អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២៤ ខែ
មករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តហ្វ្រង់ស្វ័រ នៅសាលជាអភិបាល
និងជាគ្រូបាធ្យាយ នៃព្រះសហគមន៍

​លោកហ្វ្រង់ស្វ័រកើតនៅឆ្នាំ ( ១៥៦៧-១៦២២ ) ក្នុងគ្រួសារត្រកូលខ្ពស់មួយ នៅភូមិសាល ក្នុង​ស្រុក​សាវ័រ ( ប្រទេសបារាំងសព្វថ្ងៃ )។ លោកយកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និង​ប្រូតេ​ស្តង់​ដែលបាក់បែកគ្នា។ កាលលោកអាយុ ៣៥ ឆ្នាំ លោកទទួលបន្ទុក​ជាអភិបាលព្រះសហគមន៍​ក្រុង​  សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំ​ក្រុម​បូជា​ចារ្យ។ នៅឆ្នាំ ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែ​លទៅសួរសុខទុក្ខនាងអេលីសាបិត” ។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបាន​ក្រេប​ជញ្ជ​ក់​​ពីគោ​ល​​គំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិ​ខិតដែល​មានខ្លឹមសារ​ខាងគ្រីស្តសាសនាជាច្រើនផង។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២​សម ៥,១-៧.១០

កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល នាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុង​ហេប្រូន ហើយទូលថា៖«ទូលបង្គំយើងខ្ញុំជាសាច់សារលោកហិតរបស់ព្រះករុណាដែរ។ កាលពីមុន នៅពេលដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើទូលបង្គំ យើងខ្ញុំព្រះកុរណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា៖ «អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើងអ្នកនឹងដឹងនាំពួកគេ”»។ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែល ចូល​មកគាល់ព្រះរាជានៅក្រុងហេប្រូន។ ព្រះបាទដាវីឌក៏ចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ ចំពោះព្រះភក្រ្តព្រះអម្ចាស់នៅក្រុងហេប្រូន រួចពួកគេចាក់ប្រេងអភិសេក​ព្រះបាទដាវីឌតែងតាំងជាស្តេចរបស់ប្រជាជនអ៊ីស្រាអែល។ នៅពេលឡើយគ្រងរាជ្យព្រះបាទដាវីឌមានព្រះជន្មាយុ សាមសិបវស្សា ហើយទ្រង់សោយរាជ្យបានសែសិបឆ្នាំ។​ នៅក្រុងហេប្រូន ទ្រង់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅ​ក្រុងយេរូសាឡឹម ទ្រង់សោយរាជ្យបានសាមសិបបីឆ្នាំ លើស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះបាទដាវីឌព្រមទាំងកងទ័ព នាំគ្នាចេញទៅវាយយកក្រុងយេរូសា​ឡឹម។ ជនជាតិយេប៊ូសដែលរស់នៅទីនោះ និយាយប្រមាថព្រះបាទដាវីឌ​ថា៖​«អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ឬមនុស្សខ្វិន ក៏អាចរុញច្រាន​អ្នកឱ្យថយក្រោយវិញបានដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ព្រះបាទដាវីឌ​មិនអាចដណ្តើមយកទីក្រុងបានឡើយ។ ព្រះបាទដាវីដវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន​ ដែលក្រោយមក គេហៅថា «បុរីរបស់ព្រះបាទដាវីឌ»។ ព្រះបានដាវីឌមានអំណាច​កាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយ។

ទំនុកតម្កើងលេខ ៨៩ (៨៨),២០-២២.២៥-២៦ បទកាកគតិ

២០.នាថ្ងៃមួយនោះព្រះអង្គមានព្រះបន្ទូលមកថាយើងនឹងគាំទ្រ
អ្នកច្បាំងហានក្លាយុវជនសង្ហាពីក្នុងរាស្រ្តយើង
២១.យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើងយើងក៏ចាក់ប្រេង
អភិសេកគេឡើយជាស្តេចថ្កុំថ្កើងគ្រងរាជ្យរហូត
២២.ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូតទាំងផ្តល់កម្លាំង
រៀងរៀបរហូតពូកែមិនអួតមានអំណាចជាប់
២៥.យើងនឹងបញ្ចេញហប្ញទ័យពោរពេញករុណាអាណិតចំពោះរូបគេ
នឹងបាននែបនិត្យថ្កើងរុងរឿងពិតដោយសារនាមយើង
២៦.យើងនឹងធ្វើឱ្យដាវីឌពេញដោយអំណាចថ្កុំថ្កើងរេលើសមុទ្រ
និងត្រួតគ្រប់គ្រងដល់ទន្លេផងទាំងតូចទាំងធំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ២ ធម ១,១០

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២២-៣០

ពួកធម្មាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖«អ្នកនេះមានបេលសេប៊ូលជាស្តេចខ្មោចនៅក្នុងខ្លួន។ គាត់អាចដេញខ្មោចបានដូច្នេះ​ ព្រោះស្តេចខ្មោច​ប្រគល់អំណាចឱ្យ» ។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារសាតាំងអាចដេញមារសាតាំងដូមម្តេចកើត?។ ប្រសិនបើពលរដ្ឋក្នុងនគរ​ណាមួយ បែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ប្រសិនបើក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចស្ថិតស្ថេរគង់វង្សបានដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯងបែកបាក់ទាសតែងនឹងខ្លួនឯង។ វាមិនអាចស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវ​វិនាសមិនខាន​។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្ស​លោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោស​ទាំងអស់ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែង​ទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច។ ព្រះយេស៊ូមានព្រះបន្ទូល​ដូច្នេះ ព្រោះគេនិយាយថា “ព្រះអង្គមានខ្មោចនៅក្នុងខ្លួន”។

526 Views

Theme: Overlay by Kaira