អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៤ ខែ
មករា
ពណ៌ស
បុណ្យរម្លឹក

សន្តហ្វ្រង់ស្វ័រ នៅសាលជាអភិបាល
និងជាគ្រូបាធ្យាយ នៃព្រះសហគមន៍

​លោកហ្វ្រង់ស្វ័រកើតនៅឆ្នាំ ( ១៥៦៧-១៦២២ ) ក្នុងគ្រួសារត្រកូលខ្ពស់មួយ នៅភូមិសាល ក្នុង​ស្រុក​សាវ័រ ( ប្រទេសបារាំងសព្វថ្ងៃ )។ លោកយកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និង​ប្រូតេ​ស្តង់​ដែលបាក់បែកគ្នា។ កាលលោកអាយុ ៣៥ ឆ្នាំ លោកទទួលបន្ទុក​ជាអភិបាលព្រះសហគមន៍​ក្រុង​  សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំ​ក្រុម​បូជា​ចារ្យ។ នៅឆ្នាំ ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែ​លទៅសួរសុខទុក្ខនាងអេលីសាបិត” ។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបាន​ក្រេប​ជញ្ជ​ក់​​ពីគោ​ល​​គំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិ​ខិតដែល​មានខ្លឹមសារ​ខាងគ្រីស្តសាសនាជាច្រើនផង។

សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,៣-៩

 អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បីឱ្យអ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌‌​សប្បាយស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នកបាន​សន្យា​ជា​មួយ​អ្នក។ អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើងមួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឱ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ ត្រូវ​ទុក​ឱ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឱ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។ ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

ទំនុកតម្កើងលេខ ១១២( ១១១ ),១-៩ បទពាក្យ ៧

១.អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
២.ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
៣.ក្នុងផ្ទះជនដែលមានចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
៤.ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វជនប្រុសស្រី
៥.ជនណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរករស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
៦.កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច
៧.អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
៨.គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
៩.គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ២ ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៥–៣០

នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតាជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឱ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឱ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រាក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតាក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌​ហឫ‌ទ័យសម្ដែង​ឱ្យស្គាល់​នោះ​ដែរ»។  «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឱ្យអ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

605 Views

Theme: Overlay by Kaira