ថ្ងៃទី២៥ ខែមិថុនា
ពណ៌ស
បុណ្យគោរព

ព្រះបេះដូងដ៏និមលព្រះនាងម៉ារី

ព្រះនាងម៉ារីមានចិត្តគំនិតភ្ជាប់នឹងព្រះជាម្ចាស់ជានិច្ច មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនខ្លះឡើយ។ ព្រះនាងម៉ារីជឿព្រះបន្ទូព្រះជាម្ចាស់ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ដូច្នេះ ព្រះនាងធ្វើជាគំរូដល់គ្រីស្តបរិស័ទ។

អត្ថបទទី១៖ សូមថ្លៃងព្រះគម្ពីរព្យាការីអេសាយ អស ៦១, ៩-១១

ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បីនៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថាពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្តព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះ‌អង្គ​បាន​យក​សេចក្ដី​សុចរិតមក​ពាក់ឱ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំតែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គល‌ការ។ ដី​ធ្វើ​ឱ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណាព្រះ‌ជា‌​អម្ចាស់​នឹង​ធ្វើ​ឱ្យសេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះនៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

ទំនុកតម្កើងលេខ ១សាមូអែល ២, ១.៤-៨ បទកាកគតិ

ព្រះម្ចាស់ប្រទានចិត្តខ្ញុំឱ្យមានអំណរសប្បាយ
ព្រោះព្រះអង្គលើកខ្ញុំខ្ពស់ពេកក្រៃខ្ញុំអាចនិយាយ
តទល់ពួកខ្មាំង
អ្នកខ្លាំងពូកែព្រះអង្គបំបែរបំបាក់ទាំងអស់
បំផ្លាញទាំងធ្នូតែទ្រង់សន្តោសប្រទានដល់មនុស្ស
កម្លាំងទន់ខ្សោយ
ពួកអ្នកដែលមានអាហារគ្រប់គ្រាន់ឥឡូវគេធ្លោយ
ធ្លាក់ខ្លួនវេទនាខ្វះខាតមុខក្រោយគ្មានអ្វីនឹងឱ្យ
ចម្អែតក្រពះ
ឯអ្នកធ្លាប់ឃ្លានបែរទៅជាមានអាហារមិនខ្វះ
គេបរិភោគឆ្អែតបរិបូណ៌ពេញពាសមានច្រើនដេរដាស
លែងមុខស្រពោន
មិនតែប៉ុណ្ណោះព្រះអង្គសន្តោសស្រីអារគ្មានកូន
មិនឱ្យដាច់ពូជវិនាសសាបសូន្យអាចសម្រាលកូន
បានប្រាំពីរដង
ជីវិតមនុស្សត្រូវស្លាប់ឬរស់ស្រេចលើព្រះអង្គ
គេត្រូវធ្លាក់ទៅស្ថានអ្នកស្លាប់ផងឬក៏បានឡើង
លើទ្រង់ចាត់ចែង
មនុស្សមានក្រអាក្រក់ឬល្អមិនមែនខ្លួនឯង
ព្រះម្ចាស់បន្ទាបឬក៏លើកឡើងព្រះអង្គចាត់ចែង
តាមព្រះហឫទ័យ
ទ្រង់លក់មនុស្សទុរគតស្រីប្រុសពីធូលីដី
ដកអ្នកកម្សត់វេទនាក្រក្រីនោះគឺដើម្បី
ឱ្យស្មើអ្នកធំ
ឱ្យបានគ្រងរាជ្យពេញដោយអំណាចរុងរឿងឧត្តម
ដ្បិតព្រះអម្ចាស់តាំងគ្រឹះរឹងមាំផែនដីដ៏ធំ
មិនរលំឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២, ៤១-៦១

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង មាតា‌បិតា​របស់​ព្រះ‌យេស៊ូតែង‌តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។ លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។ លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។ គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់ ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះ‌អង្គ​នៅ​ទី​នោះ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​បណ្ឌិត​ខាង​វិន័យកំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ‌ឆ្លង​របស់​ព្រះ‌អង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖«កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។ ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖«ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។ ប៉ុន្តែ មាតា‌បិតា​ពុំ​បាន​យល់​អត្ថ‌ន័យ​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌កុមារ​ឡើយ។ បន្ទាប់​មក ព្រះ‌កុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​មាតា‌បិតា​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ មាតា​របស់​ព្រះ‌អង្គ​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។

246 Views

Theme: Overlay by Kaira