ថ្ងៃទី ២៤ ខែតុលា
សន្តអន់តូនីម៉ារីក្លារេ
ជាអភិបាល ព្រះសហគមន៍
ពណ៌បៃតង
លោកអន់តូនីម៉ារី ក្លារេ (១៨០៧-១៨៧០) ជាបូជាចារ្យជាតិអេស្ប៉ាញម្នាក់។ លោកពន្យល់គម្ពីរដោយមិនចេះនឿយហត់ ទាំងនៅក្នុងស្រុកកំណើត ទាំងនៅកោះកាណារ៉ី ទាំងនៅកោះកុយបាផង។ លោកបំពេញមុខងារជាអភិបាលព្រះសហគមន៍ក្រុងសន្ទីយ៉ាកូ (ប្រទេសគុយបា)។ ដោយលោកជួយគាំទ្រទាសាទាសី ពួកអភិជនជាម្ចាស់ដែលជិះជាន់សង្កត់សង្កិនទាសាទាសីទាំងនោះ នាំគ្នារកសម្លាប់លោកដល់១៥ ដង! លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលគោរពព្រះបេះដូងដ៏និម្មលរបស់ព្រះនាងម៉ារី។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,៧-៩
បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាមព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នាសើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។ គ្រប់ពេលដែលទូលបង្គំនិយាយ ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអកឱ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។ ប្រសិនបើទូលបង្គំសម្រេចចិត្តថាឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
ទំនុកតម្កើងលេខ ១៦ (១៥),១-២.៥.៧-៨.១១ បទពាក្យ ៧
១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤, ១-១០.១៣-២០ ឬ ៤,១-៩
ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖«ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសាវ័កទាំងដប់ពីររូបទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗរឹបរួតព្រះបន្ទូលមិនឱ្យបង្កើតផលឡើយ។ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។