្រុង​យេរូ‌សាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​មហា​បូជា‌ចារ្យទេ​តើ!»។ រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែក‌ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ។

ទំនុកតម្កើងលេខ ១១៧  ( ១១៦ ) បទពាក្យ ៧

១.ឱ! ប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
២.ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​​តាម យហ  ១៥ ,១៦

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំបានជ្រើស​រើស​អ្នក​រាល់​គ្នាពី​ក្នុង​ចំណោម​មនុស្សលោក
ដើម្បីឱ្យអ្នករាល់គ្នាទៅ និងបង្កើតផល គឺផលដែលនៅស្ថិតស្ថេរ” អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៦,១៥-១៨

ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង មានព្រះបន្ទូលទៅកាន់គ្រីស្តទូតដប់មួយនាក់ថា៖ « ចូរនាំ​គ្នា​ទៅ​គ្រប់​ទីកន្លែងក្នុងពិភពលោក  ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយ​​ទទួ​ល​ពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿននឹងត្រូវទទួលទោស។ អស់អ្នក​ដែល​ជឿ នឹងធ្វើទី​សម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុលក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃ​លើអ្នកជំងឺ អ្នកជំងឺនឹង​បាន​ជា​សះ​ស្បើយ »។   

492 Views

Theme: Overlay by Kaira