អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៣ ខែកុម្ភៈ
អាទិត្យទី០៧ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក
សន្ដប៉ូលីកាព ជាអភិបាល
និងជាមរណសាក្សី
លោកប៉ូលីកាព ជាកូនសិស្សរបស់គ្រីស្តទូតយ៉ូហាន ហើយជាអភិបាលព្រះសហគមន៍ក្រុងស្មៀរណា។ នៅ គ.ស ១៥៥ រដ្ឋអំណាចរ៉ូមុំាងបៀតបៀនធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទ ដែលគេចាត់ទុកជាទមិឡឥតសាសនា។ លោកទេសាភិបាលបង្ខិតបង្ខំលោកប៉ូលីកាពឱ្យលះបង់ព្រះគ្រីស្ត និងប្រមាថព្រះអង្គ។ តែលោកឆ្លើយថា៖ “ខ្ញុំបម្រើព្រះគ្រីស្តប៉ែតសិបប្រាំមួយឆ្នាំហើយ! ព្រះអង្គមិនដែលធ្វើទោសខ្ញុំទេ! តើខ្ញុំប្រមាថព្រះសង្គ្រោះ និងព្រះមហាក្សត្ររបស់ខ្ញុំដូចម្តេចបាន ? ” ។ ដោយលោកឆ្លើយបែបនេះគេសម្រេចដុតលោកទាំងរស់។
សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ២,៨-១១
«ចូរសរសេរទៅកាន់ទេវទូតរបស់ព្រះសហគមន៍នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមានព្រះបន្ទូលថាៈ “យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុរគត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារសាតាំង។ កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារនឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាយកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នកទុកជាមកុដ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំងនេះឱ្យមែនទែន!។ អ្នកណាមានជ័យជម្នះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះឡើយ”»។
ទំនុកតម្កើងលេខ ៣១ (៣០) ,៣-៤.៦-៨,១៧-២១
៣ | សូមទ្រង់ផ្ទៀងស្តាប់ | ពាក្យខ្ញុំរៀបរាប់ | មិនឱ្យមានឆ្គង |
សូមរំដោះខ្ញុំ | ឱ្យឆាប់តែម្តង | ជាកំពែងផង | |
សង្គ្រោះរូបខ្ញុំ។ | |||
៤ | ទ្រង់ជាសិលា | កំពែងថ្មដា | ពាំងទូលបង្គំ |
សូមជួយដឹកនាំ | ឆ្លងផ្លូវតូចធំ | តម្រង់ទិសខ្ញុំ | |
ដោយយល់ព្រះនាម។ | |||
៦ | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន។ | |||
៧ | ទូលបង្គំសូមផ្ញើ | ជីវិតទៅលើ | ព្រះម្ចាស់ថ្កើងថ្កាន |
ហើយខ្ញុំក៏ស្អប់ | មនុស្សចិត្តសាមាន្យ | ស្មោះស្ម័គ្រផ្ញើប្រាណ | |
លើព្រះក្លែងក្លាយ។ | |||
៨ | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
ពេលខ្ញុំវេទនា។ | |||
១៧ | សូមបែរព្រះភក្ត្រ | ទតមកមើលអ្នក | បម្រើព្រះអង្គ |
មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហឫទ័យទ្រង់ | |
ប្រណីករុណា។ | |||
១៨ | ឱព្រះអម្ចាស់ | ខ្ញុំអង្វរព្រះ | ដែលធ្លាប់មេត្តា |
កុំឱ្យរូបខ្លុំ | ខកចិត្តឡើយណា | ឱ្យមនុស្សពាលា | |
ទៅជួបមច្ចុរាជ។ | |||
១៩ | សូមឱ្យអស់អ្នក | តែងតែកុហក | និងពួកកំណាច |
ពួកធ្លាប់និយាយ | ព្រហើនកោងកាច | បាត់បង់អំណាច | |
ហារស្តីមិនបាន។ | |||
២០ | បពិត្រព្រះម្ចាស់ | ព្រះទ័យសន្តោស | វិសេសថ្កើងថ្កាន |
ដល់អ្នកគោរព | កោតខ្លាចគ្រប់ប្រាណ | មិនដែលរំខាន | |
អ្នកជ្រកជាមួយ។ | |||
២១ | ព្រះអង្គទ្រង់លាក់ | គេនៅក្បែរភក្ត្រ | ឱ្យផុតពីព្រួយ |
ពីមនុស្សទុច្ចរិត | ព្រះអង្គតែងជួយ | ឱ្យនៅជាមួយ | |
ក្នុងព្រះពន្លា។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦-៩
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំហ្នឹងហើយជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅគាល់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥ ,១–៨
«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចម្ការ។ មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ ព្រះបិតារបស់ខ្ញុំសម្ដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។