ថ្ងៃទី២៣-ខែតុលា-សន្តយ៉ូហាន-នៅពីស្រ្តាណូ-ជាបូជាចារ្យ

ថ្ងៃទី ២៣ ខែតុលា
សន្តយ៉ូហាន នៅពីស្រ្តាណូ
ជាបូជាចារ្យ
ពណ៌បៃតង

លោកយ៉ូហាន (១៣៨៦-១៤៥៦) ជាអភិបាលក្រុងប៉េរូសា (ប្រទេសអ៊ីតាលី)។ កាលអាយុសាមសិប លោកចូលបួសក្នុងក្រុមគ្រួសារសន្ត ហ្វ្រង់សីស្កូ រួចលោកដើរពាសពេញទ្វីបអឺរ៉ុប ទាំងដាស់តឿនគ្រីស្តបរិស័ទឱ្យគោរពព្រះនាមព្រះយេស៊ូ។ លោកខិតខំធ្វើឱ្យព្រះសហគមន៍ដែលបែកបាក់គ្នាចូលរួមគ្នាវិញ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្ដទូត កក ៤,៨-១២

ពេល​នោះ លោក​សិលា​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖«សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជាជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះអស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំពី​អំពើ​ល្អដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឱ្យ​ជាតាម​របៀប​ណា​នោះ។ សូម​អស់​លោក និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខ‌ភាព​ល្អ​នេះបាន​ជា ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌អង្គ​ហ្នឹង​ហើយ​ជា “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ”​។ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

ទំនុកតម្កើងលេខ ៤០ (៣៩), ២-៤.៧-១០ បទពាក្យ ៧

ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលំអៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
ព្រះអង្គយកខ្ញុំពីរណ្តៅពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ថែទាំទុកដាក់ខ្ញុំរុងរឿង
ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្កើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះរូបខ្ញុំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ខ្ញុំប្រព្រឹត្តតាមឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ខ្ញុំសែនពេញចិត្តធ្វើតាមព្រះហឫទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧, ២០-២៦

ទូល‌បង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឱ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឱ្យ​អស់​អ្នក​ជឿ​លើ​ទូល‌បង្គំ តាម‌រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ សូម​ឱ្យគេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​យ៉ាង​ណា សូមឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឱ្យមនុស្ស​លោក​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំឱ្យមក​មែន។រីឯ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ទូល‌បង្គំ​បាន​ប្រគល់​ទៅ​ឱ្យគេ​ហើយ ដើម្បី​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ គឺ​ឱ្យ​ទូល‌បង្គំ​នៅ​ក្នុង​គេ ព្រះ‌អង្គ​នៅ​ក្នុង​ទូល‌បង្គំ ដើម្បី​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ​ដែរ។ ឱ​ព្រះ‌បិតា​អើយ! ទូល‌បង្គំ​ចង់ឱ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំបាន​នៅ​ជា​មួយ​ទូល‌បង្គំឯ​កន្លែង​ដែល​ទូល‌បង្គំ​នៅ​នោះ​ដែរ ដើម្បី​ឱ្យ​គេ​ឃើញ​សិរី‌​រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ។ ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ស្គាល់​ព្រះ‌អង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យ​មក​មែន។ ទូល‌បង្គំ​បាន​សម្ដែង​ព្រះ‌នាម​ព្រះ‌អង្គ​ឱ្យ​គេ​ស្គាល់ ហើយ​ទូល‌បង្គំ​នឹង​សម្ដែង​ឱ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឱ្យសេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូល‌បង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

151 Views
Theme: Overlay by Kaira