ថ្ងៃពុធ-អាទិត្យទី០៧-ធម្មតា-ប្រចាំឆ្នាំ«គ»

អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៧ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្ដប៉ូលីកាព ជាអភិបាល
និងជាមរណសាក្សី

លោកប៉ូលីកាព ជាកូនសិស្សរបស់គ្រីស្តទូតយ៉ូហាន ហើយជាអភិបាលព្រះសហគមន៍​ក្រុង​ស្មៀរ​ណា។ នៅ គ.ស ១៥៥ រដ្ឋអំណាចរ៉ូមុំាងបៀតបៀនធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទ ដែលគេចាត់​ទុក​ជា​ទមិឡឥតសាសនា។ លោកទេសាភិបាលបង្ខិតបង្ខំលោកប៉ូលីកាពឱ្យលះបង់ព្រះគ្រីស្ត និងប្រមាថ​ព្រះ​អង្គ។ តែលោកឆ្លើយថា៖ “ខ្ញុំបម្រើព្រះគ្រីស្តប៉ែតសិបប្រាំមួយឆ្នាំហើយ! ព្រះអង្គមិនដែលធ្វើទោស​ខ្ញុំទេ​!​ តើខ្ញុំប្រមាថព្រះសង្គ្រោះ និងព្រះមហាក្សត្ររបស់ខ្ញុំដូចម្តេចបាន ? ” ។ ដោយលោកឆ្លើយបែបនេះ គេ​សម្រេ​​ច​ដុតលោកទាំងរស់។

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៤,១៣-១៧

បងប្អូនជាទីស្រឡាញ់!
សូមស្តាប់ខ្ញុំសិន! បងប្អូនតែងពោលថា “ថ្ងៃនេះ ឬស្អែក​យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីនឹងបាន​ចំណេញ!។ ខ្ញុំសូមជម្រាបថា បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណា​ឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ បងប្អូនគួរតែពោលថា បើព្រះអម្ចាស់សព្វព្រះហប្ញទ័យ យើងនឹងមានជីវិត ហើយ​យើងធ្វើការនេះ ឬធ្វើការនោះ។ តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាង អួតបំប៉ោង​ទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។ ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ”។

ទំនុកតម្កើងលេខ ៤៩ (៤៨),២-៣.៦-១១ បទកាកគតិ

ឱជនទាំងឡាយចូរកុំខ្វល់ខ្វាយនាំគ្នាត្រងត្រាប់
មនុស្សរស់លើដីណែនណាន់តាន់តាប់ត្រូវតែប្រុងស្តាប់
ដោយចិត្តទុកដាក់។
គឺទូទាំងអស់មនុស្សទាំងស្រីប្រុសកុំបីអន់អាក់
ទាំងអ្នកតូចទាបអ្នកធំហួសថ្នាក់អ្នកសំបូរប្រាក់
អ្នកក្រវេទនា។
ពេលមានទុក្ខភ័យជួបគ្រោះចង្រៃឬភ័យអាសន្ន
សត្រូវឡោមព័ទ្ធក៏ខ្ញុំមិនស្លន់វង្វេងវង្វាន់
ភ័យមិនបានការ។
មនុស្សទុច្ចរិតតែងតែទុកចិត្តលើទ្រព្យមហិមា
គេអួតគេអាងព្រោះខ្លួនគេជាអ្នកមានទ្រព្យា
មហាសេដ្ឋី។
គ្មាននរណាម្នាក់អាចនឹងបង់ប្រាក់លោះអ្នកដទៃ
ហើយមិនអាចបង់ថ្វាយព្រះម្ចាស់ថ្លៃកុំឱ្យខ្លួនក្ស័យ
ជីវិតនោះដែរ។
ថ្លៃលោះជីវិតមនុស្សយើងពិតៗកាត់មិនបានទេ
ទោះជាខំបង់មួយកើនជាទ្វេក៏មិនគ្រប់ដែរ
ជៀសស្លាប់មិនបាន។
១០តើមនុស្សនេះណាអាចមានជីវ៉ារស់បានប៉ុន្មាន
ផុតពីរណ្តៅអាចនៅសុខសាន្តឬអាចរស់បាន
រហូតមិនស្លាប់។
១១យើងឃើញច្បាស់ថាអ្នកមានប្រាជ្ញាក៏ដូចអ្នកអាប់
អ្នកល្ងង់ឥតប្រាជ្ញក៏គង់តែស្លាប់ទុកទ្រព្យច្រើនគាប់
ឱ្យអ្នកដទៃ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦-៩

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំហ្នឹងហើយជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅគាល់ព្រះបិតាបានឡើយ លើកលែងតែ​ទៅតាមរយៈខ្ញុំ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ត ម៉ាកុស មក ៩,៣៨-៤០

លោកយ៉ូហានទូលព្រះយេស៊ូថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ តែគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមាន​ព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរ​ជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះ​ជាគ្នាយើងហើយ»។

201 Views
Theme: Overlay by Kaira