អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៧ រដូវធម្មតា
ពណ៌ស
បុណ្យគោរព
អាសនៈ សន្តសិលា ជាគ្រីស្តទូត
នៅថ្ងៃនោះ គ្រីស្តបរិស័ទក្រុងរ៉ូមពីដើមនាំគ្នាគោរពសន្តៈ សិលា និងសន្តៈ ប៉ូល ជាគ្រូបាធ្យាយដើមដំបូងនៃព្រះសហគមន៍របស់គេ។ ព្រះសហគមន៍ចាត់សន្តសិលាទុកជាគ្រឹះនៃព្រះសហគមន៍។ ទាំងលោក ទាំងសម្តេចប៉ាប ដែលបន្តមុខងាររបស់លោក មានភារកិច្ចគាំទ្រជំនឿរបស់គ្រីស្តបរិស័ទទាំងឡាយ ព្រមទាំងណែនាំគេឱ្យរួបរួមគ្នាជាធ្លុងតែមួយ ។
សូមថ្លែងលិខិតទី១ របស់សន្តសិលា ១សល ៥,១-៤
បងប្អូនជាទីស្រឡាញ់!
ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និងជាអ្នករួមទទួលសិរីរុងរឿងដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនព្រឹទ្ធាចារ្យ ដែលនៅក្នុងចំណោមបងប្អូនថាសូមមើលថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឱ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ ពេលអ្នកគង្វាលដ៏ឧត្តមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី ។
ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧
១ | ឱ! ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ | |
២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ | |
៣ | ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ | |
៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ | |
៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ | |
៦ | ព្រះអង្គប្រទានសុភមង្គល | ហឫទ័យខ្វាយខ្វល់ដោយអាសូរ | |
មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ | |
ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | ||
ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៣-១៩
អលេលូយ៉ា! អាលេលូយ៉ា!
អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩
ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព។ ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ « មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖” អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថាលោកជាព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប “។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ? »។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា ៖”លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ “។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ស៊ីម៉ូនកូនលោកយ៉ូណាស! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះសិលាហើយនៅផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ ខ្ញុំនិងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដីព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ » ។