អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,១-៦

អ្នកមានអើយ! សូមស្តាប់ខ្ញុំសិន! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយ​សម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្តៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នា​ត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នក​រាល់គ្នា​ ដូចភ្លើង​ឆេះសុសដែរ។ គ្រានេះជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ឮទៅដល់ព្រះអម្ចាស់​នៃពិភពទាំងមូល។ អ្នករាល់គ្នារស់នៅលើផែនដីនេះ យ៉ាងសម្បូណ៌សប្បាយថ្កុំថ្កើង​រុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែល​គេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំតបតនឹងអ្នករាល់គ្នាវិញឡើយ។​

ទំនុកតម្កើងលេខ ៤៩ (៤៨),១៧-២០.១៤-១៦ បទកាកគតិ

១៧ពេលអ្នកឃើញគេសម្បត្តិឡើងទ្វេកុំបីហ្មងសៅ
ឃើញទ្រព្យគេច្រើនចម្រើនតទៅសំងំពួ​នទៅ
កុំភ័យខ្លាចអី។
១៨ពេលដែលគេស្លាប់គេពុំអាចចាប់យករបស់អ្វី
អស់ទាំងសម្បត្តិទ្រព្យធនផ្សេងក្តីចូលទៅក្នុងដី
អ្នកក្ស័យបានឡើយ។
១៩ពេលមានជីវិតគេតែងនឹកគិតថាសុខឥតស្បើយ
ថាខ្លួនគេនឹងមិនខ្វល់អ្វីឡើយអ្នកផងកោតហើយ
ដែលគេមានបាន។
២០គេគង់នឹងត្រូវធ្លាក់ខ្លួនចុះទៅជួបនឹងសន្តាន
ជីតាជីដូនមានទាំងប៉ុន្មានទៅក្នុងទីស្ថាន
ដែលគ្មានពន្លឺ។
១៤អ្នកដែលទុកចិត្តលើខ្លួនឯងពិតនោះគ្មានមារយាទ
ពេញចិត្តពាក្យខ្លួនជាមនុស្សមានស្នៀតអនាគតទៀត
យ៉ាប់យ៉ឺនពេកក្រៃ។
១៥អ្នកនោះប្រៀបបានចៀមសត្វតិរច្ឆានដែលគេប្រល័យ
មច្ចុរាជឃុំគ្រងវាយឥតសំចៃឃ្វាលរាល់យប់ថ្ងៃ
មិនឱ្យឃ្លាតឆ្ងាយ។
រីមនុស្សសុចរិតនឹងជាន់ឈ្លីពិតលើរូបរាងកាយ
របស់ពួកគេរលាយអន្តរាយទៅដល់ទីឆ្ងាយ
ក្នុងស្ថានមនុស្សស្លាប់។
១៦ប៉ុន្តែព្រះម្ចាស់មានប្ញទ្ធិខ្លាំងណាស់រំដោះខ្ញុំឆាប់
ផុតពីអំណាចនៃសេចក្តីស្លាប់ព្រះអង្គប្រញាប់
មកយកខ្ញុំទៅ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស ២,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលនេះពុំមែនជាពាក្យសម្តីរបស់មនុស្សទេ គឺពិតជាព្រះជាម្ចាស់មានព្រះបន្ទូលមកមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៤១-៥០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្ត ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្តាអ្នកដែលជឿលើខ្ញុំទាំងនេះឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមួយមកចងកគាត់ រួចទម្លាក់គាត់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះ​បើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះ​បើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរ​ជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់មានភ្លើងមិនចេះរលត់ ដ្បិតមនុស្សគ្រប់ៗរូប នឹងមានជាតិប្រៃដោយសារភ្លើង។ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើ​ដូចម្តេចនឹងឱ្យវាប្រៃឡើងវិញបាន?

496 Views

Theme: Overlay by Kaira